សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

អ្នក​រិះគន់​គម្រោង CLV-DTA ​ថា ​ខ្លួន​ត្រូវ​បាន​ជាប់ពន្ធនាគារ​ទាំ​ង​អយុត្តិធម៌​ ប៉ុន្តែ​​​ប្តេជ្ញា​បន្ត​ការងារ​ដើម្បី​ជួយ​សង្គម

កញ្ញា ភឹង សោភា នៅក្នុងវេទិកាចែករំលែកចំណេះដឹងពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនៅប្រទេសបារាំងកាលពីខែមេសាឆ្នាំ ២០២៤។ (រូបភាពផ្តល់ឱ្យ)
កញ្ញា ភឹង សោភា នៅក្នុងវេទិកាចែករំលែកចំណេះដឹងពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនៅប្រទេសបារាំងកាលពីខែមេសាឆ្នាំ ២០២៤។ (រូបភាពផ្តល់ឱ្យ)

កញ្ញា ​ភឹង សោភា គឺ​ជាសកម្ម​ជនធ្វើការផ្សព្វផ្សាយ​កិច្ច​ព្រម​ព្រៀង​ក្រុង​ប៉ារីសម្នាក់ ​​ក្នុង​ចំណោម​​​​ពល​រដ្ឋ​រាប់​សិបនាក់​ផ្សេងទៀត ​​ដែល​ត្រូវ​បាន​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​​ ដោយ​សារ​តែ​ការ​រិះ​គន់​គម្រោងអភិវឌ្ឍន៍​​កម្ពុជា ឡាវ វៀតណា(CLV-DTA) កាលពី​ឆ្នាំ​២០២៤។ ​

បើទោះ​បី​ជានៅ​ពេល​នេះ​កញ្ញា​​បាន​អនុវត្ត​ទោស​ក្នុង​ពន្ធនា​គារ​គ្រប់​ចំនួន២ឆ្នាំ​ ​និងទើប​​ត្រូវ​បាន​ដោះ​លែង​វិញ​​ក្តី ក៏កញ្ញា​​និង​អ្នក​ជាប់​ឃុំ​ផ្សេងទៀត ចាត់​ទុកការ​សម្រេច​ផ្តន្ទាទោស​ និង​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​នៃសំណុំរឿងនេះ​ថា ជារឿង«​អយុត្តិ​ធម៌» និង​ជាការ​រឹតត្បិត​សិទ្ធិ​សេរីភាព​បញ្ចេញ​​​មតិ​។ ​អ្នក​ជំនាញ​សិទ្ធិមនុស្ស​យល់​ស្រប​ចំពោះការ​លើក​ឡើងនេះ។

ប៉ុន្តែ​ អ្នក​នាំពាក្យ​ក្រសួង​យុត្តិ​ធម៌លើក​ឡើង​​ថា យុត្តិធម៌ មិនមែនសំដៅលើអ្វីដែលទាល់តែភាគីណាមួយយល់ឃើញថាខ្លួនត្រឹមត្រូវនោះ​ទេ ប៉ុន្តែវាអាស្រ័យទៅលើអង្គហេតុ អង្គច្បាប់ និង​ភស្តុ​តាង​។

កញ្ញា ភឹង សោភា និងលោក សាន សិទ្ធ ​គឺ​ជាសកម្ម​ជន​ដែល​ធ្វើការ​ផ្សព្វផ្សាយ​ពីឯក​សារ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ ត្រូវបានតុលាការដោះលែងឱ្យមានសេរីភាពវិញកាល​ពីថ្ងៃទី​២៤ ​ខែកក្កដា ​ឆ្នាំ​២០២៦ ក្រោយពីបានអនុវត្តទោសក្នុងពន្ធនាគារ​គ្រប់​ចំនួន​រយៈពេល ២ឆ្នាំ​។

សូម​បញ្ជាក់​ថា ​កញ្ញា ភឹង សោភា លោក ​ស្រ៊ុន ស្រ៊ន និង​លោក ​សាន សិទ្ធ ដែល​ជាសកម្ម​ជន​កិច្ច​​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​​ត្រូវ​បាន​កម្លាំង​នគរបាល​ចាប់​ខ្លួន​នៅ​ខេត្ត​សៀម​រាប នៅ​ថ្ងៃទី​២៣ ខែកក្កដា ​ឆ្នាំ​២០២៤។ ជាមួយគ្នា​នេះ​​ពល​រដ្ឋ​​ជាង​១០០​នាក់​ផ្សេង​ទៀត​ដែល​​បញ្ចេញ​មតិ​រិះគន់​​គម្រោង​​​​អភិវឌ្ឍន៍​ CLV-DTA ដូច​គ្នា​នេះ​ក៏ត្រូវ​បាន​ចាប់​ខ្លួន​ជាបន្តបន្ទាប់​ផងដែរ។

ពួកគេទាំងបីនាក់ ត្រូវសាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោសដាក់ពន្ធនាគារ ២ឆ្នាំ និងពិន័យជាប្រាក់ ៤លានរៀល ពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ពាក់ព័ន្ធការបញ្ចេញមតិអំពីគម្រោងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA)។

នៅ​ពេល​នេះ​លោក ​ស្រ៊ុន​ ស្រ៊ន ​មិន​ទាន់​ត្រូវ​បាន​ដោះ​លែងនៅឡើយ​ទេ ដោយ​សារ​កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ សាលាឧទ្ធរណ៍ បានសម្រេចតម្កល់សាលក្រម​កំបាំងមុខមួយ​ផ្សេង​ទៀត​របស់សាលាដំបូង ដែលផ្តន្ទាទោសលោក ឱ្យជាប់ពន្ធនាគារ ២ឆ្នាំ និងពិន័យជាប្រាក់ ៤លានរៀល ក្នុងសំណុំរឿង «ញុះញង់» មួយទៀត ពាក់ព័ន្ធការបង្ហោះវីដេអូរិះគន់ការតែងតាំងប្រធានស្តីទីតុលាការកំពូលកាលពីឆ្នាំ២០២៣។

សម្រាប់​កញ្ញា​សោភា ក្រោយ​ចេញពីពន្ធនាគារ​ត្រូវ​ការ​ប្រើពេលវេលាបន្សាំខ្លួនទៅនឹងស្ថានភាព និងបរិយាកាសរស់នៅខាងក្រៅឡើងវិញ។ កញ្ញា​ក៏​ត្រូវ​រៀនសូត្រ និងតាមដានពីអ្វីៗដែលបានប្រែប្រួលក្នុងសង្គម ក្នុងអំឡុងពេលអវត្តមាន​របស់​កញ្ញា​រយៈពេល២ឆ្នាំកន្លង​មក​នេះ។

នារី​​វ័យ​៣៥ឆ្នាំ​រូប​នេះ​បន្ថែមថា៖ «បន្ថែម​ពី​នេះខ្ញុំ​​ត្រូវ​ស្តារសុខភាពផ្លូវកាយ និងផ្លូវចិត្តឡើងវិញ ព្រមទាំងចំណាយពេលជួបជុំ និងផ្តល់កម្លាំងចិត្តដល់គ្រួសារ និងជនរួមភាសាដែលជាអ្នករៀនច្បាប់ ជាពិសេស​កិច្ចព្រមព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស២៣តុលា១៩៩១។ ខ្ញុំ​​ក៏​នឹង​រៀបចំផែនការការងារឡើងវិញដើម្បីបន្តបេសកកម្មជាចំណែកនៃជាតិមាតុភូមិផង​ដែរ»។

សោភា ​បាន​ប្រាប់​សារព័ត៌មាន​ខេម​បូចា​កាលពីថ្ងៃទី​១៦​ ខែសីហា​ដោយ​​បាន​រំលឹក​ពីការ​ឈឺ​ចាប់​ និង​ការលំបាក​យ៉ាងខ្លាំង​នៅពេលកញ្ញា​ត្រូវបាន​ឃុំ​ខ្លួនរយៈពេល៤៨ម៉ោងដំបូង និងបន្ត​​១៤​ថ្ងៃ​បន្ថែមទៀត​ នៅ​បន្ទប់​ពន្ធនាគារ​ព្រៃស​ «ម២» ដោយ​មិនមានការជូនដំណឹង ទៅកាន់ក្រុមគ្រួសារ និង​​មិនត្រូវបានគេអនុញ្ញាតឱ្យជួបសួរសុខទុក្ខ​ពី​ក្រុម​គ្រួសារឡើយក្នុងអំឡុងពេលនោះ ដែល​​​ជា​សម្ពាធ​​ធ្វើ​ឱ្យ​កញ្ញាជួប​ទុក្ខ​លំបាក​ទាំង​ផ្លូវ​កាយ​ និង​ផ្លូវ​ចិត្ត​យ៉ាងខ្លាំង​ ។

​​កូន​អ្នក​ខេត្ត​បន្ទាយ​មាន​ជ័យ ​​បច្ចុប្បន្នឪពុក​ជាមន្ត្រី​ចូល​និវត្ត​ន៍ ម្តាយ​ជាកសិករនិង​មាន​បងប្អូន​៤នាក់​​រូបនេះ​​ថ្លែង​ថា៖ «ខ្ញុំ​ត្រូវបាន​ចោទបទល្មើសញុះញង់ បទល្មើសនយោបាយ ខ្ញុំ​គេ​​មិនសូវ​ឲ្យទៅបរិវេណទីធ្លាខាងក្រៅ និយាយជាមួយអ្នកដទៃនោះទេ​​។ ពេលនោះពិបាកពិសេសខែក្ដៅហប់ ស្អុះស្អាប់ ហើយ​ពន្ធនាគារបើកអគ្គិសនីតែពេលដាក់​ពួកយើងចូលបន្ទប់​ប៉ុណ្ណោះ​»​​។

កញ្ញា ភឹង សោភា (កណ្តាល) និងលោក ស៊្រុន ស្រ៊ន ក្នុងវគ្គបណ្តុះបណ្តាលស្តីពីការតស៊ូមតិ នៅក្រុងបាងកក កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៩។ (រូបភាពផ្តល់ឱ្យ)

​ឆ្មាំពន្ធនាគារ​បាន​ធ្វើការ​ត្រួត​ពិនិត្យ​ និង​តាម​ដាន​ម៉ត់​ចត់​ណាស់លើ ​សោភា ចាប់​តាំងពីការយក​សៀវភៅ​ចូល​អាន និងយក​សៀវភៅចេញ​ក្រៅ រួមទាំង​ម្ហូបអាហារចូលក្នុងពន្ធនាគារ។ ប៉ុន្តែ​ ​ក្រោយៗមក​ទៀត ​មិនសូវ​ជាលំបាកពេកទេ ដោយសារ​កញ្ញា​អាចស៊ាំ និង​សង្រួម​ចិត្តជាមួយអ្នកជាប់ឃុំ​ជាង​១០នាក់នៅ​ក្នុង​បន្ទប់​តែមួយ​ រហូតដល់​កញ្ញា​អាច​ធ្វើសកម្មភាពប្រចាំថ្ងៃបានខ្លះៗដូចជាអានសៀវភៅ ការចែករំលែកចំណេះដឹងពីកិច្ចព្រមព្រៀងក្រុង​ប៉ារីស​ដល់អ្នករួម​បន្ទប់ ការហាត់ប្រាណ និង​ហ្វឹកហាត់ចិត្តខ្លួនឲ្យបានល្អនៅទីនោះ​។

កញ្ញានិយាយ​ថា៖ «ការជាប់ឃុំឃាំងបានធ្វើឱ្យខ្ញុំបាត់បង់សេរីភាពក្នុងការចូលរួមធ្វើការងារសង្គមផ្សេងៗ ជាពិសេសការងារបំរើជាតិ និងការចុះជួយដល់កសិករក្រីក្រ ដែលកត្តានេះបានធ្វើឱ្យខ្ញុំគិតច្រើនខ្លាំងណាស់នៅអំឡុងពេលដំបូងៗ»។

កញ្ញា ភឹង សោភា ​និង​លោក ​ស្រ៊ុន ស្រ៊ន ​រួម​ទាំងលោក​ សាន សិទ្ធ តែង​តែផ្តល់ការ​អប់រំ ផ្សព្វ​ផ្សាយ បណ្ដុះបណ្ដាលច្បាប់​ជាតិ​ ច្បាប់អន្តរជាតិ ច្បាប់សិទ្ធិមនុស្ស និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធដទៃទៀត​ដើម្បី​ចូលរួមចំណែក​ជួយពលរដ្ឋ និងយុវជនខ្មែរឱ្យ​ក្លាយជាពលរដ្ឋ និងយុវជនសកម្មក្នុងការ​ជួយជាតិ។ លើសពីនេះក៏ចូលរួមលើកកម្ពស់ការអនុវត្ត សីល សមាធិ បញ្ញា និងផ្តល់​ការអប់រំដើម្បី​កាត់បន្ថយការជំពាក់បំណុលគេ និងការចំណាកស្រុកផងដែរ​។

កញ្ញាបញ្ជាក់​ថា៖ «ដូចនេះខ្ញុំយល់ថា សកម្មភាពទាំងអស់នេះ សុទ្ធតែជួយជាចំណែកដល់ជាតិ  មិន​មែន​ជាទោសដូចការចោទប្រកាន់ទេ។  ដូច្នេះ ខ្ញុំមិនតក់ស្លុតអ្វីទេ ព្រោះ​ខ្ញុំធ្វើមាន​ចេត​នាល្អចំពោះជាតិ ការឈឺឆ្អាល និងការបារម្ភដោយស្មោះស្ម័គ្រចំពោះទឹកដី និងជោគ​វាស​នា​ប្រទេសជាតិមិនគួរណាត្រូវទទួលរងនូវការចោទប្រកាន់និងផ្តន្ទាទោសដាក់ពន្ធនាគារ​​ទេ»។

បើ​តាម​​ សោភា បើពិនិត្យលើករណីចោទប្រកាន់ពាក់ព័ន្ធនឹងគម្រោង​អភិវឌ្ឍន៍ ​CLV នៅក្នុងវីដេអូរយៈពេល ១១នាទី ២២វិនាទីដែល​តុលាការ​យក​មក​ធ្វើ​ជាភស្តុតាង​ដាក់​បន្ទុក​​ចោទប្រកាន់ កញ្ញា​មិនបាននិយាយ ឬពាក់ព័ន្ធសោះឡើយ ហើយលោក ​​ស៊្រុន ស្រ៊ន ទៀត​សោត ក៏គ្រាន់​តែ​លើកឡើងពីចំណុចល្អ ចំណុចមិនល្អ និងដំណោះស្រាយដោយផ្អែកលើច្បាប់ទាំងស្រុង គឺគ្មាន​​​​មូលដ្ឋាន​ធាតុផ្សំគ្រប់គ្រាន់ (អង្គចេតនា) ថាជាការបំភ្លៃ ឬញុះញង់ឱ្យមានភាពវឹកវរក្នុងសង្គម ដូចបទល្មើសដែលបានចោទប្រកាន់នោះទេ។

ប៉ុន្តែ យ៉ាងណាក្តី ​លោក ​ឯម ច័ន្ទ​មករា អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌ ​បាន​ប្រាប់សារព័ត៌មាន​ខេម​បូចានៅ​ថ្ងៃទី​១៦ ខែសីហាថា យុត្តិធម៌ មិនមែនសំដៅលើអ្វីដែលទាល់តែភាគីណាមួយយល់ឃើញថា ខ្លួនត្រឹមត្រូវនោះទេ ប៉ុន្តែវាអាស្រ័យទៅលើអង្គហេតុ អង្គច្បាប់ និងភស្តុតាង។

លោក​លើក​ឡើងថា ទោះបីជារដ្ឋធម្មនុញ្ញធានានូវសិទ្ធិសេរីភាពខាងការបញ្ចេញមតិក៏ដោយ ប៉ុន្តែសិទ្ធិនេះមិនមែនជាសេរីភាពគ្មាន​ដែនកំណត់ឡើយ។ ការសម្តែងមតិដែលនាំឱ្យឈានដល់ការញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម គឺជាបទល្មើសព្រហ្មទណ្ឌដែលត្រូវទទួលខុសត្រូវតាមច្បាប់។

លោក​បញ្ជាក់ថា៖ «ដូច្នេះ ការចាត់វិធានការផ្លូវច្បាប់របស់ស្ថាប័នតុលាការ ក្នុងការផ្តន្ទាទោស​មិនមែនជាការរឹតត្បិតសិទ្ធិដោយគ្មានមូលដ្ឋានឡើយ គឺធ្វើឡើងស្របតាមអង្គហេតុ អង្គច្បាប់ និងភស្តុតាងជាក់ស្តែងក្នុងសំណុំរឿងព្រហ្មទណ្ឌ»។

ចំពោះការដោះលែងអ្នកជាប់ឃុំជាបន្តបន្ទាប់ អ្នក​នាំពាក្យក្រសួង​យុត្តិធម៌​បញ្ជាក់​ថា​ គឺធ្វើឡើងតាមនីតិវិធីច្បាប់ នៅពេលដែលពួកគេបានអនុវត្តទោសគ្រប់ចំនួនកំណត់។ ការអនុវត្តច្បាប់ត្រូវ​តែស្មើភាពគ្នាចំពោះមុខច្បាប់ដោយមិនលើកលែងឱ្យនរណាម្នាក់ឡើយ។

ប៉ុន្តែ​ អ្នកស្រី សែម សុផល ជាសកម្ម​ជនគណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ នៅ​ភូមិ​ពោធិ៍​អណ្តែត​​ សង្កាត់​ព្រែក​ស្តី ​ក្រុង​សំពៅពូន ​ខេត្ត​កណ្តាល​​ ដែល​ទើប​តែត្រូវ​បាន​ដោះ​លែង​ពី​​​ពន្ធ​នាគារ​ក្នុង​សំណុំ​រឿង​ការបញ្ចេញមតិ​ពីបញ្ហា​តំបន់​អភិវឌ្ឍន៍​ CLV-DTA​​​នេះ​ដែរ ​បាន​ប្រាប់​​សារ​ព័ត៌មាន​ខេម​បូចា​កាល​ពី​ថ្ងៃទី​១៦ ខែ​សីហាថា អ្នក​ស្រី​ត្រូវ​បាន​សមត្ថកិច្ច​មក​នាំ​ខ្លួន​ចេញ​ពីផ្ទះ​​ទាំង​គ្មាន​ដីកា ​និង​មិន​បាន​ប្រាប់​ថា អ្នក​ស្រី​បាន​ធ្វើ​អ្វី​ខុស​ឱ្យ​ពិត​ប្រាកដនោះ​ឡើយ​។

​ស្ត្រី​វ័យ​៥៩​ឆ្នាំ​ ដែល​មាន​ប្តី​ជា​កសិករ​ធ្វើ​ស្រែធ្វើ​ចម្ការ ​និង​មាន​កូន​៤​នាក់​រូបនេះ​បាន​បញ្ជាក់​ថា៖ «គេ​ចោទខ្ញុំ​ពីបទញុះញង់ហើយ​គេបាន​កាត់ទោស​ខ្ញុំ​ដាក់​ពន្ធ​នាគារ​២២ខែ និង​១ថ្ងៃដោយ​សារ​​​គេឆែក​ឃើញក្នុង​ទូរសព្ទខ្ញុំ​មាន​​រឿង​ CLV​ បើ​ទោះបីជាខ្ញុំ​ប្រាប់​ថា ខ្ញុំ​មិន​ចេះ​ប្រើទូរសព្ទ​​ខ្ញុំ​ទុក​ទូរសព្ទ​ចោល​នៅផ្ទះ ហើយទៅ​ចម្ការក៏គេនៅ​តែដាក់​ទោស​ខ្ញុំ​។ វាអយុត្តិធម៌ណាស់​សម្រាប់​​​ខ្ញុំ​ពីព្រោះ​ខ្ញុំ​មិន​ដែល​ធ្វើ​អ្វី​ខុស​ច្បាប់​និង​មិន​ដែល​ធ្វើ​អំពើ​អាក្រក់​ទៅលើ​អ្នកណា​ឡើយ»។

ក្រៅពីធ្វើ​ស្រែធ្វើ​ចម្ការ ​អ្នក​ស្រី​ សុផល​​ ក៏ជាអ្នក​ប្រមូល​ទិញ​បន្លែ ពីកសិករក្នុង​ភូមិ ​យក​ទៅ​លក់​ផង​ដែរ​និង​តែង​តែហៅ​អ្នកភូមិ​ឱ្យ​មក​ចូល​រួម​នៅក្នុង​វគ្គបណ្តុះ​បណ្តាល​ស្តីពីការ​ដាំបន្លែ​ឱ្យ​បាន​ផល​ច្រើន​ល្អ។ ស្ត្រី​រូបនេះលើក​ឡើង​​ថា អ្នក​ស្រី​​តែង​តែធ្វើ​បុណ្យ​ធ្វើ​ទាន ​និង​ជួយ​ដល់​អ្នក​ភូមិ មិន​ដែល​ធ្វើ​អ្វី​ខុស​ច្បាប់​នោះ​ទេ​ ប៉ុន្តែ​បែរជាមក​ជាប់​ពន្ធនាគារ​ទាំង«​អយុត្តិធម៌»ទាំង​ដែល​ខ្លួន​មិន​បាន​ធ្វើ​អ្វីខុស។ យ៉ាងណាក្តី​ អ្នក​ស្រីមិន​តក់​ស្លុត​និង​មិនមាន​ការភ័យ​ខ្លាច​នោះទេ​​ ហើយ​នៅ​​តែ​បន្ត​ធ្វើ​​កិច្ច​ការ​ងារ​​​ជួយ​អ្នក​ភូមិ​​​ទៅ​តាម​អ្វី​​ដែល​អ្នក​ស្រី​អាច​ធ្វើ​បាន។

អ្នក​គាំទ្រ​សកម្មជន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស លោក ស្រ៊ុន ស៊ន និងសកម្មជនពីរនាក់ទៀត ប្រមូល​ផ្តុំ​គ្នា​នៅ​ខាង​ក្រៅ​សាលា​ឧទ្ធរណ៍​រាជធានី​ភ្នំពេញ ដើម្បីតាមដាន​សវនាការ​ នៅ​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០២៥។ (ខេមបូចា/ ព្រីង សំរាំង)
អ្នក​គាំទ្រ​សកម្មជន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស លោក ស្រ៊ុន ស៊ន និងសកម្មជនពីរនាក់ទៀត ប្រមូល​ផ្តុំ​គ្នា​នៅ​ខាង​ក្រៅ​សាលា​ឧទ្ធរណ៍​រាជធានី​ភ្នំពេញ ដើម្បីតាមដាន​សវនាការ​ នៅ​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០២៥។ (ខេមបូចា/ ព្រីង សំរាំង)

លោក ​អំ សំអាត ​នាយក​ទទួលបន្ទុក​កិច្ចការទូទៅ​នៃ​អង្គការ ​លីកាដូ​ បាន​ប្រាប់​សារព័ត៌មាន​ខេម​បូចា​កាលពីថ្ងៃ១៥ ខែសីហាថា កាលពីអំឡុង​ឆ្នាំ​២០២៤​ មាន​មនុស្ស​ជាង​១០០​នាក់​ត្រូវ​បាន​ចាប់​ឃាត់​​ខ្លួននិង​ឃុំខ្លួន​ក្រោមការ​ចោទប្រកាន់​ពីបទ​ញុះញង់​បង្កឱ្យ​មាន​ភាព​វឹក​វរ​ធ្ងន់​ធ្ងរ​ដល់​សន្តិ​សុខជាតិ​ពាក់​ព័ន្ធ​នឹង​ការបញ្ចេញមតិ និង​​​ការប្រមូល​ផ្តុំ​រិះគន់​ទៅលើ​​គម្រោង​ CLV-DTA។

ក្នុង​កំឡុង​ពេល​នោះ​មនុស្ស​មួយ​ចំនួន​ត្រូវ​បាន​អាជ្ញាធរ​ដោះ​លែង​វិញ​ក្រោយពេល​​ឃាត់​ខ្លួននៅ​ប៉ុស្តិ៍​ប៉ូលិស​ប្រមាណ​មួយថ្ងៃពីរថ្ងៃក្រោយ​ និង​ក្រោយ​មក​ក៏មានការ​ដោះ​លែង​ជាបន្ត​បន្ទាប់​ទៀត ​​​បន្ទាប់​ពីមាន​ការសុំ​ទោស​។

លោក​បានលើកឡើង​ថា៖«ក៏ប៉ុន្តែ​ក៏នៅ​មាន​មនុស្ស​មួយ​ចំនួន​គឺ​​នៅ​បន្តជាប់​ឃុំ​រហូត​ដល់​មាន​ការ​កាត់​ទោស​ពីបទ​ញុះញង់​​ អ្នក​ខ្លះ​ត្រូវកាត់​ឱ្យ​ជាប់​​ពន្ធនាគារ​១ឆ្នាំ​៨​ខែ ​​អ្នក​ខ្លះ​២ឆ្នាំ​ហើយ​អ្នក​ខ្លះ​ទៀត​ក៏​អាច​ជាង​២ឆ្នាំ​ទៅ​តាម​បទល្មើស​។ មក​ដល់​ពេល​នេះ​គឺ​នៅ​មាន​មនុស្ស​មួយ​ចំនួន ​អត់​ទាន់​បាន​អនុវត្ត​ទោស​ចប់​ គឺនៅ​បន្ត​ជាប់​ឃុំក្នុង​ពន្ធនាគារ​នៅឡើយ ​ទាក់​ទងនឹង​CLV-DTA​នេះ»។

បើ​តាម​លោក​ សំអាត ​កិច្ច​ព្រម​ព្រៀង​គម្រោងអភិវឌ្ឍន៍​តំបន់​ព្រំដែន​កម្ពុជា ឡាវ វៀតណាម​ CLV-DTA​​នេះ ​បន្ទាប់​ពីមាន​ការ​រិះគន់​ច្រើន​មក ​រដ្ឋសភា ​ក៏ដូច​ជារដ្ឋាភិបាល​​បាន​សម្រេចដក​ខ្លួន​ចេញពីកិច្ច​ព្រមព្រៀងនេះ​រួច​ទៅ​ហើយ ​ហេតុដូច្នេះ​អ្នក​ដែល​ជាប់​ពន្ធនាគារ​ដោយ​សារការ​រិះគន់​កិច្ច​ព្រម​ព្រៀង​នេះ គួរ​តែត្រូវ​បាន​ដោះ​លែង ​មិន​គួរ​ធ្វើ​ការ​ផ្តន្ទាទោស​ហើយ​នៅ​តែបន្ត​ធ្វើ​ការ​​ឃុំ​ខ្លួន​រហូតមក​ដល់​ពេលនេះនោះទេ​។

អ្នក​ជំនាញ​សិទ្ធិមនុស្ស​រូប​នេះបញ្ជាក់​ថា ករណីនេះ​បាន​ធ្វើ​ឱ្យ​មាន​ការ​រិះគន់​ជាច្រើន​ចំពោះការ​រឹតត្បិត​សិទ្ធិ​សេរីភាព​បញ្ចេញមតិ ​និង​រំលោភ​សិទ្ធិ​ជាមូល​ដ្ឋាន​របស់​មនុស្ស​ដែល​មាន​ចែងនៅ​ក្នុង​បទដ្ឋាន​អន្តរជាតិ​ស្តីពីសិទ្ធិមនុស្ស​ជាពិសេសកត្តិការសញ្ញាអន្តរជាតិ​ស្តីពីសិទ្ធិពល​រដ្ឋ​សិទ្ធ​នយោបាយ ​និង​សេចក្តីថ្លែងការណ៍​ជាសកល​ដែល​កម្ពុជា​​បាន​ទទួល​ស្គាល់​និង​ផ្តល់​សច្ចាបណ្ណ​ថែម​ទាំង​មាន​ចែងនៅក្នុង​រដ្ឋ​ធម្មនុញ្ញ​ទៅ​ទៀត​។

លោក​បញ្ជាក់​ថា៖ «អ៊ីចឹង​ការបន្ត​ឃុំ​ខ្លួន​ពួក​គាត់​បន្តទៅទៀត​អត់មាន​ផលចំណេញ​អ្វី​ទេ​មាន​តែការ​រិះគន់​ដែល​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​សេរីភាព​នៃការ​បញ្ចេញមតិ​និង​ការ​រំលោភ​សិទ្ធិ​សេរីភាព​ជាមូល​ដ្ឋាន​របស់​ពួកគាត់​»។

ក្រៅ​ពីទាក់​ទង​នឹងសំណុំ​រឿង​ CLV​នេះ លោក​ អំ សំអាត ​បាន​កត់សម្គាល់ថា ​ក្រោយ​មក​​ទៀត​ក៏មាន​មនុស្ស​ជាច្រើន​ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​សារការប្រើប្រាស់សិទ្ធិ​នៅក្នុងការ​បញ្ចេញមតិ ​ឬក៏​បង្ហោះសារ​ចែក​រំលែកព័ត៌មាន​តាម​បណ្តាញ​សង្គមនានា​ទាក់ទងនឹង​ការរិះ​គន់​ទៅលើ​ជម្លោះ​ព្រំដែន​ក៏ដូច​ជា​បញ្ហា​សង្គម​ ឬរិះគន់​ទៅលើថ្នាក់​ដឹកនាំ​រដ្ឋាភិបាល​ ធ្វើ​ឱ្យ​ចំនួន​មនុស្ស​ជាប់​ឃុំ​មាន​ការ​កើតឡើងដល់​ជាង១០០​នាក់​​ក្នុងនោះ​ក៏មាន​ទាំង​អ្នកសារព័ត៌មានផងដែរ។

លោក​លើកឡើង​ថា ថ្មីៗ​នេះ​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ​ស្តីពី​សិទ្ធិ​មនុស្ស​​ប្រចាំកម្ពុជា​​លោក​ ថម អេនឌ្រូ ក៏បាន​លើក​ឡើង​ពីការ​ព្រួយ​បារម្ភ​ដោយ​សារមើល​ឃើញ​​អំពីការ​រឹតត្បិត​សេរីភាព​ក្នុង​ការបញ្ចេញមតិ​ លំហរសេរី​ភាពសារព័ត៌មាន​ និង​លំហរ​សេរីភាព​នយោ​បាយ​ជាដើម​ ​ធ្វើ​ឱ្យ​ប៉ះពាល់​ទៅដល់​ការអនុវត្ត​សេរីភាព​ជាមូល​ដ្ឋាន​​របស់​មនុស្ស​​។

 អ្នក​រាយការណ៍​ពិសេស​ក៏​លើកឡើងដែរ​​ថា «ការ​អនុវត្ត​សិទ្ធិ​ជាមូល​ដ្ឋាន​របស់មនុស្ស​មិន​មែន​ជាគោល​ដៅនៃការ​ចាប់​ខ្លួន ​ឃុំ​ខ្លួន​ការផ្តន្ទាទោស​និងការ​ដាក់​ពន្ធនាគារនោះទេ»។

សម្រាប់ ​ភឹង ​សោភា ការជាប់ឃុំឃាំង២ឆ្នាំនេះ មិនបានធ្វើឱ្យឆន្ទៈស្រឡាញ់ជាតិ និងការ​ជួយសង្គមរបស់​​កញ្ញា​ថយចុះនោះទេ ប៉ុន្តែវាថែមទាំងជួយជំរុញ និងពង្រឹងស្មារតី​កញ្ញា​ឱ្យកាន់តែរឹងមាំ និងមានភាពចាស់ទុំជាងមុន​ថែមទៀត​។

សោភាថ្លែងថា ៖«ទោះបីជាស្ថិតនៅទីកន្លែងណាក៏ដោយ ខ្ញុំនៅតែរក្សាជំហរ និងឆន្ទៈដើមដដែលគឺបន្តធ្វើសកម្មភាពសង្គម បម្រើផលប្រយោជន៍ពលរដ្ឋ និងការពារដែនអធិបតេយ្យជាតិ ដូចអ្វីដែលខ្ញុំធ្លាប់បានធ្វើពីមុនមក ដោយយកច្បាប់អន្តរជាតិ ច្បាប់ជាតិ ច្បាប់ពុទ្ធចក្រ ក្នុងនាមពលរដ្ឋមួយរូប»។

អ្វី​ដែល ​សោភា ​នឹងបន្តធ្វើ​​ជាបន្តទៀត​គឺ​ផ្តល់​ការ​អប់រំ និងផ្សព្វផ្សាយ «កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១» រដ្ឋធម្មនុញ្ញ សិទ្ធិមនុស្ស និងច្បាប់អន្តរជាតិដទៃទៀតដែលពាក់ព័ន្ធ ជូនដល់ពលរដ្ឋ តាមរយៈវិធីសាស្ត្រសន្តិវិធី និងស្របតាមនីតិវិធីច្បាប់។

សោភា បានបញ្ចប់បរិញ្ញាបត្រផ្នែកបរិស្ថាន ឆ្នាំ២០០៩-២០១៣ នៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ​។ ​កញ្ញា​បាន​ចូល​បម្រើ​ការងារសង្គមតាំងពីឆ្នាំ២០១០ នៅ​ពេលដែល​កញ្ញា​រៀននៅសកលវិទ្យាល័យ​ឆ្នាំទី២ ពេលនោះកញ្ញា​មាន​អាយុ១៩ឆ្នាំ។

ការងារដែល ​សោភា ​បាន​ធ្វើ​កន្លងមក គឺធ្វើការលើយុត្តិធម៌សង្គម សិទ្ធិមនុស្ស និងការការតស៊ូមតិជាមួយក្រុម​មនុស្សដែលមានសំឡេងភាគ​តិច និងងាយរងគ្រោះ(​ជនជាតិដើមភាគតិច អ្នកស្រលាញ់ភេទដូចគ្នា អ្នកមានពិការភាព) នៅខេមអាស៊ាន(CamASEAN Youth’s Future)។​ ឆ្នាំ២០១៥ កញ្ញា​ធ្វើអ្នកប្រឹក្សាឯករាជ្យ នៅ ILGA Asia   និង​កាន់គម្រោងប្រឹក្សាច្បាប់លើការរំលូត​កូន​ជាមួយស្រ្តីខ្មែរនៅប្រទេសថៃ៕

ព័ត៌មានថ្មី

អត្ថបទពេញនិយម