សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

រដ្ឋសភាបានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការតែងតាំងលោក ហ៊ុន ម៉ានី ជាឧបនាយករដ្ឋមន្ត្រី

រដ្ឋសភាបានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការតែងតាំងលោក ហ៊ុន ម៉ានី ជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ លោក ស្រ៊ី ថាមរុង្គ ជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងលោក ប៉ែន វិបុល ជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស។ (រូបភាព៖ រដ្ឋសភា)
រដ្ឋសភាបានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការតែងតាំងលោក ហ៊ុន ម៉ានី ជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ លោក ស្រ៊ី ថាមរុង្គ ជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងលោក ប៉ែន វិបុល ជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស។ (រូបភាព៖ រដ្ឋសភា)

រដ្ឋសភាបានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការតែងតាំងរដ្ឋមន្ត្រីក្រសួងមុខងារ​សាធារណៈ លោក ហ៊ុន ម៉ានី ដែលជាកូនប្រុសពៅ​អតីតនាយករដ្ឋមន្ត្រី ឱ្យក្លាយជាឧបនាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃ​ទី២១ ខែកុម្ភៈ ឆ្នាំ២០២៤​​ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋសភា។

សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋសភានៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ បានបង្ហាញថា​ រដ្ឋសភា​បានបោះឆ្នោតផ្តល់សេចក្តី​ទុកចិត្ត​លើ​ការតែងតាំងបំពេញ​បន្ថែម​សមាសភាពរាជរដ្ឋាភិបាល​ចំនួន​៣រូប រួមមាន លោក ហ៊ុន ម៉ានី ជាឧបនាយករដ្ឋមន្ត្រី និង​ជារដ្ឋមន្ត្រី​ក្រសួងមុខងារ​សាធារណៈ លោក ស្រ៊ី ថាមរុង្គ ជា​ទេសរដ្ឋមន្ត្រី ទទួលបន្ទុក​បេសកកម្ម​ពិសេស និងលោក ប៉ែន វិបុល ជាទេសរដ្ឋមន្ត្រី ទទួល​បន្ទុក​បេសកកម្មពិសេស។

សម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ បានដំណើរការបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត​ដែលមានកូរ៉ុមចំនួន១២០រូប ដោយទទួលបានលទ្ធផលយល់ព្រម១២០សំឡេងនៃចំនួន​សមាជិករដ្ឋសភាទាំងមូល។

ការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការតែងតាំងមន្ត្រីជាន់ខ្ពស់៣រូបនេះ គឺយោងតាមការ​ស្នើ​តែងតាំង​ពីលោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

ដូច្នេះមុខតំណែងឧបនាយករដ្ឋមន្ត្រីនឹងកើនឡើងដល់​១១រូប ហើយក្នុងចំណោម១១រូប មាន១០រូប គឺជា​ឧបនាយករដ្ឋមន្ត្រី​ផងនិងជារដ្ឋមន្ត្រីផង លើកលែងតែពីររូបចេញ។​

ដោយឡែក មុខតំណែងទេសរដ្ឋមន្ត្រីនឹងកើនឡើងដល់៣០រូប មានតែ៥រូបប៉ុណ្ណោះ​ដែល​ធ្លាប់កាន់​តំណែង​នេះ​ពីមុនមកនៅ​ក្នុង​​​អាណត្តិរដ្ឋាភិបាលចាស់។ លោក ម៉ានី ដែលជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ តាំងពីឆ្នាំ២០១៣មក គឺជាកូនប្រុស​ពៅ​​របស់​លោក ហ៊ុន សែន និងត្រូវជាប្អូនប្រុស​របស់​នាយករដ្ឋមន្ត្រីថ្មី លោក ហ៊ុន ម៉ាណែត។ លោក ម៉ានី ក៏ជាប្រធាន​សហភាព​សហព័ន្ធយុវជន​កម្ពុជា​ផងដែរ៕

552 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម