សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

យុវតីកុម្ភៈជម្នះការរើសអើងរហូតក្លាយជាអ្នកដឹកនាំសហគមន៍នេសាទ

អ្នកស្រី នួន កុម្ភៈ បង្ហាញដើមកោងកាងដែលស្ថិតនៅក្នុងសហគមន៍ត្រពាំងរពៅ សង្កាត់ព្រែកត្នោត ក្រុងបូគោ ខេត្ដកំពត កាលថ្ងៃទី១០ ខែ ធ្នូ ឆ្នាំ២០២៣ ។ (ឃាង សុខមាន)
អ្នកស្រី នួន កុម្ភៈ បង្ហាញដើមកោងកាងដែលស្ថិតនៅក្នុងសហគមន៍ត្រពាំងរពៅ សង្កាត់ព្រែកត្នោត ក្រុងបូគោ ខេត្ដកំពត កាលថ្ងៃទី១០ ខែ ធ្នូ ឆ្នាំ២០២៣ ។ (ឃាង សុខមាន)

យុវតីវ័យក្មេង អ្នកស្រី នួន កុម្ភៈ វ័យ ២៤ឆ្នាំ បានជន្នះផ្នត់គំនិតដែលរើសអើងស្រ្តីថា មិនអាចធ្វើជាអ្នកដឹកនាំបាន ឬ ស្រ្តីវិលចង្ក្រានមិនជុំ​នោះ ដែលប្រយោគនេះបានក្លាយជាកម្លាំងចិត្ត ជំរុញឱ្យគាត់តស៊ូរហូតក្លាយជាប្រធានគណៈកម្មការសហគមន៍នេសាទត្រពាំងរពៅ  ដោយមានការទទួលស្គាល់ថា ជាស្រ្តីឆ្នើមវ័យក្មេងប្រចាំសហគមន៍។

ជាកូនពៅក្នុងគ្រួសារមានបងប្អូន១០នាក់ អ្នកស្រី កុម្ភៈ រស់នៅភូមិត្រពាំងរពៅ សង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្ដកំពត បានឈប់រៀនត្រឹមថ្នាក់ទី១០​នៅវិទ្យាល័យព្រែកត្នោត ដោយសារគ្រួសារគ្មានលទ្ធភាពឱ្យរៀនបន្ត និងចង់ជួយគ្រួសារផង។

អ្នកស្រី កុម្ភៈ បានរៀបរាប់ថា ក្រោយឈប់រៀនគាត់បានរៀបការ ដោយបន្សល់ទុកចំណងដៃកូន២នាក់ ប៉ុន្តែក្តីស្នេហារបស់គាត់ត្រូវបានប្រេះឆាវិញ នៅពេលគាត់អាយុ២១ឆ្នាំ។ ចាប់តាំងពីបែកបាក់ស្វាមីមក អ្នកស្រីត្រូវទទួលបន្ទុកចិញ្ចឹមកូន២នាក់នោះតែម្នាក់ឯង។ អ្នកស្រីបន្តថា អំឡុងពេលនោះ អ្នកស្រីចាប់ផ្ដើមចូលរួមកិច្ចការស្ម័គ្រចិត្តនៅសហគមន៍នេសាទត្រពាំងរពៅ ព្រោះចង់យល់ដឹងពីកិច្ចការសង្គម និងមិនចង់ឱ្យអ្នកផ្សេងមើលងាយគាត់ថា ស្រ្តីមិនអាចក្លាយជាអ្នកដឹកនាំបាន។

ក្នុងទឹកមុខស្រពោន អ្នកស្រីរំលឹកទៅអតីតកាលថា ក្នុងការចាប់ផ្តើមការងារដំបូងៗ អ្នកស្រីគឺជាមនុស្សមិនសូវចូលចិត្ដនិយាយច្រើន និងមានការខ្មាសអៀនច្រើន ព្រោះគាត់គិតថាខ្លួនឈប់រៀនទាំងវ័យក្មេង ជាហេតុនាំឱ្យគាត់មានអារម្មណ៍ខ្មាសមិត្ដភក្ដិ ដែលគេបន្ដរៀនរហូតដល់ចប់សកលវិទ្យាល័យ។

អ្នកស្រីថា៖ «ខ្ញុំជាកូនពៅក្នុងគ្រួសារ។ខ្ញុំមានកូន២នាក់ ស្រី១ ប្រុស១។ខ្ញុំរៀនបានត្រឹមថ្នាក់ទី១០ទេ ហើយរៀបការ។ខ្ញុំលែងលះគ្នាដើមឆ្នាំ២០២០ ខ្ញុំត្រូវចឹញ្ចឹម[កូន]តែឯង វាលំបាកណាស់ត្រូវធ្វើការផង និងមើលថែកូនផង។មុនចូលកិច្ចការសហគមន៍ខ្ញុំខ្មាសមិត្ដភក្ដិ​គេរៀនត ខ្ញុំអត់សូវនិយាយច្រើនទេបង»

អ្នកស្រីបន្ថែមថា សម្រាប់ការស្ម័គ្រចិត្ដមិនសូវមានអ្នកចង់ធ្វើទេ ព្រោះគេគិតពីកម្រៃ និងការនឿយហត់ ដូច្នេះហើយទើបមិនសូវមានអ្នកចង់ធ្វើ។ដោយឡែកសម្រាប់អ្នកស្រីកុម្ភៈវិញបែរជាមកស្រលាញ់ការងារជួយសហគមន៍ ទោះមិនទទួលបានប្រាក់ខែក៏ដោយ ក៏អ្នកស្រីចង់ធ្វើនឹងចូលរួមដោយមិនគិតពីការនឿយហត់។

អ្នកស្រីបង្ហាញអារម្មណ៍ពេញចិត្ដនឹងការងារអ្នកស្រីថា៖«ខ្ញុំស្រលាញ់ការងារអភិរក្ស ហើយការងារហ្នឹងវាត្រូវនឹងអ្វីដែលខ្ញុំស្រលាញ់ ទើបជម្រុញឱ្យខ្ញុំធ្វើការងារហ្នឹងដោយមិនគិតពីប្រាក់កម្រៃ»

ប៉ុន្តែពេលអ្នកសារព័ត៌មានសួរអ្នកស្រីពីផលលំបាកក្នុងនាមជាស្រ្ដីវ័យក្មេង និងមានកូនក្នុងបន្ទុកផងនោះ អ្នកស្រីបានសម្រក់ទឹកភ្នែកឆ្លើយតបទាំងអួលដើមកថា កិច្ចការនេះគឺគាត់ជម្នះការរារាំងពីគ្រួសារ និងផ្នត់គំនិតមនុស្សជុំវិញខ្លួនដែលមិនចង់ឱ្យអ្នកស្រីធ្វើ ព្រោះគេយល់ថា ជាការងារមនុស្សប្រុស និងមើលងាយថា ខ្លួនជាស្រ្ដីមេម៉ាយគួរនៅផ្ទះមើលថែកូនវិញ។

ដោយសារពាក្យពេបជ្រាយទាំងនោះ ពេលខ្លះអ្នកស្រីបាក់ទឹកចិត្ដដែរ ដោយសារគ្មានការលើកទឹកចិត្ដពីគ្រួសារ។  ប​ន្ថែមលើនេះ ផលលំបាកមួយទៀតគឺអ្នកស្រីត្រូវចុះទប់ស្កាត់បទល្មើសក្នុងដែនសហគមន៍មិនថាយប់ឬថ្ងៃទេ រាល់ពេលមានបទល្មើសគឺគាត់ត្រូវចុះភ្លាមៗ និងបានទប់ស្កាត់ រហូតមកពេលនេះសកម្មភាពនេសាទខុសច្បាប់ស្ទើតែគ្មាននោះទេ។

អ្នកស្រីថា៖ «កត្ដាគ្រួសារដោយសារគាត់អត់ចង់ឱ្យធ្វើការកន្លែងចឹងទេ គាត់អត់លើកទឹកចិត្ដ យើងទៅធ្វើមិនដឹងបានអីមកវិញ ដើរទៅនេះដើរទៅនោះអត់ប្រយោជន៍។កត្ដាមួយទៀតគឺកូន ខ្ញុំមានកូនត្រូវនៅផ្ទះមើលថែកូន ប៉ុន្ដែពេលខ្លះយើងអត់បាននៅមើលថែគាត់ចឹងទៅ ត្រូវផ្ញើនៅបង ឬអ៊ំជួយមើលឱ្យ វាពិបាកដែរ»

ទីតាំងសហគមន៍ត្រពាំងរពៅ ស្ថិតនៅភូមិត្រពាំងរពៅ សង្កាត់ព្រែកត្នោត ក្រុងបូគោ ខេត្ដកំពត កាលពីថ្ងៃទី១០ខែ ធ្នូ ឆ្នាំ២០២៣។ (ឃាង សុខមាន)

ស្រ្ដីឆ្នើមមានកំណើតក្នុងខេត្ដកំពតរូបនេះ បានបន្ដរៀបរាប់ថា អ្នកស្រីបានចាប់ផ្ដើមប្រឡូកកិច្ចការក្នុងសហគមន៍ត្រពាំងរពៅតាំងពីឆ្នាំ២០២០មកម្ល៉េះ និងបានក្លាយខ្លួនជាប្រធានគណៈកម្មការសហគមន៍ចាប់តាំងពី២០២១មក។ អ្នកស្រីថា គិតមកដល់ពេលនេះមានរយៈពេល៣ឆ្នាំក្នុងការដឹកនាំសហគមន៍ត្រពាំងរពៅ។ ក្រោមការដឹកនាំរបស់អ្នកស្រីក្នុងនាមជាប្រធានគណៈកម្មការសហគមន៍នេះអ្នកស្រីតែងតែបង្កើតវិន័យ និងបង្កើតការងារដល់ប្រជានេសាទ ដើម្បីឱ្យពលរដ្ឋក្នុងសហគមន៍នេះអាចប្រកបនិងអាចលក់ដូរគ្រឿងសមុទ្រដល់ភ្ញៀវទេសចរណ៍។ អ្នកស្រីបន្ថែមថា សមិទ្ធផលដែលអ្នកស្រីបានសម្រេចក្នុងការដឹកនាំសហគមន៍នេះ​មានដូចជា ករណីបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ការរៀបចំទុកដាក់សំរាម និងដឹកនាំកិច្ចការសហគមន៍ ព្រមទាំងផ្សព្វផ្សាយឲ្យពលរដ្ឋផ្សេងស្គាល់ និងមកលេងសហគមន៍ដើម្បីជួយឱ្យប្រជាសហគមន៍នេះមានជីវភាពល្អប្រសើរច្រើនដោយអាចរកចំណូលបានចន្លោះពី៦ម៉ឺន ទៅ១២ម៉ឺនរៀលក្នុង១ថ្ងៃតាមរយៈការនេសាទក្នុងដែនសហគមន៍។

យោងតាម មាត្រា១ នៃរដ្ឋធម្មនុញ្ញ ចែងថា ឈរលើមូលដ្ឋាននៃសិទ្ធិនិងសេរីភាព ស្រ្តីនិងបុរស ត្រូវមានភាពស្មើគ្នា នៅក្នុងសង្គមគ្រួសារនិងនៅលើគ្រប់វិស័យ នយោបាយ ពលរដ្ឋ សេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ និង វិស័យផ្សេងៗទៀត ។ ចំណែកមាត្រា៨ បញ្ញត្តិថា ស្ត្រីនិង បុរសមានសិទ្ធិស្មើគ្នា ចូលរួមសកម្មភាពការងារ ក្នុងរដ្ឋាភិបាល អង្គការក្រៅរដ្ឋាភិបាលជាតិ និងអន្តរជាតិ តាមសមត្ថភាពរបស់ខ្លួន។

លោក តូច វ៉ែន អាយុ៧៧ឆ្នាំ ជាឪពុកអ្នកស្រី នួន កុម្ភៈ បានទទួលស្គាល់ថា ដំបូងឡើយលោកមិនពេញចិត្តនូវសកម្មភាពកូនស្រីរបស់លោកមែន ដ្បិតព្រួយបារម្ភពីសុវត្ថិភាព។​ លោកគិតថា សកម្មភាពដែលកូនស្រីលោកធ្វើមិនបានប្រយោជន៍អ្វីឡើយ និងមានចៅ២នាក់ត្រូវការម្ដាយមើលថែ តែកូនស្រីពៅលោកមិនសូវបាននៅជិតកូន ព្រោះរវល់នឹងការងារសហគមន៍ច្រើនជាងមើលថែកូន ទើបលោកតែងតែហាមឃាត់ និងស្ដីបន្ទោស។

កំពុងអង្គុយក្រោមផ្ទះឈើប្រក់ដោយសង្ក័សី បុរសវ័យចំណាស់រូបនេះ បន្ដថា ក្រោយមកលោកក៏ចាប់ផ្ដើមអង្កេតមើលសកម្មភាពកូនលោកពីមួយថ្ងៃទៅមួយថ្ងៃ ទើបលោកដឹងថា រាល់សកម្មភាពកូនស្រីពៅលោកបានធ្វើពិតជាបានជួយសហគមន៍ និងខ្លួនគាត់ផ្ទាល់។ ការនេះប្រែក្លាយរូបនាងឱ្យក្លាយជាស្រ្ដីវ័យក្មេងក្លាហាននឹងបានក្លាយជាគម្រូដល់ស្រ្ដីវ័យក្មេងក្នុងសហគមន៍ផងដែរ។

លោកបង្ហាញអារម្មណ៍សប្បាយចិត្ត និងមានមោទនភាព ដែលមានកូនស្រីម្នាក់ ពីមុនជាមនុស្សទន់ខ្សោយ ប៉ុន្តែបច្ចុប្បន្នក្លាយជាគម្រូ និងជាស្រ្ដីឆ្នើមវ័យក្មេងម្នាក់ក្នុងសហគមន៍។

លោកថ្លែងថា៖ «[ខ្ញុំ]បារម្ភព្រោះវាមិនសូវមានចំណេះវិជ្ជាអីដូចគេ វារៀនបានតិច ហើយមេម៉ាយផង អត់មានអ្នកណាជួយពឹងពាក់ចឹង បានជាខ្ញុំហាមឃាត់វាមិនឱ្យធ្វើ។ខ្ញុំសប្បាយចិត្ដពេលឃើញវាក្លាយជាស្រ្ដីគម្រូវ័យក្មេង ខ្ញុំចង់ឱ្យក្មេងស្រីផ្សេងចូលរួមការងារសង្គមដូចកូនខ្ញុំដែរ»

ប្រជាសហគមន៍នេសាទមកពីនេសាទក្នុងសហគមន៍ត្រពាំងរពៅ សង្កាត់ព្រែកត្នោត ក្រុងបូគោ ខេត្ដកំពត កាលពីថ្ងៃទី១០ខែ ធ្នូ ឆ្នាំ២០២៣។ (ឃាង សុខមាន)

លោក ធុង ញិល អាយុ៤៣ឆ្នាំ ជាប្រធានសហគមន៍នេសាទត្រពាំងរពៅ ចាត់ទុកអ្នកស្រី នួន កុម្ភៈ ជាស្រ្ដីវ័យក្មេងម្នាក់មានភាពលេចធ្លោ និងជួយកិច្ចការសហគមន៍បានច្រើន ។ លោកបន្ដថា សម្រាប់រូបលោកពិតជាមានមោទនភាពនឹងអ្នកស្រី កុម្ភៈខ្លាំងណាស់ ដោយលោកសរសើថា អ្នកស្រី កុម្ភៈអាយុតិចប៉ុន្ដែអាចចូលរួមជួយកិច្ចការងារបានល្អប្រសើរច្រើន។  យ៉ាងណាមិញលោកបានជម្រុញដល់យុវតីក្មេងៗថា គួរតែប្រើប្រាស់ពេលវេលាចូលរួមកិច្ចការងារសង្គមឱ្យបានច្រើនដូចអ្នកស្រី នួន កុម្ភៈដែរ។

លោកថា៖«កុម្ភៈក្មេងហើយមេម៉ាយទៀត តែគាត់សកម្ម និងមានការតស៊ូខ្លាំង។គាត់ឆ្លាត ពេលប្រជុំសហគមន៍ម្ដងៗគឺគាត់ពូកែក្នុងការដឹកនាំប្រជុំ។ខ្ញុំចង់ឱ្យយុវតីគ្រប់គ្នាចូលកិច្ចការងារសង្គមឱ្យបានច្រើនដូចកុម្ភៈដែរ ដើម្បីឱ្យសហគមន៍មានការរីកចម្រើន។និយាយរួមទៅគឺសហគមន៍យើងរីកចម្រើនពេលមានវត្ដមានគាត់»

លោក យី គឹមថាន នាយករងនៃអង្គការភ្លែនអន្ដរជាតិកម្ពុជា លើកឡើងថា អង្គការនេះផ្ដោតលើការលើកកម្ពស់ស្រ្ដី និងកុមារឱ្យពួកគាត់អាចចូលរួមកិច្ចការងារសង្គមឱ្យបានច្រើនដូចបុរសដែរ។ លោកបន្ដថា កន្លងមកអង្គការភ្លែន ធ្លាប់ជ្រើសរើសយុវតីវ័យក្មេង២រូប ជាជនជាតិដើមភាគតិចព្រៅមកពីខេត្ដរតនៈគិរី យុវតី លេខ ការី​ អាយុ១៩ឆ្នាំ និងយុវតី ពៅ ស្រី​ណូ អាយុ១៨ឆ្នាំ មកពីខេត្តសៀមរាប ក្លាយជាទូតសុឆន្ទៈរបស់អង្គការក្នុងគោលដៅជម្រុញ និងលើកកម្ពស់ស្រ្ដី និងជាការរួមចំណែកដើម្បីឱ្យស្រ្ដីមានសិទ្ធិពេញលេញក្នុងកិច្ចការងារសង្គមឱ្យបានច្រើន។ ជាពិសេសឲ្យ ពួកគាត់ជាស្រ្ដីមានភាពជឿជាក់លើខ្លួនឯង។ ​លោកបន្ដថា ជា​យុទ្ធសាស្ដ្ររបស់អង្គការភ្លែន គឺផ្ដោតលើការយល់ដឹងរបស់យុវជន ព្រោះពួកគេ​​ជាធនធាន​ដ៏សំខាន់​របស់សង្គម​ដែលមិនអាចខ្វះបាន។

លោកបានមានប្រសាសន៍ថា៖ «ក្មេងស្រីដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសហគមន៍របស់គាត់។កន្លងមកកិច្ចការសង្គមមួយចំនួនយើងច្រើនប្រមូលពីបុរសដូចជាមេឃុំ មេភូមិ ប៉ុន្ដែមិនសូវជាមានស្រ្ដីក្នុងកិច្ចការងារទាំងអស់ហ្នឹង ចឹងព័ត៌មានគឺបានតែពីខាងបុរស»។ ដោយលោកបានបន្ថែមថា៖ «យើងពិបាកក្នុងការប្រមូលព័ត៌មាន។ ផែនការរបស់យើងគឺដើម្បីឱ្យស្រ្ដីមានសំឡេងស្មើភាពគ្នាជាមួយបុរសលើកិច្ចការសង្គម។យើងកំពុងធ្វើកិច្ចការទាំងអស់ហ្នឹងនៅតាមមូលដ្ឋាន»

អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និងកីឡា លោក រស់ សុវាចា បានសាទរ​នៅ​ពេល​​យុវជនកាន់តែ​ច្រើន​ បា​ន​ក្លាយជាគម្រូក្នុងសហគមន៍ និងក្លាយជាធនធានមនុស្សដ៏សំខាន់សម្រាប់សង្គម ជាក់ស្តែងដូចអ្នកស្រី នួន កុម្ភៈ ជាដើម ។

លោកថ្លែងថា៖ «ខ្ញុំសប្បាយចិត្ដពេលមានក្មេងៗអាចរួមចំណែកក្នុងកិច្ចការសង្គមដូច្នេះ»

ជុំវិញរឿងនេះដែរ លោក ថេ ឈុនហាក់ អគ្គនាយកនៃអគ្គនាយកដ្ឋានសមភាពយេនឌ័រ និងអភិវឌ្ឍន៍សេដ្ឋកិច្ចនៃក្រសួងកិច្ចការនារី បានថ្លែងថា សម្រាប់ក្រសួងមានការសាទររាល់ស្រ្ដីដែលបានចូលរួមកិច្ចការសង្គម ជាពិសេសអាចវិវឌ្ឍន៍ខ្លួនទៅជាអ្នកដឹកនាំសហគមន៍ និងបានក្លាយជាគម្រូល្អរបស់សង្គមដែលកំពុងត្រូវការ។ លោកបន្ថែមថា ក្រសួងតែងតែធ្វើកិច្ចការនេះ ដើម្បីឱ្យស្រ្ដីមានសំឡេងកាន់តែច្រើន មិនមែនតែតាមសហគមន៍ទេ ក្នុងក្រសួង ឬស្ថាប័នធំគឺចាំបាច់ត្រូវមានស្រ្ដីឱ្យបានច្រើន។

លោក ឈុនហាក់ បានថ្លែងថា៖ «យើងលើកទឹកចិត្ដគ្រប់សកម្មភាពរបស់ស្រ្ដីមិនថាក្នុងសហគមន៍ ឬក៏ក្នុងស្ថាប័នរដ្ឋ និងឯកជនទេ យើងចង់ឱ្យមានសំឡេងស្រ្ដីកាន់តែច្រើនកាន់តែល្អ។ខ្ញុំសង្កេតឃើញពេលនេះស្រ្ដីហាក់មានភាពលេចធ្លោច្រើន។ក្រសួងនឹងខិតខំប្រឹងប្រែងបន្ដទៀតដើម្បីជម្រុញឱ្យមានស្រ្ដីកាន់តែចូលរួមកិច្ចការសង្គម»

កាលពីថ្ងៃទី១៦ខែវិច្ឆិកាឆ្នាំ២០២៣ អ្នកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្រ្ដីក្រសួងកិច្ចការនារី បានចូលរួម ទិវាអបអរសាទរយុទ្ធនាការទិវាអន្ដរជាតិក្មេងស្រី ក្រោមប្រធានបទថា«ការលើកកម្ពស់ភាពជាអ្នកដឹកនាំរបស់ក្មេងស្រីក្នុងយុគសម័យឌីជីថល»។ ក្នុងទិវានោះដែររដ្ឋមន្រ្ដីក្រសួងកិច្ចការនារីក៏បានលើកឡើងពីចំណុចជាច្រើនដូចជាការជម្រុញឱ្យបន្ដការងារជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ក្នុងការបញ្ជ្រាបការយកចិត្ដទុកដាក់ និងឆ្លើយតបនឹងការដឹកនាំរបស់ក្មេងស្រី​នៅក្នុងក្របខណ្ឌរៀបចំគោលនយោបាយកម្មវិធី និងការអនុវត្ដការងារនៅតាមវិស័យ។

អ្នកស្រីបានមានប្រសាសន៍ថា៖«យុទ្ធនាការទិវាអន្ដរជាតិក្មេងស្រី គឺជាកិច្ចការដ៏សំខាន់មួយក្នុងការរួមចំណែកអប់រំ អភិវឌ្ឍន៍សមត្ថភាព សីលធម៌ គុណធម៌ សុជីវធម៌ និងថាមពលកុមារ និងយុវតី ឱ្យមានអនាគតល្អនិងក្លាយជាធនធានមួយដ៏ចាំបាច់ក្នុងការចូលរួមកសាងសង្គម ​សេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើននាពេលបច្ចុប្បន្ន​ និងនាខាងមុខ»។ អ្នកស្រីបានបន្ថែមថា៖ «ខ្ញុំសង្ឃឹម និងជឿជាក់ថា វេទិកានេះនឹងជួយជម្រុញឱ្យស្រ្ដីក្លាយជាគម្រូដល់ស្រ្ដីក្នុងសហគមន៍ និងជាគម្រូដល់ក្មេងស្រីដើម្បីលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្រ្ដី»

របាយការណ៍របស់ធនាគារពិភពលោក ក៏បានចេញផ្សាយស្តីពីតួនាទីរបស់ស្រ្ដីក្នុងវិស័យផ្សេងៗដើម្បីជាការរួមចំណែកក្នុងការអភិវឌ្ឍប្រទេស។ ក្នុងរបាយការណ៍ដដែលក៏បានលើកបញ្ហា និងទស្សនៈវិស័យរបស់ធនាគារក្នុងការរុញច្រានឱ្យគ្រប់វិស័យត្រូវយកចិត្ដទុកដាក់ និងឱ្យមានស្រ្ដីក្លាយជាអ្នកដឹកនាំកាន់តែច្រើន។

ក្នុងជួររដ្ឋាភិបាលនាពេលបច្ចុប្បន្ននេះក៏មានស្រ្ដីជាច្រើនបានក្លាយជាថ្នាក់ដឹកនាំកំពូលៗ ដូច អ្នកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្រ្ដីក្រសួងកិច្ចការនារី អ្នកស្រី  ឃួន សុដារី ប្រធានរដ្ឋសភា អ្នកស្រី ម៉ែន សំអន ជាសមាជិកឧត្តមប្រឹក្សាព្រះមហាក្សត្រ និងមានថ្នាក់ដឹកនាំជាស្រ្ដីជាច្រើនដែលបានរួមចំណែកក្នុងការលើកកម្ពស់ស្រ្ដី និងបានបង្ហាញពីសមភាពយេនឌ័រ។

អ្នកស្រី នួន កុម្ភៈ កំពុងដឹកនាំបណ្ដុះដើមកោងកាងក្នុងសហគមន៍ត្រពាំងរពៅ កាលពីថ្ងៃខែសីហា ឆ្នាំ២០២២ ស្ថិតនៅភូមិត្រពាំងរពៅ សង្កាត់ព្រែកត្នោត ក្រុងបូគោ ខេត្ដកំពត។ រូបភាពផ្ដលឱ្យ

ត្រឡប់មក អ្នកស្រី នួន កុម្ភៈ អ្នកស្រី បង្ហាញការតាំងចិត្ដថា ទោះជាជួបបញ្ហាលំបាកយ៉ាងណាក៏ដោយ ក៏អ្នកស្រីមិនព្រមបោះការងារសហគមន៍ដែលខ្លួនស្រលាញ់ចោលនោះទេ។ អ្នកស្រីថា ដោយសារតែកាងារនឹងហើយទើបធ្វើឱ្យអ្នកស្រីក្លាយជាមនុស្សរឹងមាំ និងចេះតស៊ូក្នុងជីវិត ព្រមទាំងចេះជួយអ្នកដទៃ។

អ្នកស្រីថា៖ «ខ្ញុំមិនដែលគិតថានឹងបោះបង់វាទេ ព្រោះខ្ញុំសង្កេតខ្លួនខ្ញុំថា កាលពីមុនខ្ញុំជាមនុស្សម្នាក់ដែលអត់ហ៊ានសូម្បីតែនិយាយស្ដីទៅមិត្ដភក្ដិខាងក្រៅឬក៏អ្នកនៅខាងក្រៅទេ ព្រោះយើងបោះបង់ការសិក្សាចោល យើងអត់បានរៀនចប់ដូចគេទេ» ។ អ្នកស្រីបានបន្ថែមថា៖ «ប៉ុន្ដែពេលខ្ញុំចូលរួមកិច្ចការសង្គម ធ្វើឱ្យខ្ញុំកាន់តែស្គាល់សង្គមខាងក្រៅ ថាទោះបីយើងមិនបានរៀនចប់ក្នុងសាលាក៏ដោយ ក៏យើងអាចបន្ដការសិក្សាបន្ថែម ចំណេះដឹងបន្ថែមទាក់ទងសិទ្ធិផ្សេងៗតាមរយៈសង្គមស៊ីវិលដែលពួកគាត់ចុះមកបង្រៀន» ៕

231 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម