អាជ្ញាបណ្ណកាស៊ីណូរបស់ ជីន ប៉ី គ្រុប និងកាស៊ីណូ ៣ផ្សេងទៀតនៅព្រះសីហនុត្រូវបានព្យួរជាបណ្ដោះអាសន្ន បន្ទាប់ពីរកឃើញថា មានការរំលោភលើលក្ខខណ្ឌអាជ្ញាបណ្ណ និងមានការសង្ស័យពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
អគ្គលេខាធិការនៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក) លោក រស់ ភីរុណ បានបញ្ជាក់ប្រាប់ សារព័ត៌មានខេមបូចា ថា ការសម្រេចចិត្តព្យួរអាជ្ញាបណ្ណកាស៊ីណូទាំងនេះ គឺមិនមែនជាការធ្វើឡើងភ្លាមៗនោះទេ ប៉ុន្តែជាវិធានការចុងក្រោយ បន្ទាប់ពីអាជ្ញាធរបានធ្វើការជូនដំណឹង ព្រមាន និងពិន័យជាច្រើនលើករួចមកហើយ។
លោកមានប្រសាសន៍ថា៖ «ក្នុងករណីដែលមើលឃើញថា មានការសង្ស័យថាមានការរៀបចំនូវកន្លែងឆបោកតាមបច្ចេកវិទ្យា គឺយើងនឹងធ្វើការព្រមានឱ្យកែលម្អ ហើយក្នុងករណីដែលមិនកែលម្អគឺនៅពេលដល់កាលកំណត់គឺយើងនឹងពិន័យ(ជាសាច់ប្រាក់) ហើយនឹងមួយទៀតគឺយើងនឹងព្យួរ(អាជ្ញាបណ្ណ)តែម្ដង»។
លោកបានបន្តថា៖ «ដូច្នេះហើយទើបបានករណីនេះគឺយើងឈានដល់ករណីព្យួរ ព្រោះជាទីតាំងដែលយើងមើលទៅឃើញមានការសង្ស័យ ព្រោះមើលទៅមិនបានបំពេញតាមលក្ខខណ្ឌអាជ្ញាបណ្ណដែលដំណើរការទៅតាមលក្ខខណ្ឌដែលសមស្រប»។
លោកឱ្យដឹងដែរថា ការត្រួតពិនិត្យរបស់ គ.ល.ក គឺផ្តោតលើបរិវេណ ការរៀបចំឧបករណ៍ និងទីតាំងដំណើរការល្បែងដែលមានអាជ្ញាបណ្ណគាំទ្រ។
លោក រស់ ភីរុណ បានបញ្ជាក់ថា អង្គភាពរបស់លោកមិនមានសមត្ថកិច្ចក្នុងការផ្តល់ព័ត៌មានលម្អិតទាក់ទងនឹងរយៈពេលជាក់លាក់នៃការស៊ើបអង្កេតទៅលើករណីកាស៊ីណូ ឬការចាប់ខ្លួនបុគ្គលណាមួយក្នុងពេលចុះអនុវត្តការព្យួរអាជ្ញាបណ្ណនោះទេ។ លោកបានបន្ថែមថា កិច្ចការទាំងនេះ គឺហួសពីដែនសមត្ថកិច្ចរបស់ គ.ល.ក ហើយនីតិវិធីបន្ថែមនឹងត្រូវអនុវត្តបន្តដោយមន្ត្រីនៃក្រសួងមហាផ្ទៃ ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ទូច សុខៈ និងអ្នកនាំពាក្យខេត្តព្រះសីហនុ លោក ឃាង ភារម្យ មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ។
លោក ភីរុណ បានថ្លែងថា អាជ្ញាបណ្ណកាស៊ីណូចំនួន ១៤កន្លែងនៅទូទាំងប្រទេសរួមមាន ខេត្តព្រះសីហនុ ខេត្តកណ្តាល ក្រុងបាវិត និងអូរស្មាច់ ត្រូវបានព្យួរចាប់តាំងពីមានយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យារបស់រដ្ឋាភិបាលកាលពីខែកក្កដាមក។
លោកបានបញ្ជាក់ថា អាជីវកម្មកាស៊ីណូខ្លះធ្លាប់ត្រូវបានលុបចោលការព្យួរវិញ នៅពេលដែលពួកគេកែប្រែតាមលក្ខខណ្ឌ។ យ៉ាងណាមិញ លោកបន្តថា មកទល់ពេលនេះគឺមិនទាន់មានអាជ្ញាបណ្ណណាមួយត្រូវបានដកហូតជាស្ថាពរនៅឡើយទេ។

យោងតាមការបង្ហោះរបស់ គ.ល.ក លើបណ្តាញសង្គមហ្វេសប៊ុកនៅថ្ងៃទី៣ ខែវិច្ឆិកា គឺអាជ្ញាធរបានព្យួរអាជ្ញាបណ្ណ និងបិទទីតាំងកាស៊ីណូចំនួន ៤កន្លែងនៅខេត្តព្រះសីហនុ។ ការអនុវត្តនេះធ្វើឡើងតាមសេចក្តីសម្រេចចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ ។ កាស៊ីណូទាំង៤ នោះរួមមាន កាស៊ីណូ ជីន ប៉ី គ្រុប (របស់ក្រុមហ៊ុន ជីន ប៉ី គ្រុប ឯ.ក) កាស៊ីណូ ជីន ប៉ី (របស់ក្រុមហ៊ុន ខេមបូឌាន ហេង ស៊ីន រៀល អ៊ីស្ទេត) កាស៊ីណូ ជីន ប៉ី ៤ និងកាស៊ីណូ ជី.ស៊ី (របស់ក្រុមហ៊ុន ជី.ស៊ី មេឌា ឯ.ក)។
នៅពាក់កណ្តាលខែតុលាកន្លងទៅនេះ ប្រទេសមហាអំណាចចំនួនពីរ គឺសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស បានចាត់វិធានការដាក់បញ្ចូលក្រុមហ៊ុនសម្ព័ន្ធមួយរបស់កម្ពុជាឈ្មោះ Prince Holding Group ទៅក្នុងបញ្ជីខ្មៅរបស់ពួកគេ។ ការដាក់ទណ្ឌកម្មនេះធ្វើឡើងដោយសារប្រទេសទាំងពីរបានប្រកាសថា ក្រុមហ៊ុននេះដើរតួជាអង្គការឧក្រិដ្ឋកម្មឆ្លងដែន (TCO) ដែលបានអនុវត្តប្រតិបត្តិការ ឆបោកតាមអ៊ីនធឺណិត ។ លើសពីនេះ អំពើឆបោកទាំងនេះត្រូវបានចោទប្រកាន់ថាបង្កើតឡើងដោយផ្អែកលើទាសភាពសម័យទំនើប ដើម្បីកំណត់គោលដៅលើជនរងគ្រោះដែលរួមមានទាំងពលរដ្ឋអាមេរិក និងប្រជាជននៅក្នុងតំបន់ផ្សេងទៀតលើពិភពលោក។
សេចក្ដីប្រកាសព័ត៌មាននោះបានបញ្ជាក់ថា ក្នុងចំណោមទីតាំងប្រតិបត្តិការឆបោកទាំងអស់របស់ Prince Group ក្រុមហ៊ុនដែលល្បីល្បាញបំផុតគឺ ជីន ប៉ី គ្រុប ដែលមានអាជីវកម្មជាសណ្ឋាគារ និងកាស៊ីណូប្រណីត។ ក្រុមហ៊ុន ជីន ប៉ី គ្រុប នេះត្រូវបានគេចោទប្រកាន់ថា បានដំណើរការទីតាំងជាច្រើននៅទូទាំងប្រទេសកម្ពុជា ដែលជាប់ពាក់ព័ន្ធនឹងការជំរិតទារប្រាក់ ការឆបោក ពលកម្មដោយបង្ខំ និងឃាតកម្មដ៏ឃោរឃៅទៅលើបុរសជនជាតិចិនម្នាក់អាយុ ២៥ឆ្នាំឈ្មោះ Yi Ming Dali កាលពីឆ្នាំ២០២៣ ។
ក្នុងឆ្នាំ២០២២ ការិយាល័យស៊ើបអង្កេតកម្រិតសហព័ន្ធ (FBI) របស់សហរដ្ឋអាមេរិកបានកំណត់អត្តសញ្ញាណជនជាតិអាមេរិកចំនួន ២៥៩នាក់ដែលបានខាតបង់ប្រាក់សរុបចំនួន ១៨ លានដុល្លារទៅឱ្យក្រុមអ្នកឆបោកដែលប្រតិបត្តិការនៅក្រុមហ៊ុន ជីន ប៉ី គ្រុប។
លោក Jacob Sims ដែលជាអ្នកស្រាវជ្រាវមួយរូបនៅក្នុងមជ្ឈមណ្ឌលវិភាគបណ្ដាញឧក្រិដ្ឋកម្មឆ្លងដែននៃសាកលវិទ្យាល័យHarvard មានទស្សនៈថា ការសម្រេចចិត្តរបស់អាជ្ញាធរកម្ពុជាក្នុងការដកហូតអាជ្ញាបណ្ណកាស៊ីណូនោះ គឺជាចំណាត់ការឆ្លើយតបដោយផ្ទាល់ និងជាចំណាត់ការបង្ខំ ដែលកើតចេញពីទណ្ឌកម្មអន្តរជាតិរបស់សហរដ្ឋអាមេរិក និងអង់គ្លេស ទៅលើក្រុមហ៊ុន Prince Holding Group ។
លោក Jacob Sims បានលើកឡើងថា កាស៊ីណូ ជីន ប៉ី គឺជា មជ្ឈមណ្ឌល«ល្បីឈ្មោះតាំងពីយូរមកហើយ» សម្រាប់ការឆបោកឆ្លងដែន និងការជួញដូរមនុស្សដែលលោកជឿថា សកម្មភាពទាំងនេះត្រូវបានគាំទ្រដោយ«ការឃុបឃិតគ្នាយ៉ាងស៊ីជម្រៅពីសំណាក់តួអង្គមន្ត្រីជាន់ខ្ពស់»។ លោកថា ការឃុបឃិតនេះពាក់ព័ន្ធនឹងការគាំទ្រជាប្រព័ន្ធពីស្ថាប័នរដ្ឋាភិបាលមួយចំនួនដូចជានាយកដ្ឋានអន្តោប្រវេសន៍ និងស្ថាប័នអនុវត្តច្បាប់ផងដែរ។
លោក Sims បានអះអាងថា ទណ្ឌកម្មអន្តរជាតិរបស់សហរដ្ឋអាមេរិក និងអង់គ្លេសបានធ្វើឱ្យ«ម៉ាកយីហោសាធារណៈ» ដូចជា Prince និង ជីន ប៉ី ទទួលរងការ «ខូចកេរ្តិ៍ឈ្មោះយ៉ាងធ្ងន់ធ្ងរ»។ លោកជឿថា កត្តានេះនឹងក្លាយជាសម្ពាធបង្ខំដល់រដ្ឋាភិបាលកម្ពុជាឱ្យងាកចេញ និងឃ្លាតឆ្ងាយពីបណ្តាញឧក្រិដ្ឋជនទាំងនោះ។
លោក Sims បានយល់ឃើញថា ទោះបីជាសម្ពាធអន្តរជាតិនេះអាចជំរុញឱ្យមានចំណាត់ការសំខាន់ៗ ដូចជា ការធ្វើបត្យាប័នតួអង្គសំខាន់ៗ ដូចជា លោក Chen Zhi ក៏ដោយ ក៏លោកបានលើកឡើងថា ចំណាត់ការទាំងនេះគ្រាន់តែជា «ចលនាទំនាក់ទំនងសាធារណៈប៉ុណ្ណោះ» ហើយ «មិនមែនជាកំណែទម្រង់រចនាសម្ព័ន្ធពិតប្រាកដនោះទេ»។ លោកបានបន្ថែមថា កំណែទម្រង់ដែលមានប្រសិទ្ធភាព និងពិតប្រាកដ គឺទាមទារឱ្យមានការទទួលខុសត្រូវទៅលើ ឥស្សរជន ឬមន្ត្រីជាន់ខ្ពស់នៅកណ្តាលរបប ដែលបានធ្វើឱ្យសេដ្ឋកិច្ចបោកប្រាស់នេះអាចរីកដុះដាលយ៉ាងទូលំទូលាយ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Four S’ville Casino Licenses, Including Jin Bei, Suspended











