ការបង្ក្រាបរបស់រដ្ឋាភិបាលលើសកម្មភាពឆបោកតាមអ៊ីនធឺណិត កំពុងបង្ហាញពីភាពទន់ខ្សោយនៅក្នុងប្រព័ន្ធចុះឈ្មោះលេខទូរសព្ទ និងការផ្ទៀងផ្ទាត់គណនីធនាគាររបស់ប្រទេសនេះ ដែលអ្នកជំនាញចាត់ទុកថាជាកត្តាមួយដែលបានជំរុញឱ្យបណ្តាញឆបោករីកដុះដាលផងដែរ។
ឧទាហរណ៍ជាក់ស្តែងមួយត្រូវបានចែកចាយកាលពីសប្តាហ៍មុន នៅពេលនិយ័តករទូរគមនាគមន៍កម្ពុជាបាននិយាយថា ជនមិនស្គាល់អត្តសញ្ញាណម្នាក់ ត្រូវបានចោទប្រកាន់ថា បានយកអត្តសញ្ញាណបណ្ណរបស់អ្នកដទៃ ទៅចុះឈ្មោះស៊ីមកាតចំនួនបី ជាមួយក្រុមហ៊ុន Metfone ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធក្នុងស្រុករបស់ក្រុមហ៊ុនទូរគមនាគមន៍យក្សវៀតណាម Viettel។ យោងតាមនិយ័តករ លេខទូរសព្ទមួយក្នុងចំណោមនោះ ក្រោយមកត្រូវបានគេយកទៅប្រើទាក់ទងនឹងករណីឆបោកហិរញ្ញវត្ថុមួយ។ និយ័តករនេះក៏បានចោទប្រកាន់ក្រុមហ៊ុនផ្តល់សេវានេះផងដែរ ថាមិនបានគោរពតាមបទប្បញ្ញត្តិចុះឈ្មោះ។
អាជ្ញាធរបានរកឃើញភាពងាយរងគ្រោះស្រដៀងគ្នានេះ នៅក្នុងការស៊ើបអង្កេតផ្សេងទៀត។ ក្នុងខែនេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យានៃក្រសួងមហាផ្ទៃ បានប្រកាសពីការបង្ក្រាបករណីដែលពាក់ព័ន្ធនឹងគណនី WhatsApp ដែលត្រូវបានគេលួចចូល ហើយជនសង្ស័យដែលក្លែងបន្លំជាបុគ្គលិកធនាគារ ដើម្បីបោកជនរងគ្រោះ និងបណ្តាញទិញ-លក់គណនីធនាគារ ដែលត្រូវបានប្រើដើម្បីផ្ទេរប្រាក់ខុសច្បាប់។
ករណីទាំងនេះបង្ហាញពីចន្លោះប្រហោងនៅក្នុងហេដ្ឋារចនាសម្ព័ន្ធឌីជីថលរបស់កម្ពុជា ដែលកំពុងពង្រីកយ៉ាងឆាប់រហ័ស ខណៈដែលអាជ្ញាធរក៏និយាយផងដែរថា ពួកគេកំពុងបំបែកទីតាំងឆបោកដែលមានទ្រង់ទ្រាយឧស្សាហកម្ម ដែលបានធ្វើឱ្យប្រទេសនេះក្លាយជាមជ្ឈមណ្ឌលសកលនៃអំពើឆបោកតាមអ៊ីនធឺណិត។ នេះបើយោងតាមអ្នកជំនាញសន្តិសុខឌីជីថលម្នាក់។
ប៉ុន្តែ ជនរងគ្រោះនៃអំពើឆបោកតាមអ៊ីនធឺណិតក្នុងស្រុក បានទទួលការយកចិត្តទុកដាក់តិចជាង បើធៀបនឹងឧស្សាហកម្មឆបោកឆ្លងដែន ដែលបានបោកប្រាស់ជនរងគ្រោះទូទាំងពិភពលោក អស់ប្រាក់រាប់ពាន់លានដុល្លារ។
ប្រជាជនកម្ពុជាបានបាត់បង់ប្រាក់ជាង ៤៥ លានដុល្លារ ក្នុងឆ្នាំ២០២៥ ដោយសារអំពើឆបោកតាមអ៊ីនធឺណិតដែលមានគោលដៅលើជនរងគ្រោះក្នុងស្រុក យោងតាមទិន្នន័យក្រសួងមហាផ្ទៃ។ អាជ្ញាធរអាចយកប្រាក់មកវិញបានតិចជាង ២០ លានដុល្លារប៉ុណ្ណោះ។
ឥឡូវនេះ រដ្ឋាភិបាលកំពុងព្យាយាមពង្រឹងការផ្ទៀងផ្ទាត់អត្តសញ្ញាណសម្រាប់លេខទូរសព្ទចល័ត និងធនាគារ តាមរយៈកម្មវិធីផ្ទៀងផ្ទាត់«super app»។ ប៉ុន្តែ អ្នកជំនាញ និងជនរងគ្រោះនិយាយថា កិច្ចខិតខំប្រឹងប្រែងត្រូវតែធ្វើឱ្យខ្លាំងជាងនេះ ដើម្បីពង្រឹងបទប្បញ្ញត្តិការពារទិន្នន័យផ្ទាល់ខ្លួន និងតាមដានរកជនបោកប្រាស់។
ចន្លោះប្រហោងក្នុងការចុះឈ្មោះស៊ីមកាត
លោក ង៉ែត ម៉ូសេ អ្នកប្រឹក្សាឯករាជ្យផ្នែកសន្តិសុខឌីជីថល បាននិយាយថា មនុស្សមួយចំនួននៅកម្ពុជាបានបង្កើត និងលក់គណនីប្រព័ន្ធផ្សព្វផ្សាយសង្គម និងគណនីផ្ញើសារនានាផ្សេងទៀត ជាមុខរបររកស៊ី។
លោកបានលើកឡើងថា ដោយទទួលបានស៊ីមកាតក្នុងបរិមាណច្រើន ឬជួលលេខទូរសព្ទជាបណ្តោះអាសន្ន ពួកគេចុះឈ្មោះបង្កើតគណនីនៅលើវេទិកាបណ្តាញសង្គមដូចជា Facebook, Telegram និង WhatsApp ព្រមទាំងសេវាអ៊ីម៉ែល មុនពេលបន្តលក់លេខទាំងនោះឡើងវិញ។
ជាលទ្ធផល អ្នកដែលកំពុងប្រើគណនីណាមួយ មិនមែនសុទ្ធតែជាអ្នកចុះឈ្មោះដើមនោះទេ ដែលធ្វើឱ្យកាន់តែពិបាកក្នុងការកំណត់អត្តសញ្ញាណជនដែលនៅពីក្រោយសកម្មភាពឆបោក។ ក្នុងករណីខ្លះ អ្នកប្រើប្រាស់ដែលទើបនឹងទិញស៊ីមកាតថ្មី បានរកឃើញថា លេខទូរសព្ទនោះត្រូវបានគេយកទៅចុះឈ្មោះគណនីបណ្តាញអនឡាញរួចជាស្រេចទៅហើយ។
លោកបាននិយាយថា៖ «នោះជារបៀបដែលជនឆបោកអាចលាក់អត្តសញ្ញាណពិតរបស់ខ្លួន នៅពីក្រោយអេក្រង់កុំព្យូទ័រ»។
ទំហំនៃបញ្ហានេះបានលេចឡើងកាន់តែច្បាស់លាស់ នៅពេលដែលរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោក ជា វ៉ាន់ដេត បានប៉ាន់ប្រមាណថា ក្នុងចំណោមអ្នកប្រើទូរសព្ទចល័តជាង ១៣ លាននាក់របស់កម្ពុជា មានតែប្រហែល ៨ លាននាក់ប៉ុណ្ណោះ ដែលប្រើលេខទូរសព្ទដែលបានចុះឈ្មោះក្រោមឈ្មោះផ្ទាល់ខ្លួនរបស់ពួកគេ។
សម្រាប់ជនរងគ្រោះ ចន្លោះប្រហោងទាំងនោះអាចមានន័យថា ពួកគេស្ទើរតែគ្មានផ្លូវទាមទារយកប្រាក់ដែលត្រូវបានគេបោកប្រាស់ទៅហើយបានមកវិញនោះទេ។
លោក ម៉ម មុនីរ័ត្ន អ្នករស់នៅរាជធានីភ្នំពេញ បានប្រាប់ថា លោកត្រូវបានគេបោកប្រាស់ក្នុងខែកុម្ភៈ អស់ប្រាក់ ៥ ០០០ ដុល្លារ ពីក្រុមផ្តល់សេវាកម្មលក់រថយន្តក្លែងក្លាយ ដែលបានប្រើទំព័រ Facebook មួយ និងគណនី Telegram ក្លែងក្លាយជាច្រើន ដោយពួកគេទាំងនោះក្លែងខ្លួនជាតំណាងក្រុមហ៊ុន។
លោកបាននិយាយថា៖ «ខ្ញុំបានដាក់ពាក្យបណ្តឹងទៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ប៉ុន្តែចាប់តាំងពីពេលនោះមក គ្មានដំណឹងពីដំណើរការស៊ើបអង្កេតអ្វីទេ។ ខ្ញុំក៏បានដាក់ពាក្យបណ្តឹងទៅធនាគារ ដើម្បីស្នើសុំប្រាក់ពីធនាគារវិញដែរ ប៉ុន្តែធនាគារបាននិយាយថាគ្មានសង្ឃឹមទេ។ ដូច្នេះវាមានន័យថាគ្មានចម្លើយចំពោះគ្រប់មធ្យោបាយដែលយើងបានព្យាយាមស្វែងរកយុត្តិធម៌នោះទេ»។
អ្នកស្រី ខែម សុភាព កសិករនៅខេត្តបាត់ដំបង បាននិយាយថា អ្នកស្រី ក៏បានក្លាយជាគោល ដៅរបស់ជនបោកប្រាស់ផងដែរ។ ក្នុងខែឧសភា អ្នកស្រីត្រូវបានបុគ្គលម្នាក់ទាក់ទងមក ដោយក្លែងខ្លួនជាមន្ត្រីធនាគារហត្ថា ទាមទារឱ្យអ្នកស្រីសងប្រាក់ដែលបានខ្ចី។ ទីបំផុត អ្នកស្រីបានបាត់បង់ប្រាក់រាប់រយដុល្លារ។
អ្នកស្រី សុភាព បាននិយាយថា អ្នកស្រីបានដាក់ពាក្យបណ្តឹងទៅក្រសួងមហាផ្ទៃភ្លាមៗ ប៉ុន្តែមិនទាន់បានទទួលការឆ្លើយតបណាមួយនៅឡើយទេ។ អ្នកស្រីបានបន្ថែមថា ធនាគារ ABA ដែលអ្នកបោកប្រាស់នោះប្រើដើម្បីទទួលប្រាក់ពីអ្នកស្រី ក៏មិនអាចផ្តល់ដំណោះស្រាយអ្វីបានទេ។
អ្នកស្រីបានរំឭកថា អ្នកស្រីធ្លាប់បានសួរទៅមន្ត្រីដែលកំពុងដោះស្រាយពាក្យបណ្តឹងរបស់ខ្លួន ថាតើនៅមានឱកាសទទួលបានប្រាក់មកវិញដែរឬទេ។
អ្នកស្រីបានបន្តថា៖ «គាត់បានប្រាប់ខ្ញុំថាមិនមានចម្លើយច្បាស់លាស់ទេ។ គាត់បាននិយាយថា លុយខ្ញុំហ្នឹងតិចតួចទេបើប្រៀបធៀបទៅនឹងករណីផ្សេងទៀត អ្នកខ្លះដល់ទៅរាប់ម៉ឺនដុល្លារ»។
អ្នកស្រីបានបន្ថែមថា៖ «ខ្ញុំអស់សង្ឃឹមរលីង។ ខ្ញុំអត់ឃ្លានបាយរយៈពេលប្រាំថ្ងៃ ព្រោះខ្ញុំនឹកឃើញថាខ្ញុំក្រ»។
សារព័ត៌មានខេមបូចា បានពិនិត្យមើលមតិយោបល់ដែលបង្ហោះនៅលើទំព័រ Facebook របស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ចន្លោះពីខែមករា ដល់ខែមិថុនា ហើយបានរកឃើញពាក្យបណ្តឹងរាប់រយពីអ្នកប្រើប្រាស់ដែលរាយការណ៍ពីការបាត់បង់ប្រាក់ ដោយសារកម្ចីអនឡាញ ការក្លែងខ្លួនជាបុគ្គលិកធនាគារ គណនី Telegram ដែលត្រូវបានលួចចូល និងអាជីវកម្មអនឡាញបោកប្រាស់ជាដើម។
អ្នកប្រើប្រាស់ជាច្រើនបានបង្ហោះជាសាធារណៈនូវលេខទូរស័ព្ទ ព័ត៌មានលម្អិតគណនីធនាគារ រូបថត អេក្រង់ និងព័ត៌មានផ្សេងទៀត ដែលពួកគេជឿថាជារបស់អ្នកបោកប្រាស់។ ប៉ុន្តែ អ្នកដែលបានផ្តល់ បទសម្ភាសន៍ជាមួយខេមបូចាជាច្រើននាក់បាននិយាយថា ពួកគេមិនដែលទទួលបានដំណឹងថ្មីណាមួយបន្ទាប់ពីដាក់ពាក្យបណ្តឹងឡើយ ទោះបីជាបានផ្តល់ព័ត៌មានដែលអាចជួយកំណត់អត្តសញ្ញាណជនល្មើសក៏ដោយ។
លោក ម៉ូសេ បានលើកឡើងថា ពាក្យបណ្តឹងទាំងនោះក៏បង្ហាញឱ្យឃើញពីកម្សោយនៃការសម្របសម្រួល រវាងធនាគារ និងអាជ្ញាធរអនុវត្តច្បាប់ផងដែរ។
លោកបានបន្ថែមថា ភាពទន់ខ្សោយស្រដៀងគ្នានេះ ក៏មាននៅក្នុងប្រព័ន្ធធនាគារផងដែរ។ ប្រជាជនដែលមានចំណូលទាប និងមានចំណេះដឹងផ្នែកឌីជីថល និងហិរញ្ញវត្ថុមានកម្រិត ពេលខ្លះត្រូវបានគេបញ្ចុះបញ្ចូលឱ្យជួលគណនីធនាគាររបស់ខ្លួន ឬបើកគណនីឱ្យអ្នកដទៃ ដើម្បីដូរយកប្រាក់ ដែលធ្វើឱ្យគណនីទាំងនោះក្លាយជាឧបករណ៍សម្រាប់សកម្មភាពឧក្រិដ្ឋ។
ការឆ្លើយតបរបស់រដ្ឋាភិបាល
ជាការឆ្លើយតប ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ រួមជាមួយធនាគារជាតិនៃកម្ពុជា កាលពី សប្តាហ៍មុនបានបើកយុទ្ធនាការមួយ ដែលតម្រូវឱ្យអ្នកប្រើប្រាស់ផ្ទៀងផ្ទាត់ការចុះឈ្មោះស៊ីមកាតរបស់ខ្លួន ឱ្យត្រូវគ្នានឹងគណនីធនាគារ ឬគណនីទូទាត់ប្រាក់ តាមរយៈកម្មវិធី DG SuperApp។
មន្ត្រីនិយាយថា គំនិតផ្តួចផ្តើមនេះមានគោលបំណងកាត់បន្ថយការក្លែងបន្លំអត្តសញ្ញាណ ដោយទប់ស្កាត់ឧក្រិដ្ឋជនមិនឱ្យប្រើអត្តសញ្ញាណដែលលួច ឬក្លែងក្លាយ ដើម្បីចុះឈ្មោះស៊ីមកាត និងគណនីហិរញ្ញវត្ថុ។ យុទ្ធនាការនេះនឹងដំណើរការរហូតដល់ចុងឆ្នាំ២០២៦។
ខណៈដែលប្រព័ន្ធផ្ទៀងផ្ទាត់នេះនៅតែស្ថិតក្នុងដំណើរការដាក់ឱ្យប្រើប្រាស់ លោក ម៉ូសេ បានលើកឡើងថា ប្រតិបត្តិករទូរសព្ទចល័តគួរតែពិនិត្យឡើងវិញជាបន្ទាន់ នូវស៊ីមកាតដែលធ្លាប់បានចែកចាយក្នុងចំនួនដ៏ច្រើន ទៅឱ្យអ្នកលក់រាយ និងអ្នកលក់បន្តកាលពីមុន។
លោកបាននិយាយថា៖ «ស៊ីមកាតគួរតែត្រូវបានលក់នៅក្នុងហាងផ្លូវការរបស់ប្រតិបត្តិករបណ្តាញទូរស័ព្ទចល័តតែប៉ុណ្ណោះ»។
ប៉ុន្តែ លោក ម៉ូសេ បានព្រមានថា ការគ្រប់គ្រងតឹងរ៉ឹងលើការចុះឈ្មោះស៊ីមកាតតែមួយមុខ មិនអាចដោះស្រាយបញ្ហានេះបានទេ។ លោកបានបន្ថែមថា ការការពារទិន្នន័យផ្ទាល់ខ្លួនឱ្យបានកាន់តែខ្លាំង ក៏ជាការចាំបាច់ដូចគ្នា។
កម្មកររោងចក្រម្នាក់នៅរាជធានីភ្នំពេញ ដែលសុំមិនបញ្ចេញឈ្មោះ ដោយព្រួយបារម្ភពីភាពឯកជន បាននិយាយថា លោកបានក្លាយជាជនរងគ្រោះនៃការលួចអត្តសញ្ញាណកាលពីឆ្នាំមុន បន្ទាប់ពីបានផ្តល់អត្តសញ្ញាណបណ្ណ និងលេខទូរសព្ទរបស់លោក ដើម្បីចូលរួមលេងឆ្នោតអនឡាញមួយ ដែលក្រោយមកទើបដឹងថាជាការបោកប្រាស់។
ប៉ុន្មានសប្តាហ៍ក្រោយមក ធនាគារ Wing បានទាក់ទងមកលោក ដើម្បីសាកសួរអំពីប្រាក់កម្ចីមួយ ដែលលោកបញ្ជាក់ថា លោកមិនដែលបានខ្ចីឡើយ។ បន្ទាប់ពីលោករាយការណ៍ ពីការក្លែងបន្លំអត្តសញ្ញាណ ធនាគារបានប្រាប់លោកថា ប្រាក់នោះត្រូវបានផ្ទេរទៅគណនីនៅធនាគារផ្សេងរួចទៅហើយ ។ លោកបានថ្លែងថា លោកមិនទាន់បានដាក់ពាក្យបណ្តឹងទៅអាជ្ញាធរនៅឡើយ ព្រោះ លោកមិនដឹងថាដំណើរការប្តឹងនេះធ្វើដូចម្តេច ហើយជិតមួយឆ្នាំក្រោយមកលោកនៅតែគ្មានចម្លើយ។
លោក លីវ សុផាណារិទ្ធិ អ្នកនាំពាក្យក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោក ទូច សុខៈ អ្នកនាំពាក្យក្រសួងមហាផ្ទៃ និងលោក ជា ពៅ ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ពុំបានឆ្លើយតបនឹងសំណើសុំអត្ថាធិប្បាយម្តងហើយម្តងទៀតរបស់សារព័ត៌ខេមបូចាឡើយ។
ខណៈពេលដែលការពង្រឹងការអនុវត្តច្បាប់ បទប្បញ្ញត្តិ និងការយល់ដឹងជាសាធារណៈ ជាវិធានការការពារដ៏សំខាន់ប្រឆាំងនឹងការឆបោក ក្រុមអង្គការសង្គមស៊ីវិលនិយាយថា ភាពងាយរងគ្រោះផ្សេងទៀតក៏ត្រូវការដំណោះស្រាយផងដែរ។
លោក អំ សំអាត នាយកប្រតិបត្តិអង្គការសិទ្ធិមនុស្ស លីកាដូ បាននិយាយថា៖ «បញ្ហានេះនៅតែបន្តកើតមាន ពីព្រោះមនុស្សជាច្រើនកំពុងជួបការលំបាកផ្នែកសេដ្ឋកិច្ច ដែលធ្វើឱ្យពួកគេកាន់តែងាយរងគ្រោះដោយសារអ្នកបោកប្រាស់»។ លោកសំដៅទៅលើភាពចម្រុះនៃសម្ពាធហិរញ្ញវត្ថុ សម្រាប់ប្រជាជនកម្ពុជារាប់លាននាក់ រួមទាំងបំណុលកម្ចីខ្នាតតូច និងឱកាសការងារផ្លូវការមានកម្រិត។
លោក សំអាត បានថ្លែងថា អាជ្ញាធរបានប្រាប់ពលរដ្ឋម្តងហើយម្តងទៀតឱ្យការពារព័ត៌មានផ្ទាល់ខ្លួនរបស់ខ្លួន ប៉ុន្តែដរាបណាចន្លោះប្រហោងក្នុងការចុះឈ្មោះស៊ីមកាត និងគណនីធនាគារ ការផ្ទៀងផ្ទាត់អត្តសញ្ញាណ និងការស៊ើបអង្កេតរបស់អាជ្ញាធរអនុវត្តច្បាប់ នៅមិនទាន់ត្រូវបានដោះស្រាយនៅឡើយ នោះប្រជាជនកម្ពុជាកាន់តែច្រើននឹងបន្តក្លាយជាជនរងគ្រោះនៃអំពើឆបោក ដែលកាន់តែមានភាពស្មុគស្មាញ៕









