ប្រជាពលរដ្ឋប្រមាណ៧០នាក់តំណាងឱ្យ៣០០គ្រួសារមកពីភូមិទុង ឃុំរលួសមានជ័យ ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ ដាក់ញត្តិនៅខុទ្ធកាល័យនាយករដ្ឋមន្ត្រី ដើម្បីស្នើសុំកិច្ចអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ពាក់ព័ន្ធទំនាស់ដីធ្លី ក្រោយរដ្ឋបាលខេត្តក្រចេះដាក់ឱសានវាទបង្ខំឱ្យចាកចេញពីលំនៅឋានរបស់ពួកគេ។ តែយ៉ាងណា ពួកគេត្រូវបានមន្រ្តីនៅខុទ្ធកាល័យណែនាំឱ្យដាក់សំណើសុំដំណោះស្រាយតាមរយៈអាជ្ញាធរថ្នាក់ក្រោមជាតិដែលពាក់ព័ន្ធវិញ។
នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ ប្រជាពលរដ្ឋទាំង៧០នាក់ បានប្រមូលផ្តុំគ្នានៅក្បែរព្រះវិហារខ្មែរឥស្លាម ខាងក្រោយមន្ទីរពេទ្យកាល់ម៉ែត្រ រាជធានីភ្នំពេញ ដើម្បីចេញដំណើរទៅដាក់ញត្តិនៅរដ្ឋសភា។ តែយ៉ាងណា ពួកគាត់ត្រូវបានអាជ្ញាធររារាំងមិនឱ្យពួកគេធ្វើដំណើរដោយសន្តិវិធីទៅកាន់រដ្ឋសភាឡើយ។ អាជ្ញាធរបានអនុញ្ញាតឱ្យតំណាងត្រឹមតែ១០នាក់ប៉ុណ្ណោះ ទៅកាន់ខុទ្ទកាល័យនាយករដ្ឋមន្ត្រីដើម្បីសាកសួរបន្ថែម ក្នុងនោះមានតែ៣ នាក់ប៉ុណ្ណោះ ដែលត្រូវបានអនុញ្ញាតឱ្យចូលសាកសួរនៅខុទ្ទកាល័យ។ នេះបើតាមការលើកឡើងរបស់ប្រជាពលរដ្ឋ។
ពាក់ព័ន្ធនឹងបញ្ហាជម្លោះនេះដែរ លោក អ៊ី សារ អាយុ៥៥ឆ្នាំ ជាប្រជាពលរដ្ឋមកពីភូមិទុង ឃុំរលួសមានជ័យ ស្រុកអូរគ្រៀងសែនជ័យ ប្រាប់សារព័ត៌មានខេមបូចាថា ប្រជាពលរដ្ឋប្រមាណជា៣០០គ្រួសារដែលតាំងទីលំនៅ និងអាស្រ័យផលនៅភូមិទុង ឃុំរលួសមានជ័យ ភាគច្រើនជាជនចំណាកស្រុកមកពីខេត្តផ្សេងៗគ្នា ដោយចាប់ផ្ដើមប្រកបរបរដកដំឡូង និងរើសស្វាយចន្ទីឱ្យប្រជាពលរដ្ឋនៅភូមិក្បែរនោះ។ លោកបញ្ជាក់ថា លោកបានចាប់ផ្ដើមធ្វើខ្ទមសម្រាប់ស្នាក់នៅ និងកាប់ឆ្ការដីបានចំនួន៣ហិកតា នៅឆ្នាំ២០១៧។
លោកនិយាយថា៖ «ពួកខ្ញុំអាស្រ័យផលលើដីហ្នឹងតាំងពី២០១៧មកហើយ។ អ្នកខ្លះដាំចន្ទី អ្នកខ្លះដាំស្រូវ ចំណែកអ្នកខ្លះភៀសទៅស្រុកថៃ គេដេញមកវិញទៀត។ ដីនេះយើងអាស្រ័យផលមិនដែលមានអាជ្ញាធរណាមកហាមឃាត់ទេ។ ពួកខ្ញុំទីទាល់ក្រីក្រ ក៏ចេះតែដើរ ពេលខ្លះឃើញព្រៃចេះតែទន្ទ្រានធ្វើទៅ»។
លោកបន្តថា៖ «ឥឡូវគេចោទថាដីហ្នឹងដីក្រុមហ៊ុន ហើយគេឱ្យរុះរើតាំងពីផ្ទះសម្បែង។ អ្នកភាគច្រើនមកពីខេត្តខុសៗគ្នា ប៉ុន្តែសុទ្ធតែមកអាស្រ័យផលជុំគ្នានៅទីតាំងនេះ»។
លោក អ៊ី សារ ជាជនជាតិខ្មែរអ៊ីស្លាម បានអំពាវនាវឱ្យអាជ្ញាធរពាក់ព័ន្ធ ជាពិសេសនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត ជួយអន្តរាគមន៍ក្នុងការកាត់ឆ្វៀលដីឱ្យប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត និងពឹងពាក់ពាក់លើដីដែលពួកគេកាន់កាប់សព្វថ្ងៃ ព្រោះលោកថា ប្រជាពលរដ្ឋទាំងអស់មិនមានលទ្ធភាពផ្លាស់ប្ដូរទីលំនៅឡើយ។
លោកបន្តថា៖ «ខ្ញុំអត់មានអីទេ មានតែដើរស៊ីឈ្នួលឱ្យគេតាមបរិវេណស្រុកភូមិ។ យើងធ្លាប់ស្នើសុំទៅខេត្តដែរតែគ្មានដំណោះស្រាយ ហើយគេបិទប្រកាសឱ្យរុះរើទៀត។ ស្នើសុំឱ្យរាជរដ្ឋាភិបាលកាត់ឆ្វៀលដីឱ្យប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នេះ។ ចង់ឱ្យសម្ដេចបវរធិបតី ជួយអន្តរាគមន៍ឱ្យកូនចៅផង»។
ស្រដៀងគ្នានេះដែរ អ្នកស្រី យាម ស្រស់ អាយុ៤៧ ឆ្នាំ ជាប្រជាពលរដ្ឋដែលកាន់កាប់ដីចំនួន២ហិកតា អះអាងថា អ្នកស្រីតាំងទីលំនៅលើដីខាងលើតាំងពីឆ្នាំ២០១៧ ដោយមិនដឹងថាជាដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុន ហ្គ្រែតវ័នឌើរ អេហ្គ្រីខលឈ័រ ឌីវ៉ែលុបមេន នោះទេ។ លុះដល់ខែមីនា ឆ្នាំ២០២៦ អ្នកស្រីថា ទើបអាជ្ញាធរឃុំចាប់ផ្ដើមបង្ខំឱ្យប្រជាពលរដ្ឋរុះរើដំណាំកសិកម្ម និងគំរាមដុតផ្ទះសម្បែងទៀតផង។ អ្នកស្រីត្អូញត្អែរថាអ្នកស្រីជាជនចំណាកស្រុកមកតាំងទីលំនៅលើដីនេះ ដោយមិនមានកន្លែងត្រូវទៅនោះឡើយ ប្រសិនបើអាជ្ញាធរអនុវត្តការដេញចេញដោយបង្ខំតាមលិខិតរដ្ឋបាលខេត្ត។
អ្នកស្រីលើកឡើងថា៖ «បងប្អូនអ្នករស់នៅទីនេះ ភាគច្រើនអ្នកខ្វះខាត។ ខ្ញុំចូលមករស់នៅតាំងពីឆ្នាំ២០១៧ មកតាមរយៈស៊ីឈ្នួលគេ ហើយកាប់រានដីនុង។ […] ពេលកាប់ឆ្ការមិនដែលមានពីណាថាអីទេ។ ចុងឆ្នាំ២០២៥ ហើយបានគេថាដីហ្នឹងដីសម្បទានសេដ្ឋកិច្ច»។
អ្នកស្រីបន្ថែមថា៖ «សម្ដេចពុក សម្ដេចម៉ែជួយប្រជាជនឱ្យបានអាស្រ័យផល អាចរស់លើទឹកដីហ្នឹងផង ដោយសារក្រលំបាក។ ខ្ញុំខ្វះខាតច្រើន ដូចថាណាមួយបន្ទុកច្រើន អ៊ីចឹងខ្វះខាតក្នុងគ្រួសារខ្លាំង។ និយាយទៅមិនដឹងថារៀបរាប់ថាយ៉ាងម៉េច»។

លិខិតរបស់រដ្ឋបាលខេត្តក្រចេះ ចុះថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ បានឱ្យដឹងថា ប្រជាពលរដ្ឋនៅរលួសមានជ័យ ស្រុកអូរគ្រៀងសែនជ័យ បាន និងកំពុងចូលទន្ទ្រាន និងកាន់កាប់ដីរដ្ឋខុសច្បាប់ ដែលជាដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុនមួយឈ្មោះ ហ្គ្រែតវ័នឌើរ អេហ្គ្រីខលឈ័រ ឌីវ៉ែលុបមេន។ លិខិតដដែលនេះ បង្គាប់ឱ្យប្រជាពលរដ្ឋដែលមានដីនៅទីតាំងក្រុមហ៊ុន បញ្ឃប់នូវរាល់ការកាន់កាប់ និងទន្ទ្រានយកដីរដ្ឋដោយខុសច្បាប់គ្រប់រូបភាព។ បន្ថែមពីលើនេះ ប្រជាពលរដ្ឋត្រូវរុះរើពូជដំណាំ សម្ភារកសិកម្ម និងសំណង់លើដីសម្បទានសេដ្ឋកិច្ចត្រឹមថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦។
ប្រសិនបើប្រជាពលរដ្ឋមិនអនុវត្តតាមសេចក្ដីជូនដំណឹង គណៈកម្មការគ្រប់គ្រងដីថ្នាក់ខេត្ត និងអាជ្ញាធរពាក់ព័ន្ធ នឹងអនុវត្តតាមនីតិវិធីច្បាប់ជាធរមាន។ នេះបើតាមលិខិតជូនដំណឹងរបស់រដ្ឋបាលខេត្តក្រចេះខាងលើ។
ទោះជាយ៉ាងណា ខេមបូចាមិនទាន់អាចសូមការបកស្រាយពីលោក វ៉ា ថន ដែលជាអភិបាលខេត្តក្រចេះឡើយ គិតត្រឹមថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦។
ចំណែកឯ លោក អ៊ូ គឹមអ៊ា ជាមេឃុំរលួសសែនជ័យ បានឱ្យដឹងថា ប្រជាពលរដ្ឋនៅភូមិទុង ឃុំរលួសសែនជ័យពិតជាកំពុងអាស្រ័យផលលើដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុន នៅចំណុចភូមិទុងពិតមែន។ លោកបន្តថា លិខិតរបស់រដ្ឋបាលខេត្តក្រចេះ គឺត្រូវបានធ្វើឡើង ដើម្បីអនុវត្តនីតិវិធីច្បាប់ប៉ុណ្ណោះ។
លោក អ៊ូ គឹមអ៊ា ថ្លែងថា៖ «ប្រជាពលរដ្ឋគាត់ទៅកាប់ទន្ទ្រានយកដីក្រុមហ៊ុននុង ដល់អីចឹងទៅខាងខេត្តលោកចេញសេចក្ដីជូនដំណឹងប្រកាសឱ្យរុះរើចេញទៅ ព្រោះជាដីសម្បទានសេដ្ឋកិច្ចអីចឹងណា។ គេធ្វើតាមផ្លូវច្បាប់ ហើយប្រជាពលរដ្ឋមិនមែនធ្វើតែមួយកន្លែងទេ ច្រើនកន្លែង»។
ទោះជាយ៉ាងណា លោក គឹមអ៊ា មិនឆ្លើយតបទៅនឹងសំនួរពាក់ព័ន្ធនឹងការស្វែងរកដំណោះស្រាយរបស់ប្រជាពលរដ្ឋឡើយ ពេលអ្នកសារព័ត៌មានសួរ។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន ហ្គ្រែតវ័នឌើរ អេហ្គ្រីខលឆ័រ ឌីវ៉ែលុបមេន (Great Wonder Agriculture Development) ជាក្រុមហ៊ុនវិនិយោគមកពីប្រទេសចិន ដែលមានទីតាំងដីសម្បទានសេដ្ឋកិច្ចទំហំជាង ៨ ១៧៨ហិកតា ក្នុងស្រុកសំបូរ ខេត្តក្រចេះ សម្រាប់ដាំដុះដំណាំកៅស៊ូ ម៉ៃសាក់ និង អាកាស្យា។ នេះបើតាមទិន្នន័យរបស់អង្គការទិន្នន័យអំពីការអភិវឌ្ឍ។
ខេមបូចាមិនអាចទាក់ទងសុំការបំភ្លឺពីក្រុមហ៊ុន ហ្គ្រែតវ័នឌើរ អេហ្គ្រីខលឆ័រ ឌីវ៉ែលុបមេន បានទេ គិតត្រឹមថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦ នេះ។
លោក យី សុខសាន្ត ជាអ្នកស៊ើបអង្កេតជាន់ខ្ពស់ផ្នែកសិទ្ធិមនុស្សនៃសមាគមអាដហុក (ADHOC) យល់ឃើញថា អាជ្ញាធរគួរតែទទួលស្គាល់ និងកាត់ឆ្វៀលដីឱ្យប្រជាពលរដ្ឋ ដើម្បីឱ្យពួកគាត់អាចអាស្រ័យផលបាន ព្រោះពួកគាត់រស់នៅយូរឆ្នាំមកហើយ។ លោកបន្តថា ការបង្ខំឱ្យប្រជាពលរដ្ឋចាកចេញពីលំនៅឋាន និងរុះរើរដំណាំ មិនមែនជាការអនុវត្តច្បាប់ល្អប្រសើរឡើយ។ ប្រសិនបើ ប្រជាពលរដ្ឋក្រីក្រពិតជាគ្មានដីប្រើប្រាស់ពិតប្រាកដមែន រដ្ឋាភិបាលមានកាតព្វកិច្ចផ្ដល់ដីសម្បទានសង្គមកិច្ចផងដែរ។
លោកមានប្រសាសន៍ថា៖ «បើសិនជាដីហ្នឹងជាដីរបស់រដ្ឋ ហើយគាត់មិនអាចអាស្រ័យផលបាន ដូច្នេះត្រូវដូរឱ្យគាត់នៅតំបន់ណាមួយ ដែលគាត់អាស្រ័យផលបាន ត្រូវដោះស្រាយជូនគាត់។ បើគាត់ខ្វះដីពិតប្រាកដរដ្ឋអំណាចត្រូវរកដីឱ្យគាត់នៅអាស្រ័យផល។ នេះជាកាតព្វកិច្ចរបស់រដ្ឋ»។
លោកបន្តថា៖ «ទី១មានទាំងសំណង ថាហេតុអ្វីមិនដេញគាត់តាំងពីមុន។ ចុះពីមុនម្ដេចក៏គាត់នៅបាន ហើយអាចអាស្រ័យផលបាន។ បើមិនឱ្យម្ដេចមិនដេញពីមុនទៅ ឱ្យគាត់ចំណាយធ្វើផ្ទះ ធ្វើរបរ ធ្វើខ្ទមធ្វើអ្វី។ នេះជាហេតុផលមួយដែលយើងមើលឃើញ»។
លោកយី សុខសាន ពន្យល់ថា យោងតាមច្បាប់ភូមិបាលឆ្នាំ២០០១ ដីសម្បទានសេដ្ឋកិច្ចដែលផ្ដល់ឱ្យក្រុមហ៊ុនឯកជនសម្រាប់ការដាំដុះឧស្សាហកម្មអាចត្រូវបានលុបចោលទាំងស្រុង ប្រសិនបើដីសម្បទានទាំងនោះនៅតែអសកម្មលើសពី១២ខែដោយគ្មានសកម្មភាពដាំដុះ ឬប្រតិបត្តិការលើដីនោះ៕






