ផ្ទះសង់មួយម៉ែត្រពីដី និងមានទំហំប្រហែល៣ម៉ែត្របួនជ្រុង ជាជម្រកតែមួយគត់របស់ពលរដ្ឋខ្មែរ-ឥស្លាមមួយគ្រួសារនៅក្នុងភូមិស្រែពោធិ៍ សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង។ ពួកគេមានសមាជិកគ្រួសារ ៣នាក់ រស់នៅក្នុងស្ថានភាពជីវភាពរកបានព្រឹកខ្វះល្ងាច។ ផ្ទះដែលមានប្រក់ស័ង្គសី និងជញ្ជាំងស័ង្គសីកំណាត់ៗលាយក្តារដែលប្រឡោះស្ទើរគ្រប់កន្លែងនេះ បានក្លាយជាទីតាំងឆ្លុះបញ្ចាំងពីការឈឺចាប់យ៉ាងជ្រាលជ្រៅ ជុំវិញប្រព័ន្ធយុត្តិធម៌។
លោក ស្លេះ ហ្វឺត ជាបុរសជនជាតិខ្មែរ-ឥស្លាមវ័យ ៥៦ឆ្នាំម្នាក់ ជាជំហរក្នុងគ្រួសារខាងលើ តាមរយៈរបររើសអេតចាយ និងដាក់មងយកត្រីចិញ្ចឹមប្រពន្ធ និងកូនប្រុសវ័យ ៧ឆ្នាំម្នាក់។ ប៉ុន្តែលោកត្រូវបានសមត្ថកិច្ចខេត្តស្ទឹងត្រែងចាប់ខ្លួនកាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ តាមរយៈដីកាសាលាដំបូងខេត្តស្ទឹងត្រែងដែលបង្គាប់ឱ្យចាប់ខ្លួនឈ្មោះ ស្លេះ វ៉ើត ដែលជាឈ្មោះមានសូរ្យសំឡេងដូចឈ្មោះលោក តែសរសេរផ្សេងគ្នា។ តុលាការចោទពីបទ «កាប់គាស់ រុករានដីព្រៃ ឆ្ការ ដុត និងឈូសឆាយដីព្រៃដើម្បីយកធ្វើជាកម្មសិទ្ធិ» នៅឧទ្យានជាតិវើនសៃសៀមប៉ាង ក្នុងស្រុកសេសាន តាមបណ្តឹងរបស់ភាគីមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង។
ជាពលរដ្ឋក្រីក្រអាស្រ័យផលលើរបរនេសាទ និងរើសអេតចាយ លោក ស្លេះ ហ្វឺត ត្រូវបានសមត្ថកិច្ចចាប់ឃុំខ្លួនជិត១ឆ្នាំពីបទទន្ទ្រានដីព្រៃ នៅទីតាំងចម្ងាយជិត ២០០គីឡូម៉ែត្រពីផ្ទះ។ ទោះបីបច្ចុប្បន្នតុលាការបានសម្រេចលើកលែងការចោទប្រកាន់ដោយសារខ្វះភស្តុតាងក៏ដោយ ប៉ុន្តែសាច់ញាតិ និងអ្នកភូមិបានចាត់ទុកករណីនេះថាជា «ការចាប់ច្រឡំមនុស្ស» យ៉ាងអយុត្តិធម៌ ហើយពួកគេកំពុងបន្តទាមទារយុត្តិធម៌ឡើងវិញ។
ការចាប់ខ្លួនមនុស្សខុសអត្តសញ្ញាណ
លោក រិន ដេវីត ជាមេធាវីស្ម័គ្រចិត្តដែលទើបចូលខ្លួនការពារក្តីឱ្យលោក ស្លេះ ហ្វឺត នៅថ្ងៃសវនាការចុងក្រោយ មុននឹងតុលាការសម្រេចដោះលែងកូនក្តីរបស់លោក។ លោកមេធាវីយល់ថា នេះជាករណីចាប់ច្រឡំកូនក្តីរបស់លោកថាជាជនល្មើស ទាំងដែលអត្តសញ្ញាណខុសគ្នាទាំងស្រុង។
លោកមេធាវីថ្លែងថា៖ «នេះជាការចាប់ខ្លួនច្រឡំខុសមនុស្ស ដែលមានចែងនៅក្នុងដីកា ព្រោះដីកាបញ្ជា ឬបង្គាប់ឱ្យចាប់ខ្លួនដែលចៅក្រមចេញ គឺឈ្មោះ ស្លេះ វ៉ើត ហើយគាត់អាយុ៤៧ឆ្នាំ។ ចំណែកឯកូនក្តីខ្ញុំគឺឈ្មោះ ស្លេះ ហ្វឺត គាត់អាយុ៥៥ឆ្នាំនាពេលនោះ»។
ឯកសារជាច្រើនរបស់សាលាដំបូងខេត្តស្ទឹងត្រែងបានសរសេរឈ្មោះជនជាប់ចោទផ្សេងគ្នា ដោយខ្លះសរសេរថា «ស្លេះ វើត» និងខ្លះសរសេរថា «ស្លេះ វ៉ើត»។

បើតាមដីកាចុះថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ របស់សាលាដំបូងខេត្តស្ទឹងត្រែង បានបង្គាប់ឱ្យចាប់ខ្លួនឈ្មោះ ស្លេះ វ៉ើត ភេទប្រុស អាយុ ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរនេសាទត្រី និងមានទីលំនៅបច្ចុប្បន្នក្នុងភូមិស្រែសង្គន់ សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។ ប្រភពបន្តថា បុគ្គល ស្លេះ វ៉ើត មានឪពុកឈ្មោះ ទូសាជ ស្លេះ និងម្តាយឈ្មោះ គ្រីម ម៉ាស និងប្រពន្ធឈ្មោះ ម៉ា រីម៉ាស។
ទោះជាយ៉ាងណា នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ សមត្ថកិច្ចខេត្តស្ទឹងត្រែងបានចុះចាប់ខ្លួនលោក ស្លេះ ហ្វឺត ដោយយកដីកានោះទៅ។ បើតាមអត្តសញ្ញាណបណ្ណ និងសំបុត្រកំណើត លោក ស្លេះ ហ្វឺត ជាជនជាតិខ្មែរ-ឥស្លាម កើតនៅថ្ងៃទី១០ ខែមេសា ឆ្នាំ១៩៧០ ដែលមានន័យថាគិតត្រឹមថ្ងៃដែលត្រូវសមត្ថកិច្ចចាប់ខ្លួន លោកមានអាយុ ៥៥ឆ្នាំ និងមានទីលំនៅបច្ចុប្បន្នក្នុងភូមិស្រែពោធិ៍ សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។ ប្រភពបន្តថា លោក ស្លេះ ហ្វឺត មានឪពុកឈ្មោះ ស្លេះ ពៅ និងម្តាយឈ្មោះ តាលាស់ ម៉ាស់ និងប្រពន្ធឈ្មោះ សុះ ណាអ៊ីម៉ះ។
ទាំងនេះបង្ហាញថា អត្តសញ្ញាណក្នុងដីកា និងអត្តសញ្ញាណរបស់លោក ស្លេះ ហ្វឺត មានភាពខុសគ្នា។
មេធាវីការពារក្តីឱ្យលោក ស្លេះ ហ្វឺត ហៅករណីនេះថាជាការធ្វេសប្រហែសរបស់សមត្ថកិច្ច ដែលមានដីកានៅក្នុងដៃហើយ បែរជាមិនបានស្រាវជ្រាវឱ្យបានច្បាស់លាស់មុននឹងកសាងសំណុំរឿង ដែលគ្មានទាំងភស្តុតាង និងសាក្សីត្រឹមត្រូវ។
លោកបញ្ជាក់ថា៖ «គាត់[នគរបាលយុត្តិធម៌]គ្មានភស្តុតាងណាមួយនៅក្នុងការបញ្ជាក់ថា លោក ស្លេះ ហ្វឺត គឺជាលោក ស្លេះ វ៉ើត ហ្នឹងទេ។ បើយើងផ្ទៀងផ្ទាត់ពីអត្តសញ្ញាណគាត់ ឃើញថាខុសតាំងពីឪពុក ខុសតាំងពីម្តាយ ខុសតាំងពីអាយុ ខុសតាំងពីឈ្មោះ ខុសទាំងអស់ ដែលជាហេតុនាំឱ្យយើងគិតថានេះជាការចាប់ខុសអត្តសញ្ញាណ ដែលផ្ទុយពីក្នុងដីកា»។
មន្ត្រីសង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង ដែលសុំមិនបញ្ចេញឈ្មោះ បានបញ្ជាក់ថា នៅរដ្ឋបាលសង្កាត់ស្រះឫស្សី មិនមានឈ្មោះ ស្លេះ វ៉ើត ដូចដីកាបង្គាប់ឱ្យចាប់ខ្លួនឡើយ។ មន្ត្រីរូបនេះអះអាងថា កំឡុងពេលលោក ស្លេះ ហ្វឺត កំពុងស្ថិតនៅក្នុងពន្ធនាគារខេត្តស្ទឹងត្រែង ប្រពន្ធលោក ស្លេះ ហ្វឺត គឺអ្នកស្រី សុះ ណាអ៊ីម៉ះ បានស្នើសុំរដ្ឋបាលសង្កាត់បញ្ជាក់ឈ្មោះឱ្យ ដើម្បីអាចចូលជួបស្វាមីរបស់អ្នកស្រីបាន តាមការទាមទាររបស់មន្ត្រីពន្ធនាគារ។ ប៉ុន្តែរដ្ឋបាលសង្កាត់បកស្រាយថា ការបញ្ជាក់ឈ្មោះមិនអាចធ្វើទៅបាន ព្រោះឈ្មោះក្នុងគល់បញ្ជី និងឈ្មោះដែលមន្ត្រីពន្ធនាគារទាមទារ(ស្លេះ វ៉ើត) មិនដូចគ្នា។
មន្ត្រីសង្កាត់ស្រះឫស្សីរូបនេះបញ្ជាក់ថា៖ «ខ្ញុំអត់បានបញ្ជាក់អីទេ ដោយសារមានប្រពន្ធគាត់មកសង្កាត់ថាចង់ជួបប្ដី ដែលគេថាជាមនុស្សតែម្នាក់ តែខ្ញុំអត់បានបញ្ជាក់ទេដោយសារឈ្មោះហ្នឹងពីរខុសគ្នា»។
លោក ស្លេះ ហ្វឺត ដែលទើបចេញពីពន្ធនាគារ បានរៀបរាប់ដោយទឹកភ្នែករលីងរលោងថា អំឡុងពេលសវនាការ ស្ត្រីជនជាប់ចោទនៃការកាប់ទន្រ្ទានដីព្រៃម្នាក់ឈ្មោះ សៅ សាម៉ា ហៅ យាយម៉ា ក៏បានបញ្ជាក់ប្រាប់មន្ត្រីតុលាការដែរថា លោកមិនមានពាក់ព័ន្ធនឹងបទល្មើសនេះទេ ប៉ុន្តែឈ្មោះ ស្លេះ វ៉ើត ទើបជាជនល្មើសពិតប្រាកដមានតួនាទីជាមេការកាប់ទន្រ្ទានដីព្រៃ។ យ៉ាងណា លោកថាតុលាការនៅតែមិនដោះលែងគាត់។
លោកឱ្យដឹងថា៖ «[ពេលតុលាការ]ហៅយាយម៉ា មកសួរ យាយម៉ាថា ស្លេះ វ៉ើត ទេ ជាអ្នកកាប់ដីព្រៃក្រឡាពស់ ជាមេការរបស់គាត់។ ឈ្មោះ ស្លេះ ហ្វឺត នេះមិនដឹងអីទេ។ បានតុលាការថាលើកលែងទោសពីការចោទប្រកាន់។ ហើយខ្ញុំថាលើកលែងទោសហើយ ម៉េចបានឱ្យខ្ញុំនៅក្នុងគុករហូតអ៊ីចឹង! អត់ព្រមឱ្យចេញ»។
ក្រៅពីឈ្មោះ ស្លេះ វ៉ើត នៅមានមនុស្ស២នាក់ផ្សេងទៀតត្រូវបានចោទពីបទទន្ទ្រានដីព្រៃខុសច្បាប់ រួមមាន ឈ្មោះ សៅ សាម៉ា និង ម៉ាន សលីហ៊ីន។
គួរបញ្ជាក់ថា នេះជាលើកទី២ដែលលោក ស្លេះ ហ្វឺត ត្រូវចាប់ខ្លួនពីបទទន្ទ្រានដីព្រៃនេះ ដោយលើកទី១កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ខណៈដីកាបង្គាប់ឱ្យចាប់ខ្លួន(ស្លេះ វ៉ើត)ធ្វើឡើងនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ បានន័យថាការចាប់ខ្លួនធ្វើឡើងមុនដីកាចេញ។ យ៉ាងណា លោកត្រូវបានដោះលែងវិញនៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤ ក្រោយឃុំខ្លួនអស់ពេលជិត១ខែ។

កូនបោះបង់ការសិក្សា គ្រួសារបាត់បង់ជំហរ
ពលរដ្ឋរស់នៅភូមិស្រែពោធិ៍ សង្កាត់ស្រះឫស្សី ដែលជាអ្នកជិតខាងរបស់លោក ស្លេះ ហ្វឺត បានរៀបរាប់ថា រយៈពេលជិតមួយឆ្នាំនៃការឃុំខ្លួន លោក ស្លេះ ហ្វឺត បានបន្សល់ទុកប្រពន្ធ និងកូនប្រុសវ័យ ៧ឆ្នាំម្នាក់ រស់នៅគ្មានទីពឹង ដោយរកព្រឹកខ្វះល្ងាច ព្រោះបាត់បង់បង្គោលគ្រួសារ។ ពួកគេថា ប្រពន្ធរបស់លោក ហ្វឺត ត្រូវរ៉ាប់រងបន្ទុកគ្រួសារតែម្នាក់ឯង ដោយដើរស៊ីឈ្នួលលាងចាន និងបោកខោអាវឱ្យគេ មួយថ្ងៃមិនបាន ១ម៉ឺនរៀលផង។
ភរិយាលោក ហ្វឺត គឺអ្នកស្រី សុះ ណាអ៊ីម៉ះ បានរៀបរាប់ដោយអួលដើមក អមដោយទឹកភ្នែករលីងរលោងថា ក្រោយសមត្ថកិច្ចចាប់ខ្លួនប្តីរបស់គាត់ដែលជាជំហរគ្រួសារ ជីវភាពគាត់ដែលធ្លាប់តែរកបានមួយថ្ងៃហូបមួយថ្ងៃ បានរំកិលធ្លាក់ក្នុងស្ថានភាពកាន់តែយ៉ាប់យឺន ដោយពេលខ្លះគ្មានលុយសូម្បីទិញអង្ករដាំបាយហូប។
អ្នកស្រីប្រាប់ថា៖ «ខ្ញុំទៅស៊ីឈ្នួលបោកខោអាវឱ្យគេ យកលុយទិញអង្ករឱ្យកូនហូប។ ថ្ងៃណាអត់ខ្លាំង បុកអំបិលម្ទេសហូបជាមួយបាយ។ ពេលខ្លះសូម្បីអង្ករមួយគីឡូក៏គ្មានលុយទិញ»។
ក្រៅពីនេះ កូនប្រុសរបស់គាត់ដែលមានវ័យ ៧ឆ្នាំ និងកំពុងរៀនថ្នាក់ទី១ ត្រូវបង្ខំចិត្តឈប់រៀន ដោយសារគ្មានឪពុកជូនទៅសាលាដូចមុន ស្របពេលអ្នកស្រីគ្មានលទ្ធភាពទិញកង់ឱ្យជិះទៅរៀនផង។
អ្នកស្រីប្រាប់ថា៖ «វាអត់បានរៀនទេ អត់មានអីជិះទៅ។ ពេលគាត់នៅ បានគាត់ដឹកទៅរៀនតាមម៉ូតូ មុនពេលគេចាប់គាត់ទៅ វាបានរៀន។ តែពេលគេចាប់គាត់ទៅហើយ អត់បានរៀនទេរហូតមកទល់ឥឡូវ។ (កូន)ទារខ្ញុំរហូតថា ម៉ែទិញកង់ឱ្យខ្ញុំមួយមក តែខ្ញុំថាម៉ែអត់មានលុយទេ»។
ដោយសម្តីមួយៗ លោក ស្លេះ ហ្វឺត ថា ចង់ឱ្យកូនបានវិលចូលសាលារៀនវិញដូចក្មេងដទៃដែរ ព្រោះគាត់មិនចង់ឱ្យកូនមិនចេះអក្សរដូចពួកគាត់ឡើយ។ យ៉ាងណា ដោយសារសាលារៀននៅឆ្ងាយ លោកបន្តថា លុះត្រាតែមានលទ្ធភាពទិញកង់ ឬម៉ូតូ ដើម្បីជូនកូនទៅ៖ «បើមានម៉ូតូមានអី ដឹកវាទៅចូលរៀន។ ឃើញគេប៉ុនៗហ្នឹង គេចូលសាលាអស់ហើយ ឯងនេះនៅដើរលេងឡេឡូមិនដឹងស្អីជាស្អី»។
វិធានដោះលែងកើតឡើងក្រោយអ្នកភូមិរួមគ្នាទាមទារ
ប្រជាពលរដ្ឋបានរម្លឹកថា កាលពីសមត្ថកិច្ចចាប់ខ្លួនលោក ស្លេះ ហ្វឺត ដំបូងៗ ពួកគេរំពឹងនឹងមានការដោះលែងលោកវិញឆាប់ៗ ព្រោះលោកមិនបានប្រព្រឹត្តខុស។ ប៉ុន្តែការរង់ចាំរបស់ពួកគេកាន់តែគ្មានដំណឹង ពីមួយខែទៅមួយខែរហូតដល់ប្រមាណ ១០ខែ ទើបពួកគេចេញមុខទទូចឱ្យមានការដោះលែងលោក ស្លេះ ហ្វឺត តាមរយៈការចុះផ្សាយតាមសារព័ត៌មាន និងប្រមូលផ្តុំគ្នាមុខសាលាដំបូងខេត្តស្ទឹងត្រែងនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ដោយចាត់ទុកថាជាការឃុំខ្លួនមនុស្សដោយអយុត្តិធម៌។
តំណាងសហគមន៍ខ្មែរ-ឥស្លាម និងជាប្អូនថ្លៃរបស់លោក ស្លេះ ហ្វឺត គឺលោក ណុះ សូឡេះ យល់ថា ការចោទបងថ្លៃរបស់លោកនេះមិនមានភស្តុតាងជាក់លាក់ ហើយក៏មិនអាចទៅរួចដែលបងថ្លៃរបស់លោកទៅទន្រ្ទានដីព្រៃនៅតំបន់ឆ្ងាយ ដែលថាសូម្បីលោកក៏មិនស្គាល់ផង។
លោកនិយាយថា៖ «គាត់(លោក ស្លេះ ហ្វឺត)មានទៅដឹងអី! គាត់ដាក់តែមង ដាក់តែសន្ទូច រើសតែអេតចាយហ្នឹង។ មកចោទប្រកាន់មនុស្សរកស៊ីខាងដាក់មង ដាក់សន្ទូច បែរជាទៅដាក់បន្ទុកកាប់ទន្ទ្រានដីធ្លី វាម៉េចត្រូវ!»។
ចំណែកពលរដ្ឋម្នាក់ទៀត គឺអ្នកស្រី ម៉ឺន រុំស៊ី ឱ្យដឹងថា ពួកគាត់សម្រេចចិត្តទៅប្រមូលផ្តុំគ្នានៅមុខតុលាការបែបនេះ ដោយសារគ្មានជំនឿចិត្តលើតុលាការខេត្ត ថា នឹងដោះលែងលោក ស្លេះ ហ្វឺត ឡើយ ព្រោះពួកគាត់ធ្លាប់ដាក់លិខិតទៅអាជ្ញាធរ និងតុលាការច្រើនដង ប៉ុន្តែគ្មានលទ្ធផល។
អ្នកស្រីលើកឡើងថា៖ «[ដំបូង]យើងនឹកឃើញថា ក្រែងថាគាត់អត់ខុសអីផង ក្រែងគេស៊ើបទៅដឹងថាគាត់អត់ខុស។ ដល់ពេលអ៊ីចឹង យើងចេះតែនៅៗសិនទៅ តែយូរៗទៅអត់ឃើញមានដំណោះស្រាយ ក៏នាំគ្នាទៅៗ។ បើសិនជាយើងមិនតវ៉ា ប្រហែលគេមិនដោះលែងទេ មើលទៅ»។

មួយសប្តាហ៍ក្រោយការតវ៉ារបស់ប្រជាពលរដ្ឋ សាលាដំបូងខេត្តស្ទឹងត្រែងបានបើកសវនាការនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ ដើម្បីជំនុំជម្រះ និងពិនិត្យភស្តុតាងនានា។
មន្ត្រីនគរបាលយុត្តិធម៌ដែលជាអ្នកកសាងសំណុំរឿងបានចូលមកបំភ្លឺក្នុងសវនាការថា មានករណីកាប់ទន្ទ្រានដីព្រៃ ប៉ុន្តែខ្លួនមិនបានឃើញផ្ទាល់ភ្នែក ឬចាប់បានជាក់ស្តែងនោះទេ គឺគ្រាន់តែ «លឺគេថា» ហើយក៏គ្មានឯកសារ ឬភស្តុតាងដាក់បន្ទុកជាក់លាក់ឡើយ។ នេះបើតាមការឱ្យដឹងរបស់លោក រិន ដេវីត មេធាវីការពារក្តីឱ្យលោក ស្លេះ ហ្វឺត។
លោកបញ្ជាក់ថា៖ «ភស្តុតាងដែលគាត់[នគរបាលយុត្តិធម៌]ទទួលបានគឺជាភស្តុតាងដែលលឺគេថា ហើយចំណែកឯអ្នកដែលផ្តល់ព័ត៌មានជូនមន្ត្រីនគរបាលយុត្តិធម៌ហ្នឹង គឺអត់មានអត្តសញ្ញាណច្បាស់លាស់ដែរ»។
លោកបន្តថា តំណាងអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែងក៏បានសន្និដ្ឋានថា ពុំមានតម្រុយ ឬភស្តុតាងដាក់បន្ទុកលើកូនក្តីរបស់លោកឡើយ។
សាលាដំបូងខេត្តស្ទឹងត្រែងនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ បានប្រកាសលើកលែងការចោទចំពោះឈ្មោះ ស្លេះ វ៉ើត បន្ទាប់ពីជំនុំជម្រះ និងពិនិត្យភស្តុតាងនានាក្នុងសវនាការនាថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦។ ក៏ប៉ុន្តែប្រភពដដែលអះអាងថា នេះមិនមែនជាការចាប់ខ្លួនច្រឡំមនុស្សទេ។
បន្ទាប់ពីការប្រកាសលើកលែងទោសឈ្មោះ ស្លេះ វ៉ើត មន្ត្រីពន្ធនាគារខេត្តស្ទឹងត្រែងក៏បានដោះលែងលោក ស្លេះ ហ្វឺត ឱ្យត្រឡប់មកផ្ទះវិញ។
ទោះជាមានការដោះលែងក្តី ប៉ុន្តែពលរដ្ឋអ្នកជិតខាងម្នាក់ គឺអ្នកស្រី ហ៊ីន ស្រីកេះ បានរៀបរាប់ទាំងអួលដើមកថា ការចាប់ឃុំខ្លួន លោក ស្លេះ ហ្វឺត ជារឿងមួយអយុត្តិធម៌សម្រាប់ពលរដ្ឋក្រីក្រដូចជារូបលោក ដែលរស់នៅពឹងផ្អែកតែលើរបរនេសាទ និងរើសអេតចាយបន្តិចបន្តួច។ អ្នកស្រីថ្លែងបន្តថា ការអនុវត្តច្បាប់ដែលធ្វើឱ្យជនគ្មានកំហុសជាប់ពន្ធនាគារអស់រយៈពេលជិតមួយឆ្នាំ បង្ហាញពីការធ្វេសប្រហែសរបស់មន្ត្រី ដែលមិនគួរកើតមាននៅកម្ពុជា។
អ្នកស្រីលើកឡើងថា៖ «និយាយរួមទៅធ្វើការនេះ បើសិនជាថាទៅវាដូចជាអយុត្តិធម៌ណាស់។ ខ្ញុំខ្លាចថាមានអ្នកក្រោយរងអំពើអយុត្តិធម៌អ៊ីចឹងទៀត។ ស្នើថាមុននឹងចុះចាប់គេ ថាក្រោយៗទៀត សូមអង្កេតឱ្យច្បាស់លាស់ មានសាក្សីមានអីឱ្យច្បាស់លាស់សិន។ សូមថាកុំឱ្យមានអ៊ីចឹងទៀត»។
បានសេរីភាព តែសល់បាតដៃទទេ
រយៈពេលជិត១ឆ្នាំនៅក្នុងពន្ធនាគារ លោក ស្លេះ ហ្វឺត នៅសល់ស្លាកស្នាមរមាស់ស្បែកស្ទើរពេញខ្លួន និងសុខភាពរាងកាយទ្រុឌទ្រោមជាងមុន។ ក្នុងរយៈពេលនេះ លោកថាមិនដែលទទួលបានអាហារហូបចុកពីគ្រួសារសាច់ញាតិឡើយ ដោយសារសាច់ញាតិប្រាប់ថា មន្ត្រីពន្ធនាគារឱ្យពួកគេបញ្ជាក់លិខិតទទួលស្គាល់ថាឈ្មោះ «ស្លេះ ហ្វឺត និង ស្លេះ វ៉ើត» ជាមនុស្សតែម្នាក់សិន ទើបអនុញ្ញាត។ ក៏ប៉ុន្តែសាច់ញាតិរបស់លោកមិនព្រម ដោយសារអាជ្ញាធរមូលដ្ឋានប្រាប់ថាការធ្វើបែបនេះ ដូចជាការទទួលស្គាល់ថាបានប្រព្រឹត្តបទល្មើស។
ក្រៅពីការឈឺចាប់ផ្នែករាងកាយ គ្រួសាររបស់លោកត្រូវជួបវិបត្តិជីវភាពយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីមានសេរីភាពវិញនេះ។ លោកបន្ថែមថា វាបានធ្វើឱ្យគ្រួសារលោកបាត់បង់គ្រប់យ៉ាង នូវរបស់ទ្រព្យដែលធ្លាប់មាន ដោយលោកថាសព្វថ្ងៃ «សល់តែសំបកខ្លួន»។
លោក ស្លេះ ហ្វឺត ទទូចថា៖ «សូមឱ្យសម្តេចជួយសង្គ្រោះខ្ញុំផង ខ្ញុំចេញពីក្នុងគុកវិញហើយ! ខ្ញុំមានតែលើកម្រាមដៃ១០ ឱ្យលោកពុកជួយខ្ញុំផង ជួយរកយុត្តិធម៌ឱ្យខ្ញុំផង។ ខ្ញុំមកវិញនៅសល់តែបាត់ដៃទទេបើអត់មានអីរកស៊ី មានតែដើរសុំទានគេទេ»។
ដោយសារតែដើរធ្វើការមិនសូវបាននៅផ្ទះអំឡុងពេលប្តីនៅក្នុងឃុំ ភរិយាលោក ហ្វឺត ឱ្យដឹងថា ទ្រព្យសម្បត្តិមួយចំនួនដែលគ្រួសារគាត់ខំប្រឹងសន្សែសន្សំជិត ១០ឆ្នាំដើម្បីទិញត្រូវខូចខាត ដូចជាមងដាក់ត្រីត្រូវពុកផុយ ម៉ូតូមួយគ្រឿង ទូកនិងម៉ាស៊ីនទូកមួយគ្រឿងត្រូវចោរលួច។
អ្នកស្រីឱ្យដឹងថា៖ «គេលួចម៉ូតូ និងម៉ាស៊ីនម៉ូតូទៅទាំងអស់ គ្មានសល់អីទេ។ ទូក និងម៉ាស៊ីនទូក ត្រូវគេលួចទាំងអស់។ សន្សំប្រហែល៦ ទៅ៧ឆ្នាំ ទម្រាំសន្សំបានទិញម៉ូតូ និងម៉ាស៊ីនទូកអីហ្នឹង»។

ប្អូនថ្លៃលោក ស្លេះ ហ្វឺត គឺលោក ណុះ សូឡេះ និងភរិយា បានរៀបរាប់ដោយឈឺចាប់ថា កុំតែបានប្រជាពលរដ្ឋទទូចរកយុត្តិធម៌ទេ កុំអីបងរបស់គាត់ទំនងជាស្លាប់ក្នុងគុកក៏ថាបាន។ លោកក៏បានរម្លឹកថា នៅតាមផ្លូវចេញពីពន្ធនាគារ បងថ្លៃរបស់លោកប្រាប់ថា លែងហ៊ានរស់នៅខេត្តស្ទឹងត្រែងទៀតហើយ ដោយសារនេះជាលើកទី២ហើយ ដែលត្រូវសមត្ថកិច្ចចាប់ឃុំខ្លួនជុំវិញបទល្មើសដដែល ដោយលើកទី១ជាប់រយៈពេលជិត ១ខែទើបដោះលែង។
លោកបានប្រាប់ថា៖ «គាត់ថាអត់ចង់នៅស្ទឹងត្រែងទៀតទេ គាត់បាក់ស្បាតហ្មង។ គាត់ថាបងលែងចង់នៅស្ទឹងត្រែងហើយ បងចង់ទៅនៅខេត្តផ្សេង។ គាត់លឺតែសំឡេងឡានម៉ូតូ ក៏គាត់រន្ធត់ដែរ ដោយសារអីគេចាប់គាត់២ដងហើយ ទាំងគាត់គ្មានកំហុសផង»។
លោក សូឡេះ ឱ្យដឹងថា ក្រោយចេញពីពន្ធនាគាររាងកាយបងថ្លៃរបស់គាត់នៅញ័រគ្មានកម្លាំងកំហែង ដោយថាពេលនៅក្នុងពន្ធនាគារលោកហូបតែបាយលាយទឹក។ លោកចោទជាសំណួរថា បញ្ហាទាំងនេះ«នរណាទទួលខុសត្រូវ»។ បន្ថែមលើនេះ លោកទទូចសុំការអន្តរាគមន៍ពីប្រមុខថ្នាក់ដឹកនាំកំពូលៗ ដើម្បីបញ្ជៀសបញ្ហានេះកុំឱ្យកើតមានបន្តទៀត។
លោកប្រាប់ថា៖ «គាត់មានទៅដឹងអី ដាក់តែមង សន្ទូច រើសតែអេតចាយហ្នឹង។ រងអយុត្តិធម៌១ឆ្នាំ។ រឿងទាំងអស់នេះពីណាទទួលខុសត្រូវចំពោះគាត់។ គាត់ចេញមកវិញទាំងអយុត្តិធម៌ អត់មានអីរកស៊ីចិញ្ចឹមខ្លួនទៅមុខទៀត»។
លោកលើកដៃសំពះទទូចឱ្យប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន និងលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជួយអន្តរាគមន៍ករណីនេះ៖ «ព្រោះអីកូនចៅអត់មានខុសដូចការចោទប្រកាន់របស់មន្ត្រីបរិស្ថានទេ។ បើសិនគ្រាន់តែលឺគេថាអ៊ីចឹងអនុវត្តច្បាប់ ស្លាប់អស់ហើយកូនចៅនេះ»។
ចម្លើយពីអាជ្ញាធរ និងតុលាការ
ឆ្លើយតបនឹងសំណួរ ថាតើមន្ទីរបរិស្ថានមានទស្សនៈយ៉ាងណាចំពោះការចាប់ឃុំខ្លួនលោក ស្លេះ ហ្វឺត ជិត១ឆ្នាំមកនេះ ប្រធានមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង លោក ស្រេង ជាហេង អះអាងថា នេះជានីតិវិធីតុលាការ ដែលលោកមិនអាចបកស្រាយតាមទូរសព្ទបានទេ។
លោកប្រាប់ថា៖ «ខ្ញុំមិនឆ្លើយបានទេ។ ចាំមកជួបខ្ញុំ។ ឥឡូវគាត់រួចខ្លួនហើយអត់មានអីត្រូវមកអីទៀតទេ ព្រោះអីពាក់ព័ន្ធនឹងរឿងនេះគឺពាក់ព័ន្ធនឹងនីតិវិធីតុលាការ»។
លិខិតរបស់អ្នកនាំពាក្យសាលាដំបូងខេត្តស្ទឹងត្រែងចុះថ្ងៃទី១ ខែកញ្ញា បានច្រានចោលការផ្សព្វផ្សាយថា «តុលាការចាប់ខ្លួនឈ្មោះ ស្លេះ វ៉ើត ដាក់គុកជិត១ឆ្នាំ ដោយសារចាប់ច្រឡំ» ដោយចាត់ទុកថាជាការផ្សព្វផ្សាយមិនត្រឹមត្រូវ និងញុះញង់ធ្វើឱ្យបាត់បង់ជំនឿទុកចិត្តលើសេចក្តីសម្រេចរបស់តុលាការ។
អ្នកនាំពាក្យសាលាដំបូងខេត្តស្ទឹងត្រែង លោក ឈុំ សៀងហាក់ ប្រាប់សារព័ត៌មានខេមបូចានៅថ្ងៃទី១ ខែកញ្ញាដែរថា ភាគីជនជាប់ចោទទើបតែបានប្រគល់ឯកសារបញ្ជាក់អត្តសញ្ញាណនៅពេលថ្មីៗនេះប៉ុណ្ណោះ ទើបចៅក្រមជំនុំជម្រះពិនិត្យឃើញភាពខុសគ្នានៃអត្តសញ្ញាណ ហើយសម្រេចលើកលែងការចោទ។
លោកថ្លែងថា៖ «តាំងពីដើមមកគាត់មិនបានដាក់ជាភស្តុតាងចាំបាច់ បញ្ជាក់ថាគាត់ឈ្មោះអីចេះ។ ការសរសេរក្នុងអត្តសញ្ញាណរបស់គាត់ មានសំបុត្រកំណើត មានអត្តសញ្ញាណបណ្ណ។ ក្រោយមកទើបតែគាត់បានបញ្ចូលសំបុត្រកំណើត អត្តសញ្ញាណបណ្ណមក បញ្ជាក់ថាគាត់ឈ្មោះនេះ សរសេរបែបនេះ ដល់អ៊ីចឹងហើយបានធ្វើឱ្យមានការយល់ច្រឡំថាចាប់ខុស»។
អ្នកនាំពាក្យដដែលគូសបញ្ជាក់ថា ការសម្រេចលើកលែងការចោទប្រកាន់ គឺជាការបញ្ជាក់ពីភាពស្អាតស្អំជូនគាត់ ប៉ុន្តែប្រសិនបើគាត់មិនទាន់ពេញចិត្តទេ គាត់មានសិទ្ធិប្តឹងទៅសាលាឧទ្ធរណ៍ដើម្បីទាមទារសំណងបាន។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ឯម ច័ន្ទមករា បញ្ជាក់នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦នេះថា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ បានបញ្ជាឱ្យពិនិត្យករណីនេះឡើងវិញឱ្យម៉ឺងម៉ាត់ បន្ទាប់ពីលោក ស្លេះ ហ្វឺត និងគ្រួសារ បានដាក់ពាក្យបណ្តឹងទៅកាន់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម។
លោកបញ្ជាក់ថា៖ «រដ្ឋមន្រ្តីក្រសួងយុត្តិធម៌បានសម្រេចបញ្ជូនករណីនេះ តាមនីតិវិធីជាធរមានទៅក្រុមប្រឹក្សាវិន័យនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ដើម្បីពិនិត្យស្រាវជ្រាវឱ្យបានល្អិតល្អន់ និងចាត់ការជាសមត្ថកិច្ច ក្នុងករណីរកឃើញកំហុស ដោយអនុវត្តទៅតាមច្បាប់ និងនីតិវិធីក្នុងក្របខណ្ឌនៃយន្តការវិន័យរបស់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម»។
អ្នកនាំពាក្យដដែលអះអាងទៀតថា ក្រសួងយុត្តិធម៌ក៏បានចាត់ក្រុមការងារឱ្យចុះស្រាវជ្រាវបន្ថែមដែរ ហើយដែលលទ្ធផលនឹងត្រូវបញ្ជូនទៅក្រុមប្រឹក្សាវិន័យនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ដើម្បីជាមូលដ្ឋានបន្ថែមសម្រាប់ការធ្វើអធិការកិច្ច។

ដំណើរស្វែងរកយុត្តិធម៌តាមផ្លូវច្បាប់
នៅថ្ងៃទី២ ខែកញ្ញា លោក ណុះ សូឡេះ និងបងថ្លៃរបស់លោក គឺលោក ស្លេះ ហ្វឺត បានទៅដាក់ពាក្យបណ្តឹងនៅសាលាឧទ្ធរណ៍ខេត្តត្បូងឃ្មុំ ឱ្យធ្វើអធិការកិច្ចលើនគរបាលយុត្តិធម៌ចំនួន ៦នាក់ អនុវត្តការចាប់ខ្លួនខុសពីក្នុងដីកា។ ពាក្យបណ្តឹង ២ផ្សេងទៀត ត្រូវបានដាក់ទៅឧត្តមក្រុមប្រឹក្សាវិន័យនៃអង្គចៅក្រម និងក្រសួងយុត្តិធម៌ ដោយប្តឹងលោក ជា សុភ័ក្រ្ត អតីតព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង និងលោក កែវ សុធា ព្រះរាជអាជ្ញាធំនៃអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង ពីបទ«មិនត្រួតពិនិត្យលើនគរបាលយុត្តិធម៌ចុះអនុវត្តដីកាចាប់ខ្លួនខុសអត្តសញ្ញាណ (ចាប់មនុស្សច្រឡំ) កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥»។
នៅថ្ងៃដដែលនេះ ពាក្យបណ្តឹងមួយផ្សេងទៀត ត្រូវបានដាក់ទៅក្រសួងយុត្តិធម៌ ដោយប្តឹងលោក ហួយ សេរីវឌ្ឍនពិសិដ្ឋ ចៅក្រមសាលាដំបូងខេត្តស្ទឹងត្រែង និងជាចៅក្រមស៊ើបសួរសំណុំរឿងឈ្មោះ ស្លេះ វ៉ើត ពីបទ «មិនត្រួតពិនិត្យលើនគរបាលយុត្តិធម៌ចុះអនុវត្តដីកាចាប់ខ្លួនខុសអត្តសញ្ញាណ (ចាប់មនុស្សច្រឡំ) និងបញ្ជាឱ្យឃុំខ្លួនដោយខុសច្បាប់ កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥»។
ចំណែកប្រធានគណបក្សដើម្បីកម្ពុជា លោក ឯម សុខសុវណ្ណ ដែលជាអ្នកផ្តល់មេធាវីឱ្យលោក ស្លេះ ហ្វឺត ក៏បានដាក់លិខិតស្នើក្រសួងយុត្តិធម៌ និងលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ឱ្យពិនិត្យ និងអន្តរាគមន៍ពីភាពមិនប្រក្រតីរបស់ព្រះរាជអាជ្ញា-ចៅក្រម ដែលដោះស្រាយសំណុំរឿងនេះ។ មិនតែប៉ុណ្ណោះ លោកក៏ស្នើឱ្យមានការពិនិត្យករណីអ្នកនាំពាក្យសាលាដំបូងខេត្តស្ទឹងត្រែង ចេញសេចក្តីប្រកាសព័ត៌មានដោយមិនឈរលើមូលដ្ឋាននៃការពិត។
លោក សុខសុវណ្ណ គាំទ្រចំពោះការអនុវត្តច្បាប់ត្រឹមត្រូវតាមនីតិវិធី ប៉ុន្តែលោកចាត់ទុកថានេះជាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ដែលមានតែលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ទេជួយបាន។
លោកថ្លែងថា៖ «មានតែសម្តេចធិបតីទេ ដែលអំណាចធំជាងគេ ដូច្នេះត្រូវពិនិត្យមើលតួអង្គ តាំងពីក្រសួងយុត្តិធម៌ ចៅក្រមព្រះរាជអាជ្ញា ធ្វើម៉េចកុំឱ្យជិះសេះលែងដៃ ធ្វើអីព្រងើយកន្តើយ។ ចាប់មនុស្សខុសហើយធ្វើមិនដឹងធ្វើមិនលឺ នេះមិនមែនជារឿងមួយតិចតួចទេ វាជារឿងមួយរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរណាស់»។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ឯម ច័ន្ទមករា បានបញ្ជាក់នៅថ្ងៃទី៤ ខែកញ្ញាថា ផ្អែកតាមរបាយការណ៍របស់សាលាដំបូងខេត្តស្ទឹងត្រែងដែលក្រសួងទទួលបាន ករណីនេះមិនមែនជា«ការចាប់ច្រឡំមនុស្ស»ឡើយ ហើយគ្រប់នីតិវិធីច្បាប់ត្រូវបានអនុវត្តយ៉ាងត្រឹមត្រូវ។
លោកបន្តថា ក្នុងដំណើរការតុលាការ ជនត្រូវចោទមិនដែលបដិសេធពីអត្តសញ្ញាណរបស់ខ្លួនឡើយ។ ចំណែកការសម្រេចឱ្យរួចផុតពីបទចោទ គឺដោយសារតុលាការពិនិត្យឃើញថា «គ្មានភស្តុតាងគ្រប់គ្រាន់» ដើម្បីដាក់បន្ទុកផ្ដន្ទាទោសលើឈ្មោះ ស្លេះ វ៉ើត មិនមែនដោយសារចាប់មនុស្សខុសនោះទេ។
លោកបន្តថា៖ «នៅគ្រប់ដំណាក់កាល ទាំងចៅក្រមស៊ើបសួរ និងក្រុមប្រឹក្សាជំនុំជម្រះ សាមីខ្លួន មិនដែលបានបដិសេធអំពីអត្តសញ្ញាណរបស់ខ្លួនម្តងណាឡើយ គឺបានធ្វើការផ្ទៀងផ្ទាត់អត្តសញ្ញាណជនត្រូវចោទយ៉ាងច្បាស់លាស់មុនពេលសាកសួរ។ នៅក្នុងដំណើរការនីតិវិធីទាំងនោះ ជនជាប់ចោទមិនដែលបានបដិសេធអំពីអត្តសញ្ញាណរបស់ខ្លួន (ថាខ្លួនមិនមែនឈ្មោះ ស្លេះ វ៉ើត នោះទេ) នៅចំពោះមុខស្ថាប័នតុលាការឡើយ ដូច្នេះ តុលាការមានកាតព្វកិច្ចបន្តនីតិវិធីសវនាការស្របតាមច្បាប់»។
យ៉ាងណា អ្នកនាំពាក្យរូបនេះអះអាងថា ក្រសួងយុត្តិធម៌នឹងបន្តតាមដានដោយយកចិត្តទុកដាក់ចំពោះករណីនេះ ហើយយន្តការនៃក្រុមអធិការកិច្ចរបស់ក្រសួងនៅតែដំណើរការជាធម្មតាដើម្បីពិនិត្យមើលភាពត្រឹមត្រូវនៃការអនុវត្តិនីតិវិធីចំពោះករណីខាងលើ។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ លោក អំ សំអាត លើកឡើងថា នេះមិនមែនជាករណីទី១ទេ ដោយថាកន្លងមកក៏មានករណីស្រដៀងគ្នានេះដែរ។ លោកយល់ថា បញ្ហានេះអាចមកពីកង្វះការស៊ើបអង្កេតរបស់អាជ្ញាធរ និងមន្ត្រីតុលាការ ដែលបានឃុំខ្លួនមនុស្សដោយគ្មានភស្តុតាង ឬមិនបានប្រព្រឹត្តបទល្មើសអស់ជាច្រើនខែ។ ការអនុវត្តច្បាប់បែបនេះ មិនត្រឹមតែរំលោភលើសិទ្ធិបុគ្គល និងធ្វើឱ្យប៉ះពាល់ដល់ជីវភាពគ្រួសារអ្នកក្រីក្រយ៉ាងធ្ងន់ធ្ងរប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងធ្វើឱ្យពលរដ្ឋបាត់ទំនុកចិត្តលើប្រព័ន្ធយុត្តិធម៌ទៀតផង។
លោកបានបញ្ជាក់ថា ស្ថាប័នរដ្ឋ ឬមន្ត្រីដែលអនុវត្តច្បាប់ខុសនីតិវិធី គួរមានការទទួលខុសត្រូវ និងសងការខូចខាតជូនជនរងគ្រោះ ដូចជានៅតាមបណ្តាប្រទេសផ្សេងៗដែរ។
លោកមានប្រសាសន៍ថា៖ «អ្វីដែលសំខាន់នោះគឺថាអ្នកណាជាអ្នកទទួលខុសត្រូវចំពោះបញ្ហាគាត់ និងគ្រួសារគាត់ នៅពេលដែលមានអំពើខាតបង់ជាប់ពន្ធនាគារ ដោយមិនមានការជាប់ពាក់ព័ន្ធនឹងបទល្មើស»។
លោកបន្តថា៖ «នៅប្រទេសគេ ការអនុវត្តមានការប្រុងប្រយ័ត្នណាស់ បើយើង គ្រាន់តែសង្ស័យហើយមិនមានភស្តុតាងគ្រប់គ្រាន់ ទៅធ្វើការចាប់ខ្លួន ហើយឃុំខ្លួនគេសិនទៅ អាហ្នឹងជារឿងមួយដែលមិនមានការទទួលខុសត្រូវទេ។ សំខាន់គឺត្រូវធ្វើម៉េចត្រូវរកភស្តុតាង ឬក៏បទល្មើស ដើម្បីជៀសវាងការឃុំខ្លួន ដោយការភ័ន្តច្រលំ[…] អ៉ីចឹងទៅមុខទៀត បើមន្ត្រីណាគាត់អនុវត្តផ្លូវច្បាប់មិនត្រូវតាមនីតិវិធីអាហ្នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ដូចគ្នា»។
ត្រឡប់មកប្អូនថ្លៃរបស់លោក ស្លេះ ហ្វឺត គឺលោក ណុះ សូឡេះ បានលើកឡើងថា លោកមិនជំទាស់នឹងការអនុវត្តច្បាប់ទេ ប៉ុន្តែមន្ត្រីអនុវត្តច្បាប់គួរស៊ើបអង្កេតឱ្យបានច្បាស់មុននឹងចាប់ខ្លួន៖។
លោកបានបន្ថែមថា៖ «អនុវត្តច្បាប់សម្រាប់មនុស្សខុស ខ្ញុំមិនជំទាស់ទេ។ ប៉ុន្តែនេះមនុស្ស(លោក ស្លេះ ហ្វឺត)រកតែបាយហូបគ្មាន មកចោទប្រកាន់ថាគ្នាកាប់[ទន្រ្ទាន]ព្រៃ»៕










