សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ប្រជាពលរដ្ឋនៅក្បែរ​ព្រលានយន្តហោះភ្នំពេញថ្មី ស្នើឲ្យអាជ្ញាធរ​ពន្លឿនការ​​ដោះស្រាយ​សំណង​សម្រាប់ដីរបស់ពួកគាត់

ប្រជាពលរដ្ឋប្រមាណ៨០នាក់ បានប្រមូលផ្តុំគ្នាកាលពីថ្ងៃអាទិត្យ នៅក្បែរ​ទីតាំង​ដី ដែលត្រូវបានរៀប​ចំ​ទុក​សម្រាប់គម្រោង​សាងសង់​អាកាសយានដ្ឋានអន្តរជាតិតេជោតាខ្មៅថ្មី ដែលបច្ចុប្បន្នកំពុងដំណើរ​ការ​សាងសង់ ដោយពួកគាត់​​អំពាវនាវឱ្យអាជ្ញាធរពន្លឿនដំណើរការដោះស្រាយ នេះបើយោងតាមការ​លើក​ឡើង​របស់​តំណាងសហគមន៍។

លោក ភោគ ផាន់នី តំណាងអ្នកតវ៉ាបាន​និយាយថា អ្នកតវ៉ា គឺជាប្រជាពលរដ្ឋនៅភូមិអំពៅព្រៃក្នុង​ឃុំអំពៅព្រៃ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ទី​ដែលមានប្រជាពល​រដ្ឋជាង៤០០គ្រួសាររងផលប៉ះពាល់ពីគម្រោងសាងសង់ព្រលានយន្តហោះថ្មី​​នេះ​។

លោក​និយាយ​ថា៖ «​សហគមន៍​មិន​បាន​ឃើញ​អាជ្ញាធរ​អញ្ជើញ​តំណាង​ប្រជាពល​រដ្ឋ​​មក​ប្រជុំ​ដូច​ការ​សន្យា​ទេ​។ ​ដោយ​សារ​ពួកគាត់​បាន​រង់ចាំ​អស់​រយៈពេល​ជា​យូរ​មក​ហើយ ប៉ុន្តែ​មិន​មាន​ដំណោះស្រាយ ប្រជាពលរដ្ឋ​បាន​សម្រេច​ចិត្ត​ប្រមូល​ផ្តុំគ្នា​នៅ​វាលស្រែ​ម្តងទៀតដោយ​សន្តិវិធី​​នៅ​ថ្ងៃអាទិត្យ​នេះ​»

រដ្ឋាភិបាលកម្ពុជាបានអនុម័តយល់ព្រម​លើ​ផែនការសាងសង់ព្រលានយន្តហោះថ្មីក្នុងឆ្នាំ២០១៨។ អនុក្រឹត្យឆ្នាំ២០២០បានផ្តល់ដីទំហំ ២ ៦០០ហិកតានៅខេត្តកណ្តាល និងខេត្តតាកែវទៅ​ឲ្យ​ក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋានកម្ពុជា សម្រាប់​​គម្រោង​​សាង​​សង់​ព្រលានយន្តហោះថ្មី ដែលជាគម្រោងរួមរបស់​ក្រុមហ៊ុនសាជីវកម្ម​វិនិយោគ​ក្រៅប្រទេសកម្ពុជា(OCIC) និង រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលរបស់រដ្ឋាភិបាល។ អ្នក​ភូមិ​បាន​តវ៉ា​​ច្រើន​ឆ្នាំមកហើយ ​ដើម្បី​ទាម​ទារ​សំណង​ល្អ​ប្រសើរ​ជាងមុន សម្រាប់​ដី​ដែល​ពួក​គាត់​បាន​បាត់​បង់​ដោយ​សារ​គម្រោង​នេះ។

លោក ផាន់នី បានសង្កត់ធ្ងន់ថា ការតវ៉ាកាលពីថ្ងៃអាទិត្យមិនមានចេតនា «ញុះ​ញង់» ទេ ប៉ុន្តែ​ផ្ទុយទៅវិញ គឺជាការប្រមូលផ្តុំដោយសន្តិវិធីរបស់​ប្រជា​ពល​រដ្ឋ​ដែល​មិនសប្បាយចិត្តនឹងស្ថានភាពនេះ​។ លោក​ទទួល​ស្គាល់​ថា ការ​អភិវឌ្ឍ​ដូច​ជា​ការ​សាងសង់​ព្រលាន​យន្តហោះ​ជា​រឿង​សំខាន់​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ ប៉ុន្តែ​ស្នើ​សុំឲ្យ​​មាន​ដំណោះស្រាយ​ប្រក​ប​ដោយ​​តម្លាភាព​ពី​អាជ្ញាធរ។ លោក ផាន់នី ចង់​ឲ្យ​អ្នក​ភូមិ​ទទួល​បាន​បណ្ណ​កម្ម​សិទ្ធិ​ដី​ទំហំ ៨៣ហិកតា ដែល​ពួក​គាត់​បាន​ប្រើ​​ប្រាស់​តាំង​ពី​ឆ្នាំ១៩៨៤មក។

លោក ផាន់នី បាន​និយាយថា៖​ «​​យើង​ទាមទារ​ឲ្យ​មាន​ការ​ចរចា​សំណង​ត្រឹមត្រូវ ព្រោះ​បញ្ហា​នេះ​បាន​បន្ត​រយៈពេល​ប្រាំ​ឆ្នាំ​មក​ហើយ ហើយ​ប្រជាពលរដ្ឋ​បាន​ព្យា​យាម​ដាក់​ញត្តិ​ទៅ​ក្រសួង​ពាក់ព័ន្ធ​រួច​ហើយ»

លោក អ៊ូច សៅវឿន អភិបាលស្រុកកណ្តាលស្ទឹងមានប្រសាសន៍ថា ដីដែលអ្នកភូមិកំពុង​ទាមទារសំណងនោះ គឺជាកម្មសិទ្ធិរបស់ពលរដ្ឋ​នៅភ្នំពេញ ដែលបាន​ទទួលសំណង និងគោរព​តាមគោលនយោបាយរបស់រដ្ឋាភិបាល។

លោក​បាន​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​មិន​ដឹង​ថា ​ពួកគាត់​​តវ៉ាមានគោលបំណងអ្វីនោះទេ​នៅ​ថ្ងៃ​អាទិត្យ​នេះ​ ខ្ញុំ​គ្រាន់​តែ​ដឹង​ថា ​អំឡុង​​ពេល​ជួប​ប្រជុំ​ចុង​ក្រោយ​នៅ​សាលា​ស្រុក ​ពួកគាត់​​ទាមទារ​សំណង»

អ្នកស្រី រុន សុភា ជា​កសិករ ​ដែល​បាន​ចូលរួម​ការ​តវ៉ា​ មិន​យល់​ស្រប​ការ​ដែលថា ​អ្នក​​ភ្នំពេញ​ ​កាន់កាប់​ដី​នោះ។អ្នក​ស្រីនិយាយថា៖ «យើង​ជា​ម្ចាស់ដី​មក​ពី​​ស្រុក​នេះ ដែល​បាន​ធ្វើ​ស្រែ​ចម្ការ​លើ​ដី​នេះ​តាំង​ពី​ឆ្នាំ១៩៨៤មក។ ម្ចាស់​ដី​មិន​បាន​ទទួលសំណងសម្រាប់​ដី​ខ្លួន​ឯង»

អ្នក​ស្រី​ចង់​ឲ្យ​ភាគី​ពាក់ព័ន្ធ​រួម​ទាំង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ពន្លឿន​ដំណើរការ​ដោះស្រាយសំណង​ និង​ដោះស្រាយ​បញ្ហា​ជូន​សហគមន៍​អ្នក​ស្រី​។

អ្នកស្រី​បាន​និយាយថា​៖ «​​បន្ទាប់​ពី​អាជ្ញាធរ​បាន​សន្យា​ មិន​មាន​ព័ត៌មាន​ទាក់ទង​នឹង​ដំណោះស្រាយ​ទេ។ យើង​ព្រួយ​បារម្ភ»

បន្ទាប់​ពី​មាន​ការ​តវ៉ា លោក គង់ សោភ័ណ្ឌ អភិបាល​ខេត្ត​កណ្តាល និងលោក ផាន់នី ​តំណាង​សហគមន៍ បាន​ជួប​គ្នា​កាល​ពី​ថ្ងៃ​អាទិត្យ។ លោក សោភ័ណ្ឌ មានប្រ​សាសន៍ថា លោកបានពន្យល់ពីនីតិវិធីច្បាប់ដល់លោក ផាន់នី ដោយបន្ថែមថា លោក​កំពុងរង់ចាំអ្នកជំនាញ ដើម្បីបញ្ចប់ការស្រាវជ្រាវ និងផ្តល់ការវាយតម្លៃលើបញ្ហាដីធ្លីក្នុងករណីនេះ។

លោក សោភ័ណ្ឌ បានមានប្រសាសន៍ថា៖ «ការងារនេះទាមទារពេលវេលាសម្រាប់អ្នកជំនាញ ដើម្បីស្វែងយល់បន្ថែមអំពីដី និងប្រមូលការស្រាវជ្រាវ និងទិន្នន័យ» ដោយលោក​គាំទ្រ​ការលើក​ឡើងរបស់អភិបាលស្រុកអំពីស្ថានភាពកាលពីប្រាំខែមុន។

លោក ផាន់នី បាន​និយាយ​ថា លោក គង់ សោភ័ណ្ឌ បាន​ប្រាប់​ថា ​គាត់​នឹង​ធ្វើ​ការ ​ដើម្បី​ដោះស្រាយ​បញ្ហា ប៉ុន្តែ​មិន​បាន​ផ្តល់​ពេលវេលា​ជាក់លាក់​ថា ​បញ្ហា​នេះ​នឹង​​ត្រូវបាន​​ដោះស្រាយ​នៅពេលណា​នោះ​ទេ។

យោងតាមលិខិតចុះថ្ងៃទី៥ ខែកក្កដា របស់ក្រសួងមហាផ្ទៃ ដែលបាន​ពិនិត្យដោយខេមបូចា ក្រសួងបានស្នើឱ្យអភិបាលខេត្ត​អនុវត្ត​តាម​ច្បាប់ និងដោះស្រាយបញ្ហាទាក់ទងនឹងដីចំនួនពីរកន្លែង ដីមួយកន្លែង​ទំហំ៨៣ហិកតា និងដីមួយ​កន្លែងទៀតមាន​ទំហំ ២៣ហិកតា។

លោក ជីវ កុកសាយ មកពីក្រុមហ៊ុន​សាជីវកម្មវិនិយោគក្រៅប្រទេសកម្ពុជា ដែលទទួលបន្ទុកទិញដីសម្រាប់គម្រោង​ព្រលានយន្តហោះនេះ​ បានប្រាប់ខេមបូចា​នៅ​ថ្ងៃពុធនេះថា ដីដែលមិនទាន់បានដោះស្រាយមួយផ្នែកតូច​ គឺជាដីលំនៅដ្ឋាន និងដីស្រែចម្ការ។

លោកមាន​ប្រសាសន៍ថា៖ «យើង​បាន​ដោះស្រាយ​ជាមួយ​ពួកគាត់​ [អ្នក​ស្រុក] នៅ​ច្រើន​កន្លែង។ ប្រហែល ៥% [នៃដី] មិនទាន់បានដោះស្រាយនៅឡើយទេ»

នៅ​ពេល​សួរ​ថា តើ​ដី​ប៉ុន្មាន​ហិកតាមិន​ទាន់បាន​​ដោះស្រាយ និង​ផ្តល់​សំណង​ដល់​​ម្ចាស់ លោក​មាន​ប្រសាសន៍​​ថា ​មិន​អាច​ប្រាប់​អ្នក​យក​ព័ត៌មាន​បាន​ទេ។

លោក​បន្ត​​ថា បញ្ហា​របស់​​អ្នក​ភូមិ​ទាំង​នេះ​ប្រហែល​ជា​ពួក​គាត់​បាន​លក់​ដី​រួច​ហើយ​កាល​ពី​ពេល​កន្លង​មក ដូច្នេះ​នឹង​មិន​ទទួល​បាន​សំណងទេ​។ លោក​បាន​មាន​ប្រ​សាសន៍​ថា «ប៉ុន្តែ​ប្រសិន​បើ​ពួក​គាត់​​មាន​ប្លង់​រឹង យើង​នឹង​ផ្តល់​សំណង​តាម​គោល​ការណ៍​របស់​ក្រុម​ហ៊ុន»

ប្រជាពលរដ្ឋ​កម្ពុជាភាគច្រើន ជាពិសេសអ្នកនៅតាមបណ្តាខេត្ត មិនមានប្លង់​រឹង ដែលចេញ​ដោយអាជ្ញាធរកម្រិត​ថ្នាក់​ជាតិទេ ហើយដំណើរការផ្តល់ប័ណ្ណកម្មសិទ្ធិនាពេលបច្ចុប្បន្ននេះ មិនបានទៅដល់ប្រជាពលរដ្ឋ​កម្ពុជាទាំងអស់ដែរ។

លោក អំ សំអាត នាយក​ទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ មានប្រសាសន៍ថា អង្គការរបស់លោកចង់ឃើញដំណើរការដោះស្រាយបញ្ចប់ឱ្យបាន​ឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីដោះស្រាយបញ្ហានេះជូន​អ្នកដែលមានដីប៉ះពាល់។

លោក​បាន​មាន​ប្រសាសន៍​ថា៖ «កន្លង​មក​យើង​បាន​ឃើញ​ការ​តវ៉ា ការ​គំរាម​​​បែប​​ហិង្សា​ ដែល​ឈាន​ដល់​​ការ​ចាប់​ខ្លួន ដែល​មិន​មែន​ជា​រូបភាព​ល្អ​សម្រាប់​សង្គម​របស់​​យើង​ឡើយ។ យើង​ចង់​ឃើញ​អាជ្ញាធរ​ប្រញាប់ប្រញាល់​​ដោះស្រាយ​បញ្ហា​នេះ ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​អាយុ​ជីវិត​ប្រជាពលរដ្ឋ»

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Residents Near New Phnom Penh Airport Site Protest Land Settlement

532 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម