សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

សាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោសសកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស លោក ស្រ៊ុន ស្រ៊ន ដាក់ពន្ធនាគារ២ឆ្នាំ

សកម្មជនកិច្ចព្រមព្រៀងទីក្រុងប៉ារីសដែលជាប់ឃុំ លោក ស្រ៊ុន ស្រ៊ន ថតរូបនៅមុខទីស្នាក់ការអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ។ (រូបថតពីហ្វេសប៊ុករបស់លោក ស្រ៊ុន)
សកម្មជនកិច្ចព្រមព្រៀងទីក្រុងប៉ារីសដែលជាប់ឃុំ លោក ស្រ៊ុន ស្រ៊ន ថតរូបនៅមុខទីស្នាក់ការអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ។ (រូបថតពីហ្វេសប៊ុករបស់លោក ស្រ៊ុន)

សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃពុធនេះ បានសម្រេចផ្តន្ទាទោសសកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស លោក ស្រ៊ុន ស្រ៊ន និងកញ្ញា ភឹង សោភា ដាក់ពន្ធនាគារចំនួន២ឆ្នាំ និងជនជាប់ចោទ៣៥នាក់ទៀតត្រូវបានផ្តន្ទាទោសចន្លោះពី១៨ខែទៅ២ឆ្នាំ ពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ដែលប្រព្រឹត្តកាលពីឆ្នាំ២០២៤។

នៅព្រឹកថ្ងៃពុធ ទី២៩ ខែមេសា ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក ញឹម ពិសាល​ បានប្រកាសសាលក្រមផ្តន្ទាទោសសកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស លោក ស្រ៊ុន ស្រ៊ន និងកញ្ញា ភឹង សោភា ដាក់ពន្ធនាគារចំនួន២ឆ្នាំ និងពិន័យ៤លានរៀល ហើយជនជាប់ចោទ៣៥នាក់ទៀតត្រូវបានផ្តន្ទាទោសចន្លោះពី១៨ខែទៅ២ឆ្នាំ ពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។  

ជនជាប់ចោទមួយចំនួនដែលមានទំនាក់ទំនងជាមួយបណ្ដាញសកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ត្រូវបានបែងចែកជា ៥ក្រុម សម្រាប់ការបើកសវនាការដែលបានចាប់ផ្តើមកាលពីខែធ្នូ ឆ្នាំ២០២៤ រហូតដល់ខែកុម្ភៈ ឆ្នាំ២០២៦។

កាលពីខែកក្កដា ឆ្នាំ២០២៤ មនុស្សជាង ១០០ នាក់ត្រូវបានចាប់ខ្លួន ដោយក្នុងនោះមានជាង ៦០ នាក់ត្រូវបានចោទប្រកាន់ និងឃុំខ្លួនក្នុងពន្ធនាគារ ពីបទតវ៉ានៅលើបណ្តាញសង្គម ដោយការបញ្ចេញមតិយោបល់របស់ពួកគេទាក់ទងនឹង CLV-DTA និងការរៀបចំផែនការប្រមូលផ្ដុំគ្នានៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤។

គួរឱ្យដឹងថា កិច្ចព្រមព្រៀងតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៩ ដើម្បីលើកកម្ពស់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងទំនាក់ទំនងកាន់តែជិតស្និទ្ធរវាងប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងបី។​ នៅក្នុងប្រទេសកម្ពុជា ខេត្តជាប់ព្រំដែនរួមមាន ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី និងក្រចេះ ត្រូវបានកំណត់ឱ្យទទួលបានអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងនេះ។

ប៉ុន្តែកាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ កម្ពុជាបានប្រកាសដកខ្លួនចេញពីគម្រោងអភិវឌ្ឍន៍តំបន់ CLV-DTA នេះ បន្ទាប់ពីមានការតវ៉ា និងការរិះគន់ជាសាធារណៈតាមប្រព័ន្ធអ៊ីនធឺណិត​៕

ព័ត៌មានថ្មី

អត្ថបទពេញនិយម