សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
ពាណិជ្ជកម្ម

ជន​ជាតិ​ដើមភាគតិច​​កួយ​ជាង​៤០០​គ្រួសារ​នៅខេត្ត​ស្ទឹងត្រែងបាត់​បង់​​​ការងារ​ ក្រោយ​ពី​ព្រៃសហគមន៍​​ភ្នំ​ជម្រក​សត្វ ​​ផ្អាក​ដំណើរការ

ស្លាកផែនទីព្រៃសហគមន៍ភ្នំជម្រកសត្វ នៅច្រកផ្លូវចូលសហគមន៍ ស្ថិតក្នុងស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥។ (ខេមបូចា/ ម៉ែន ចន្ធី)
ស្លាកផែនទីព្រៃសហគមន៍ភ្នំជម្រកសត្វ នៅច្រកផ្លូវចូលសហគមន៍ ស្ថិតក្នុងស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥។ (ខេមបូចា/ ម៉ែន ចន្ធី)

ទម្លាប់​ប្រពៃណី​របស់​ជន​ជាតិ​ដើម​ភាគ​តិច​កួយ​នៅ​ខេត្ត​ស្ទឹងត្រែង ស្ទើរ​តែ​ជា​រៀង​រាល់​ព្រឹក​ព្រលឹម​ ពួកគេ​តែងតែ​នាំគ្នា​ធ្វើ​ដំណើរ​ចូល​ព្រៃ​សហគមន៍​ភ្នំ​ជម្រក​សត្វ ដើម្បី​រក​អនុផល​ព្រៃឈើ ត្រី និង​ដង​ជ័រ​ទឹក​ ដែល​ជា​ប្រភព​ប្រាក់​ចំណូល​យ៉ាង​សំខាន់​។ ​ប៉ុន្តែ​នៅ​រយៈ​ពេល​ជាង​១ឆ្នាំ​កន្លង​ទៅ​នេះ​ ក្រោយ​ពី​មន្ត្រី​បរិស្ថាន​ប្តឹង​ចោទ​ប្រកាន់​ ប្រធាន​សហគមន៍​អេកូ​ទេសចរណ៍​ភ្នំ​ជម្រក​សត្វ​ដាក់​ពន្ធនាគារ គឺ​លោក ម៉ឹង រដ្ឋា ពីបទកាប់​រុក​រាន ឈូស​ឆាយ​ដី​ព្រៃ​យក​ធ្វើ​ជា​កម្ម​សិទ្ធិ​ផ្ទាល់​ខ្លួន ដែលធ្វើ​ឱ្យ​អ្នកភូមិ​​ភ័យខ្លាច​មិន​ហ៊ាន​ចូល​ទៅ​អាស្រ័យផល​ព្រៃឈើ​ដូចមុន​ឡើយ។

ប្រការ​នេះ ជាដើមចមបណ្តាលឱ្យពលរដ្ឋ​ជាង ៤០០គ្រួសារ ​ជា​ជន​ជាតិ​ដើម​ភាគ​តិច​កួយ រស់​នៅ​ក្នុង​ភូមិ​ឆ្វាំង និង​ភូមិ​ប្រឡាយ​ខ្លុង (ឧប​សម្ព័ន្ធ​ភូមិឆ្វាំង)  ក្នុងឃុំ​សំអាង ស្រុក​ថា​ឡា​បរិវ៉ាត់ បាត់​បង់​ការងារ និង​ខ្លះ​ទៀត​ធ្វើ​ចំណាកស្រុក​ បន្ទាប់​ពី​សហគមន៍​អេកូ​ទេសចរណ៍​ភ្នំ​ជម្រក​សត្វ​ផ្អាក​ដំណើរ​ការ។

អ្នកភូមិ​ខ្លះ​មាន​អារម្មណ៍​តានតឹង​ក្នុង​ចិត្ត​ និង​​ភ័យ​ខ្លាច​មិន​ហ៊ាន​ចូល​ទៅ​អាស្រ័យ​ផល​ព្រៃឈើ ព្រោះ​ខ្លាច​មន្ត្រី​ឧទ្យានុរក្ស​របស់​ក្រសួង​បរិស្ថាន​ ប្តឹង​ទៅ​តុលាការ។

សមាជិក​សហគមន៍​មួយចំនួន​កំពុង​ពិភាក្សា​គ្នា​ រក​មធ្យោបាយ​ចង​ក្រង​សហគមន៍​ឡើង​វិញ​ ក្រែង​លោ​នៅ​សល់​ដី​ព្រៃ​ខ្លះ​នៅ​តាម​ចង្កេះ​ភ្នំ និង​តាម​តំបន់​ជើង​ភ្នំ​ ខណៈ​បច្ចុប្បន្ន​សកម្មភាព​អារ​ឈើ​ខុសច្បាប់​នៅ​តែ​កើត​មាន​ជា​បន្ត​បន្ទាប់។

កំពុង​អង្គុយ​ក្រោម​ផ្ទះ​ទឹក​មុខ​ក្រៀម​ក្រំ សម្បុរ​ខ្មៅ​ស្រអែម​ ជា​ជនជាតិ​ដើម​ភាគ​តិច​កួយ វ័យ៤២ឆ្នាំ គឺ​អ្នកស្រី រត្ន សារឿន បានប្រាប់ សារព័ត៌​ខេម​បូចា ​នៅ​ថ្ងៃ​ទី១៩ ខែតុលា​ថា​ បច្ចុប្បន្ន​លោកស្រី​មិន​ហ៊ាន​ចូល​​ទៅ​អាស្រ័យ​ផល ព្រៃ​សហគមន៍​ភ្នំ​ជម្រក​សត្វ​ដូច​មុន​ឡើយ​ ព្រោះ​ខ្លាច​មន្ត្រី​បរិស្ថាន​គំរាម​កំហែង​។ អ្នកស្រីឱ្យដឹងទៀត​ថា ជាង​១​ឆ្នាំ​មក​ហើយ​ ដែល​លោកស្រី​ខកខាន​មិន​ហ៊ាន​ចូល​ព្រៃ ធ្វើ​ឱ្យ​អ្នកស្រីបាត់​បង់​ប្រាក់​ចំណូល​ហើយ​ពេល​នេះ​អ្នកស្រី​ ដើរ​ស៊ីឈ្នួល​ធ្វើ​ចម្ការ​ឱ្យ​គេ នៅ​តំបន់​ឆ្ងាយៗ។

 លោក​ស្រីបានបន្ត​ថា កន្លង​ទៅ​ព្រៃ​សហគមន៍​ភ្នំ​ជម្រក​សត្វ សម្បូរ​ដើម​ឈើ​ធំៗ ប្រភព​ត្រី​សាច់​ ផ្តល់​ប្រាក់​ចំណូល និង​ការងារ​ឱ្យ​ពលរដ្ឋ​ជាង ៤០០​គ្រួសារ តែ​បច្ចុប្បន្ន​ តំបន់​អភិរក្ស​ទាំង​នេះ​កំពុង​រង​ការ​កាប់​ឈើ​មាន​តម្លៃ ការ​ទន្ទ្រាន​ដី​ព្រៃ​ធ្វើ​ចម្ការ។

លោកស្រី រត្ន សារឿន បានបញ្ជាក់៖ «ចោះ​ច្បោះ​ជ័រ​អី​ហ្នឹង​ណា ដង​ជ័រ​ទឹក កាល​សម្បូរ​ព្រៃ​ដើរ​រក​ក៏​បាន​ហូប​ ដង​ជ័រ​ក៏​បាន​លុយ​ចាយ។ ដល់​ឥលូវ​វា​ខ្វះ​គ្រប់​សព្វ​ហ្នឹង​ណា។ យើង​រក​អី​ក៏​មិន​បាន មិន​បាន ! ក្រ​យ៉ាង​ខ្ញុំ​ទៅ​រក​អី​ហ្នឹង រក​តែ​ជ្រក់​គ្មាន​ផង​ កំពុង​រស់​នៅ​ជា​មួយ​បងប្អូន។ រាល់​ថ្ងៃ​ខ្វះ​គ្រប់​សព្វ​ដល់​ខ្វះ​អ៊ីចឹង ខ្ញុំ​រក​អី​មិន​កើត​ទេ។ កាល​មុន​៣ទៅ៤ [ឬ] ៥ថ្ងៃ​ បាន​លុយ​ចាយ ដល់​សព្វ​ថ្ងៃ រក​អីហ្នឹង​បាន»

ជនជាតិដើមភាគតិចកួយ អ្នកស្រី រត្ន សារឿន កំពុងអង្គុយក្រោមផ្ទះ ត្អូញត្អែរបាត់បង់ការងារ  គ្មានប្រាក់ចំណូល ដោយសារមិនហ៊ានចូលព្រៃសហគមន៍ភ្នំជម្រកសត្វ ស្ថិតក្នុងស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង នៅថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០២៥។ (ខេមបូចា/ម៉ែន ចន្ធី)

សាលាដំបូង​ខេត្ត​ស្ទឹងត្រែង​នៅ​​ថ្ងៃ​ទី២៦ ខែ​មិថុនា​ឆ្នាំ២០២៤ បាន​សម្រេច​បញ្ជូន​ប្រធាន​សហគមន៍​ការពារ​ព្រៃឈើ និង​ជា​ប្រធាន​អេកូ​ទេសចរណ៍​ភ្នំ​ជម្រក​សត្វ ​គឺ​លោក ម៉ឹង រដ្ឋា ទៅ​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ខេត្ត​ស្ទឹងត្រែង​ ដោយ​ចោទ​ប្រកាន់​ពី​បទ​ «កាប់​រុក​រាន ឈូស​ឆាយ​ដី​ព្រៃ​យក​ធ្វើ​ជា​កម្ម​សិទ្ធិ​ផ្ទាល់​ខ្លួន» ផ្អែក​តាម​បណ្តឹង​របស់​មន្ត្រី​បរិស្ថាន។ ក្នុង​សំណុំ​រឿង​នេះ ក៏​មាន​ជាប់​ពាក់ព័ន្ធ​នឹង​មនុស្ស ៣​នាក់​ផ្សេង​ទៀត រួមមាន លោក វង្ស កែន អនុ​ប្រធាន​គណៈកម្មការ​សហគមន៍ និង​លោក ខែន ជាន សមាជិក​សហគមន៍​ ព្រម​ទាំង​សកម្មជន​ការងារ​បរិស្ថានម្នាក់ទៀតគឺ លោក អ៊ុក ម៉ៅ

ការ​ប្តឹង​ផ្តល់​នេះ​ធ្វើ​ឡើង ក្រោយ​ពី​ក្រុម​សហគមន៍​ទាំង​នេះ​ជំទាស់​នឹង​អាជ្ញាធរ​ផ្តល់​ប្លង់​កម្ម​សិទ្ធិ​ឱ្យ​ពលរដ្ឋ ១០គ្រួសារ ដើម្បី​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន ​ប៉ះចំ​ព្រៃ​សហគមន៍​ទំហំ​ជាង ៣​ពាន់​ហិកតា ប៉ះពាល់​តំបន់​អេកូ​ទេសចរណ៍​ធម្មជាតិ ដែល​ជា​ប្រភព​សេដ្ឋកិច្ច​ធម្មជាតិ​របស់​សហគមន៍។

ផ្អែក​តាម​ផែនទី​កំណត់​ដោយ​ក្រសួង​កសិកម្ម​និង​បិទ​ផ្សាយ​លើ​ផ្លូវ​សាធារណៈ សហគមន៍​ព្រៃឈើ​ភ្នំ​ជម្រក​សត្វ​មាន​ផ្ទៃ​ដី​ជាង ៤ពាន់ហិកតា (៤១៥៣)។ សហគមន៍​នេះ​ ទទួល​ស្គាល់​ដោយ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៧។ រីឯ​សហគមន៍​អេកូ​ទេសចរណ៍ ក៏​ជា​ផ្នែក​មួយ​នៃ​សហគមន៍​ព្រៃឈើ​ភ្នំ​ជម្រក​សត្វ ស្ថិត​នៅ​ក្នុង​ភូមិ​ឆ្វាំង​ ឃុំ​សំអាង ស្រុក​ថា​ឡា​បរិវ៉ាត់​។ តំបន់​អភិរក្ស​នោះ​ស្ថិត​នៅ​ទិស​ខាង​ជើង ឆ្ងាយ​ពី​ទី​រួម​ខេត្ត​ស្ទឹង​ត្រែង​ជាង ៤០គីឡូម៉ែត្រ​។

អ្នក​យក​ព័ត៌មាន​ខេមបូចា បាន​ធ្វើ​ដំណើរ​ដល់​តំបន់​អភិរក្ស​នេះ នៅ​ថ្ងៃ​ទី១៩ ខែតុលា​ ប្រទះ​ឃើញ​ដើម​ឈើ​ធំៗ​ត្រូវបាន​គេ​កាប់​ផ្តួល និង​មាន​សំឡេង​រណា​យន្ត​ទ្រហឹង​ពេញ​ព្រៃ​ នៅ​កៀក​នឹង​ទីស្នាក់ការ​ដែន​ជម្រក​សត្វ​ព្រៃ​ឆែប-ព្រះរកា ខេត្តស្ទឹងត្រែង។ ផ្នែក​ខ្លះ​ក្នុង​តំបន់​​នោះ​​មាន​សំណង់​រឹងទើបសាងសង់​ និង​មាន​ផ្ទះ​ចាំ​ចម្ការ​របស់​ពលរដ្ឋ​ចំណូល​ស្រុក។

 រីឯ​ទី​ស្នាក់​ការ​សហគមន៍ ជណ្តើរ​ឡើង​ភ្នំ​ កញ្ចុះ​ទទួល​ភ្ញៀវ បន្ទប់​ទឹក និង​កន្លែង​បម្រើ​សេវា​កម្ម​ភ្ញៀវ​ទេសចរ​ជា​ច្រើន​ទៀត​ដែល​អ្នកភូមិ​សាមគ្គី​​សន្សំ​លុយ​សាងសង់ និង​រួមគ្នា​ធ្វើ​ដោយ​ស្ម័គ្រ​ចិត្ត ក៏​ត្រូវ​បាន​បិទ ស្មៅ​ដុះ​ជុំ​ជិត ទុក​ចោល​ជា​ច្រើន​ខែ​មក​ហើយ។ ការ​ផ្អាក​ដំណើរការ​សហគមន៍​ទេសចរណ៍​នេះ ធ្វើ​ឱ្យ​បទល្មើស​ព្រៃឈើ​បន្ត​កើនឡើង​ខ្លាំង​ ប៉ះពាល់​ដល់​សម្រស់​ធម្មជាតិ​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​។

ប្រជា​សហគមន៍ ៣នាក់​ទៀត ដែល​ធ្វើ​ដំណើរ​ដល់​ទីតាំង​នោះ គឺ​លោក វង្ស កែន , លោក កាន់ ទេព និង​លោក អ៊ុក ម៉ៅ ស្តាយ​ស្រណោះ​ពេល​ប្រទះ​ឃើញ​ដើម​ឈើ​ធំៗ នៅ​ជុំវិញ​តំបន់​នោះ​នៅ​តែ​បន្ត​កាប់​រំលំ​ធ្វើ​អាជីវកម្ម។ រីឯ​ព្រៃ​ក្នុង​តំបន់​ខ្លះ​ទៀត ដែល​ធ្លាប់​តែ​សម្បូរ​ដើមឈើ​តាម​ជើង​ភ្នំ និង​ចង្កេះ​ភ្នំ​ឈ្ងោក​ បាន​ក្លាយ​ជា​ដី​ចម្ការ​មាន​ដំណាំ​កសិកម្ម​អស់​មួយ​ផ្នែក​ធំ។ តំបន់​ខ្លះ​ទៀត​មាន​ផ្ទះ​ចាំ​ចម្ការ​​មួយៗ​ ដែល​ភាគ​ច្រើន​ជា​របស់​ពលរដ្ឋ​ចំណូល​ស្រុក​មក​ពី​ខេត្ត​ឆ្ងាយៗ ហើយ​ដើមឈើ​ផលិត​ជ័រ​ទឹក​រាប់​ពាន់​ដើម​ ដែល​ជន​ជាតិ​ដើម​ភាគតិច​កួយ ​តែង​តែ​ដង​ជ័រ​ទឹក​លក់ បាន​បាត់បង់​ទាំង​ស្រុង។

សមាជិក​សហគមន៍​ភ្នំ​ជម្រក​សត្វ និង​ជា​ជន​ជាតិ​ដើម​ភាគ​តិច​កួយ​ម្នាក់​ទៀត គឺ​លោក កាន់ ទេព បានឱ្យដឹងថា អ្នក​ភូមិ​ជាង ៤០០គ្រួសារ មិន​ហ៊ាន​ចូល​ព្រៃ​ជាង ១ឆ្នាំ​មក​ហើយ​។ ប្រការ​នេះ​ធ្វើ​ឱ្យ​អ្នកភូមិ​ជួប​ការ​លំបាក គ្មាន​ការងារ​ធ្វើ​ ដោយសារ​បាត់បង់​ប្រភព​ចំណូល​។

លោក កាន់ ទេព បានបន្ត​ថា​ ព្រៃ​អភិរក្ស​ក្នុង​តំបន់​នោះ មាន​ភាព​មិន​ប្រក្រតី​ច្រើន និង​មាន​គំនាប​ពីសំណាក់​មន្ត្រី​បរិស្ថាន ធ្វើ​ឱ្យ​ពលរដ្ឋ​ភ័យខ្លាច ក្នុងការចេញចូល​តំបន់​នោះ។

លោក​សង្កត់​ធ្ងន់​ថា មន្ត្រី​បរិស្ថាន​ព្យាយាម​ប្តឹង​ផ្តល់​គណៈកម្មការ​សហគមន៍​ ដើម្បី​គំរាម​បំបាក់​ទឹក​ចិត្ត​ពួកគាត់​មិន​ឱ្យ​ពាក់ព័ន្ធ​នឹង​ព្រៃ​អភិរក្ស​នេះ។ លោក​បារម្ភ​ថា ការ​ពន្យារ​ពេល​មិន​បង្កើត​សហគមន៍​ទេសចរណ៍​ឡើង​វិញ​ នឹង​ធ្វើ​ឱ្យ​ព្រៃឈើ​ថយ​ចុះ​កាន់​តែ​ច្រើន សូម្បី​តែ​ភ្នំ​ធម្មជាតិ​ច្រើន​កន្លែង​ក៏​ប៉ះពាល់​ដែរ។

លោក កាន់ ទេព បន្ថែមថា៖ «បាត់​បង់​ព្រៃ​វា​ប៉ះពាល់​ច្រើន តាំង​ពី​សត្វ​ព្រៃ​ សូម្បី​ខ្ញុំ​ជា​ជនជាតិ​ដើម​ភាគ​តិច​មួយ​ចំនួន​ចង់​មក​រក​បន្លែ​បង្ការ​ក៏​ពិបាក​ដែរ។ ​អ៊ីចឹង​វា​នៅ​ក្នុង​គំនាប​របស់​មន្ត្រី​បរិស្ថាន។ អ៊ីចឹង​យើង​មិន​អាច​ចូល​ទៅ​ព្រៃ​បាន​ទេ គេ​ហាម​ឃាត់។ ទី២ ​បើ​ពួក​ខ្ញុំ​ចង់​ទៅ​រក​ត្រី​ខ្យង និង​រក​អុស​ក៏​ពិបាក​ដែរ»

ប្រជាសហគមន៍ភ្នំជម្រកសត្វ កំពុងពិភាក្សាគ្នារកដំណោះស្រាយ ក្រោយពីសហគមន៍ផ្អាកដំណើរការ នៅថ្ងៃទី១៧  ខែតុលា ឆ្នាំ២០២៥។ (ខេមបូចា/ ម៉ែន ចន្ធី)

ចំណែក​អនុប្រធាន​សហគមន៍​ភ្នំ​ជម្រក​សត្វ លោក វង្ស កែន បានលើកឡើង​ថា​ ពេល​ព្រៃ​សហគមន៍​គេ​យក​ស្ទើរ​ទាំង​អស់​ដូច្នេះ ពលរដ្ឋ​មាន​សង្ឃឹម​អ្វី​ទៀត គឺ​មាន​តែ​ចំណាក​ស្រុក​ និង​ធ្វើការ​រោង​ចក្រ។ លោកបន្តថា ព្រៃ​សហគមន៍​ទំហំ​៤​ពាន់​ហិកតាជាង អាច​នឹង​ជួយ​រំដោះ​ទុក្ខ​អ្នក​ក្រីក្រ ​ ដែល​រំពឹង​លើ​អនុផល​ព្រៃឈើ​រួមមាន ​ត្រី​សាច់ និង​ក្តាម​ខ្យង​ក្នុង​ព្រៃ​សហគមន៍​។ លោក​បន្ត​ថា ការ​បង្កើត​សហគមន៍​ ដើម្បី​ស្វែង​រក​ថវិកា ការពារ​ព្រៃ ហើយ​ផ្តល់​ប្រាក់​ចំណូល​ក្នុង​សហគមន៍​មូលដ្ឋាន។

លោក វង្ស កែន ស្នើ​ឱ្យ​អាជ្ញាធរ​រៀបចំ​គណៈកម្មការ​សហគមន៍​ឡើង​វិញ ដើម្បី​ការពារ​ព្រៃ​ ដែល​នៅ​សេស​សល់ ខណៈ​មួយ​រយៈ​​កាល​ចុង​ក្រោយ​នេះ ​សកម្មភាព​ទន្ទ្រាន​ដី​ព្រៃ​សហគមន៍​យក​កម្ម​សិទ្ធិ​បន្ត​កើន​មាន​ច្រើន ស្រប​ពេល​ដែល​គ្មាន​វត្តមាន​គណៈកម្មការ​សហគមន៍​ប្រចាំការ​។

លោកបានបញ្ជាក់​ថា មក​ទល់​ពេល​នេះ ប្រធាន​សហគមន៍​ភ្នំ​ជម្រក​សត្វ និង​ជា​ប្រធាន​គណៈកម្មការ​អេកូ​ទេសចរណ៍​ លោក ម៉ឹង រដ្ឋា ​កំពុង​ជាប់​ពន្ធនាគារ​ជាង​មួយ​ឆ្នាំ​មក​ហើយ​  ហើយ​លោក​ក៏​កំពុង​ជាប់​​បណ្តឹង​​នៅ​តុលាការ​នៅ​ឡើយ​។

លោកបន្តទៀត​ថា អាជ្ញាធរ​ឆ្វៀល​ដី​ព្រៃ​អភិរក្ស​នេះ​ផ្តល់​ជា​សកម្ម​សិទ្ធិ​ឯកជន ទំហំ​ជាង ៣​ពាន់​ហិកតា​ឱ្យ​អ្នក​ស្រី កែកុល សោភា តំណាង​ពលរដ្ឋ ១០គ្រួសារ​ ធ្វើ​ឱ្យ​ព្រៃ​អភិរក្ស​នេះ​រួម​តួច ហើយ​សហគមន៍​ខ្លះ​ទៀត​មិន​ទទួល​បាន​ព័ត៌មាន ពី​ការ​ឆ្វៀល​ដី​ទាំង​នេះ​ទេ។

លោក វង្ស កែន បន្ថែមថា៖ «គេ​ធ្វើ​អាជីវកម្ម​ឈើ បើ​ឈើ​កាប់​រាល ជន្លង់​ម្រេច​កាប់​តាំង​ពី​អុស​អង្កន់ ប៉ុន​ករ​ជើង​ និង​ភ្លៅ កាប់​បំបោល​ខ្ទេចខ្ទី​អស់​បាត់​ហើយ។ មន្ត្រី​បរិស្ថាន​ចោទ​ប្រកាន់​លោក​ថា​ កាប់​រុក​រាន​ព្រៃ យក​ធ្វើ​កម្ម​សិទ្ធិ​ផ្ទាល់​ខ្លួន ​តែ​មួយ​ម៉ែត្រ​ការ៉េ​ក៏​ខ្ញុំ​មិន​មាន​ទេ ឈើ​មួយ​ម៉ែត្រ​ក៏​ខ្ញុំ​អត់​មាន​ដែរ​ មាន​តែ​ការពារ​ព្រៃ ដល់​អ្នក​កាប់​ឈើ ​និង​ឈូស​ឆាយ​ពិត​ប្រាកដ​បែរ​ជា​មិន​ប្តឹង ប្តឹង​ពួក​ខ្ញុំ​អ្នក​ការពារ​វិញ»

កាលពី​ថ្ងៃទី​៦ ខែ​កក្កដា ឆ្នាំ​២០២៣ មាន​ស្ត្រី​ម្នាក់ ដែល​អះអាង​ថា ជា​តំណាង​ពលរដ្ឋ ១០​គ្រួសារ រស់នៅ​រាជធានី​ភ្នំពេញ ឈ្មោះ កែកុល សោភា ជា​ម្ចាស់​ក្រុមហ៊ុន​ថ្ម​ម៉ាប លឹម វត្តី បាន​ស្នើ​សុំ​អភិបាល​ខេត្ត​ស្ទឹងត្រែង លោក ស្វាយ សំអ៊ាង ឈូស​ឆាយ​កាយ​ក្រវាត់​ព្រំដី និង​បោះ​បង្គោល​ព្រំ​លើ​​ផ្ទៃ​ដី​ជាង ៣​ពាន់​ហិកតា (៣០៦៤)ដើម្បី​ចុះ​បញ្ជី​ដី​ធ្វើជា​កម្មសិទ្ធិ​ឯកជន។ ​តំបន់​នោះ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រសួង​បរិស្ថាន ​​ក្នុង​ភូមិ​ឆ្វាំង ឃុំ​សំអាង ស្រុក​ថាឡាបរិវ៉ាត់។

យោង​តាម​លិខិត​ចុះ​ហត្ថលេខា​ដោយ​អតីត​អភិបាល​ខេត្ត​ស្ទឹងត្រែង លោក ស្វាយ សំអ៊ាង ចុះ​ថ្ងៃ​ទី១៣ ខែ​កក្កដា ឆ្នាំ២០២៣ បាន​ឯកភាព​ព្រម​តាម​សំណើ​របស់​អ្នកស្រី កែកុល សោភា ដែល​ស្នើ​សុំ​ចុះ​បញ្ជី​ដី​កម្ម​សិទ្ធិ​ឯកជន​ជាង ៣ពាន់​ហិកតា(៣០៦៤) ខណៈ​ដែល​សហគមន៍​អះអាង​ថា​ តំបន់​នោះ​ប៉ះចំ​ព្រៃ​សហគមន៍​ភ្នំ​ជម្រក​សត្វ​។ ខ្លឹមសារ​លិខិត​បង្ហាញ​ថា ដី​ជាង ៣​ពាន់​ហិកតា​នេះ​ពួកគេ​បាន​ទិញ​ពី​ពលរដ្ឋ​ដែល​កាន់​កាប់ អាស្រ័យ​ផល​តាំង​ពី​ឆ្នាំ២០១២ ដែល​មាន​ផ្ទៃ​ដី ៣០៦៤ហិកតា​ ស្ថិត​ក្នុង​ភូមិ​ឆ្វាំង ឃុំ​សំអាង ស្រុក​ថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

ឆ្លើយ​តប​នឹង​លិខិត​នេះ អនុ​ប្រធាន​គណៈកម្មការ​សហគមន៍​ភ្នំ​ជម្រក​សត្វ លោក វង្ស កែន ច្រានចោល​ចំពោះ​លិខិត​នេះ ដោយ​លើក​ហេតុ​ផល​ថា ជា​រឿង​មិន​ពិត និង​ភូត​កុហក។ លោកបន្ត​ថា ដី​ក្នុង​តំបន់​នោះ ​ដែល​អ្នកស្រី កែកុល សោភា ស្នើ​សុំ​ចុះ​បញ្ជី​ដី​កម្ម​សិទ្ធិ​ឯកជន ទំហំ​ជាង ៣ពាន់​ហិកតា គឺ​ជា​ដី​ព្រៃ​សុទ្ធ ស្ថិតក្នុងដែនអភិរក្សរបស់សហគមន៍ភ្នំជម្រកសត្វ ពុំ​មែន​ជា​កម្ម​សិទ្ធិ​របស់​ពលរដ្ឋ​ណា​មួយ​ឡើយ។

លោក វង្ស កែន បានបន្ថែមថា៖«រឿង​ហ្នឹង​[អ្នកស្រី សោភា]​កុហក​គេ​ទេ  មាន​ដី​ពលរដ្ឋ​អី​ណា ​ដី​ព្រៃ​សុទ្ធ​ហ្នឹង។ ដល់​បង្កើត​សហគមន៍​បាន​ប៉ុន្មាន​ឆ្នាំ​ទេ បាន​គេ​ស្នើ​សុំ សហគមន៍​បង្កើត​មុន​យូរ​ណាស់​ [អ្នកស្រី សោភា]​កុហក​ក្លែង​ឯកសារ ដើម្បី​[អ្នកស្រី]​ចង់​បាន​ជា​កម្ម​សិទ្ធិ​របស់​[ក្រុមអ្នកស្រី]»

សារព័ត៌មានខេមបូចា ​មិន​ទាន់​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​ជុំវិញ​រឿង​នេះ ពី​អ្នក​ស្រី កែកុល សោភា តំណាង​ពលរដ្ឋ​១០​គ្រួសារ និង​ជា​ម្ចាស់​ក្រុមហ៊ុន លឹមវត្តី បាន​នៅ​ឡើយ​ទេ​នៅ​ថ្ងៃទី ចាប់តាំងពីថ្ងៃទី១៧ ដល់២៤ ខែតុលា។

ស្នាក់ការដែនជម្រកសត្វព្រៃឆែប-ព្រះរកា ក្នុងខេត្តស្ទឹងត្រែង ដែលសហគមន៍ថា មន្ត្រីបរិស្ថាន​ទើបសាងសង់នៅឆ្នាំ២០២៣ ត្រួតគ្នានឹងតំបន់ព្រៃសហគមន៍ភ្នំជម្រកសត្វ។​ រូបនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥។ (ខេមបូចា/ ម៉ែន ចន្ធី)

ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ស្ទឹងត្រែង លោក ស្រេង ជាហេង ប្រាប់​ សារព័ត៌មានខេមបូចា ​យ៉ាង​ខ្លី​ថា​ កិច្ចការ​នេះ​មន្ត្រី​ជំនាញ​អនុវត្ត​តាម​នីតិវិធី ស្រប​តាម​លិខិត​បទដ្ឋាន​គតិ​យុត្តិ​​ទាំង​អស់។

ចំពោះ​សំណួរ​របស់អ្នកសារព័ត៌មាន​ខេមបូចា​ថា ការ​ឆ្វៀល​ដី​ព្រៃ​ជា​កម្ម​សិទ្ធិ​ឯកជន ឱ្យ​អ្នក​ស្រី ​កែកុល ​សោភា មាន​ប៉ះ​ចំ​ដែន​ជម្រក​សត្វ​ព្រៃ​ឆែប-​ព្រះ​រកា​ដែរ​ទេ?  លោក​ប្រធាន​មន្ទីរ​បរិស្ថាន​រូប​នេះ ​នៅ​​មិនទាន់​បកស្រាយ​លម្អិត​នៅឡើយ​ទេ ដោយ​លោក​ថា ជាប់​រវល់​ប្រជុំ។

លោកបានបញ្ជាក់ថា៖ «ការងារ​នេះ​ទាល់​តែ​ចួបគ្នា​បាន​និយាយ​បាន ខ្ញុំ​ជាប់​ប្រជុំ​មិន​អាច​និយាយ​តាម​ហ្នឹង​បាន​ទេ  បាទ អរគុណ»

ចំណែក​ប្រធាន​មន្ទីរ​កសិកម្ម លោក ទុំ នីរ៉ូ បានប្រាប់​តាម​បណ្តាញ​សង្គម​តេឡេ​ក្រាម​ថា​ យោង​តាម​អនុក្រឹត្យ​ស្តី​ពី​ការ​បង្កើត​ដែន​ជម្រក​សត្វ​ព្រៃ​ឆែប-ព្រះ​រកា ​លេខ ១៧៤ កាល​ពី​ខែ​កក្កដា ឆ្នាំ២០២៣ តំបន់​អភិរក្ស​នេះ​គ្រប​ដណ្តប់​លើ​ផ្ទៃ​ដី​សហគមន៍​ព្រៃឈើ​ជាង ៩០ភាគរយ។

លោកបន្ត​ថា បច្ចុប្បន្ន​ផ្ទៃ​ដី​របស់​សហគមន៍​មាន​ខ្ទង់ ២០០ហិកតា​ប៉ុណ្ណោះ​ដែល​ជា​ផ្ទៃ​ដី​ស្ថិត​នៅ​ក្រៅ​ដែន​ជម្រក​សត្វ​ព្រៃ​ឆែប-ព្រះ​រការ ​​ក្រោម​ការ​គ្រប់គ្រង​របស់​មន្ទីរ​កសិកម្ម​។

លោក ទុំ នីរ៉ូ បានថ្លែងថា៖ «មិន​ទាន់​បាន​កំណត់​ព្រំ​ដី​សហគមន៍​ឡើង​វិញ​នៅ​ឡើយ​ទេ។ មន្ត្រី​ជំនាញ​ព្រៃឈើ​នឹង​ចុះ​ធ្វើ​នា​ពេល​ខាង​មុខ»

ចំណែក មេភូមិ​ឆ្វាំង ឃុំសំអាង លោក រស់ សឿន បានឱ្យដឹង​ថា ការ​បង្កើត​សហគមន៍​ឡើង​វិញ អាស្រ័យ​លើ​ពលរដ្ឋ​ចូល​រួម​ផ្ទាល់​  ហើយ​លោក​ក៏​គាំទ្រ​ដែរ។ លោកបន្ត​ថា ពលរដ្ឋ​ក្នុង​ភូមិ​ឆ្វាំង​សរុប​ជាង ៩០០គ្រួសារ​ ក្នុង​នោះ​មាន​ជនជាតិ​ដើម​ភាគតិច​កួយ​ជាង ៤០០គ្រួសារ។

លោក រស់ សឿន៖ «មិន​ដឹង​ជា​ថា​យ៉ាង​ណា​ទេ​រឿង​ហ្នឹង បើ​គេ​បង្កើត​ពិបាក​អី ឱ្យ​តែ​បងប្អូន​គេ​ចូល​រួម​តើ សម្រាប់​បុគ្គល​ខ្ញុំ​ម្នាក់​ធ្វើ ធ្វើ​អី។  បើ​រៀប​សហគមន៍ ពលរដ្ឋ​អាច​ទទួល​បាន​ការងារ​ធ្វើ​ខ្លះៗ​ និង​កាត់​បន្ថយ​ចំណាក​ស្រុក»

ដោយឡែក លោក វង្ស កែន បានបន្តទៀត​ថា កន្លង​ទៅ​សហគមន៍​នេះ​ មាន​សមាជិក​ចូលរួម​ចំនួន​ជាង ៤០០គ្រួសារ ​ដោយ​ក្នុង​នោះ​មានគណៈកម្មការ​ចំនួន​១១នាក់។  លោកបន្ថែមថា ការបាត់បង់​ព្រៃ​នឹង​ធ្វើ​ឱ្យ​ពលរដ្ឋ​ធ្វើ​ចំណាក​ស្រុក​កាន់​តែ​ច្រើន​ ហើយ​ពលរដ្ឋ​ខ្លះ​ទៀត​ស្វែង​រក​ការងារ​នៅតំបន់ឆ្ងាយៗ​ដូច​ជា​ធ្វើការ​រោង​ចក្រ​ជាដើម។

លោកបានលើកឡើង​ថា ការបង្កើត​សហគមន៍​ទេសចរណ៍​ដើម្បី​ស្វែង​រក​ថវិកា ទិញ​សាំង និង​សម្ភារៈ​ដើរ​ល្បាត​ការពារ​ព្រៃ​ ព្រម​ទាំង​ជួយ​បង្កើត​ប្រាក់​ចំណូល​ក្នុង​សហគមន៍។

លោក វង្ស កែន បានបញ្ជាក់បន្ថែមថា៖ «ដល់​គេ​យក​ដី​ព្រៃ​អស់​យើង​បាន​អី​ទី​សង្ឃឹម មាន​តែ​ចំណាក​ស្រុក។ អ្នក​ខ្វះខំសង្ឃឹម​ព្រៃ​ដើម្បី​អាស្រ័យ​ផល អនុផល​ព្រៃ​ឈើ ត្រី​សាច់ ចាប់​ក្តាម​ខ្យង នៅ​តែ​ក្រ​នៅ​ឡើយ។ សហគមន៍​នេះ​ បង្កើត​ឡើង​មុន​សហគមន៍​ព្រៃឈើ ដល់​ចុង​ក្រោយ​មក បង្កើត​ថែម​សហគមន៍​អេ​កូ​ទេសចរណ៍»

មេឃុំ​សំអាង លោក គាំ សារាំ ប្រាប់ សារព័ត៌មាន​ខេម​បូចា ដោយផ្ទាល់​ថា កន្លង​មក​ដី​ព្រៃ​សហគមន៍​ភ្នំ​ជម្រក​សត្វ​ មាន​ទំហំ ៤ពាន់​ហិកតា​ជាង​(៤១១៥) ក៏​ប៉ុន្តែ​ក្រោយ​មក ការ​បែង​ចែក ​គឺ​មិន​ទាន់​ដាច់​ស្រេច​ទេ​ ហើ់យ​លោក​ក៏​មិន​ដឹង​រឿង​នេះ​ច្បាស់​ទេ។ លោក​ក៏​មិន​ជំទាស់​ក្នុង​ការ​រៀបចំ​សហគមន៍​ឡើង​វិញ​ដែរ​ ប្រសិន​បើ​មាន​ច្បាប់​ទម្លាប់​ត្រឹមត្រូវ និង​មាន​កិច្ច​សហការ​ជាមួយ​មន្ទីរ​ទេសចរណ៍​។

លោក គាំ សារាំ បានថ្លែងថា៖ «អាហ្នឹង​គឺ​ឆន្ទៈ​របស់​ពលរដ្ឋ​គេ​ចង់​បាន ឱ្យ​តែ​ពលរដ្ឋ​ចង់​បង្កើត​មាន​ស្អី ​បង្កើត​ក៏​បង្កើត​ទៅ​មាន​អី ឱ្យ​សំខាន់​ច្បាប់​ពី​លើ​ឱ្យ​ច្បាស់​លាស់។ សំខាន់​បែង​ចែក​តំបន់​ទេសចរណ៍​និង​កន្លែង​បរិស្ថាន»

ចំណែក​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ស្ទឹងត្រែង លោក អ៊ន់ ប៉ោសឿន បានលើកឡើងតាម​តេឡេ​ក្រាម​ថា (Telegram) សហគមន៍​អេកូ​ទេសចរណ៍​ភ្នំ​ជម្រក​សត្វ​ ក្រុម​ការងារ​លោក​បាន​ចុះ​សិក្សា​រួច​មក​ហើយ និង​បាន​ប្រជុំ​ជាមួយ​អាជ្ញាធរ​ឃុំ​រួច​ហើយ​ ហើយ​លោក​បាន​សុំ​ការ​អនុញ្ញាត​សុំ​គោលការណ៍​ពី​លោក​អភិបាលខេត្ត​ដែរ ក្នុង​បំណង​រៀប​ចំ​ដំណើរ​ការ​សហគមន៍​ឡើង​វិញ​។

 លោក​បញ្ជាក់​ថា សហគមន៍​ផ្អាក​សកម្មភាព​មួយ​រយៈ ព្រោះ​តែ​គ្មាន​វត្តមាន​ប្រធាន​សហគមន៍។

លោក​បន្ថែម​ថា​ តំបន់​នោះ​ត្រូវ​រៀបចំ​គោល​បំណង​ច្បាស់​លាស់ គ្រប់​គ្រង​អ្វី​ដែល​មាន​ស្រាប់​ដែល​អាច​ប្រើប្រាស់​បាន។

លោក ប៉ោសឿន បានថ្លែងថា៖ «អ្វី​សំខាន់​ខ្ញុំ​ចង់​គ្រប់គ្រង​លើ​ផ្ទៃ​ដី ដែល​សហគមន៍​កំពុង​ដំណើរ​ការ​ បឋម​សិន ផ្ទៃ​ដី​ជុំ​វិញ​តំបន់​ភ្នំ​ជម្រក​សត្វ បាន​យើង​អាច​អ្វី​សេវាកម្ម​បាន ផ្សា​ភ្ជាប់​ព្រៃ​សហគមន៍។ បាទ​គឺ​យើង​ត្រៀម​រៀបចំ​ការ​រងារ​ហ្នឹង​ឡើង​វិញ​ដែរ បាទ»

អភិបាល​ខេត្ត​ស្ទឹងត្រែង លោក សរ សុពុត្រា ជំរុញ​ឱ្យ ​អ្នក​យក​ព័ត៌មាន​ខេមបូចា​ សួរ​អ្នក​នាំ​ពាក្យ ព្រោះ​លោក​កំពុង​ប្រជុំ។

តំបន់ភ្នំឈ្ងោក ស្ថិតក្នុងព្រៃសហគមន៍ភ្នំជម្រកសត្វ ដែលសហគមន៍ថា ធ្លាប់តែសម្បូរព្រៃឈើ តែបច្ចុប្បន្នក្លាយជាវាល។ រូបថតនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥។ (ខេមបូចា/ ម៉ែន ចន្ធី)

អភិបាល​រង​ខេត្ត និង​ជា​អ្នក​នាំ​ពាក្យ​រដ្ឋបាល​ខេត្ត​ស្ទឹងត្រែង លោក ម៉ែន គុង មាន​ប្រសាសន៍​ថា​ អាជ្ញាធរ​ខេត្ត​​គាំទ្រ​សហគមន៍ ​ដែល​ចង់​អភិវឌ្ឍន៍​សហគមន៍​ព្រៃឈើ ​ក៏​ប៉ុន្តែ​បំណង​នេះ​មិន​ត្រូវ​ឱ្យ​មាន​ទំនាស់​​​វិវាទលើ​ដី​ធ្លី​ឯកជន ឬ​ក៏​ដី​តំបន់​ការពារ​នោះ​ទេ។ ចំណែក​ដី​កម្មសិទ្ធិឯកជន​របស់​ពលរដ្ឋ ១០​គ្រួសារ​រស់​នៅ​រាជ​ធានី​ភ្នំពេញ​មាន​ទំហំ​ជាង ៣ពាន់ហិកតា អាជ្ញាធរ​បាន​កាត់​ឆ្វៀល​ចេញ​រួច​ហើយ ដោយ​មាន​អនុប្រយោគ​រួច​ហើយ​ដែរ​។

លោក ម៉ែន គុង៖ «ពី​មុន​គាត់​លើក​ស្លាក​ តែ​មិន​ទាន់​មាន​លិខិត​អនុញ្ញាត​ជា​ផ្លូវ​ការ​ទេ។ ផ្ទៃ​ដី​សហគមន៍​ពី​មុន​មក គាត់​មាន​ប៉ុន្មាន ខ្ញុំ​ចាំ​មិន​អស់​ទេ ។ ជា​រួម​សម្រាប់​អាជ្ញាធរ​ខេត្ត​ពេល​ដែល​គាត់​រៀបចំ​សហគមន៍​អេកូ​ទេសចរណ៍​ក្តី សហគមន៍​ព្រៃ​ឈើ​ក្តី ​និង​សហគមន៍​ការពារ​ធម្មជាតិ​ក្តី ឱ្យ​វា​មាន​លក្ខណៈ​សម​ស្រប គ្មាន​វិវាទ​ទំនាស់ ​ជាមួយ​ដី​ឯកជន​ ក៏​ដូច​ជា​មិន​មាន​ផល​ប៉ះពាល់​តំបន់​ការពារ​ធម្មជាតិ​ផ្សេង​ទៀត ក្នុង​គោលការណ៍​ច្បាប់ ខេត្ត​គាំទ្រ​ លើក​ទឹក​ចិត្ត​តាម​នីតិ​វិធី»

ប្រធាន​អង្គការ​ពន្លក​ខ្មែរ លោក ប៉ឹក សោភ័ណ សង្កេត​ឃើញ​ថា ព្រៃ​ការពារ​ និង​តំបន់​ការពារ​មួយ​ចំនួន ក្រោយ​ពី​ផ្ទេរ​ពី​រដ្ឋបាល​ព្រៃឈើ ទៅ​ឱ្យ​ក្រសួង​បរិស្ថាន​គ្រប់គ្រង​វិញ គឺ​កើត​មានទំនាស់​ច្រើន​ រវាង​សហគមន៍​ព្រៃឈើ ជាមួយ​ឈ្មួញ​ពី​ខាង​ក្រៅ ដោយសារ​គ្រប់គ្រង​មិន​ច្បាស់លាស់។

លោកបន្ត​ថា ​ដំណាក់​ការ​ចុង​ក្រោយ​នេះ​ប្រមុខ​រដ្ឋាភិបាល​ប្ដេជ្ញា​ថា​  មិន​មាន​ការ​កាត់ឆ្វៀល​ព្រៃ​ក្នុង​តំបន់​ណា​មួយ ​ឱ្យ​ឈ្មួញ​ក្នុង​ដែន​សហគមន៍​តំបន់​ការពារ​នោះ​ទេ ក៏​ប៉ុន្តែ​លោក​មើល​​ឃើញថា ​បញ្ហា​ទាំង​អស់​នេះ​តែង​តែ​កើត​មាន​ជា​រឿយៗ។

លោក​ស្នើ​ឱ្យ​អាជ្ញាធរ​​រួសរាន់ ដោះស្រាយ​បញ្ហា​នេះ ដើម្បី​ផ្តល់​ប្រយោជន៍​ដល់​សហគមន៍​មូលដ្ឋាន​ ប្រសិន​បើ​អាជ្ញាធរ​បណ្តោយ​ឱ្យ​ទំនាស់​នេះ​អូស​បន្លាយ​ពេល អ្នក​ខាតបង់​គឺ​ពលរដ្ឋ​ ធ្វើ​ឱ្យ​ពួកគាត់ធ្វើ​ចំណាក​ស្រុក​កាន់​តែ​ច្រើន។

លោក ប៉ឹក សោភ័ណ បានបន្ថែមថា៖ ដូច្នេះ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ត្រូវ​មាន​ការ​ជជែក​សើរើ​ ជា​ពិសេស​គឺ​អាជ្ញាធរ​មូលដ្ឋាន គួរ​មាន​ការ​ស៊ើប​អង្កេត និង​ពិនិត្យ​មើល តើ​តំបន់​ការពារ​ទាំង​អស់​ហ្នឹង មាន​ការ​ត្រួត​ស៊ីគ្នា​ រវាង​ការ​គ្រប់គ្រង​ដោយ​សមត្ថកិច្ច​ណា​ខ្លះ​ដោះស្រាយ​មិន​ចេញ ធ្វើ​ឱ្យ​ខាត​ប្រយោជន៍​ពលរដ្ឋ​ ដែល​លោក​ចូលរួម​ស្ម័គ្រ​ចិត្ត។

ជុំវិញរឿងនេះ មន្ត្រី​ផ្នែក​គោល​នយោបាយ និង​តស៊ូ​មតិ​នៃ​អង្គការ​ភាព​ជា​ដៃ​គូ​ដើម្បី​បរិស្ថាន និង​ការ​អភិវឌ្ឍ(PED) កញ្ញា ហេង គឹមសួ យល់​ថា កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​សហគមន៍​ នឹង​ជួយ​កាត់​បន្ថយ​ការ​កាប់​បំផ្លាញ​ទន្ទ្រាន​ដី ការ​កាប់​ព្រៃ​ឈើ និង​ធនធាន​ធម្មជាតិ ព្រមទាំងជួយការពារ​ព្រៃឈើ​ដែល​ពួកគាត់​អាស្រ័យ​ផល។

កញ្ញា​បន្ត​ថា  បញ្ហា​នេះ​​ប៉ះពាល់​ជនជាតិ​ដើម​ភាគ​តិច​យ៉ាងហោច​ណាស់ជាង ៤០០គ្រួសារ គឺ​ជា​រឿង​ធំ​ដែល​អាជ្ញាធរ​ត្រូវ​ពន្លឿន​ដោះស្រាយ​បញ្ហា​ប្រឈម​ឱ្យ​ចំ​គោល​ដៅ​។

កញ្ញា ហេង គឹមសួ បានបន្តថា៖ «មែន​ទែន​ទៅ សិទ្ធិការពារ​ព្រៃឈើ​ក៏​ដូច​ជា ការពារ​ធនធាន​ធម្មជាតិ​នៅ​ស្រុក​ខ្មែរ​ រាង​ធ្លាក់​ចុះ ដោយសារ​អាជ្ញាធរ​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​  និង​រឹតត្បិត​សិទ្ធិ​សេរីភាព​ច្រើន​ក្នុង​ការពារ​ព្រៃឈើ។ អាជ្ញាធរ​គួរតែ​គិត​ពី​ចំណុច​នេះ​សារ​ឡើង​វិញ ហើយ​បើក​ចំហ​សេរីភាព​សិទ្ធិ​មនុស្ស​ និង​សិទ្ធិ​ព័ត៌មាន ដើម្បី​ឱ្យ​ការ​ការពារ​ព្រៃឈើ​កាន់​តែ​ទូលំទូលាយ ហើយ​មាន​អ្នក​ការពារ​ព្រៃឈើ​ច្រើន​ ដើម្បី​ឱ្យ​មានការ​ពារ​ធនធាន​ធម្មជាតិ​កាន់​តែ​ច្រើន»

យោង​តាម​អនុក្រឹត្យ​ស្តី​ពី​ការ​បង្កើត​ដែន​ជម្រក​សត្វ​ព្រៃ​ឆែប-ព្រះ​រកា ចុះ​​ហត្ថលេខា​​ដោយ ​អតីត​នាយក​រដ្ឋ​មន្ត្រី​ លោក ហ៊ុន សែន​ កាល​ពី​ខែ​កក្កដា ឆ្នាំ២០២៣ ប្រការ១ និងប្រការ១ ចែងថា  ដែន​ជម្រក​សត្វព្រៃ​ឆែប-ព្រះ​រកា ​មាន​ផ្ទៃ​ដី​ជាង ៣សែន ៤ម៉ឺនហិកតា​ ( ២៤៧ ៥៦៨ ) ស្ថិត​ក្នុង​ខេត្ត​ព្រះវិហារ និង​ខេត្ត​ស្ទឹងត្រែង។ អនុក្រឹត្យ​នេះ​មាន​បំណង​ថែ​ទាំ​ទី​ជម្រក​សត្វ​ព្រៃ និង​ប្រព័ន្ធ​អេ​កូឡូស៊ី រក្សាលំ​នឹង​បរិស្ថាន រួម​ចំណែក​កាត់​បន្ថយ​ការ​ប្រែប្រួល​អាកាសធាតុ​ ព្រម​ទាំង​ហានិភ័យ​គ្រោះ​មហន្តរាយ​ធម្មជាតិ។ ធានា​ការ​ប្រើប្រាស់​ធនធាន​ធម្មជាតិ​ប្រកប​ដោយ​​និរន្តរភាព ហើយ​លើក​កម្ពស់​ការ​ចូលរួម​របស់​សហគមន៍​មូលដ្ឋាន ក្នុង​ការ​គ្រប់គ្រង ការ​ការពារ​ អភិរក្ស​ជីវៈចម្រុះ​ និង​ធនធាន​ធម្មជាតិ​ក្នុង​តំបន់​។

ចំណែកប្រជាសហគមន៍ និងអនុប្រធានសហគមន៍ លោក វង្ស កែន ស្នើឱ្យអាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធជួយពន្លឿនរកដំណោះស្រាយជូនសហគមន៍ឱ្យដំណើរការដូចដើមឡើងវិញ។ ពួកគាត់អះអាងថា ប្រសិនបើអាជ្ញាធរអត់ចុះមករៀបចំសហគមន៍ឡើងវិញទេ ពួកគាត់ក៏អត់ហ៊ានចូលទៅសហគមន៍វិញដែរ។

លោក វង្ស កែន បានបន្ថែមថា៖ «រាល់ថ្ងៃហ្នឹងគណៈកម្មការសហគមន៍អត់មាននរណាហ៊ាននៅទេ ព្រោះខ្លាច ព្រោះគេចាប់ប្រធានហើយ ដូចជាខ្ញុំជាអនុប្រធាន កំពុងជាប់បណ្តឹងនៅតុលាការ សមាជិកក្រោយៗអត់ហ៊ាននៅ ឈប់ផ្អាកមួយរយះវិញ »៕

172 views
ព័ត៌មានថ្មី
អត្ថបទពេញនិយម