អំឡុងដំណើរបំពេញទស្សនកិច្ចទៅកាន់ប្រទេសថៃកាលពីថ្ងៃទី៧ ខែកុម្ភៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណលោកនាយករដ្ឋមន្ត្រី សេដ្ឋា ថាវីស៊ីន (Srettha Thavisin ) ដែលមិនអនុញ្ញាតឱ្យនរណាម្នាក់ប្រើប្រាស់ប្រទេសថៃ ធ្វើជាមូលដ្ឋានដើម្បីជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេសកម្ពុជា ។
លោក សេដ្ឋា ថាវីស៊ីន បានសន្យាជាមួយលោក ហ៊ុន ម៉ាណែត ថា ប្រទេសរបស់លោកនឹងមិនអត់ឱនចំពោះជនណា ដែលប្រព្រឹត្តសកម្មភាពគ្រោះថ្នាក់លើប្រទេសជិតខាងឡើយ ។
លោក សេដ្ឋា បានមានប្រសាសន៍ថា៖ «ខ្ញុំបានបញ្ជាក់ជាថ្មីចំពោះលោក ហ៊ុន ម៉ាណែត អំពីគោលនយោបាយរបស់ប្រទេសថៃ ដែលមិនអនុញ្ញាតឲ្យអ្នកណាម្នាក់ ប្រើប្រាស់ប្រទេសថៃជាវេទិកា ដើម្បីជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង [របស់ប្រទេសកម្ពុជា] ដើម្បីធ្វើសកម្មភាពគ្រោះថ្នាក់ប្រឆាំងនឹងប្រទេសជិតខាងឡើយ ។ យើងនឹងអនុវត្តច្បាប់ និងគោលនយោបាយរបស់យើងយ៉ាងតឹងរ៉ឹងក្នុងរឿងនេះ» ។
លោក ហ៊ុន ម៉ាណែត បានឆ្លើយតប អំឡុងសន្និសីទសារព័ត៌មានរួមថា៖ «ខ្ញុំសូមអរគុណចំពោះការបញ្ជាក់ជាថ្មីអំពីការគាំទ្ររបស់ឯកឧត្តម និងការមិនអនុញ្ញាតឱ្យមានការប្រើប្រាស់ទឹកដីថៃសម្រាប់សកម្មភាពណាមួយ ដើម្បីជ្រៀតជ្រែកក្នុងនយោបាយផ្ទៃក្នុងរបស់កម្ពុជា» ។ លោកបានបន្ថែមថា៖ «រដ្ឋាភិបាលកម្ពុជាក៏ប្តេជ្ញាថា នឹងមិនអនុញ្ញាតឲ្យប្រើប្រាស់កម្ពុជាជាវេទិកាសម្រាប់សកម្មភាពដែលជ្រៀតជ្រែកដល់នយោបាយថៃឬបង្កបញ្ហានៅក្នុងប្រទេសថៃនោះទេ» ។
អំឡុងដំណើរទស្សនកិច្ចរបស់លោក ហ៊ុន ម៉ាណែត អាជ្ញាធរថៃបានចាប់ខ្លួនសកម្មជននយោបាយខ្មែរចំនួន៣នាក់បន្ថែមទៀត គឺលោក ឈន សុខឿន លោក ឆន ចាន់នី និងលោក ភាព ចាន់សុផេន ដែលមានម្នាក់ក្នុងចំណោមពួកគេមានអាយុត្រឹមតែ ១៦ឆ្នាំប៉ុណ្ណោះ នេះបើយោងតាមសេចក្តីរាយការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស ។
ការចាប់ខ្លួននេះ គឺបន្ថែមលើការចាប់ខ្លួនលោក គង់ រ៉ៃយ៉ា អតីតសមាជិកបក្សប្រឆាំង និងមនុស្សពីរនាក់ផ្សេងទៀតដោយអាជ្ញាធរថៃកាលពីសប្តាហ៍មុន ។ អ្នកទាំងបីបានលាឈប់ពីគណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាច ហើយបានភៀសខ្លួនទៅប្រទេសថៃ ។
សរុបទាំងអស់ មន្ត្រីថៃបានឃាត់ខ្លួនមនុស្ស៦នាក់ ដែលចោទពីបទរៀបចំផែនការធ្វើបាតុកម្មប្រឆាំងនឹងដំណើរទស្សនកិច្ចរបស់លោក ហ៊ុន ម៉ាណែត ។
លោក សៀង សុធា អតីតតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ ដែលរស់នៅប្រទេសថៃ ក្នុងឋានៈជាជនភៀសខ្លួន បាននិយាយថា សកម្មជននយោបាយទាំងនេះ មិនទាន់ត្រូវបានដោះលែងនៅឡើយទេ ។ ទន្ទឹមនឹងនេះ ការតវ៉ា ដែលបានគ្រោងទុកដំណាលគ្នានឹងដំណើរទស្សនកិច្ចរបស់លោក ហ៊ុន ម៉ាណែត នោះ ត្រូវបានលុបចោលវិញ ព្រោះពួកគេចង់រក្សាភាពស្ងប់ស្ងាត់ និងរក្សាសុវត្ថិភាព ។
លោក សុធា មានប្រសាសន៍ថា៖ «ប្រសិនបើយើងមិនតវ៉ា ពួកគេ [អាជ្ញាធរថៃ] អាចនឹងពិភាក្សាអំពីការបន្ធូរបន្ថយទោសពួកគាត់ [សកម្មជនដែលត្រូវបានឃាត់ខ្លួន] ។ ប្រសិនបើយើងបន្តតវ៉ា អាជ្ញាធរអាចនឹងបញ្ជូនពួកគាត់មកកម្ពុជា» ។
កាលពីថ្ងៃទី២៩ ខែធ្នូ មន្ត្រីថៃបានឃាត់ខ្លួនជនភៀសខ្លួនខ្មែរ១០នាក់ ដែលកំពុងចូលរួមវគ្គបណ្តុះបណ្តាលស្តីពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសក្នុងទីក្រុងបាងកក ។ ក្រោយមកមនុស្សបីនាក់ត្រូវបានគេដោះលែងវិញ ប៉ុន្តែប្រាំពីរនាក់ផ្សេងទៀតនៅតែស្ថិតក្រោមការឃុំខ្លួនរបស់នគរបាលអន្តោប្រវេសន៍ ។
លោក អំ សំអាត នាយកទទួលបន្ទុកចាត់ការទូទៅនៃអង្គការលីកាដូបានប្រាប់ខេមបូចាថា ទោះបីជាប្រទេសថៃបានចុះអនុស្សារណ:យោគយល់គ្នាជាមួយឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន UNHCR ក៏ដោយ ក៏ប្រទេសថៃមិនមែនជាកន្លែងសុវត្ថិភាពសម្រាប់សកម្មជនដែលស្វែងរកសិទ្ធិជ្រកកោននោះទេ ហេតុនេះហើយបានជាអាជ្ញាធរថៃតែងតែចាប់ខ្លួនពួកគាត់ ។
លោកមានប្រសាសន៍ថា៖ «ជនភៀសខ្លួនខ្លះត្រូវបានទទួលស្គាល់ដោយ UNHCR ប៉ុន្តែពួកគេនៅតែត្រូវបានចាប់ខ្លួន ។ វាបង្ហាញពីការរំលោភសិទ្ធិជនភៀសខ្លួន» ។
ទាក់ទងនឹងដំណើរទស្សនកិច្ចរបស់លោក ហ៊ុន ម៉ាណែត ទៅប្រទេសថៃ លោក ហ្វីល រ៉ូបឺតសិន នាយករងប្រចាំតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សបានថ្លែងថា មេដឹកនាំប្រទេសថៃមិនគួរចាប់ខ្លួនសកម្មជននយោបាយខ្មែរដែលកំពុងនិរទេសខ្លួននៅប្រទេសថៃឡើយ ។
មេដឹកនាំថៃគួរតែទទួលស្គាល់ថា ក្នុងនាមជាប្រទេសជិតខាងល្អ គឺពាក់ព័ន្ធនឹងប្រជាជនផងដែរ ហើយមិនមែនគ្រាន់តែនិយាយអំពីការលើកកម្ពស់ពាណិជ្ជកម្ម និងការវិនិយោគ និងការសម្រេចបានកិច្ចព្រមព្រៀងឧស្ម័នធម្មជាតិប៉ុណ្ណោះទេ ។
លោក រ៉ូបឺតសិន បាននិយាយថា៖ «ជនភៀសខ្លួនគួរតែត្រូវបានដោះលែងភ្លាមៗ និងដោយគ្មានលក្ខខណ្ឌ ហើយអនុញ្ញាតឱ្យស្វែងរកកន្លែងសុវត្ថិភាព និងការការពារនៅក្នុងប្រទេសទីបី ប្រសិនបើនោះជាអ្វីដែលពួកគេចង់បាន» ។
លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសមិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ ។
យោងតាមទំព័រហ្វេសប៊ុករបស់លោក ហ៊ុន ម៉ាណែត ប្រទេសទាំងពីរបានពិភាក្សាអំពីកិច្ចការតំបន់ និងអន្តរជាតិ បង្ហាញការគាំទ្រគ្នាទៅវិញទៅមកលើវេទិកាអន្តរជាតិ និងជំរុញកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ការឆបោកតាមប្រព័ន្ធអ៊ីនធឺណិត និងការអភិវឌ្ឍន៍តាមព្រំដែន ដើម្បីធានាថា ប្រទេសទាំងពីរទទួលបានសន្តិភាព និងវិបុលភាព ។
លោក ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា៖ «យើងក៏បានពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម រួមមានការបោកប្រាស់តាមប្រព័ន្ធអនឡាញ ឧក្រិដ្ឋកម្មឆ្លងដែន និងគូសបញ្ជាក់ពីតម្រូវការសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ និងការផ្លាស់ប្តូរព័ត៌មានជាមួយទីភ្នាក់ងារពាក់ព័ន្ធ» ។
ក្នុងក្របខណ្ឌនៃការពង្រឹងទំនាក់ទំនងនយោបាយ និងការទូត ភាគីទាំងពីរបានឯកភាពគ្នាក្នុងការបង្កើនកម្រិតទំនាក់ទំនងទ្វេភាគីពីការពង្រឹងភាពជាដៃគូ ដើម្បីសន្តិភាព និងវិបុលភាពទៅជាភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីផលប្រយោជន៍ប្រទេសជាតិ និងប្រជាជនទាំងសងខាង ។
នាយករដ្ឋមន្ត្រីថៃលោក សេដ្ឋា បានថ្លែងថា៖ «ធ្វើដូចនេះនឹងបើកឱកាសជាច្រើនសម្រាប់យើង ដើម្បីធ្វើការកាន់តែជិតស្និទ្ធ» ។ ប្រទេសថៃក៏នឹងបើកស្ថានកុងស៊ុលថៃថ្មីមួយនៅខេត្តសៀមរាប ហើយកម្ពុជានឹងបើកស្ថានកុងស៊ុលមួយនៅខេត្តសុងក្លា ។
នាយករដ្ឋមន្ត្រីទាំងពីរក៏បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីលើវិស័យមួយចំនួនដែលមានផលប្រយោជន៍រួម ខណៈធ្វើជាសាក្សីលើពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ចំនួនប្រាំស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី ។
អនុស្សារណៈមួយក្នុងចំណោមនោះ គឺនិយាយអំពីកិច្ចសហប្រតិបត្តិការលើវិស័យកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និងការឆ្លើយតបបន្ទាន់រវាងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយកម្ពុជា និងក្រសួងមហាផ្ទៃនៃប្រទេសថៃ ។
នាយករដ្ឋមន្ត្រីទាំងពីរក៏បានយល់ព្រមសហការលើវិស័យអប់រំវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា រវាងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍របស់កម្ពុជា និងក្រសួងឧត្តមសិក្សា វិទ្យាសាស្ត្រ ស្រាវជ្រាវ និងនវានុវត្តន៍របស់ប្រទេសថៃ ។
អនុស្សរណៈយោគយល់គ្នាស្តីពីទំនិញឆ្លងកាត់ត្រូវបានចុះហត្ថលេខាដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករ និងនាយកដ្ឋានគយថៃ ខណៈអនុស្សរណៈមួយទៀត គឺធ្វើឡើងរវាងសភាពាណិជ្ជកម្មកម្ពុជា និងធនាគារនីហរ័ណ-អាហរ័ណថៃ និងសភាពាណិជ្ជកម្មថៃ ។
ទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករបានបង្ហាញថា ប្រទេសថៃគឺជាដៃគូពាណិជ្ជកម្មធំទីពីររបស់កម្ពុជាក្នុងតំបន់អាស៊ានដែលមានតម្លៃពាណិជ្ជកម្មសរុប៣,៧១ពាន់លានដុល្លារក្នុងឆ្នាំ២០២៣ ដោយធ្លាក់ចុះ១៧ភាគរយពោលធ្លាក់ចុះពី៤,៤៧ពាន់លានដុល្លារក្នុងឆ្នាំ២០២២ ។
លោក ហុង វណ្ណៈ អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា (RAC) មានប្រសាសន៍ថា ដំណើរទស្សនកិច្ចរបស់លោក ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសថៃនឹងធ្វើឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរមានភាពប្រសើរឡើង។ ទោះបីជាប្រទេសថៃ និងវៀតណាមមានសេដ្ឋកិច្ចរឹងមាំក៏ដោយ ក៏កម្ពុជាមិនអាចពឹងផ្អែកលើតម្រូវការទីផ្សាររបស់ប្រទេសទាំងពីរបានដែរ ។
លោកមានប្រសាសន៍ថា៖ «យើងមិនដែលនាំចេញច្រើនទៅប្រទេសថៃ ឬវៀតណាមទេ ដូច្នេះប្រសិនបើយើងរំពឹងពីទីផ្សារថៃច្រើនពេក វាមិនល្អទេ ។ យើងគួរតែផ្តោតលើគុណភាពនៃផលិតផលរបស់យើង ហើយរកមើលទីផ្សារផ្សេងទៀតសម្រាប់ពាណិជ្ជកម្ម» ។
ទាក់ទងនឹងតំបន់កាន់កាប់ត្រួតស៊ីគ្នា (OCA) លោក ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការប្រែប្រួលបរិស្ថានពិភពលោកបានធ្វើឱ្យសន្តិសុខថាមពលក្លាយជាបញ្ហាសំខាន់សម្រាប់ប្រទេសទាំងពីរ ។ ជាលទ្ធផល ប្រទេសទាំងពីរបានសម្រេចបន្តការពិភាក្សា ។
លោកបានមានប្រសាសន៍ថា៖ «យើងសង្ឃឹមថា កិច្ចពិភាក្សានេះនឹងផ្តល់លទ្ធផលក្នុងពេលឆាប់ៗខាងមុខ ដើម្បីឲ្យប្រទេសទាំងពីរអាចទទួលបានផលប្រយោជន៍ទៅវិញទៅមកពីការងារនេះ» ។
យោងតាមកាសែតបាងកកប៉ុស្តិ៍បានឲ្យដឹងថា ប្រទេសថៃបានជំរុញឲ្យកម្ពុជាចូលរួមក្នុងគំនិតផ្តួចផ្តើមយុទ្ធសាស្ត្រផ្ទៃមេឃស្រឡះ (CLEAR Sky Strategy) ដែលមានគោលបំណងបង្កើនកិច្ចសហប្រតិបត្តិការក្នុងចំណោមប្រទេសជិតខាងក្នុងការប្រយុទ្ធប្រឆាំងនឹងអ័ព្ទឆ្លងដែន៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ PM Hun Manet Thanks Thailand for Averting ‘Interventions’ in Cambodian Affairs