សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

កម្មវិធីវិនិយោគពិសេសត្រូវបានដាក់ឱ្យអនុវត្តនៅខេត្តព្រះសីហនុ ខណៈក្លិបបាញ់កាំភ្លើងស៊ីបត្រូវបានបញ្ជាឱ្យបិទ

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រកាសកម្មវិធីពិសេសដើម្បីជំរុញការវិនិយោគនៅខេត្តព្រះសីហនុ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤។ (រូបភាព៖ ហ្វេសប៊ុករបស់លោក ហ៊ុន ម៉ាណែត)
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រកាសកម្មវិធីពិសេសដើម្បីជំរុញការវិនិយោគនៅខេត្តព្រះសីហនុ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤។ (រូបភាព៖ ហ្វេសប៊ុករបស់លោក ហ៊ុន ម៉ាណែត)

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅថ្ងៃពុធបានប្រកាសដាក់​ឱ្យអនុវត្ត​កម្មវិធី​ពិសេស​បីចំណុច​រួម​ជាមួយនឹង​អត្ថប្រយោជន៍វិនិយោគ ដើម្បីដោះស្រាយ​សំណង់អគារ​ជាប់គាំង​នៅ​ក្នុងខេត្តព្រះសីហនុ ព្រមទាំង​ទាក់ទាញវិនិយោគិន​ និងជំរុញសេដ្ឋកិច្ច​នៅក្រោយការ​ជាប់គាំង​ជាច្រើនឆ្នាំ។ កម្មវិធីនេះ​ស្របតាមផែនការ​ប្រែក្លាយខេត្តព្រះសីហនុ​ទៅជា​តំបន់សេដ្ឋកិច្ច​ពិសេស​ពហុគោលបំណង។

ថ្លែងនៅក្នុង​ពិធី​ប្រកាស​ដាក់​ឱ្យអនុវត្ត​កម្មវិធីពិសេសនេះ លោក ហ៊ុន ម៉ាណែត ក៏បាន​ណែនាំ​ឱ្យ​​អភិបាល​ខេត្តព្រះសីហនុ លោក គួច ចំរើន បិទក្លិបបាញ់កាំភ្លើងទាំងអស់​នៅក្នុង​ខេត្ត​ព្រះសីហនុ ដើម្បី​លើកកម្ពស់​សន្តិសុខ ។

លោក ហ៊ុន ម៉ាណែត បាន​ប្រកាស​ដូច្នេះថា៖ «ខ្ញុំ​បានបញ្ចាក់ជាមួយអភិបាលខេត្ត​មានកន្លែង​បាញ់​កាំភ្លើងស៊ីវិលប៉ុន្មាន។ មានពីរកន្លែង​ដែលបើក​ឱ្យ​ជនស៊ីវិល​ចូល ក្នុងនោះរួមទាំង​មូលដ្ឋាន​ទ័ពដែរ […] ឥឡូវ ខ្ញុំ​ថា អ្នកទេសចរ​ដែលមក​លេង​ខេត្តព្រះសីហនុមិនចាំបាច់​ត្រូវ​រៀន​បាញ់កាំភ្លើងទេ។ ដើរមើលកោះល្អជាង។ ចឹង សូមបិទ​តែម្តង ហើយ​មិនឲ្យបើកថ្មីទៀត​ទេ»

លោក ហ៊ុន ម៉ាណែត បានលើកឡើងថា មូលដ្ឋានយោធា​ដែលមាន​ទីតាំងបាញ់កាំភ្លើង នឹង​លែង​អនុញ្ញាត​ឱ្យ​ជនស៊ីវិល​ចូលរៀនបាញ់កាំភ្លើងទៀត​ហើយ ដោយលោកបន្ថែមថា គេគួរតែ​ទុក​ឱ្យ​ទាហាន​រៀនបាញ់កាំភ្លើង​វិញ​ប្រសើរជាង ។

លោកបានថ្លែងយ៉ាងដូច្នេះថា៖ «ខ្ញុំ​បាន​ស្នើ​ឱ្យ​ធ្វើសេចក្ដីព្រាង ស.ជ.ណ មួយ​សម្រាប់ទូទាំង​ប្រទេស​ ឈប់ឲ្យ​ចេញ​លិខិតអនុញ្ញាត​ឱ្យបើក​ទីតាំងបាញ់ស៊ីបថ្មី ពីព្រោះវាមិនចាំបាច់ទេ»។ អ្វីដែលមានស្រាប់ត្រូវធ្វើបច្ចុប្បន្នភាព​តើមានលក្ខណៈត្រូវបច្ចេកទេសឬអត់។

យោងតាមលោកនាយករដ្ឋមន្ត្រី ភាពយន្តឯកសាររបស់ BBC ព្រមទាំង​ការចុះផ្សាយ​របស់​ប្រព័ន្ធ​​ផ្សព្វផ្សាយអន្តរជាតិអំពី​ប្រតិបត្តិការ​ឆបោក​និងការជួញដូរមនុស្ស​នៅខេត្តព្រះសីហនុ​ក្នុងរយៈពេល​ប៉ុន្មានឆ្នាំកន្លងមកនេះ មិនឆ្លុះបញ្ចាំង​ការពិត​ជាក់ស្ដែងទេ ប៉ុន្តែ វាបានប៉ះពាល់​ដល់​មុខមាត់​កម្ពុជា ជាពិសេស នៅខេត្តព្រះសហនុ ។

បន្ទាប់ពីនោះមក សហរដ្ឋអាមេរិក ​និង​កាណាដា​បានប្រកាស​ទណ្ឌកម្ម​មួយឈុត​​ប្រឆាំងនឹង​បុគ្គល ​និង​ស្ថាប័នមួយចំនួនរបស់​កម្ពុជា ។

លោក ហ៊ុន ម៉ាណែត បានលើកឡើងថា វាមិនមែនមានន័យថា នៅកម្ពុជា​ក៏មិនមែន​អត់មាន​ដែរ ដែលថាបញ្ហាអសកម្មឫមួយក៏រឿងចោរលួច ប៉ុន្តែអ្វីដែលបង្ហាញនៅលើកញ្ចក់ទូរទស្សន៍​នៅក្រៅប្រទេសវាមិនឆ្លើយតបស្ថានភាពជាក់ស្តែង។

លោកលើកឡើងថា៖ «កម្ពុជាជាប្រទេសគឺជាប្រទេសមួយ​មានសន្តិសុខ​នៅ​គ្រប់​តំបន់​ទាំង​អស់។ ខ្ញុំមិននិយាយថាឱ្យ​ប្រទេស​ណាមួយនោះទេ ប៉ុន្តែ ប្រទេសខ្លះ ប្រទេស​មហាអំណាច [ក៏មាន​បញ្ហាសន្តិសុខដែរ] […] និយាយរឿងចោរឆក់​ច្រើន​ជាងនៅ​ភ្នំពេញផង»

លោកបានជំរុញ​កងកម្លាំងសន្តិសុខ​នៅក្នុងខេត្តព្រះសីហនុ​ឱ្យ«ចាត់វិធានការបន្ថែម»ដើម្បីរក្សា​សណ្ដាប់​ធ្នាប់​សាធារណៈ និង​បង្ក្រាប​សកម្មភាពបទល្មើសនានាដើម្បី​ឱ្យវិនិយោគទុន ក្រុមហ៊ុន​​ឧស្សាហកម្ម និងអ្នកទេសចរ​ចូលមក​ក្នុងខេត្តនេះ ។

អ្នកនាំពាក្យខេត្តព្រះសីហនុ លោក ឡុង ឌីម៉ង់ បានបដិសេធ​មិន​ធ្វើអត្ថាធិប្បាយលម្អិត​​ជុំវិញ​ការ​បិទ​ទីតាំង​បាញ់កាំភ្លើងឯកជន និងទីតាំងបាញ់កាំភ្លើងដែលដំណើរការដោយ​យោធា​ឡើយ។

លោកបាននិយាយថា៖ «កន្លែងទីតាំងបាញ់ស៊ីប​ស៊ីវិលដែលអាជីវកម្មដោយឯកជនមាន​ពីរ​កន្លែង ប៉ុន្តែ ខ្ញុំមិនអាចនិយាយពីទីតាំង​នៅក្នុង​មូលដ្ឋានយោធាបានទេ ពីព្រោះទីតាំង​របស់​ពួកគេ​ទាក់ព័ន្ធទៅនឹង​កិច្ចការងារសន្តិសុខជាតិ»

មេបញ្ជាការមូលដ្ឋានកងទ័ពជើងទឹក រាម លោក ម៉ី ឌីណា បានបដិសេធ​មិនផ្ដល់​អត្ថាធិប្បាយ​ទេ ។

ស្របពេលជាមួយគ្នានេះ កម្មវិធីពិសេសជំរុញការវិនិយោគ​ និងគម្រោងធុរកិច្ច​ នឹងចាប់​ផ្ដើម​អនុវត្ត​​​នៅឆ្នាំនេះ។ កម្មវិធីពិសេសទាំងនោះ​ពាក់ព័ន្ធនឹង​អគារដែលជាប់គាំង និងវិស័យផ្សេងៗ​ទៀត ព្រមទាំង​ការពង្រីក​គម្រោងវិនិយោគដែលមានស្រាប់នៅក្នុងខេត្ត។

អគារជាប់គាំងត្រូវបានវិនិយោគិនបរទេសបោះបង់ចោល ដែលភាគច្រើនបំផុត​គឺជាជនជាតិ​ចិន ដែលបានចាកចេញពីប្រទេសកម្ពុជា​នៅក្រោយ​ការហាមឃាត់​ល្បែងស៊ីសង​អនឡាញ និង​​ក្នុងអំឡុង​ពេល​នៃការផ្ទុះឡើងនូវជំងឺរាតត្បាត។ វិនិយោគិនថ្មី​នៃអគារ​ជាប់គាំង​​នឹង​​ទទួល​បានការលើកលែង​ពន្ធលើប្រាក់ចំណូល ប្រាក់រំដោះពន្ធ​លើ​ប្រាក់ចំណូល និង​ពន្ធ​អប្បបរមា​សម្រាប់រយៈពេល៣ឆ្នាំបន្ថែម សម្រាប់គម្រោងវិនិយោគដែលបំពេញតាម​លក្ខខណ្ឌ​ និង សហគ្រាសធុនតូចនិងមធ្យម​ (SME) ដែល​បានចុះបញ្ជីពន្ធ៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Special Investment Program Launched in Sihanoukville, Shooting Ranges Ordered Shut

634 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម