សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

តុលាការបញ្ចប់សេចក្តីសន្និដ្ឋានករណីក្រុម លោក ស្រ៊ុន ស្រ៊ន ខណៈលោកស្នើសុំរួចផុតបទចោទ

សកម្មជនកិច្ចព្រមព្រៀងទីក្រុងប៉ារីសដែលជាប់ឃុំ លោក ស្រ៊ុន ស្រ៊ន ថតរូបនៅមុខទីស្នាក់ការអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ។ (រូបថតពីហ្វេសប៊ុករបស់លោក ស្រ៊ុន)
សកម្មជនកិច្ចព្រមព្រៀងទីក្រុងប៉ារីសដែលជាប់ឃុំ លោក ស្រ៊ុន ស្រ៊ន ថតរូបនៅមុខទីស្នាក់ការអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ។ (រូបថតពីហ្វេសប៊ុករបស់លោក ស្រ៊ុន)

សកម្មជនចំនួន ៩ នាក់ ក្នុងចំណោម ៣៧ នាក់ ដែលត្រូវបានឃុំខ្លួនបណ្តោះអាសន្ន បានបង្ហាញខ្លួននៅតុលាការនៅថ្ងៃអង្គារ សម្រាប់សវនាការលើការចោទប្រកាន់ពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។ ការចោទប្រកាន់នេះ កើតឡើងបន្ទាប់ពីមានការចោទថាពួកគេបានរៀបចំផែនការតវ៉ាប្រឆាំងនឹងកិច្ចព្រមព្រៀងតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ដែលមានអាយុកាល២០ឆ្នាំមកហើយ ប៉ុន្តែត្រូវបានលុបចោលវិញនាពេលបច្ចុប្បន្ន។

ជនជាប់ចោទមួយចំនួនដែលមានទំនាក់ទំនងជាមួយបណ្ដាញសកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ត្រូវបានបែងចែកជា ៥ក្រុម សម្រាប់ការកាត់ទោស ដែលបានចាប់ផ្តើមកាលពីខែធ្នូ ឆ្នាំ ២០២៤។ គួរឱ្យដឹងដែរថា ក្នុងចំណោមពួកគេជាច្រើននាក់ បានជាប់ពន្ធនាគារបណ្តោះអាសន្នលើសពីពាក់កណ្តាលនៃទោសអតិបរមារួចទៅហើយ ។

នៅព្រឹកថ្ងៃអង្គារនេះ សាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការលើពីរក្រុម រួមមានសកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស លោក ស្រ៊ុន ស្រ៊ន​ កញ្ញា ភឹង សោភា លោក សាន សិទ្ធ និងលោក ចក់ បានមុនី និងសកម្មជនប្រាំមួយនាក់ផ្សេងទៀត។ ចំពោះសវនាការនឹងធ្វើសេចក្តីសន្និដ្ឋាន​សម្រាប់ ៣ក្រុមដែលនៅសេសសល់ នឹងត្រូវបញ្ចប់នៅវគ្គបន្ទាប់ ។

ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក សេង ហៀង បានស្នើឱ្យចៅក្រមពិចារណាផ្តន្ទាទោសជនជាប់ចោទទាំងអស់ ដែលបានប្រព្រឹត្តអំពើញុះញង់បង្កឱ្យមានភាពវឹកវរដល់សណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខសង្គម ពាក់ព័ន្ធនឹងបញ្ហា CLV-DTA។ 

លោកបានលើកឡើងថា៖ «ជនជាប់ចោទមិនបានយល់ដឹងគ្រប់ជ្រុងជ្រោយអំពីគម្រោងអភិវឌ្ឍ CLV-DTA ហើយបានផ្សព្វផ្សាយព័ត៌មានមិនពិត»។

ព្រះរាជអាជ្ញារងរូបនេះបានចង្អុលបង្ហាញថា ភស្តុតាងនៅក្នុងវីដេអូវិភាគរបស់លោក ស្រ៊ុន ស្រ៊ន អំពី CLV-DTA ដែលរាប់បញ្ចូលទាំងការលើកឡើងអំពីការកាត់ដីឱ្យវៀតណាមអាចក្លាយជា«អាយ៉ងយួន» ដែលនាំឱ្យមានការរៀបចំផែនការប្រមូលផ្ដុំគ្នានៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤  ធ្វើឱ្យសាធារណជនខឹងសម្បារនឹងរដ្ឋាភិបាល។

ជនជាប់ចោទ បានស្នើឱ្យតុលាការទម្លាក់ការចោទប្រកាន់ ដោយអះអាងថា មតិយោបល់របស់ពួកគេគឺជា «សេរីភាពក្នុងការបញ្ចេញមតិ» ដែលត្រូវបានធានាដោយរដ្ឋធម្មនុញ្ញ។ 

«ខ្ញុំស្នើឱ្យចៅក្រមឱ្យរួចផុតពីបទចោទប្រកាន់មកលើរូបខ្ញុំ ព្រោះខ្ញុំមិនមានចេតនាប្រឆាំងនឹងរដ្ឋាភិបាលនោះទេ។ ផ្ទុយទៅវិញ ខ្ញុំបានគាំទ្រគោលនយោបាយរបស់រដ្ឋាភិបាល និងការពារសន្តិភាព»។ នេះជាការលើកឡើងរបស់ លោក ស្រ៊ុន ស្រ៊ន ដែលបានបើកសវនាការនៅថ្ងៃអង្គារ។

លោកបានបន្ថែមថា លោកគ្រាន់តែចែករំលែកចំណេះដឹងអប់រំផ្នែកច្បាប់ដល់ប្រជាពលរដ្ឋ ជាពិសេសកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដើម្បីធានាអធិបតេយ្យភាពទឹកដី និងលទ្ធិប្រជាធិបតេយ្យ រួមទាំងការដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ នាពេលបច្ចុប្បន្នផងដែរ។

លោក អ៊ឹម ចន្ថា ជាសហមេធាវីការពារក្តីជនជាប់ចោទ បានលើកឡើងថា មិនមានភស្តុតាងគ្រប់គ្រាន់ដើម្បីដាក់បន្ទុកការចោទប្រកាន់ពីបទញុះញង់លើកូនក្តីរបស់លោកនោះទេ ដោយកត់សម្គាល់ថា ពួកគេគ្រាន់តែប្រើប្រាស់សិទ្ធិបញ្ចេញមតិស្របតាមរដ្ឋធម្មនុញ្ញតែប៉ុណ្ណោះ។ 

លោក ចន្ថា បានបញ្ជាក់នៅក្នុងសវនាការថា៖ «ខ្ញុំជឿថាកូនក្ដីរបស់ខ្ញុំ មិនមានចេតនាញុះញង់នោះទេ ព្រោះមិនមានភាគីទីពីរណាម្នាក់បានធ្វើសកម្មភាពតាមការអត្ថាធិប្បាយរបស់ពួកគេ ដើម្បីប្រព្រឹត្តបទល្មើសណាមួយឡើយ»។

សហមេធាវីការពារក្ដីម្នាក់ទៀតគឺលោក ឡោ ជុនធី ក៏បានអំពាវនាវឱ្យតុលាការទម្លាក់រាល់បទចោទប្រកាន់ផងដែរ ដោយលើកឡើងថា សកម្មភាពកូនក្តីលោកផ្តោតលើការចែករំលែកចំណេះដឹង និងបង្រៀនជំនាញកសិកម្មដើម្បីលើកកម្ពស់ជីវភាព ក៏ដូចជាការពង្រឹងនីតិរដ្ឋ និងគោលការណ៍ប្រជាធិបតេយ្យ។

លោកបន្ថែមថា៖ «ក្រុមលោក ស្រ៊ុន ស្រ៊ន បានធ្វើសកម្មភាពចែករំលែកចំណេះដឹងផ្នែកច្បាប់ដល់ពលរដ្ឋអស់រយៈពេល ២៥៣៦ថ្ងៃ មុនពេលពួកគេត្រូវបានចាប់ខ្លួន»។

កាលពីខែកក្កដា ឆ្នាំ២០២៤ មនុស្សជាង ១០០ នាក់ត្រូវបានចាប់ខ្លួន ដោយក្នុងនោះមានជាង ៦០ នាក់ត្រូវបានចោទប្រកាន់ និងឃុំខ្លួនក្នុងពន្ធនាគារ ពីបទតវ៉ានៅលើបណ្តាញសង្គម ដោយការបញ្ចេញមតិយោបល់របស់ពួកគេទាក់ទងនឹង CLV-DTA និងការរៀបចំផែនការប្រមូលផ្ដុំគ្នានៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤។

ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក នី សុខា ដែលបានចូលរួមក្នុងសវនាការ បានសម្តែងការព្រួយបារម្ភថា ជនជាប់ចោទត្រូវបានឃុំខ្លួនបណ្តោះអាសន្នអស់រយៈពេល ១ឆ្នាំ និង ៧ខែមកហើយ ខណៈដែលទោសដាក់ពន្ធនាគារអតិបរមាសម្រាប់បទញុះញង់គឺ ២ ឆ្នាំ។

លោកបន្តថា៖ «យើងឃើញថា ការឃុំខ្លួនលោក ស្រ៊ុន ស្រ៊ន និងក្រុមរបស់លោក មិនបានផ្តល់ផលចំណេញដល់រដ្ឋាភិបាលនោះទេ។ ផ្ទុយទៅវិញកាន់តែធ្វើឱ្យរដ្ឋាភិបាលខូចកេរ្តិ៍ឈ្មោះប៉ះពាល់មុខមាត់ទាំងលើឆាកជាតិ និងឆាកអន្តរជាតិ»។

លោកបន្ថែមថា ការវិភាគរបស់លោក ស្រ៊ុន ស្រ៊ន មិនមានបំណងញុះញង់ ឬលើកទឹកចិត្តនរណាម្នាក់ឱ្យប្រព្រឹត្តបទល្មើសនោះទេ ព្រោះពួកគេគ្រាន់តែបញ្ចេញមតិទាក់ទងនឹងការអភិវឌ្ឍន៍ក្នុងតំបន់ CLV-DTA។ 

លោក សុខា ក៏បានអំពាវនាវឱ្យតុលាការដោះលែងជនជាប់ចោទទាំងនេះ ដោយអះអាងថា លោក ស្រ៊ុន ស្រ៊ន បានលើកឡើងនូវចំណុចសំខាន់ៗចំនួនបីគឺ៖ គុណសម្បត្តិ ផលវិបាក និងដំណោះស្រាយដែលអាចកើតមាន ដែលការអត្ថាធិប្បាយជាសេរីភាពបញ្ចេញមតិ វាមិនមែនជាបទល្មើសញុះញង់ឡើយ។

គួរឱ្យដឹងថា កិច្ចព្រមព្រៀងតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៩ ដើម្បីលើកកម្ពស់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងទំនាក់ទំនងកាន់តែជិតស្និទ្ធរវាងប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងបី។​ នៅក្នុងប្រទេសកម្ពុជា ខេត្តជាប់ព្រំដែនរួមមាន ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី និងក្រចេះ ត្រូវបានកំណត់ឱ្យទទួលបានអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងនេះ។

កាលពីថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២៤ កម្ពុជាបានប្រកាសដកខ្លួនចេញពីគម្រោងអភិវឌ្ឍន៍តំបន់ CLV-DTA នេះ បន្ទាប់ពីមានការតវ៉ា និងការរិះគន់ជាសាធារណៈតាមប្រព័ន្ធអ៊ីនធើណិត៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Phnom Penh Court Concludes Srun Srorn’s CLV-DTA Case, Hears Other Activists After 19 Months of Pre-Trial Detention

ព័ត៌មានថ្មី

អត្ថបទពេញនិយម