សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

ពលរដ្ឋរងគ្រោះដោយសារក្រុមហ៊ុន ពិភពដីមាស ទទូចឱ្យចាប់ខ្លួន លោក ហ៊ី គឹម​ហុង ឡើងវិញ ខណៈតុលាការបើកសវនាការលើក​ទី៣

ពលរដ្ឋរងគ្រោះដោយសារក្រុមហ៊ុនពិភពដីមាស បានបិទផ្លូវមុខសាលាដំបូងរាជធានីភ្នំពេញ ដោយសារពួកគេមិនពេញចិត្តនឹងតុលាការសម្រេចទុកពេល៣០ថ្ងៃក្នុងការប្រកាសសាលក្រម និងស្នើឱ្យតុលាការចាប់ខ្លួនលោក ហ៊ី គឹមហុង ឡើងវិញ។ (ខេមបូចា/ សុវណ្ណ ស្រីពេជ្រ)
ពលរដ្ឋរងគ្រោះដោយសារក្រុមហ៊ុនពិភពដីមាស បានបិទផ្លូវមុខសាលាដំបូងរាជធានីភ្នំពេញ ដោយសារពួកគេមិនពេញចិត្តនឹងតុលាការសម្រេចទុកពេល៣០ថ្ងៃក្នុងការប្រកាសសាលក្រម និងស្នើឱ្យតុលាការចាប់ខ្លួនលោក ហ៊ី គឹមហុង ឡើងវិញ។ (ខេមបូចា/ សុវណ្ណ ស្រីពេជ្រ)

ពលរដ្ឋរងគ្រោះដោយសារគម្រោងវិនិយោគដីធ្លីជាមួយក្រុមហ៊ុន ពិភពដីមាស ជាង២០០នាក់មកពី​បណ្ដាខេត្តក្រុងផ្សេងៗបា​ននាំគ្នាទៅតាមដានសវនាការលើកទីបី នៅសាលាដំបូងរាជធានីភ្នំពេញ ដោយទទូចឱ្យតុលាការចេញដីការចាប់ខ្លួនលោក ហ៊ី គឹមហុងឡើងវិញ ព្រមទាំងពន្លឿន​នីតិវិធីសងប្រាក់ត្រឡប់ជូនពួកគេវិញ​ នៅព្រឹកថ្ងៃទី២០ ខែឧសភា។ 

ការតាមដានសវនាការព្រឹកនេះ ប្រជាពលរដ្ឋរាប់រយនាក់បានផ្ទុះការតវ៉ាដោយបានលើកបដា​ សម្ដែងមតិ និងបិទផ្លូវ និងមិនសុខចិត្តចំពោះការសម្រេចពន្យារពេលរបស់តុលាការរយៈពេល៣០ថ្ងៃ​ ក្នុងការដោះស្រាយជូនប្រជាពលរដ្ឋ ដោយសារក្រុមប្រជាពលរដ្ឋហាក់អស់សង្ឃឹមចំពោះការចាត់វិធានការច្បាប់ទៅលើម្ចាស់ក្រុមហ៊ុនវិនិយោគនេះ។

យ៉ាងណាក៏ដោយ មួយម៉ោងក្រោយមក ការតវ៉ាមានការថមថយវិញ​ ដោយសារមានការពន្យល់ពីមេធាវីការពារក្ដីរបស់ពលរដ្ឋ។ ការតវ៉ានេះ ធ្វើឡើងបន្ទាប់ពីពលរដ្ឋរង់ចាំដំណោះស្រាយអស់រយៈពេលយូរ និងមិនអាចស៊ូទ្រាំនឹងបំណុលធនាគារ និងជីវភាពគ្រួសារ។ 

ក្រុមប្រជាពលរដ្ឋបានផ្ទុះកំហឹងមិនអាចទទួលយកបានចំពោះការសម្រេចពន្យារពេលនេះ ដោយអះអាងថា បញ្ហាបំណុលធនាគារ សម្ពាធផ្លូវចិត្ត និងកត្តាជីវភាពគ្រួសារធ្វើឲ្យគ្រួសារពួកគេរងទុក្ខលំបាកវេទនា កូនៗបោះបង់ការសិក្សា ដោយសារតែការចាញ់បោកគម្រោងទិញដីឡូតិ៍​វិនិយោគបានការប្រាក់នេះ ដូច្នេះស្នើឱ្យតុលាការ និងថ្នាក់ដឹកនាំអន្តរាគមន៍ជូនពលរដ្ឋឱ្យបានទាន់ពេលវេលា។ 

លោក សេង ហាន តំណាងជនរងគ្រោះ បានឱ្យដឹងថា មេធាវីរបស់ដើមបណ្តឹងបានដាក់សេចក្តីសន្និដ្ឋាន​ចុងក្រោយ​របស់ពួកគេ ហើយទាមទារឱ្យក្រុមហ៊ុនបង់ប្រាក់សំណងចំនួន ២៦លានដុល្លារ និងសំណងផ្លូវចិត្តចំនួន ១០លានដុល្លារ។ ពួកគេក៏បានស្នើសុំឱ្យតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារ ចន្លោះពី ២ ទៅ ៥ ឆ្នាំ សម្រាប់លោក ហ៊ី គឹមហុង និងសហការីចំនួន១៨នាក់ផងដែរ។

លោក ហាន បានបន្តថា តុលាការបានលើកឡើងថា សាលក្រមនឹងត្រូវប្រកាសក្នុងរយៈពេល៣០ថ្ងៃ បន្ទាប់ពីភាគីទាំងពីរដាក់ឯកសារពាក់ព័ន្ធបន្ថែម។

លោក សេង ហាន បានបន្ថែមថា៖ «តុលាការកំពុងរក្សាជំហរដើមរបស់ខ្លួនដោយបន្តការចោទប្រកាន់ ខណៈដែលសំណង ឬការចាប់ខ្លួនអាស្រ័យលើសាលក្រមចុងក្រោយ»។

ពលរដ្ឋរងគ្រោះដោយសារក្រុមហ៊ុនពិភពដីមាស បានបិទផ្លូវមុខសាលាដំបូងរាជធានីភ្នំពេញ ដោយសារពួកគេមិនពេញចិត្តនឹងតុលាការសម្រេចទុកពេល៣០ថ្ងៃក្នុងការប្រកាសសាលក្រម និងស្នើឱ្យតុលាការចាប់ខ្លួនលោក ហ៊ី គឹមហុង ឡើងវិញ។ (ខេមបូចា/ សុវណ្ណ ស្រីពេជ្រ)

លោក ប៊ិន វណ្ណា ពលរដ្ឋរងគ្រោះមកពីខេត្តកំពត បានឱ្យដឹងថា៖ «សូមឱ្យចាប់ខ្លួន ហ៊ី គឹមហុង ដាក់គុកវិញ មូលហេតុឆបោកប្រជាពលរដ្ឋ។ ប្រពន្ធខ្ញុំឈឺ ហើយពេទ្យឱ្យមកបញ្ចូលឈាមនៅភ្នំពេញ យើងអត់មានលុយមក [ទទួលសេវាព្យាបាលទេ]»។

លោកវណ្ណាបន្ថែមថា កូនរបស់លោកមិនបានរៀនតនោះទេ ដោយសារតែមិនមានលុយបង់ថ្លៃសាលា ខណៈខាងធនាគារនឹងរឹបអូសយកដីលោកនៅខែក្រោយ បើសិនរូបលោកនៅមិនបន្តបង់។

ពលរដ្ឋមួយរូបទៀតមកពីខេត្តកំពង់ចាម អ្នកស្រី សុភី បានប្រាប់ខេមបូចា អ្នកស្រីមានបញ្ហាសុខភាពផ្ទាល់ខ្លួន ខណៈអ្នកស្រីលើកឡើងថា អ្នកស្រីពិបាកចិត្ត ដោយសារតែមិនមានលុយបង់ធនាគារ។

គួររំលឹកថា អាជ្ញាធរ​ក្រុង​ភ្នំពេញ​​បាន​ចាប់​ខ្លួន និង​ឃុំ​ខ្លួន ​លោក ហ៊ី គឹមហុង កាលពី​ខែ​សីហា ឆ្នាំ២០២៣ ដោយ​ចោទ​ប្រកាន់​ថា ​បាន​ឆបោក​ប្រាក់​ប្រជាពល​រដ្ឋ​ជាង​៧០០​គ្រួសារ​នៅ​ខេត្តកំពត ដែល​គិត​ជា​ទឹក​ប្រាក់​វិនិយោគ​រាប់លាន​ដុល្លារ​ក្នុង​គម្រោង​អចលនទ្រព្យ​​។​

យ៉ាងណាមិញ នៅ​ខែ​វិច្ឆិកា ឆ្នាំ​២០២៣ លោក​ត្រូវ​បាន​ដោះ​លែងឱ្យ​នៅ​ក្រៅ​ឃុំឡើងវិញ ហើយរហូតមកទល់ពេលនេះពុំទាន់ឃើញមានការចេញមុខដោះស្រាយសំណងជូនពលរដ្ឋរងគ្រោះនៅឡើយទេ បើទោះបីពលរដ្ឋចេញតវ៉ា និងស្នើឱ្យមានការអន្តរាគមន៍ពីតុលាការ និងថ្នាក់ដឹកនាំក៏ដោយ។

លោក យី សុខសាន អ្នកស៊ើបអង្កេតជាន់ខ្ពស់នៅសមាគមអាដហុក (ADHOC) បាននិយាយថា គម្រោង​វិនិយោគដែលពាក់ព័ន្ធនឹងការទិញអចលនទ្រព្យជាមួយនឹងការសន្យាផ្តល់ផលចំណេញហាក់ដូចជាខ្វះការទទួលខុសត្រូវ ទោះបីជាក្រុមហ៊ុនទាំងនោះត្រូវបានចុះបញ្ជីជាផ្លូវការ និងទទួលស្គាល់ដោយក្រសួងពាណិជ្ជកម្មក៏ដោយ។

លោកបានបន្តថា បញ្ហានេះមិនត្រឹមតែកំណត់ចំពោះការឆបោកតាមអ៊ីនធឺណិតប៉ុណ្ណោះទេ ព្រោះក្រុមហ៊ុន​ជាច្រើនហាក់ដូចជាមិនព្រមទទួលខុសត្រូវចំពោះកាតព្វកិច្ចរបស់ពួកគេផងដែរ។ លោកជឿជាក់ថា មានតែរដ្ឋាភិបាលទេដែលអាចជួយដោះស្រាយបញ្ហា និងធានាដល់ប្រជាពលរដ្ឋ។

លោក សុខសាន បានថ្លែងថា៖ «បញ្ហារវាងក្រុមហ៊ុន និងប្រជាពលរដ្ឋ គឺជាបញ្ហានៃកាតព្វកិច្ច និងកិច្ចព្រមព្រៀងតាមកិច្ចសន្យា ហើយការរំលោភលើកិច្ចសន្យា​អាច​ដោះស្រាយបានតែតាមរយៈបណ្តឹងនៅក្នុងតុលាការប៉ុណ្ណោះ»។ លោកបន្ថែមថា៖ «យើងជំរុញឱ្យរដ្ឋាភិបាលទទួលខុសត្រូវចំពោះក្រុមហ៊ុននីមួយៗដែលធ្វើប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា ពីព្រោះប្រសិនបើរដ្ឋាភិបាលមិនទទួលស្គាល់ពួកគេទេ ប្រជាពលរដ្ឋនឹងមិនហ៊ានវិនិយោគប្រាក់របស់ពួកគេទេ»៕

ព័ត៌មានថ្មី

អត្ថបទពេញនិយម