សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

អ្នកជំនាញ​លើកទឹកចិត្តឲ្យសកម្មជនជាស្រ្តី​យកចិត្តទុកដាក់​លើ​សុខ​ភាព​ផ្លូវ​ចិត្ត

អ្នកប្រឹក្សាសុខភាពផ្លូវចិត្តបង្ហាញបទពិសោធន៍ និងគន្លឹះស្វែងរកការព្យាបាលក្នុងកម្មវិធីមួយរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាកាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣។ (ខេមបូចា/ផុន សុទ្ធីរ័ត្ន)
អ្នកប្រឹក្សាសុខភាពផ្លូវចិត្តបង្ហាញបទពិសោធន៍ និងគន្លឹះស្វែងរកការព្យាបាលក្នុងកម្មវិធីមួយរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាកាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣។ (ខេមបូចា/ផុន សុទ្ធីរ័ត្ន)

មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា​ ឬ​ហៅ​កាត់​ថា​ CCHR បាន​លើក​​ចំណុច​សំខាន់​នៃ​ការ​គាំទ្រ​សុខ​ភាព​ផ្លូវ​ចិត្ត​ដល់​សកម្មជន​ជា​ស្រ្តី​ ដែល​ជា​ផ្នែក​មួយ​នៃយុទ្ធនាការរយៈពេល ១៦ថ្ងៃ ប្រឆាំងនឹងអំពើហិង្សាពាក់ព័ន្ធនឹងយេនឌ័រ​។​ អង្គការ​មិន​មែន​រដ្ឋាភិបាល​បាន​រៀបចំកម្មវិធី​នេះ​កាលពី​ដើមខែធ្នូ ហើយ​ក្នុង​ឱកា​ស​នោះ​អ្នក​ផ្ដល់​សេវា​ប្រឹក្សា​សុខភាព​ផ្លូវ​ចិត្ត​បាន​និយាយ​ថា​ស្រ្តី​ដែល​ជា​សកម្ម​ជន​ការពារ​សិទ្ធិ​មនុស្ស​គឺ​ប្រឈម​នឹង​អំពើ​ហិង្សា ការបៀតបៀន និង​ការ​រើស​អើង​។​

ក្នុង​កម្ម​វិធី​នោះ​មាន​រៀប​ចំកិច្ចពិភាក្សា ក៏​ដូច​ជា​មាន​ការ​សម្ដែង​ខ្លី​មួយ​ដើម្បី​បង្ហាញ​ពី​ការ​ប្រឈម​របស់​សកម្ម​ជន​ជា​ស្រ្តី​​។​​ អ្នក​ជំនាញ​បាន​ចែក​រំលែក​វិធី​សាស្រ្ត​​ដល់​ក្រុម​ស្រ្តី​ទាំង​នេះ​សម្រាប់​​អនុវត្ត​ដើម្បី​លើក​កម្ពស់​សុខុមាល​ភាព​របស់​ពួក​គាត់​។​ អ្នក​ចូល​រួម​ប្រហែល​៥០​នាក់ រួម​មាន​និស្សិត និង​តំណាង​មក​ពី​អង្គការ​ជាតិ និង​អន្តរ​ជាតិ​​។​

អ្នក​ស្រី​ សោម រតនា ជា​អ្នក​ផ្ដល់​ប្រឹក្សា​សុខភាព​ផ្លូវ​ចិត្ត និង​ជា​អ្នក​បណ្ដុះ​បណ្ដាល​នៃ​អង្គការ​ TPO មាន​ប្រសាសន៍​ថា៖ «ស្ថានភាព​ផ្លូវ​ចិត្ត​ [របស់​ស្រ្តី​ជា​សកម្មជន​] មាន​ផល​ប៉ះពាល់​ពី​ការ​រង​របួស​ស្នាម ឬ​ហេតុការណ៍​ផ្សេង​ៗ​ដែល​បានជួប​ប្រទះ។ យើង​មើល​ឃើញ​ថា​ពេល​គាត់​រង​នូវ​អំពើហិង្សា វាមាន​ឱកាសនាំ​ឲ្យ​គាត់​មាន​បញ្ហា​បាក់ទឹក​ចិត្ត ឬ​ថប់បារម្ភ»។​

​អ្នក​ស្រី​ថា អតិថិជន​​ដែល​ជា​សកម្មជន​ស្រ្តីធ្វើ​ការ​លើ​ការការ​ពារ​សិទ្ធិ​មនុស្ស​ ដែល​អ្នក​ស្រី​បាន​ជួប​ប្រឹក្សា​ គឺ​តែង​ជួប​ការ​រើស​អើង និង​ខ្វះ​ការគាំទ្រ​ពី​សមាជិក​គ្រួសារ​ទាក់ទង​នឹង​សកម្ម​​ភាព​ដែល​ពួក​គាត់​កំពុង​ធ្វើ។ អ្នកស្រី​បន្ត​ថា សេវា​ប្រឹក្សា​សុខភាព​ផ្លូវ​ចិត្តអាច​ជួយ​ការពារ និង​ព្យាបាល​បញ្ហា​សុខ​ភាពដែល​អាច​កើត​ចេញពី​ភាព​តាន​តឹងពាក់​ព័ន្ធនឹង​​ការងារ​របស់​ពួក​គាត់​។​

អ្នកស្រី​បន្ថែម​ថា៖ «បើ​សិន​ជាគាត់​មានជំងឺ​ផ្លូវ​ចិត្ត ហើយ​គាត់​អាច​ជួយ​ខ្លួន​ឯង​បាន​ នោះ​វា​មិន​អីទេ។ ប៉ុន្តែ​បើ​សិនជា​គាត់​គិត​ថា​ស្ថានភាព​ផ្លូវ​ចិត្ត​មាន​បញ្ហា​ ហើយ​ត្រូវ​ការ​កិច្ច​អន្តរាគមន៍ ឬ​ជំនួយ គាត់​គួរ​តែ​ទៅជួប ឬ​ស្វែង​រក​អ្នក​ជំនាញ​ឲ្យ​ជួយ»។​

វាគ្មិន​ម្នាក់​ទៀត គឺ​អ្នក​ស្រី យឹម សុធារី អ្នក​ប្រឹក្សា​សុខភាព​ផ្លូវ​ចិត្ត និង​ជាស្ថាបនិក​​ Sneha Center បាន​ពិពណ៌នា​ថា​មនុស្ស​យើង​តែង​តែធា្លក់​ចុះ​សុខភាព​ផ្លូវ​ចិត្ត​​ពេល​ជួប​ការ​លំបាក បើ​ទោះ​បី​ជា​​បញ្ហា​នោះ​បាន​ប៉ះពាល់​ដល់​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ និ​ង​ការ​បំពេញ​ការងារ​។​

អ្នក​ជំនាញ​​ទាំង​ពីរ​បានកត់​សម្គាល់​ដែរ​ថា​អតិថិជន​ភាគ​ច្រើន​មាន​បញ្ហា​ ហើយ​មិន​ដឹង​ថា​ខ្លួន​មាន​បញ្ហា​ផ្លូវ​ចិត្ត ហើយ​ខ្លះ​មិន​ចង់ជួប​អ្នកប្រឹក្សា​ក៏​ព្រោះ​តែ​មាន​ការ​ខ្មាស​អៀន​​​។ បន្ថែម​ពីនេះ ​ជា​ទូទៅ​ប្រជា​ពល​រដ្ឋ​មាន​ចិត្ត​ចង់ទៅ​ស្វែង​រក​សេវា​ពិគ្រោះ​ជំងឺ​លើ​ផ្លូវ​កាយ ជាជាង​ស្វែង​រក​ការ​ប្រឹក្សា និង​ព្យាបាល​បញ្ហាផ្លូវ​ចិត្ត​។ សកម្មជន​គួរ​តែ​តាម​ដាន​អាការៈ​ខ្លួន​ដូចជា​គេង​មិន​លក់ ប្រែប្រួល​ចំណង់​អាហារ មាន​អារម្មណ៍​មិន​ស្រួល ឬ​តាន​តឹង​ខ្លាំង ហើយ​រោគ​សញ្ញាទាំង​នេះ​បន្ត​អូស​បន្លាយ​យូរ​។ បើ​មាន​អ្វី​ទាំង​នេះ គួរ​ស្វែង​រក​ការព្យាបាល​ពី​អ្នក​ជំនាញ​។​​

នាយិកាប្រតិបត្តិ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា អ្នកស្រី ចក់ សុខភាព មាន​ប្រសាសន៍​ថា សកម្មជន​ជា​ស្រ្តី​បាន​ជួប​អំពើហិង្សា និង​ការបៀន​បៀន​ផ្លូវ​ភេទ​ពី​អាជ្ញាធរ​។ អ្នកស្រី​លើក​ឡើង​ក្នុង​កម្មវិធី​នោះ​ទៀត​ថា រដ្ឋាភិបាល​មិនមាន​គោល​នយោបាយ​ច្បាស់​លាស់​ក្នុង​ការ​ការពារ​សកម្មជន​ពី​បញ្ហា​ទាំង​នេះ​ទេ​។​

អ្នកស្រី​បន្ថែម​ថា៖ «​ក្នុង​ករណី​ខ្លះ មានការ​លំបាក មានការវាយ​តប់ ឬ​អាជ្ញាធរ​បានរុញ​ច្រាន​សកម្ម​ជន…​យើង​បាន​ឃើញ​ករណី​ខ្លះ​ [សកម្ម​ជន​ជាស្រ្តី​]​ រង​ការ​រុញ​ច្រានខ្ទប់​នឹង​ថ្ម ហើយ​មាន​ករណី​ផ្សេង​ទៀត​ស្រ្តី​ពពោះ​បាន​រលូត​កូន ដោយ​សារ​ការ​តស៊ូមតិ​របស់​ខ្លួន»។​

អ្នក​ស្រី​បន្ត​ថា ក្រុម​អង្គការ​សង្គម​ស៊ិវិល ក៏​ដូច​ជា ​CCHR នឹង​បន្ត​តា​ម​ដាន​លើ​ការ​ព្យាបាល​ស្រ្តី​ជា​សកម្ម​ជន និង​ជំរុញ​ឲ្យ​រដ្ឋាភិបាល​គោរពសិទ្ធិមនុស្ស។ អ្នកស្រី​បញ្ជាក់​ទៀត​ថា​រដ្ឋាភិបាល​មាន​ការទទួល​ខុស​ត្រូវរៀបចំគោលការណ៍​ជាក់​លាក់​ដើម្បី​ឲ្យ​មាន​​ប្រសិទ្ធ​ភាព​ក្នុង​ការ​កំណត់​បញ្ហា​ហិង្សាលើ​យេនឌ័រ និង​បញ្ហា​សិទ្ធិ​មនុស្ស ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ​។​

សកម្មជន​ដីធ្លី​មក​ពី​ខេត្ត​កោះកុង​បាន​ជួប​ជាមួយ​អ្នក​ប្រឹក្សា​សុខភាព​ផ្លូវ​ចិត្ត​កាលពីដើមខែធ្នូ តាម​រយៈ​ការ​ជួយ​ជ្រោម​ជ្រែង​ពី​ CCHR។ អ្នកស្រី​បាន​ប្រាប់ខេមបូចា​ថា សុខភាព​ផ្លូវ​ចិត្ត​អ្នក​ស្រី​បាន​ធ្លាក់​ចុះ​​ក៏​ព្រោះ​តែ​សកម្ម​ភាព​របស់​រដ្ឋាភិបាល​ដែល​ធ្វើ​មក​លើ​សកម្ម​ជន​ដូច​ជា​អ្នកស្រី​។ អ្នក​ស្រី​មាន​អារម្មណ៍​ខឹង​ និង​សោកសៅអំពី​អំពើ​អយុត្តិធម៌​ ដែល​អ្វី​ទាំង​នេះ​ហើយ​បាន​ធ្វើ​ឲ្យ​​អ្នក​ស្រី​ពិបាក​គេង​នៅ​ពេល​យប់។​ ទោះបី​ជា​ស្ដាប់​ធម៌ ក៏​អ្នក​ស្រី​មាន​អារម្មណ៍​មិន​ស្ងប់​ដែរ​។​

សកម្មជន​ដដែល​បន្ត​ថា៖ «ខ្ញុំ​គិត​ថា​ជំងឺ​ផ្លូវ​ចិត្ត​របស់​ខ្ញុំ​ធ្ងន់​ធ្ងរ។ ខ្ញុំ​មិន​ដែល​មាន​សភាព​បែប​នេះ​ទេ​ពី​មុន​មក​…ខ្ញុំ​មាន​អារម្មណ៍​ស្រពិច​ស្រពិល និង​ភ័យ​ខ្លាច វា​ហាក់​ដូច​ជា​មាន​អ្វី​មួយមិន​ស្រួល​អីចឹង។ ពេល​ខ្ញុំ​ឮគេ​និយាយ​ខ្លាំងៗ​ខ្ញុំ​មាន​អារម្មណ៍​ភ័យ​ និង​គេង​មិន​លក់​»។​

អ្នក​ស្រី​ថាមាន​អ្នក​មក​ឈប់​នៅ​មុខ​ផ្ទះ​អ្នកស្រី និង​ផ្ទះ​សកម្ម​ជន​ផ្សេង​ទៀត ដោយ​មាន​ទាំង​កាំភ្លើង​ផង ដែល​ធ្វើ​ឲ្យ​អ្នកស្រី​មាន​អារម្មណ៍​កាន់​តែ​ខ្លាច​។​

សកម្មជន​ម្នាក់​ទៀត​មក​ពី​តំបន់​បឹង​តាមោក លើក​ឡើង​ដែរ​ថា​​អ្នក​ជិត​ខាង​អ្នកស្រី​បាន​បង្ហាញ​ការ​រើស​អើស​លើ​អ្នកស្រី​ចំពោះ​ការ​តស៊ូ​ដើម្បី​យុត្តិ​ធម៌​។​ អ្នក​ជិត​ខាង​ទាំង​នោះ​បាន​ហាម​អ្នក​ផ្សេង​មិន​ឲ្យ​ស្និទ្ធ​នឹង​អ្នក​ស្រី ដោយ​ថា​ថ្ងៃណា​មួយ​អ្នក​ស្រី​នឹង​ត្រូវ​គេ​ចាប់​ដាក់​ពន្ធនាគារ ដោយ​សារតែ​ជាសកម្មជន​ប្រឆាំង។ អ្នកស្រី​បារម្ភ​ថា​អាជ្ញាធរ​នឹង​ដេញ​ ឬជម្លៀស​អ្នកស្រីចេញ​ពី​ដី​រស់​នៅ​សព្វ​ថ្ងៃ ដែល​ធ្វើ​ឲ្យ​អ្នក​ស្រី​មាន​​សម្ពាធ​ផ្លូវ​ចិត្ត​ខ្លាំង​ពេល​គេង​ម្ដងៗ។​

អ្នកស្រី​ឲ្យ​ដឹង​ថា៖ «សូម្បី​តែ​យល់សប្តិ​ ក៏​ឃើញ​អាជ្ញាធរ​ទន្ទ្រាន​យក​ផ្ទះ​​របស់​ខ្ញុំ​ដែរ។ យូរៗទៅ​អារម្មណ៍​របស់​ខ្ញុំ​គិត​តែ​រឿង​ហ្នឹង»​។​

​សកម្ម​ជន​មក​ពី​តំបន់​បឹង​តាមោក​មិន​ធ្លាប់​បាន​ការ​ប្រឹក្សា​ផ្នែក​ផ្លូវ​ចិត្ត​នៅឡើយ​ទេ ប៉ុន្តែ​អ្នក​ស្រី​ក៏​ចង់​ទទួល​ការ​ប្រឹក្សា​នេះដែរ បើ​សិន​ជា​មាន​ឱកាស​។ អ្នកស្រី​ចង់​បាន​ការព្យាបាល ពីព្រោះ​ថា​អ្នកស្រី​ខ្លាច​សុខភាព​ផ្លូវ​ចិត្ត​របស់​ខ្លូន​កាន់​តែ​ដុន​ដាប​បើ​នៅ​យូរ​ទៀត​។​

អ្នកស្រី​ ស ស៊ីណេត អ្នក​នាំពាក្យ​ក្រ​សួង​កិច្ច​ការ​នារី មាន​ប្រសាសន៍ថា​ក្រសួង​​បាន​រៀបចំ​ឲ្យ​​មាន​កម្មវិធី​ពង្រឹង​សមត្ថភាព​ដល់​​អ្នក​ផ្ដល់​សេវា​ថែទាំ​បឋម​ទាក់​ទងនឹង​ការ​ផ្ដល់​ប្រឹក្សា​សុខ​ភាព​ផ្លូវ​ចិត្ត និង​បាន​បណ្ដុះបណ្ដាល​មន្ត្រី​នគរបាល និង​អ្នក​ផ្ដល់​សេវា​ផ្សេង​ទៀត​ផង​ដែរ។ អ្នកស្រី​បន្ថែម​ថា ក្រ​សួង​ក៏​មាន​លេខ​ទូរសព្ទ​ hotlines សម្រាប់​ជន​រង​គ្រោះ និង​អ្នក​ដែល​ត្រូវ​ការ​ទាក់ទង​ទៅ​កាន់​មន្ត្រីកិច្ចការនារីឃុំ ឬ​មន្ទីរ​កិច្ចការនារីផង​ដែរ។​​

ឆ្លើយ​តបនឹង​ខេមបូចា អ្នកស្រី​សរសេរ​តាម​តេឡេក្រាម​ទៀត​ថា៖ «​ក្រ​សួងកិច្ចការនារី និង​មន្ទីរកិច្ច​ការនារី​បាន​ផ្ដល់​សេវា​ដោយ​គ្មានការរើសអើងដល់​​ជនរង​គ្រោះ ឬ​ក្រុម​ងាយ​រងគ្រោះ ដូច​ជា​ស្រ្តី ក្មេង​ស្រី ដែល​ជាជនរងគ្រោះ​នៃអំពើហិង្សា​យេនឌ័រ​នោះទេ​»។​​

អ្នកស្រី​ពន្យល់​ថាក្រសួង​បាន​បង្កើត​ក្រុម​ឆ្លើយ​តប ដើម្បី​គាំទ្រ​ផ្ដល់​សេវា​​ទាក់​ទង​នឹង​អំពើហិង្សា​ពាក់​ព័ន្ធ​នឹង​យេនឌ័រ រួម​ទាំង​មាន​កម្មវិធី​ទូរសព្ទ​ដៃ « GVB safe app» និង «chat-bot» ផង​ដែរ។ ក្រ​សួង​បាន​បង្កើត​ App និង chat-bot នេះ​ឡើង​តាំងពីឆ្នាំមុនសម្រាប់​ប្រជាពល​រដ្ឋ​រាយការណ៍​ពី​អំពើ​ហិង្សា​លើ​ស្រ្តី។ នៅ​ពេល​សួរ​បន្ថែម​កាលពីថ្ងៃព្រហស្បតិ៍​ថា តើ​កម្មវិធី​ទាំង​នេះ​អាច​ដាក់​ឲ្យ​ប្រើ​ជា​សាធារណៈ​នៅពេល​ណា អ្នកស្រី​តប​សារជាសំឡេង​ថា៖ «​បង​កំពុង​រវល់​ប្រជុំ អូន​អាចរក​មើល​វា​ដោយ​ខ្លួន​ឯង»។​

បើ​តាម​សកម្មជន​បរិស្ថាន សេវា​សុខភាព​ផ្លូវ​ចិត្ត​ដែល​ផ្ដល់​ដោយ​រដ្ឋាភិបាល​គឺ​មិន​អាច​ដោះ​

សកម្មជន​ការពារ​បរិស្ថាន​រូប​នេះ​អះអាង​ថា៖ «បើ​សិន​ជា​រដ្ឋាភិបាល​ផ្ដល់​នូវ​លក្ខខណ្ឌ​សុវត្ថិ​ភាព តុលាការ​មាន​យុត្តិធម៌ បរិស្ថានវិជ្ជមាន និង​ផ្ដល់​ឱកាស​ឲ្យ​ពួក​យើង​ពេញ​លេញ​១០០​ភាគរយ​ដើម្បី​បំពេញ​តួនាទី​ [ជាសកម្ម​ជន]ដោយ​សុវត្ថិភាព នោះ​នឹង​ប្រសើរជាង​ជួប​អ្នកប្រឹក្សា​សុខភាព​ផ្លូវ​ចិត្ត ដើម្បី​បាន​ការ​ប្រឹក្សា​​»។​

សកម្មជន​រូប​នេះ​បាន​ទទួល​ការ​ប្រឹក្សា​សុខភាព​ផ្លូវ​ចិត្ត​មួយ​ឆ្នាំ​កន្លះ និង​បាន​ដឹង​ខ្លួន​ថា​មាន​ស្ថាន​ភាព​ល្អ​ប្រសើរឡើងវិញ​។

សកម្មជន​ដដែល​បន្ត​ថា៖ «​មាន​សម្ពាធ​ផ្លូវ​ចិត្ត​ [សម្រាប់​សកម្មជន]។ វាអាច​ថា​ភាព​ភ័យ​ខ្លាច​ក្នុង​សង្គម ប្រព័ន្ធ​យុត្តិធម៌ ការ​គំរាម​កំហែង​លើ​សុវត្ថិភាព ក៏​ដូច​ជា​​សម្ពាធ​ការងារ​ដែល​យើង​ជួប…យើង​កំពុង​តែ​ពិបាក​ក្នុង​ការ​យក​ឈ្នះ​លើ​ភាព​ភ័យ​ខ្លាច។ អ្វី​ទាំង​អស់​ហ្នឹង​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​តាន​តឹង» ៕​

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ CCHR Encourages Women Activists to Prioritize Mental Health

221 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម