មន្ត្រីមូលដ្ឋាន និងប្រជាពលរដ្ឋជនជាតិដើមភាគតិចនៅឃុំមួយក្នុងខេត្តរតនគិរីអះអាងថា ពួកគេព្រួយបារម្ភ ពីសុវត្ថិភាព ដោយសារយុវជនក្នុងភូមិទាំងកូនពលរដ្ឋ និងកូនមន្ត្រី ប្រមាណ៤០ភាគរយវក់ប្រើប្រាស់គ្រឿងញៀន ក្នុងនោះមន្ត្រីនគរបាលប៉ុស្តិ៍ម្នាក់ក៏រងការចោទថា ប្រើគ្រឿងញៀនកម្រិតធ្ងន់ធ្ងរដែរ។
ជំទប់ទី១ ឃុំប៉ក់ញ៉ៃ ក្នុងស្រុកអូរយ៉ាដាវ លោក សល់ ខែង ឱ្យដឹងថា យុវជននៅក្នុងឃុំរបស់លោកចន្លោះពី៣០ទៅ៤០ភាគរយបានប្រើប្រាស់គ្រឿងញៀន។ លោកបន្តថា ក្នុងចំណោមអ្នកប្រើប្រាស់ភាគច្រើនគឺអាយុចន្លោះពី១៤ទៅ១៨ឆ្នាំ ហើយក្រៅពីនោះមនុស្សចាស់មួយចំនួន ដែលមានកូន និងមានទាំងចៅក៏ធ្លាក់ខ្លួនប្រើប្រាស់ខ្លះដែរ។
លោក សល់ ខែង ឱ្យដឹងថា លោកមានកូន៥នាក់ ក្នុងនោះកូនប្រុសតែម្នាក់ជាកូនពៅអាយុទើប១៨ឆ្នាំបានខូចខួរក្បាលលែងដឹងខុសត្រូវតាំងពីឆ្នាំ២០២២ ដោយសារឥទ្ធិពលគ្រឿងញៀន។ លោក បង្ហាញក្តីអស់សង្ឃឹមដោយសារដំបូងឡើយ លោករំពឹងពេលចាស់ទៅរស់នៅជាមួយកូនប្រុសពៅនេះ ។
លោក សល់ ខែង បញ្ជាក់ថា៖«កូនទី៥កូនពៅគេម៉ង។ កូនប្រុសអ៊ីចឹងដូចថាវាពិបាកចិត្តដែរហ្នឹងណា។ យើងពឹងកូនហ្នឹងហើយ វាត្រូវជាអ៊ីចឹងទៅទៀត។ មិនដឹងម៉េចទេ? អស់សង្ឃឹម»។
ឃុំប៉ក់ញៃមានភូមិចំនួន៤ មានប្រជាពលរដ្ឋជាង១ពាន់គ្រួសារ(១២៣២គ្រួសារ)ស្មើនឹងជាង៥ពាន់នាក់(៥ ០៨០នាក់) ដែលភាគច្រើនជាជនជាតិដើមភាគតិចចារ៉ាយ។ អ្នកភូមិអះអាងថា បញ្ហាគ្រឿងញៀនកើតមានឡើងប្រមាណជាង១០ឆ្នាំមកនេះ ហើយនៅ៣ឆ្នាំចុងក្រោយចំនួនអ្នកប្រើប្រាស់ និងបញ្ហាបង្កឡើងដោយគ្រឿងញៀនកើនឡើងកាន់តែខ្លាំង។
លោក សេវ ហ្លីន មេភូមិឡំ នៅក្នុងឃុំប៉ក់ញ៉ៃ ឱ្យដឹងថា លោកមានកូនប្រុសម្នាក់អាយុ២២ឆ្នាំ បានប្រើប្រាស់គ្រឿងញៀនបង្កបញ្ហាក្នុងផ្ទះ។ លោកឱ្យដឹងថា រហូតដល់ចុងឆ្នាំ២០២៣ កូនប្រុសនោះមានប្រពន្ធទៅនៅភូមិផ្សេងហើយលោកមិនដឹងថា នៅបន្តប្រើប្រាស់ថ្នាំញៀនទៀតឬអត់ទេ។
លោក សេវ ហ្លីន ថ្លែងថា លោកបារម្ភខ្លាំងខ្លាចកូនចៅលោក និងកូនចៅអ្នកភូមិនៅតូចៗអាចក្លាយជាជនរងគ្រោះដោយសារគ្រឿងញៀនទៀតនៅថ្ងៃអនាគត។
លោក សេវ ហ្លីន បន្តថា៖ «បាទ! បារម្ភហ្នឹងហើយ! យើងបារម្ភដូចគ្នាដែរ យើងបារម្ភខ្លាចវាង៉ៃក្រោយវាប៉ះពាល់ដែរហ្នឹងណា។ ឥឡូវនេះខ្ញុំនិយាយរឿយៗហ្នឹងវាអត់អីទេ»។
ជំទប់ទី២ ឃុំប៉ក់ញ៉ៃមកពីបក្សភ្លើងទៀន លោក សេវ ហ្វិញ ឱ្យដឹងថា អ្នកប្រើប្រាស់គ្រឿងញៀននៅភូមិទាំងបួននៅក្នុងឃុំគឺមានប្រមាណ៤០ភាគរយ។ លោកបន្តថា កន្លងមកអ្នកប្រើប្រាស់គ្រឿង ញៀនបានប្រើហិង្សា និងប្រើកាំបិតគំរាមកំហែងអ្នកភូមិពេលមានជម្លោះកើតឡើង។
ជំទប់ទី២រូបនេះ ឱ្យដឹងថា អ្នកភូមិមានការភ័យខ្លាចខ្លាំង គឺពួកគេមិនហ៊ានទៅចម្ការ ឬទៅកន្លែង ស្ងាត់ម្នាក់ឯងទេទោះនៅជិតៗផ្ទះក៏ដោយ។
លោក សេវ ហ្វិញ បន្ថែមថា៖«អ្នកឆ្កួតតែងតែដើរដូចថាកន្លែងណាចម្ការ ឬក៏កន្លែងព្រៃ កន្លែងដូចថាជា[ចម្ការស្វាយ]ចាន់ទី យើងអីចឹងណា។ ប៉ះពាល់ដូចថាប៉ះពាល់ធម្មតាអ្នកឆ្កួតមនុស្សយើងមា្នក់ៗអត់ហ៊ានទៅម្នាក់ទេ ដូចថា កាលមុន[មនុស្ស]ស្រី យើងទៅចម្ការម្នាក់ឯងទៅបានហើយ ប៉ុន្តែឥឡូវគេខ្លាច គេភ័យណាស់រឿងហ្នឹង។ ហ្នឹងហើយ! សូម្បីតែថាយើងមិនថាទៅចម្ការនោះ គ្រាន់តែដងទឹកក្បែរផ្ទះយើង គាត់អត់ហ៊ានដែរ ហ្នឹង»។
មន្ត្រីមូលដ្ឋាន និងប្រជាពលរដ្ឋអះអាងថា នៅក្នុងឃុំបច្ចុប្បន្នមនុស្សប្រមាណ១០នាក់ ដែលភាគ ច្រើនជាយុវជនកំពុងខូចខួរក្បាល ឬហៅថា ឆ្កួតដោយសារឥទ្ធិពលថ្នាំញៀន ហើយយ៉ាងហោច ណាស់អ្នកញៀនថ្នាំខ្លាំង៣នាក់បានសម្លាប់ខ្លួនដោយចងកនៅឆ្នាំ២០២២ និងដើមឆ្នាំ២០២៣។
បើតាមមន្ត្រីមូលដ្ឋាន និងប្រជាពលរដ្ឋឱ្យដឹងទៀតថា ក្នុងចំណោមមន្ត្រីនគរបាលប៉ុស្តិ៍នៅឃុំប៉ក់ញ៉ៃ៥នាក់គឺមានមន្ត្រីនគរបាលម្នាក់បានប្រើប្រាស់គ្រឿងញៀនប្រមាណ៥ឆ្នាំមកហើយ។
អ្នកយកព័ត៌មានខេមបូចា ព្យាយាមទាក់ទងមន្ត្រីនគរបាលប៉ុស្តិ៍រូបនោះ ដើម្បីសុំការបកស្រាយករណីនេះ ប៉ុន្តែទូរសព្ទហៅចូលមិនមានអ្នកទទួល។
មេឃុំប៉ក់ញ៉ៃ លោក ចេង ហេង ថ្លែងថា លោកបានឮការជជែកតគ្នាថា មន្ត្រីប៉ុស្តិ៍ម្នាក់ប្រើប្រាស់គ្រឿងញៀន ប៉ុន្តែព័ត៌មានជាក់លាក់លោកមិនបានដឹងទេ ព្រោះថា លោកមិនមានសមត្ថកិច្ចសួរនាំ។ ជុំវិញចំនួនអ្នកប្រើប្រាស់គ្រឿងញៀនលោកថ្លែងថា មាននៅក្នុងឃុំ ប៉ុន្តែលោកមិនបានដឹងចំនួនជាក់លាក់ដូចមន្ត្រីផ្សេងទៀត និងពលរដ្ឋថា មានដល់៤០ភាគរយនោះទេ។
ទោះយ៉ាងណា លោក ចេង ហេង សង្កេតឃើញដូចអ្នកភូមិ និងមន្ត្រីផ្សេងទៀតដែរថា ពលរដ្ឋក្នុងឃុំមានការភ័យខ្លាចក្នុងការធ្វើដំណើរនៅកន្លែងស្ងាត់។
លោក ចេង ហេង លើកឡើងថា៖«និយាយទៅធម្មតាហ្នឹងហើយ អ្នកដែលប្រើប្រាស់គ្រឿងញៀន យើងចេះបង្ការហ្នឹងហើយ ប្រជាពលរដ្ឋយើងមិនអាចហ៊ានដើរដូចថាម្នាក់ឯងបានទេដោយសារការប្រើប្រាស់គ្រឿងញៀន។ យើងដឹងហើយពួកដែលប្រើប្រាស់គ្រឿងញៀនពេលវាកើតឡើងហើយ សូម្បីតែឪពុកម្តាយខ្លួនឯងក៏វាមិនដឹងដែរអ៊ីចឹង។ និយាយនេះយើងបង្ការទុកកុំឱ្យយប់ព្រលប់អីគាត់ទៅណាមកណាកុំដើរតែម្នាក់ឯងអ៊ីចឹងណា៎»។
មេប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំប៉ក់ញ៉ៃលោក ធឿន ចាន់ថុល ក៏លើកឡើងដូចមេឃុំដែរថា លោកឮតែការជជែកតគ្នា នៅក្នុងឃុំថា មន្ត្រីនគរបាលប៉ុស្តិ៍ម្នាក់ប្រើប្រាស់គ្រឿងញៀន។ លោកបន្តថា បើចង់ដឹងប្រើ ឬមិនប្រើគ្រឿងញៀនទាល់តែពិនិត្យទឹកនោម ប៉ុន្តែលោកមិនមានសិទ្ធិទេ។
លោក ធឿន ចាន់ថុល ឱ្យដឹងថា មន្ត្រីនគរបាលប៉ុស្តិ៍ម្នាក់នោះ អសកម្មក្នុងការបំពេញតួនាទី ហើយលោកបានរាយការណ៍ករណីនេះទៅថ្នាក់លើរួចហើយ។
លោក ធឿន ចាន់ថុល ឱ្យដឹងថា លោកមានការលំបាកដោយសារតែមន្ត្រីនគរបាលប៉ុស្តិ៍របស់លោកមានចំនួនតិចពិបាកក្នុងការបំពេញការងារពង្រឹងសន្តិសុខក្នុងភូមិ។ លោកបន្តថា ការប្រឹងប្រែងយាមល្បាតរាល់យប់ ហាក់បំភ័យបានតែមុខសញ្ញាតូចតាច ចំណែកមុខសញ្ញាធំតែងតែដឹងមុនពីទិសដៅ មន្ត្រីចុះទៅយាមល្បាត។
លោក ធឿន ចាន់ថុល ថ្លែងថា៖«យើងព្យាយាមល្បាតរាល់ល្ងាច ប៉ុន្តែការល្បាតនេះវាគ្រាន់តែជាការគំរាមកំហែងទៅលើអាជនដែលខិលខូចមួយចំនួនតូចទេ ពួកលក្ខណៈអាជីពម៉ងវាដឹងថាយើងចេញម៉ោងណា ធ្វើការម៉ោងណា វាបញ្ច្រាស់គ្នាហើយ។ អ៊ីចឹងមានតែសង្ឃឹមលើបងប្អូនប្រជាពលរដ្ឋទេដែលជូនដំណឹងមកយើង យើងនឹងទៅដល់កន្លែងភ្លាមៗ»។
ខេមបូចា មិនអាចទាក់ទង អភិបាលស្រុកអូរយ៉ាដាវ ឈ្មោះ ម៉ា វិចិត្រ និងលោក អ៊ុង សុភាព ស្នងការខេត្តរតនគិរី ដើម្បីសាកសួរជុំវិញបញ្ហានេះបានទេដោយទូរសព្ទហៅចូល មិនមានអ្នកទទួល។
ចំណែកអ្នកនាំពាក្យសាលាខេត្តរតនគិរី លោក ស៊ូ សិរី មានប្រសាសន៍ថា លោកមិនជឿថា យុវជននៅឃុំប៉ក់ញ៉ៃប្រើប្រាស់គ្រឿងញៀនដល់៤០ភាគរយ និងមានករណី មន្ត្រីប៉ុស្តិ៍ប្រើគ្រឿងញៀនដែរនោះទេ ព្រោះកន្លងមកអាជ្ញាធរថ្នាក់ខេត្តបានរឹតបន្តឹងខ្លាំង ក្នុងការទប់ស្កាត់បទល្មើស គ្រឿងញៀន។ ទោះយ៉ាងណាលោកថា លោកនឹងស្រាវជ្រាវបន្ថែមលើករណីដែលប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាននៅឃុំប៉ក់ញ៉ៃលើកឡើងនេះ។
លោក ស៊ូ សិរី បញ្ជាក់ថា៖«អាហ្នឹងខ្ញុំវានិយាយរួមទៅយើងមិនបានដឹងអស់ទេ ប៉ុន្តែអ្វីដែលពាក់ព័ន្ធនឹងគ្រឿងញៀនគឺខ្ញុំឧស្សាហ៍រំឭកណាស់។ អាហ្នឹងជារឿងមួយដែលខ្ញុំទៅក្រោយដែរ ពេលខ្លះអើធម្មតាមន្ត្រីយើងកំពុងតែស្រាវជ្រាវរឿងហ្នឹងផង អាចលាក់លៀមព័ត៌មានខ្លះសម្រាប់ខ្ញុំអ៊ីចឹងហាណា៎ ប៉ុន្តែយើងមិនបន្ទោសគាត់ទេ ពេលខ្លះយើងអាចថាអនុវត្តបានដោយសារយើងច្បាស់លាស់។ ប៉ុន្តែខ្ញុំនឹងព្យាយាមជីកសួររឿងហ្នឹង ហើយមានពេលមួយខ្ញុំនឹងចុះទៅផ្ទាល់តែម្តង»។
មាត្រា៤០នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ចែងថា បទរក្សាទុក ដឹកជញ្ជូន ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី២ឆ្នាំទៅ៥ឆ្នាំ។ ជនល្មើសក៏នឹងអាចត្រូវទទួលបន្ថែមនូវទោសពិន័យជាប្រាក់ពី៤លានរៀលទៅ១០លានរៀល។ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៥ឆ្នាំទៅដល់១០ឆ្នាំ និងផ្តន្ទាទោសពិន័យជាប្រាក់ពី១០លានរៀលដល់២០លានរៀល ក្នុងករណីដែលរកឃើញថាបានជនល្មើស រក្សាទុក ដឹកជញ្ជូន ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន មានដូចជា អំហ្វេតាមីន មេតំហ្វេតាមីន ឬអ៊ីចស្តាស៊ី មានបរិមាណសុទ្ធចាប់ពី១៥ក្រាម រហូតដល់ក្រោម៨០ក្រាម ហើយអាចនឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារចាប់ពី២០ឆ្នាំទៅ៣០ឆ្នាំ ឬអស់មួយជីវិត ក្នុងករណីរកឃើញថា ជនល្មើសបានរក្សាទុក ដឹកជញ្ជូន ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន មានដូចជា អំហ្វេតាមីន មេតំហ្វេតាមីន ឬ អ៊ីចស្តាស៊ី មានបរិមាណសុទ្ធចាប់ពី២៤០ក្រាមឡើងទៅ។
នៅក្នុងគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពរបស់ក្រសួងមហាផ្ទៃដាក់ចេញកាលពីឆ្នាំ២០១០ ហើយមានការកែប្រែជាបន្តបន្ទាប់នោះ ក៏មានផ្តោតលើការទប់ស្កាត់ការប្រើប្រាស់ និងចែកចាយគ្រឿងញៀន។ ចំណែកនៅក្នុងគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណរបស់រដ្ឋាភិបាលអាណត្តិទី៧ ក៏បានផ្តោតលើការពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋានដែរ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា ថ្លែងនៅក្នុងខែសីហា ក្រោយពេលឡើងកាន់តំណែង ជារដ្ឋមន្ត្រីថា លោកនឹងមិនទុកមន្ត្រីណាដែលពាក់ព័ន្ធបទល្មើសគ្រឿងញៀនឱ្យធ្វើបាបពលរដ្ឋ និងបំផ្លាញសង្គមជាតិទៀតទេ។
លោក ស សុខា៖«ភារកិច្ចកងកម្លាំងប្រដាប់អាវុធ បើមានការស្រាវជ្រាវទៅឃើញមានពាក់ព័ន្ធទៅ នឹងជាមួយការប្រើប្រាស់ ឬមួយការជួញដូរ ភាគច្រើនជួញដូរគ្រឿងញៀន ខ្ញុំគិតថាពួកគាត់មិនគួរនៅជាមួយយើងទៀតទេ ព្រោះឥឡូវទុកក៏មិនដឹងចំណេញអី។ បាទ! សំណួរនៅកន្លែងហ្នឹង។ គាត់ម្នាក់មិនដឹងថាគាត់បានធ្វើប៉ុន្មានឆ្នាំហើយ ហើយរាប់ពាន់រាប់សែន នាក់ដែលត្រូវកើតទុក្ខដោយសារគាត់»។
ពលរដ្ឋនៅក្នុងឃុំប៉ក់ញ៉ៃ លោក រមាស់ ស្វាង ឱ្យដឹងថា ចំនួនអ្នកប្រើប្រាស់គ្រឿងញៀន មានការកើនឡើងបន្តបន្ទាប់។ ពលរដ្ឋរូបនេះ អំពាវនាវ ឱ្យមន្ត្រីពាក់ព័ន្ធមានវិធានការពិតប្រាកដដោះស្រាយបញ្ហានេះ ព្រោះរូបលោក និងអ្នកភូមិផ្សេងទៀត កំពុងមានការភ័យខ្លាចខ្លាំង។
លោក រមាស់ ស្វាង ឱ្យដឹងថា៖ «ចំពោះខ្ញុំ ខ្ញុំសំណូមពរចង់ឱ្យរាជរដ្ឋាភិបាល អ្នកក្រុមការងារខាងទប់ស្កាត់ ដូចជាខាងសន្តិសុខ និងប៉ូលីស ទប់ស្កាត់ដោយពិតៗ ហើយកុំទប់ស្កាត់ដូចជាសព្វថ្ងៃទប់ស្កាត់តែមាត់ ការប្រព្រឹត្តិនៅតែដដែលៗវាមិនកើតទេ។ បាទ! ការសំណូមពររបស់ខ្ញុំដើម្បីចង់ឱ្យសមត្ថកិច្ចធំៗ ស្រាវជ្រាវបានទាល់តែឃើញទាល់តែបានទាល់តែអស់ ព្រោះកុំឱ្យវារាល់ដាលបន្ត»។
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក ប្រចាំខេត្តរតនគិរី លោក ឌិន ខន្នី មានប្រសាសន៍ថា បើមានការអនុវត្តច្បាប់ឱ្យមានប្រសិទ្ធិភាព លុបបំបាត់អំពើពុករលួយនោះ ការទប់ស្កាត់គ្រឿងញៀននឹងមានប្រសិទ្ធិភាពហើយ។ លោកបន្តថា នៅក្នុងខេត្តរតនគិរីក៏ដូចជាតំបន់ផ្សេងទៀតក្នុងប្រទេសដែរ គឺបញ្ហាគ្រឿងញៀនកំពុងបំផ្លាញយុវជនធ្វើឱ្យប៉ះពាល់សេដ្ឋកិច្ចគ្រួសារ សេដ្ឋកិច្ចជាតិ និងបំផ្លាញធនធានមនុស្សជាអ្នកត្រូវកាន់ការងាររបស់ជាតិនៅថ្ងៃអនាគត។
លោក ឌិន ខន្នី ថ្លែងថា៖«យើងដឹងហើយថា យុវជនគឺជាកម្លាំងចលករមួយនៃការអភិវឌ្ឍសង្គម ហើយយុវជនគឺជាទំពាំងស្នងឫស្សី ជាសសរទ្រូងរបស់ប្រទេសជាតិ អ៊ីចឹងបើសិនសសរទ្រូងពុកហើយ ហើយសសរទ្រូងខូចហើយ ថាតើក្នុងសង្គមនេះសង្ឃឹមអី? សង្ឃឹមលើចាស់គាត់ស្លាប់អស់ហើយ។ ដូច្នេះសង្ឃឹមលើមនុស្សក្មេងជំនាន់ក្រោយពីមួយតំណទៅមួយតំណ ព្រោះគាត់ជាមនុស្សមានសក្កានុពល មានថាមពល ហើយបើសិនជាយកថាមពលរបស់គាត់ទៅប្រព្រឹត្តិទៅសេពគ្រឿងញៀន តើសង្គមជាតិពឹងអី?»។
នាយកប្រតិបត្តិសមាគមសង្គ្រោះជនរងគ្រោះដោយសារគ្រឿងញៀនកម្ពុជា លោក មាស សុវណ្ណ ឱ្យដឹងថា មានអ្នកញៀនថ្នាំចំនួន១៤៧នាក់កំពុងព្យាបាល និងបន្សាបសារធាតុញៀន នៅមណ្ឌល របស់លោក។ លោកថា លោកបានប្រើប្រាស់វិធីសាស្ត្រតាមស្តង់ដារជាតិ និងអន្តរជាតិ រួមទាំងវិធី អប់រំផ្លូវចិត្តតាមបែបពុទ្ធសាសនាដើម្បីបន្សាបគ្រឿងញៀន។
លោក មាស សុវណ្ណ ឱ្យដឹងថា មណ្ឌលបន្សាបគ្រឿងញៀនរបស់លោក បើកដំណើរការតាំងពីឆ្នាំ២០០៥ ទទួលអ្នកញៀនថ្នាំជាង១ម៉ឺន៣ពាន់នាក់ ប៉ុន្តែលោកថា ចំនួនដែលលោកអាចជួយបន្សាបបានគឺនៅក្រោម៥០ភាគរយ។ លោកបន្តថា អ្នកញៀនថ្នាំ ប៉ះពាល់ខ្លាំងដល់ប្រព័ន្ធប្រសាទ និងជំងឺឱកាសនិយមផ្សេងៗទៀត។
លោក មាស សុវណ្ណ៖«វាទៅជារមាស់ ទៅជាគ្រុនក្តៅ ឬក៏ធើអីៗធើទុក្ខក្រពះ ពោះវៀនអីគាត់ណ៎។ អ៊ីចឹងហា៎! ធ្វើទុក្ខក្រពះ ពោះវៀន ធ្វើទុក្ខផ្នែកប្រព័ន្ធខួរក្បាលនេះវាមិនងាយទេ និយាយនេះទាល់តែ យើងជួយគ្នា សហការណ៍គ្នាជាមួយនឹងមូលដ្ឋាន និងក្រុមគ្រួសារទៀត បានអាចបង្វែរបានទាញបាន។ សំខាន់គឺប្រព័ន្ធខួរក្បាលហ្នឹងឯង»។
របាយការណ៍ក្រសួងមហាផ្ទៃបង្ហាញថា នៅឆ្នាំ២០២១គ្រឿងញៀនបង្ក្រាបបានប្រមាណ៤តោន ចំណែក ឆ្នាំ២០២២ គ្រឿងញៀនបង្ក្រាបបានប្រមាណ១៥តោន គឺកើនឡើងប្រមាណ១០តោន។
អតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង ធ្លាប់លើកឡើងពីក្តីបារម្ភដែលសមត្ថកិច្ច ចាប់បាន គ្រឿងញៀនរាប់តោន និងសារធាតុសម្រាប់ផលិតគ្រឿងញៀនរាប់រយតោន ប៉ុន្តែចាប់មេខ្លោង និងខ្សែបណ្តាញបក្ខពួកមិនបាន ដែលនាំឱ្យបទល្មើសនេះនៅតែបន្តកើតមាន។
រដ្ឋាភិបាលអាណត្តិទី៧ ក្នុងរយៈពេលជាង៣ខែកន្លងមកនេះ បានចាប់ខ្លួនមន្ត្រីសមត្ថកិច្ចជាបន្ត បន្ទាប់ដែលពាក់ព័ន្ធការជួញដូរគ្រឿងញៀន ប្រមាណ២០នាក់មាននៅខេត្តបាត់ដំបង ក្រចេះ ភ្នំពេញ កំពង់ស្ពឺ និងនៅខេត្តព្រះសីហនុនោះជាដើម ក្នុងនោះនៅក្នុងខែវិច្ឆិការហូតមានការចាប់ខ្លួន អនុប្រធានមន្ទីរប្រឆាំងគ្រឿងញៀននៃក្រសួងមហាផ្ទៃលោកឧត្តមសេនីយ៍ វ៉ាន់ កុសល និងបក្ខពួក៤នាក់ពាក់ព័ន្ធបទល្មើសគ្រឿងញៀនផងដែរ៕