សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

រោងចក្រ​ផលិតស្បែក​ជើង​នៅ​ខេត្ត​កំពង់​ចាម​គ្រោង​បញ្ឈប់បុគ្គលិក​​រាប់ពាន់​នាក់ ដោយថា​ខ្វះការបញ្ជាទិញ​

កម្មករ​ធ្វើ​ការ​នៅ​រោង​ចក្រ​ Le Crown ក្នុង​ខេត្ត​កំពង់​ចាមចេញ​សម្រាក​ម៉ោង​បាយ​ថ្ងៃ​ត្រង់​។ រោង​ចក្រ​នេះ​មាន​ម្ចាស់​ជា​ជនជាតិ​ចិន​តៃ​វ៉ាន់ ហើយ​មាន​គម្រោង​បញ្ឈប់​បុគ្គលិក​របស់​ខ្លួន និង​បិទ​​ប្រតិបត្តិការ​នៅ​ខែ​ធ្នូ ឆ្នាំ២០២៥ ដែល​ការណ៍​នេះ​បង្កជា​ក្ដី​បារម្ភ​ថា​កម្មករ​អាច​ប្រឈម​​នឹង​ការ​មិន​ទទួល​បាន​សំណង​សមរម្យ និង​ពិបាក​រក​ការងារ​ថ្មី​ធ្វើ​។ (រូបភាព៖ ផ្ដល់​ឱ្យ)
កម្មករ​ធ្វើ​ការ​នៅ​រោង​ចក្រ​ Le Crown ក្នុង​ខេត្ត​កំពង់​ចាមចេញ​សម្រាក​ម៉ោង​បាយ​ថ្ងៃ​ត្រង់​។ រោង​ចក្រ​នេះ​មាន​ម្ចាស់​ជា​ជនជាតិ​ចិន​តៃ​វ៉ាន់ ហើយ​មាន​គម្រោង​បញ្ឈប់​បុគ្គលិក​របស់​ខ្លួន និង​បិទ​​ប្រតិបត្តិការ​នៅ​ខែ​ធ្នូ ឆ្នាំ២០២៥ ដែល​ការណ៍​នេះ​បង្កជា​ក្ដី​បារម្ភ​ថា​កម្មករ​អាច​ប្រឈម​​នឹង​ការ​មិន​ទទួល​បាន​សំណង​សមរម្យ និង​ពិបាក​រក​ការងារ​ថ្មី​ធ្វើ​។ (រូបភាព៖ ផ្ដល់​ឱ្យ)

កម្មករ​យ៉ាង​ហោច​ណាស់ ​២​ ៧០០​នាក់​ រួម​ទាំង​សហជីព​ផង នៅ​រោង​ចក្រផលិតស្បែក​ជើង​មួយ​កន្លែង​​ក្នុង​ខេត្ត​កំពង់​ចាម​នឹង​បាត់​បង់ការងារ​នៅ​ខែ​ធ្នូ​ខាង​មុខ ក្រោយ​ពី​រោង​ចក្រ​អះអាង​ថា ​មិន​ទទួល​ការ​បញ្ជាទិញ​ពី​ឈ្មួញ​នៅ​សហរដ្ឋអាមេរិក​។​

ស្រប​ពេល​ដែល​មាន​ចម្ងល់ជា​ច្រើន​ទាក់ទង​នឹង​គម្រោង​បិទ​រោងចក្រ​នេះ​ពាក់ព័ន្ធ​នឹង​ពន្ធបដិការ​របស់​អាមេរិក ​ឬយ៉ាងណា កម្មករ​ជា​ច្រើន​បារម្ភ​ថា​ខ្លូន​នឹង​ពិបាក​រក​ការងារ​ថ្មី​ធ្វើ​ក្នុង​ទីផ្សា​​រ​ការ​ងារ​ក្នុង​កម្ពុជា​។ ក្រុម​អង្គការ​សង្គម​ស៊ីវិល​កំពុង​តាម​ដាន​ករណី​នេះ​ដើម្បី​ធានា​ថា​កម្មករ​​ទទួល​បាន​អត្ថប្រយោជន៍​ស្របតាម​ច្បាប់ ខណៈ​កន្លង​មក​រោង​ចក្រ​ក៏​ធ្លាប់​មាន​​ភាព​តាន​តឹង​​ជាមួយ​កម្មករ​រហូតមាន​កម្មករ​រាប់​រយ​នាក់​​ផ្ទុះ​ការ​តវ៉ា​​​កាល​ពី​ឆ្នាំ​ទៅ ដែល​កាល​នោះ​រោង​ចក្រ​រង​ការ​ចោទ​ប្រកាន់​ថា​បាន​បញ្ឈប់​កម្មករ​ដោយ​គ្មាន​ការ​ជូនដំណឹង​ត្រឹម​ត្រូវ​។​

រោង​ចក្រ​ដេរ​ស្បែក​ជើង Le Crown មាន​ម្ចាស់​ជា​ជនជាតិចិន​តៃវ៉ាន់។ រោង​ចក្រ​នេះ​ជា​អ្នក​ផ្គត់​ផ្គង់​ធំ​មួយ​ទៅ​កាន់​ក្រុម​ហ៊ុន​​ម៉ាកយីហោធំៗ​នៅអាមេរិក ដូច​ជា​ ​Vans, The North Face និង Dickies។ ​ពេល​នេះ​ក្រុម​ហ៊ុន​កំពុងស្ថិត​ក្នុង​ដំណាក់​កាលឈាន​ទៅ​រក​ការ​បិទ​ដំណើរ​ការ ហើយ​​ក៏​មាន​គម្រោង​បញ្ចប់​កិច្ច​សន្យាការងារ​ជាមួយ​កម្មករ​ប្រហែល ​២ ៧០០​នាក់ នៅ​ត្រឹម​ថ្ងៃទី​១០ ខែធ្នូ។ នេះ​បើ​តាម​សេចក្ដី​ជូន​ដំណឹង​មួយ​ចុះ​ថ្ងៃទី​៨ ខែតុលា ឆ្នាំ២០២៥ ដែល​កម្មករ​ម្នាក់​បាន​ផ្ដល់​មក​សារព័ត៌ខេមបូចា​​។​

ក្នុងសេចក្ដី​ជូន​ដំណឹង​​បាន​បញ្ជាក់ថា ​ប្រាក់​ឈ្នួល​ហ្នឹងនៅ​តែ​​រួម​បញ្ចូល​ទាំង​ប្រាក់​អតីតភាព និង​អត្ថប្រ​យោជន៍​ផ្សេង​ៗ​ទៀត​ រហូត​ដល់​ថ្ងៃ​បញ្ចប់​កិច្ច​សន្យាការងារ​។ កម្មក​រ​ដែល​ត្រូវ​បញ្ឈប់​ទាំង​នេះ​បាន​ទទួល​ដំណឹង​ថា​ពួក​គេ​នឹង​ទទួល​បាន​ប្រាក់បំណាច់​ចំនួន​ប្រាំពីរ​ថ្ងៃ ប្រាក់ខែចុងក្រោយ និង​ប្រាក់ឈ្នួល​ចំនួន​ប្រាំបី​ថ្ងៃ ដោយ​ផ្អែក​ទៅ​តាម​ច្បាប់​ស្ដីពី​ការងារ​។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពីកម្មករម្នាក់​​ដែល​និយាយ​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ដោយ​បារម្ភ​ពី​សុវត្ថិភាព​។

កន្លង​មក​មាន​កម្មករ​ជាង​៨០០​នាក់​អះអាង​ថា​ពួក​គេ​​ត្រូវ​រោងចក្រ​ Le Crown បណ្ដេញ​ចេញ​ដោយ​អយុត្តិធម៌ ប៉ុន្តែ​ក្រុម​ហ៊ុន​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នេះ។ ការ​បញ្ឈប់​កម្មករ​កាល​នោះ​កើត​ឡើង​ក្រោយ​រោងចក្រ​ប្រកាស​ជា​លើក​ដំបូង​ពី​ផែនការ​បញ្ឈប់​បុគ្គលិក​ប្រហែល​១០​ភាគរយ​នៃ​កម្មករ​សរុប​១ម៉ឺន​នាក់ ដោយ​លើក​ហេតុផល​ថា​ការ​បញ្ជាទិញ​ថយចុះ​​។​

ប៉ុន្តែ​សម្រាប់​កម្មករ​ដែល​រង​ផល​ប៉ះពាល់​ដូច​ជា​ចំណាន បាន​យល់​ថា «ហេតុ​ផល​គ្មាន​ការបញ្ជាទិញ» គឺ​គ្រាន់​តែ​ជា​លេស​ក្នុង​ការ​បញ្ឈប់​បុគ្គលិក​ដែល​បាន​ធ្វើ​ការ​នៅ​រោងចក្រ​យូរ​ឆ្នាំ ហើយ​ក្រុម​ហ៊ុន​នឹង​ជួល​កម្មករ​ថ្មី​ជំនួស​។​

ចំណាន ឱ្យ​ដឹង​ថា៖ «​ខ្ញុំ​បារម្ភ​ពី​ការ​រើស​អើស​លើ​កម្មករ​ចាស់ៗ» អ្នក​ស្រី​បន្ថែម​ថា រោងចក្រ​ពេល​នេះ​មាន​កម្មករ​ប្រហែល​ ៥ ០០០​នាក់ ហើយថា​អ្នក​ស្រី​ប្រហែល​ជា​អ្នក​បន្ទាប់​ដែល​ត្រូវ​រោង​ចក្រ​បញ្ឈប់​ពីការងារ​ក្រោយធ្វើការ​អស់​១២​ឆ្នាំ​។​

កម្មករ​ធ្វើ​ការ​យូរ​ឆ្នាំ​ផ្សេង​ទៀត​ក៏​ទំនង​ជា​មិន​មាន​សំណាង​ដែរ​​។

ក្រោយ​ធ្វើ​ការ​អស់​១០​ឆ្នាំ​នៅ​រោងចក្រ​នេះ​​ ហាន គឺជា​កម្មករ​ម្នាក់​ក្នុង​ចំណោម​កម្មករ​ប្រហែល ​២ ៧០០​នាក់​ដែល​ត្រូវ​បាត់​បង់​ការងារ​នៅ​ចុង​ឆ្នាំ​នេះ។​

ហាន លើក​ឡើង​ថា៖ «​ខ្ញុំ​បាន​ធ្វើ​ការ​នៅទី​នេះ​យូរ​ឆ្នាំ​មក​ហើយ ខ្ញុំ​ក៏​មិន​មាន​ការ​សោកស្ដាយ​អ្វី​ដែរ ប៉ុន្តែ​ខ្ញុំ​ក៏​មិនដឹង​ថា​នឹង​ត្រូវ​ធ្វើ​អ្វី​ដែរ​»។ លោក​បញ្ជាក់ថា ​ការ​សន្យា​ថា​នឹង​ផ្ដល់​ប្រាក់​បំណាច់​ គឺ​មិន​បាន​ជួយ​អ្វី​ច្រើន​ដល់​ពួក​លោក​នោះ​ទេ។​

ការ​ព្យាករ​អំពី​ស្ថានភាព​វិស័យ​កាត់​ដេរសម្លៀកបំពាក់ ដេរស្បែកជើង និង​ផលិត​ផលធ្វើ​ដំណើរ​នៅ​កម្ពុជា ​គឺ​មាន​ភាព​មិន​ច្បាស់​លាស់នៅ​ឡើយ​​ តែ​ថា​នៅ​មាន​ស្ថិរភាព​។ កម្ពុជា​ដំបូង​ឡើង​ប្រឈម​នឹង​ពន្ធបដិការ​អាមេរិក​៤៩% ក្រោយ​មក​ធ្លាក់​​នៅ​៣៦​% ក្នុង​ដំណាក់​កាល​មួយ​ដែល​ជា​សង្គ្រាម​ពាណិជ្ជកម្ម​របស់​លោក ដូណាល់ ត្រាំ ហើយ​ចុង​ក្រោយ​នេះ​កម្ពុជា​បាន​ទទួល​ការ​ទម្លាក់​ពន្ធ​បដិការ​អាមេរិក​ក្នុង​កម្រិត​ប្រកួត​ប្រជែង​ជាមួយ​ប្រទេស​ក្នុង​តំបន់​នៅ​ត្រឹម​១៩​%​។​ ការ​នាំ​ចេញ​សម្លៀក​បំពាក់ ស្បែងជើង និង​ផលិត​ផល​ធ្វើ​ដំណើរ​​បាន​វិល​មក​រក​សភាព​ល្អ​ប្រសើរ​ឡើង​វិញ ប៉ុន្តែ​ធនាគារ​ពិភព​លោក​បាន​ព្រមាន​ថា​ឆ្នាំក្រោយ​អាច​មាន​ភាព​តាន​តឹង​ជាង​នេះ ហើយ​ការ​បញ្ជាទិញ​អាច​មាន​ចំនួន​តិច​​ជាង​មុន​។​

សម្រាប់​កម្មករ​ដូចជា​លោក ហាន គឺមានហានិភ័យ​ណាស់​ក្នុង​ពេល​ដែ​ល​ស្ថានភាព​ទី​ផ្សារ​ការងារ​របស់​កម្ពុជា​មិន​សូវ​មាន​ស្ថិរភាព​។ កម្មករ​ចំណាក​ស្រុក​រាប់​សែន​នាក់​បាន​វិល​ត្រឡប់​ពី​ប្រទេស​ថៃ​វិញ ក្រោយ​មាន​ជម្លោះ​ប្រដាប់អាវុធ​នៅ​តាមព្រំដែន​រវាង​កម្ពុជា-ថៃ​។ ខណៈ​កម្មករ​ភាគ​ច្រើនជាង​៨៨%​ជាកម្មករ​ក្រៅប្រព័ន្ធ និង​មិន​បាន​ទទួល​អត្ថប្រយោជន៍នានា ការ​ស្វែង​រក​ការងារ​នៅ​តាម​រោងចក្រ​ឯនេះវិញ​ក៏​មិន​ងាយ​ស្រួល​ដូច​គ្នា​។​

ការ​ព្យាករពីស្ថានភាពទីផ្សារ និង​ការ​ធ្លាក់ចុះ​នៃ​សេដ្ឋកិច្ច​បាន​ធ្វើ​ឲ្យ​កាន់​តែមាន​ការ​ព្រួយ​បារម្ភ​ បើ​ទោះ​បីជា​ក្រ​សួង​ការងារ​បាន​អះអាង​ថា​ រោងចក្រ Le Crown បាន​គណនា​ប្រាក់បំណាច់​​ស្រប​តាម​ច្បាប់ស្ដីពីការងារ​។​

អ្នកនាំពាក្យ​ក្រសួងការងារ លោក ស៊ុន មេសា អះអាងថា៖ «នីតិវិធី​ដែល​រោង​ចក្រ​ Le Crown ធ្វើ ​គឺ​ស្របទៅ​តាម​ច្បាប់ និង​បាន​ពិភាក្សា​ជាមួយ​ភាគីពាក់ព័ន្ធ​»។​

ប៉ុន្តែ​អង្គការ​ធ្វើការ​លើ​សិទ្ធិការងារ​​សង់​ត្រាល់ បាន​លើក​ឡើងថា​គួរ​តែមានការ​ស៊ើប​អង្កេតឱ្យ​ស៊ីជម្រៅ​ជាង​នេះ​។​

លោក ឃុន ថារ៉ូ ប្រធានកម្មវិធី​អង្គការ​សង់ត្រាល់ មាន​ប្រសាសន៍​ថា​ ស្ថាប័ន​របស់​ខ្លួន​កំពុង​ធ្វើ​ការ​បញ្ជាក់​លើ​ការ​អះអាង​ថា ​ការ​បញ្ឈប់​កម្មករ​របស់​រោងចក្រ​ Le Crown ព្រោះតែការ​ថយចុះ​នៃការ​បញ្ជា​ទិញ​ពី​ក្រុម​ហ៊ុន VF ដែល​ជា​ក្រុម​ហ៊ុន​ធំ​ផ្គត់ផ្គង់​សម្លៀក​បំពាក់​ម៉ាក​យីហោល្បីៗ​នៅអាមេរិក​។​

Ashley McCormack នាយក​ផ្នែក​ទំនាក់ទំនងសាជីវកម្ម​របស់ក្រុម​ហ៊ុន VF មិន​បាន​ឆ្លើយ​តប​ភ្លាមៗ​លើ​សំណើ​សុំ​អត្ថាធិប្បាយ​លើ​រឿងនេះនោះ​ទេ​។​

អង្គការ​សង់ត្រាល់ ក៏​បាន​អំពាវ​នាវ​ឱ្យរោងចក្រ​លុប​ចោល​លិខិត​ជូន​ដំណឹង​ស្ដីពីការ​បញ្ឈប់​កម្មករ​ចំនួន​៤៩​នាក់​ផ្សេង​ទៀត​ដែល​គេជឿ​ថា​អ្នក​ទាំង​នោះជា​ថ្នាក់​ដឹក​នាំហសជីព និង​ជា​សកម្មជន​សហជីព​។​

លោក ថារ៉ូ បានបន្ថែមថា៖ «បច្ចុប្បន្ន​នេះ យើង​កំពុង​ទាក់ទង​ទៅ​កាន់ក្រុម​ហ៊ុនបញ្ជា​ទិញ​។ ដាច់ដោយឡែក​មួយ​ទៀត យើង​ក៏​កំពុង​ស៊ើប​អង្កេត​លើគម្រោង​របស់​ក្រុម​ហ៊ុន​ដែល​ចង់​​បិទ​រោងចក្រ ព្រោះថា​យើង​មិន​ទាន់​បានទទួល​ព័ត៌មាន​ផ្លូវ​ការ​លើ​ហេតុ​ផល​ដែល​ថា​មាន​ការ​បញ្ឈប់​ការ​បញ្ជាទិញ​របស់​រោងចក្រ​ Le Crown នោះដែរ​»។​

 (រាយការណ៍​បន្ថែម​ដោយ៖ ឡូន សៅដា)

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Kampong Cham GFT Factory Blames Falling Orders for Thousands of Layoffs

1,182 views
ព័ត៌មានថ្មី
អត្ថបទពេញនិយម