សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

សហគមន៍ជនជាតិដើមភាគតិចកួយដែលរងការវាយដំជុំវិញវិវាទដីធ្លី សុំឲ្យអាជ្ញាធរផ្តល់យុត្តិធម៌

សហគមន៍ជនជាតិដើមភាគតិចកួយធ្វើពិធីបួងសួងសុំសេចក្តីសុខនិងដំណោះស្រាយដោយសន្តិវិធីចំពោះវិវាទដីធ្លី ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤។ (រូបភាពហ្វេសប៊ុករបស់លោក ពាន សុផាត)
សហគមន៍ជនជាតិដើមភាគតិចកួយធ្វើពិធីបួងសួងសុំសេចក្តីសុខនិងដំណោះស្រាយដោយសន្តិវិធីចំពោះវិវាទដីធ្លី ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤។ (រូបភាពហ្វេសប៊ុករបស់លោក ពាន សុផាត)

សហគមន៍ជនជាតិដើមភាគតិចកួ​យនៅភូមិបុស្ស និងភូមិប្រើស​ក្អក​ ឃុំម្លូព្រៃ២ ស្រុកឆែប ខេត្តព្រះវិហារទទូច​ឱ្យអាជ្ញាធរជួយរកយុត្តិធ៌មជូន​ពួកគាត់​ បន្ទាប់ពីត្រូវ​បានបុរសមួយក្រុមវាយធ្វើបាប។ អ្នក​ភូមិ​សង្ស័យ​ថា ​ពួកគេ​គឺ​ជា​កម្មករ​ចម្ការ​អំពៅ​ដែល​បាន​បំផ្លាញ​ដីស្រែ​ចម្ការរបស់​ពួកគាត់​។ 

 លោក ពាន​ សុផាត តំណាងសហគមន៍ប្រាប់ខេមបូចាថា កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ អ្នកភូមិបានប្រមូលផ្តុំ​គ្នា​រារាំង​ត្រាក់ទ័រ៣គ្រឿង ដែលគេដឹងថា ជា​កម្មសិទ្ធិរបស់អ្នកស្រុកក្នុង​មូល​ដ្ឋាន​ម្នាក់​ឈ្មោះ​ ឈាង គង់នូវ​​ មិន​ឲ្យ​ភ្ជួរដីនៅ​តំបន់​ ដែលអ្នកភូមិបានដាំដុះយូរមកហើយ។ 

 លោក សុផាត បាន​និយាយ​ថា ពេល​ពួកគាត់​ទៅ​ដល់​ការដ្ឋាន​សាងសង់​​លេខ​១១ ដើម្បី​ជួប​លោក គង់នូវ​ មនុស្ស​​របស់​គាត់​​តាម​​ចោទ​ថា ​បាន​បិទ​ទ្វារហើយ​​វាយដំ​​អ្នក​​ភូមិ ហើយអ្នក​ភូមិ​បី​នាក់​រង​របួស។

 អ្នក​ភូមិ​ម្នាក់​ទៀត​ឈ្មោះ សឿន ថា អាយុ៣០​ឆ្នាំ ជា​ជនជាតិ​ដើម​ភាគតិច​បាន​និយា​យ​ថា លោក គង់នូវ​​ តែងតែ​ភ្ជួរ​លើ​ដីរបស់​​ប្រជាពលរដ្ឋ ដូច្នេះ​នេះ​មិន​មែន​ជា​លើក​ទី​មួយ​ទេ។ ហេតុ​ដូច្នេះហើយ​ វាជា​មូលហេតុ​នៅ​ពី​ក្រោយ​ការ​សម្រេច​ចិត្ត​របស់​អ្នក​ភូមិ​ក្នុង​ការ​បញ្ឈប់​សកម្មភាព និង​ស្វែង​រក​​ចម្លើយ។ ផ្ទុយ​ទៅ​វិញ ក្រុម​​របស់​លោក គង់នូវ បាន​ប្រើ​អំពើ​ហិង្សា​មក​លើ​អ្នក​ភូមិ។

 លោកបាន​រៀប​រាប់​ថា៖ «ពេល​យើង​ទៅ​ដល់​ការដ្ឋាន​ គាត់​បាន​បញ្ជា​ឲ្យ​ក្រុម​របស់​គាត់​បិទ​ទ្វារ ហើយ​ប្រើ​អំពើ​ហិង្សា​មក​លើ​យើង។ គាត់​ក្របួច​​កអាវ​អ្នក​ភូមិ​ម្នាក់​ទៀតនិង​​វាយ​មនុស្ស​បី​នាក់​»។

 បើតាមលោក សឿន ថា បាន​ឲ្យ​ដឹងថា រដ្ឋាភិបាលបានបែងចែកដីដែលអ្នកភូមិដាំ​ដុះទៅឲ្យក្រុមហ៊ុនចិនមួយ​កាលពីឆ្នាំ២០១១។ នៅពេលដែលក្រុមហ៊ុនចិនដួល​​រលំនៅឆ្នាំ២០១៩ អ្នកភូមិ​បានបន្តដាំ​ដុះ​លើដីនោះឡើង​វិញ។ ពួកគាត់​ដាំដំ​ឡូង និងធ្វើ​ស្រែ​។ ប៉ុន្តែថ្មីៗនេះ បុរសមួយក្រុមជាមួយលោក​ គង់នូវ​​ ចាប់ផ្តើមភ្ជួរដី​ដាំ​ដំឡូង និងបំពាន​មក​លើ​អ្នកភូមិ។ 

 លោក សឿន ថា បាន​និយាយថា៖ «វា​មិនត្រឹម​ត្រូវ​ និង​អយុត្តិធម៌ ហើយ​អាជ្ញាធរ​នៅក្នុង​ខេត្ត​មិន​ប្រឹងប្រែង​ជួយ​យើង​ទេ​»។

កាលពីខែមករា ក្រុមហ៊ុនចិនចំនួន៥បានចុះហត្ថលេខាលើកិច្ចសន្យាជួលដីរដ្ឋនោះ​រយៈពេល៥០​ឆ្នាំ។ ក្រុមហ៊ុន​ដែល​បាន​ចុះ​បញ្ជី​នៅ​កម្ពុជាទាំង​នោះ​​គ្រោង​​ធ្វើ​ចម្ការ​អំពៅ និង​ដំណាំ​កសិឧស្សាហកម្ម​ផ្សេង​ទៀត​លើ​ផ្ទៃដី​សរុបទំហំ​ ២០.១៧៩ហិកតា។

 ទោះបី​ជា​​យ៉ាង​ណា លោក សឿន ថា និយាយថា មនុស្សមួយក្រុមដែល​មកភ្ជួរដី ​នោះ​​មិន​​មាន​ការ​​អនុញ្ញាត ឬ​លិខិត​បញ្ជាក់​ថា ​ពួកគេត្រូវបាន​អនុញ្ញាត​ឲ្យ​​ឈូស​ឆាយ​ដី​នោះ​ទេ។

 លោក​បន្ថែម​ថា អ្នក​ភូមិ​មិន​ចង់​​ប្រឆាំង​នឹង​ក្រុមហ៊ុន​ទេ ដោយលើកឡើងថា៖ «យើង​គ្រាន់​តែ​ចង់​ចរចា​រក​ដំណោះស្រាយ ​ព្រោះ​យើង​ធ្វើ​ស្រែ​ចម្ការ​លើ​ដី​នេះ​យូរ​មក​ហើយ»។

 លោក កាន់ សុវណ្ណគា មេឃុំម្លូព្រៃ២ បានប្រាប់ខេមបូចាថា អាជ្ញាធរមូលដ្ឋានបានដឹងអំពី​រឿងនេះ​ ដោយបន្ថែមថា នឹងបញ្ជូន​ករណី​នេះ​ទៅអាជ្ញាធរស្រុក ដើម្បីអន្តរាគមន៍។ លោក​មិនអាចដោះស្រាយបញ្ហានេះ​បានទេ ព្រោះវា «ហួសពីសមត្ថភាព​របស់លោក»។

 លោកបានពន្យល់ថា ប្រជាពលរដ្ឋមកពីឃុំរបស់លោកបានដាំដុះ​នៅលើដីរបស់ក្រុមហ៊ុនដែលគេស្គាល់ថា ក្រុមហ៊ុន ហេងហ្វូ ប៉ុន្តែ​ក្រុម​ហ៊ុន​នេះបានបញ្ឈប់ការដាំដុះ​ទៅវិញ​នៅឆ្នាំ២០១៩។ ប៉ុន្តែលោកមិនបានដឹងថា ប្រជា​ពល​រដ្ឋ​ប៉ុន្មាន​គ្រួសារ​ដែលបានធ្វើការ​ដាំដុះនៅលើដីនោះទេ។

លោក សុវណ្ណគា បាន​និយាយថា៖ «ឥឡូវ​នេះ ​ខ្ញុំ​សម្រុះសម្រួល​ឲ្យពួក​​គាត់​ [ជាមួយលោក ​គង់នូវ​]។ តាមពិត អ្នកភូមិបានដាំដំណាំលើដីក្រុមហ៊ុន ហើយចង់បន្តដាំ​ដុះ​​បន្ថែមទៀត»។

 អ្នកស្រី ណាប់ នឿន អាយុ៣៧ឆ្នាំបាននិយាយថា អ្នកភូមិបានធ្វើ​កំណត់ហេតុ​​ជា​មួយ​មន្ត្រី​នគរបាល​ បន្ទាប់ពីហិង្សានេះកើតឡើង ដោយបន្ថែមថា ពួកគាត់​បានស្នើឱ្យអា​ជ្ញាធរឃុំជួយរកយុត្តិធម៌សម្រាប់អ្នកដែលមានដីធ្លី ប៉ុន្តែឥឡូវនេះ «ត្រូវបានរំខានដោយមនុស្ស​ដែលមិនស្គាល់អត្តសញ្ញាណ»។

 អ្នក​ស្រី​បាន​និយាយថា៖«ខ្ញុំ​បាន​ដាក់​ពាក្យ​បណ្ដឹង​ហើយ ប៉ុន្តែ​ខ្ញុំ​មិន​ទាន់​ដឹង​លទ្ធផល​​នៅ​ឡើយ​ទេ។ វា​អយុត្តិធម៌ ​ព្រោះ​ដី​យើង​អាស្រ័យ​ផល​​យូរ​មក​ហើយ។ មាន​ដំណាំ​​នៅ​ទីនោះ ប៉ុន្តែ​ពួកគេ​មក​ភ្ជួរ​រាស់​បំផ្លាញ​ដំណាំ​របស់​យើង»។

 ខណៈ​អ្នក​ភូមិ​មិន​ស្គាល់​ថា ​ជន​នោះគឺ​ជា​អ្នក​ណា​ អ្នក​ស្រី​​ជឿ​ថា ​ច្បាស់​ជា​មាន «អ្នក​​មាន​អំណាច» នៅ​ពី​ក្រោយ​ការ​វាយ​ប្រហារនេះ ព្រោះ​ពួក​គេ​ហ៊ាន​ធ្វើ​បាប​អ្នក​ភូមិ​​។

អ្នក​ស្រីនិយាយថា៖«ប្រហែលជាមាននរណាម្នាក់នៅពីក្រោយខ្នង​ពួកគេ​។ បើ​មិន​អ៊ីចឹង​ទេ គាត់​មិន​ហ៊ាន​ធ្វើ​អ៊ីចឹង​ទេ ហើយ​អាជ្ញាធរ​នៅ​តែស្ងាត់​ស្ងៀម»។

 ប្រទេសកម្ពុជាមានជនជាតិដើម​ភាគតិច១៤​ក្រុម​និងសហគមន៍ជនជាតិដើមភាគតិចចំនួន១៥៥ នេះបើយោងតាមការសិក្សាស្តីពីប្រជាសាស្រ្ត និងស្ថានភាពសេដ្ឋកិច្ចសង្គមរបស់ជនជាតិដើមភាគតិចក្នុងប្រទេស ដែលបានបោះពុម្ពផ្សាយនៅឆ្នាំ ២០២១ ដោយក្រសួងផែនការ និងក្រសួងអភិវឌ្ឍន៍ជនបទ។

 រដ្ឋ​សភា​បាន​អនុម័ត​សេចក្តីព្រាង​ក្រមបរិស្ថាន និងធនធានធម្មជាតិថ្មីកាលពីខែមិថុនា ឆ្នាំ២០២៣។  

 ពលរដ្ឋម្នាក់ទៀតឈ្មោះ ខាត ស៊ីសុផាន សង្ឃឹមថា រដ្ឋាភិបាលនឹងឈប់ប្រគល់ដីដែលប្រជាពលរដ្ឋប្រើប្រាស់សម្រាប់ដាំដំណាំទៅ​ឲ្យក្រុមហ៊ុនឯកជន ខណៈលោក​ស្នើឲ្យរដ្ឋាភិបាល​ដកដីពីក្រុមហ៊ុនស្ករ​អំពៅ​ចិន រូយ ហ្វេង។ 

 លោកនិយាយ​​ថា អ្នក​ភូមិ​ត្រូវ​ការ​ដី​ស្រែ​ចម្ការ​សម្រាប់​ចិញ្ចឹម​គ្រួសារ ខណៈ​ជីវ​ភាព​​របស់​ពួក​គាត់​ស្ថិត​ក្នុង​​ស្ថានភាព​លំបាក​ ហើយ​ពួក​គាត់​ជំពាក់​បំណុល​គេ។

 លោក ខាត់ ស៊ីសុផាន បាន​និយាយថា៖ «ប្រជាពលរដ្ឋ​នៅ​ភូមិ​នេះ​ជួប​ការ​លំបាក​ហើយ​មិន​សប្បាយ​ចិត្តទេ​​សព្វ​ថ្ងៃនេះ​។ វា​មិន​យុត្តិធម៌​ទេ [ដី​នោះ​ត្រូវ​បាន​ធ្វើ​ជា​ឯកជន​ភាវូបនីយកម្ម​ផ្តល់​ឲ្យ​​ក្រុមហ៊ុន]»។

 លោកបន្តថា៖«ខ្ញុំចង់ឃើញរដ្ឋាភិបាលថ្មីធ្វើកំណែទម្រង់ច្បាប់ និងគោរពសិទ្ធិមនុស្ស រួមទាំងអ្នកដែលរស់នៅតំបន់ដាច់ស្រយាលដូចពួកយើងចឹង។ បើ​គ្មាន​ដី​ស្រែ​ចម្ការ យើងនឹង​​មិន​អាច​រស់​នៅ​បាន​ស្រួល​នោះ​ទេ»។

លោក ណុប វុទ្ធី អភិបាលរង​ខេត្ត​ព្រះវិហារជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​ដាក់​ពាក្យ​បណ្តឹង​​ទៅ​អាជ្ញាធរ​ពាក់ព័ន្ធ​នឹង​អំពើ​ហិង្សានេះ​។ លោក វុទ្ធី ប្រាប់ខេមបូចា​ថា«ដរាបណាពួកគាត់​មានភស្តុតាង»

 លោក​បាន​មាន​ប្រសាសន៍​ថា អាជ្ញាធរ​ខេត្ត​ព្រះវិហារ​បាន​ធ្វើ​កិច្ច​សន្យា​ជាមួយ​អ្នក​ភូមិ ដើម្បី «ធ្វើ​ឲ្យ​ពួក​គាត់​​យល់​» ថា ​ដី​នោះ​ត្រូវ​បាន​ផ្តល់​ឲ្យ​ក្រុមហ៊ុន​ឯកជន។

 កិច្ចសន្យាក៏បានបញ្ជាក់ផង​ដែរថា ពួកគាត់​គួរតែ «ឈប់ដាំដុះ​នៅលើដីវិនិយោគ»ប៉ុន្តែ «រៀងរាល់ឆ្នាំនិងរាល់​រដូវ» អ្នកភូមិនៅតែបន្តដាំដំណាំលើដីនោះ​ដដែល​។

 លោក វុទ្ធី បាន​មាន​ប្រសាសន៍​ថា៖​«យើង​បាន​ប្រគល់​វា​ទៅ​ឲ្យ​ក្រុមហ៊ុន​ចិន​។ [អ្នកភូមិ] តែងតែនិយាយថា [វាជាដីរបស់គាត់​]។ ជាក់ស្តែង វាមិនដូច្នេះ​ទេ។ ដីនេះ​ត្រូវបានចុះបញ្ជីជាដីរដ្ឋរួចហើយ»។ដោយលោកបានបន្ថែមថា៖ «ឥឡូវ​នេះ យើង​មាន​គណៈកម្មាធិការ​គ្រប់​គ្រង​​ដី​រដ្ឋ។ យើង​កំពុង​ស៊ើបអង្កេត​លើ​ប្រវត្តិ​របស់​ដី​នេះ​ថា ​តើ​ពួកគាត់​​ពិតជា​កាន់កាប់​ដី​ឬ​យ៉ាងណា​ ហើយ​ប្រសិនបើ​ពួកគាត់​​មាន​ឯកសារ​គ្រប់គ្រាន់​។ អាជ្ញាធរ​ខេត្ត​នឹង​ចាត់​វិធានការ​តាម​ច្បាប់»។

 យោងតាមមាត្រា២៥ នៃច្បាប់ភូមិបាល ដីសហគមន៍ជនជាតិដើមភាគតិចគឺ​ជា​ដីទាំង​អស់ ដែលសហគមន៍បានរៀប​ចំ​និវេសដ្ឋាន និងប្រកបរបរកសិកម្ម​ប្រពៃណី​។ ដីសហគមន៍​ជនជាតិ​ដើម​ភាគតិច​មិនមែនមាន​តែដី ដែល​បាន​ដាំដុះជាក់ស្តែង​ប៉ុណ្ណោះទេ ប៉ុន្តែ​មាន​ដីបម្រុង​ចាំបាច់​ក្នុង​ការ​ដូរវេន​ដំណាំ​ថែម​ទៀត​ ហើយ​ត្រូវបាន​ទទួលស្គាល់ដោយអាជ្ញាធររដ្ឋបាល​។

 លោក ប៉ិក សោភ័ណ នាយកប្រតិបត្តិអង្គការពន្លកខ្មែរ មានប្រសាសន៍ថា អាជ្ញាធរគួរតែជួយជនជាតិដើមភាគតិចឲ្យទទួលបានយុត្តិធម៌ និងធ្វើឲ្យស្ថានការណ៍ស្ងប់ស្ងាត់ ព្រោះ​ពួកគាត់​បានធ្វើស្រែចម្ការលើ​ដីនោះ​យូរមកហើយ។

 សហគមន៍ជនជាតិដើមភាគតិចត្រូវបានការពារដោយច្បាប់ និងមានសិទ្ធិទទួលបានដីធ្លី​ «ប៉ុន្តែ​អាជ្ញាធរ​ហាក់​ដូចជា​មិន​ខ្វល់​ច្រើន​ពី​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​ទេ ហើយ​ពួកគាត់​​អាច​នឹង​បាត់បង់​សិទ្ធិ​ដីធ្លី​របស់​ខ្លួន»។

 លោក​មាន​ប្រសាសន៍​ថា៖«ហេតុ​អ្វី​បាន​ជា​មិន​ជួយ​ពួក​គាត់​​ឱ្យ​ចុះ​បញ្ជី​ដី​របស់​គាត់​? យ៉ាងហោចណាស់​ ជួយ​ពួកគាត់​​ឲ្យទទួលបាន​កម្មសិទ្ធិ​ដីធ្លី​សម្រាប់​ការប្រើប្រាស់​ជា​ឯក​ជន។ ធ្វើ​បែប​នេះ​​មាន​ភាពយុត្តិធម៌​ជាង​»៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Kuy Community Assaulted Over Land Dispute, Asks Authorities To Restore Justice

320 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម