សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ពលរដ្ឋរងគ្រោះដីធ្លីនៅព្រលានយន្តហោះថ្មីបានតវ៉ាក្រោយអាជ្ញាធរ​មិនធ្វើតាមសន្យាមុនពេលបោះឆ្នោត

ពលរដ្ឋឃុំអំពៅព្រៃជាង១៣០គ្រួសារកំពុងឈររង់ចាំជួបអភិបាលស្រុកកណ្តាលស្ទឹងអស់រយៈពេលជាច្រើនម៉ោង កាលពីថ្ងៃទី២៩ សីហា ២០២៣ (រូបភាពផ្តល់ឱ្យ)
ពលរដ្ឋឃុំអំពៅព្រៃជាង១៣០គ្រួសារកំពុងឈររង់ចាំជួបអភិបាលស្រុកកណ្តាលស្ទឹងអស់រយៈពេលជាច្រើនម៉ោង កាលពីថ្ងៃទី២៩ សីហា ២០២៣ (រូបភាពផ្តល់ឱ្យ)

ប្រជាពលរដ្ឋដែលមានបញ្ហាដីធ្លីនៅព្រលានយន្តហោះថ្មីបានតវ៉ាសុំឱ្យមានការដោះស្រាយពី​អាជ្ញាធរស្រុកកណ្តាលស្ទឹងកាលពីថ្ងៃទី២៩សីហា ដោយសារអាជ្ញាធរមានការសន្យាថា​ក្រោយការបោះឆ្នោត​នឹង​មានការ​ដោះស្រាយជូនពួកគាត់ ប៉ុន្តែ​មក​ដល់ពេលនេះមិនទាន់​ទទួលបាន​ដំណោះស្រាយនៅឡើយ។

អ្នកស្រី រុន សុភា ជាកសិករ បានឱ្យដឹងថា មានតំណាងពលរដ្ឋជាង១៣០គ្រួសារ​ក្នុង​ចំណោម​៤១៤គ្រួសារ បានទៅតវ៉ានៅសាលាស្រុកកណ្តាលស្ទឹង​សុំការ​ដោះស្រាយដី​ដែល​ប៉ះពាល់​នៅ​តំបន់ព្រលានយន្តហោះភ្នំពេញថ្មី ស្ថិតនៅភូមិអំពៅព្រៃ ឃុំអំពៅព្រៃ ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ។

អ្នកស្រី សុភា និយាយថា មូលហេតុដែលអ្នកស្រីទៅតវ៉ានេះគឺដោយសារ​កាលពីថ្ងៃអាទិត្យ​មានគ្រឿងចក្រចំនួន៦គ្រឿងធ្វើការឈូសឆាយដីដែលជាចំណែករបស់អ្នកស្រី និងពលរដ្ឋ​ផ្សេងទៀត  នៅពេលអ្នកស្រី និងពលរដ្ឋផ្សេងទៀទៅមើលដល់ទីតាំងដីនោះ មានចម្ងាយជាង ២គីឡូម៉ែត្រពីផ្ទះអ្នកស្រី ប៉ុន្តែត្រូវបានសន្តិសុខព្រលានយន្តហោះយាមកាមតឹងតែងមិនឱ្យ​ពលរដ្ឋ​ចូលនោះទេ។

អ្នកស្រីឱ្យដឹងថា មួយសន្ទុះក្រោយមក សន្តិសុខព្រលានបានទាក់ទង់ទៅកាន់អភិបាល​ស្រុកកណ្តាលស្ទឹង និងមានការឆ្លើយតបថាពលរដ្ឋអាចទៅជួបអភិបាលស្រុកនៅព្រឹក​ថ្ងៃអង្គារបាន អ្នកស្រីថា ពលរដ្ឋបានយល់ព្រមទៅតាមការឆ្លើយតបរបស់អាជ្ញាធរ ប៉ុន្តែ​នៅព្រឹកថ្ងៃអង្គារ ពលរដ្ឋ​បាន​ទៅជួបជុំតែមិនបានជួបលោកអភិបាលស្រុកនោះទេ។

អ្នកស្រីបន្តថា ព្រោះមានការពន្យាពេលទៅម៉ោង២វិញ តែរហូតដល់ល្ងាចវេលាម៉ោង៤ រសៀល​ទើបពលរដ្ឋបានចូលជួប ដោយសារអាកាសធាតុក្តៅផង និងអ្នកខ្លះរវល់ផង​ក៏មាន​ពលរដ្ឋមួយចំនួនបានត្រឡប់ទៅផ្ទះវិញខ្លះ។

អ្នកស្រី សុភា បន្ថែមថា ក្រោយមកពលរដ្ឋដែលនៅត្រូវបានហៅចូលទៅជួបជជែកពីបញ្ហាដី​របស់ពួកគេប្រមាណកន្លះម៉ោង ហើយអាជ្ញាធរបានសន្យាសាជាថ្មីទៀតថានឹងដោះស្រាយជូន​ពលរដ្ឋ និងបានសុំពន្យា​ពេលពលរដ្ឋដើម្បីសិក្សាពីដីដែលប៉ះពាល់ទាំងអស់នោះបន្ថែមសិន ហើយលោកមិន​បាន​បញ្ជាក់​ពីពេលវេលាជាក់លាក់នោះទេ។

ប្រជាពលរដ្ឋចូលជួបជជែកជាមួយអភិបាលស្រុកនៅសាលា​ស្រុក​កណ្តាលស្ទឹង នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣។ (រូបភាពផ្តល់ឱ្យ)

ពលរដ្ឋម្នាក់ទៀត អ្នកស្រី មាស លាប អាយុ៥៧ឆ្នាំ​ បានលើកឡើងថា អ្នកស្រីចង់បាន​ដំណោះ​​ស្រាយ​ឱ្យបានឆាប់​ដោយសារការដោះស្រាយដីធ្លីនេះបន្តអូសបន្លាយអស់រយៈពេល​ជិត​៤ឆ្នាំ​មកហើយ។

 អ្នកស្រី លាប លើកឡើងថា៖ «ខ្ញុំខំប្រឹងអស់លទ្ធភាពហើយ។ ស្នើសុំតាំងពីអាជ្ញាធរ​ថ្នាក់​មូលដ្ឋានរហូតដល់ថ្នាក់លើហើយតែមិនមានការសន្យាជាក់លាក់ណាមួយឱ្យពួកខ្ញុំមានទំនុក​ចិត្តនោះទេ ពន្យាពេលរហូត។ តើឆាប់ៗនេះហ្នឹងពេលណា?»។​

អ្នកស្រី លាប បន្តថា ពលរដ្ឋប្រៀបបានជាកូនជាចៅរបស់ថ្នាក់ដឹកនាំ មានតែលោកដែល​ជាអាណាព្យាបាលទេដែលអាចដោះស្រាយជូនកូនចៅបាន។

អ្នកស្រីបន្ថែមថា៖ «ខ្ញុំសំណូមពរឱ្យថ្នាក់ដឹកនាំ និងអ្នកជំនាញ ផ្តោតការយក​ចិត្ត​ទុក​ដាក់ ជាពិសេសលោកនាយករដ្ឋមន្រ្តីថ្មី​សូមជួយរកដំណោះស្រាយ​នូវទុក្ខលំបាក​របស់​ពលរដ្ឋ​ឱ្យបានសមរម្យផង»


លោក អ៊ូច សៅវឿន អភិបាលស្រុកកណ្តាលស្ទឹង មានប្រសាសន៍ថា ការប្រជុំកាលពីល្ងាច​ថ្ងៃអង្គារកន្លងទៅនេះ គឺឱ្យពួកគាត់បង្ហាញទីតាំងជាក់លាក់របស់គាត់ដោយសារ​អ្នកខ្លះ​មិន​មាន​ឯកសារមកបង្ហាញនោះទេ។ 

លោក សៅវឿន បញ្ជាក់ថា៖ «យើងទទួលស្គាល់ថាដីរបស់ពួកគាត់ពិតជាប៉ះពាល់ពិតមែន»

លោកបន្តថា កិច្ចការនេះត្រូវការពេលសម្រាប់ឱ្យអ្នកជំនាញជួយសិក្សាបន្ថែម ថាដីពួកគាត់​ណាខ្លះជាប់ពាក់ពន្ធ័និងប្រមូលទិន្នយ័ស្រាវជ្រាវ។ 

លោកអភិបាលស្រុកថា៖ «ខ្ញុំមិនទាន់អាចថាយ៉ាងណានោះទេគឺចាំទទួលលទ្ធផល​ពី​អ្នកជំនាញ​នៅសប្តាហ៍ក្រោយថាអាចនឹងដោះស្រាយយ៉ាងណាបន្តទៀត»

ប្រជាពលរដ្ឋកំពុងឈរមើលគ្រឿងចក្រឈូសឆាយដីកាលពីថ្ងៃអាទិត្យទី២៧ ខែសីហា ឆ្នាំ២០២៣។ (រូបភាពផ្តល់ឱ្យ)​

លោក ជីវ កុកសាយ តំណាងអ្នកទទួលខុសត្រូវទិញដីសម្រាប់គម្រោងព្រលាន​យន្តហោះ​ថ្មីប្រាប់ខេមបូចាកាលពីល្ងាចថ្ងៃពុធនេះថា គ្រួសារដែលមិនទាន់ទទួលយកសំណង​ដែល​ក្រុមហ៊ុនផ្តល់ជូនមានប្រមាណតែ 8% ទៀតប៉ុណ្ណោះនៃផ្ទៃដីប៉ះពាល់សរុបទាំងលំនៅដ្ឋាន និងដីស្រែចំនួន២៦០០ហិកតា។ ហើយនៅពេលសួរថានៅសល់ប៉ុន្មានគ្រួសារទៀត លោក​បដិសេធថា៖ «ខ្ញុំមិនអាចឆ្លើយបានទេ ដោយសារក្តោបព័ត៌មានមិនជុំព្រោះគ្រួសារ​ច្រើនពេក ប្រាប់បានតែចំនួនភាគរយ»

លោក កុកសាយ បន្តថា ករណីដីដែលប៉ះពាល់នៅឃុំអំពៅព្រៃនេះគឺបានដោះស្រាយ​កន្លង​មក​ជិតអស់ហើយនៅសល់តិចតួចណាស់ដែលមិនទាន់ព្រមទទួលយកសំណង។

លោកបន្ថែមថា៖ «ខ្ញុំមិនគាំទ្រទេដែលមានមតិសាធារណៈលើកឡើងថាខាងសន្តិសុខ​ព្រលាន​មានការគំរាមកំហែងទៅកាន់ពលរដ្ឋសម្រាប់ពេលកន្លងមកនេះ»

ប្រជាពលរដ្ឋជាង៣០០គ្រួសារផ្សេងទៀត នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និង​ស្រុកបាទី ខេត្តតាកែវ បានរងផលប៉ះពាល់រួចហើយ ដោយសារគម្រោង​សាងសង់​ព្រលាន​យន្តហោះ​ថ្មី​តម្លៃ១,៥ពាន់លានដុល្លារ ដែលវិនិយោគដោយក្រុមហ៊ុន OCIC របស់ឧកញ៉ា ពុង ឃាវសែ។

បើតាមតំណាងសហគមន៍ លោក ភោគ ផាន់​នី បានឱ្យដឹងថា ពលរដ្ឋ៤១៤​គ្រួសារមាន​តំណាងជាង១៣០គ្រួសារទៅចាំជួបអភិបាលស្រុកនៅព្រឹកថ្ងៃអង្គារ ដើម្បីសុំការជួយ​ដោះ​ស្រាយ​បញ្ហាដីដែលប៉ះពាល់ចំនួន ៨៣ ហិកតា ស្ថិតនៅឃុំអំពៅព្រៃ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

លោក ផាន់នី លើកឡើងថា ពលរដ្ឋរងគ្រោះដែលប៉ះពាល់ដីធ្លីទាំងនោះ ពន្យាពេលយូឆ្នាំមក​ហើយ​តែមិនទាន់មានការដោះនៅឡើយទេ ស្របពេលដែលពលរដ្ឋកាន់តែមាន​បញ្ហា​ប្រឈម​និងខ្វះខាតជីវភាពខ្លាំង ដោយសាពួកគេគ្មានដីសម្រាប់អាស្រយ័ផលដូចពីមុន និងបាត់បង់​ដីស្រែ​មិនទាន់បានសំណង និង ខ្លះគ្មានការងារធ្វើ រួមទាំងទំនិញលើងថ្លៃ និងពិបាក​រកកាងារ​ធ្វើក្នុងស្ថានភាពវិបត្តិសេដ្ឋកិច្ចសកល។


លោកបន្តថា៖ «ខ្ញុំសង្ឃឹមថាថ្នាក់ដឹកនាំពាក់ពន្ធ័ទាំងអស់ជួយរកដំណោះស្រាយជូនពលរដ្ឋ​ដែលប៉ះពាល់​ដីរបស់ពួកគាត់ទាំងនៅឃុំអំពៅព្រៃនិងឃុំផ្សេងទៀតឱ្យបានសមរម្យ និង​ពន្លឿន​​ការ​ដោះ​ស្រាយ​ព្រោះពលរដ្ឋប្រឈមនិងបញ្ហាខ្លាំង និងខាតពេលវេលា​ជាយូមក​ហើយ»

ប្រជាពលរដ្ឋកំពុងអង្គុយនៅមុខរបងការដ្ឋានសាងសង់អាកាសយានដ្ឋាន អន្តរជាតិតេជោ តាខ្មៅ នៅអាទិត្យទី២៧ ខែសីហា ឆ្នាំ២០២៣។ (រូបភាពផ្តល់ឱ្យ)

យោងតាមលិខិតរបស់ក្រសួងមហាផ្ទៃ នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣​ ដីដែលមាន២ទីតាំង ទីតាំងទី១មានទំហំសរុប៨៣​ហិកតា ស្ថិតនៅខាងកើតជាប់ទំនប់៩២ និងទីតាំងទី២ មានទំហំ ២៣​ហិកតា ស្ថិតនៅតំបន់បឹងបាច ខាងលិចទំនប់៩៤ ខាងត្បូងទំនប់អ៊ីប៉ាកជា​ប្រភេទដី​ស្រែ​ប្រាំងបណ្តេញទឹក។

ក្នុងលិខិតដដែលនោះ ក្រសួងស្នើអភិបាលខេត្ត ដោះស្រាយបញ្ហាទាំងនេះដោយផ្អែក​លើគោលការណ៍​ច្បាប់។

លោក អំ សំអាត នាយកចាត់ការទូទៅនៃអង្គការ លីកាដូ មានប្រសាសន៍ថា វាជារឿង​ចាំ​បាច់ណាស់ដែលអាជ្ញាធរអ្នកពាក់ព័ន្ធនិងក្រុមហ៊ុន គួរតែស្វែងរកដំណោះស្រាយ​ដើម្បី​បញ្ចប់​បញ្ហានេះប្រកបដោយតម្លាភាព និងឱ្យបានឆាប់រហ័ស។ លោកបន្តថា មិនគួរទុកវាឱ្យបន្ត​អូស​បន្លាយទៀតនោះទេ។ 

លោកថ្លែងថា៖ «ព្រោះរយៈពេលជិត៤ឆ្នាំមកហើយ តែការដោះស្រាយ​នៅមិនទាន់​ដាច់ស្រេច​នៅឡើយ ការអភិវឌ្ឍជារឿងល្អសម្រាប់ពលរដ្ឋ ប៉ុន្តែការតវ៉ាដែលពន្យា​ពេលយូរ​និង​​មាន​ការ​គំរាមគំហែងនេះវាមិនមែនជារូបភាពល្អនោះទេ»

លោក សំអាត បន្ថែមថា៖ «វាប៉ះពាល់​ដល់​សិទ្ធិរស់នៅរបស់ពលរដ្ឋ ហើយបញ្ហានេះវា​បាន​ផ្តល់​ផលប៉ះខ្លាំងដល់ជីវភាពប្រជាពលរដ្ឋ ដែលពួកគាត់ត្រូវខាតពេលវេលា​ ថវិការក្នុងការ​ទាមទារដំណោះស្រាយ ខណៈពេល​ដែល​ត្រូវ​គិតគូរពីជីវភាពគ្រួសារផង និងត្រូវគិតខ្វាយ​ខ្វល់​ពីបញ្ហាដីធ្លីរបស់ពួកគរដែលមិនទាក់មានការដោះស្រាយឱ្យបានសមរម្យនៅឡើយ»

372 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម