សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ក្រុម​​ល្បាត​ព្រៃរបស់​អង្គការ​​អភិរក្ស​ដែល​ប្រើប្រាស់មន្ត្រីអាវុធហត្ថ​​ប៉ះ​ទង្គិច​ជាមួយ​អ្នក​ភូមិ​ក្នុង​ខេត្ត​ព្រះវិហារ

លោក បេន ដេវីស និងលោក ចេន ជុន អនុរក្សសហគមន៍ កំពុងបំពេញការងារនៅដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពកកាលពីខែធ្នូ។ អ្នកទាំងពីរដុតស្មៅ ដើម្បីទប់ស្កាត់ភ្លើងឆេះព្រៃទ្រង់ទ្រាយធំមិនអាចគ្រប់គ្រងបាន ដែលអាចបំផ្លាញព្រៃឈើនាពេលអនាគត។ (ខេមបូចា/សុវណ្ណ ស្រីពេជ្រ)
លោក បេន ដេវីស និងលោក ចេន ជុន អនុរក្សសហគមន៍ កំពុងបំពេញការងារនៅដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពកកាលពីខែធ្នូ។ អ្នកទាំងពីរដុតស្មៅ ដើម្បីទប់ស្កាត់ភ្លើងឆេះព្រៃទ្រង់ទ្រាយធំមិនអាចគ្រប់គ្រងបាន ដែលអាចបំផ្លាញព្រៃឈើនាពេលអនាគត។ (ខេមបូចា/សុវណ្ណ ស្រីពេជ្រ)

បុរស​ម្នាក់​ស្លៀក​ខោ​ប៉ារ៉ា​​និងពាក់​​អាវយឺតពណ៌ត្រេអ៊ី​ ​ដែល​មាន​អក្សរ​​ «U.S. Army» ​បានស្ទុះទៅរក​អ្នក​ភូមិ​ម្នាក់​ ដោយ​ដៃស្តាំ​គ្រវី​​ដំបងផ្តៅ​​ រីឯដៃឆ្វេង​កាន់​ខ្នោះ​ដៃ​។ រូបភាពវីដេ​ទូរសព្ទដៃញ័រៗ​​ ដែល​ត្រូវបានសារព័ត៌​មាន​អនឡាញផ្សព្វ​ផ្សាយ​ឡើងវិញ​ និងមានអ្នក​ចូលមើលប្រមាណ ១,៧លានដងនៅលើទំព័រ​ហ្វេសប៊ុកនេះ​ ដែលបាន​​ថតជាប់​​​ជម្លោះរវាងអ្នកភូមិអង្ក្រង និងមន្ត្រីកងរាជអាវុធហត្ថនិងបុគ្គលិកមួយ​ក្រុម​ ដែលធ្វើការឲ្យ​អង្គការអភិរក្សសត្វព្រៃនៅដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក ខេត្តព្រះវិហារ។

 ខណៈ​បុរស​កាន់ដំបងនៅ​ដៃ​ ដែល​គេស្គាល់​ឈ្មោះថា ណុប ថេត និងសហការីបួន​​ប្រាំ​នាក់ទៀត​ព្យាយាមបង្ខំអ្នកភូមិឲ្យ​ដើរ​ចេញពីគោយន្ត​ ដែលត្រូវ​បាន​រឹបអូសនៅកណ្តាលផ្លូវនោះ អ្នកភូមិម្នាក់បានស្រែកតបវិញថា «សុទ្ធតែ​ខ្មែរដូចគ្នា​។ បងឯង​ជនជាតិ​​អ្វី? បាន​​និយាយ​មិនចេះស្តាប់​​?»។

 BeTreed Adventures ជាអាជីវកម្មអេកូទេសចរណ៍ ដែលចុះបញ្ជីនៅក្នុងឆ្នាំ២០​១៥ ទទួល​បានការ​កោត​សរសើរចំពោះ​ការ​រៀប​ចំ​ទីតាំង​សម្រាក​លំហែ និង​កិច្ចខិត​ខំប្រឹងប្រែងអភិរក្ស ហើយលោក បេន ដេវីស (Ben Davis) ជាសហស្ថាបនិកជនជាតិអាមេ​រិក ហើយថ្មីៗនេះលោកទទួលបាន​​សញ្ជាតិខ្មែរ និងទទួល​បាន​មូលនិធិ ដើម្បីគាំទ្រការ​ងារ​​របស់លោក។

 ប៉ុន្តែប្រជាពលរដ្ឋនៅក្នុងភូមិក្បែរ​ខាងចំនួនពីរនិយាយថា ពួកគាត់​ត្រូវបានរារាំងដោយការរឹតត្បិត ដែលកំណត់ដោយក្រុមអ្នកល្បាតព្រៃដែល​ប្រើ​ប្រាស់​មន្ត្រី​អាវុធហត្ថ​ ខណៈ​ពេលដែលគម្រោងអភិរក្សមួយផ្សេងទៀតនៅក្នុងប្រទេសកម្ពុជាកំពុងស្ថិតនៅក្រោមការតាម​ដាន​កាន់តែខ្លាំង ដោយសារ​មាន​ការចោទប្រកាន់ពីការ​រំលោភសិទ្ធិមនុស្ស​។

 ការចាប់ផ្តើម​អេកូទេសចរណ៍ BeTreed

 លោក ដេវីស ដែលមានដើមកំណើតមកពីសហរដ្ឋអាមេរិក បានមកប្រទេសកម្ពុជា​​ក្នុងឆ្នាំ១៩៩២ បន្ទាប់ពីធ្វើ​ការងារ​ស្ម័គ្រចិត្តគាំទ្រ​ប្រជាពលរដ្ឋ​កម្ពុជា និងវៀតណាមនៅក្នុងជំរុំជនភៀសខ្លួននៅតាមព្រំដែនប្រទេសថៃ អំឡុង​ពេល​កម្ពុជាមានសង្រ្គាមស៊ីវិលក្រោយរបបខ្មែរក្រហម។

 លោក​និយាយ​ថា​៖«​​មាន​អារម្មណ៍​ថា ​ប្រជាជន​ពិតជា​ខ្វះខាត និង​អស់សង្ឃឹម ហើយ​ខ្ញុំ​អាច​កែប្រែស្ថានភាពនេះ​បាន​»។

 លោក​បានចាប់ផ្តើមដោយ​ផ្តោតលើការកសាងអណ្តូងទឹកនៅក្នុងប្រទេសកម្ពុជា ហើយបានធ្វើការឱ្យអង្គការ​ជំនួយអាត់វែនទីស្តកម្ពុជា​ (អាដ្រា) (Adventist Development and Relief Agency) អស់រយៈពេលប្រហែល ២០ឆ្នាំ មុនពេលលោក​ប្តូរមក​ធ្វើ​ការងារអភិរក្សនៅឆ្នាំ២០១១។ លោក​និយា​យ​​​ថា លោក​បាន​​ប្រតិកម្ម​ចំពោះ​យុទ្ធនាការ​​សម្បទាន​ដី​សេដ្ឋកិច្ចដ៏​ទូលំទូលាយ​របស់​រដ្ឋាភិបាល ដែល​បាន​ផ្តល់​​ដី​ច្រើន​ហិកតា​​ទៅ​ឲ្យ​ឯកជន ជា​ញឹកញាប់គឺ​​ក្រុមហ៊ុន​បរទេស​តាម​រយៈ​កិច្ច​សន្យា​​ជួល​រាប់​ទសវត្សរ៍។

លោក ដេវីស បាននិយាយថា លោក​សម្រេច​បាន «កិច្ចព្រមព្រៀងក្រៅផ្លូវការ»ជា​មួយ​​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាមួយ​អភិបាលខេត្តព្រះវិហារកាលអំ​ឡុង​ឆ្នាំ២០១២ ដែលក្នុងនោះ លោក​អាចដំណើរការ​រៀប​ចំ​ផ្ទះលំហែ​នៅដែន​ជម្រក​សត្វព្រៃ​ភ្នំត្នោត-ភ្នំពក និងការពារព្រៃឈើនៅទីនោះ។

 សត្វស្វា ក្ងោក និងជ្រូកព្រៃ ដើរជុំវិញបរិវេណ​ផ្ទះលំហែ ដូចអ្វីដែលគេនិទាន​នៅ​ក្នុង​​សៀវ​ភៅរឿងដែរ។ មានសត្វបក្សីមួយក្បាលឈ្មោះ Maggie ដែលចូលចិត្ត​ប្រមូលរបស់របរ និងវត្ថុ​ពណ៌ខៀវ និង​សត្វស្វាមួយក្បាលឈ្មោះ Molly ដែលចូលចិត្ត​យក​ដៃ​ដាក់​ចូលទៅក្នុងប្រអប់​ដាក់​អាហារដែល​គេ​ទុកចោល។ លោក ដេវីស រស់នៅលើ​​ផ្ទះ​មួយ​ជាមួយប្រពន្ធ និងកូនស្រីពៅរបស់គាត់ ខណៈកូនច្បងបាន​ចាក​ចេញ​ទៅសិក្សា​នៅមហាវិទ្យាល័យ​មួយនៅប្រទេសអូស្ត្រាលី។

 នៅខាងក្រៅទី​តាំង​ដូច​ក្នុងរឿង​និទាន​នេះ លោក ដេវីស និងក្រុមការងារ​របស់លោក​ ដែល​មាន​បុគ្គលិកពីរនាក់ បូករួម​សមាជិកសហគមន៍ពី១០ ទៅ១៥នាក់ទៀត ដែលទទួល​បាន​ប្រាក់​ខែ​ បានដាក់អន្ទាក់កាមេរ៉ា ដើរល្បាតព្រៃ និងជីក​ប្រ​ឡាយ​​ជម្រៅពីរម៉ែត្រកន្លះជុំវិញតំបន់ការពារស្នូលដែលលោក ដេវីស​ និយាយ​ថា​ ជា​ការ​ព្យាយាម​ ​ដើម្បី​រក្សា​សត្វព្រៃ​ឲ្យ​នៅ​ខាងក្នុង និងទប់​ស្កាត់​​អ្នក​​បរបាញ់។

 គេហទំព័ររបស់ BeTreed សរសេរថា «ច្រើនឆ្នាំមកហើយ​ យើងតែងតែគិត​​ចង់រកតំបន់​​ព្រៃឈើមួយកន្លែង​​ ដែលគេមិន​ទាន់​​ប៉ះពាល់ ដើម្បីថែរក្សា​ និងការ​ពារ។ ពល​រដ្ឋ​ចាំបាច់​ត្រូវធ្វើអ្វីមួយ… ហេតុអ្វីបានជាយើងមិនធ្វើ​?»

សមាជិកសំខាន់ៗនៅក្នុងកិច្ចខិតខំប្រឹងប្រែងអភិរក្សរបស់លោក ដេវីស​ គឺមន្ត្រីកង​រាជអាវុធហត្ថ​ ដែលដើរល្បាតក្នុងតំបន់ ដោយ​ឃាត់ខ្លួនអ្នកដែលពួកគេសង្ស័យ​ថា បានប្រព្រឹត្តបទល្មើស​។ កាលពីប៉ុន្មានឆ្នាំមុនពេល​លោក ដេវីស​ មានមន្ត្រីអាវុធហត្ថ​មក​​ជួយក្រុម​របស់លោក។​ លោកនិយាយថា ការល្បាតព្រៃ​គ្មានប្រសិទ្ធភាពទេ ដោយសារអ្នកលួចបរបាញ់​ និងអ្នកកាប់ឈើអាចគេចខ្លួន​បានយ៉ាងងាយ ពីអនុរក្សសហគមន៍ ដែល​ទទួលបានប្រាក់ឧបត្ថម្ភប្រចាំថ្ងៃចំនួន៣០​.០០០រៀល ឬ៧,៣៥​ដុល្លារក្នុង​ការ​បំពេញការ​ងារ​។

 លោក ដេវីស បាន​រំឭក​ថា​៖ «ប្រសិនបើ​ពួកគេ​ត្រឡប់ចូល​​​ភូមិ​វិញ ពួកគេ​មាន​សេរីភាព​ ពួកគេ​នៅផ្ទះ​ អ្នក​មិន​អាច​ធ្វើ​អ្វី​ពួកគេ​បាន​ទេ​»។

លោក ដេវីស និយាយថា ការងារល្បាតបានផ្លាស់ប្តូរនៅឆ្នាំ២០១៧ នៅពេលដែល​តំបន់​នេះក្លាយជាដែន​ជម្រកសត្វព្រៃក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន។ កន្លងមក អាជ្ញាធរមូលដ្ឋានបានណែនាំលោក ដេវីស​ ឱ្យឃាត់ខ្លួនមនុស្សតែនៅពេល​ណា​ដែល​ក្រុមការងារ​របស់គាត់អាចតាម​ទាន់​ពួកគេពេល​កំពុង​ប្រព្រឹត្តបទ​ល្មើសប៉ុណ្ណោះ ប៉ុន្តែក្រសួងបរិស្ថានមិន​តម្រូវ​​បែប​នេះទេ។ 

លោក ដេវីស និយាយ​ថា ​ក្រសួង​ប្រាប់លោក​ថា​៖ «វា​សម​ហេតុ​សម​ផល​ក្នុង​​ការ​ទៅ​ចាំ​ស្ទាក់​ចាប់​ពួកគេ​នៅ​ពេល​ដែល​ពួក​គេ​មិន​ដឹងខ្លួន​​​។ ប៉ុន្តែ​អ្នក​ភូមិ​មិន​យល់​ឃើញ​​បែប​នេះ​ទេ។ ពួកគាត់​​នៅតែ​ពេញ​ចិត្ត​ប្រព័ន្ធ​ចាស់… អាជ្ញាធរ​មូលដ្ឋាន​ចូលចិត្ត​វិធីសាស្ត្រ​ងាយ​ៗ ដែល​​ភាគច្រើន​ ពួកគេ​អាចគេច​ចេញ ហើយ​យើង​ពិបាក​តាម​ចាប់​​ពួកគេ​ណាស់»។

ក្នុងឆ្នាំ២០១៨ លោក ដេវីស ក៏បានការអនុញ្ញាតធ្វើ​ការងារជាមួយមន្ត្រីអាវុធហត្ថ​ ដែលធ្វើការងារ​ជា​មួយអង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ​ (Wildlife Alliance) ជាអង្គការអភិរក្សសត្វ​ព្រៃ​មានមូលដ្ឋាននៅប្រទេសកម្ពុជា ដែលបច្ចុប្បន្នកំពុងស្ថិតក្រោមការត្រួតពិនិត្យ​ដោយ​សារ​​មាន​ការ​ចោទប្រកាន់​ថា បាន​រំលោភបំពានលើអ្នកស្រុកនៅក្នុងនិងជុំវិញតំ​បន់​ការ​ពារ​ក្រោមកម្មវិធីរបស់ខ្លួន។

អង្គការ​សម្ព័ន្ធមិត្ត​សត្វ​ព្រៃ​មានអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រសួងបរិស្ថាន ដើម្បីធ្វើការជាមួយកងរាជអាវុធហត្ថ ហើយកិច្ចព្រមព្រៀងនេះអនុញ្ញាតឱ្យមាន​ការផ្ទេរ​​មន្រ្តីមក​ធ្វើការជាមួយ​គម្រោង​អេកូទេសចរណ៍ BeTreed នេះបើយោងតាមលោក ណុប វុទ្ធី អ្នកនាំពាក្យសាលា​ខេត្តព្រះវិហារ។ 

អង្គការសម្ព័ន្ធមិត្ត​សត្វព្រៃ​មិនបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយទេ ហើយ CamboJA News ក៏មិនអាចពិនិត្យមើល​អនុស្សរណៈនៃការយោគយល់គ្នានេះបានដែរ។ លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថានមិនបានផ្ដល់ជូន CamboJA News នូវច្បាប់ចម្លងនៃកិច្ចព្រមព្រៀងនេះ ឬក៏​ឆ្លើយតបទៅនឹងសំ​ណួរទាន់ពេលវេលាសម្រាប់​ការចេញផ្សាយអត្ថបទ​នេះទេ។ 

រហូតមកដល់ពេលនេះ លោក ដេវីស​ បានធ្វើការងារជាមួយមន្ត្រីកងរាជអាវុធ​ហត្ថ​​ប្រហែល៥០នាក់ ដែល​ប្រហែលបីនាក់ក្នុងមួយ​លើក​ ដោយ​ផ្លាស់ប្តូរគ្នា​​ចុះឡើង​រៀងរាល់ពីរបីខែម្តង។

មន្រ្តីកងរាជអាវុធហត្ថ​ទាំង​នេះ​ទទួលបានប្រាក់កម្រៃជារៀងរាល់ខែពីអង្គការសម្ព័ន្ធមិត្ត​សត្វព្រៃ ​បូកបន្ថែម​ប្រាក់​ឧបត្ថម្ភ​ប្រចាំខែប្រហែល១០០ដុល្លារក្នុង​ម្នាក់ៗ ដើម្បី​រ៉ាប់រងថ្លៃ​អាហារ និងការធ្វើដំណើរ ដែលផ្តល់ឲ្យ​ដោយអង្គការ Our Future Organization ដែលជាអង្គការមិនមែនរដ្ឋាភិបាលកម្ពុជា ដែលគ្រប់​គ្រង​គម្រោងអភិរក្សរបស់ BeTreed នៅពេលអង្គការ​​នេះ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៩​។ លោក ដេវីស មានតួនាទីជាសមាជិក​ក្រុមប្រឹក្សាភិបាលនៅក្នុងអង្គការ​នេះ​។

 លោក មាស ញឹម អនុប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារមានប្រសាសន៍ថា អង្គការសម្ព័ន្ធមិត្ត​សត្វព្រៃ​អាចស្វែងរកការគាំទ្រពីមន្ត្រីរដ្ឋបាលព្រៃឈើ និងមន្ត្រី​បរិស្ថានបាន​ ព្រោះអង្គការ​នេះ​មានទំនាក់ទំនងល្អជាមួយរដ្ឋាភិបាល។

 លោកបាន​មាន​ប្រសាសន៍​ថា៖ «លោកស្រី​ Suwanna [Guantlett] ដែលជាប្រធានអង្គការសម្ព័ន្ធមិត្ត​សត្វព្រៃ​មានកិច្ចសហប្រតិបត្តិការល្អជាមួយរដ្ឋាភិបាល និងគម្រោងអេកូ​ទេសចរណ៍​ BeTreed ដូច្នេះក្រុមការងារ​បានធ្វើ​ការ​រួមគ្នា ដើម្បីទប់​ស្កាត់​ និងបង្ក្រាបបទល្មើសព្រៃឈើ»។

លោក បេន ដេវីស និង​លោក ចេន ជុន អនុរក្ស​សហគមន៍ចាប់​កាមេរ៉ាជាប់​នឹង​ដើមឈើ​នៅដែនជម្រកសត្វព្រៃ​​​ភ្នំ​ត្នោត​-ភ្នំ​ពក។ កាមេរ៉ាតាមដានសកម្មភាពនិង​ចាប់យករូបភាពសត្វដែលឆ្លងកាត់ ដែលជួយ​ឱ្យលោក ដេវីស​និងក្រុមការងារ​របស់គាត់តាមដានទិសដៅ​របស់​សត្វទន្សោង សត្វប្រើស​និងសត្វដទៃទៀត។ (ខេមបូចា​/Leila Goldstein)

ជម្លោះពីរលើក​នៅក្នុងខែវិច្ឆិកា​

ជម្លោះពីរលើក​រវាងអ្នកស្រុក និងក្រុមការងារ​របស់លោក ដេវីស​ បានកើតឡើងក្នុងរយៈពេលបីសប្តាហ៍កាល​ពី​ខែវិច្ឆិកា ដែលបង្កើនភាពតានតឹងរវាងអ្នកដែលព្យា​យាមខ្លាំងក្នុង​ការពារដែនជម្រក​សត្វព្រៃ​ភ្នំត្នោត-ភ្នំពក និងពលរដ្ឋ​ផ្សេងទៀតដែល​រស់នៅខាងក្នុង និងក្បែរ​តំបន់​នោះ។ 

កាលពីថ្ងៃទី៧ ខែវិច្ឆិកា ក្រុមការងារ​របស់លោក ដេវីស​ បានចាប់ខ្លួនឈ្មោះ ចក់ បូ ជា​ប្រជា​ពលរដ្ឋ​រស់​នៅភូមិតាបស ក្នុងស្រុក​សង្គមថ្មី បន្ទាប់ពីពួកគេបានឃើញលោក ចក់ បូ ដាក់អន្ទាក់នៅក្នុងគុម្ពស្មៅក្នុងតំបន់ការពារ នេះបើ​តាម​ការ​អះអាង​របស់​លោក ដេវីស។  

លោក ដេវីស អះអាង​ថា ក្រុម​ការងារ​របស់​លោក​​មិន​អាច​ចាប់​បុរសម្នាក់​នេះ​​បាន​ ដូច្នេះ​ពួកគេ​បាន​ទៅ​ដល់​ចម្ការ​​របស់លោក ចក់ បូ ហើយ​សុំ​ឱ្យ​គាត់​បង្ហាញ​កន្លែង​ដែល​គាត់​ដាក់​អន្ទាក់។ ដំបូងឡើយ ចក់ បូ​ បានបដិសេធថា មិនបានដឹងទេ ប៉ុន្តែបន្ទាប់មកគាត់​បានបង្ហាញមន្រ្តីនូវ​ទីតាំងដាក់​អន្ទាក់ចំនួន១៥​ ដែលនាំឱ្យលោក ដេវីស ទូរសព្ទទៅមន្ទីរ​បរិស្ថាន ហើយ​ដែលបានណែនាំទៅ​មន្រ្តីកងរាជអាវុធហត្ថ​ឱ្យធ្វើ​ការ​ឃាត់​ខ្លួនលោក ចក់ បូ។ នៅក្នុងវីដេអូដែលលោក ដេវីស បាន​ផ្តល់ឲ្យខេមបូចាបាន​បង្ហាញថា លោក ចក់ បូ ដែលដៃ​ជាប់ខ្នោះនោះ​បានសារ​ភាព​​ថា ​បានដាក់អន្ទាក់ចាប់សត្វ​មែន។ 

លោកស្រី​ ជុំ កន្នីយ៉ា អ្នក​នាំ​ពាក្យ​តុលាការ​ខេត្ត​ព្រះវិហារមិន​បាន​ឆ្លើយ​តប​នឹង​ការ​​ហៅ​​ទូរសព្ទ​ជា​ច្រើន​លើក ​ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​ជុំវិញ​ករណី​លោក ចក់ បូ នេះ​ទេ។

លោក ដេវីស គិត​ថា ការចាប់ខ្លួននេះគឺត្រឹម​ត្រូវ​។ លោក​និយាយ​អំពី​ពល​រដ្ឋនៅ​​​ភូមិ​​តា​បស​ថា​៖«ប្រាកដ​ណាស់ ពួក​គាត់​​ដឹង​ថា ​បុរសម្នាក់​​នេះ​ គឺ​ជា​អ្នក​បរបាញ់​សត្វជាប្រចាំ​»។ ប៉ុន្តែ​ក្រោយ​ការ​ចាប់​ខ្លួន មាន​អ្នក​ប្រើ​ហ្វេសប៊ុក​ម្នាក់​បាន​បង្ហោះ​វីដេអូ​ ដោយ​រាយការណ៍ថា ពួកគាត់​មាន​​ការ​ខកចិត្ត​ចំពោះ​​ការ​ចាប់​ខ្លួន​លោក ចក់ បូ​ ហើយ​និយាយ​ថា វា​មិន​ខុសអី​​ពី​សម័យ​អាណានិគម​បារាំង​ទេ។

លោក ពេជ្រ ចាន់ មេភូមិតាបស និងជាបងថ្លៃរបស់លោក ចក់ បូ បាន​និយាយថា លោក​គិតថា លោក ដេវីស​ ធ្វើ​ហួស​ពីតួនាទីរបស់ខ្លួន​ ហើយមិនបានធ្វើការជាមួយលោក និងមន្ត្រីមូលដ្ឋានផ្សេងទៀតទេ។ 

លោក ពេជ្រ ចាន់ និយាយ​ថា​៖ «គាត់​មិន​ឲ្យ​តម្លៃ​អាជ្ញាធរ​មូលដ្ឋាន​ទេ គឺ​​ទៅ​ដល់​អាជ្ញាធរ​ខេត្ត​តែម្តង។ ខ្ញុំរីករាយនឹង​ជួយ បេន [ដេវីស] ប៉ុន្តែខ្ញុំមិនចង់ឃើញអ្នកភូមិនៅទីនេះត្រូវបានចាប់ខ្លួនទេ»។

បន្ទាប់មកនៅថ្ងៃទី២៤ ខែវិច្ឆិកា មន្ត្រីកងរាជ​អាវុធហត្ថ និងក្រុម​អនុរក្សបានប៉ះទង្គិចជាមួយប្រជាពលរដ្ឋនៅភូមិអង្ក្រង ជា​ភូមិមួយទៀតនៅ​ក្បែរ​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំត្នោត-ភ្នំពក បន្ទាប់ពីឃាត់ខ្លួនបុរសម្នាក់ឈ្មោះ យឿន យន​ និងរឹបអូសគោយន្ត​របស់គាត់ពីបទកាប់បំផ្លាញព្រៃឈើក្នុងតំបន់ការពារ។ 

ខេមបូចាមិនអាចទាក់ទងលោក យឿន យន​ បានទេ ប៉ុន្តែអ្នកភូមិម្នាក់ទៀតឈ្មោះ ជិន ឈឹម អាយុ ៤៦ឆ្នាំ ដែលគេឃើញមុខ​ក្នុងវីដេអូ​នៃជម្លោះនោះ និយាយថា លោក​មកជួយ យឿន យន​ ដោយសារតែលោក​យល់ថា មន្ត្រី​កងរាជអាវុធហត្ថធ្វើ​ខុស ដែលមក​ចាប់លោក យឿន យន និង​រឹបអូស​យកគោយន្ត​របស់គាត់។ 

លោក​និយាយ​ថា​៖ «យើង​​ប៉ះ​ទង្គិច​គ្នា​ តែមិន​​ខ្លាំង​ទេ [យើង] គ្រាន់​តែ​ទាមទារ​ឲ្យ​ប្រគល់​របស់របរ​ទាំង​​នោះ​មក​វិញ ​ព្រោះ​ការ​ឃាត់​ខ្លួននេះ ​គ្មាន​​ភស្តុតាង​គ្រប់​គ្រាន់ទេ​»។

ទោះបីជាលោក​សប្បាយចិត្ត ដែលមន្ត្រីកងរាជអាវុធហត្ថការពារព្រៃឈើពីការកាប់ឈើក៏ដោយ ក៏លោក ជិន ឈឹម យល់ថា ពួកគេមិនបានកំណត់ព្រំប្រទល់​តំ​បន់​ការ​ពារ​ឱ្យបានច្បាស់លាស់ទេ ហើយថែមទាំងមាន​ភាព​ឃោរឃៅលើអ្នកស្រុកដែលមិនបាន​កាប់ឈើ ផ្ទុយទៅវិញគ្រាន់តែដើររក​រុក្ខជាតិ​ និងផ្សិតខ្លះ​ប៉ុណ្ណោះ។ 

លោក ដេវីស និយាយ​ថា ​លោក​​មាន​ការ​ភ្ញាក់ផ្អើល​ដែល​ជម្លោះ​នេះ​បាន​ធ្វើ​ឲ្យ​អ្នក​ស្រុកប្រមូល​ផ្តុំ​គ្នា​​មក​ប្រឆាំង​នឹង​ក្រុមការងារ​​របស់​លោក ​ដោយ​និយាយ​ថា ​លោក​​​​​ជឿ​ថា​ លោក យឿន យន មិន​មែនជាអ្នកភូមិ​អង្ក្រង​ទេ គឺ​មក​ពី​ខេត្ត​សៀមរាប​។ 

លោក​ចោទសួរថា៖«អ្នក​ភូមិ​ក្នុងមូលដ្ឋាន​នៅទី​​នេះ ហេតុ​អ្វី​បាន​ជា​ពួក​គាត់​ការពារ​មនុស្ស​ទាំង​នេះ​ដែល​មក​ពី​សៀមរាប?»។

លោក​និយាយថា លោក​បានឃើញពួកឧកញ៉ាឱ្យប្រាក់​ពលរដ្ឋ​មក​ចាប់​​ដី​ ដើម្បីឲ្យពួកគេអាចរាន​ដី និងទាមទារយក​ធ្វើ​ជាកម្មសិទ្ធិផ្ទាល់ខ្លួន​របស់​ពួកគេ ដោយបន្ថែមថា លោក​គិតថា លោក យឿន យន​ ក៏ធ្វើដូចគ្នាដែរ។ 

ជុំវិញ​ការ​ដែលលោក ថេត អនុរក្សសហគមន៍ដែល​មិនមែនជា​យោធា កាន់ខ្នោះដៃ​ អំឡុង​ឧប្បត្តិហេតុរឹបអូសគោយន្ត​នៅ​ភូមិអង្ក្រងនោះ លោក ដេវីស និយាយថា មានមន្ត្រី​កងរាជអាវុធហត្ថតែ​​ម្នាក់គត់ ដែលមាន​ពេល​មកជួយ​ការងារ​​នៅថ្ងៃនោះ ហើយក្រុមការ​ងារ​របស់លោក​មានចំនួនច្រើនជាង។

 លោក​បានសរសេរនៅក្នុងសារតាម​តេឡេក្រាម​ថា៖ «ប្រសិនបើមានករណីឃាត់​ខ្លួននរណាម្នាក់ វាជារឿងចាំបាច់ដែលអនុរក្សសហគមន៍ជួយមន្ត្រីអាវុធ​ហត្ថរូប​នោះ​ ព្រោះថា អាវុធរបស់គាត់អាចនឹង​ត្រូវគេ​ដណ្តើម​យកបានយ៉ាងងាយ»។

លោក ដេវីស និយាយ​ថា ក្រុម​អនុរក្ស៖ «បាន​ព្យាយាម​រារាំង​ក្រុម​​មនុស្ស​ដោយ​ការ​គំរាម​ ប៉ុន្តែ​ពួកគេ​​មិន​ដែល​បាន​វាយ​នរណា​ម្នាក់​នោះ​ឡើយ។ នៅក្នុងវីដេអូមួយទៀត ដែលត្រូវបានបង្ហោះនៅលើហ្វេសប៊ុក​ពីហេតុការណ៍នោះ គេឃើញលោកថេត ដកកាំបិតដេញ​​អ្នកភូមិម្នាក់​ បន្ទាប់ពីមានមនុស្ស​ម្នាក់ទាញយក​ដំបងចេញពីដៃរបស់គាត់។

ខណៈពេលដែលលោក ដេវីស​ មិនអត់ឱនចំពោះអំពើហិង្សា ឬ «កម្លាំងដែលមិនចាំបាច់»នៅក្នុងការ​ដោះស្រាយ​ការងារ​អភិរក្ស លោក​បាននិយាយថា៖«ខ្ញុំផ្ទាល់ត្រូវបានក្រុម​អ្នកប្រមាញ់ដេញតាម​​ជាច្រើនលើក​ ហើយខ្ញុំ​មាន​​ហេតុ​ផល​គ្រប់គ្រាន់​ ដើម្បី​តប​ត​វិញ តែ​យល់ថា វាឥតប្រយោជន៍»។

ចំណែក​លោក ឈឹម វិញ​សង្ឃឹម​ថា ថ្ងៃ​ណា​មួយ​ក្រុម​របស់​លោក ដេវីស​ នឹង«លុប​បំបាត់​​ការ​គាប​សង្កត់​របស់​ក្រុម​​អនុរក្ស»។

លោក ពេជ្រ ចាន់ មេភូមិតាបសនិយាយថា លោក​មានអារម្មណ៍ថា លោក ដេវីស ធ្វើ​ហួស​ពី​​តួនាទីរបស់ខ្លួន​​ នៅពេលក្រុមការងាររបស់លោក ដេវីស ធ្វើ​ការ​ឃាត់​ខ្លួនអ្នក​ភូមិ​ឈ្មោះ​ ចក់ បូ ដែលត្រូវ​ជាប្អូនថ្លៃរបស់លោក​ ពេជ្រ​ ចាន់។ (ខេមបូចា​/Leila Goldstein)

ការរិះគន់របស់​បណ្តាញព័ត៌មាន​

ឧប្បត្តិហេតុទាំងពីរលើក​នេះត្រូវ​បានរាយការណ៍ដោយ​បណ្តាញ​ព័ត៌មាន​ TKT News និង IPN Watch ប៉ុន្តែ​លោក ដេវីស មិន​យល់ស្រប​នឹងរបៀប​ដែលអង្គភាពសារព័ត៌មាន​ទាំងពីរ​កំណត់លក្ខណៈនៃឧប្បត្តិ​ហេតុទាំង​នេះទេ​ ដោយអះអាងថា មន្ត្រី​កងរាជ​អាវុធហត្ថ​ និងក្រុម​អនុរក្សរបស់លោក​បានព្យាយាមការពារព្រៃឈើទាំងពីរលើក​។

ប៉ុន្តែលោក​ក៏មានការខកចិត្តផងដែរចំពោះការយល់ឃើញរបស់មតិអន្តរជាតិចំពោះដៃគូរបស់ពួកគេ គឺ​អង្គការ​សម្ព័ន្ធមិត្តសត្វព្រៃ​ ដែលត្រូវបានចោទប្រកាន់ថា បានបំពានលើអ្នកស្រុកដែលរស់នៅខាងក្នុង និងជុំវិញឧទ្យានជាតិជួរ​ភ្នំ​ក្រវា​ញ​ ជាកន្លែងដែលអង្គការ​នេះ​ដំណើរការកម្មវិធីកាត់បន្ថយ​ឧស្ម័ន​​​កាបូន។

អង្គការ Verra ជាទីភ្នាក់ងារ​អន្តរជាតិ​ ដែលព្យាយាមធ្វើ​ឲ្យ​ប្រាកដ​ថា ក្រុមហ៊ុននានាដែល​កំពុងវិនិយោគលើគម្រោងកាត់បន្ថយ​​ឧស្ម័ន​កាបូន​តាមអត្រាដែលបានស្នើឡើងរបស់ខ្លួននោះ​ បានចាប់ផ្តើមស៊ើបអង្កេតអង្គការ​សម្ព័ន្ធមិត្ត​សត្វ​ព្រៃ​ បន្ទាប់ពីពិនិត្យ​មើល​លទ្ធផល​បឋមនៃការស៊ើបអង្កេតរបស់​អង្គការឃ្លាំមើលសិទ្ធិមនុស្ស។

ខេមបូចាបានរាយការណ៍អំពីអំពើហិង្សា និងការដុតផ្ទះរបស់​ប្រជា​ពល​រដ្ឋ​ដែល​បង្ក​ឡើង​ដោយ​សមាជិកក្រុមអង្គការសម្ព័ន្ធមិត្ត​សត្វព្រៃនៅក្នុងគម្រោងមួយ​ផ្សេងទៀតនៅក្នុងខេត្តពោធិ៍សាត់។ អង្គការ​សម្ព័ន្ធមិត្ត​សត្វ​ព្រៃ​បានបដិសេធថា មិនបានប្រើយុទ្ធសាស្ត្រល្បាតបែប​រំលោភបំពានទេ​ ហើយបាន​អះអាងថា ក្រុម​ល្បាតរបស់​ខ្លួន​បានត្រឹមតែរុះរើខ្ទម និងតង់ប៉ុណ្ណោះ។ 

លោក ថេត ជា​អនុរក្ស​សហគមន៍ដែល​គេ​​ថតឃើញ​​កាន់ដំបង​និង​កាំបិតនោះ​ ធ្លាប់​​ធ្វើ​ការ​ឲ្យ​អង្គការសម្ព័ន្ធមិត្ត​សត្វ​ព្រៃ។

លោក​​ត្រូវ​បាន​អ្នក​ភូមិក្នុង​ខេត្ត​ពោធិ៍សាត់​ប្ដឹង​កាល​ពី​ខែ​មីនា និង​មាន​ឈ្មោះ​ក្នុង​​ពាក្យ​បណ្តឹង​ថា ជាប់​​ពាក់ព័ន្ធ​នឹង​ការ​ដុត​ផ្ទះ និង​ចាប់​យក​ទ្រព្យសម្បត្តិរបស់​ប្រជា​ពល​រដ្ឋ​​​ដោយ​ខុស​ច្បាប់។ ក្រោយ​មក​ បណ្តឹងនេះ​​ត្រូវ​បាន​ទម្លាក់​ចោល។ លោក ថេត មិន​បាន​ឆ្លើយ​តប​នឹង​សំណើ​សុំ​ការ​បំភ្លឺ​ទេ។

លោក ដេវីស និយាយថា មន្ត្រីអនុរក្សដែលជាកងរាជ​​អាវុធហត្ថ​បានប្រាប់លោក​ថា ពួកគេបានដុតខ្ទម អំឡុង​ពេលធ្វើការជាមួយអង្គការសម្ព័ន្ធមិត្ត​សត្វ​ព្រៃក្នុងខេត្ត​​កោះកុង ប៉ុន្តែបានអះអាងថា ពួកគេមានហេតុផលត្រឹម​ត្រូវ​ ដើម្បីធ្វើដូច្នេះ ហើយពួកគេ​​មិនបានដុតខ្ទមច្រើននោះទេ។ លោក ដេវីស និយាយ​ថា​៖«បន្ទាប់​មក​ អ្នក​ភូមិ​យក​រឿង​នេះទៅផ្សព្វផ្សាយ ហើយ​​ធ្វើ​​វាហាក់​ដូច​ជា​ការ​រំលោភ​សិទ្ធិ​មនុស្សអីចឹង»។

យោងតាមលោក ដេវីស មន្ត្រីកងរាជអាវុធហត្ថ​ដែលធ្វើការជាមួយអង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ​បាន​ប្រាប់​លោក​ថា លោក «ហាក់​ដូច​ជាតឹងរ៉ឹង»ជាមួយ​ប្រជាពលរដ្ឋ​មែន​។ 

បើទោះបីជា​លោក ដេវីស ជឿ​ជាក់​ថា អ្នក​កាសែត​ខ្លះ​ដែល​សរសេរ​​អំពី​ការ​អភិរក្ស​នៅ​កម្ពុជា​មាន​ចេតនា​ល្អ តែលោក​​គិត​ថា ​អ្នក​ខ្លះទៀត​​មិន​បាន​ធ្វើ​ការ​ស្រាវ​ជ្រាវ​គ្រប់គ្រាន់​ទេ។ លោក​​និយាយ​ថា លោក​​មាន​ការយល់ឃើញ​ខុសពីគេ​​ ​បន្ទាប់​ពី​រស់​នៅក្នុង​ប្រទេស​កម្ពុជា​អស់រយៈពេល​​៣០​ឆ្នាំ បើ​ធៀប​នឹង​អ្នក​ចំណូល​ថ្មី​ដែល «មិន​បាន​រស់​នៅ​ក្នុង​ព្រៃជាក់ស្តែង​​ជាមួយ​អ្នក​ភូមិ​​នោះ»។

លោក​និយាយថា៖ «គំនិត [របស់​ប្រព័ន្ធផ្សព្វផ្សាយ] គឺថា ជនជាតិដើមភាគតិចគឺ​គ្រាន់តែជាកសិករតូចតាចដែលមានភាពស្មោះត្រង់។ បើគ្រាន់តែ​​ពួក​គេ​ជា​ជនជាតិ​ដើមភាគតិច​​មិន​មែន​មាន​ន័យ​ថា ​ពួក​គេ​និយាយត្រង់​ដោយ​ស្វ័យ​ប្រវត្តិ ហើយ​មិន​ចេះនិយាយ​កុហក់នោះ​ទេ»។ 

លោក ដេវីស អាណិតអាសូរ​​ចំពោះ​អ្នក​ស្រុក​ដែល​ទាញ​យក​ប្រយោជន៍​ពី​ព្រៃ​ឈើ​ ដោយ​កត់​សម្គាល់​ថា ​លោក​មិន​ពេញ​ចិត្ត​​ការ​ឃាត់​ខ្លួន​​ប្រជា​ពល​រដ្ឋ​ដែលលោក​​ស្គាល់ ដែល​​ខំប្រឹង​រក​​ប្រាក់​សង​កម្ចី​មីក្រូ​ហិរញ្ញវត្ថុ។ លោក​បាន​បន្ទោស​ស្ថាប័ន​ទាំងនោះ​ថា ​«ឆ្លៀតយក​ប្រយោជន៍» ពី​ពលរដ្ឋ​កម្ពុជា។

លោក ដេវីស និយាយថា៖«ប៉ុន្តែ​អ្នក​មិន​អាច​និយាយ​បាន​ទេ អូខេ។ ​ដោយ​សារ​តែ​ពួក​គេ​បាន​ធ្លាក់​ចូល​ក្នុង​ស្ថានភាព​បែប​នេះ តើយើង​នឹង​អនុញ្ញាត​ឱ្យ​ពួក​គេ​បំផ្លាញ​ព្រៃ​ទាំង​មូល និង​បរិស្ថាន​ទាំង​អស់ឬយ៉ាងណា​។ វាមិនសមហេតុផលទេ»។ 

លោកស្រី Sarah Milne សាស្ត្រាចារ្យផ្នែកគ្រប់គ្រងបរិស្ថាននៃសាកលវិទ្យាល័យជាតិអូស្ត្រាលី ដែលលោក​ស្រី​ធ្វើ​ការស្រាវជ្រាវ​ផ្តោតលើប្រទេសកម្ពុជានោះ​បានពន្យល់ថា មិនថា​ក្នុង​ចេតនាល្អប៉ុណ្ណាទេ​ គម្រោងអភិរក្សនានាដែលគាំទ្រដោយ​បរទេសនឹងនៅ​តែជាការពង្រីក​សេណារីយ៉ូនយោបាយបច្ចុប្បន្ន៖ កិច្ចខិតខំប្រឹងប្រែងអភិរក្សជៀសមិន​ផុតពីការលម្អៀង​ទៅរក​ភាព​អយុត្តិធម៌ក្នុងកម្រិត​ណា​មួយទេ ដូចបរិបទក្នុង​ប្រទេសកម្ពុជា​ ដែល​អ្នក​ក្រ​ទៅតតាំងនឹងអ្នក​មាន​។ 

លោក​ស្រីបាន​និយាយ​ថា៖​ «វា​ពិត​ជា​ពិបាក​ក្នុង​ការ​ទទួល​យក​​ការ​ពិត និង​ការ​​ដែល​ថា​ ក្នុង​នាម​ជា​ជន​បរទេស អ្នក​មាន​ការ​គ្រប់​គ្រង​តិចតួច​ណាស់​លើ​អ្វី​ដែល​កើត​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា»។

លោកស្រី​អាណិតលោក ដេវីស និងគម្រោងស្រដៀងគ្នាដែលរៀបចំដើម្បីការ​ពារព្រៃឈើ ប៉ុន្តែនិយាយថា គ្មានក្រុមអភិរក្សណាទទួលបាន​ជោគជ័យ​ក្នុង​ការ​ព្យាយាមទប់​ស្កាត់​ការទាញយករ៉ែ​ខុសច្បាប់ដែល​ប្រព្រឹត្ត​ដោយពួកអ្នក​មាននោះ​ទេ​​។ លោក​ស្រី​និយាយ​ថា សម្រាប់​អង្គការ​ ​ដែល​ប្រើ​កម្លាំង​កង​រាជ​អាវុធ​ហត្ថ អ្នក​ភូមិ​គ្មាន​អំ​ណាច​​តែង​តែ​ជា​គោល​ដៅ​ដ៏ងាយ​ស្រួល។

លោកស្រី​និយាយថា៖ «[អ្នកភូមិ] នៅទីនោះគាស់​គល់ឈើ ហើយរាន​ព្រៃ​។ ប៉ុន្តែ​ពួកគេ​មិន​បាន​ដី​នោះ​ទេ។ ដូច្នេះអ្នកអាចទៅចាប់ពួកគេបាន​ ប៉ុន្តែប្រសិនបើអ្នកមិនដោះស្រាយជាមួយអ្នក​នៅពីក្រោយ​ដែលរៀបចំឲ្យមាន​ការ​កាប់រានព្រៃ​​នេះទេ​ នោះ​អ្នកពិតជាមិនអាចផ្លាស់ប្តូរស្ថានការណ៍បានទេ»។

នៅពេលអ្នកយកព័ត៌មានខេមបូចាបានចុះទៅ​ដល់​ភូមិតាបស និង​ភូមិអង្ក្រងកាលពីខែធ្នូ អ្នកស្រុកបាននិយាយថា ពួកគាត់​ពិបាក​បន្តជីវភាព​រស់​នៅ​ព្រោះ​ពួកគាត់​មិនអាចចូលព្រៃដោយ​ងាយ​ស្រួល​ទេក្រោមការឃ្លាំមើលរបស់លោក ដេវីស​។

អ្នកស្រី ពេជ្រ យឿត អាយុ៣៦ឆ្នាំ ជាប្រពន្ធរបស់បុរសដែលក្រុមការងារ​របស់​លោក ដេវីស ចាប់ខ្លួនដោយ​សារ​ចូល​ដាក់អន្ទាក់សត្វ​នោះបាន​និយាយថា ការឃុំ​ខ្លួនប្តីរបស់​អ្នកស្រីឈ្មោះ​ ចក់ បូ បានធ្វើឱ្យគ្រួសារគាត់​ជួប​ការ​លំបាក​ខ្លាំង។ លោក បូ បន្ត​​ជាប់ពន្ធនាគារ ហើយ​កូន​ស្រី​របស់​ពួក​គាត់​ចង់បោះបង់​ការ​សិក្សា​ថ្នាក់​ទី១១ ដោយសារ​គ្រួសារ​បាត់​បង់​ចំណូល។ 

អ្នកស្រី ពេជ្រ យឿត និយាយថា៖ «ខ្ញុំចង់រស់នៅដូចកាលពីអតីតកាល មុនពេលលោក បេន [ដេវីស] ចូលមក។ ខ្ញុំ​អាច​ចូល​ព្រៃ​ដើម្បី​រក​ផ្សិត ចៀរ​ជ័រ រក​វល្លិ និង​រក​ដើម​ត្នោត​ព្រៃ។ ជីវភាពគឺក្រីក្រ ​ព្រោះ​ខ្ញុំ​មិន​អាច​រក​អ្វី​មក​បង់​ឲ្យ​ធនាគារ​បានទេ​នៅ​ថ្ងៃ​នេះ បូក​រួម​ទាំង​ការ​ចំណាយ​ប្រចាំ​ថ្ងៃ និង​ថ្លៃ​សាលា»។

អ្នកស្រី ពិន ហយ​ អាយុ៣៤ឆ្នាំ ជាអ្នកភូមិ​អង្ក្រង ដែលជាប់ពាក់ព័ន្ធក្នុងការប្រ​ឈម​​មុខដាក់គ្នាជុំវិញ​រឿង​រឹងអូស​គោយន្ត​បាន​និយាយថា អ្នកស្រី​កាន់តែស្ទាក់​ស្ទើរក្នុ​ងការចូល​ទៅបេះផ្សិតក្នុង​ព្រៃ ដោយសារ​ខ្លាចកងរាជអាវុធហត្ថ។ ឥឡូវនេះអ្នក​ស្រី​មានការភ័យខ្លាចថ្មីមួយទៀត​ គឺ​​របៀបរស់​នៅ​ដោយគ្មានប្រាក់ចំណូល​។

អ្នក​ស្រី​និយាយ​ថា៖ «​ទោះ​បី​យើង​ចង់​ពង្រីក​ដី​ស្រែ​យើង ​ក៏យើង​​មិន​ហ៊ាន​ធ្វើ​ដែរ​ព្រោះ​ខ្លាច​គេ​ចាប់។ យើង​ចង់​ឲ្យ​គាត់ [ដេវីស​] បើក​ទូលាយ​​ជាង​នេះ ​ព្រោះ​យើង​រស់​នៅ​ក្រោម​សម្ពាធ​ជា​រៀង​រាល់​ថ្ងៃ។ គ្មាន​អ្នក​ណា​សប្បាយ​ចិត្ត​ទេ»៕

ក្រុមការងាររបស់លោក ដេវីស កំពុងសាងសង់របង និងជីក​ប្រ​ឡាយ​​ជម្រៅ២ម៉ែត្រកន្លះ ជុំវិញតំបន់ការពារស្នូលនៃ​ដែន​ជម្រក​សត្វព្រៃ​ភ្នំត្នោត-ភ្នំពក​។ (ខេមបូចា​/សុវណ្ណ ស្រីពេជ្រ)

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Conservation Group’s Militarized Forest Patrol Clashes With Villagers in Preah Vihear

990 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម