ក្រុងព្រះសីហនុ កំពុងប្រឈមនឹងការលំបាកក្នុងការស្ដារឡើងវិញនូវសកម្មភាពសេដ្ឋកិច្ច។ កាលពីមុន ក្រុងឆ្នេរមួយនេះរីកចម្រើនយ៉ាងលឿន ដោយសារការវិនិយោគពីប្រទេសចិន ប៉ុន្តែបច្ចុប្បន្ន វិស័យសំណង់កំពុងជាប់គាំង ដោយសារប្រាក់វិនិយោគចូលមានកម្រិត និងភាពមិនប្រាកដប្រជា ដែល មួយផ្នែកពាក់ព័ន្ធនឹងយុទ្ធនាការបង្ក្រាបប្រតិបត្តិការឆបោកតាមអនឡាញ។
សីហនុ ដែលជាក្រុងមួយដែលមានប្រជាជនច្រើនក្នុងប្រទេសកម្ពុជា បានទាក់ទាញការវិនិយោគពីវិនិយោគិនចិនយ៉ាងច្រើនក្នុងពាក់កណ្ដាលទសវត្សរ៍ឆ្នាំ២០១០។
ដោយមានលំហូរប្រាក់វិនិយោគពីចិនយ៉ាងច្រើន ក្រុងព្រះសីហនុបានជួបនូវការកើនឡើងយ៉ាងគំហុកនូវការសាងសង់អគារខ្ពស់រាប់ពាន់កន្លែងនៅទូទាំងក្រុង។ កំណើននេះក៏បានទាក់ទាញក្រុមឧក្រិដ្ឋកម្មឆ្លងដែន ដែលធ្វើឱ្យក្រុងនេះក្លាយជាមជ្ឈមណ្ឌលនៃល្បែងស៊ីសង បោកប្រាស់តាមអនឡាញ និងបណ្តាញជួញដូរមនុស្សផងដែរ។
ទោះជាយ៉ាងណា ការកើនឡើងនៃការសាងសង់ទាំងនោះបានផ្អាកក្នុងអំឡុងពេលផ្ទុះជំងឺកូវីដ-១៩។ វិនិយោគិនជាច្រើនបានវិលត្រឡប់ទៅប្រទេសចិនវិញ ដោយទុកឱ្យគម្រោងអាជីវកម្មរាប់ពាន់ទីតាំងនៅហេលហាល។
បច្ចុប្បន្នអគារជាច្រើននៅសល់តែគ្រោងបេតុង លើដីរបស់ប្រជាពលរដ្ឋខ្មែរ។ ម្ចាស់ដីជាច្រើនកំពុងសហការជាមួយអាជ្ញាធរ ដើម្បីបញ្ចប់កិច្ចសន្យាដែលជាប់គាំង។ កិច្ចព្រមព្រៀងខ្លះត្រូវបានលុបចោលរួចហើយ ដែលការណ៍នេះបានអនុញ្ញាតឱ្យម្ចាស់ដីអាចជួល ឬលក់ដីទៅវិនិយោគិនថ្មី តាមរយៈកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដែលរដ្ឋាភិបាលបានដាក់ចេញនៅឆ្នាំ២០២៤។
ទោះជាយ៉ាងណាក៏ដោយ ការងើបឡើងវិញនៃការវិនិយោគស្របច្បាប់នៅតែមិនប្រាកដប្រជា។ ម្ចាស់ដីមួយចំនួនបានប្រាប់ខេមបូចាថា ការចាប់អារម្មណ៍ពីវិនិយោគិននៅតែមានតិច ដោយសារបញ្ហាសេដ្ឋកិច្ចទាំងក្នុងតំបន់ និងលើពិភពលោក។ ការចាកចេញជាលើកទីពីររបស់ជនជាតិចិន បន្ទាប់ពីការបង្ក្រាបប្រតិបត្តិការឆបោក ក៏បានប៉ះពាល់ដល់សេដ្ឋកិច្ចមូលដ្ឋានដែលបានពឹងផ្អែកលើលំហូរនៃកម្មករដែលទាក់ទងនឹងពាណិជ្ជកម្មខុសច្បាប់នេះផងដែរ។
អ្នកស្រី ស មុយវ៉ាង ដែលគ្រួសារគាត់បានជួលដីឱ្យអ្នកវិនិយោគជនជាតិចិនដើម្បីសាងសង់អគារស្នាក់នៅកម្ពស់៩ជាន់ ក្នុងឆ្នាំ២០១៩ បាននិយាយថា៖ «វាមួយរយៈហើយ តាំងពីចុងឆ្នាំ២០២៥ ពេលដែលពួកគេ[សមត្ថកិច្ច]បង្ក្រាបប្រតិបត្តិការឆបោក។ ជនជាតិចិនជាច្រើនបានចាកចេញ ហើយអ្នកវិនិយោគជាច្រើនក៏ដូចគ្នា។ ឥឡូវនេះ មានអ្នកវិនិយោគតិចតួចណាស់»។
អ្នកស្រី មុយវ៉ាង បានប្រាប់ថាក្រុមគ្រួសាររបស់អ្នកស្រីធ្លាប់បានពិចារណាបញ្ចប់ការសាងសង់អគារដោយខ្លួនឯងដែរ ប៉ុន្តែដោយសារតែខ្វះហិរញ្ញវត្ថុទើបមិនអាចធ្វើបាន។ គ្រួសារអ្នកស្រី សង្ឃឹមថា នឹងមានអ្នកវិនិយោគថ្មីចូលមកដើម្បីបន្តគម្រោងនេះឡើងវិញ។

នៅពេលអ្នកសារព័ត៌មានខេមបូចា ចុះទៅកាន់ទីតាំងផ្ទាល់នៅដើមខែមីនា ជាន់ក្រោមនៃអគារដែលមិនទាន់សាងសង់រួច ត្រូវបានជួលឱ្យកម្មករនិងអ្នកលក់ដូរតាមដងផ្លូវ ដើម្បីស្នាក់នៅបណ្តោះអាសន្ន។ នៅជុំវិញដីរបស់អ្នកស្រី ក៏មានអគារជាច្រើននៅទំនេរ ខណៈអគារខ្លះនៅតែបន្តសាងសង់។
អ្នកស្រី មុយវ៉ាង បានបន្តថា៖ «យើងព្រួយបារម្ភពីការវិនិយោគក្នុងវិស័យសំណង់។ យើងសង្ឃឹមថា រដ្ឋាភិបាលអាចដោះស្រាយបញ្ហានេះ និងជួយប្រជាពលរដ្ឋ ដើម្បីទាក់ទាញវិនិយោគិនឱ្យមកវិញកាន់តែច្រើន»។
រដ្ឋាភិបាលបានដាក់ចេញកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ជាងពីរឆ្នាំមកហើយ ដើម្បីស្ដារការវិនិយោគឡើងវិញនៅក្រុងនេះ និងខេត្តទាំងមូល។ មន្ត្រីបាននិយាយថា កម្មវិធីនេះមានគោលបំណងដើម្បីចាប់ផ្តើមការសាងសង់បន្ត នូវអគារដែលមិនទាន់សង់រួចរាល់ឡើងវិញ ពន្លឿនគម្រោងថ្មីៗ និងពង្រីកអាជីវកម្មដែលមានស្រាប់។ កម្មវិធីនេះត្រូវបានបន្តរហូតដល់ឆ្នាំ២០២៧ ដោយអាជ្ញាធរបានលើកឡើងពីការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធ និងការលើកទឹកចិត្តអ្នកវិនិយោគ ដើម្បីទាក់ទាញអ្នកវិនិយោគថ្មីបន្ថែមទៀតៗ។
នៅខែមីនា លោក ហ៊ាន សាហ៊ីប ប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានឱ្យដឹងថាចាប់ពីឆ្នាំ២០២៤ ដល់ខែកុម្ភៈឆ្នាំនេះ«គោលនយោបាយលើកទឹកចិត្ត» ត្រូវបានអនុម័តសម្រាប់គម្រោងចំនួន ៤៦៧ នៅក្នុងខេត្ត ដែលមានតម្លៃ ៨,១៨ ពាន់លានដុល្លារអាមេរិក ក្នុងនោះមាន ២០៩ គម្រោងពាក់ព័ន្ធនឹងសំណង់មិនទាន់បញ្ចប់។
ទោះបីជាយ៉ាងណា គេមិនដឹងច្បាស់ទេថាតើប្រាក់វិនិយោគប៉ុន្មានត្រូវបានប្រើប្រាស់ដើម្បីបញ្ចប់គម្រោងដែលជាប់គាំងទាំងនោះទេ។ នៅឆ្នាំ ២០២៤ វិទ្យុអាស៊ីសេរី បានរាយការណ៍ថាគេនឹងត្រូវការប្រាក់ប្រមាណ ១,២ ពាន់លានដុល្លារ ដើម្បីបញ្ចប់ការសាងសង់សំណង់ដែលមិនទាន់រួចរាល់រាប់រយអគារនៅក្នុងទីក្រុងនេះ។
ប៉ុន្តែអ្នកជំនាញអចលនទ្រព្យបាននិយាយថាការវិនិយោគនៅតែមានកម្រិត ដោយសារបញ្ហាគុណភាពសំណង់ដែលមិនទាន់សង់ហើយទាំងនោះ ក៏ដូចជាការធ្លាក់ចុះនៃវិស័យអចលនទ្រព្យនៅប្រទេសចិនផងដែរ។
លោក ជា គីមសៀ អ្នកគ្រប់គ្រងផ្នែកស្រាវជ្រាវ និងប្រឹក្សានៅក្រុមហ៊ុន Advantage Property Services បានលើកឡើងថា កម្មវិធីនេះមានលទ្ធផលខ្លះហើយ ប៉ុន្តែផលជះជារួមនៅតែមានកម្រិត។
លោកបានបន្តថា អគារមួយចំនួនត្រូវបានសាងសង់បញ្ចប់រួចហើយ ប៉ុន្តែអគារជាច្រើនផ្សេងទៀតនៅតែត្រូវបានទុកចោល ឬកំពុងស្ថិតក្រោមការសាងសង់។ លោកក៏បានឲ្យដឹងថា នៅតំបន់កណ្ដាលក្រុងព្រះសីហនុ ដែលជាតួលេខត្រូវបានលើកយកមកពិភាក្សានៅក្នុងកិច្ចប្រជុំជាមួយមន្ត្រីដែលលោក គឹមសៀ បានចូលរួម។
លោកបានបន្ថែមថា បញ្ហាប្រឈមសំខាន់ពីរនៅតែមាន គឺ គុណភាពរចនាសម្ព័ន្ធនៃសំណង់ដែលមិនទាន់រួចរាល់ទាំងនោះ និងការធ្លាក់ចុះនៃវិស័យអចលនទ្រព្យនៅប្រទេសចិន ដែលជាប្រភពនៃការវិនិយោគភាគច្រើនរបស់ក្រុងនេះ។
លោកបានលើកឡើងថា ក្នុងអំឡុងពេលវិស័យសំណង់រីកចម្រើនយ៉ាងលឿន ការត្រួតពិនិត្យមិនបានអនុវត្តឱ្យបានតឹងរឹងគ្រប់គ្រាន់ទេ។ លោកបានបន្ថែមថា៖ «ដូច្នេះអគារដែលមិនទាន់សង់ហើយទាំងនោះមួយចំនួនមានគុណភាពមិនល្អ។ បញ្ហានេះបានធ្វើឱ្យពិបាកក្នុងការលក់បន្តទៅឱ្យវិនិយោគិនថ្មី ដើម្បីបន្តការសាងសង់»។
លោកក៏បានកត់សម្គាល់ថា ទោះមានការវិវត្តខ្លះ ការស្ដារវិស័យនេះឡើងវិញនឹង«ចំណាយពេលយូរ និងមិនងាយស្រួល»។

ក្រុមការងារកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ និងអ្នកនាំពាក្យខេត្ត លោក ឡុង ឌីម៉ង់ មិនបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយទេ រហូតដល់ពេលចេញផ្សាយនេះ។
លោក សុខ ឃីម ប្រជាពលរដ្ឋក្រុងព្រះសីហនុ ដែលបានជួលដីរបស់លោកឱ្យអ្នកវិនិយោគចិនក្នុងឆ្នាំ ២០២០ បានថ្លែងថា កម្មវិធីជំរុញការវិនិយោគបានជួយស្តារគម្រោងដែលមិនទាន់រួចរាល់មួយចំនួនឡើងវិញ ប៉ុន្តែភាពមិនប្រាកដប្រជាផ្នែកសេដ្ឋកិច្ច និងការធ្លាក់ចុះនៃ «ល្បែងអនឡាញ» ដែលទាក់ទងយ៉ាងខ្លាំងទៅនឹងសេដ្ឋកិច្ចខុសច្បាប់របស់ក្រុងនេះ បានធ្វើឱ្យការវិនិយោគថ្មីមានការថមថយ។
លោកបានបន្ថែមថាវិនិយោគិនមួយក្រុមក៏បានទៅមើលទីតាំងរបស់លោកកាលពីមួយឆ្នាំមុនដែរ ប៉ុន្តែលោកមិនបានទទួលព័ត៌មានថ្មីណាមួយពីពួកគេឡើយរហូតមកដល់ពេលនេះ។
ម្ចាស់ដីម្នាក់ទៀត លោក ជាតិ សុខវ៉ន បាននិយាយថា៖ «គ្មាននរណាចង់វិនិយោគក្នុងអំឡុងពេលនេះទេ ដោយសារតែស្ថានភាពសេដ្ឋកិច្ចនៅក្នុងតំបន់ និងពិភពលោកបែបនេះនោះ»។
ក្នុងពេលជាមួយគ្នានេះ ការភ្ជាប់ក្រុងព្រះសីហនុជាមួយនឹងបណ្តុំឆបោក បានធ្វើឱ្យទំនុកចិត្តរបស់អ្នកវិនិយោគពីប្រទេសដទៃទៀតមានការថយចុះ ខណៈដែលយុទ្ធនាការរបស់រដ្ឋាភិបាលដើម្បីលុបបំបាត់ឧស្សាហកម្មខុសច្បាប់នេះត្រឹមខែមេសា ក៏បានប៉ះពាល់ដល់សេដ្ឋកិច្ចមូលដ្ឋានផងដែរ ដែលជាការប្រែប្រួលដែលអាជ្ញាធរក៏បានទទួលស្គាល់ផងដែរ។
អាជ្ញាធរ បានលើកឡើងថាចាប់តាំងពីខែកក្កដា ឆ្នាំមុន ទីតាំងឆបោកប្រមាណ២៥០កន្លែង និងកាស៊ីណូចំនួនជាង៩០កន្លែង ដែលភាគច្រើនស្ថិតនៅក្នុងក្រុងព្រះសីហនុ ត្រូវបានបិទ។ ជនបរទេសរាប់ពាន់នាក់ ដែលពួកគេជាច្រើនត្រូវបានគេជឿថា ត្រូវបានជួញដូរចូលទៅក្នុងប្រតិបត្តិការឆបោក ត្រូវបានបណ្តេញចេញ។
លោក គីមសៀ បាននិយាយថា ការបង្ក្រាបការឆបោកតាមអនឡាញ ក៏បានរួមចំណែកដល់ការធ្លាក់ចុះនៃទីផ្សារផងដែរ។
លោកបាននិយាយថា កន្លែងប្រតិបត្តិការបោកប្រាស់ទាំងនោះបានជួយគាំទ្រអត្រាការប្រើប្រាស់អគារ ហើយក៏បានបង្កើតជាផ្នែកសំខាន់មួយនៃសេដ្ឋកិច្ចក្រុងព្រះសីហនុផងដែរ។
លោក បានបន្តថា៖ «សំណង់ដែលផ្អាកទាំងនោះ នឹងអាចបន្តការសាងសង់បាន ប្រសិនបើមានតម្រូវការនៅក្នុងទីផ្សារ។ ការលុបបំបាត់មជ្ឈមណ្ឌលឆបោកតាមអនឡាញ នឹងបណ្តាលឱ្យមានការធ្លាក់ចុះនៃតម្រូវការទីផ្សារ ដែលជាមូលហេតុដែលគម្រោងជាប់គាំងទាំងនោះក៏ត្រូវបានប៉ះពាល់ដោយផ្នែកផងដែរ»។
ទោះយ៉ាងណា លោកបានបញ្ជាក់ថាការលុបបំបាត់ទីតាំងឆបោកជាជំហានដ៏ត្រឹមត្រូវ ហើយទីផ្សារនឹងសម្របខ្លួនទៅនឹងតម្រូវការថ្មី។
សម្ពាធក៏បានប៉ះពាល់ដល់កម្មករក្នុងស្រុកផងដែរ។

អ្នកសារព័ត៌មានខេមបូចា បានជួបនិយាយជាមួយអ្នកស្រី ស៊ីម សុជាតិ នៅដើមខែមីនា។ អ្នកស្រីជាកម្មការិនីសំណង់ម្នាក់ក្នុងចំណោមកម្មករជាច្រើន ដែលទើបត្រូវបានជួលឱ្យត្រឡប់ទៅធ្វើការនៅអគារមួយ ដែលបានបោះបង់ចោលតាំងពីអំឡុងពេលមានជំងឺរាតត្បាត។ អ្នកស្រី បានប្រាប់ថាមួយរយៈនេះការងារនៅតាមការដ្ឋានសំណង់ពិបាករកជាងមុន ដោយសារគម្រោងសំណង់ថយចុះ បន្ទាប់ពីការបិទ «ការងារអនឡាញ» ដែលជាពាក្យដែលប្រជាពលរដ្ឋខ្មែរតែងប្រើសំដៅទៅលើការងារបោកប្រាស់តាមអនឡាញ។ ទោះយ៉ាងណា អ្នកស្រីមានអារម្មណ៍រីករាយដែលអាចរកបានការងារធ្វើនៅសប្ដាហ៍បន្ទាប់។
នៅពេលទាក់ទងទៅវិញម្តងទៀតនៅថ្ងៃទី៩ ខែមេសា អ្នកស្រីបានប្រាប់ថាការសាងសង់ត្រូវបានលុបចោល បន្ទាប់ពីបុរសជនជាតិចិនដែលជួលអគារនោះ ត្រូវបានបាញ់ស្លាប់។ អ្នកស្រី សុជាតិ មិនអាចបញ្ជាក់ពីការជាប់ពាក់ព័ន្ធរបស់បុរសនោះក្នុងឧក្រិដ្ឋកម្មឆ្លងដែនដែលមានអង្គការចាត់តាំងឡើយ ប៉ុន្តែការសម្លាប់នេះស្ថិតក្នុងបរិបទនៃអំពើហិង្សាជាបន្តបន្ទាប់ ដែលទាក់ទងទៅនឹងល្បែងខុសច្បាប់ និងប្រតិបត្តិការឆបោកនៅក្នុងទីក្រុងនេះ។
លោក គីមសៀ បានបន្តថា វិស័យសំណង់នៅក្រុងព្រះសីហនុ បន្តដំណើរទៅមុខ ប៉ុន្តែស្ថិតក្នុងល្បឿនយឺតជាងមុនពេលមានជំងឺរាតត្បាត។
លោកបានបង្អុលបង្ហាញពីគម្រោងធំៗដែលកំពុងបន្តអនុវត្ត ដូចជាគម្រោង Peninsula Bay មានតម្លៃប្រមាណ១ពាន់លានដុល្លារ ដែលក្នុងគម្រោងនោះរួមមានសណ្ឋាគារ ផ្សារទំនើប និងកន្លែងកម្សាន្ត ហើយគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៨។
លោក បានលើកឡើងថា៖ «យើងរំពឹងថា វិស័យសំណង់នឹងបន្តកើនឡើងក្នុងល្បឿនយឺត ប៉ុន្តែវានឹងមិនត្រឡប់ទៅកម្រិតមុនកូវីដ-១៩ វិញឡើយ។ ទោះជាយ៉ាងណាក៏ដោយ តាមរយៈអន្តរាគមន៍របស់រដ្ឋាភិបាលពេលនេះ យើងសង្ឃឹមថានឹងឃើញលទ្ធផលវិជ្ជមាន និងមានក្តីសង្ឃឹមថ្មីឡើងវិញនៅពេលខាងមុខ»៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Sihanoukville Stalled Projects Persist as Scam Crackdown Reshapes Economy










