ក្រុមគ្រួសារអ្នកជំងឺជាយុវតីវ័យ ១៧ឆ្នាំ នៅខេត្តកណ្តាលបានដាក់ពាក្យប្តឹងគ្រូពេទ្យ ឈុន ផល្លី ពាក់ព័ន្ធនឹងការបៀតបៀនរាងកាយអ្នកជំងឺ អំឡុងពេលដឹកទៅមន្ទីរពេទ្យ។ បណ្តឹងនេះស្របពេលដែលអាជ្ញាធរខេត្តកណ្តាល សម្រេចដកហូតមុខតំណែងគ្រូពេទ្យរូបនេះ ពីប្រធានមណ្ឌលសុខភាពសិត្បូ មកជាមន្ត្រីធម្មតា និងមិនអនុញ្ញាតឱ្យប្រកបវិជ្ជាជីវៈជាគិលានុបដ្ឋាក(អ្នកថែទាំ និងព្យាបាលជំងឺ)រយៈពេល២ឆ្នាំ។
អ្នកស្រី ង៉ែត សុខលាង ដែលជាបងស្រីជីដូនមួយរបស់អ្នកជំងឺបានប្រាប់សារព័ត៌មានខេមបូចាថា ក្រុមគ្រួសាររបស់គាត់បានដាក់ពាក្យប្តឹងលោក ឈុន ផល្លី ទៅប៉ុស្តិ៍នគរបាលសង្កាត់ សិត្បូ ក្រុងតាខ្មៅ កាលពីថ្ងៃទី៤ ខែសីហា។ អ្នកស្រីថា បណ្តឹងនេះចោទប្រកាន់លោក ឈុន ផល្លី ពីបទបៀតបៀនរាងកាយប្អូនស្រីរបស់គាត់ ដើម្បីឱ្យគ្រូពេទ្យរូបនេះទទួលខុសត្រូវចំពោះមុខច្បាប់ និងចេញវីដេអូសុំទោសជនរងគ្រោះ។
អ្នកស្រីបញ្ជាក់ថា៖ «ខ្ញុំសូមឱ្យគាត់ធ្វើតាមផ្លូវច្បាប់ សងជំងឺចិត្តប្អូនខ្ញុំ និងឱ្យពេទ្យដែលគាត់បានធ្វើមកលើប្អូនខ្ញុំហ្នឹងសុំទោសជាសាធារណៈថា គាត់ពិតជាអចេតនា។ ឱ្យសុំទោសប្អូនខ្ញុំជាសាធារណៈ ហើយនិងសងជំងឺចិត្តដល់ប្អូនស្រីខ្ញុំ ព្រោះលុយរកបាន តែកិត្តិយស កេរខ្មាសទូទាំងប្រទេស រកអត់បានទេ ទៅណាក៏គេមើលមុខយើងដែរ»។
នាយប៉ុស្តិ៍នគរបាលសង្កាត់សិត្បូ លោក ស៊ាង រិទ្ធី មិនទាន់អាចអត្ថាធិប្បាយបាននៅឡើយ ដោយថាលោកកំពុងប្រជុំ។
អធិការរងនគរបាលក្រុងតាខ្មៅ អ្នកស្រី អាត រ័ត្ននា បញ្ជាក់ថា ពាក្យបណ្តឹងនេះមិនទាន់មកដល់អធិការដ្ឋានក្រុងនៅឡើយ។ ក៏ប៉ុន្តែអ្នកស្រីអាចបញ្ជាក់បានថា បណ្តឹងនេះគឺពាក់ព័ន្ធនឹងការទាមទារឱ្យសមត្ថកិច្ចជួយរកយុត្តិធម៌ឱ្យ ករណីគ្រូពេទ្យបៀតបៀនអំឡុងពេលសង្គ្រោះបន្ទាន់។ អធិការរងដែលបានទៅជួបគ្រួសារជនរងគ្រោះផ្ទាល់រូបនេះ បានបញ្ជាក់ថា សមត្ថកិច្ចនឹងបន្តនីតិវិធីនេះឱ្យបានឆាប់ ពេលពាក្យបណ្តឹងមកដល់អធិការដ្ឋាន។
អ្នកស្រីមានប្រសាសន៍ថា៖ «ខាងប៉ុស្តិ៍បានទទួលពាក្យបណ្តឹងគាត់រួចរាល់ហើយ។ ចាំមើលពួកខ្ញុំបន្តនីតិវិធីបង។ មិនជាយូរទេ តែដាក់ពាក្យបណ្តឹងហើយ គឺយើងបន្តនីតិវិធីធ្វើការជូនគាត់ជាដើមបណ្តឹង»។
បងស្រីជីដូនមួយរបស់យុវតីរងគ្រោះបានឱ្យដឹងថា បច្ចុប្បន្នសុខភាពរបស់ប្អូនស្រីនាងបានធូរស្រាលហើយ។ ប៉ុន្តែអ្នកស្រីថា ផ្លូវចិត្តរបស់ប្អូនស្រីគាត់ និងគូដណ្តឹងនាង បានប៉ះពាល់ធ្ងន់ធ្ងរ ដែលធ្វើឱ្យពួកគេយំ និងខ្មាសអៀនមិនហ៊ានចេញក្រៅផ្ទះ។ មិនតែប៉ុណ្ណោះ អ្នកស្រីថា រឿងរ៉ាវនេះក៏ប៉ះពាល់ដល់ឪពុកជនរងគ្រោះ ដែលកំពុងមានបញ្ហាខួរក្បាលស្រាប់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ផងដែរ។
អ្នកស្រីបន្តថា៖ «គាត់(ជនរងគ្រោះ) និងគូដណ្តឹងយំពេញហ្នឹង ដោយសារខ្មាសគេ។ ជនរងគ្រោះអត់ហ៊ានចេញពីផ្ទះទេ។ រកចងកទៀតផង។ គាត់ឈឺចាប់ ឃើញវីដេអូខ្លួនឯងបែកធ្លាយ ទាំងដែលពួកខ្ញុំមិនមានគម្រោងថាចង់ល្បីអីទេ»។
អ្នកស្រី សុខលៀង បន្ថែមថា វីដេអូដែលបានបង្ហោះនោះគ្រាន់តែជាភស្តុតាងមួយប៉ុណ្ណោះ ខណៈមានវីដេអូផ្សេងទៀត ដែលគាត់ថតបាន តែមិនបង្ហោះ។ អ្នកស្រីបន្តថា នៅរសៀលថ្ងៃទី៥ ខែសីហានេះ ភាគីខាងគ្រូពេទ្យបានមកផ្ទះជនរងគ្រោះ ដោយចង់ផ្តល់សំណងដើម្បីបញ្ចប់រឿង ប៉ុន្តែទាមទារឱ្យភាគីជនរងគ្រោះសុំទោស។
អ្នកស្រីបន្តថា៖ «គេ(ភាគីគ្រូពេទ្យ)ថាចង់សងសំណង ម្តងថា ៥០០ (ដុល្លារ)។ ម្តងថាសង ១០០០ (ដុល្លារ) ហើយឱ្យយើងទៅដោះស្រាយឱ្យគេ ហើយចង់ឱ្យយើងចេញសុំទោសគេទៀត»។ អ្នកស្រីបន្ថែមថា៖«ធ្វើអ៊ីចឹងម៉េចកើត? ធ្វើអ៊ីចឹងអត់កើតទេ! អយុត្តិធម៌សម្រាប់គ្រួសារខ្ញុំណាស់ វីដេអូភស្តុតាងខ្ញុំមានគ្រប់អស់ហើយ»។
អ្នកស្រីឱ្យដឹងដែរថា ក្រោយវីដេអូដែលបានបង្ហោះចាប់ផ្តើមផ្ទុះការចាប់អារម្មណ៍ គ្រូពេទ្យ ឈុន ផល្លី បានស្នើឱ្យអ្នកស្រីសុំទោស និងលុបវីដេអូនោះចោល តែគាត់មិនព្រម។
មាត្រា ៤២ នៃក្រមព្រហ្មទណ្ឌ ស្តីពី អំពើបៀតបៀនដល់កេរខ្មាស ចែងថា ជនណាដែលបៀតបៀនដល់កេរខ្មាស នៃជនណាម្នាក់ទៀត តាមការស្ទាបអង្អែល ឬ អំពើផ្សេងទៀត ទាក់ទងនឹងរឿងភេទ ប៉ុន្តែពុំបានដល់ទីជម្រៅត្រូវមាន ទោសពីបទបៀតបៀនដល់កេរខ្មាស ហើយត្រូវផ្តន្ទាទោស ដាក់គុកពី ១ឆ្នាំ ទៅ ៣ឆ្នាំ ។
មន្ត្រីអង្កេតការជាន់ខ្ពស់នៃសមាគមអាដហុក លោកស្រី សៅ ចាន់ហម ថ្លែងថា វីដេអូដែលត្រូវបានបង្ហោះនោះ បានបង្ហាញសកម្មភាពបៀតបៀនលើយុវតីរងគ្រោះយ៉ាងច្បាស់។ អ្នកស្រីបន្តថា បញ្ហានេះអាចប៉ះពាល់ធ្ងន់ធ្ងរដល់ផ្លូវចិត្តជនរងគ្រោះ និងក្រុមគ្រួសារ ដែលត្រូវយកចិត្តទុកដាក់ ព្រោះករណីនេះត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយលើបណ្តាញសង្គម។
លោកស្រីថ្លែងថា៖«បញ្ហាហ្នឹងគឺប៉ះពាល់ធ្ងន់ធ្ងរណាស់ដល់អារម្មណ៍ផ្លូវចិត្តចំពោះក្មេងស្រីរងគ្រោះ និងក្រុមគ្រួសារគាត់។ រឿងនេះគឺត្រូវការការព្យាបាលផ្លូវចិត្ត ផ្លូវកាយដែរ ព្រោះវិបត្តិធ្ងន់ធ្ងរអ៊ីចឹង បើសិនជាខាងឯកទេស គេបញ្ចូនគាត់ទៅអង្គការ ឬក៏ទៅគ្រូពេទ្យដែលមានជំនាញវិជ្ជាជីវៈទាក់ទងជាមួយផ្លូវចិត្ត»។
លោកស្រីបន្តថា៖«បើមានការស៊ើបអង្កេតទៅរកឃើញថា គាត់ពិតជាបានបៀតបៀនក្មេងស្រីហ្នឹងមែន អ៊ីចឹងស្នើសុំអាជ្ញាធរ សូមចាត់វិធានការឱ្យបានតឹងរ៉ឹងទៅតាមផ្លូវច្បាប់។ ត្រូវតែមានទោសទណ្ឌ ត្រូវតែមានជំងឺចិត្តដល់ជនរងគ្រោះ។ ចៀសវាងបង្កបញ្ហាទៅថ្ងៃក្រោយទៀត ជាគំរូអាក្រក់ដល់សង្គម»។
អភិបាលខេត្តកណ្តាល លោក គួច ចំរើន តាមរយៈលិខិតចុះថ្ងៃទី៤ ខែសីហា បានសម្រេចបញ្ចប់ភារកិច្ច ប្រធានមណ្ឌលសុខភាពសិត្បូ លោក ឈុន ផល្លី មកជាមន្ត្រីវិញ។ នៅថ្ងៃដដែលនេះ លោក គួច ចំរើន ក៏បានចេញលិខិតមួយផ្សេងទៀតបង្គាប់ឱ្យ អ្នកស្រី ប៉ុក ណូរ័ត្នផល្លា ដែលមានឋានន្តរសក្តិជាមន្ត្រីសុខាភិបាលមធ្យមដើមខ្សែថ្នាក់លេខ៣ មកជាប្រធានមណ្ឌលសុខភាពសិត្បូជំនួសលោក ឈុន ផល្លី ដែលទើបត្រូវបញ្ចប់តំណែង។
រដ្ឋលេខាធិការក្រសួងកិច្ចការនារី លោកស្រី ហ៊ូ និរមិត្តា មានប្រសាសន៍ថា ក្រសួងបានតាមដានករណីនេះយ៉ាងយកចិត្តទុកដាក់។ លោកស្រីបន្តថា ក្រសួងមិនចង់ឃើញករណីបែបនេះកើតឡើងទៀតឡើយ។ លោកស្រីលើកឡើងទៀតថា ករណីនេះត្រូវបានចាត់វិធានការភ្លាមៗដោយស្ថាប័នសាមី ដូច្នេះក្រសួងកិច្ចការនារីមិនលូកដៃទេ។
អ្នកស្រីថ្លែងថា៖ «យើងតាមដាន ហើយយើងបានចែករំលែកព័ត៌មានហ្នឹង ហើយក្តាប់បានថាស្ថានភាពហ្នឹង ត្រូវបានគេដាក់ទោសទៅតាមនីតិវិធីផ្ទៃក្នុងរបស់គេ»។
អតីតប្រធានមណ្ឌលសុខភាពសិត្បូ លោក ឈុន ផល្លី រងការរិះគន់ខ្លាំងពីមហាជន តាមរយៈវីដេអូដែលសាច់ញាតិយុវតីអ្នកជំងឺ បានបង្ហោះនៅលើបណ្តាញសង្គម ជុំវិញការធ្វើចលនាបេះដូងរបស់គ្រូពេទ្យ ដែលត្រូវបានប្រតិកម្មថា ជាការបៀតបៀនរាងកាយអ្នកជំងឺនៅយប់ថ្ងៃទី៣ ខែសីហា។ ភ្លាមៗ លោក ឈុន ផល្លី បានសរសេររបាយការណ៍ផ្ទាល់ដៃ ដោយសូមទោសចំពោះកាយវិការសង្គ្រោះ ដែលបានប៉ះពាល់អ្នកជំងឺដោយអចេតនា។ លោកពន្យល់ថា ដោយសារអ្នកជំងឺមានស្ថានភាពធ្ងន់ធ្ងរមិនអាចសង្គ្រោះនៅមណ្ឌលសុខភាពបាន លោក និងសាច់ញាតិអ្នកជំងឺសរុប៦នាក់ បានបញ្ជូនបន្តទៅមន្ទីរពេទ្យជ័យជំនះ។ នៅតាមផ្លូវ លោកថា អ្នកជំងឺមានអាការស្ទះខ្យល់ និងខាំអណ្តាតខ្លួនឯង ដូច្នេះលោកក៏យកស្លាបព្រាគាស់មាត់អ្នកជំងឺ និងជួយធ្វើចលនាបេះដូង។
លោកអះអាងថា៖ «តាមផ្លូវពីមណ្ឌលសុខភាព ទៅមន្ទីរពេទ្យជ័យជំនះ មានស្ថានភាពរលាក់ខ្លាំង ហើយអ្នកជំងឺរឹតតែធ្វើទុក្ខខ្លាំង មានអាការស្ទះ និងស្លេស្មខ្លាំង។ ក្នុងស្ថានភាពបន្ទាន់ គ្រូពេទ្យបានប្រើដៃម្ខាងដកស្លាបព្រាចេញ និងទប់ក្បាលម្ខាង ហើយដៃម្ខាងទៀតបានជួយទប់ចង្កេះ និងផ្អៀងអ្នកជំងឺ ដើម្បីជួយសម្រួលអ្នកជំងឺឱ្យខ្ជាក់ស្លេស្មចេញ កុំឱ្យអ្នកជំងឺកាន់តែគ្រោះថ្នាក់ តាមសមត្ថភាពដែលខ្ញុំបាទជាគ្រូពេទ្យជួយបាន ដោយមិនមានគំនិតបំពាន ឬប៉ះពាល់អ្វីឡើយ»។
ប៉ុន្តែបើតាមលិខិតរបស់ក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកជាតិចុះថ្ងៃទី៤ ខែសីហា បានសម្រេចដកហូតអាជ្ញាបណ្ណ និងមិនឱ្យលោក ឈុន ផល្លី ប្រកបវិជ្ជាជីវៈគិលានុបដ្ឋាករយៈពេល២ឆ្នាំ ចាប់ពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦តទៅ។
លិខិតនេះបញ្ជាក់ថា៖«ដោយមូលហេតុ លោក ឈុន ផល្លី បានប្រព្រឹត្តសកម្មភាពដែលផ្ទុយនឹងក្រមសីលធម៌វិជ្ជាជីវៈគិលានុបដ្ឋាក អនុវត្តបច្ចេកទេសនៃការសង្គ្រោះបឋមមិនស្របតាមបច្ចេកទេស»។
បន្ថែមពីនេះ នៅថ្ងៃទី៥ ខែសីហានេះ មន្ទីរសុខាភិបាលខេត្តកណ្តាលក៏បានបញ្ជាក់តាមរយៈលិខិតមួយផងដែរថា ការសម្រេចនេះក្រោយពីក្រុមការងារជំនាញចុះស្រាវជ្រាវ និងសាកសួរក្រុមគ្រួសារអ្នកជំងឺដល់លំនៅឋាន ដោយរកឃើញថា លោក ឈុន ផល្លី បានអនុវត្តវិធីជួយសង្គ្រោះមិនត្រូវតាមលក្ខណៈបច្ចេកទេស៕










