សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

សកម្មជនព្រៃឈើចោទមន្ទីរបរិស្ថានខេត្តស្ទឹងត្រែងថាប្តឹងលោកគ្មានទីតាំងបទល្មើសច្បាស់លាស់

លោក អ៊ុក ម៉ៅ សកម្មជនព្រៃឡង់ចង្អុលកន្លែងដែលប្រធានមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង លោក ស្រេង ជាហេង ប្តឹងពីបទកាប់គាស់រុករានដីព្រៃយកមកធ្វើជាកម្មសិទ្ធិ។ រូបភាពថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២៤ ។ (ខេមបូចា/ម៉ែន ចន្ធី)
លោក អ៊ុក ម៉ៅ សកម្មជនព្រៃឡង់ចង្អុលកន្លែងដែលប្រធានមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង លោក ស្រេង ជាហេង ប្តឹងពីបទកាប់គាស់រុករានដីព្រៃយកមកធ្វើជាកម្មសិទ្ធិ។ រូបភាពថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២៤ ។ (ខេមបូចា/ម៉ែន ចន្ធី)

សកម្មជនការពារព្រៃឈើជាជនជាតិដើមភាគតិចកួយនៅខេត្តស្ទឹងត្រែង លោក អ៊ុក ម៉ៅ បារម្ភពីការចាប់ខ្លួន និងបាត់ឱកាសការពារធនធានធម្មជាតិបន្តទៀត បន្ទាប់ពីតុលាការកាត់ទោសលោកឲ្យជាប់ពន្ធនាគារ ពាក់ព័ន្ធការចោទប្រកាន់ករណីកាប់ដីព្រៃធ្វើជាកម្មសិទ្ធិ។ លោកអះអាងថាប្រធានមន្ទីរបរិស្ថានប្តឹងលោកចំនួន៣បណ្តឹងទៅតុលាការ ប៉ុន្តែទីតាំងនិងអង្គហេតុមិនមានភាពច្បាស់លាស់ទេ។

ប្រធាន​មន្ទីរ​បរិស្ថានខេត្តស្ទឹងត្រែង លោក ស្រេង ជាហេង បាន​ប្តឹង លោក អ៊ុក ម៉ៅ  ពីបទកាប់​គាស់​រុករានឈូសឆាយ​ដី​ព្រៃ​ធ្វើ​ជា​កម្ម​សិទ្ធិ ដែល​ប្រព្រឹត្ត​ឡើង​នៅ ៣ តំបន់​ផ្សេងៗ​គ្នា ប៉ុន្តែពេលតុលាការ សាកសួរដេញដោល លើទីតាំងតែមួយ។

ចំពោះ​សំណុំ​រឿង​ទីមួយ​ប្តឹងនៅថ្ងៃទី២៦ ខែ​កុម្ភៈ ​ឆ្នាំ២០២២ ឋិត​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃឡង់ ចំណុច​អូរ​ចំម្រេះ ក្នុងភូមិ​អន្លង់ភេ ឃុំអន្លង់ភេ ស្រុកថាឡាបរិវ៉ាត់។ សំណុំរឿងទី២ ប្តឹងថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៣ ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រៃឈើ​ដូចគ្នា​  ឋិតនៅ​ចំណុច​បុស្សធំ ខាង​ក្រោយ​ផ្ទះ​របស់​លោក អ៊ុក ម៉ៅ  ​ក្នុង​ភូមិ​អន្លង់ភេ ស្រុក​ថាឡាបរិវ៉ាត់​។ សំណុំរឿងទី៣ ប្តឹងនៅថ្ងៃទី២០ខែធ្នូឆ្នាំ២០២៣ ពាក់ព័ន្ធនឹងបទល្មើសកាប់​រុនរាន​ទន្ទ្រាន​ដី​ព្រៃ នៅភូមិឆ្វាំង ឃុំឆ្វាំង ស្រុកថាឡាបរិវ៉ាត់។

ទោះយ៉ាងណាលោក អ៊ុក ម៉ៅ និង មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សអះអាងថា ពេលសាកសួរក្នុងសវនាការបន្តបន្ទាប់កន្លងមកនេះ គឺផ្តោតតែទីតាំងមួយដដែលៗគឺនៅក្នុងភូមិអន្លង់ភេ ឃុំអន្លង់ភេ ស្រុកថាឡាបរិវ៉ាត់ ត្រង់ចំណុចអូរចំម្រេះ ។

 លោក អ៊ុក ម៉ៅ បញ្ជាក់ថា លោកមិនមានដីជាកម្មសិទ្ធិនៅកន្លែងដែលមានការប្តឹងផ្តល់និងចោទប្រកាន់នេះទេ។

ចំពោះសំណុំរឿងទី១ កាល​ពី​ខែ​កញ្ញា ឆ្នាំ២០២៣ សាលា​ដំបូង​ខេត្ត​ស្ទឹងត្រែង បាន​សម្រេច​ឱ្យ​សកម្មជន​ការពារ​ព្រៃឈើ​រូប​នេះ ជាប់​ពន្ធនាគារ ០៥ ឆ្នាំ ពី​បទ​ កាប់​គាស់​រុករាន​ដី​ព្រៃ​យក​មក​ធ្វើ​ជា​កម្ម​សិទ្ធិ ដែល​ប្រព្រឹត្ត​ឡើង ក្នុង​ភូមិ​អន្លង់ភេ ឃុំ​អន្លង់ភេ ស្រុក​ថាឡាបរិវ៉ាត់  កាល​ពី​ថ្ងៃ​ទី ៣០ ខែ ធ្នូ ឆ្នាំ ២០២១ ក្នុង​បទល្មើស​ព្រហ្មទណ្ឌ​ដែល​មាន​ចែង​ក្នុង​មាត្រា ៥៦ និង​មាត្រា ៦២ នៃ​ច្បាប់​ស្តី​ពី​តំបន់​ការពារ​ធម្មជាតិ ។ លោកអ៊ុក ម៉ៅ មិនសុខចិត្តក៏ប្តឹងទៅសាលាឧទ្ធរណ៍នៅខេត្តត្បូងឃ្មុំ។

កាល​ពី​ថ្ងៃ​ទី ០៣ ខែ​មេសាឆ្នាំ២០២៤ ​សាលា​ឧទ្ធរណ៍​ត្បូងឃ្មុំ បាន​ប្រកាស​សាល​ដីកា​សម្រេច​ឱ្យ លោក អ៊ុក ម៉ៅ ចាញ់​ក្តី​ ដោយតម្កល់​សាលក្រម​របស់​សាលា​ដំបូង​ខេត្ត​ស្ទឹងត្រែង​ចុះ​ថ្ងៃ​ទី ០៣ ខែ​តុលា ឆ្នាំ ២០២៣ ជា​សាល​ក្រម​បាន​ការ។ សកម្មជនជនជាតិដើមភាគតិចកួយរូបនេះមិនសុខចិត្ត នឹងសាលដីកានេះ បានប្តឹងបន្តទៅតុលាការកំពូលទៀត។

ចំណែកសំណុំរឿងទី២ និង ទី៣ នៅបន្តនីតិវិធីនៅសាលាដំបូងខេត្តស្ទឹងត្រែងនៅឡើយ ធ្វើឱ្យលោកអ៊ុក ម៉ៅ នៅតែមានការព្រួយបារម្ភមិនទទួលបានយុត្តិធម៌ ព្រោះដំណើរសវនាការមិនមានភស្តុតាង និងទីកន្លែងច្បាស់លាស់ទេ។

លោក អ៊ុក ម៉ៅ អះអាងថា មន្ត្រីពាក់ព័ន្ធប្តឹងលោក មានបំណងចង់ធ្វើបាបលោក ដោយសារតែកន្លងទៅលោកតែងតែ ចុះល្បាតទប់ស្កាត់បទល្មើសព្រៃឈើ ធ្វើឱ្យប៉ះពាល់ដល់ប្រយោជន៍ឈ្មួញនិងអ្នកពាក់ព័ន្ធនៅពីក្រោយផ្សេងៗទៀត។

​ឆ្លើយ​តប​រឿង​នេះ អគ្គ​ព្រះរាជ​អាជ្ញា​អម​សាលា​ឧទ្ធរណ៍​ត្បូងឃ្មុំ លោក កុល ប៊ុន ប្រាប់​ខេម​បូចា​តាម​ទូរសព្ទ​នៅ​ថ្ងៃ​ទី០៨ ខែកក្កដា​ថា ជា​ទូទៅ​មុន​នឹង​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ សម្រេច​រឿង​ក្តី​ក្នុង​សំណុំ​រឿង​អ្វី​មួយ មាន​សំអាង​ហេតុ​ច្បាស់លាស់។ ចំពោះ​សំណួរ​ថា តើ​សាលា​ឧទ្ធរណ៍​ត្បូងឃ្មុំ​មានភស្តុតាង​​អ្វី​ខ្លះ មុន​នឹង​សម្រេច​ក្តី ឱ្យ លោក អ៊ុក ម៉ៅ ចាញ់​រឿង​ក្តី​នេះ ? លោក​បក​ស្រាយ​យ៉ាង​ខ្លី​ថា មិន​អាច​ឆ្លើយ​សំណួរ​នេះ​​បាន​ទេ​ ហើយ​លោក​អាច​សន្និដ្ឋាន​បាន​តែ​ក្នុង​សវនាការ​តែប៉ុណ្ណោះ។

លោក កុល ប៊ុន ថ្លែងថា៖ «ជា​ទូទៅ​ការ​សម្រេច​សេចក្តី​មាន​សំអាង​ហេតុ មើល​សាល​ដីកា​ទៅ គេ​មាន​សរសេរ​ក្នុង​ហ្នឹង​ហើយ»

លោកអ៊ុក ម៉ៅ ​ស្នើ​ឱ្យ​តុលាការ​ មុននឹងសម្រេច​រឿង​ក្តី​ផ្ដន្ទាទោស លើ​បុគ្គល​ណា​មួយ គួរ​តែ​ចុះ​ពិនិត្យ​ដល់​ទី​តាំង​ជាក់​ស្តែង​ ព្រោះករណីទាំងនេះ លោកមិនបានប្រព្រឹត្តិខុសអ្វីសោះត្រូវមានទោសទៅវិញ។​

លោក អ៊ុក ម៉ៅ ថ្លែងថា៖  «ចេះ​តែ​កាត់​ទោស​គ្នា​អត់​ដឹង​អី ។ គ្នា​មិន​ដឹង​អី ចេះ​តែ​កាត់​ឱ្យ​ជាក់​គុក​ដែរ។ ដល់​ពេល​អ្នក​ប្រព្រឹត្ត​មែន​ទែន អត់​ចាត់​ការ ខ្ញុំ​អត់​សុខ​ចិត្ត​ទេ​ រឿង​ហ្នឹង ខ្ញុំ​ប្តឹង​ទៅ​តុលាការ​កំពូល​ទៀត រក​ភាព​យុត្តិធម៌​រឿង​ហ្នឹង»។ 

 ទាក់ទងរឿងនេះ មន្ត្រី​សម្រប​សម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ខេត្ត​ស្ទឹងត្រែង លោក ចឹក ចិត្រា ដែលបានតាមដានករណីនេះពន្យល់​ថា សំណុំ​រឿង​មួយ​កើត​ឡើង​ក្នុង​ទីតាំង​ដដែល គេ​មិន​អាច​បំបែក​សំណុំ​រឿងជា ២ ទៅ ៣ ដើម្បី​ចោទ​ប្រកាន់ ដាក់​បន្ទុក​លើ​ជន​ណា​ម្នាក់​បាន​ឡើយ។ លោកបន្តថា បើរកឃើញមន្ត្រីមានចេតនាបង្កើតសំណុំរឿងគឺមន្ត្រីនោះត្រូវមានទោស។ 

លោក ចឹក ចិត្រា ថ្លែងថា៖«រឿង​ហ្នឹង​ចោទ​នៅ​តែ​ចំណុច​អន្លង់​ភេ កន្លែង​ដដែលៗ វា​អត់​មាន​កំណត់​ហេតុ ឬ​ទីតាំង​នៅ​កន្លែង​ថ្មី  នៅ​កន្លែង​ថ្មី យើង​ឃើញ​ចំណុច​ដដែលៗ ការ​ចោទ​ប្រកាន់។ ការ​ចោទ​ប្រកាន់​ហ្នឹង អត់​មាន​ទីតាំង អត់​មាន​ស្អី​ទាំង​អស់ ហ្នឹង​ហើយ ការ​ចោទ​ប្រកាន់​ បង្ក​សំណុំ​រឿង​មួយ ដើម្បី​បង្កើត​ភស្តុតាង ឬ​ក៏​ដាក់​បន្ទុក​ក្លែង​ក្លាយ ហ្នឹង​សុទ្ធ​តែ​មាន​ទោស»

ឆ្លើយ​តប​រឿង​នេះ  ប្រធាន​លេខាធិការ​ដ្ឋាន​សាលា​ដំបូង ខេត្ត​ស្ទឹងត្រែង លោក ឡៅ លាងហេង ប្រាប់​ខេមបូចា នៅ​ថ្ងៃ​ទី០៨ ខែកក្កដា​ថា   បទល្មើស​ព្រៃឈើ ៣ សំណុំ​រឿង​ពាក់ព័ន្ធ​លោក អ៊ុក ម៉ៅ  ដែល​មន្ត្រី​បរិស្ថាន​ជា​ដើម​បណ្តឹង លោក​​មិន​ដឹង​ថា នៅ​មាន​ចំណុច​ណា​ខ្លះ​ទេ ហើយ​តុលាការ​ បាន​បើក​ការ​ស៊ើប​អង្កេត​ចុះ​ដល់​គោលដៅ​ជាក់ស្តែងរួចរាល់ហើយ។ លោក​បដិសេធ​​ឆ្លើយ​សំណួរ​ផ្សេង​ទៀត។

លោក ឡៅ លាង ហេងថ្លែងថា ៖  «អត់​បាន​ដឹង​ផង ខ្ញុំ​នៅ​រដ្ឋបាល​ខ្ញុំ​អត់​សូវ​ដឹង​ច្បាស់​ទេ​»

 លោក អ៊ុក ម៉ៅ  ស្ម័គ្រចិត្តធ្វើជាសកម្មជនការពារ​ព្រៃឈើ ១៧ ឆ្នាំ​កន្លង​ទៅ​នេះ  លោក​ជួប​ឧបសគ្គ​ជា​ច្រើន​រួមមាន​ ការ​លួច​ប្រើ​អំពើ​ហិង្សា​ពី​សំណាក់ អ្នក​រក​ស៊ី​ឈើ​ខុសច្បាប់ ​បណ្តាល​ឱ្យ​លោក​ដួល​សន្លប់​ក្នុង​ពេល​ធ្វើ​ដំណើរ​ចុះ​ឃ្លាំមើល​បទល្មើស​ព្រៃឈើ​ កាល​ពី​ថ្ងៃ​ទី ១២ ខែ ឧសភា ​ឆ្នាំ២០២២ ។ ករណី​មួយ​ផ្សេង​ទៀត មាន​ជន​មិន​ស្គាល់​មុខ ​បាន​លួច​ដុត​បំផ្លាញ​ផ្ទះ​របស់​លោក​ កាល​ពី​ថ្ងៃ​ទី២៤ ខែមីនា ឆ្នាំ២០២៣  បណ្តាល​ឱ្យ​ខូចខាត​ទ្រព្យ​សម្បត្តិ រួម​ទាំង​ម៉ូតូ​មួយ​គ្រឿង។

លោក អ៊ុក ម៉ៅ ថ្លែងថា ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​លោក​ គ្មាន​សុវត្ថិភាព​នោះ​ទេ។

នេះ​ជា​ទិដ្ឋភាព​គ្រួសារ សកម្មជន​ការពារ​ព្រៃឡង់ ខេត្តស្ទឹងត្រែង លោក អ៊ុក ម៉ៅ ​កំពុង​រស់​នៅ​ក្នុង​ផ្ទះ​តូច​មួយ​សង់​ផ្ទាល់​ដី ប្រក់​ស័ង្កសី ជញ្ជាំង​បាំង​មិន​ជិត​ជុំ នៅ​អែប​នឹង​ដង​ផ្លូវ​លំ មួយ​កន្លែង ឋិត​ក្នុង​ភូមិ​អន្លង់ភេ ឃុំ​អន្លង់ភេ ស្រុក​ថាឡាបរិវ៉ាត់។ រូបភាពថ្ងៃទី១៩ ខែឧសភា ឆ្នាំ ២០២៤។ (ខេមបូចា/ម៉ែន ចន្ធី)

ទាក់ទង​រឿង​នេះ​ដែរ  មេភូមិ​អន្លង់​ភេ លោក ម៉ៅ មុច ប្រាប់​ខេមបូចា​ថា ដី​ដែល​មន្ត្រី​បរិស្ថាន​កសាង​សំណុំ​រឿង​បញ្ជូន​ ទៅ​តុលាការក្នុងសំណុំរឿងទី០១ ចំណុចអូរចំម្រេះ ភូមិអន្លង់ភេមិន​មែន​ជា​ដី ដែល លោក អ៊ុក ម៉ៅ កាប់​ទន្ទ្រាន​រុករាន ធ្វើ​ជា​កម្ម​សិទ្ធិ​នោះ​ទេ ហើយ​ដី​ក្នុង​តំបន់​នោះ​ ជា​ដី​បុស្ស ដែល​ជនជាតិ​ដើម​ភាគ​តិច​កួយ​ធ្វើ​ចម្ការ​វិល​ជុំ បែប​ប្រពៃណី។

លោក​បញ្ជាក់​ថា ដី​ទី​នោះ​ គឺជា​ដី​ប្រពន្ធ​របស់​លោក អ៊ុក ម៉ៅ  គឺអ្នកស្រី ឯក សុជាតិ ដែល​ទិញ​បន្ត​ពី​អ្នកភូមិ​ កាល​គាត់​នៅ​ជា​ស្ត្រី​មេម៉ាយ មិន​ទាន់​យក លោក អ៊ុក ម៉ៅ ជាស្វាមី។ លោក​អះអាងថា ពលរដ្ឋ​រស់​នៅ​ភូមិ​អន្លង់ភេ​មាន​ចំនួន ១៩៤ គ្រួសារ ដែល​ពលរដ្ឋ​ភាគ​ច្រើន​កាប់​ចម្ការ​វិលជុំ ។

លោក ម៉ៅ មុច អះអាងថា៖ «វា​ពាក់ព័ន្ធ​ទាំង​អស់ ក្នុង​ភូមិ​អន្លង់ភេ ឋិត​ក្នុង​តំបន់​ព្រៃឡង់​ទាំង​អស់​ ហើយ​ជនជាតិ​ដើម​កួយ មាន​ចម្ការ​វិលជុំ។ កាល​ទិញ​ដី​ហ្នឹង ឯក ជាតិ មិន​ទាន់​យក អ៊ុក ម៉ៅ​»

 លោក ចឹក ចិត្រា សង្កេត​ឃើញ​ថា ចាប់​តាំង​ពី​សំណុំ​រឿង​ទី ០១ ទី២ និង​សំណុំ​រឿង​ទី ០៣ គឺជាបណ្តឹងដែលមិនមានភស្តុតាងច្បាស់លាស់ ។

លោក ចឹក ចិត្រា ថ្លែងថា៖ « នេះ​ហើយ​វា​ជា​រឿង​មួយ​អយុត្តិធម៌​ដល់​ជន​រង​គ្រោះ​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់ យើង​ឃើញ​ថា បើ​សិន​ជា​មាន​ការ​ឃុបឃិត​គ្នា​នៅ​ពី​ក្រោយ​ទៀត​ អាហ្នឹង​ហើយ​វា​ជា​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​មួយ។ កន្លង​ទៅ​ខាង​មន្ត្រី​ក្រសួង​មហាផ្ទៃ និង​រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌​ គាត់​បាន​លើក​ឡើង​ដែរ​ថា របាយការណ៍​របស់​មន្ត្រី​នគរបាល​យុត្តិធម៌ ត្រូវ​មាន​ភាព​ច្បាស់លាស់​ មិនមែន​ធ្វើ​ឱ្យ​តែ​រួច​ពី​ដៃ មក​ធ្វើ​ការ​ចោទ​ប្រកាន់។ នេះ​ជា​រឿង​ខុស​វិជ្ជាជីវៈ​របស់​ខ្លួន​តែ​ម្តង»។

​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ស្ទឹងត្រែង លោក ស្រេង ជាហេង បដិសេធ​បំភ្លឺ​ករណីនេះ។

លោក ស្រេង ជាហេង បាននិយាយយ៉ាងខ្លីថា៖ «ខ្ញុំ​សុំ​មិន​ឆ្លើយ»

អ្នកសារព័ត៌មានខេមបូចា​បាន​ចុះ​ស៊ើប​អង្កេត​ដល់​ទីតាំង​នោះ​ជាក់​ស្តែង កាល​ពី​កំឡុង​ខែឧសភា ឆ្នាំ២០២៤  ប្រទះ​ឃើញ​ដី​ព្រៃ​ក្នុង​ចំណុច​អូរចំម្រេះ​ឋិត​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃឡង់ គ្រប់គ្រង​ដោយ​ក្រសួង​បរិស្ថាន ឋិតក្នុង​ភូមិ​អន្លង់ភេ​ឃុំ​អន្លង់ភេ ស្រុក​ថាឡាបរិវ៉ាត់  ដែល​សម្បូរ​ដោយ​បទល្មើស​ព្រៃឈើ​និង​ការ​កាប់​ទន្ទ្រាន​ព្រៃ​អភិរក្ស​រាន​យក​ដី ធ្វើ​ជា​កម្ម​សិទ្ធិ។

ផ្លូវ​ធ្វើ​ដំណើរ​ទៅ​តំបន់​នោះ​ដោយ​ម៉ូតូ គិត​ចាប់​ពី​សាលាឃុំ​អន្លង់ភេ​ប្រមាណ​ជាង ៤ គីឡូ​ម៉ែត្រ​ គឺ​ជា​ដែន​ជម្រក​សត្វ​ព្រៃឡង់ ក៏​ប៉ុន្តែ​មិន​សូវ​មាន​ព្រៃឈើ​នោះ​ទេ មាន​ការ​ឈូស​ឆាយ​ និង​កាប់​ទន្ទ្រាន​ព្រៃ​ធ្វើ​ជា​កម្ម​សិទ្ធិ​ដាច់​ដោយ​កង់ៗ។ រីឯ​តំបន់​ខ្លះ​ទៀត ពលរដ្ឋ​ដុត​ព្រៃ ដើម្បី​ទន្ទ្រាន​យក​ដី ធ្វើ​ចម្ការ។

ជុំវិញ​រឿង​នេះ មន្ត្រី​សម្រប​សម្រួល​គម្រោងនៃ​សមាគម​បណ្តាញ​យុវជន​កម្ពុជា (CYN) លោក អូត ឡាទីន  អំពាវនាវឱ្យតុលាការពិនិត្យភស្តុតាងឱ្យបានច្បាស់លាស់មុនសម្រេច​ ដើម្បីផ្តល់ភាពយុត្តិធម៌ពិសេសសកម្មជនដែលខិតខំការពារព្រៃឈើដូចលោក អ៊ុក ម៉ៅ។

លោក អូត ឡាទីន ថ្លែងថា៖  «សូម​ឱ្យ​តុលាការ​កាត់​ក្តី និង​ដាក់​បន្ទុក សូម​មាន​ភស្តុតាង​ច្បាស់​លាស់​ ហើយ​សូម​ឱ្យ​កាត់​ក្តី ដោយ​ភាព​យុត្តិធម៌ ចៀស​វាង​ធ្វើ​ឱ្យ​យ៉ាង​ណា កុំ​ឱ្យ​ប៉ះពាល់​លើ​ពួកគាត់»។ ដោយលោកបានបន្ថែមថា៖ «សម្រាប់​ពលរដ្ឋ​ក្នុង​តំបន់​នោះ ភាគ​ច្រើន​គាត់​អាស្រ័យ​លើ​ការ​ធ្វើ​ស្រែ​ចម្ការ​ទេ​ ដូច្នេះ​បើ​គាត់​ជាប់​ក្នុង​តុលាការ គាត់​រង​ភាព​អយុត្តិធម៌​ វា​ធ្វើ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ជីវភាព​រស់​នៅ​របស់​ក្រុម​គ្រួសារ​គាត់។ ចំណុច​សំខាន់​ដែល​ខ្ញុំ​ចង់​ឱ្យ​តុលាការ ធ្វើការ​ពិចារណា​ឱ្យ​ច្បាស់លាស់ គឺ​ផ្តល់​ភាព​យុត្តិធម៌ ដល់​លោក អ៊ុក ម៉ៅ »

ខេមបូចា បានព្យាយាមទាក់ទងអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន តាមទូរសព្ទ និងតាមបណ្តាញសង្គមតេលេក្រាម(Telegram) ដើម្បីសុំការពន្យល់បន្ថែមជុំវិញរឿងនេះ  តែមិនឆ្លើយតប ។

ទោះយ៉ាងណា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ បានប្តេជ្ញាចិត្តក្នុងពេលលោក ចូលកាន់ដំណែងកាលពីឆ្នាំ ២០២០ថា ​លោកនឹង​កំណែទម្រង់​ច្បាប់ និង​ប្រព័ន្ធយុត្តិធម៌​ដើម្បី​លើកកម្ពស់​គុណភាព ​ផ្តល់សេវា​យុត្តិធម៌​ឱ្យបាន​ត្រឹមត្រូវ​ ដើម្បី​បង្កើន​ជំនឿ​ពលរដ្ឋ​លើ​វិស័យ​យុត្តិធម៌​។

លោក កើត រិទ្ធ ថ្លែងថា៖  «ខ្ញុំ​សូម​ធ្វើការ​ប្តេជ្ញាចិត្ត ពង្រឹង​សុចរិតភាព និង​ភាពត្រឹមត្រូវ​នៃ​ការអនុវត្ត​ការងារ​របស់​មន្ត្រី​តុលាការ​តាមរយៈ​ការពង្រឹង​វិន័យ និង​សីលធម៌​វិជ្ជាជីវៈ​»​

ទាក់ទងរឿងនេះដែរអ្នកជំនាញផ្នែកច្បាប់ លោក មេធាវី លូត សាំង ពន្យល់ថា នីតិវិធីច្បាប់ នៅពេលកសាងសំណុំរឿងបញ្ជូនទៅតុលាការ ឬមានពាក្យបណ្តឹងណាមួយទៅតុលាការ ប្រសិនបើក្នុងករណីនេះ គ្មានភស្តុតាង ​និងឯកសារជាក់លាក់ មិនអាចប្តឹងផ្តល់ទៅតុលាការបានទេ ដោយសារអត់មានធាតុផ្សំនៃបទល្មើស។ លោកមេធាវីរូបនេះបន្តថា កន្លងទៅសកម្មជនព្រៃឈើនៅតំបន់ផ្សេងក៏ធ្លាប់រងបណ្តឹងដោយមិនមានភស្តុតាងដូចលោក អ៊ុក ម៉ៅ ដែរ។

លោក លូត សាំង ថ្លែងថា៖ «ចេះតែកសាងសំណុំរឿងបញ្ជូនទៅតុលាការ យើងសិក្សាកន្លងទៅ ដូចករណី មន្ត្រីបរិស្ថានខេត្តព្រះវិហារ ប្តឹងជនជាតិដើមភាគតិចកួយ ទាំងតុលាការ និងមន្ត្រីបរិស្ថាន ខ្លួនឯង អត់មានភស្តុតាង និងឯកសារ។ បើគិតពីផ្លូវច្បាប់ខុសទាំងស្រុងអត់មានធាតុផ្សំក្នុងអង្គហេតុហ្នឹងទេ»

នេះជាដែនជម្រកសត្វព្រៃឡង់ក្នុងភូមិអន្លង់ភេ ស្រុកថាបរិវាត់ ដែលទទួលរងការឈូសឆាយ ដើម្បីយកដីធ្វើកសិកម្ម ថតនៅថ្ងៃទី ២០ ខែឧសភា ២០២៤។ (ខេមបូចា/ម៉ែន ចន្ធី)

ផ្លូវ​ចូល​ទៅ​តំបន់​នោះ គេ​ត្រូវ​ធ្វើ​ដំណើរ​ចាប់​ពី​គល់​ស្ពាន​មេគង្គ​ឆ្ពោះ​ទៅ​ទិស​ខាង​លិច​មាន​ចម្ងាយ​៤៧ គីឡូម៉ែត្រ ពី​ផ្លូវ​ជាតិ​លេខ ៦៤ គេ​នឹង​ទៅ​ដល់​ឃុំ​អន្លង់ភេ​ស្រុក​ថាឡាបរិវ៉ាត់​ដែល​ប្រជាជន​រស់​នៅ​ទីនោះ​ភាគ​ច្រើន ជា​ជន​ជាតិ​ដើម​ភាគ​តិចកួយ។

 ផ្លូវ​ក្រាល​ក្រួស​ក្រហម ដី​ហុយ​ទ្រលោម​អម​ដោយ​ដីចម្ការ​ធំ​ល្វឹង​ល្វើយ ឋិត​ក្នុង​តំបន់​ដែន​ជម្រក​សត្វ​ព្រៃឡង់​ដែល​កំពុង​ទទួល​រង​ការ​ឈូស​ឆាយ​និង​កាប់​ទន្ទ្រាន​ដី​ព្រៃ​ជា​បន្ត​បន្ទាប់​កាន់​តែ​រីក​ធំ​ឡើង។

ដែន​ជម្រក​សត្វ​ព្រៃឡង់ ឋិត​ក្នុង​ចំណុច​ភូមិ​អន្លង់ភេ ឃុំ​អន្លង់ភេ ​ស្រុក​ថាឡាបរិវ៉ាត់ ខេត្ត​ស្ទឹងត្រែង ដែល​ធ្លាប់​មាន​ព្រៃឈើ​ខៀវ​ស្រងាត់​ស្រស់ មាន​សំឡេង​សត្វ​បក្សី ខ្លា​គ្រហឹម ដែល​ជនជាតិ​ដើម​ភាគ​តិច​កួយ តែង​តែ​រក​អនុផល​ព្រៃឈើ​ចិញ្ចឹម​ជីវិត​តាំង​ពី​បុរាណ​កាល​មក ក៏ប៉ុន្តែ​នៅ​រយៈ​ពេល​ជិត ១០ ឆ្នាំ​កន្លង​ទៅ​នេះ ទិដ្ឋភាព​ទាំង​នេះ ស្ទើរ​តែ​ទាំងស្រុង​ត្រូវ​បាន​ជំនួស​ដោយ​ចម្ការ​ស្វាយ​ចន្ទី ដំឡូង​មី និង​ដំណាំ​ផ្សេងៗ​ទៀត ដែល​គ្រប់គ្រង​ដោយ​កម្មសិទ្ធិ​ឯកជន។​

ដែន​ជម្រក​សត្វ​ព្រៃ​ព្រៃ​ឡង់​មាន​ផ្ទៃ​ដី​ជាង ៤សែន (៤៨៩.៦៦៣)ហិកតា គ្របដណ្ដប់​ក្នុង​ភូមិ​សាស្ត្រ​ខេត្ត​ចំនួន៤ រួម​មាន ខេត្ត​ក្រចេះ ស្ទឹងត្រែង ព្រះវិហារ និង​ខេត្ត​កំពង់ធំ ត្រូវ​បាន​រដ្ឋាភិបាល​បង្កើត​ជា​តំបន់​ដែន​ជម្រក​សត្វ​ព្រៃ​នៅ​ក្នុង​ឆ្នាំ២០១៦។

ប៉ុន្តែ​រយៈ​ពេល​ជាង ៧ឆ្នាំ​មក​នេះ​ព្រៃ​អភិរក្ស​នេះ នៅ​តែ​រង​ការ​កាប់​ឈើ​ធ្វើ​អាជីវកម្ម និង​ការ​កាប់​ទន្ទ្រាន​ដី​ព្រៃ​យក​ធ្វើ​ជា​កម្មសិទ្ធិ​ពី​សំណាក់​ក្រុម​ឈ្មួញ និង​ក្រុមហ៊ុន​ដីសម្បទាន​សេដ្ឋកិច្ច​នៅ​ជុំវិញ​តំបន់​នោះ​។

របាយការណ៍​របស់​សាកល​វិទ្យាល័យ​ម៉ារីឡែន(Maryland ) កាល​ពី​ថ្ងៃ​ទី៤ ខែ​មេសា​  ឆ្នាំ ២០២៤ ដែល​បាន​ប្រមូល​ទិន្នន័យ តាម​រយៈ​ប្រព័ន្ធ​ផ្កាយ​រណប បង្ហាញ​ថា គ្រាន់​តែ​ក្នុង​ឆ្នាំ២០២៣ មួយ​ កម្ពុជា​បាត់បង់​ព្រៃឈើ​ជាង ១សែន ២ម៉ឺន​ហិកតា  (១២១ ០០០) ក្នុង​តំបន់​អភិរក្ស​ដែល​គ្រប់គ្រង​​ដោយ​ក្រសួងបរិស្ថាន ពោល​គឺ​ស្មើ​នឹង​ទំហំ​ទីក្រុង ឡូស អេជេលែស (Los Angeles) ដ៏​ធំមួយ​នៅ​សហរដ្ឋ​អាមេរិក។ តំបន់​ដែល​រង​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ខ្លាំង​ជាង​គេ​ក្នុង​ឆ្នាំ២០២៣ ភាគ​ច្រើន​គឺ​ជា​តំបន់​ព្រៃការពារ ក្នុង​នោះ​រួមមាន ដែន​ជម្រក​សត្វ​ព្រៃឡង់ ដែន​ជម្រក​សត្វ​ព្រៃ​បឹងពែរ​ ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​សំកុស ឧទ្យានជាតិ​ជួរ​ភ្នំក្រវាញ និង​ឧទ្យានជាតិ​វ៉ឺនសៃ-សៀមប៉ាង។

ប្រជាជននៅមូលដ្ឋានពិសេសជន​ជាតិ​ដើម​​មួយ​ចំនួន តែងតែស្ម័គ្រ​ចិត្ត​ការពារ​ព្រៃឈើ ដោយ​គ្មាន​ប្រាក់ខែ​ហើយ​ពួកគាត់​ត្រូវ​ចំណាយ​លុយ​ផ្ទាល់​ខ្លួន ដែល​ទទួល​ពី​ការ​លក់​ស្រូវ និង​លក់​មាន់​ទារ​ ចុះ​ល្បាត​​ការពារ​ព្រៃឈើ ដោយសារតែពួកគេស្រឡាញ់ និងស្តាយស្រណោះព្រៃឈើដែលបន្សល់ទុកពីដូនតា។ ផលពីសកម្មភាពប្រឹងប្រែងនេះ ពួកគេតែងទទួលរងការធ្វើទុក្ខបុកម្នេញផ្សេងពីឧក្រិដ្ឋជនព្រៃឈើ និងរងបណ្តឹងពីអាជ្ញាធរ។

លោក អ៊ុក ម៉ៅ ក៏មានការតាំងចិត្តដូចប្រជាសហគមន៍និងជនជាតិដើមផ្សេងទៀតដែរ គឺលោកបញ្ជាក់ថា នៅតែបន្តចុះល្បាតការពារព្រៃឈើបើទោះជារងបណ្តឹង និងទុក្ខបុកម្នេញផ្សេងយ៉ាងណាក៏ដោយ៕ 

738 views

ព័ត៌មានថ្មី

អត្ថបទពេញនិយម