អាជ្ញាធរចំនួន៥ស្ថាប័ននៅស្រុកឆែប ខេត្តព្រះវិហារ បានឱ្យប្រជាសហគមន៍ម្នាក់ផ្តិតស្នាមមេដៃទទួលលក្ខខណ្ឌថា ត្រូវឆ្លងការអនុញ្ញាតពីអាជ្ញាធរពាក់ព័ន្ធសិនមុននិយាយជាមួយអ្នកសារព័ត៌មាន ដើម្បីការពារកុំឱ្យការផ្សព្វផ្សាយនោះប៉ះពាល់កិត្តិយសថ្នាក់ដឹកនាំ។
លិខិតចុះថ្ងៃទី២៧ ខែកុម្ភៈ មានន្ត្រីចំនួន៥ស្ថាប័នរួមមាន លោក ឡាច លិក នាយករដ្ឋបាលស្រុកឆែប លោក លិញ សំឡូត ប្រធានការិយាល័យកសិកម្មស្រុក លោក សេង លាង នាយផ្នែករដ្ឋបាលព្រៃឈើ លោក ឡេវ សុផល មេឃុំសង្កែមួយ និងលោក ជុំ សុឡាង មេប៉ុស្តិ៍នគរបាលឃុំសង្កែមួយ។ លិខិតនេះបានតម្រូវឱ្យលោក ហៀម គឹមហុង ជាសមាជិកគណៈកម្មការ សហគមន៍សង្កែមួយ និងជាបណ្តាញព្រៃព្រះរកាផ្តិតស្នាមមេដៃទទួលកំហុស ចំពោះការផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាននៅពេលកន្លងទៅ។
លិខិតនេះបានផ្តោតលើចំណុច២សំខាន់គឺឈប់ផ្តល់បទសម្ភាសន៍ឱ្យសារព័ត៌មាន និងឈប់ធ្វើសកម្មភាពណាដែលនាំឱ្យប៉ះពាល់ដល់កិត្តិយសថ្នាក់ដឹកនាំ។
នាយករដ្ឋបាលស្រុកឆែប លោក ឡាច លិក ថ្លែងថា ការតម្រូវឱ្យលោក ហៀម គឹមហុង ធ្វើកិច្ចសន្យានេះ មិនមែនជាការគំរាមកំហែង ឬបំបិទសិទ្ធិសេរីភាពទេ គឺលោកថា គ្រាន់តែចង់ឱ្យមានឆ្លងការអនុញ្ញាតពីអាជ្ញាធរដែនដីដែលគ្រប់គ្រងនៅទីនោះ។
លោក ឡាច លិក ថ្លែងថា៖«ដោយជម្រាបប្រាប់គាត់ថា ប្រសិនបើមានបញ្ហាលើកក្រោយៗសូមឱ្យគាត់សហការជាមួយមេភូមិមេឃុំឱ្យបានដឹងគ្នា កុំគាត់ធ្វើតែគាត់ ចឹងទៅដល់ចេញព័ត៌មានផ្សព្វផ្សាយទូទាំងពិភពលោកទៅវាថាអាជ្ញាធរគាត់អ្នកគ្រប់គ្រងប្រជាពលរដ្ឋគាត់អត់ដឹងអីវិញ ធ្វើឱ្យខូចដល់ភូមិដល់ឃុំអត់មានការគ្រប់គ្រងប្រជាពលរដ្ឋខ្លួនឯង ហើយចេះតែផ្តល់ព័ត៌មានជាមួយអ្នកសារព័ត៌មានផ្សាយ»។
មេឃុំសង្កែមួយលោក ឡេវ សុផល ឱ្យដឹងថា ការធ្វើកិច្ចសន្យានេះមិនបានបិទសិទ្ធិសេរីភាពទេ គឺ នៅតែអាចនិយាយបានប៉ុន្តែធ្វើយ៉ាងណាកុំឱ្យប៉ះពាល់ដល់ថ្នាក់ដឹកនាំ។
លោក ឡេវ សុផល ថ្លែងថា៖«អាហ្នឹងអត់អត់អីទេគាត់ធ្វើ[និយាយ]ឱ្យតែការពិតតែដូចថាខាងរ៉ែងខាងអីអ៊ីចឹងគឺគាត់ ខាងរ៉ែគាត់មានអាជ្ញាប័ណ្ណត្រឹមត្រូវមកគាត់ធ្វើបស់គាត់ ហត្ថលេខាមកពីរដ្ឋមន្ត្រីរដ្ឋអី មកពីលើអស់ហើយ ដល់ពេលនេះទៅយើងថាបង្លាយផ្តេសផ្តាសទៅប៉ះពាល់ដល់ថ្នាក់ដឹកនាំ»។
លោក លិញ សំឡូត ប្រធានការិយាល័យកសិកម្មស្រុកឆែប មិនឆ្លើយសំណួរតាមទូរសព្ទទេដោយ តម្រូវអ្នកព័ត៌មានទៅដល់ស្រុកឆែបផ្ទាល់ ចំណែកលោក ជុំ សុឡាង មេប៉ុស្តិ៍នគរបាលសង្កែមួយថា កិច្ចការនេះគឺថ្នាក់លើជាអ្នកសួរ ប្រជាសហគមន៍លោកមិនដឹងទេ។
ចំណែកលោក សេង លាង ផ្នែករដ្ឋបាលព្រៃឈើស្រុកឆែប ខេមបូចាមិនអាចស្វែងរកការឆ្លើយតប បានទេនៅថ្ងៃទី២៩ខែកុម្ភៈ។
អ្នកនាំពាក្យក្រសួងព័ត៌មាន លោក ទេព អស្នារិទ្ធ បានថ្លែងថា រដ្ឋាភិបាលបានធានាសិទ្ធិសេរីភាពផ្នែកបញ្ចេញមតិ និងសារព័ត៌មានដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ។ ទោះយ៉ាងណាលោក រំឭកថា ការប្រើប្រាស់សិទ្ធិត្រូវអនុលោមតាម ច្បាប់មិនឱ្យប៉ះពាល់ដល់សិទ្ធិអ្នកដទៃ។
លោក ទេព អស្នារិទ្ធ បញ្ជាក់ថា ករណីនៅស្រុកឆែប លោកថា ក្រសួងត្រូវប្រមូលព័ត៌មានបន្ថែមទៀតមុនសន្និដ្ឋាន។
លោក ទេព អស្នារិទ្ធ ថ្លែងថា៖ «ចាំបាច់ណាស់ត្រូវតែស្រាវជ្រាវឱ្យបានល្អិតល្អន់ ដើម្បីប្រមូលព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយអំពីអង្គហេតុ និងអង្គច្បាប់ដែលបង្ហាញអំពីស្ថានភាពដែលកើតឡើងជុំវិញនឹងករណីនេះ។ ទោះជាយ៉ាងណាក៏ដោយខ្ញុំសូមលើកទឹកចិត្តដល់ភាគីពាក់ព័ន្ធទាំងអស់ក្នុងការសហការគ្នាក្នុងការផ្តល់ព័ត៌មាន ទទួលបាននូវព័ត៌មាន និងរាយការណ៍ព័ត៌មាន ដោយសុចរិតភាព ដោយភាពស្មោះត្រង់ ដើម្បីលើកកម្ពស់ការទទួលបានព័ត៌មាន និងការផ្សព្វផ្សាយព័ត៌មាន សេរីភាពសារព័ត៌មាននៅប្រទេសកម្ពុជាយើង»។
សមាជិកគណៈកម្មការសហគមន៍សង្កែមួយ និងជាបណ្តាញព្រៃព្រះរកាលោក ហៀម គឹមហុង ថ្លែងថា កន្លងមកសហគមន៍របស់លោករងគ្រោះដោយសារក្រុមហ៊ុនស្ករអំពៅ ហើយនៅដើមឆ្នាំ ២០២៤នេះ មានបញ្ហាជាមួយក្រុមហ៊ុនរុករករ៉ែថែមទៀត។ លោកបន្តថា អ្វីដែលធ្វើ និងនិយាយជាមួយអ្នកសារព័ត៌មានកន្លងទៅគឺនិយាយតែការពិតជំរុញឱ្យមានដំណោះស្រាយលើបញ្ហាប្រជាពលរដ្ឋក្នុងសហគមន៍តែប៉ុណ្ណោះ។
លោក ហៀម គឹមហុង ឱ្យដឹងថា នៅថ្ងៃប្រជុំគ្នា ហើយឱ្យលោកផ្តិតមេដៃលើកិច្ចសន្យានោះ គឺអាជ្ញាធរបានដកទូរសព្ទរបស់លោកទុក មិនឱ្យថតរូប និងសំឡេង ហើយនិយាយថា «ក្បាលនរណាសក់អ្នកនោះ» ប្រជាសហគមន៍មានបញ្ហាឱ្យគេរកដំណោះស្រាយខ្លួនឯង ដោយកុំឱ្យលោកចេញមុខជួយរកដំណោះស្រាយ។
លោក ហៀម គឹមហុង ចាត់ទុកការតម្រូវឱ្យលោកផ្តិតស្នាមមេដៃលើកិច្ចសន្យានេះថា ជាការគំរាម កំហែងមិនឱ្យលោកជួយរកដំណោះស្រាយបញ្ហាក្នុងសហគមន៍។
លោក ហៀម គឹមហុង ថ្លែងថា៖ «វាមើលទៅឃើញមានតែការគំរាមកំហែងបិទសិទ្ធិរបស់ខ្ញុំដែលខ្ញុំមាន និយាយថាខ្ញុំជួយប្រជាពលរដ្ឋរបស់ខ្ញុំ គាត់ស្រែងត្រង់ណាខ្ញុំជួយគាត់ត្រង់ហ្នឹង ហើយគាត់[មន្ត្រី]មកធ្វើអីមិនឱ្យខ្ញុំជួយគាត់ប្រជា[ពលរដ្ឋ]។ គាត់[មន្ត្រី]ឆ្លើយនិយាយ ថាក្បាលនរណាសក់អ្នកនោះ។ គាត់[មន្ត្រី]និយាយក្នុងប្រជុំជាមួយខ្ញុំដែលឱ្យខ្ញុំធ្វើកិច្ចសន្យា»។
ទោះយ៉ាងណាលោក ហៀម គឹមហុង បញ្ជាក់ថា ឱ្យតែសមាជិកសហគមន៍របស់លោករងគ្រោះ ហើយត្រូវការឱ្យលោកជួយរកយុត្តិធម៌លោកនៅតែជួយដដែល។
លោក ហៀម គឹមហុង បន្ថែមថា៖«ខ្ញុំថាខ្ញុំក៏ទទួលថាខ្ញុំទទួលផ្តិចដែរ ប៉ុន្តែថាខ្ញុំថាបើម្ចាស់ចម្ការគាត់មិនស្រែក ម្ចាស់ដំណាំគាត់មិនស្រែក ខ្ញុំក៏បិទឆឹង បើសិនជាមានស្រែកខ្ញុំនៅតែទាមទារទៀតនោះឯង បើគាត់នៅតែទាមទារខ្ញុំត្រូវតែជួយគាត់។ ខ្ញុំថាអ៊ីចឹង!»។
ជុំវិញបញ្ហានេះ នាយកសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា(ខេមបូចា) លោក ណុប វី មានថ្លែងថា ជាទម្រង់នៃការគំរាមកំហែងដល់អ្នកសារព័ត៌មាន និងប្រជាពលរដ្ឋនៅមូលដ្ឋានដែលស្វែងរកដំណោះស្រាយ។ លោកជំរុញឱ្យអាជ្ញាធរមូលដ្ឋានដូរពីការរារាំងមិនឱ្យមានការបញ្ចេញមតិពីមូលដ្ឋានមកជាការប្រឹងប្រែងជួយរកដំណោះស្រាយបញ្ហាដែលពលរដ្ឋកំពុងប្រឈមវិញ។
លោក ណុប វី មានថ្លែងថា៖«អាជ្ញាធរមូលដ្ឋានគួរតែពង្រឹងការដោះស្រាយបញ្ហាជូនពលរដ្ឋវិញ ជាជាងការបិទខ្ទប់ព័ត៌មាន ដែលវាអាចនឹងធ្វើឱ្យថ្នាក់ដឹកនាំរដ្ឋាភិបាលមិនទទួលដឹងពីអ្វីដែលកើតមានឡើងពិតប្រាកដនៅសហគមន៍មូលដ្ឋាន»។
នាយកអង្គការពន្លកខ្មែរ ខេត្តព្រះវិហារ លោក ប៉ឹក សោភ័ណ ចាត់ទុកថា នេះជាការគំរាមកំហែងធ្ងន់ធ្ងរដែលមិនត្រូវនៅក្នុងសង្គមប្រជាធិបតេយ្យទេ។ លោកជំរុញឱ្យស្ថាប័នពាក់ព័ន្ធ នៅថ្នាក់ជាតិពិនិត្យមើលការងាររបស់មន្ត្រីនៅថ្នាក់ស្រុកនេះ។
លោក សុភ័ណ ប៉ឹក ថ្លែងថា៖«អាជ្ញាធរជាអ្នកលើកកម្ពស់ការអនុវត្តសិទ្ធិ តែបើឃើញអាជ្ញាធរជាអ្នករំលោភបំពានច្បាប់កំពូលបែបនេះ គឺជាទោសទណ្ឌណា៎បាទ។ ជាទោសទណ្ឌមួយដែលគួរតែអាជ្ញាធរថ្នាក់ជាតិពិនិត្យមើលការអនុវត្តរបស់អាជ្ញាធរនៅថ្នាក់ក្រោមជាតិ ហើយវាធ្វើឱ្យប៉ះពាល់ដល់កិត្តិយសដល់រាជរដ្ឋាភិបាលរបស់យើងផងដែរបាទ»។
មាត្រា៤១នៃរដ្ឋធម្មនុញ្ញាកម្ពុជាចែងថា ប្រជាពលរដ្ឋខ្មែរមានសេរីភាពខាងការបញ្ចេញមតិរបស់ខ្លួន សេរីភាពសារព័ត៌មាន សេរីភាពបោះពុម្ពផ្សាយ និងសេរីភាពនៃការជួបប្រជុំ។
ចំណែកមាត្រា១៩នៃកតិកាសញ្ញាអន្តរជាតិស្តីពី សិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយចែងថា ជនគ្រប់ រូបមានសិទ្ធិប្រកាន់យកមតិរបស់ខ្លួនដោយគ្មានការជ្រៀតជ្រែក។ ជនគ្រប់រូបមានក្នុងការបញ្ចេញមតិ។ សិទ្ធិទាំងនេះរាប់បញ្ជូលទាំងសេរីភាពស្រាវជ្រាវព័ត៌មាន ទទួល និងផ្សព្វផ្សាយព័ត៌មាន និងគំនិតគ្រប់បែបយ៉ាងដោយមិនគិតព្រំដែន ដោយផ្ទាល់មាត់ សរសេរ ឬបោះពុម្ព។
បើទោះជាសេរីភាពនៃការបញ្ចេញមតិ និងសេរីភាពសារព័ត៌មានមានចែងការពារទាំងនៅក្នុងច្បាប់ជាតិ និងច្បាប់អន្តរជាតិដែលកម្ពុជាទទួលស្គាល់ក៏ដោយ ក៏សិទ្ធិទាំងនេះនៅតែរងការគំរាមកំហែង។
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពជា(CCHR) ចេញផ្សាយរបាយការណ៍ មួយនៅចុងឆ្នាំ២០២៣ ដែលរកឃើញថា សេរីភាពបញ្ចេញមតិ និងសេរីភាពសារព័ត៌មាន នៅតែធ្លាក់ចុះ និងមានការគំរាមកំហែង។ របាយការណ៍បញ្ជាក់ថា ចាប់ពីខែកញ្ញា ឆ្នាំ២០២២ ដល់ខែសីហា ឆ្នាំ២០២៣ យ៉ាងហោចណាស់អ្នកកាសែត១៦នាក់ និងអ្នកការពារសិទ្ធិមនុស្ស១០០នាក់ប្រឈមមុខនឹងវិធានការផ្លូវច្បាប់ក្នុងអំឡុងរយៈពេលនោះ៕