ស្ទើរតែគ្មានចន្លោះ ដើម្បីដាក់រូបភាពនិងបដាលើរ៉ឺម៉កកង់បីបាន ប៉ុន្តែលោកយាយ ង៉ែត ឃុន បានព្យាយាមរៀបចំរូបភាពនិងបដារបស់គាត់ដោយប្រុងប្រយ័ត្នបំផុត។ រូបភាពមួយក្នុងចំណោមនោះ គឺជារូបភាពកូនស្រីពៅរបស់លោកយាយ ចំណែកផ្ទាំងមួយទៀត គឺជាបដាទាមទារយុត្តិធម៌ និងផ្ទាំងទីបី គឺជារូបថតរបស់លោកយាយផ្ទាល់ដែលត្រូវបានថតកាលពីមួយទសវត្សរ៍មុន ហើយរូបភាពនេះ មានឈាមហូរកាត់លើផ្ទៃមុខរបស់លោកយាយ។
នៅក្នុងវ័យ ៨៦ឆ្នាំ លោកយាយ ង៉ែត ឃុន នៅតែចង់ចាំបានច្បាស់ពីអ្វីដែលលោកយាយត្រូវធ្វើជាប្រចាំ។ លោកយាយរៀបចំបដា និងរូបភាពទាំងនេះ រៀងរាល់សប្តាហ៍ ដែលជួនកាលពីរដងក្នុងមួយសប្តាហ៍ ហើយធ្វើដំណើរចម្ងាយប្រាំពីរគីឡូម៉ែត្រ ដើម្បីទៅឈរនៅខាងក្រៅសាលាដំបូងរាជធានីភ្នំពេញ។
នៅព្រឹកថ្ងៃមួយក្នុងខែឧសភាកន្លងទៅ ចៅបីនាក់របស់លោកយាយបានឡើងជិះរ៉ឺម៉កកង់បីជាមួយកូនស្រីច្បងរបស់លោកយាយ រីឯកូនប្រុសរបស់លោកយាយជាអ្នកបើករ៉ឺម៉កកង់បី។ នៅថ្ងៃនោះ ព្រះអាទិត្យជះកម្តៅខ្លាំងមែនទែន ហើយនៅពេលពួកគាត់មកដល់តុលាការ ព្រះអាទិត្យបានជះពន្លឺចាំងឆ្លុះទៅលើច្រកចូលតុលាការ ដែលមានសម្បុរពណ៌ពងមាន់ ខណៈលោកយាយ ង៉ែត ឃុន ក៏បានត្រៀមខ្លួនជាស្រេច ដើម្បីធ្វើការតវ៉ានៅទីនោះ។
ដោយដៃម្ខាងលើកបដាឡើងលើ លោកយាយបានស្រែកថា៖ «តើសន្តិភាពនៅឯណា? ។ ហេតុអ្វីបានជាជនរងគ្រោះ គឺជាអ្នកដែលត្រូវជាប់ពន្ធនាគារទៅវិញ?»
មូលហេតុចម្បង នៃការខឹងសម្បារបស់លោកយាយ គឺការឃុំខ្លួនកូនស្រីរបស់លោកយាយនៅពន្ធនាគារ។ អ្នកស្រី អេង សុខា ជាកូនស្រីពៅរបស់លោកយាយ កំពុងអនុវត្តទោសជាប់ពន្ធនាគាររយៈពេល ១២ខែ ពីបទបំផ្លាញទ្រព្យសម្បត្តិសាធារណៈ ជាបទចោទដែលគ្រួសារអះអាងថា មិនត្រឹមត្រូវ។ បើយោងតាមតុលាការ បទល្មើសរបស់អ្នកស្រី សុខា គឺផ្តើមចេញពីការវាយកម្ទេចកញ្ចក់បង្អួចនៅមុខតុលាការ នៅពេលមានជម្លោះជាមួយសន្តិសុខ ពេលកំពុងផ្សាយផ្ទាល់អំពីការតវ៉ានៅតុលាការនេះ។
ប៉ុន្តែកំហឹងរបស់លោកយាយ ង៉ែត ឃុន មិនមែនដោយសារតែការកាត់ទោសដោយអយុត្តិធម៌តែមួយករណីនេះទេ វាកើតមានតាំងពីជិតពីរទស្សវត្សរ៍មុនមកម៉្លេះ ពេលដែលលោកយាយដឹងជាលើកដំបូងថា កន្លែងរស់នៅដ៏រីករាយតាមមាត់បឹង ទីដែលផ្ទះរបស់លោកយាយតាំងនៅនោះ ជិតនឹងបាត់បង់។

ការរស់រានមានជីវិតពីរបបខ្មែរក្រហម
លោកយាយ ង៉ែត ឃុន កើតនៅឆ្នាំ១៩៤០ នៅស្រុកត្រាំកក់ ខេត្តតាកែវ ហើយបានរៀបការជាមួយស្វាមីឈ្មោះ អេង ស៊ាង ពេលលោកយាយមានអាយុ ១៧ឆ្នាំ។ ដោយសារមានឱកាសតិចតួចនៅតំបន់ជនបទក្នុងខេត្តតាកែវ លោកយាយនិងស្វាមីបានផ្លាស់មករស់នៅទីក្រុងភ្នំពេញ ហើយប្រកបរបរលក់នំបញ្ចុក ដែលជាអាហារពេលព្រឹកបែបប្រពៃណីរបស់ប្រជាជនខ្មែរ ដែលមានលាយជាមួយសម្លរខ្មែរ និងល្បោយអន្លក់ស្រស់ផ្សេងៗ។ ក្រុមគ្រួសាររបស់លោកយាយរស់នៅរាជធានីជាមួយកូនៗនៅពេលខ្មែរក្រហមដណ្តើមបានអំណាចនៅខែមេសា ឆ្នាំ១៩៧៥។ របបនេះបានបង្ខំពួកគាត់ឱ្យត្រឡប់ទៅខេត្តតាកែវវិញ។ អស់រយៈពេលជិតបួនឆ្នាំ គ្រួសាររបស់លោកយាយ ង៉ែត ឃុន ត្រូវបង្ខំឱ្យធ្វើស្រែតាំងពីព្រឹកព្រលឹមរហូតដល់មេឃងងឹត ដោយពួកគាត់ស្ទើរតែមិនបានបរិភោគអ្វីសោះ។ លោកយាយបានរំឭកថា៖ «សម្លរមានតែបន្លែ គ្មានសាច់ ឬត្រីទេ។ គ្រាន់តែបង់អំបិលមួយចិបពីសហករណ៍»។ លោកយាយ ង៉ែត ឃុន មានកូនចំនួន ១២នាក់ ប៉ុន្តែលោកយាយបានបាត់បង់កូនប្រុសបួននាក់ និងកូនស្រីម្នាក់ អំឡុងពេលខ្មែរក្រហមកាន់អំណាច និងភាពវឹកវរ ដែលកើតឡើងនៅពេលបន្ទាប់ដូចជា អំពើហិង្សា ការអត់ឃ្លាន និងជំងឺផ្សេងៗ ស្របពេលប្រព័ន្ធគាំពារសុខភាពរបស់ប្រទេសមិនដំណើរការ។ នៅពេលដែលរបបខ្មែរក្រហមដួលរលំនៅឆ្នាំ១៩៧៩ គ្រួសាររបស់លោកយាយបានវិលត្រឡប់មករស់នៅទីក្រុងភ្នំពេញវិញជាមួយនឹងកូនៗ ដែលនៅរស់មានជីវិតពីរបបខ្មែរក្រហម រួមមានកូនស្រី ៦នាក់ និងកូនប្រុសម្នាក់។ ពួកគាត់បានចូលទៅរស់នៅផ្ទះ ដែលគេបោះបង់ចោលមួយកន្លែងនៅជិតពហុកីឡាដ្ឋានជាតិអូឡាំពិក ហើយបានចាប់ផ្តើមកសាងជីវិតឡើងវិញពីបាតដៃទទេ។ លោកយាយ ង៉ែត ឃុន បានងាកមកប្រកបមុខរបរលក់នំបញ្ចុកឡើងវិញហើយជារៀងរាល់ព្រឹក លោកយាយរែកនំបញ្ចុកទម្ងន់២០គីឡូក្រាម ដើរតាមដងផ្លូវក្នុងទីក្រុងភ្នំពេញ សម្រាប់លក់ជាអាហារពេលព្រឹកដល់ពលរដ្ឋរស់នៅក្នុងទីក្រុង ដែលមិនទាន់រលុបបាត់ស្លាកស្នាម នៃការឈឺចាប់ ដោយសារអំពើប្រល័យពូជសាសន៍នៅឡើយ។ លោកយាយបានរំឭកថា៖ «វាពិបាកណាស់។ ខ្ញុំដើរផ្លូវឆ្ងាយ ដើម្បីលក់នំបញ្ចុក ហើយខ្ញុំយកនំបញ្ចុកដែលនៅសល់ទុកឲ្យកូនៗហូប”។ មកដល់ឆ្នាំ២០០៥ លោកយាយមិនអាចមានលទ្ធភាពរស់នៅក្នុងតំបន់ប្រជុំជនក្រុងបានទៀតទេ ហើយពេលនោះ លោកយាយបានទិញផ្ទះឈើមួយខ្នងនៅតំបន់បឹងកក់ក្នុងតម្លៃ ៤ ០០០ដុល្លារ ដោយមានប្លង់កម្មសិទ្ធិចុះហត្ថលេខាដោយអាជ្ញាធរភូមិឃុំ។ បន្ទាប់ពីការរស់រានមានជីវិតពីរបបខ្មែរក្រហម និងការមើលថែកូនទាំងប្រាំពីរនាក់ឆ្លងកាត់សង្គ្រាមស៊ីវិល និងភាពក្រីក្រ លោកយាយគិតថា នៅទីបំផុតលោកយាយបានរកឃើញកន្លែង ដើម្បីរស់នៅប្រកបដោយសុវត្ថិភាពហើយ ដែលពេលនោះ លោកយាយនៅមានអាយុ ៦៥ឆ្នាំ។ ពីរឆ្នាំក្រោយមក រដ្ឋាភិបាលបានប្រគល់តំបន់បឹងកក់ទៅឱ្យក្រុមហ៊ុនឯកជន។

បឹងដែលបាត់បង់
បឹងកក់ គឺជាបឹង ដែលមានទំហំ៩០ហិកតា ស្ថិតនៅកណ្តាលរាជធានីភ្នំពេញ។ ផ្ទះឈើតម្រៀបជាជួរនៅតាមតំបន់មាត់បឹង ហើយគ្រួសារពលរដ្ឋខ្លះប្រើប្រាស់ទូកតូចៗ ដើម្បីនេសាទត្រី និងដាំកញ្ឆែតនៅកន្លែងទឹករាក់។ ភ្ញៀវទេសចរមកស្វែងរកផ្ទះសំណាក់ និងភោជនីយដ្ឋាននៅតំបន់បឹងកក់ ដែលមានតម្លៃថោក។
នៅក្នុងឆ្នាំ២០០៧ រដ្ឋាភិបាលបានផ្តល់កិច្ចសន្យាជួលរយៈពេល៩៩ឆ្នាំលើផ្ទៃដី១៣៣ហិកតា មានន័យថា ទាំងផ្ទៃបឹង និងដីនៅជុំវិញបឹងនោះ ទៅឱ្យក្រុមហ៊ុនអភិវឌ្ឍន៍ឯកជនមួយឈ្មោះ Shukaku Inc ។ ក្រុមហ៊ុននេះ គឺជាកម្មសិទ្ធិរបស់លោក ឡៅ ម៉េងឃិន សមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាច និងភរិយារបស់លោក គឺលោកស្រី ជឹង សុភាព ជាអ្នកជំនួញដ៏ចម្រូសចម្រាស។ ផែនការរបស់លោកទាំងពីរ គឺចាក់ដីលុបបឹង និងសាងសង់តំបន់ពាណិជ្ជកម្មថ្មី។
ផ្ទះរបស់លោកយាយ ង៉ែត ឃុន ដែលស្ថិតនៅមាត់បឹងផ្នែកខាងកើត មិនត្រូវបានគេកំណត់ថា ត្រូវបណ្តេញចេញភ្លាមៗនោះទេ។ ទោះបីជាយ៉ាងណា លោកយាយបានចូលរួមការតវ៉ា។
លោកយាយបាននិយាយថា៖ «ទោះជាអាជ្ញាធរនិយាយថា គ្រួសាររបស់ខ្ញុំនឹងមិនត្រូវបានបណ្ដេញចេញក៏ដោយ ខ្ញុំយល់ថា ជនរងគ្រោះបន្ទាប់ គឺគ្រួសាររបស់ខ្ញុំ។ ដូច្នេះ ខ្ញុំត្រូវតែចូលរួមការតវ៉ា»។
នៅដំណាក់កាលដែលមានភាពចម្រូងចម្រាសខ្លាំង ប្រជាពលរដ្ឋជាង ៤០០០ គ្រួសារបានចេញមកតវ៉ាតាមដងផ្លូវ។ នៅពេលនោះ ពួកគេបានដើរក្បួនទៅកាន់សាលាក្រុង ទៅក្រសួងផ្សេងៗ និងទៅគេហដ្ឋានរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ នៅពេលមន្ត្រីកម្ពុជាមិនអើពើនឹងពួកគេ សកម្មជនមួយចំនួនបានធ្វើដំណើរទៅទីក្រុងវ៉ាស៊ីនតោន និងរដ្ឋធានីផ្សេងទៀត ដើម្បីស្វែងរកការគាំទ្រ។
សកម្មភាពនេះ មានប្រសិទ្ធភាពមួយរយៈពេលដែរ ដោយអ្នកកាសែតអន្តរជាតិបានចុះយកព័ត៌មានអំពីរឿងចម្រូងចម្រាសជុំវិញតំបន់បឹងកក់នេះ ហើយនៅឆ្នាំ២០១១ ធនាគារពិភពលោកបានផ្អាកជាបណ្តោះអាសន្ននូវកម្ចីថ្មីដល់ប្រទេសកម្ពុជា ជុំវិញការបំផ្លាញបរិស្ថាន និងការបណ្តេញពលរដ្ឋចេញជាច្រើនគ្រួសារ។ ប៉ុន្តែបឹងនេះ បានបាត់រូបរាងបន្តិចម្តងៗ ដោយសារការបូមខ្សាច់លុបជាបន្តបន្ទប់។
លោកយាយ ង៉ែត ឃុន បានចូលរួមការតវ៉ាយ៉ាងសកម្ម ហើយចន្លោះឆ្នាំ២០០៧ និងឆ្នាំ២០១២ លោកយាយបានស្ម័គ្រចិត្តចូលរួមការតវ៉ាស្ទើរតែគ្មានពេលទំនេរ ដែលមានន័យថា លោកយាយមិនអាចធ្វើការងារអ្វីបានទេ។ ប្ដីនិងកូនប្រាំពីរនាក់របស់លោកយាយជួបការលំបាកផ្នែកហិរញ្ញវត្ថុ ហើយក្តីបារម្ភនេះ បានធ្វើឱ្យលោកយាយ ង៉ែត ឃុន សំរាន្តមិនស្ងប់នៅពេលយប់។
លោកយាយបានរំឭកថា៖ «ពេលខ្លះ ដឹងខ្លួនកណ្តាលអធ្រាត្រ ហើយខ្ញុំគេងមិនលក់ទេ។ ខ្ញុំបានដើរទៅផ្ទះបាតុករផ្សេងទៀត ដើម្បីរកមធ្យោបាយធ្វើដំណើទៅគេហដ្ឋានរបស់លោក ហ៊ុន សែន»។ ពួកគេមានគម្រោងធ្វើបាតុកម្មមួយទៀតនៅខាងក្រៅគេហដ្ឋានរបស់លោកនាយករដ្ឋមន្ត្រី។

បឹងកក់ ១៣
កាលពីខែឧសភា ឆ្នាំ២០១២ នគរបាលបានចាប់ខ្លួនលោកយាយ ង៉ែត ឃុន រួមទាំងស្ត្រី១២នាក់ផ្សេងទៀត បន្ទាប់ពីមានការតវ៉ាមួយ។ ពួកគាត់ត្រូវបានគេស្គាល់ថា បឹងកក់១៣។
តុលាការកាត់ទោសពួកគាត់ទាំងអស់ពីបទកាន់កាប់ដីរដ្ឋ និងរារាំងមន្ត្រីសាធារណៈមានស្ថានទម្ងន់ទោស។ ស្ត្រីទាំង១៣នាក់នេះ ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេលមួយឆ្នាំ ប៉ុន្តែត្រូវបានដោះលែងឱ្យនៅក្រៅឃុំ បន្ទាប់ពីអនុវត្តទោសបានមួយខែ។
សម្រាប់កូនស្រីពៅរបស់លោកយាយ ង៉ែត ឃុន វិញ អ្វីៗគ្រប់យ៉ាងត្រូវបានផ្លាស់ប្តូរទាំងស្រុងក្នុងរយៈពេលមួយខែ ដែលលោកយាយជាប់ក្នុងពន្ធនាគារ។ អ្នកស្រី សុខា ដែលពេលនោះ កំពុងសិក្សានៅឆ្នាំបញ្ចប់ នៃកម្រិតអនុវិទ្យាល័យបានសម្រេចចិត្តឈប់រៀន ដើម្បីយកអាហារទៅឲ្យម្ដាយ ដែលកំពុងជាប់ក្នុងពន្ធនាគារ។
លោកយាយ ង៉ែត ឃុន បានឱ្យដឹងថា៖ «ខ្ញុំមិនសប្បាយចិត្តទេ ពេលខ្ញុំដឹងថាកូនខ្ញុំឈប់រៀន។ ពេលខ្លះ ខ្ញុំមិនចង់ហូបបាយពេញមួយថ្ងៃនៅក្នុងពន្ធនាគារ»។
អ្នកស្រី សុខា មិនបានត្រឡប់ទៅរៀន ដើម្បីបញ្ចប់ថ្នាក់ទី១២ នោះទេ។ ផ្ទុយទៅវិញ អ្នកស្រី សុខា ក៏បានក្លាយជាសកម្មជនម្នាក់ដែរ។
ការតវ៉ាទទួលបានផល ដោយនៅក្នុងឆ្នាំ២០១១ រដ្ឋាភិបាលបានកាត់ឆ្វៀលដីទំហំ ១២,៤៤ហិកតា ចេញពីកិច្ចសន្យាជួលរបស់ក្រុមហ៊ុន Shukaku ហើយសន្យាថា នឹងផ្តល់ដីដល់គ្រួសារមួយចំនួនក្នុងចំណោមគ្រួសារពលរដ្ឋនៅតំបន់បឹងកក់។ ប៉ុន្តែការសន្យានេះ មានតែនៅលើក្រដាសប៉ុណ្ណោះ ហើយការផ្តល់ដីក៏មិនបានកើតឡើងដែរ។ ដូច្នេះ ការតវ៉ាបានបន្តធ្វើទៀត។

ទោះបីជាយ៉ាងណា នៅពេលនោះ ចលនាតវ៉ាចាំផ្តើមប្រេះស្រាំ។ គ្រួសារខ្លះចាប់ផ្តើមទទួលយកការទូទាត់ជាសាច់ប្រាក់ចន្លោះពី៥០០ ទៅ២០០០ដុល្លារ ហើយបានចាកចេញ។ ចំនួនអ្នកតវ៉ាចាប់ផ្តើមថយចុះតិចទៅៗ លើកលែងតែលោកយាយ ង៉ែត ឃុន និងមនុស្សមួយចំនួនទៀត ដែលបន្តការតវ៉ា។
កាលពីខែមិថុនា ឆ្នាំ២០១៤ លោកយាយ និងសកម្មជនផ្សេងទៀតបានដឹងថា កងរាជអាវុធហត្ថមានគម្រោងសាងសង់ប៉ុស្តិ៍នៅក្នុងភូមិ២២ ដែលជាតំបន់ជម្លោះ នៃអតីតតំបន់មាត់បឹង។ នៅពេលស្ត្រីទាំងនេះ ប្រឈមមុខនឹងក្រុមមន្ត្រីនៅការដ្ឋានសាងសង់ មន្ត្រីមូលដ្ឋានម្នាក់បានចាប់ផ្តើមគប់ដុំថ្មដាក់ពួកគាត់ នេះបើតាមការអះអាងរបស់លោកយាយ ង៉ែត ឃុន។
ដុំថ្មមួយបានត្រូវចំក្បាលរបស់លោកយាយ ង៉ែត ឃុន ធ្វើឱ្យបែកចុងចិញ្ចើមខាងស្តាំ។ អ្នកថតរូបម្នាក់បានថតរូបបានភ្លាមៗ និងឃើញមានឈាមហូរលើផ្ទៃមុខរបស់លោកយាយ ហើយទឹកមុខរបស់លោកយាយមើលទៅហាក់ដូចជាមានកំហឹងច្រើនជាងបង្ហាញអាការឈឺចាប់។
លោកយាយបានផ្តិតរូបភាពនោះយកមកដាក់លើបដា ហើយនៅតែនាំយករូបភាពនេះទៅកាន់តុលាការ។
អ្នកគប់ដុំថ្មធ្វើឱ្យលោកយាយរងរបួសនោះ មិនដែលត្រូវបានដាក់ទោសទណ្ឌអ្វីឡើយ។ ប្រាំខែក្រោយមក នៅក្នុងខែវិច្ឆិកា ឆ្នាំ២០១៤ លោកយាយ ង៉ែត ឃុន ត្រូវបានចាប់ខ្លួនម្តងទៀត ដែលលើកនេះ អំឡុងពេលបាតុកម្មនៅខាងក្រៅសាលារាជធានីភ្នំពេញ។ តុលាការបានកាត់ទោសលោកយាយឲ្យជាប់ពន្ធនាគាររយៈពេលមួយឆ្នាំ ហើយលោកយាយបានអនុវត្តទោសបានប្រាំមួយខែ។

ចាប់ផ្តើមពីការតវ៉ាមួយកន្លែងឈានដល់ការតវ៉ាច្រើនកន្លែង
នៅពេលលោកយាយ ង៉ែត ឃុន បានចេញពីពន្ធនាគារក្នុងឆ្នាំ២០១៥ ទស្សនៈរបស់លោកយាយបានសាយភាយទូលំទូលាយ។ លោកយាយបានជួបសកម្មជនផ្សេងទៀត អំឡុងពេលជាប់នៅក្នុងពន្ធនាគារ និងបានស្តាប់រឿងរ៉ាវរបស់ពួកគេ។ ការតស៊ូនៅតំបន់បឹងកក់បានបង្រៀនលោកយាយនូវរឿងមួយ គឺថា ការទន្ទ្រានយកដីមិនមែនជាករណីតែមួយគត់ ដែលកើតមានចំពោះអ្នកភូមិនៅតំបន់បឹងកក់នោះទេ ប៉ុន្តែវាបានកើតឡើងនៅគ្រប់ទីកន្លែង។
លោកយាយចាប់ផ្តើមបង្ហាញមុខនៅក្នុងការតវ៉ារបស់អ្នកភូមិផ្សេងទៀត ដូចជាចូលរួមជាមួយកសិករមកពីសហគមន៍ឡពាងក្នុងខេត្តកំពង់ឆ្នាំង ដែលតស៊ូទាមទារយកដីពីភរិយាអតីតរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ចូលរួមជាមួយអ្នកភូមិជនជាតិដើមភាគតិចពូនង ក្នុងខេត្តស្ទឹងត្រែង ដែលត្រូវបានផ្លាស់ទីលំនៅដោយសារគម្រោងទំនប់វារីអគ្គិសនី និងការតស៊ូ ដើម្បីបានរស់នៅក្បែរទឹកដីដូនតារបស់ពួកគេ។ លោកយាយ ង៉ែត ឃុន ក៏បានចូលរួមការតវ៉ារបស់បុគ្គលិកកាស៊ីណូណាហ្គាវើលដ៍ ដែលត្រូវបណ្តេញចេញពីការងារ បន្ទាប់ពីពួកគេព្យាយាមបង្កើតសហជីព។
រាល់ពេល ដែលសកម្មជនប្រមូលផ្តុំនៅខាងក្រៅសាលាដំបូងរាជធានីភ្នំពេញ លោកយាយ ង៉ែត ឃុន បានព្យាយាមទៅទីនោះ លុះត្រាតែលោកយាយមានបញ្ហាសុខភាពប៉ុណ្ណោះ ហើយអ្នកតវ៉ាផ្សេងទៀតបានចាប់ផ្តើមហៅលោកយាយថា «យាយម៉ាំមី»។
លោកយាយបាននិយាយថា៖ «ខ្ញុំបានចូលរួមបាតុកម្មរបស់ពួកគេ និងលើកទឹកចិត្តពួកគេឲ្យបន្តការតវ៉ាដោយសន្តិវិធីរហូតដល់ពួកគេទទួលបានសំណងសមរម្យ។ ខ្ញុំនិយាយថា យើងត្រូវតែតវ៉ាទាមទារសិទ្ធិរបស់យើង។ យើងមិនត្រូវប្រើហិង្សា ឬប្រមាថអ្នកដទៃទេ។ ហេតុអ្វីបានពួកគេចាប់ខ្លួនយើង?»។
លោកយាយបន្តថា៖ «យើងទាំងអស់គ្នាជាជនរងគ្រោះ ដូច្នេះខ្ញុំត្រូវតែលើកទឹកចិត្តពួកគេ។ ខ្ញុំប្រាប់គេថា កុំខ្លាច»។
អ្នកស្រី សុខា ជារឿយៗឈរនៅក្បែរម្តាយរបស់អ្នកស្រី នៅកន្លែងតវ៉ាទាំងនោះ ដោយស្រែកបន្ទរ និងលើកបដា។ លោកយាយ ង៉ែត ឃុន និងកូនស្រីនៅក្បែរគ្នានៅមុខខ្លោងទ្វារចូលតុលាការ។
លោក គិន ចន្ថា អតីតសកម្មជនបឹងកក់ម្នាក់ទៀតបាននិយាយថា លោកមានការកោតសរសើ ដែលលោកយាយ ង៉ែត ឃុន និងកូនស្រី បានបង្ហាញមុខនៅក្នុងការតវ៉ា បើទោះបីជាបញ្ហានោះ មិនប៉ះពាល់ដល់ពួកគាត់ដោយផ្ទាល់ក៏ដោយ។
លោកបាននិយាយថា៖ «គ្រួសាររបស់គាត់ តែងជួយអ្នកដទៃស្វែងរកយុត្តិធម៌»។
ដោយឡែក ការតស៊ូសម្រាប់គ្រួសាររបស់លោកយាយ ង៉ែត ឃុន ផ្ទាល់វិញហាក់មានការវិវឌ្ឍយឺតយ៉ាវមែនទែន។ រដ្ឋាភិបាលបានសន្យាផ្តល់ដីមួយកន្លែងឱ្យលោកយាយកាលពីឆ្នាំ២០១១ ប៉ុន្តែបានចំណាយពេលប្រាំពីរឆ្នាំ ដើម្បីសម្រេចបានជាលទ្ធផល។ ទីបំផុត នៅក្នុងឆ្នាំ២០១៨ លោកយាយបានទទួលដីមួយកន្លែង ដែលស្ថិតនៅចម្ងាយប្រហែល២០០ម៉ែត្រពីផ្ទះចាស់របស់លោកយាយនៅតំបន់បឹងកក់ បូករួមនឹងប្រាក់សំណងចំនួន៩០០០ដុល្លារ។
ដីមួយកន្លែងនេះ គឺល្មមសម្រាប់សាងសង់ផ្ទះថ្មមួយខ្នង។ លោកយាយក៏ទទួលបានប្លង់រឹងផងដែរ ជាការទទួលស្គាល់ជាផ្លូវការពីរដ្ឋាភិបាល ដែលការពារសិទ្ធិរបស់លោកយាយក្នុងការកាន់កាប់លើអចលនទ្រព្យ។
លោកយាយ ង៉ែត ឃុន បានចាត់ទុកអ្វី ដែលលោកយាយបានធ្វើកន្លងមកនេះ គឺជារឿងត្រឹមត្រូវ។ អ្នក ដែលទទួលយកការទូទាត់ពីដំបូង ទទួលបានសំណងតិចតួចពី៥០០ ទៅ២០០០ដុល្លារប៉ុណ្ណោះ។
លោកយាយបាននិយាយថា៖ «ខ្ញុំលើកទឹកចិត្តសកម្មជនថា យើងត្រូវតែបន្តតស៊ូ។ ខ្ញុំនឹងស្លាប់ ដើម្បីដីរបស់ខ្ញុំ។ បើយើងចាកចេញពីកន្លែងដែលយើងរស់នៅ យើងមិនដឹងទៅរស់នៅទីណាទេ។ ជាក់ស្តែង អ្នកដែលទទួលយកសំណងហើយសម្រេចចិត្តចាកចេញ គឺវេទនាណាស់។ ខ្ញុំបានឃើញផ្ទាល់ភ្នែក»។

កូនស្រីយកគំរូតាមម្តាយ
អ្នកស្រី សុខា បន្តតវ៉ាជាមួយម្តាយគាត់ ដោយមិនត្រឹមតែការពារករណីផ្ទាល់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែចូលរួមឈរជាមួយសកម្មជនដទៃទៀតនៅខ្លោងទ្វារចូលតុលាការ។ ក្រោយមកនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ អ្នកស្រីបានទៅតែម្នាក់ឯងហើយនៅថ្ងៃនោះ លោកយាយ ង៉ែត ឃុន ស្នាក់នៅផ្ទះមិនបានទៅជាមួយទេ។ អ្នកស្រី សុខា កំពុងឡាយបន្តផ្ទាល់អំពីការតវ៉ារបស់អ្នកស្រី ពេលនោះមន្ត្រីសន្តិសុខម្នាក់បានព្យាយាមរារាំងការថតឡាយផ្ទាល់របស់អ្នកស្រី។ បើតាមលោកយាយ ង៉ែត ឃុន មន្ត្រីសន្តិសុខរូបនេះ បានច្រានកូនស្រីរបស់លោកយាយ ប៉ុន្តែអ្នកស្រី សុខា មិនធ្វើតាម ហើយក្នុងការប៉ះទង្គិចគ្នានេះ សន្តិសុខរូបនោះបានច្រានអ្នកស្រី សុខា ផ្ទប់ទៅនឹងបង្អួច ដែលធ្វើឱ្យកញ្ចក់បែក។ នគរបាលបានចាប់ខ្លួនអ្នកស្រី សុខា នៅថ្ងៃនោះ និងបានចោទប្រកាន់អ្នកស្រីពីបទបំផ្លាញទ្រព្យសម្បត្តិសាធារណៈ។ កាលពីថ្ងៃទី១១ ខែមិថុនា តុលាការបានកាត់ទោសអ្នកស្រីឲ្យជាប់ពន្ធនាគាររយៈពេលមួយឆ្នាំ។ នៅពេលទាក់ទងសុំការអត្ថាធិប្បាយ លោក សេង ឌីណា អ្នកនាំពាក្យក្រសួងយុត្តិធម៌ មានប្រសាសន៍ថា លោកជាប់រវល់ ហើយបានបង្វែរសំណួរទៅសាលាដំបូងរាជធានីភ្នំពេញ។ លោក អ៊ី រិន្ទ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បញ្ជាក់ថា សាលក្រមនេះផ្អែកលើ «អង្គហេតុ និងអង្គច្បាប់»។ អស់រយៈពេលជាច្រើនខែ ដែលអ្នកស្រី សុខា ស្ថិតនៅក្នុងពន្ធនាគារ លោកយាយ ង៉ែត ឃុន បានបន្តធ្វើអ្វី ដែលជាទម្លាប់រៀងរាល់សប្តាហ៍ ហើយយ៉ាងហោចណាស់មួយដងក្នុងមួយសប្តាហ៍ លោកយាយ ង៉ែត ឃុន បានធ្វើដំណើរទៅពន្ធនាគារព្រៃស ដោយនាំយកអង្ករ អាហារក្រៀម និងថ្នាំពេទ្យទៅឱ្យកូនស្រី។ លោកយាយចំណាយអស់ពី ១០ម៉ឺនរៀល ទៅ ២០ម៉ឺនរៀល ប្រហែល២៥ទៅ៥០ដុល្លារសម្រាប់ការធ្វើដំណើរទៅសួរសុខទុក្ខមួយលើកៗ។ លោកយាយ ង៉ែត ឃុន បាននិយាយថា៖ «ខ្ញុំធ្លាប់ជាប់ពន្ធនាគារពីមុនមក។ ខ្ញុំដឹងថា ការរស់នៅទីនោះ វាលំបាកប៉ុណ្ណា ជាពិសេសសម្រាប់អ្នកទោសនយោបាយ ដែលតែងតែត្រូវគេធ្វើបាប»។


ជីវិតក្រោយចេញពីពន្ធនាគារ
កាលពីថ្ងៃទី២ ខែកុម្ភៈ លោកយាយ ង៉ែត ឃុន និងក្រុមគ្រួសារបានរង់ចាំនៅខាងក្រៅពន្ធនាគារព្រៃស តាំងពីព្រឹករហូតដល់ម៉ោង៥ល្ងាច មុនពេលអាជ្ញាធរដោះលែងអ្នកស្រី សុខា។ លោកយាយ ង៉ែត ឃុន បាននិយាយថា៖ «ខ្ញុំបារម្ភខ្លាចគេឃុំខ្លួនកូនស្រីខ្ញុំយូរជាងនេះ។ ខ្ញុំអង្គុយនៅខាងមុខខ្លោងទ្វារ ហើយរង់ចាំ»។
ជិតមួយខែមកហើយចាប់តាំងពីអ្នកស្រី សុខា បានចេញពីពន្ធនាគារនិងបានត្រឡប់មកផ្ទះរស់នៅជាមួយកូនស្រីអាយុ៦ឆ្នាំ និងម្ដាយចាស់ជរា ប៉ុន្តែអ្នកស្រី សុខា និយាយថា ពន្ធនាគារបានបន្សល់ទុកស្លាកស្នាមពីការវាយដំនៅលើដៃ និងជើងរបស់អ្នកស្រី។ «ពួកគេបានប្រើអំពើហិង្សាមួយឬពីរដងក្នុងមួយខែ»។
ប៉ុន្មានខែដំបូងនៅក្នុងពន្ធនាគារ គឺពិបាកខ្លាំងណាស់ ដោយសារអ្នកទោសផ្សេងទៀតស្រែកឡូឡា និងជក់បារី។ អ្នកស្រីនិយាយថា អនុរក្សពន្ធនាគារបានប្រើពាក្យប្រមាថ ហើយពេលអ្នកស្រី សុខា តវ៉ា ឬព្យាយាមជួបផ្នែករដ្ឋបាលពន្ធនាគារ អ្នកស្រីត្រូវបានអនុរក្សពន្ធនាគារ និងអ្នកទោសផ្សេងទៀតរារាំង និងវាយដំ។
បន្ទាប់មកអ្នកស្រីត្រូវបានគេផ្ទេរទៅបន្ទប់ឃុំឃាំងជាមួយកញ្ញា ធារី សេង មេធាវីសិទ្ធិមនុស្សសញ្ជាតិខ្មែរអាមេរិកាំង ដែលកញ្ញាខ្លួនឯងក៏ជាអ្នកទោសមនសិការម្នាក់ដែរ។ កញ្ញា សេង ធារី បានជួយអ្នកស្រី នាំយកការត្អូញត្អែររបស់អ្នកស្រី សុខា ទៅប្រាប់មន្ត្រីសិទ្ធិមនុស្ស ដែលបានធ្វើឱ្យស្ថានភាពស្នាក់នៅក្នុងពន្ធនាគារមិនលំបាកខ្លាំងពេក។
អ្នកស្រី សុខា បាននិយាយថា៖ «ក្រៅពីម្តាយខ្ញុំ ខ្ញុំគោរព និងស្រឡាញ់ សេង ធារី ព្រោះគាត់បានជួយខ្ញុំ ហើយគាត់ជាពលរដ្ឋអាមេរិក ប៉ុន្តែគាត់សុខចិត្តតស៊ូមតិនៅកម្ពុជា»។
បច្ចុប្បន្ននេះ អ្នកស្រី សុខា មានវ័យ៣៨ឆ្នាំហើយ ហើយក្តីស្រមៃរបស់អ្នកស្រីចង់ក្លាយជាវេជ្ជបណ្ឌិត បានរលាយបាត់តាំងពីពេលអ្នកស្រីមានអាយុ ១៧ឆ្នាំ ជាពេលដែលអ្នកស្រីសម្រេចចិត្តឈប់រៀន ដើម្បីយកអាហារទៅឱ្យម្តាយនៅក្នុងពន្ធនាគារ។ វាជាការបាត់បង់ដែលអ្នកស្រីនៅចាំមិនទាន់ភ្លេច ប៉ុន្តែអ្នកស្រីមានមោទនភាពចំពោះម្តាយរបស់អ្នកស្រី។
បើទោះបីជាជាប់ពន្ធនាគាររយៈពេលមួយឆ្នាំ និងបាត់បង់អនាគតក៏ដោយ ក៏អ្នកស្រី សុខា បាននិយាយថា អ្នកស្រីមិនបានចុះចាញ់ឡើយ។ អ្នកស្រីគ្រោងបន្តទាមទាររកយុត្តិធម៌សម្រាប់ម្តាយរបស់អ្នកស្រី សកម្មជនដីធ្លី អ្នកធ្វើយុទ្ធនាការការពារបរិស្ថាន និងឥស្សរជននយោបាយប្រឆាំងផ្សេងទៀតហើយអ្នកស្រីដឹងច្បាស់ថា ការបន្តការទាមទារនេះ មានន័យយ៉ាងណា។
អ្នកស្រីនិយាយថា៖ «ក្នុងនាមជាអ្នកតស៊ូមតិ ខ្ញុំដឹងថា នឹងមានថ្ងៃណាមួយ ខ្ញុំនឹងត្រូវគេចាប់ខ្លួន ប៉ុន្តែខ្ញុំមិនដែលគិតថា ខ្ញុំនឹងចុះចាញ់ឡើយ»៕
រឿងនេះត្រូវបានស្នើឱ្យខេមបូចាចុះផ្សាយ ដោយបកប្រែពីអត្ថបទភាសាអង់គ្លេសនៅ HARDSTORIES គឺ What One Familys Fight Says About Activism in Cambodia?









