លោកនាយករដ្ឋមន្រ្ដី ហ៊ុន ម៉ាណែត នៅថ្ងៃទី២០ ខែកុម្ភៈ បញ្ជាឱ្យធ្វើតេស្ដលើមន្រ្ដីរាជការទាំងអស់ជុំវិញបញ្ហាគ្រឿងញៀន និងមិនឱ្យមានការវិនិយោគលើការដាំដើមកញ្ឆាក្នុងទឹកដីកម្ពុជា ខណៈមន្រ្ដីថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិគាំទ្រ និងអនុវត្ដតាមបទបញ្ជានោះ។
ក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងផ្សព្វផ្សាយយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លោកនាយករដ្ឋមន្រ្ដី ហ៊ុន ម៉ាណែត បានថ្លែងថា បញ្ហាគ្រឿងញៀនបានបង្កបញ្ហាជាច្រើនដល់ប្រជាពលរដ្ឋខ្មែរឱ្យមានការព្រួយបារម្ភ ជាពិសេសលោកតម្រូវឱ្យស្ថាប័នពាក់ព័ន្ធទាំងអស់ត្រូវធ្វើតេស្ដលើគ្រប់មន្រ្ដីរាជការ ដើម្បីធានាថា មន្រ្ដីជាអ្នកអនុវត្ដច្បាប់មិនពាក់ព័ន្ធនឹងគ្រឿងញៀន។
លោកបន្ដថា លោកធ្លាប់បានមានប្រសាសន៍នៅលើផេកផ្លូវការរបស់លោកម្ដងរួចទៅហើយ ហើយបញ្ហាគ្រឿងញៀនក៏បានស្ងប់ស្ងាត់ផងដែរ ប៉ុន្ដែពេលនេះបែរជាកក្រើកឡើងវិញ និងជាបញ្ហាត្រូវដោះស្រាយជាបន្ទាន់។
លោកថ្លែងថា៖ «ពាក់ព័ន្ធទៅនឹងការបង្រ្កាបគ្រឿងញៀន គឺត្រូវបន្សុទ្ធកម្លាំងរបស់យើង។ ត្រូវបោសសំអាតគ្រឿងញៀនចេញពីកងកម្លាំងប្រដាប់អាវុធ អាហ្នឹងត្រូវតែធ្វើមុនគេ ព្រោះអ្នកអនុវត្ដច្បាប់ត្រូវស្អាតមុនគេ»។
លោកនាយករដ្ឋមន្រ្ដីក៍បានលើកឡើងថា សម្រាប់កម្ពុជាមិនស្វាគមន៍លើការវិនិយោគពាក់ព័ន្ធនឹងការដាំដើមកញ្ឆានោះទេ ដោយលោកបានសង្កត់ធ្ងន់ថាកម្ពុជាមិនទទួលបានផលចំណេញអ្វីពីការវិនិយោគនេះទេ ដូច្នេះលោកមិនតម្រូវឱ្យកម្ពុជាមានការអនុញ្ញាតលើការវិនិយោគ។ លោកបន្ដថា កន្លងមកមានបុគ្គលខ្លះបានមកសួរលោក ជុំវិញការវិនិយោគដាំដើមកញ្ឆាដើម្បីបម្រើឱ្យវិស័យសុខាភិបាលក្នុងការផលិតថ្នាំផ្សេងៗ ប៉ុន្ដែលោកមិនយល់ព្រមលើការវិនិយោគនេះ។
លោកមានប្រសាសន៍ថា៖ «សម្រាប់ខ្ញុំ ដរាបណាហ៊ុន ម៉ាណែតនៅជានាយករដ្ឋមន្រ្ដី ច្បាប់នេះខ្ញុំអត់ឯកភាពទេ។ ខ្ញុំជូនសារទៅផង អ្នកដែលចង់វិនិយោគមកពីក្រៅប្រទេស កុំចំណាយពេលជិះយន្ដហោះមកអត់ប្រយោជន៍ទេ មិនបាច់មកទេ»។
នៅថ្ងៃទី២០ ខែកុម្ភៈដដែល លោកនាយករដ្ឋមន្រ្ដី ហ៊ុន ម៉ាណែត បានចេញបទបញ្ជាស្ដីពីការដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ។
ក្នុងលិខិតបានបញ្ជាក់ថា គ្រោះថ្នាក់ដែលមានបណ្ដាលមកពីឧក្រិដ្ឋគ្រឿងញៀននៅតែបន្ដរីករាលដាលគួរឱ្យព្រួយបារម្ភទាំងក្នុងតំបន់ និងលើពិភពលោក រួមទាំងកម្ពុជាផងដែរ។
លោក ហ៊ុន ម៉ាណែត ថ្លែងក្នុងលិខិតថា៖ «គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបង្កើនការត្រួតពិនិត្យជាប្រចាំចំពោះមន្រ្ដីរាជការស៊ីវិល មន្រ្ដីនគរបាលជាតិ និងយោធិន ព្រមទាំងមន្រ្ដីជាប់កិច្ចសន្យាដែលស្ថិតនៅក្រោមឱវាទរបស់ខ្លួនលើការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ឬមានការពាក់ព័ន្ធនឹងគ្រឿងញៀនខុសច្បាប់»។
នៅក្នុងសន្និបាតនោះដែរមានការចូលរួមពីលោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក នេត សាវឿន ឧបនាយករដ្ឋមន្ត្រី លោក ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងមន្ត្រីជាន់ខ្ពស់ជាច្រើននាក់ទៀត។
ចំណែកលោក មាស វិរិទ្ធ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានថ្លែងប្រាប់ ខេមបូចា តាមប្រព័ន្ធតេឡេក្រាមថា ការដាក់ចេញនៅបទបញ្ជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជារឿងត្រឹមត្រូវ ហើយអង្គភាពលោកនឹងបន្ដអនុវត្ដឱ្យបានម៉ឹងម៉ាត់ដើម្បីបង្រ្កាបគ្រឿងញៀននេះ។ លោកបានបន្តថា បទបញ្ជានេះគឺវាឆ្លើយតបនឹងបញ្ហាដែលកម្ពុជាកំពុងតែប្រឈមខ្លាំង ដូច្នេះលោកថា ក្នុងនាមជាមន្រ្ដីរាជការក្រោមការដឹកនាំរបស់រដ្ឋាភិបាលថ្មីនេះ លោកនឹងខំប្រឹងប្រែងបង្រ្កាបបញ្ហាគ្រឿងញៀនដើម្បីឱ្យកម្ពុជាលែងមានគ្រឿងញៀន។
លោកថ្លែងថា៖ «ការទប់ស្កាត់គ្រឿងញៀនបាន គឺអាចឱ្យសង្គមកម្ពុជាយើងមិនមានការគំរាមកំហែង និងគ្មានពលរដ្ឋកម្ពុជាក្លាយជាជនរងគ្រោះដោយសារគ្រឿងញៀននោះទេ។ ក្នុងនាមជាមន្រ្ដីរាជការខិតខំយកចិត្ដទុកដាក់ និងការប្ដេជ្ញាចិត្ដក្នុងការអនុវត្ដនូវវិធានការរបស់រដ្ឋាភិបាលឱ្យមានប្រសិទ្ធភាព។ ការដាក់បទបញ្ជានេះពិតជាមានសារៈសំខាន់សម្រាប់សង្គមយើង»។
យ៉ាងណាលោកបានបញ្ជាក់ថា ក្នុង២០២៣នេះបរិមាណគ្រឿងញៀនដែលរឹបអូសបានមានការថយចុះជាង២០២២ ប៉ុន្ដែករណីមានការកើនឡើង តែការរឹបអូសគ្រឿងញៀនមានការថយចុះ។ លោកបន្ដថា ក្នុងការបង្រ្កាបនេះ គឺមានចម្រុះជាតិសាសន៍ ប៉ុន្ដែក្នុងនោះភាគច្រើនជាជនជាតិចិន។
លោកមានប្រសាសន៍ទៀតថា តាមរយៈរបាយការណ៍បូកសរុបការងារបង្រ្កាបបទល្មើសចែកចាយ និងប្រើប្រាស់គ្រឿនញៀនទូទាំងប្រទេសបង្ហាញថា ក្នុងឆ្នាំ២០២៣ សមត្ថកិច្ចបានបង្ក្រាបករណីគ្រឿងញៀនដោយរឹបអូសវត្ថុតាងបានជិត៣តោន ក្នុងចំណោម ៨ ០៦២ករណី ប៉ុន្ដែករណីធំៗមានចំនួន១០ករណី។
លោកបញ្ជាក់ថា៖ «ករណីចាប់បានមានច្រើន ប៉ុន្ដែបរិមាណគ្រឿងញៀនមានការថយចុះជាង២០២២។ ករណីធំៗមាន១០ ក្នុងនោះមានមេខ្លោងជនជាតិចិន។ យើងនៅបន្ដប្រើយុទ្ធសាស្រ្ដដដែល ប៉ុន្ដែយើងត្រូវពង្រឹងចំណុចណាខ្សោយដើម្បីអាចបង្រ្កាបញ្ហាគ្រឿងញៀនឱ្យបាន។ វាអាស្រ័យលើស្ថាប័នពាក់ព័ន្ធទាំងអស់ចូលរួមសហការទើបប្រទេសយើងបានល្អប្រសើរ»។
លោកបានឱ្យដឹងទៀតថា ករណីដែលចាប់បានដូចជានៅខេត្ដស្វាយរៀងកន្លងមក លោកថា គ្រឿងញៀនបានជាង១តោន ប៉ុន្ដែមេខ្លោងត្រូវបានគេចខ្លួនបាត់។ ការណ៍នេះលោកថា អង្គភាពលោកនឹងបន្ដសហការជាមួយស្ថាប័នពាក់ព័ន្ធដើម្បីចាប់មេខ្លោងឱ្យបាន។
លោក អ៊ីន សុង អនុប្រធានមន្ទីរប្រឆាំងគ្រឿងញៀននៃក្រសួងមហាផ្ទៃ និងជាអ្នកនាំពាក្យបានថ្លែងបន្ថែមថា លោកគាំទ្រ និងបន្ដនឹងអនុវត្ដទៅតាមបទបញ្ជារបស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន ម៉ាណែត។ លោកបានបន្តថា កន្លងមកបញ្ហាគ្រឿងញៀនបានបង្កបញ្ហាជាច្រើនដល់កម្ពុជា រហូតជនឧក្រិដ្ឋគ្រឿងញៀនបានយកធ្វើជាទីតាំងដើម្បីទៅប្រទេសទី៣។ លោកថា ការបង្រ្កាបគ្រឿងញៀននេះ អង្គភាពបានរឹបអូសបានជាច្រើនតោនតាមតំបន់នានា ដោយលោកថា លោកបង្រ្កាបបានឧក្រិដ្ឋជនគ្រឿងញៀនធំៗផងដែរ។
លោកថ្លែងថា៖ «ខ្ញុំគិតថា ល្អ! និងសូមគាំទ្រ។ខ្ញុំនឹងអនុវត្ដតាមបញ្ជាសម្ដេច ហ៊ុន ម៉ាណែត ដើម្បីឱ្យប្រទេសយើងក្លាយជាប្រទេសលែងមានបញ្ហាគ្រឿងញៀន»។

នៅដើមឆ្នាំ២០២៤សមត្ថកិច្ចប្រយុទ្ធប្រឆាំងគ្រឿងញៀនបានបង្រ្កាបបទលើ្មសគ្រឿងញៀនធំៗពីរសរុបជិត៣តោនដោយនៅព្រឹកថ្ងៃទី២៤ខែមករាកន្លងទៅ នាយកដ្ឋានប្រឆាំងគ្រឿងបានបង្ហាញមុខក្រុមឧក្រិដ្ឋនចំនួន៥នាក់ ជាជនជាតិចិន រួមទាំងគ្រឿងញៀនជាង១តោន និងកងរាជអាវុធហត្ថខេត្តព្រះវិហារបង្ក្រាប និងដកហូតគ្រឿងញៀនបានជាង១តោន កាលពីយប់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ អំឡុងឧក្រិដ្ឋជនដឹកតាមរថយន្តប្រភេទម៉ាស្តាមួយគ្រឿង នាំចេញពីប្រទេសឡាវឆ្លងកាត់ខេត្តព្រះវិហារ។
បើតាមលោក ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានថ្លែងថា លោកនឹងអនុវត្ដតាមបញ្ជារបស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន ម៉ាណែត ក្នុងការធ្វើតេស្ដលើនគរបាលខេត្ដរបស់លោកដើម្បីឱ្យថាពួកគេមិនបានពាក់ព័ន្ធនឹងគ្រឿងញៀន។ លោកបន្ដថា កន្លងមកលោកតែងតែបង្ក្រាបករណីគ្រឿងញៀនក្នុងខេត្ដរបស់លោក ហើយលោកនៅតែបន្ដសកម្មភាពបង្ក្រាបគ្រឿងញៀននេះដដែល ព្រោះបញ្ហាគ្រឿងញៀនបានបង្កភាពវឹកវរជាច្រើនដល់សង្គមនឹងធ្វើឱ្យពលរដ្ឋមានការព្រួយបារម្ភ។
លោកបន្ថែមថា៖ «ខ្ញុំគាំទ្រ! ខ្ញុំធ្វើការអនុវត្ដភ្លាមៗលើមន្រ្ដីនគរបាលដើម្បីឱ្យដឹងថាពួកគាត់មិនពាក់ព័ន្ធនឹងរឿងគ្រឿងញៀននេះ»។
ចំណែកឯលោក ឡេង សុខរុន អធិការស្រុកកណ្ដាលស្ទឹង បានលើកឡើងថា លោកគាំទ្រ និងអនុវត្ដតាមបទបញ្ជារបស់លោកនាយករដ្ឋមន្រ្ដី។ លោកបន្ដទៀតថា ការលុបបំបាត់បញ្ហាគ្រឿងញៀន គឺជាយុទ្ធសាស្រ្ដដំបូងរបស់លោក ដើម្បីឱ្យតំបន់លោកគ្មានបញ្ហាគ្រឿងញៀន ជាពិសេសការធ្វើតេស្ដគ្រឿងញៀនលើមន្រ្ដីនគរបាលរបស់លោក។
លោកថ្លែងថា៖ «ខ្ញុំគាំទ្រ!។ក្រោយពីចេញបទបញ្ជា ខ្ញុំកំពុងអនុវត្ដលើកូនចៅខ្ញុំទាំងអស់»។
ជុំវិញរឿងនេះលោក ប៉ិច ពិសី នាយកប្រតិបត្ដិនៃអង្គការតម្លាភាពកម្ពុជា បានថ្លែងថា ការដាក់ចេញនៅបទបញ្ជារបស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន ម៉ាណែត ជារឿងល្អ ហើយលោកគាំទ្រ។ លោកបានពន្យល់ថា ការដាក់ចេញនេះគឺអាចដោះស្រាយបញ្ហាដល់ឫសគល់បញ្ហាតែម្ដង ព្រោះកន្លងមកមន្រ្ដីរាជការមួយចំនួនធំបានពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀននេះ។
លោកបានសម្ដែងការសាទរថា៖ «វាជាយុទ្ធសាស្រ្ដល្អមែនទែន ព្រោះយើងអាចដោះស្រាយបញ្ហាជាប្រព័ន្ធបាន។ វាអាចលុបបំបាត់មន្រ្ដីជាប់ពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន ព្រោះមន្រ្ដីខ្លះគាត់បានយកតួនាទីទៅប្រកបមុខរបរគ្រឿងញៀន។ ខ្ញុំគាំទ្រសម្រាប់បទបញ្ជានេះ ហើយខ្ញុំសប្បាយនឹងយុទ្ធសាស្រ្ដនេះ»។
បើតាមការបញ្ជាក់របស់លោក អ៊ីន សុង អនុប្រធានមន្ទីរប្រឆាំងគ្រឿងញៀននៃ ក្រសួង មហាផ្ទៃ និងជាអ្នកនាំពាក្យ បានបញ្ជាក់ពីរបាយការណ៍បញ្ហាគ្រឿងញៀនថា ឆ្នាំ២០២៣មានការថយនៃការរឹបអូសបានគ្រឿងញៀន ក្នុង២០២២បង្ក្រាប ៨ ០៦៣ក្នុងចំណោម ៦ ៣៩០ករណី(កើន ១៦៧៣ ករណី) និងឃាត់ខ្លួនមនុស្ស ២០ ០០២ក្នុងចំណោម ១៥ ០០២នាក់(កើន ៥ ០០០នាក់)ក្នុងនោះមានស្រី ១ ៣៦៧នាក់។ លោកបន្ដថា ឆ្នាំ២០២៣ ចាប់បានគ្រឿងញៀន២តោន៩៨៨គីឡូក្រាម។ ហើយក្នុងឆ្នាំ២០២២ មាន១៤តោន៩១៩គីឡូក្រាម មានការថយចុះ១១តោន៩៣០គីឡូក្រាមសម្រាប់ឆ្នាំ២០២៣។
កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣កន្លងទៅ លោក ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបញ្ជាឱ្យបណ្ដេញចេញពីក្របខណ្ឌតែម្ដង ចំពោះមន្ដ្រីនគរបាលរូបណាដែលតេស្ដរកឃើញមានសារធាតុញៀន។ ការដាក់បទបញ្ជាក្នុងក្របខណ្ឌមន្ដ្រីនគរបាលក្រសួងមហាផ្ទៃ ពីលោក ស សុខា បានធ្វើឡើងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ទីតាំងមណ្ឌលសំចតប៉ោយប៉ែត នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោក ស សុខា បានព្រមានជាថ្មីម្ដងទៀត ចំពោះជនទាំងឡាយណាដែលពាក់ព័ន្ធជាមួយបទល្មើសគ្រឿងញៀន សូមដកខ្លួនចេញឱ្យឆ្ងាយ ខណៈអ្នកដែលដឹងថា ខ្លួនមានសារធាតុញៀន ក៏ត្រូវស្វែងរកវិធីសាស្ដ្រដើម្បីផ្ដាច់ចោល៕