សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

ក្រសួងធនធានទឹក និងឧតុនិយម ប្រកាសឱ្យប្រជាពលរដ្ឋតាមដងទន្លេមេគង្គប្រុងប្រយ័ត្ន ព្រោះកម្ពស់ទឹកហក់ឡើងខ្លាំង

មន្ត្រី ​នៃក្រសួងធនធានទឹក និងឧតុនិមយ អញ្ជើញចុះពិនិត្យផ្ទាល់លើស្ថានភាពទឹកជំនន់ទន្លេមេគង្គ និងផលប៉ះពាល់ដំណាំស្រូវវស្សា ក្នុងភូមិសាស្ត្រខេត្តក្រចេះ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦។ (ក្រសួងធនធានទឹក និងឧតុនិមយ)
មន្ត្រី ​នៃក្រសួងធនធានទឹក និងឧតុនិមយ អញ្ជើញចុះពិនិត្យផ្ទាល់លើស្ថានភាពទឹកជំនន់ទន្លេមេគង្គ និងផលប៉ះពាល់ដំណាំស្រូវវស្សា ក្នុងភូមិសាស្ត្រខេត្តក្រចេះ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦។ (ក្រសួងធនធានទឹក និងឧតុនិមយ)

ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសឱ្យប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេមេគង្គ ជាពិសេសខេត្តស្ទឹងត្រែង ក្រចេះ ត្បូងឃ្មុំ និងខេត្តកំពង់ចាម​ ឱ្យមានការប្រុងប្រយ័ត្ន ព្រោះកម្រិតកម្ពស់ទឹកកំពុងហក់ឡើងខ្លាំង។​​ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម។

ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបថា ដោយសារស្ថានភាពអាកាសធាតុបាននិងកំពុងមានការប្រែប្រួលដែលកើតឡើងដោយសារឥទ្ធិពលរបស់ព្យុះទី១៨ ឈ្មោះសូដេល) (Saudel) និងប្រព័ន្ធសម្ពាធទាបដែលកើតមាននៅភាគខាងលើអាងទន្លេមេគង្គ បណ្តាលឱ្យតំបន់ផ្ទៃរងទឹកភ្លៀងនៃទន្លេមេគង្គក្នុងប្រទេសថៃ ប្រទេសឡាវ ប្រទេសវៀតណាម និងប្រទេសកម្ពុជា មានភ្លៀងធ្លាក់ច្រើននៅក្នុងអាងទន្លេមេគង្គ​។

ក្រសួងបន្តថា ស្ថានភាពបែបនេះនឹងធ្វើឱ្យស្ថានភាពកម្ពស់ទឹកទន្លេមេគង្គក្នុងរយៈពេលពី ៣ថ្ងៃ ទៅ ៤ថ្ងៃ ខាងមុខនេះមានការហក់ឡើងខ្លាំង៖

ស្ថានីយ ទន្លេមេគង្គ ស្ទឹងត្រែង កម្រិតកម្ពស់ទឹកហក់ឡើង ១១,១៨ម៉ែត្រ ខណៈកម្រិតកម្ពស់ទឹកប្រុងប្រយ័ត្ន ត្រឹម ១០,៧០ម៉ែត្រ។ ស្ថានីយ ទន្លេមេគង្គ ក្រចេះ កម្រិតកម្ពស់ទឹកហក់ឡើង ២២,៦០ម៉ែត្រ ខណៈកម្រិតកម្ពស់ទឹកប្រុងប្រយ័ត្ន ត្រឹម ២២,០០ម៉ែត្រ។ ស្ថានីយ ទន្លេមេគង្គ កំពង់ចាម កម្រិតកម្ពស់ទឹកហក់ឡើង ១៤,៧០ម៉ែត្រ ខណៈកម្រិតកម្ពស់ទឹកប្រុងប្រយ័ត្ន ត្រឹម ១៥,២០ម៉ែត្រ។

ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា គិតត្រឹមថ្ងៃទី២០ ខែសីហា ផ្ទៃដីស្រូវវស្សាដែលរងផលប៉ះពាល់សរុបមានចំនួន ១ ០៩០ ហិកតា ស្ថិតក្នុងក្រុង-ស្រុកចំនួន ៥ តាមបណ្តោយ​ទន្លេមេគង្គ រួមមាន ៖ ក្រុងក្រចេះ (៩៤ ហិកតា), ស្រុកចិត្របុរី (៣៨៩ ហិកតា), ស្រុកសំបូរ (២០៤ ហិកតា), ស្រុកព្រែកប្រសព្វ (២៥៥ ហិកតា) និងស្រុកឆ្លូង (១៤៨ ហិកតា)។បច្ចុប្បន្ន ពុំទាន់អាចវាយតម្លៃកម្រិតនៃការខូចខាតពិតប្រាកដបាននៅឡើយទេ។

ក្រសួងបានបន្ថែមថា ការងារបង្កបង្កើនផលស្រូវវស្សាទូទាំងខេត្តក្រចេះ សម្រេចបាន ៦២ ៧៦៩ ហិកតា ស្មើនឹង ១០៧,១៧% នៃផែនការ ៥៨ ៥៧០ ហិកតា។

ក្រសួងធនធានទឹក និងឧតុនិយម នឹងបន្តធ្វើការតាមដានអំពីស្ថានភាពកម្ពស់ទឹកដើម្បីជម្រាបជូនជាបន្តបន្ទាប់ក្នុងករណីមានការប្រែប្រួល៕

ព័ត៌មានថ្មី

អត្ថបទពេញនិយម