ក្រសួងពាណិជ្ជកម្មបានកែទម្រង់ទិន្នន័យចុះបញ្ជីពាណិជ្ជកម្មសាធារណៈរបស់ខ្លួន ដោយដកព័ត៌មានអំពីអតីតនាយកក្រុមហ៊ុននានាចេញ និងធ្វើឱ្យការស្វែងរកព័ត៌មានក្រុមហ៊ុនកាន់តែពិបាក។ នេះបើតាមការពិនិត្យតាមដានរបស់សារព័ត៌មានខេមបូចា។
ការផ្លាស់ប្ដូរ ដែលត្រូវបានដាក់ឱ្យដំណើរការជាដំណាក់កាលៗ ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដោយគ្មានការជូនដំណឹងជាសាធារណៈ បានបង្កការព្រួយបារម្ភក្នុងចំណោម អ្នកស្រាវជ្រាវ និងអ្នកជំនាញផ្នែកត្រួតពិនិត្យផ្ទៀងផ្ទាត់ភាពត្រឹមត្រូវ ដែលនិយាយថា ព័ត៌មានចុះបញ្ជីពាណិជ្ជកម្មនេះ គឺជាឧបករណ៍សំខាន់សម្រាប់តាមដានភាពជាម្ចាស់ក្រុមហ៊ុន និងធានាការទទួលខុសត្រូវរបស់ក្រុមហ៊ុន។
នៅខែកុម្ភៈ មន្រ្តីម្នាក់ដែលទទួលខ្សែទូរសព្ទបន្ទាន់ផ្នែកចុះបញ្ជីពាណិជ្ជកម្មរបស់ក្រសួង បានប្រាប់ខេមបូចាថា ប្រព័ន្ធកំពុងត្រូវបានធ្វើបច្ចុប្បន្នភាព ហើយបានណែនាំឱ្យអ្នកប្រើប្រាស់ចូលទៅប្រើមូលដ្ឋានទិន្នន័យបណ្ដោះអាសន្នមួយ ដែលដាក់នៅអាសយដ្ឋានគេហទំព័រផ្សេងមួយទៀត។ ការពិនិត្យលើកំណត់ត្រាក្រុមហ៊ុនមួយចំនួន ដែលនៅតែដំណើរការ ហើយព័ត៌មានកាលពីមុន រួមទាំងព័ត៌មានលម្អិតអំពីអតីតនាយក នៅតែមាន ទោះបីជាមិនច្បាស់ថាតើវាទទួលបានការធ្វើបច្ចុប្បន្នភាពទៀងទាត់ឬអត់ នៅលើគេហទំព័របណ្ដោះអាសន្ននោះ។
នៅខែឧសភា ក្រសួងបានដាក់ឱ្យដំណើរការកម្រែថ្មីនៃប្រព័ន្ធចុះបញ្ជីពាណិជ្ជកម្មនៅលើគេហទំព័ររបស់ខ្លួន។ មុខងារស្វែងរកថ្មីនេះ ប្រកាន់អក្សរធំ-អក្សរតូច (case-sensitive) ដោយតម្រូវឱ្យអ្នកប្រើប្រាស់វាយបញ្ចូលឈ្មោះស្របច្បាប់របស់ក្រុមហ៊ុនឱ្យបានត្រឹមត្រូវពិតប្រាកដ ទើបអាចរកបានលទ្ធផលដែលចង់ស្វែងរក។ តាមរយៈការត្រួតពិនិត្យលើក្រុមហ៊ុនជាច្រើនដែលគេដឹងថាមានការផ្លាស់ប្ដូរថ្នាក់ដឹកនាំ ព័ត៌មានសម្គាល់អត្តសញ្ញាណអតីតនាយកក្រុមហ៊ុនទាំងនោះមិនឃើញមានទៀតទេ។
ការផ្លាស់ប្ដូរទាំងនេះ ឃើញមាននៅលើបញ្ជីពាណិជ្ជកម្មទាំងភាសាខ្មែរ និងភាសាអង់គ្លេស។ ខេមបូចា អាចចូលប្រើគេហទំព័រនេះបានពីក្នុងប្រទេសកម្ពុជា ប៉ុន្តែនៅពេលប៉ុនប៉ងចូលប្រើតាមរយៈការតភ្ជាប់ VPN ដោយដាក់ទីតាំងប្រទេសផ្សេង អ្នកប្រើប្រាស់បែរជាឃើញថា គេហទំព័រកំពុងត្រូវបានធ្វើការថែទាំប្រព័ន្ធ។
លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួង បានប្រាប់ថា លោកមិនអាចផ្ដល់មតិលើបញ្ហានេះបានទេ ដោយពិពណ៌នាថាវាជា «បញ្ហាបច្ចេកទេស» ហើយបានបញ្ជូនសំណួរទាំងនោះទៅផ្នែកទូរសព្ទបន្ទាន់នៃផ្នែកចុះបញ្ជីពាណិជ្ជកម្ម។ ការព្យាយាមម្ដងហើយម្ដងទៀតដើម្បីសុំការបំភ្លឺបន្ថែមអំពីការដកព័ត៌មានចេញ ទៅកាន់ខ្សែទូរសព្ទបន្ទាន់នោះ មិនទទួលបានជោគជ័យឡើយ។
ក្រសួងក៏បានដាក់ចេញប្រកាសចំនួនពីរ ដែលមានគោលបំណងធ្វើឱ្យនីតិវិធីចុះបញ្ជីពាណិជ្ជកម្មកាន់តែសាមញ្ញ ដោយមួយចេញនៅខែធ្នូ និងមួយទៀតនៅខែឧសភា។ ការកែប្រែមួយក្នុងនោះ បានដកចេញនូវលក្ខខណ្ឌតម្រូវឱ្យក្រុមហ៊ុនជូនដំណឹងដល់ក្រសួងអំពីការផ្លាស់ប្ដូរនាយកសាខា។ វាមិនទាន់ច្បាស់ថា តើអនុក្រឹត្យទាំងនេះ ពាក់ព័ន្ធនឹងការផ្លាស់ប្ដូរនៅក្នុងបញ្ជីពាណិជ្ជកម្មសាធារណៈឬអត់ រួមទាំងការដកចេញនូវក្រុមហ៊ុនមួយចំនួន ដែលហាក់ដូចជាមិនទាន់បានបញ្ចប់ការចុះបញ្ជីឡើងវិញនៅឡើយ។
លោកស្រី Lindsey Kennedy ប្រធានផ្នែកស្រាវជ្រាវនៃគម្រោង The Eyewitness ដែលជាក្រុមស៊ើបអង្កេតពីជម្លោះ និងអំពើពុករលួយនៅទូទាំងពិភពលោក បាននិយាយថាពេលវេលានៃការផ្លាស់ប្ដូរទាំងនេះ បានបង្កការព្រួយបារម្ភ ដោយសារវាកើតឡើងស្របពេលជាមួយនឹងកិច្ចខិតខំប្រឹងប្រែងបង្ក្រាបបណ្ដាញឆបោកតាមអនឡាញ។
លោកស្រីបាននិយាយ៖ «មូលដ្ឋានទិន្នន័យនេះ បានបិទដំណើរការ ម្ដងហើយម្ដងទៀតអស់រយៈពេលច្រើនខែ ដោយគ្មានការជូនដំណឹង ឬការពន្យល់ណាមួយឡើយ មុនពេលមានការធ្វើបច្ចុប្បន្នភាពនេះ» ។
អាជ្ញាធរកម្ពុជា បានពង្រីកការបង្ក្រាបក្នុងប៉ុន្មានខែថ្មីៗនេះ លើឧស្សាហកម្មឆបោកតាមអនឡាញ ដែលមានទឹកប្រាក់រាប់ពាន់លានដុល្លារ ហើយដែលកំពុងទាក់ទាញការឃ្លាំមើលពីអន្តរជាតិកាន់តែខ្លាំងឡើង។ អ្នកជំនួញ ក្រុមហ៊ុន និងអ្នកនយោបាយល្បីៗមួយចំនួនរបស់កម្ពុជា បានប្រឈមនឹងការចោទប្រកាន់ ឬទណ្ឌកម្ម ពាក់ព័ន្ធនឹងការចោទពីទំនាក់ទំនងជាមួយទីតាំងដែលប្រើប្រាស់ជាកន្លែងឆបោក។
ការស៊ើបអង្កេតមួយរបស់ខេមបូចា កាលពីឆ្នាំ២០២៤ បានរកឃើញថា ក្រុមហ៊ុនមួយចំនួនដែលមានទំនាក់ទំនងជាមួយលោក លី យ៉ុងផាត់ ដែលជាឧកញ៉ា និងសមាជិកព្រឹទ្ធសភាកម្ពុជា ដែលត្រូវបានសហរដ្ឋអាមេរិកដាក់ទណ្ឌកម្ម បានបាត់ចេញពីបញ្ជីអាជីវកម្ម ទោះបីជាគ្មានការបង្ហាញជាសាធារណៈថា ក្រុមហ៊ុនទាំងនោះត្រូវបានរំលាយក៏ដោយ។
លោកស្រី Kennedy បាននិយាយថា ទម្រង់មុនៗនៃបញ្ជីពាណិជ្ជកម្មនេះ មានភាពច្បាស់លាស់ និងងាយស្រួលប្រើ ប៉ុន្តែការដកចេញនូវកំណត់ត្រាព័ត៌មានពីអតីតនាយក បានធ្វើឱ្យលោកស្រីមានទំនុកចិត្តតិចជាងមុនក្នុងការពឹងផ្អែកលើវា។ លោកស្រីក៏បានលើកឡើងពីបញ្ហានៃការបកប្រែ និងលក្ខខណ្ឌតម្រូវឱ្យដឹងឈ្មោះស្របច្បាប់ពិតប្រាកដរបស់ក្រុមហ៊ុនជាមុនសិន មុនពេលធ្វើការស្វែងរក។
អ្នកផ្សេងទៀតបាននិយាយថា វាឆាប់ពេកក្នុងការវាយតម្លៃពីផលប៉ះពាល់នៃការផ្លាស់ប្ដូរទាំងនេះ។
លោក Tassilo Brinzer ប្រធានសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា បាននិយាយថា វានៅតែមិនទាន់ច្បាស់នៅឡើយថា តើការធ្វើបច្ចុប្បន្នភាពទាំងនេះ នឹងប៉ះពាល់ដល់អាជីវកម្មនៅកម្ពុជាយ៉ាងណានោះទេ។
លោក បានលើកឡើងថា៖ «ប្រសិនបើការផ្លាស់ប្ដូរនេះស្របតាមការអនុវត្តអន្តរជាតិ នោះវាមិនគួរមានបញ្ហាអ្វីឡើយ ដ្បិតវិនិយោគិនភាគច្រើនមើលទៅលើថ្នាក់ដឹកនាំបច្ចុប្បន្នរបស់ក្រុមហ៊ុន ហើយការត្រួតពិនិត្យផ្ទៀងផ្ទាត់ភាពត្រឹមត្រូវ ជាការពិតណាស់ គ្របដណ្ដប់លើទិដ្ឋភាពជាច្រើននៃប្រតិបត្តិការអាជីវកម្មនោះ»។
ប៉ុន្តែ អ្នកជំនាញផ្នែកត្រួតពិនិត្យផ្ទៀងផ្ទាត់ភាពត្រឹមត្រូវម្នាក់ បាននិយាយថា ព័ត៌មានអំពីអតីតនាយក ជាទូទៅមានសារៈសំខាន់ខ្លាំង ដើម្បីកំណត់ទំនាក់ទំនងរវាងអាជីវកម្ម និងបុគ្គលណាមួយ។
«ការងាររបស់យើងភាគច្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គឺពាក់ព័ន្ធនឹងករណីដែលក្រុមហ៊ុនបរទេសបានចូលរួមធ្វើជំនួញជាមួយដៃគូក្នុងស្រុកនៅកម្ពុជា ប៉ុន្តែក្រោយមកទើបបានដឹងថា ដៃគូទាំងនោះមានពាក់ព័ន្ធនឹងការឆបោកតាមអនឡាញ ឬការសម្អាតប្រាក់» នេះបើតាមការលើកឡើងរបស់អ្នកស្រាវជ្រាវម្នាក់នៅក្រុមហ៊ុនត្រួតពិនិត្យផ្ទៀងផ្ទាត់ភាពត្រឹមត្រូវមួយដែលមានការងារផ្កោតលើកម្ពុជា។ អ្នកស្រាវជ្រាវរូបនេះបានស្នើសុំមិនបញ្ចេញឈ្មោះ ដោយសារបារម្ភពីសុវត្ថិភាព។
អ្នកស្រាវជ្រាវរូបនេះ បានបន្តថា៖ «ការដកព័ត៌មាននេះចេញពីកំណត់ត្រាសាធារណៈ នឹងធ្វើឱ្យការបែងចែករវាងអាជីវកម្មស្របច្បាប់ និងអាជីវកម្មឧក្រិដ្ឋ កាន់តែពិបាក។ ខ្ញុំពិតជាគិតមិនឃើញថាមានហេតុផលត្រឹមត្រូវណាមួយ ដើម្បីធ្វើការផ្លាស់ប្ដូរទាំងនេះឡើយ»៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Overhaul of Cambodia’s Business Registry Raises Transparency Concerns










