សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

អង្គការតម្លាភាពរកឃើញថាយុវជនជាង៨០ភាគរយមិនតាមដាននយោបាយព្រោះបារម្ភសុវត្ថិភាព

មន្ត្រី គជប រាប់សន្លឹកឆ្នោតក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នៅការិយាល័យបោះឆ្នោតវិទ្យាល័យព្រះស៊ីសុវត្ថិ រាជធានីភ្នំពេញ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។ (ខេមបូចា/ ព្រីង សំរាំង)
មន្ត្រី គជប រាប់សន្លឹកឆ្នោតក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នៅការិយាល័យបោះឆ្នោតវិទ្យាល័យព្រះស៊ីសុវត្ថិ រាជធានីភ្នំពេញ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។ (ខេមបូចា/ ព្រីង សំរាំង)

អង្គការតម្លាភាពកម្ពុជារកឃើញថា យុវជនខ្មែរជាង៨០ភាគរយមិនចាប់អារម្មណ៍លើកិច្ចការនយោបាយដោយយល់ថាជាប្រធានបទរស៊ើប ខណៈអ្នកតាមដានសង្គម និងនយោបាយអះអាងថា កង្វះការតាមដានបញ្ហានយោបាយនេះ ជាសញ្ញាមួយដែលធ្វើឱ្យអំពើអយុត្តិធម៌បន្តកើតមានក្នុងសង្គម។

របាយការណ៍ស្ទង់មតិរបស់អង្គការតម្លាភាពកម្ពុជាស្តីពី «ការចូលរបស់ពលរដ្ឋ និងការចូលរួមផ្នែកនយោបាយ» ដែលបានចេញផ្សាយនៅដើមខែមីនា ឆ្នាំ២០២៤ បានបង្ហាញថា មានតែយុវជនខ្មែរចំនួន១៧ភាគរយប៉ុណ្ណោះ ដែលចាប់អារម្មណ៍លើកិច្ចការនយោបាយ ហើយភាគច្រើនគឺជាបុរសដែលមានការអប់រំខ្ពស់នៅទីប្រជុំជន។ ដោយឡែក យុវជន៨២ភាគរយទៀតអះអាងថាចាប់អារម្មណ៍តិចតួច ឬមិនចាប់អារម្មណ៍ទាល់តែសោះ។

ការស្ទង់មតិនេះធ្វើឡើងដោយផ្ទាល់ជាមួយយុវជនខ្មែរចំនួន១ ៦០០នាក់ ដែលមានអាយុចន្លោះពី១៨ឆ្នាំ ទៅ៣៥ឆ្នាំ។

នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី បានមានប្រសាសន៍ថា កត្តាដែលជំរុញឱ្យយុវជនជាង៨០ភាគរយមិនខ្វាយខ្វល់ពីកិច្ចការនយោបាយ ដោយសារពួកគាត់មិនមានមូលដ្ឋានគ្រឹះក្នុងការជជែកពិភាក្សា ហើយភ័យខ្លាចនឹងប្រធានបទនយោបាយ។

លោក ប៉ិច ពិសី ថ្លែងថា៖​​ «ពលរដ្ឋយល់ដឹង ក៏ប៉ុន្តែគាត់ខ្លាចក្នុងការចូលរួម»

លោកបានស្នើឱ្យរដ្ឋាភិបាលបើកលំហសេរីភាព និងនយោបាយឱ្យបានពេញ ដើម្បីលើកទឹកចិត្តឱ្យយុវជន និងសិស្សានុសិស្សបានយល់ដឹងពីបញ្ហានយោបាយ និងសង្គម ហើយរកវិធីសាស្ត្រដោះស្រាយ។

លោកយល់ថា៖​ «ការចូលរួមផ្នែកនយោបាយ គឺជាការចូលរួមស្នូល ព្រោះការជជែកពិភាក្សារាល់កិច្ចការសង្គម ការជជែកកិច្ចការនយោបាយហ្នឹង គឺធ្វើឱ្យយុវជនធ្វើការត្រិះរិះពិចារណាស៊ីជម្រៅទៅលើឧបសគ្គជាតិរបស់គាត់ ថាតើគាត់ក្នុងនាមជាពលរដ្ឋគាត់ចូលរួមយ៉ាងម៉េចបាន?»

អ្នកវិភាគបញ្ហាសង្គម និងនយោបាយ លោក មាស នី យល់ថារបាយការណ៍ស្ទង់មតិខាងលើបានឆ្លុះបញ្ចាំងពីការពិតក្នុងសង្គម ដោយថាយុវជនភាគច្រើនចាត់ទុកការជជែកពិភាក្សាទាក់ទិននយោបាយ ជារឿងប្រឈមនឹងគ្រោះថ្នាក់ ដោយសារមានការរឹតត្បិតក្នុងការជួបជុំ។

លោក មាស នី បន្តថា ការរឹតត្បិតលំហនយោបាយនេះ ក៏នឹងមានផលអវិជ្ជមានដល់រដ្ឋាភិបាលដែរ ដោយសារមិនបានដឹងពីបញ្ហាដែលត្រូវដោះស្រាយ ព្រោះតែពលរដ្ឋមិនហ៊ានបញ្ចេញ ដែលជំរុញឱ្យអំពើអយុត្តិធម៌នៅតែបន្តញាំញីសង្គម។ ហេតុនេះលោកថា ប្រសិនបើយុវជនមិនយកចិត្តទុកដាក់តាមដានបញ្ហានយោបាយ នោះមុន ឬក្រោយ​ពួកគាត់ក៏នឹងត្រូវរងគ្រោះដោយសារការមិនអើពើនោះដែរ។

លោកបានមានប្រសាសន៍ថា៖ «បើកាលណាយុវជនគាត់មិនខ្វល់ខ្វាយរឿងនយោបាយ បានន័យថាបញ្ហាសង្គមផ្សេងៗកើតមានឡើង រឿងអយុត្តិធម៌សង្គមអីវាអាចកើតតទៅទៀត។ អ៊ីចឹងយូរ ឬឆាប់វានឹងប៉ះពាល់ដល់គ្រួសារគាត់ បងប្អូនគាត់ ឬក៏ខ្លួនគាត់ផ្ទាល់ក៏អាចថាបាន»

លោក មាស នី បន្ថែមថា ប្រសិនបើរដ្ឋាភិបាលមានឆន្ទៈបើកលំហនយោបាយឱ្យយុវជនចូលរួមសកម្ម នោះកម្ពុជានឹងវិវដ្តទាន់ទៅនឹងការរីកចម្រើននៃពិភពលោក។ ប៉ុន្តែលោកថាបើមិនបានជំរុញឱ្យយុវជនចូលរួមឈឺឆ្អាលពីបញ្ហានយោបាយទេ នោះកម្ពុជានឹងមិនអាចរីកចម្រើនដើរទាន់គេឡើយ។

អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា មានប្រសាសន៍ថា អង្គការតម្លាភាពបានឱ្យនិយមន័យនយោបាយក្នុងន័យតូចចង្អៀត។ ផ្ទុយទៅវិញ លោកថាបច្ចុប្បន្នមានយុវជនខ្មែរច្រើនណាស់ដែលបានចូលរួមសកម្មជាមួយកិច្ចការនយោបាយ និងការអភិវឌ្ឍដោយមិនចេញមុខ។ លោកថា មិនមែនទាល់តែចេញមុខជាសាធារណៈទើបបង្ហាញថា ជាអ្នកសកម្មក្នុងការចូលរួមនយោបាយឡើយ។

លោកថ្លែងថា៖ «​ប្រជាពលរដ្ឋខ្មែរ ឬក៏យុវជនជំនាន់ក្រោយគេផ្លាស់ប្តូរផ្នត់គំនិតហើយ គេអត់ដើរតាមអ្នកនយោបាយមួយចំនួនដែលធ្វើកន្លងមកទេ ពីព្រោះគេមើលឃើញថាអត់មានប្រយោជន៍។ អ៊ីចឹងគេមានរបៀបថ្មីដើម្បីចូលរួមចំណែកអភិវឌ្ឍប្រទេស»

លោក ប៉ែន បូណា អះអាងថា កម្ពុជាបានបើកលំហនយោបាយយ៉ាងទូលាយ។ ជាក់ស្តែងកម្ពុជាមានគណបក្សនយោបាយជាច្រើនចូលរួមការបោះឆ្នោតដោយសេរី។

ទោះជាបែបនេះក្តី ទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន យល់ថាយុវជនមិនចាប់អារម្មណ៍បញ្ហានយោបាយ ដោយសារមើលឃើញពីការគំរាមកំហែង ការធ្វើទុកបុកម្នេញផ្សេងជាច្រើន តាមរយៈការរឹតបន្តឹងលំហនយោបាយ និងសេរីភាពបញ្ចេញមតិ។ ជាក់ស្តែងលោកថា ស្ថាប័នព័ត៌មានឯករាជ្យមួយចំនួនត្រូវបានបិទ ហើយសកម្មជនដែលហ៊ាននិយាយការពិត ក៏ត្រូវបានគេបាញ់សម្លាប់ និងចាប់ដាក់ពន្ធនាគារជាដើម។

លោក រ៉ុង ឈុន ថាគណបក្សកម្លាំងជាតិមានគោលនយោបាយជំរុញឱ្យយុវជនយកចិត្តទុកដាក់លើបញ្ហានយោបាយ ដើម្បីចូលរួមលើកកម្ពស់លទ្ធិប្រជាធិបតេយ្យឡើងវិញ បើទោះជារងការធ្វើទុកបុកម្នេញយ៉ាងណាក៏ដោយ។

លោកបញ្ជាក់ថា៖ «ចំពោះគណបក្សកម្លាំងជាតិ យើងលើកទឹកចិត្ត ហើយក៏ចូលរួមយុទ្ធនាការផ្សព្វផ្សាយ ធ្វើម៉េចដើម្បីដាស់ឱ្យយុវជនយើងចាប់អារម្មណ៍រឿងនយោបាយ ហើយត្រូវមានសេចក្តីក្លាហាន ទោះបីមាននូវការត្បិតត្បៀត គាបសង្កត់ រឹតបន្តឹងយ៉ាងណាក៏ដោយ។ដោយលោកបន្ថែមថា៖ «យើងត្រូវតែពុះពារគ្រប់ឧបសគ្គ ធ្វើម៉េចកែលំអឡើងវិញនូវសិទ្ធិសេរីភាពបញ្ចេញមតិ ក៏ដូចជាការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។ យើងមិនអាចសំងំភ័យខ្លាចបន្តទៅទៀតទេ»

របាយការណ៍ប្រចាំឆ្នាំរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា(CCHR)កាលពីថ្ងៃទី១៧ ខែវិច្ឆិកា​ឆ្នាំ២០២៣កន្លងទៅ បានបង្ហាញថា សេរីភាព​សារព័ត៌មាន​និង​សេរីភាព​នៃការ​បញ្ចេញ​មតិ​នៅកម្ពុជានៅតែ​បន្តធ្លាក់ចុះ។ ក្នុងនោះរបាយការណ៍បានរំលេចថា អ្នកសារព័ត៌មានហោចណាស់១៦នាក់ និងអ្នកការពារ​សិទ្ធិ​មនុស្ស១០០នាក់ ប្រឈមមុខនឹងវិធានការផ្លូវច្បាប់ ចាប់ពីខែកញ្ញា ឆ្នាំ​២០២២ ដល់ខែសីហា ឆ្នាំ២០២៣។

របាយការណ៍បានលើក​ឡើងដែរពីការប្រើនិន្នាការគាបសង្កត់សេរីភាពបញ្ចេញមតិ និងការបំបិទសំឡេងរិះគន់ នៅមុនការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ កាលពីខែកក្កដា ឆ្នាំ២០២៣។

លោក​ រ៉ុង ឈុន ក៏ស្នើឱ្យអង្គការសង្គមស៊ីវិលបង្កើនការផ្សព្វផ្សាយឱ្យពលរដ្ឋបានដឹងសិទ្ធិសេរីភាពរបស់ខ្លួន ដោយថាកង្វះការយល់ដឹងពីសិទ្ធិនឹងធ្វើឱ្យពលរដ្ឋភ័យខ្លាច ហើយមិនហ៊ានតាមដានបញ្ហានយោបាយ។

លោកថ្លែងថា៖ «បើចាប់អារម្មណ៍មិនបានស៊ីជម្រៅទេ ធ្វើឱ្យការសម្រេចចិត្តមិនបានត្រឹមត្រូវ អ៊ីចឹងធ្វើឱ្យប្រទេសជាតិហ្នឹងវាកាន់តែធ្លាក់ធ្ងន់ធ្ងរទៅៗ»

ដោយឡែក អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ចាត់ទុកថារបាយការណ៍របស់អង្គការតម្លាភាពខាងលើនេះមាននិន្នាការនយោបាយ មិនបានផ្សារភ្ជាប់នឹងការពិតឡើយ។ លោកថា កម្ពុជាបានបើកលំហនយោបាយពេញលេញ មិនដូចការលើកឡើងថា គណបក្សកាន់អំណាច និងរដ្ឋាភិបាលបានរឹតត្បិតលំហនយោបាយឡើយ។ ផ្ទុទៅវិញ លោកថាមានយុវជនយ៉ាងច្រើនដែលចូលរួមសកម្មភាពនយោបាយ ដូចជាការចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧កាលពីឆ្នាំ២០២៣កន្លងទៅជាដើម។

លោកមានប្រសាសន៍ថា៖ «របាយការណ៍នេះមិនឆ្លុះបញ្ចាំងអំពីការពិតទេ។ សរុបមកវិញគឺលំហនយោបាយនៅកម្ពុជាមានលក្ខណៈទូលំទូលាយ លើកលែងតែក្រុមឧទាមក្រៅច្បាប់តែប៉ុណ្ណោះទេ ដែលថាចង្អៀតនូវលំហនយោបាយ»

លោក ឥសាន បន្តថា គណបក្សកាន់អំណាចក៏មានគោលនយោបាយគាំទ្រយុវជនឱ្យចូលរួមក្នុងកិច្ចការនយោបាយដែរ​ដោយថាយុវជនដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ សុទ្ធតែទទួលបានតួនាទីសំខាន់ ក្នុងជួររដ្ឋាភិបាលឈាមថ្មី ដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។

លោកថ្លែងថា៖ «ចំពោះការផ្ទេរមកឱ្យឈាមថ្មីទទួលខុសត្រូវចំពោះ ជោគវាសនារបស់ប្រទេសជាតិនេះ គឺមិនប្រកាន់ជាឋានៈ តួនាទីនៅក្នុងសង្គមទេ គឺថាកូនអ្នកតូចក៏ដោយ កូនអ្នកធំក៏ដោយ ឱ្យតែគ្រប់លក្ខណៈសម្បត្តិសុទ្ធតែទទួលបានការតែងតាំង ការជ្រើសតាំង ឬមួយការចាត់តាំងឱ្យកាន់តួនាទីសំខាន់ៗដែលជាការទទួលខុសត្រូវចំពោះជោគវាសនាប្រទេសជាតិ»

និស្សិតឆ្នាំទី៣នៅរាជធានីភ្នំពេញវ័យ២១ម្នាក់ កញ្ញា សុវិមាន បានឱ្យដឹងថា កញ្ញាមិនបានយល់ដឹងស៊ីជម្រៅពីកិច្ចការនយោបាយឡើយ ក្រៅតែពីព្រឹត្តិការណ៍នយោបាយធំៗដូចជាការបោះឆ្នោត។ បន្ថែមលើនេះយុវតីដដែលថា មិនបានតាមដាននយោបាយ ឬពិភាក្សាទាក់ទងនឹងប្រធានបទនេះដែរ ព្រោះបារម្ភពីសុវត្ថិភាព។

កញ្ញាឱ្យដឹងថា៖ «អត់ហ៊ានបញ្ចេញមតិច្រើន ព្រោះជាទូទៅបញ្ហាខាងរដ្ឋខាងអី ខ្ញុំឃើញថាពេលដែលបញ្ចេញ(មតិ)កាន់តែច្រើន យើងអាចមានបញ្ហាដាក់ខ្លួន»

យុវតីនៅរាជធានីភ្នំពេញម្នាក់ទៀត កញ្ញា ហួរីណា ចាត់ទុកថាកិច្ចការនយោបាយជារឿងសំខាន់ ដែលត្រូវយល់ដឹង ប៉ុន្តែនិស្សិតវ័យ២០ឆ្នាំរូបនេះថា មិនសូវបានតាមដាន ដោយថាស្ថិតក្នុងវ័យសិក្សានៅឡើយ។

កញ្ញាថា៖ «ដោយសារណាមួយនៅរៀន អ៊ីចឹងហើយអត់សូវបានតាមដានរឿងនយោបាយអីច្រើនដែរ»

អង្គការតម្លាភាពកម្ពុជា កាលពីថ្ងៃទី៣១ ខែ តុលា ឆ្នាំ២០២២ ក៏បានផ្សព្វផ្សាយរបាយការណ៍ស្ទង់មតិមួយស្ដីពី« ការស្ទង់មតិយុវជនស្ដីពី គោលនយោបាយ»

ការស្ទង់មតិនេះបង្ហាញថា តួលេខស្ទង់មតិដែលបានចេញផ្សាយក្នុងឆ្នាំ២០២២ និងតួលេខស្ទង់មតិដែលបានចេញផ្សាយក្នុងឆ្នាំ២០២៤នៅដដែល ដោយយុវជនកម្ពុជាជាង៨២ភាគរយនៅតែមិនចាប់អារម្មណ៍ទាល់តែសោះ ឬចាប់អារម្មណ៍បន្តិចបន្តួចលើកិច្ចការនយោបាយ ក្រោមហេតុផលស្រដៀងគ្នា៕

260 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម