សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

សាលាឧទ្ធរណ៍បាត់ដំបង តម្កល់សាលក្រមលើអ្នកសារព័ត៌មានពីររូប ឱ្យជាប់ពន្ធនាគារ១៤ឆ្នាំដដែល

លោក ផន សុភាព ភ្នាក់ងារសារព័ត៌មានបាត់ដំបងប៉ុស្តិ៍ និង លោក ភាព ភារ៉ា ភ្នាក់ងារសារព័ត៌មាន TSP68 TV Online ត្រូវបាននគបាលនាំចេញពីបន្ទប់ជំនុំជម្រះសាលាឧទ្ធរណ៍បាត់ដំបង ក្រោយបញ្ជប់សវនាការ នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦។ (ខេមបូចា)
លោក ផន សុភាព ភ្នាក់ងារសារព័ត៌មានបាត់ដំបងប៉ុស្តិ៍ និង លោក ភាព ភារ៉ា ភ្នាក់ងារសារព័ត៌មាន TSP68 TV Online ត្រូវបាននគបាលនាំចេញពីបន្ទប់ជំនុំជម្រះសាលាឧទ្ធរណ៍បាត់ដំបង ក្រោយបញ្ជប់សវនាការ នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦។ (ខេមបូចា)

បាត់ដំបង៖ ​សាលាឧទ្ធរណ៍បាត់ដំបង នៅព្រឹកថ្ងៃទី២៦ ខែមីនានេះ បាន​សម្រេចតម្កល់​សាលក្រម​របស់សាលាដំបូងខេត្តសៀមរាប ដែល​ផ្តន្ទាទោស​អ្នកកាសែតពីររូប គឺលោក ផន សុភាព និងលោក ភាព ភារ៉ា ឱ្យជាប់ពន្ធនាគារម្នាក់១៤ឆ្នាំទុកជា​បានការដដែល។

លោកចៅក្រម អ៊ី ឃាង ប្រធានក្រុមប្រឹក្សាជំនុំជម្រះ បានប្រកាសសាលដីកា ដោយ​សម្រេច​តម្កល់សាលក្រមព្រហ្មទណ្ឌ ចុះថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ របស់សាលាដំបូងខេត្តសៀមរាប ចាត់ទុកជាបានការដដែល។ លោកចៅក្រម ក៏បានប្រកាសបើកសិទ្ធិឱ្យជនជាប់ចោទទាំងពីរ នាក់អាចប្តឹងសារទុក្ខទៅតុលាការកំពូលដោយទុករយៈពេលមួយខែស្របតាមច្បាប់។

ការប្រកាសសាលដីការនាព្រឹកនេះដែរ អ្នកកាសែតទាំងពីររូប មិនត្រូវបាន​មន្រ្តី​ពន្ធនាគារ​ខេត្តសៀមរាប ដឹកមកស្តាប់ការប្រកាស​សាលដីកា​នោះទេ ហើយក៏មិនដឹងពីមូលហេតុនៃការមិនដឹកជនជាប់ចោទមកស្តាប់ការប្រកាសសាលដីកានោះដែរ  ដោយឡែក ភរិយា សាច់ញាតិ និងមេធាវីការពារក្តីឱ្យជនជាប់ចោទ ក៏មិនឃើញមានវត្តមានផងដែរ។

ការសម្រេចរបស់សាលារឧទ្ធរណ៍នេះ ក្រោយពីលោក ផន សុភាព ភ្នាក់ងារសារព័ត៌មាន បាត់ដំបងប៉ុស្តិ៍ និង លោក ភាព ភារ៉ា ភ្នាក់ងារសារព័ត៌មាន TSP68 TV Online បានដាក់ពាក្យបណ្តឹងឧទ្ធរណ៍ កាលពីថ្ងៃទី២២ និងទី២៣ ខែធ្នូ ឆ្នាំ២០២៥ ជំទាស់ទៅនឹងសាលក្រមរបស់សាលាដំបូងខេត្តសៀមរាប។

អ្នកទាំងពីរត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារចំនួន១៤ឆ្នាំ តាមមាត្រា៤៤៥នៃក្រមព្រហ្មទណ្ឌពីបទ «ប្រគល់ឱ្យរដ្ឋបរទេសនូវព័ត៌មានជាអាទិ៍ដែលធ្វើឱ្យអន្តរាយដល់ការការពារជាតិ» ដែលបានប្រព្រឹតនៅខេត្តឧត្តរមានជ័យ និងបណ្តាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី២៥ រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ ។

លោក អ៊ុន ចាន់ថុល មេធាវីការពារក្តីឱ្យអ្នកកាសែតពីររូប បានថ្លែងថា លោកនឹង​បន្ត​នីតិវិធី​ច្បាប់ ជួយដល់កូនក្តីរបស់លោកបន្តទៀត​ ដោយលោកនឹងដាក់បណ្តឹងទៅ​សភាព្រហ្មទណ្ឌ​តុលាការ​កំពូល ជំទាស់នឹងសេចក្តីសម្រេចរបស់សាលាឧទ្ធរណ៍បាត់ដំបង។

លោកមេធាវីបន្តថា៖ «ព្រោះអ្វីដែលមេធាវីលើកឡើងហ្នឹងអស់ហើយ មានតែបន្តទៅ​តុលាការ​កំពូល​ទៀត ធ្វើតាមនីតិវិធី» ។ លោកបន្ថែមថា៖ «យើងនឹងប្តឹងតាមកំណត់ច្បាប់ យើងនឹងសួរទៅក្រុមគ្រួសារគាត់ ថាចង់ប្តឹងទៅកំពូលទៀតអត់ បើប្តឹងយើង នឹង​ធ្វើតាម​នីតិវិធីច្បាប់ឱ្យបានរហ័ស»។

ក្នុងអង្គសវនាការជំនុំជម្រះរបស់សភាព្រហ្មទណ្ឌ នៃសាលាឧទ្ធរណ៍ខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃទី១៣ ខែមីនា លោក អ៊ុន ចាន់ថុល មេធាវីការពារក្តីឱ្យអ្នកកាសែតពីររូបបានស្នើឱ្យក្រុមប្រឹក្សាជំនុំជម្រះនិងមហាអយ្យការអមសាលាឧទ្ធរណ៍ផ្លាស់ប្តូរបទចោទ មកផ្តន្ទាទោសតាមមាត្រាច្បាប់៤៧៩ ក្នុងកឋាខណ្ឌទីពីរ លើកូនក្តីរបស់លោកវិញ គឺមានធាតុផ្សំនៃបទល្មើសគ្រប់គ្រាន់ ច្រើនជាង មាត្រាច្បាប់​៤៤៥នៃក្រមព្រហ្មទណ្ឌ ដែលតុលាការខេត្តសៀមរាប បានសម្រេចផ្តន្ទាទោសលើកូនក្តីរបស់លោក។ ហើយអ្នកកាសែតទាំងពីរក៏បានបញ្ជាក់​មុខ​អង្គសវនាការ​ជំនុំជម្រះពេលនោះដែរថាមិនបានប្រព្រឹត្តដូចការចោទប្រកាន់ របស់តំណាងអយ្យការឡើយ។

អ្នកកាសែតទាំងពីរនាក់ខាងលើបានចាប់ខ្លួនដាច់ដោយឡែកពីគ្នាកាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ បន្ទាប់ពីធ្វើដំណើរត្រឡប់ពី​រាយការណ៍​ព័ត៌មាននៅខេត្តឧត្តរមានជ័យ។

វាមិនច្បាស់ថាការបង្ហោះរបស់ពួកគេមួយណាដែលបង្កឱ្យមានការចោទប្រកាន់នោះទេ ប៉ុន្តែអ្នកកាសែតទាំងពីរនាក់ត្រូវបានថតរូបជាមួយទាហានកម្ពុជានៅមុខប្រាសាទតាក្របី ដោយមានការចោទប្រកាន់ បន្ទាប់ពីមានបទឈប់បាញ់។ ក្រោយមកប្រព័ន្ធផ្សព្វផ្សាយថៃបានផ្សព្វផ្សាយរូបភាពនេះ ដោយអះអាងថាវាបង្ហាញពីមីនដែលមិនទាន់ដាក់។

អ្នកស្រី ហុង ថា ជាភរិយារបស់អ្នកកាសែតឈ្មោះ ផន សុភាព បានឱ្យដឹងថា ក្រោយពីទទួល​ដំណឹង​ពីជំនួយការមេធាវីថា សាលាឧទ្ធរណ៍សម្រេចតម្កល់​សាលាក្រមរបស់​សាលាដំបូង​ខេត្តសៀមរាប​ ឱ្យជាប់ពន្ធនាគារ១៤ឆ្នាំដដែល អ្នកស្រីនិយាយអ្វីមិនចេញនោះទេ។

 អ្នកស្រីអះអាងថា នឹងស្នើសុំទៅមេធាវីបន្ត ដាក់ពាក្យបណ្តឹងទៅតុលាការកំពូលបន្តទៀត​ដើម្បី​សុំដោះលែងប្តីរបស់ខ្លួនឱ្យមានសេរីភាពជួបជុំប្រពន្ធកូនឡើងវិញ។

អ្នកស្រី ហុង ថា បញ្ជាក់ថា៖ «ខ្ញុំកំពុងតែរកស៊ី ពេលលឺមកចឹងទៀត វាអស់អារម្មណ៍ បាយក៏លែងឃ្លានដែរ»។

លោក អ៊ិន គង់ជិត អ្នកគ្រប់គ្រងអង្គការលីកាដូប្រចាំតំបន់បាត់ដំបង ដែលបានចូលស្តាប់ ការប្រកាសសាលដីការបស់សាលាឧទ្ធរណ៍បាត់ដំបូង បានយល់ឃើញថា ការសម្រេចរបស់សាលាឧទ្ធរណ៍នេះ គីជាការដាក់ទោសដ៏ធ្ងន់ធ្ងរលើពួកគាត់ទាំងពីរនាក់ដែលជាអ្នកសារព័ត៌មាន។

លោក គង់ជិត បន្ថែមថា៖ «ពួកគេហាក់ពុំបានប្រព្រឹត្តិដូចការចោទប្រកាន់ទេ ហើយតុលាការគួរតែមានការលើកលែងការចោទប្រកាន់​ចំពោះគាត់ លប់ចោលបទចោទប្រកាន់ចំពោះគាត់ ឱ្យពួកគាត់មានសេរីភាពឡើងវិញ»។

ចំណែកលោក ណុប វី នាយកប្រតិបត្តិសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា(ខេមបូចា) បានយល់ថាការបន្តដាក់ទោសអ្នកសារព័ត៌មានទាំងពីរនាក់ឱ្យជាប់ទោស១៤ឆ្នាំដដែលនេះ គឺជាការកាត់ទោសធ្ងន់ធ្ងរហួសហេតុ ហាក់ដូចជាតុលាការមិនបានពិចារណាចំពោះអ្វីពីការលើកឡើងនូវសកម្មភាពដោយអចេតនា ដែលអ្នកកាសែតទាំងពីរបានបង្ហាញចំពោះមុខតុលាការ។

លោក ណុប វី បានថ្លែងថា៖ «ព្រោះខ្ញុំបានចូលស្តាប់នៅក្នុងសាវនាការខ្ញុំឃើញអ្នកសារព័ត៌មានទាំងពីររូប ហាក់ដូចជាគ្មានចេតនាណាមួយនៅក្នុងការបម្រើការងារ ផ្តល់ព័ត៌មានទៅរដ្ឋផ្សេង ការបញ្ចេញនូវព័ត៌មានទាក់ទងការសម្ងាត់របស់យោធានោះទេ»។

លោកបានបន្តថា ​សម្រាប់រូបលោកផ្ទាល់ហាក់ដូចជាមិនបានមើលឃើញនូវចេតនារបស់អ្នកកាសែតទាំងពីរនាក់នោះទេ ផ្ទុយទៅវិញហាក់ដូចជាពួកគាត់ទាំងពីរបានបង្ហាញនូវចេតនានៅក្នុងការផ្តល់ព័ត៌មានទូទៅដល់ប្រជាពលរដ្ឋ ដើម្បីឱ្យបានដឹងថាតំបន់ប្រាសាទហ្នឹង ជាតំបន់ដែលយោធាកម្ពុជានៅកាន់កាប់ គាត់មានចិត្តឈឺឆ្អាលចំពោះជាតិនិយម ចំពោះទឹកដីរបស់គាត់ ដូច្នេះហើយបានជាគាត់ព្យាយាមបង្ហាញ។

លោក ណុប វី បានបញ្ជាក់ថា៖ «​ការបន្តដាក់ទោសឱ្យគាត់ជាប់ពន្ធនាគារម្នាក់១៤ឆ្នាំនេះ សម្រាប់ខ្ញុំ គឺជារឿងមួយមិនអាចទទួលយកបាន ហើយមានការកាត់ទោសធ្ងន់ធ្ងរហួសហេតុពេក ដែលជាការគំរាមកំហែងបំភិតបំភ័យទៅដល់ការធ្វើសេចក្តីរាយការណ៍ផ្សេងៗទៀតដែលទាក់ទងទៅនឹងបញ្ហាព្រំដែននេះ»។

លោកបានបន្ថែមថា៖ «សម្រាប់ខ្ញុំផ្ទាល់ការកាត់ទោសបែបនេះ វាហ្នឹងមានផលប៉ះពាល់អវិជ្ជមានទៅលើយើងទៅវិញទេ»។

លោក ហែម វណ្ណា ចាងហ្វាងកាសែត HVNN ត្រូវបានអនុរក្សពន្ធនាគារអនុញ្ញាតិឱ្យលោកទទួលទានបាយដែលអ្នកស្រី សែម ស្រីពៅ ជាភរិយាបានយកមកជូន និងសួរសុខទុក្ខប្តីជាមួយកូនៗពួកគេ បន្ទាប់ពីសវនាការចប់នៅសាលាឧទ្ធរណ៍បាត់ដំបង ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦។ (ខេមបូចា/ មាស ភារុណ)

ដោយឡែកនៅព្រឹកថ្ងៃទី២៦ ខែមីនានេះដែរ សភាស៊ើបសួររបស់សាលាឧទ្ធរណ៍បាត់ដំបង ក៏បានបើកសវនាការជាអសាធារណៈ​លើសំណុំរឿង របស់អ្នកកាសែតម្នាក់ផ្សេងទៀត​របស់​គេហទំព័រ HVNN នៅក្រុងប៉ោយប៉ែត ឈ្មោះ ហែម វណ្ណា ដែលបានប្តឹងឧទ្ធរណ៍សុំនៅក្រៅឃុំ ដោយសារចៅក្រមស៊ើបសួររបស់សាលាដំបូងខេត្តបន្ទាយមានជ័យ បានសម្រេចមិនឱ្យគាត់នៅក្រៅឃុំ ។

ការបើកសវនាការជាអសាធារណៈ ក្រុមប្រឹក្សា និងតំណាងមហាអយ្យការ បានអនុញ្ញាតឱ្យតែសាម៉ីខ្លួនឈ្មោះ ហែម វណ្ណា និងលោកមេធាវី សេក សោភ័ណ ចូលរួមក្នុងអង្គសវនាការនេះ ហើយមិនអនុញ្ញាតឱ្យភរិយា សាច់ញាតិ និងបុគ្គលិកអង្គការនានាដូចជា លីកាដូ និងអាដហុក ចូលស្តាប់ទេ។

លោកមេធាវី សេក សោភ័ណ្ឌ បានឱ្យដឹងក្រោយចេញពីបន្ទប់សវនាការ បញ្ជាក់ថា លោកបានលើកហេតុទៅក្រុមប្រឹក្សា និងអង្គសវនាការថា កូនក្តីខ្លួននៅតែមានសេរីភាពដដែលតាមរដ្ឋធម្មនុញ្ញ និងក្រមនីតិវិធីព្រហ្មទណ្ឌ។ លោកបន្តថា ការសំអាងហេតុសម្រេចបដិសេធកូនក្តីលោកមិនឱ្យនៅក្រៅឃុំរបស់ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តបន្ទាយមានជ័យ គឺជាភាពមិនត្រូវតាមច្បាប់។

នៅក្នុងបន្ទប់សវនាការ​លោកចៅក្រម ស្រី ម៉ាកនី ប្រធានក្រុមប្រឹក្សា បានសម្រេចលើកពេលប្រកាសសាលដីកា ហើយសាលាឧទ្ធរណ៍​នឹងប្រកាសសាលដីកានៅព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ខាងមុខ។

អ្នកស្រី សែម ស្រីពៅ ភរិយារបស់អ្នកកាសែត​​ ហែម វណ្ណា ដែលមានកូន៤នាក់​ក្នុងបន្ទុក​បាន​ឱ្យដឹង​ថា ក្រោយពីប្តីរបស់អ្នកស្រីត្រូវបានតុលាការខេត្តបន្ទាយមានជ័យ ឃុំខ្លួន​បណ្តោះ​អាសន្ន​មក ធ្វើឱ្យជីវភាពរបស់គាត់លំបាកខ្លាំង កូនអាយុ១៥ឆ្នាំបានសម្រេចចិត្ត​ឈប់​រៀន​ត្រឹម​ថ្នាក់ទី១១ ដើម្បីរកការងារធ្វើជួយផ្គត់ផ្គង់គ្រួសារ។

អ្នកស្រីបានឱ្យដឹងថា គាត់ចង់ឱ្យប្តីរបស់គាត់​នៅក្រៅឃុំ​បណ្តោះ​អាសន្ន ព្រោះប្តីរបស់កាត់​មាន​​ជំងឺលើសឈាម ត្រូវលេបថ្នាំជាប្រចាំ និងជាបង្គោលក្នុងគ្រួសារ ដែលត្រូវរ៉ាប់រង និង​ទទួល​បន្ទុករកចំណូលផ្គត់ផ្គង់ជីវភាពក្នុងគ្រួសារ ពិសេសត្រូវដោះបំណុល។

អ្នកស្រីបន្ថែមថា៖ «ខ្ញុំធ្វើការរោងចក្រនៅប៉ោយប៉ែត កូនផ្ញើនឹងម្តាយឱ្យជួយមើល អត់ពីប្តីលំបាកខ្លាំង»។

លោក ហែម វណ្ណា ជាចាងហ្វាងកាសែត HVNN ដែលត្រូវបានតុលាកាសាលាដំបូងខេត្តបន្ទាយមានជ័យ សម្រេចឃុំខ្លួនជាអាសន្នបណ្តោះ កាលពីរសៀលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយជាប់ចោទពី«បទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ និងបទស្តាប់ ឬថតពាក្យសម្ងាត់ឯកជន»។

ការឃុំខ្លួនបណ្តោះអាសន្ននេះ បន្ទាប់ពីលោកចុះផ្សាយព័ត៌មានពាក់ព័ន្ធថា ជនជាតិបរទេស ៤ ទៅ៥នាក់ រងនូវអំពើហិង្សាពីសំណាក់មនុស្សមួយក្រុមផ្សេងទៀត ដែលគេដឹងថា ជាអ្នកបម្រើការ​នៅក្នុងបរិវេណអាគារបិទខ្ទប់ ដែលជាទីអាថ៍កំបាំង នៅខាងក្រោយបន្ទាយ​កងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែត៕

ព័ត៌មានថ្មី

អត្ថបទពេញនិយម