សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

កាស៊ីណូធំជាងគេនៅ​កម្ពុជាឈ្នះការ​តវ៉ា​ ប៉ុន្តែ​​បុគ្គលិក​នៅតែ​​មិនព្រម​ចាញ់

កញ្ញា ហ៊ួន​ ​បុប្ផា ​អាយុ​ ​៣៥​​ឆ្នាំ​ ​នៅ​ហាង​កាត់​សក់​របស់​នាងក្នុង​ខេត្ត​កណ្ដាល​។ ​បន្ទាប់ពី​បាត់​បង់​ការងារ​នៅ​កាស៊ីណូណាហ្គាវើលដ៍​ក្នុង​ឆ្នាំ​ ​២០២១​ ​កញ្ញាបាន​ធ្លាក់ខ្លួន​ជំពាក់​បំណុល​​ ​ដែល​កញ្ញានៅតែ​មិន​អាច​សង​ត្រឡប់បាន​។ (រូបថត៖  រី សៅរួន/HaRDstories)
កញ្ញា ហ៊ួន​ ​បុប្ផា ​អាយុ​ ​៣៥​​ឆ្នាំ​ ​នៅ​ហាង​កាត់​សក់​របស់​នាងក្នុង​ខេត្ត​កណ្ដាល​។ ​បន្ទាប់ពី​បាត់​បង់​ការងារ​នៅ​កាស៊ីណូណាហ្គាវើលដ៍​ក្នុង​ឆ្នាំ​ ​២០២១​ ​កញ្ញាបាន​ធ្លាក់ខ្លួន​ជំពាក់​បំណុល​​ ​ដែល​កញ្ញានៅតែ​មិន​អាច​សង​ត្រឡប់បាន​។ (រូបថត៖  រី សៅរួន/HaRDstories)

នៅ​ដើម​ឆ្នាំ​នេះ​ ​មន្ត្រីឥណទានបាន​មកដល់​ផ្ទះ​របស់​កញ្ញា​ ហ៊ួន​ ​បុប្ផា ​នៅ​តំបន់​អារិយក្សត្រ​ជា​លើក​ទី​ពីរ​។ ​អ្នកស្រី​ជំពាក់​ប្រាក់​កម្ចី​មីក្រូ​ហិរញ្ញវត្ថុ​ចំនួន​ ​១៤ ០០០​ ​ដុល្លារ​អាមេរិក​​ ​ប៉ុន្តែ​អ្នកស្រី​ពុំ​មាន​ប្រាក់​សម្រាប់​សង​នោះ​ទេ​។

កញ្ញា បុប្ផា អាយុ៣៦ឆ្នាំ បើកហាងកាត់សក់មួយកន្លែងនៅក្នុងភូមិតូចមួយក្បែរមាត់ទន្លេក្នុងខេត្តកណ្តាល ត្រើយម្ខាងនៃទន្លេមេគង្គពីរាជធានី​ភ្នំពេញ។ ការ​រក​ចំ​ណូល​​ពីហាង​កាត់​សក់​មិន​ងាយ​ស្រួល​ទេ​​។ អតិថិជនបុរសៗមួយចំនួនមិនព្រមឱ្យ​​ស្ត្រីកាត់សក់របស់ពួកគេទេ។ អ្នកភូមិផ្សេងទៀតដឹង​ថា អ្នក​ស្រី​ជាសកម្មជនសហជីព ហើយមិន​ចង់​ប្រាស្រ័យ​ទាក់ទង​ជាមួយ​កញ្ញាទេ។

កញ្ញា​និយាយថា៖ «​ពួកគេបានមកស្តីបន្ទោសខ្ញុំថា ហេតុអ្វីបានជាខ្ញុំមិនទាន់សង​​​ប្រាក់​ពួកគេ? ខ្ញុំបានប្រាប់ពួកគេថា៖ ទោះបីជាបង​មក ឬមិនមកក៏ដោយ ក៏ស្ថាន​​ភាពរបស់ខ្ញុំនៅតែដដែល។ ខ្ញុំនឹងសងប្រាក់វិញនៅពេលដែលការដោះស្រាយសំណងរបស់ក្រុមហ៊ុនណាហ្គាវើលដ៍​​ត្រូវបានបញ្ចប់ជាស្ថាពរ»។

នៅពេលក្រុមហ៊ុន​ណាហ្គាវើលដ៍​ ជាកាស៊ីណូធំជាងគេនៅ​កម្ពុជា និងជាកាស៊ីណូ​​តែមួយគត់ ដែលមានអាជ្ញាប័ណ្ណបើក​ដំណើរការនៅក្នុងរាជធានីភ្នំពេញ​ បានបណ្តេញបុគ្គលិក​ប្រហែល ១​៣០០ នាក់ចេញនៅក្នុង​ឆ្នាំ២០២១ ឈ្មោះរបស់កញ្ញា​ បុប្ផា​ មិនស្ថិត​នៅក្នុងបញ្ជីបុគ្គលិក ​ដែល​ត្រូវ​បញ្ឈប់ពី​ការងារទេ។ ទោះបីជា​យ៉ាងណា អ្នក​ស្រី​នៅ​តែ​ចូលរួមកូដកម្ម ហើយការបាត់បង់ប្រាក់ខែពី​ការ​ងារ​ជាបុគ្គលិក​​ចែកបៀនៅ​កាស៊ីណូ ​បានធ្វើឱ្យ​អ្នក​ស្រី​មិនអាចបន្តសងបំណុល​តាម​កាល​កំណត់​បាន​ទៀត។

អ្នក​ស្រីនិយាយថា៖ «ខ្ញុំបានចូលរួមធ្វើកូដកម្ម ដើម្បីសិទ្ធិរបស់បុគ្គលិក។ ខ្ញុំចង់បានសហជីពឯករាជ្យ មិនមែនជាសហជីពរបស់ក្រុមហ៊ុនលើកបន្តុបនោះទេ»។

ពីកូដកម្មរហូតដល់ស្ថាន​ភាពជាប់គាំង

បុគ្គលិកអះអាងថា បំណងចង់ឱ្យមានសហជីពឯករាជ្យ គឺជាអ្វីដែលក្រុមហ៊ុនណាហ្គាវើលសដ៍ ព្យាយាមបំបាត់ចោល។ ពួកគេលើកឡើងថា ការបញ្ឈប់បុគ្គលិកកាលពីខែមេសា ឆ្នាំ២០២១ មិនមែនដោយសារការរាតត្បាតជំងឺកូវីដ-១៩ទេ ប៉ុន្តែត្រូវបានធ្វើឡើងក្នុងគោលបំណងធ្វើឱ្យសហជីពបាត់បង់អំណាចក្នុងការចរចាសម្រាប់ផលប្រយោជន៍របស់បុគ្គលិក។

បន្ទាប់ពីការចរចាមិន​ទទួល​លទ្ធផល​ បុគ្គលិក​ចាប់ផ្តើមធ្វើ​កូដកម្មនៅខែធ្នូ ឆ្នាំ២០​២១​​។ ត្រឹម​​រយៈ​​ពេល​ប៉ុន្មានថ្ងៃ​ប៉ុណ្ណោះ សាលាដំបូង​រាជ​ធានីភ្នំពេញបានប្រកាសថា កូដកម្ម​នេះ ខុសច្បាប់​។

បន្ទាប់ពី​នោះ​ ជម្លោះ​បាន​អូសប​ន្លាយ​រយៈពេលជាច្រើនឆ្នាំ។ បុគ្គលិក​ដែលធ្វើកូដ​​កម្ម ដែល​ភាគច្រើនជាស្ត្រី មិនបានទទួលការឆ្លើយតបពីក្រសួងការងារ ឬរាជរដ្ឋាភិបាល​ទេ។​ អាជ្ញាធរ​បានបំបែក​ការ​ប្រមូល​ផ្តុំ​ត​វ៉ា​របស់​ពួកគេ​ជា​បន្ត​បន្ទាប់​ ហើយ​ក្នុង​ការ​បំបែក​ការ​តវ៉ា​ខ្លះ បុគ្គលិក​មួយ​ចំនួន​ក៏​បាន​រងរបួសផងដែរ​​។

បុគ្គលិក​ម្នាក់បានប្រាប់វិទ្យុអាស៊ីសេរីថា នាងបានរលូតកូន បន្ទាប់ពីនគរបាល​បានរុញនាងឱ្យ​ដួល អំឡុងពេលតវ៉ា។ ក្រុមហ៊ុនណាហ្គាវើលដ៍​បានដាក់ពាក្យបណ្តឹងប្រឆាំងនឹងសមាជិកសហជីពចំនួនដប់បីនាក់ ដោយចោទពួកគេថា ចូលអគារកាស៊ីណូ​​ដោយ​ខុស​ច្បាប់ ខណៈពេលកំពុងតវ៉ានៅខាងក្រៅកាស៊ីណូ។

អាជ្ញាធរក៏បានចាប់ខ្លួនមេដឹកនាំសហជីពសំខាន់ៗផងដែរពីបទញុះញង់​។ កញ្ញា​ឈឹម ស៊ីថរ ប្រធានសហជីព ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេលពីរឆ្នាំ និងត្រូវបានដោះលែងនៅខែកញ្ញា ឆ្នាំ២០២៤។ 

បន្ទាប់ពីការដោះលែង ស៊ីថរ​ និងបុគ្គលិក​ដែលនៅសេសសល់បានប្តូរពីការធ្វើកូដ​កម្មផ្លូវការទៅជាយុទ្ធនាការធ្វើបាតុកម្ម និងតស៊ូមតិជាប្រចាំវិញ​​។ ការទាមទារចម្បង​​របស់ពួកគេមិនមានការផ្លាស់ប្តូរទេ គឺ​ការទទួល​យកឱ្យ​​ចូល​ធ្វើ​ការ​វិញ ការទទួលស្គាល់សហជីព និងសំណងដែលគិត​ចាប់​តាំងពីពេល​ចាប់ផ្តើម​វិវាទ​។

យុទ្ធនាការនេះបាន​អូសបន្លាយ​អស់​រយៈពេលប្រាំឆ្នាំហើយ។ មានសុភាសិតខ្មែរមួយ​ដែល​​បុគ្គលិក​បានលើកឡើងថា ធ្វើស្រែនឹង​ទឹក។ ដូចគ្នា​នេះ​​ ការ​តស៊ូ​រយៈ​ពេល​​​វែង​ក៏​ត្រូវ​ការ​ធន​ធាន​ដែរ​ ប៉ុន្តែ​បុគ្គលិក​ភាគច្រើន ការ​រក​ប្រាក់​ផ្គត់ផ្គង់​ខ្លួន​​ឯង​និង​គ្រួសារបាន​ក្លាយ​ជា​រឿង​សំខាន់​ ​ដូច​ដែល​ពួកគេកំពុង​ទាមទារ​នេះដែរ​។​

កញ្ញា បុប្ផា កញ្ញា ស៊ីថរ​ និង​ អ្នកស្រី ម៉ម សុវឌ្ឍិន​ ដែលជា​សកម្មជន​ម្នាក់ទៀត បាន​អះអាងថា ការជាប់គាំង​ដ៏អូសបន្លាយ​នេះ បាន​ផ្តល់​ផល​ល្អ​ដល់​ក្រុមហ៊ុន ដោយ​ធ្វើ​ឲ្យ​បុគ្គលិក​​មាន​បញ្ហា​ហិរញ្ញវត្ថុ និង​ជំរុញ​ឲ្យ​បុគ្គលិក​​មួយ​ចំនួន​ស្វែងរក​ដំណោះស្រាយ​ជា​លក្ខណៈ​បុគ្គល។

កាស៊ីណូណាហ្គាវើលដ៍ ក្នុងទីក្រុងភ្នំពេញ។ (រូបថត៖  រី សៅរួន/HaRDstories)

បុគ្គលិក​ ​៤០០​នាក់នៅតែ​បន្ត​ការ​តស៊ូ​

បើ​តាមកញ្ញា​ ស៊ីថរ​ ក្នុងចំណោមបុគ្គលិក​ប្រហែល ១ ៣០០ នាក់ ដែលត្រូវបានបញ្ឈ​ប់​​ពី​ការ​ងារ​​​​ពី​ដំបូងនោះ​​ បច្ចុប្បន្ន​មាន​ប្រមាណ ​៤០០​នាក់​ប៉ុណ្ណោះ ដែល​នៅតែចូល​រួម​យ៉ាងសកម្មនៅក្នុងយុទ្ធនាការនេះ។ អ្នកដែលនៅសល់ផ្សេង​ទៀត​បានបែក​ខ្ញែក​គ្នា​​ ខ្លះ​ត្រឡប់​ទៅខេត្ត ខ្លះ​បម្រើ​​ការ​ងារ​ក្នុង​វិស័យ​ក្រៅប្រព័ន្ធ​ ខ្លះ​ទៀត​ងាក​ទៅបើក​អាជីវកម្មខ្នាតតូច និងប្រកប​មុខរបរជា​លក្ខណៈ​គ្រួសារ។ ហេតុនេះ ការរៀបចំសកម្មភាព​កាន់តែពិបាក​ជាង​មុន​។

ការតវ៉ាដែលធ្លាប់ធ្វើ​ច្រើនដងក្នុងមួយខែ ឥឡូវនេះមាន​ត្រឹម​តែ​​មួយដង​រៀងរាល់​បី​សប្តាហ៍​​។

កញ្ញា ស៊ីថរ បានប្រាប់ HaRDstories ថា៖ «យើងនៅ​តែ​បន្តតស៊ូមតិ ដើម្បីសម្រេច​បាន​​តាម​ការទាម​ទារ​របស់យើង ប៉ុន្តែយើងមិនអាចធ្វើសកម្មភាព​បានញឹកញាប់ដូចមុនទេ ជួនកាលអាចធ្វើ​បាន​តែមួយ​ដង​រៀងរាល់បីសប្តាហ៍ ឬមួយ​ដង​ក្នុងមួយខែ»។

សម្រាប់អ្នកដែលនៅតែបន្ត​ចូល​រួម​ក្នុង​យុទ្ធនាការ​នេះ ការចូលរួមបានក្លាយជារឿង​ពិបាក​ខ្លាំង​។ អ្នក​ស្រី ម៉ម សុវឌ្ឍិន​ ជាអ្នកផ្សព្វផ្សាយផលិត​ផល​អាហារ ដែល​​ត្រូវបាន​បណ្តេញចេញបន្ទាប់​ពីធ្វើការនៅណាហ្គាវើលដ៍អស់រយៈពេលប្រាំមួយឆ្នាំ ដែលរកបាន​ការងារថ្មី​កាលពីឆ្នាំមុន ប៉ុន្តែបានលាក់បាំងការចូលរួមរបស់អ្នក​ស្រី​នៅក្នុងយុទ្ធនាការនេះ​ ពីនិយោជកថ្មី​។ អ្នក​ស្រី​គឺ​ជាស្ត្រីមេ​ម៉ាយ ដែល​ចិញ្ចឹមកូនស្រីម្នាក់​ និងឪពុកម្តាយដែលមានវ័យចំណាស់ ហើយហានិភ័យនៃការបាត់បង់ការងារ គឺពិត​ជា​មានសម្រាប់អ្នក​ស្រី​​។

អ្នក​ស្រីនិយាយថា៖ «ខ្ញុំរក​បាន​ការ​ងារ​ធ្វើនៅឆ្នាំ២០២៥ ប៉ុន្តែខ្ញុំបានព្យាយាមលាក់អត្តសញ្ញាណរបស់ខ្ញុំ ដើម្បីកុំឱ្យក្រុមហ៊ុនដឹង »។

និយោជករបស់អ្នក​ស្រី​បានដឹងរឿងនេះ​​ហើយ។ អ្នក​ស្រី​និយាយថា សម្រាប់ពេល​នេះ វាមិន​ទាន់ធ្វើឱ្យអ្នក​ស្រីបាត់​បង់ការងារ​នេះនៅឡើយទេ។ អ្នក​ស្រី​និយា​យថា​៖​ «ពួកគាត់​គ្រាន់តែប្រាប់ខ្ញុំ​ធ្វើ​ឱ្យ​ប្រាកដ​ថា សកម្មភាព​ទាំងនេះ មិនប៉ះពាល់ដល់ម៉ោងធ្វើ​ការផ្លូវការរបស់ខ្ញុំ »។

អំឡុងពេលសម្រាកអាហារថ្ងៃត្រង់ សុវឌ្ឍិន​ តែងតែធ្វើដំណើរឆ្លងកាត់រាជធានី​ភ្នំ​ពេញ ដើម្បីទៅ​ឈរតវ៉ាជាមួយសហការីនៅកន្លែងធ្វើបាតុកម្ម​មួយភ្លែត មុនពេលត្រឡប់ទៅ​ធ្វើ​ការ​វិញ។ អ្នក​ស្រី​បាននិយាយថា៖ «ការធ្វើដំណើរនេះចំណាយពេល​ពេញ​មួយម៉ោង។ ប៉ុន្តែគ្រាន់តែបាន​ឃើញពួកគេ ធ្វើឱ្យខ្ញុំមានអារម្មណ៍ពេញចិត្តយ៉ាង​ខ្លាំង»។

កាលពីខែមិថុនា អ្នកស្រីត្រូវបានកោះហៅដោយចៅក្រមស៊ើបសួរ ក្នុងចំណោមកម្មករជាងដប់នាក់ ដែលកំពុងប្រឈមមុខនឹងការចោទប្រកាន់ពីបទ «ធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស» អំឡុងពេលតវ៉ានៅខាងក្រៅកាស៊ីណូក្នុងខែសីហា ឆ្នាំ២០២២។  

អ្នកស្រីបាននិយាយថា ចៅក្រមស៊ើបសួរបានសួរចម្លើយ និងបានបង្ហាញរូបភាពរបស់អ្នកស្រី អំឡុងការផ្សាយផ្ទាល់នៃការតវ៉ា ប៉ុន្តែមិនបានបង្ហាញភស្តុតាងណាមួយដែលបង្ហាញថាអ្នកស្រីបានបង្កការខូចខាតណាមួយឡើយ។

អ្នកស្រីស្ថិតនៅក្រោមបម្រាមរបស់តុលាការ មិនត្រូវផ្លាស់ប្តូរទីលំនៅ តម្រូវឱ្យបង្ហាញខ្លួននៅប៉ុស្តិ៍ប៉ូលីសជាប្រចាំខែ នឹងត្រូវបង្ហាញខ្លួនពេលមានដីកាកោះ។ មានកម្មកររហូតដល់ ១០០ នាក់ផ្សេងទៀតនៅតែអាចនឹងត្រូវបានកោះហៅពីបទចោទប្រកាន់ដូចគ្នា។

សមាជិកសហជីពណាហ្គាវើលដ៍បានធ្វើបាតុកម្មនៅខាងក្រៅកាស៊ីណូនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ បន្ទាប់ពីកម្មករជាច្រើននាក់បានទទួលដីកាកោះហៅពីតុលាការដើម្បីសាកសួរបន្ថែមលើបទចោទព្រហ្មទណ្ឌដែលទាក់ទងនឹងវិវាទការងារដ៏យូរអង្វែងបំផុតរបស់ប្រទេសកម្ពុជា។ (រូបថត៖  រី សៅរួន/HaRDstories)

ភាពជាប់គាំងដែលមាន​ផល​ប៉ះពាល់​ទូលំទូលាយ​

ការចរចារអស់រយៈពេល ៥ឆ្នាំ មិនបាននាំមកនូវលទ្ធផលណាមួយឡើយ។ សហជី​ព​បានចូលរួមក្នុងកិច្ចប្រជុំជាង ៣០លើកជាមួយក្រសួងការងារ និងតំណាងក្រុមហ៊ុនណាហ្គាវើលដ៍​។ ដំណោះស្រាយដែលផ្ដល់ដោយក្រុមហ៊ុនមិនមានការផ្លាស់ប្ដូរទេ គឺបុគ្គលិកដែលត្រូវបានជ្រើស​រើសអាចត្រឡប់មកវិញបាន ដរាបណាពួកគេព្រមទទួលយកការទូទាត់ប្រាក់ថេរ ហើយបោះបង់ចោលវិវាទទាំងស្រុង។​ ដូច្នេះ​ អ្នកដែលបដិសេធមិន​ទទួល​យក​ដូចជា អ្នក​ស្រី បុប្ផា បន្ត​នៅខាងក្រៅ។

អ្នក​ស្រី​និយាយថា៖ «ដំបូងឡើយ គេបានហៅខ្ញុំឱ្យត្រឡប់ចូល​ទៅធ្វើការវិញ ប៉ុន្តែខ្ញុំបានបដិសេធ ដោយសារបញ្ហាស្នូលមិនទាន់ត្រូវបានដោះស្រាយ»។

សហជីព​អះអាង​​ថា ក្រសួង​មិន​មែន​ជា​ភាគី​អព្យាក្រឹត​ទេ។ បើ​តាម​កញ្ញា ស៊ីថរ បាន​ឱ្យ​ដឹងថា មន្ត្រី​បាន​ដាក់​​សម្ពាធ និង​​បញ្ចុះបញ្ចូល ​ដើម្បី​ជំរុញ​បុគ្គលិក​ឱ្យ​រក​ដំ​ណោះស្រាយ​ជា​លក្ខណៈ​បុគ្គល ​ជា​ការ​អះអាង ​ដែល​ក្រសួង​មិន​បាន​ឆ្លើយ​តប​​​ដោយ​ផ្ទាល់។ អ្នកនាំពាក្យ​របស់​ក្រសួង​ការងារ បាន​ណែនាំ​ម្តង​ហើយ​ម្តងទៀត ​ឲ្យ​បុគ្គលិក​យកករណី​​របស់​ពួកគេ​ទៅ​តុលាការ នេះ​បើ​តាមសេចក្តី​រាយ​ការណ៍​របស់​​​បណ្តាញ​​ព័ត៌មាន​ក្នុងស្រុក។

កញ្ញា ស៊ីថរ ចាត់ទុកថា ការ​ណែនាំ​នោះមិនមានប្រយោជន៍ ដោយសារ​នីតិវិធីរបស់តុលាការត្រូវ​ការ​ពេលវេលាយូរ​ និងថវិកា ដែលបុគ្គលិក​មិនមានលទ្ធភាព​។ ស៊ីថរ ដឹងរឿងនេះតាម​រយៈ​បទពិសោធន៍​ផ្ទាល់​ នៅពេល​ត្រូវបានគេ​ចាប់ខ្លួន និងចោទប្រកាន់ពីបទញុះញង់ដែល​ជា​បទ​ឧក្រិដ្ឋ ដោយសារ​ដឹកនាំកូដកម្ម ដែលច្បាប់បាន​​អនុញ្ញាតយ៉ាងច្បាស់​​នោះ​។

ការចំអកមើល​ងាយ​ពិបាកទទួលយកជាងឧបសគ្គផ្នែកច្បាប់ទៅទៀត​។ កញ្ញា​ ស៊ីថរ បាននិយាយថា ​នៅក្នុងកិច្ច​ប្រជុំថ្មីៗនេះ ជាមួយក្រុម​មន្ត្រី អាជ្ញាធរបាន​បញ្ជាក់​ថា បុគ្គលិក​ដែលធ្វើកូដកម្មមិនមានប្រាក់ខែទេ ប៉ុន្តែ​ហាក់ដូចជានៅតែ​មានអាហារហូប​ចុក​គ្រប់គ្រាន់​។ បើតាម​កញ្ញា​ ស៊ីថរ បុគ្គលិក​​អាចបន្ត​រស់នៅ និង​បន្ត​​តស៊ូ​នៅ​ក្នុង​យុទ្ធ​នាការនេះ ដោយសារ​ការបរិច្ចាគពីអ្នកគាំទ្រ និងអ្នកដែល​អាណិតអាសូរពួកគេ​។

កញ្ញា ស៊ីថរ​ បានបញ្ជាក់ថា៖ «វាជារឿងគួរឲ្យខកចិត្តណាស់ នៅពេលដែលប្រជាពលរដ្ឋប្រឈមមុខនឹងភាពអយុត្តិធម៌ពីនិយោជករបស់ពួកគាត់​ ប៉ុន្តែ​អាជ្ញាធរបែរ​ជា​ឆ្លើយ​តបដោយការ​ចំអកមើល​ងាយ​ពួកគេ»។

សហជីព​អះអាង​ថា ផល​ប៉ះពាល់​នៃវិវាទ​នេះ ​រាលដាល​​ហួស​ពីក្រុម​ហ៊ុន​ណាហ្គាវើលដ៍​។ ប្រសិនបើ​ក្រុមហ៊ុននេះ ​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​រំលាយ​ចោល​សហជីព​ឯករាជ្យ ​ដោយ​មិន​ប្រឈម​នឹង​ផលវិបាក​ នោះវា​អាចក្លាយ​ជា​​គំរូ​ ​ដែល​និយោ​ជកផ្សេងៗ​ទៀត​​នៅ​​​កម្ពុជា​អាច​យក​ទៅអនុវត្ត​តាម​។

កញ្ញា ស៊ីថរ បានលើកឡើងថា៖ «វាអាចជាគំរូសម្រាប់ថៅកែផ្សេងទៀត ប្រើយុទ្ធសាស្ត្រដូចគ្នា បណ្តេញសហជីព និងមិនប្រឈមមុខនឹងផលវិបាកអ្វីឡើយ។ ទោះបីជាសិទ្ធិទាំងនេះ ត្រូវបានទទួលស្គាល់ដោយច្បាប់ ដោយរដ្ឋធម្មនុញ្ញ និងដោយអនុសញ្ញាអន្តរជាតិក៏ដោយ»។

របៀបដែល​កម្ពុជា​ដោះស្រាយករណីនេះ ​​កំពុង​ត្រូវ​បាន​ឃ្លាំ​មើល​។ ស៊ីថរ បាន​​ព្រ​មានថា អង្គការពលកម្មអន្តរជាតិកំពុងតាម​ដាន​វិវាទ​នេះ ហើយ​ប្រសិនបើ​វិវាទនេះ នៅតែ​មិនត្រូវ​បាន​ដោះស្រាយ ប្រព័ន្ធអនុគ្រោះ​ពាណិជ្ជកម្មរបស់កម្ពុជា​ជា​មួយប្រទេស​ដៃគូប្រជាធិបតេយ្យអាចប្រឈម​នឹង​សម្ពាធ។

ក្រុមហ៊ុនណាហ្គាវើលដ៍ មិនបានឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយទេ។

កញ្ញា ឈឹម ស៊ីថរ ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ ដឹកនាំកិច្ចប្រជុំជាមួយសមាជិកដែលត្រូវបានបញ្ឈប់ពីការងារកាលពីឆ្នាំ២០២១ នៅរាជធានីភ្នំពេញ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦(។ រូបថត៖  រី សៅរួន/ HaRDstories)

តើនៅមានឱកាសរកដំណោះស្រាយដែរឬទេ?

មិនមែនគ្រប់គ្នាសុទ្ធតែបោះបង់ចោលក្ដីសង្ឃឹមលើដំណោះស្រាយតាមរយៈការចរចានោះទេ។ លោក ឃុន ថារ៉ូ គឺជាអ្នកគ្រប់គ្រងកម្មវិធីការងារ នៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (អង្គការសង់ត្រាល់) ជាអង្គការសិទ្ធិការងារកម្ពុជា មានប្រសាសន៍ថាការសម្របសម្រួលដឹកនាំដោយរដ្ឋាភិបាលនៅតែជាមធ្យោបាយដែលអាចទៅរួចបំផុតឆ្ពោះទៅរកដំណោះស្រាយ ប៉ុន្តែលុះត្រាតែអាជ្ញាធរមានឆន្ទៈក្នុងការដើរតួនាទីដោយស្មោះត្រង់។

លោកបានមានប្រសាសន៍ថា៖ «មកដល់ដំណាក់កាលនេះ យន្តការអន្តរជាតិ គឺមិនអាចជៀសវាងបានទេ។ ប៉ុន្តែកត្តាសំខាន់ គឺឆន្ទៈរបស់អាជ្ញាធរក្នុងការសម្របសម្រួល និងជួយឱ្យគ្រប់ភាគីឈានដល់កិច្ចព្រមព្រៀងមួយ ដែលអាចទទួលយកបាន»។

លោក ថារ៉ូ បានបន្តថា ការធ្វើសម្បទានគឺចាំបាច់ណាស់សម្រាប់គ្រប់ភាគីទាំងអស់។ លោកបានអះអាងថា សេចក្ដីសម្រេចមួយនឹងមិនត្រឹមតែស្ដារសិទ្ធិរបស់បុគ្គលិកឡើងវិញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្ដល់ឱកាសឱ្យរដ្ឋាភិបាលបង្ហាញថា ច្បាប់ការងាររបស់កម្ពុជាមិនមែនមានតែនៅលើក្រដាសនោះទេ។

ក្រសួងការងារ​មិនបានឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយទេ។

នៅពេលថ្ងៃត្រង់ ហាងកាត់សក់របស់អ្នកស្រី បុប្ផា ស្ងាត់ជ្រងំ។ ជាធម្មតា វាស្ងាត់បែបនេះ។ កញ្ញាអង្គុយកាន់កន្ត្រៃកាត់សក់របស់អ្នកស្រី ហើយរង់ចាំ គឺរង់ចាំអតិថិជន រង់ចាំអ្នកទារបំណុល និងរង់ចាំមើលវិវាទ ដែលបានប្រើពេលប្រាំឆ្នាំនៃជីវិតរបស់កញ្ញានោះ នៅទីបំផុត នឹងឈានដល់ទីបញ្ចប់។

អ្នកស្រីនិយាយថា៖ «ប្រសិនបើរឿងនេះមិនអាចបញ្ចប់នៅក្នុងជំនាន់របស់ខ្ញុំទេ នោះជំនាន់ក្រោយនឹងត្រូវបន្តតស៊ូដោះស្រាយវាទៀត។ ប្រសិនបើយើងទទួលបានជោគជ័យ ខ្ញុំដឹងថា បរិយាកាសការងាររបស់អ្នកជំនាន់ក្រោយនឹងប្រសើរជាងមុនច្រើន»៕

អត្ថបទបកប្រែនេះត្រូវបានស្នើសុំចុះផ្សាយពីអ្នកសរសេរ ដែលបកប្រែសម្រួលពីសារព័ត៌មាន HARDSTORIES៖ Five years after the NagaWorld strike, the workers are holding the line

ព័ត៌មានថ្មី

អត្ថបទពេញនិយម