សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

អង្គការលើកលែងទោសអន្តរជាតិបង្ហាញការសង្ស័យលើការបង្ក្រាប​ការឆបោកនៅកម្ពុជា ខណៈជនរងគ្រោះត្រូវបានខកខានកំណត់អត្តសញ្ញាណ

កាស៊ីណូ Long Feng Xuan ក្នុងក្រុងព្រះសីហនុ ដែលត្រូវបានកំណត់អត្តសញ្ញាណដោយអង្គការលើកលែងទោសអន្តរជាតិថា បើកប្រតិបត្តិការបោកប្រាស់ និងការងារបង្ខំ ដោយមានគម្រោងដែលត្រូវបានអនុម័តថ្មីៗនេះដោយគណៈកម្មការល្បែងស៊ីសង។ រូបភាពថតនៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦។ (ខេមបូចា/ព្រីង សំរាំង)
កាស៊ីណូ Long Feng Xuan ក្នុងក្រុងព្រះសីហនុ ដែលត្រូវបានកំណត់អត្តសញ្ញាណដោយអង្គការលើកលែងទោសអន្តរជាតិថា បើកប្រតិបត្តិការបោកប្រាស់ និងការងារបង្ខំ ដោយមានគម្រោងដែលត្រូវបានអនុម័តថ្មីៗនេះដោយគណៈកម្មការល្បែងស៊ីសង។ រូបភាពថតនៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦។ (ខេមបូចា/ព្រីង សំរាំង)

របាយការណ៍ថ្មីមួយរបស់អង្គការលើកលែងទោសអន្តរជាតិបានរកឃើញថា ការបង្ក្រាបរបស់កម្ពុជាលើក្រុមឆបោកអនឡាញខកខានក្នុងការកំណត់អត្តសញ្ញាណជនរងគ្រោះនៃការជួញដូរ ខណៈដែលបណ្តាញឧក្រិដ្ឋជនបានបន្តរត់គេចពីការវាយឆ្មក់ ហើយជនរងគ្រោះនៃការជួញដូររងទុក្ខវេទនារួមទាំងអំពើហិង្សាផ្លូវភេទ។

របាយការណ៍នេះបានចេញផ្សាយនៅថ្ងៃចន្ទ ទី៨ ខែមិថុនា ដោយផ្អែកលើការសម្ភាសន៍ជាមួយជនរងគ្រោះចំនួន ៧៣ នាក់ មកពី១៦ប្រទេសដែលត្រូវបានជួញដូរចូលទៅក្នុងក្រុមឆបោកនៅក្នុងប្រទេសកម្ពុជា។ របាយការណ៍នេះធ្វើឡើងចាប់ពីខែកក្កដា ឆ្នាំ២០២៥ ដល់ខែមេសា ឆ្នា២០២៦។

អង្គការលើកលែងទោសអន្តរជាតិបានចោទប្រកាន់ថា មានការគប់គិតគ្នារវាងសមត្ថកិច្ច និងក្រុមឧក្រិដ្ឋជនបានអនុញ្ញាតឱ្យក្រុមឆបោកគេចវេសពីការវាយឆ្មក់ និងមានរាយការណ៍ច្រើនអំពីអំពើហិង្សាផ្លូវភេទ ហើយគ្មានជនរងគ្រោះណាម្នាក់ដែលត្រូវបានសម្ភាសត្រូវបានត្រួតពិនិត្យសម្រាប់ការកំណត់អត្តសញ្ញាណនៃការជួញដូរមនុស្ស ឬជាជនរងគ្រោះដោយអាជ្ញាធរកម្ពុជានោះទេ។

លោកស្រី Montse Ferrer នាយកសហតំបន់នៃអង្គការលើកលែងទោសអន្តរជាតិបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «រដ្ឋាភិបាលកម្ពុជាបានគ្រប់គ្រងដោយប្រុងប្រយ័ត្ន​នូវទិដ្ឋភាពនៃការបង្ក្រាបការឆបោករបស់ខ្លួន ប៉ុន្តែនៅពីក្រោយចំណងជើងនីមួយៗអំពីការវាយឆ្មក់ ឬការចាប់ខ្លួន គឺអ្នករស់រានមានជីវិតពីទាសភាព ការធ្វើទារុណកម្ម និងការរំលោភសេពសន្ថវៈ ដែលស្ទើរតែគ្មានទទួលការគាំទ្រឡើយ»។

លោក ឆាយ គឹមខឿន អ្នកនាំពាក្យនគរបាលជាតិ បានថ្លែងថា អាជ្ញាធរអនុវត្តតាមនីតិវិធី ដើម្បីស៊ើបអង្កេត និងកំណត់អត្តសញ្ញាណមនុស្សដែលត្រូវបានរកឃើញក្នុងអំឡុងពេលប្រតិបត្តិការប្រឆាំងនឹងក្រុមឧក្រិដ្ឋជនឆបោក។ លោកបាននិយាយថា មន្ត្រីបានបំបែកជនរងគ្រោះពីជនល្មើសតាមរយៈការសួរចម្លើយ និងផ្តល់កន្លែងស្នាក់នៅ និងអាហារក្នុងអំឡុងពេលដំណើរការកំណត់អត្តសញ្ញាណ។

លោកបានមានប្រសាសន៍ថា៖ «យើងបានធ្វើការកំណត់អត្តសញ្ញាណ។ យើងមិនបានធ្វើវាដោយធ្វេសប្រហែសទេ»។

តែលោកបន្ថែមថា វាអាច«មានចំណុចខ្វះខាតមួយចំនួនដោយសារតែចំនួនមនុស្សច្រើន និងបញ្ហាភាសា» ប៉ុន្តែនីតិវិធីផ្លូវច្បាប់មិនត្រូវបានរំលងឡើយ។

របាយការណ៍នេះធ្វើឡើងនៅពេលដែលប្រទេសកម្ពុជាកំពុងជំរុញយ៉ាងខ្លាំងទៅលើការបង្ក្រាបទូទាំងប្រទេសលើឧស្សាហកម្មបោកប្រាស់តាមអនឡាញដែលមានតម្លៃរាប់ពាន់លានដុល្លារ ដែលអង្គការសហប្រជាជាតិប៉ាន់ប្រមាណថាមានមនុស្សដែលត្រូវបានជួញដូរ បង្ខំ ឬបង្ខិតបង្ខំរាប់ពាន់នាក់ ចំពេលមានការត្រួតពិនិត្យ និងទណ្ឌកម្មអន្តរជាតិកាន់តែខ្លាំងឡើង។

នៅក្នុងរបាយការណ៍ខែមិថុនា ឆ្នាំ ២០២៥ អង្គការលើកលែងទោសបានកំណត់អត្តសញ្ញាណទីតាំងឆបោកចំនួន ៥៣ នៅក្នុងប្រទេសកម្ពុជា ដែលខ្លួនបានរកឃើញថាមានទំនាក់ទំនងជាមួយការជួញដូរមនុស្ស ការងារដោយបង្ខំ ទាសភាព និងការធ្វើទារុណកម្មដោយក្រុមឧក្រិដ្ឋជនដែលមានក្រុមចាត់តាំង។ របាយការណ៍ចុងក្រោយបំផុតបានកំណត់អត្តសញ្ញាណទីតាំងចំនួន៣៣ផ្សេងទៀត ដែលធ្វើឱ្យចំនួនសរុបដល់៨៦។

អង្គការលើកលែងទោសបាននិយាយថា ក្នុងចំណោមទីតាំងខាងលើនេះ ខ្លួនបានរកឃើញភស្តុតាងនៃការអន្តរាគមន៍របស់រដ្ឋាភិបាលកម្ពុជាត្រឹមតែ២៤កន្លែងប៉ុណ្ណោះ ហើយបានកត់ត្រាការដោះលែង ឬការរត់គេចខ្លួនយ៉ាងច្រើនពីកន្លែងចំនួន៧ផ្សេងទៀត។

អ្នករស់រានមានជីវិតមួយចំនួនដែលត្រូវបានសម្ភាសសម្រាប់របាយការណ៍នេះបាននិយាយថា សមត្ថកិច្ចប៉ូលិសតែងតែទៅពិនិត្យមើលបរិវេណឆបោកមួយនៅក្នុងខេត្តព្រៃវែង រួមទាំងការ «យកសាកសពចេញ និងផឹកកាហ្វេជាមួយអ្នកគ្រប់គ្រងទីតាំងឆបោកនោះ» ខណៈពេលដែលអង្គការលើកលែងទោសបានឱ្យដឹងថា ខ្លួនមិនបានរកឃើញភស្តុតាងនៃសកម្មភាពអនុវត្តច្បាប់ប្រឆាំងនឹងទីតាំងនោះទេ។

រដ្ឋាភិបាលបានបញ្ជាក់ថា ខ្លួនបានបិទទីតាំងឆបោកប្រមាណជាង២៥០កន្លែង និងបិទកាស៊ីណូចំនួន៩១ ចាប់ពីខែកក្កដា ឆ្នាំ២០២៥ ដល់ពាក់កណ្តាលខែមេសា។ ខណៈជនបរទេសជាង ២៤០ ០០០ នាក់បានចាកចេញពីប្រទេសកម្ពុជា «ដោយស្ម័គ្រចិត្ត» និងមនុស្សជាង ១៣ ០០០ នាក់ផ្សេងទៀតត្រូវបាននិរទេស ទោះបីជាមិនបានបញ្ជាក់ថា តើមានមនុស្សប៉ុន្មាននាក់អាចត្រូវបានជួញដូរ ឬបង្ខិតបង្ខំក៏ដោយ។

អង្គការនេះក៏សំនួរអំពីតួលេខទាំងនេះផងដែរ ដោយលើកឡើងពីបញ្ហាតម្លាភាព និងភស្តុតាងមានកម្រិត ហើយបាននិយាយថា ការរកឃើញរបស់ខ្លួនបានបង្កើនការព្រួយបារម្ភអំពីប្រសិទ្ធភាពនៃការបង្ក្រាប និងផលប៉ះពាល់របស់វាទៅលើជនរងគ្រោះ។

ខណៈពេលដែលមនុស្សរាប់ពាន់នាក់ត្រូវបានដោះលែងពីបរិវេណបោកប្រាស់ លោកស្រី Ferrer បាននិយាយថា ជនរងគ្រោះជាច្រើនត្រូវបានទុកចោលដោយគ្មានកន្លែងស្នាក់នៅ ឬឃុំខ្លួននៅក្នុងមជ្ឈមណ្ឌលអន្តោប្រវេសន៍ដែលមានមនុស្សច្រើន ដោយអ្នកខ្លះរាយការណ៍ពីការជំរិតទារប្រាក់ និងការគំរាមកំហែងដោយសមត្ថកិច្ចប៉ូលិស និងការមិនទទួលបានការគាំទ្រគ្រប់គ្រាន់ពីស្ថានទូតរបស់ពួកគេ។

លោក ប៉ែន បូណា អ្នកនាំពាក្យរដ្ឋាភិបាល បានមានប្រសាសន៍ថា អាជ្ញាធរបានពង្រឹងកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្ម ដើម្បីប្រយុទ្ធប្រឆាំងនឹងការឆបោកតាមអនឡាញ ហើយសម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់។

លោកបានបន្ថែមថា៖ «កម្ពុជាធ្វើដើម្បីផលប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា មិនមែនដើម្បីផ្គាប់ចិត្តអង្គការណាមួយទេ» ដោយលោកសំដៅទៅលើអង្គការលើកលែងទោសអន្តរជាតិ៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Amnesty Casts Doubt on Cambodia Scam Crackdown, Says Victims Missed

ព័ត៌មានថ្មី

អត្ថបទពេញនិយម