សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

ការសាងសង់ព្រែកជីកហ្វូណនតេជោ​​នៅជាប់គាំង ខណៈប្រជាពលរដ្ឋព្រួយបារម្ភរឿងសំណង​

ដៃទន្លេមេគង្គដែល​ត្រូវ​ប្រើសម្រាប់​ជា​ចំណុច​ចាប់​ផ្ដើម​របស់ព្រែកជីកហ្វូណនតេជោ​​ ក្នុងឃុំ​ព្រែកតាកែវ ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល​។ ថត​ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦​។​(ខេមបូចា/ស៊ើង និមល់)
ដៃទន្លេមេគង្គដែល​ត្រូវ​ប្រើសម្រាប់​ជា​ចំណុច​ចាប់​ផ្ដើម​របស់ព្រែកជីកហ្វូណនតេជោ​​ ក្នុងឃុំ​ព្រែកតាកែវ ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល​។ ថត​ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦​។​(ខេមបូចា/ស៊ើង និមល់)

ការ​សាង​សង់ព្រែកជីក​ហ្វូណន​តេជោ​ គ្រោង​នឹង​ចំណាយ​ថវិកា​ជិត​១,២​ពាន់​លាន​ដុល្លារ​ ដែល​ដំបូង​ឡើង​គ្រោង​នឹង​ចាប់​ផ្ដើម​សាងសង់នៅ​ចុង​ឆ្នាំ២០២៥ តែពេល​នេះ​នៅ​បន្ត​ជាប់គាំង​​ជាង​មួយ​ខែ​បន្តទៀត​នៅ​ដើមឆ្នាំ២០២៦​។ នេះ​បើ​តាម​ការ​អង្កេត​របស់ សារព័ត៌មាន​ខេមបូចា ​​គិត​ត្រឹមថ្ងៃចន្ទ​កន្លង​មក​។​

រដ្ឋាភិ​បាល​បាន​ឲ្យ​ដឹងថា ​ការពន្យារពេល​សាង​សង់​ក៏​ព្រោះ​តែ​ក្រុម​ហ៊ុន​សាងសង់ កម្ពុជា-ចិន​ដែល​រួម​ទុន​វិនិយោគជាមួយ​នឹង​ក្រុម​ហ៊ុន​ក្នុង​ស្រុកដែល​កាន់​ភាគ​ហ៊ុន​៥១​ភាគ​រយ កំពុង​ដោះស្រាយ​សំណង​ជាមួយ​ប្រជាពល​រដ្ឋ​រងផលប៉ះពាល់​ជាមួយ​នឹង​គម្រោង។ រដ្ឋាភិបាល​អះអាង​ថា ​ដរាប​ណា​សំណង​មិន​ទាន់​ដោះស្រាយ​រួច​រាល់​នោះអាច​នឹង​ធ្វើ​ឲ្យ​រំខាន​ដល់​ការ​នុវត្តគម្រោង​។​

ការ​លើក​ហេតុ​ផល​ពី​ការ​ពន្យារ​ពេល​នេះ ហាក់​ដូច​ជា​ផ្ទុយ​គ្នា​ទៅ​នឹង​ការ​រឹបអូសដី​ធ្លី​នៅ​កម្ពុជា​នាពេល​កន្លង​មក​ ដែល​ប្រជាពល​រដ្ឋ​នៅតាម​ជន​បទ​តែង​តែ​លើក​ឡើង​ថា ​ពួក​ខ្លួន​​បាន​ទទួល​សំណង​តិច​តួច​ទាប​ជាង​តម្លៃ​ទី​ផ្សារ​នៅ​ពេល​មាន​គម្រោង​អភិវឌ្ឍន៍ និង​គម្រោង​ពាណិជ្ជកម្ម​នានា​។​

តាមគម្រោង ​ព្រែកជីក​ហ្វូណន​តេជោ ​មាន​ប្រវែង​១៨០គីឡូម៉ែត្រ​ដែល​នឹង​តភ្ជាប់​ទន្លេមេគង្គ​ទៅ​កាន់​ឈូងសមុទ្រថៃ និង​ជួយ​កាន់បន្ថយ​ការ​ពឹងផ្អែក​លើ​ប្រទេស​វៀតណាម​ក្នុង​ការ​ដឹក​ជញ្ជូន​ទំនិញ​។ គម្រោង​នេះ​បាន​បើក​ការដ្ឋាន​ជា​ផ្លូវ​ការ​កាលពី​ខែសីហា ឆ្នាំ២០២៤ និង​បង្កជា​ក្ដី​កង្វល់​ពី​ផល​ប៉ះពាល់​បរិស្ថាន និង​មានការ​បញ្ចេញ​នូវ​ព័ត៌មាន​តិច​តួច​ទាក់ទង​នឹង​សំណង​ដល់​ប្រជា​ពល​រដ្ឋ​ដែល​​រង​ផល​ប៉ះពាល់​​។​

ក្ដី​កង្វល់ពី​រឿង​សំណង​នៅ​តែមាន នេះ​បើ​តាម​ប្រជា​ពល​រដ្ឋ​រងផល​ប៉ះពាល់​មួយ​ចំនួន​ដែល​បាន​ប្រាប់​ សារព័ត៌មានខេមបូចា​។ ទន្ទឹម​នឹង​នេះ​ សារព័ត៌មានខេមបូចា ក៏​បាន​តាមអង្កេត​​មើល​ឃើញ​ថា ​គម្រោង​នេះ​តាំង​ពី​បើក​ការដ្ឋាន​ជា​ផ្លូវ​ការ​មក​មានសកម្មភាព​សាងសង់តិចតួច ឬ​អត់សោះ​តែ​ម្ដង​គិត​ចាប់ពី​ខែ​ឧសភា ឆ្នាំ​២០២៥ មក​ដល់​ដើម​ខែ​កុម្ភៈ ឆ្នាំ​២០២៦​។ ​អ្នក​វិភាគ​នយោបាយ​យល់​ឃើញ​ថា ​ជម្លោះ​ព្រំដែន​ជាមួយ​ថៃ​មិន​ទាន់​ដោះស្រាយចប់ និង​បញ្ហា​ហិរញ្ញវត្ថុ​ក៏អាច​ជា​មូល​ហេតុ​ក្នុង​ការ​ពន្យារពេល​សាង​សង់ផងដែរ​។​ យ៉ាងណា​រដ្ឋាភិបាល​នៅ​តែ​អះអាង​ថា​គម្រោង​នឹង​បន្ត​សកម្មភាព​របស់​ខ្លួន​នៅ​ពេល​សំណង​ទៅ​កាន់ប្រជាពល​រដ្ឋ​រង​ផលប៉ះពាល់ភាគច្រើនបាន​ដោះស្រាយ​។​​

លោក ឌឹម ម៉ិច ប្រជា​ពល​រដ្ឋ​ដែល​រស់​នៅ​តាម​បណ្ដោយ​ព្រែកជីក​ហ្វូណន​តេជោជាង​ពីរ​ទសវត្សរ៍​មក​ហើយ​នោះ បាន​ឲ្យ​ដឹងថា​​៖ «ខ្ញុំ​គិត​ថា​គេនឹង​ជីក ប៉ុន្តែ​ខ្ញុំ​មិន​ដឹងថា​ពេល​ណា​ទេ ប្រហែលជាក្រោយ​សង្គ្រាម​[ជម្លោះព្រំដែន]ចប់​»។​ លោក​បន្ត​ថា៖ «​ពី​ដំបូង​ខ្ញុំពិបាក​​ដែរហ្នឹង​ មិន​ដឹងថា​ត្រូវ​ទៅ​នៅ​ទីណា ឬ​មិន​ដឹង​ថា​បាន​លុយពី​ណា​ដើម្បីទិញ​ដី​វិញ ​ប៉ុន្តែពេល​នេះ​យើង​ឈប់គិត​ពី​វា​ហើយ។ ពួកគេ​ធ្វើ​ឲ្យ​យើង​សុំា»។​

លោក ម៉ិច ឲ្យ​ដឹង​ដែរថា ​កាលពី​ខែ​វិច្ឆិកា អាជ្ញាធរមូល​ដ្ឋាន​បាន​ឲ្យ​ប្រជាពល​រដ្ឋ​ទៅដកប្លង់ដីពី​មន្ត្រី​សុរិយោដី​ ប៉ុន្តែ​មន្ត្រី​មូលដ្ឋាន​មិន​បាន​ប្រាប់​ពី​មូល​ហេតុ ឬ​បង្ហាញ​ថា​ដី​របស់​ពួក​គាត់​ពាក់​ព័ន្ធ​នឹង​គម្រោង​ព្រែកជីក​ឬ​យ៉ាងណា​ទេ​។ លោក​បានបន្តថា ​មន្ត្រី​តែង​តែ​មក​ជីក​​​តេស្ត​ដី​នៅ​ជិត​ផ្ទះ​របស់​លោក​​ជាទៀងទាត់​។​

ក្រោយ​ពី​រង់ចាំ​សំណង​​ និង​ការសាង​សង់អស់ពេល​ជាង​មួយ​ឆ្នាំ លោក​ថា​គ្រួសារ​របស់​លោក​សង្ឃឹម​ថា​គម្រោង​នឹង​មិន​បន្ត​ទៀត​ទេ​។

លោក​បន្ថែម​ថា៖ «វា​យូរពេក​ហើយ​។ បើ​សិន​ជា​មិនសាងសង់ទេ យើង​ក៏​សប្បាយ​ចិត្ត​»។ ដោយលោក​បន្តថា​ប្រជាពល​រដ្ឋ​ចង់បាន​សំណង​សមរម្យ​ បើសិនជា​គម្រោង​នៅតែ​បន្ត​។ លោក​និយាយថា៖ «​បើ​សិន​ជាគេ​ឲ្យ​តិចតួច ​វានឹងមិន​បាន​ផល​អ្វីទេ មាន​យំ​»។​

អ្នកនាំពាក្យ​ក្រសួងសាធារណការ លោក ផន រឹម មានប្រសាសន៍​ថា​​ ការ​ជីក​ព្រែក​នឹង​ចាប់​ផ្ដើម​នៅ​ពេល​ក្រ​សួង​សេដ្ឋកិច្ច​ដោះស្រាយ​រឿង​សំណង​រួច​រាល់​។ លោក​បន្ថែម​ថា ​ក្រ​សួង​សេដ្ឋកិច្ច​ជាអ្នក​ «ទទួល​បន្ទុក​ដោះស្រាយ​សំណង​ដល់ប្រជា​ពល​រដ្ឋ​រង​ផល​ប៉ះពាល់»។ លោ​ក​មិន​បាន​បញ្ជាក់ទេ​ថា​តើ​បញ្ហា​ជម្លោះព្រំដែន​ជា​ដើម​ចម​នៃការពន្យារគម្រោង​នេះឬយ៉ាងណា​។​

អ្នក​នាំពាក្យ​ក្រ​សួងសេដ្ឋកិច្ច លោក មាស សុខសេនសាន មិន​បាន​ឆ្លើយ​តប​នឹង​សំណួរ​អ្នក​សារព័ត៌មាន​ខេមបូចា​ទេ​។ យ៉ាងណា នៅ​ក្នុង​វេទិកា​មួយ​ស្ដីពី​ការគ្រប់គ្រង​ម៉ាក្រូសេដ្ឋកិច្ច និង​ច្បាប់ថវិកាជាតិ​ឆ្នាំ២០២៦ កាលពី​ថ្ងៃចន្ទ លោក​មាន​ប្រសាសន៍​ថា​កិច្ចខិត​ខំប្រឹង​ប្រែង​ក្នុងការ​ដោះស្រាយ​សំណង​កំពុង​បន្ត​ធ្វើ និង​ថា​គម្រោង​នៅ​តែ​ដំណើរការតាមការគ្រោង​ទុក​ដែល​នឹង​បញ្ចប់​ការសាង​សង់​នៅ​ឆ្នាំ​២០២៨​។

លោក​មាន​ប្រសាសន៍​ក្នុង​វេទិកា​នោះថា​ការ​ជីក​ព្រែក​អាច​ចាប់​ផ្ដើម​បានហើយនៅ​តំបន់​ជាក់​លាក់​មួយ​ចំនួន​​ ប៉ុន្តែ​ក្រុម​ហ៊ុន​សាង​សង់​ចង់​ឲ្យ​ដោះស្រាយ​សំណង​បាន​រួចរាល់ជាមួយ​ប្រជាពល​រដ្ឋ​ជាមុន ដើម្បីជៀសវាង​មាន​បញ្ហា​រំខាន​​ពេល​ដំណើរ​ការ​សាង​សង់​ចាប់​ផ្ដើម​​ ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​ថា​ក្រុម​ហ៊ុន​សាងសង់​មួយ​ណា​នោះទេ​។​

លោក​បន្ថែម​ថា៖ «​​ដូច​នេះ​យើង​ត្រូវ​តែ​ដោះស្រាយ​ឱ្យបានច្រើនបន្តិច​ ដើម្បីធានាថា​ដំណើរការ​សាង​សង់​អាច​ធ្វើទៅ​ដោយ​រលូន​»។​

អ្នក​វិភាគ​នយោបាយ កញ្ញា លី ស្រីស្រស់ យល់​ឃើញ​ថា ​បញ្ហា​ជម្លោះព្រំដែនអាច​ជា​ដើមចម​មួយ​ធ្វើ​ឲ្យ​គម្រោង​នេះ​ត្រូវ​ពន្យារពេល​។​

កញ្ញា​លើក​ឡើង​ថា៖ «ពេល​មាន​ការ​ប្រយុទ្ធគ្នា​នៅ​តាម​ព្រំ​ដែន​កម្ពុជា-ថៃ វា​អាច​ប៉ះពាល់​ដល់​ផែនការ​របស់​រដ្ឋាភិបាល ដោយសារ​អាជ្ញាធ​រ​ត្រូវ​ផ្ដោត​សំខាន់​លើ​បញ្ហា​ព្រំដែន​ជាជាង​ការ​ជីកព្រែក​»។

ជម្លោះ​ប្រដាប់អាវុធ​នៅ​តាមព្រំដែន​កម្ពុជា-ថៃ​បាន​កើត​ឡើង​ជា​លើក​ទី​ពីរ​នៅ​ខែធ្នូ មុន​នឹង​មាន​បទឈប់បាញ់​ជាថ្មី​។ កញ្ញា​បន្តថា ​បញ្ហា​ប្រឈម​ខាង​ហិរញ្ញវត្ថុ​ក៏​អាចជាមូលហេតុ​​នាំ​ឲ្យ​មានការពន្យារពេលនេះដែរ​។​

ព័ត៌មាន​​​ស្ដីពី​ហិរញ្ញវត្ថុ​របស់​គម្រោង​​ត្រូវ​បាន​គេ​បញ្ចេញ​ឲ្យ​ដឹង​ក្នុង​កម្រិត​តិចតួច​ប៉ុណ្ណោះ​។ ព័ត៌មាន​ដែល​អាច​រក​បាន ​គឺ​ព័ត៌មាន​ទឹកប្រាក់កម្ចី​ពី​រដ្ឋាភិបាល​ចំនួន​២៦,៨​លាន​ដុល្លារ ដែល​មាន​ដាក់​ក្នុង​ផែកការ​ថវិកា​ជាតិ​ឆ្នាំ​២០២៦​។​

ចំណុចភ្ជាប់​ពីទន្លេមេគង្គនិង​ដៃទន្លេ​ដែល​ជាចំណុច​ចាប់​ផ្ដើម​នៃ​ព្រែកជីកហ្វូណន​តេជោ​។ ថតថ្ងៃទី​២ ខែកុម្ភៈ ឆ្នាំ២០២៦​។ (ខេមបូចា/ស៊ើង និមល់)

វិនិយោគិន​ចិន​កាន់​ភាគហ៊ុន​៤៩​ភាគរយ ខណៈក្រុម​ហ៊ុ​ន​រដ្ឋ​កំពង់ផែស្វយ័ត​ភ្នំពេញ និង​កំពង់ស្វែង​ស្វយ័ត​ក្រុង​ព្រះសីហនុ ជា​ម្ចាស់ភាគហ៊ុន​ដែរ​នោះ​បាន​បញ្ចេញ​ព័ត៌មាន​តិច​តួច​ដល់​ម្ចាស់​ភាគហ៊ុន​នានា ដែល​ការណ៍​នេះ​បានធ្វើ​ឱ្យ​អ្នក​វិនិយោគ​មួយ​ចំនួន​​មាន​មន្ទិល​ថា​តើ​គម្រោង​​ព្រែង​​ជីក​នេះ​អាច​នឹង​បាន​ផល​ចំណេញ​ឬអត់​ក្នុង​ទម្រង់សាងសង់-ប្រតិបត្តិ-ផ្ទេរ ឬ​BOT ​នេះ​។​

ក្រុម​អង្គការ​សង្គម​ស៊ីវិល​បាន​លើក​ឡើងថា ​កង្វះតម្លាភាពផ្នែក​ហិរញ្ញវត្ថុ​ និងដំណើរការ​យឺតយ៉ាវក្នុងការ​សាងសង់​នឹង​ធ្វើ​ឲ្យ​ប្រជាពល​រដ្ឋ​មាន​ភាព​មិន​ច្បាស់​លាស់ និង​ងាយ​រងគ្រោះ​។​

កញ្ញា​​ អោម សុម៉ាលី ប្រធានកម្មវិធី​សច្ចៈនៃវេទិការបស់អង្គការមិនមែនរដ្ឋាភិបាល (NGO Forum) មាន​ប្រសាសន៍​ថា ​​រដ្ឋាភិបាល​គួរ​តែ​បង្ហាញពី​តម្លាភាព​ និង​​​ពី​ពេល​វេលា​ច្បាស់​លាស់​ដល់សហគម​រង​ផល​ប៉ះពាល់​។​

កញ្ញា​បន្ត​ថា៖ «​រដ្ឋាភិបាល​គួរ​តែ​ចែក​រំលែក​ព័ត៌មាន​អំពីសំណង ឬ​រៀបចំឲ្យមានការពិភាក្សា​ជា​​សាធារណៈ​អំពី​អ្វី​ដែល​បាន​សិក្សា​លើ​ផល​ប៉ះពាល់​លើ​ដីធ្លី​ ទ្រព្យ​សម្បត្តិ និង​ជីវភាព​របស់​ប្រជាពល​រដ្ឋ»។​

កញ្ញាបានលើកឡើង​ថា ​ការពន្យារ​ពេល​នេះ អាច​ធ្វើ​ឲ្យ​រំខាន​ដល់​ជីវភាព​ប្រជា​ពល​រដ្ឋ​រងគ្រោះ ធ្វើ​ឲ្យ​ពួកគាត់​បាត់បង់ប្រភព​ចំណូល​ មានការ​ខឹងសម្បា​និង​ធ្វើ​ឲ្យ​សហគមន៍​បាត់បង់​ទំនុក​ចិត្ត​លើ​អាជ្ញាធរ​៕​

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Funan Techo Canal Remains Stalled Amid Compensation Concerns

ព័ត៌មានថ្មី

អត្ថបទពេញនិយម