រដ្ឋាភិបាលត្រៀមដាក់ចេញយន្តការជំរុញឱ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារផ្តល់ប្រាក់កម្ចី ក្នុងអត្រាការប្រាក់ទាបដល់អ្នកប្រកបរបរដឹកជញ្ជូនកម្មករនិយោជិត ដើម្បីជំរុញឱ្យពួកគេផ្លាស់ប្តូរពីរថយន្តកែច្នៃទៅប្រើប្រាស់រថយន្តក្រុង ខណៈមន្ត្រីរដ្ឋាភិបាលផ្ទាល់ក៏ទទួលស្គាល់ថាអត្រាប្តូរទៅរថយន្តក្រុងទើបបានប្រមាណ៣០ភាគរយនៅឡើយ។
អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក កត្តា អ៊ន បានមានប្រសាសន៍ថា បច្ចុប្បន្ននេះក្រសួងពាក់ព័ន្ធកំពុងសិក្សារួមគ្នាលើយន្តការសំខាន់ៗចំនួន៤ ដើម្បីជំរុញឱ្យប្រជាពលរដ្ឋដែលប្រកបរបរដឹកជញ្ជូនកម្មករនិយោជិតទាំងអស់ផ្លាស់ប្តូរពីរថយន្តកែច្នៃទៅប្រើប្រាស់រថយន្តក្រុង។ ក្នុងនោះយន្តការទី១ គឺការលើកទឹកចិត្តឱ្យអ្នកដឹកជញ្ជូនដែលមានលទ្ធភាពប្រើប្រាស់រថយន្តក្រុងក្នុងស្រុក និងទី២ គឺការផ្តល់ប្រាក់កម្ចីក្នុងអត្រាការប្រាក់ទាបសមរម្យ។ ដោយឡែកយន្តការទី៣ គឺការផ្តល់កាតព្វកិច្ចដឹកជញ្ជូនកម្មករនិយោជិតនេះឱ្យទៅភាគីក្រុមហ៊ុនជាអ្នកទទួលខុសត្រូវ ហើយទី៤ គឺការនាំចូលរថយន្តក្រុងដែលមានតម្លៃសមរម្យពីក្រៅប្រទេស។
យ៉ាងណាលោកឱ្យដឹងថា យន្តការទី១ បានដំណើរការជាបន្តបន្ទាប់ហើយ ខណៈយន្តការទី២ទាក់ទងនឹងការផ្តល់ប្រាក់កម្ចីក្នុងអត្រាការប្រាក់ទាបឱ្យអ្នកប្រកបរបរដឹកជញ្ជូនកម្មករនិយោជិតនឹងដាក់ឱ្យអនុវត្តក្នុងរយៈពេលឆាប់ៗខាងមុខនេះ។ ប៉ុន្តែលោកមិនទាន់អាចបញ្ជាក់ពីកាលបរិច្ឆេទច្បាស់លាស់នៅឡើយទេ នៅពេលអ្នកសារព័ត៌មានសួរថា តើយន្តការនេះអាចធ្វើបានក្នុងអាណត្តិទី៧នេះដែរឬទេ?
លោកថ្លែងថា៖ «យើងនឹងធ្វើបានភ្លាមៗ គឺកម្ចីប្រាក់ពីធនាគារ និងមីក្រូហិរញ្ញវត្ថុកម្រិតការប្រាក់ទាបណាមួយ ដែលយើងត្រូវបានព្យាយាមដែរនៅក្នុងការពិគ្រោះយោបល់ ពីព្រោះការចូលរួមជួយកម្មករនិយោជិត គឺជាការចូលរួមរបស់និយោជក ក៏ដូចជាភាគីពាក់ព័ន្ធ រដ្ឋាភិបាលជាដើម»។
បើតាមលោក កត្តា អ៊ន បានឱ្យដឹងថា គិតមកទល់ពេលនេះ អ្នកបើកបរទើបផ្លាស់ប្តូរទៅប្រើប្រាស់រថយន្តក្រុងបានប្រមាណ៣០ភាគរយប៉ុណ្ណោះ។
ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ យល់ថា ជារឿងចាំបាច់បំផុតដែលរដ្ឋាភិបាលគួរចេញនូវយន្តការនេះ ព្រោះធ្លាប់បានជជែកគ្នាជាច្រើនឆ្នាំមកហើយ។ លោកបន្តថា កម្មករនិយោជិតនៅតាមទីជនបទនៅតែប្រឈមនឹងហានិភ័យ ដោយពួកគេភាគច្រើនធ្វើដំណើរតាមរ៉ឺម៉ក និងឡានកែច្នៃខុសបច្ចេកទេស។ បញ្ហានេះលោកថាដោយសារតែកង្វះលទ្ធភាពរបស់អ្នកដឹកជញ្ជូន ដែលតម្រូវឱ្យមានការយកចិត្តទុកដាក់ខ្ពស់ពីស្ថាប័នពាក់ព័ន្ធ។
លោកថ្លែងថា៖ «គួរដល់ពេលហើយ ព្រោះរឿងហ្នឹងជជែកគ្នា៤ទៅ៥ឆ្នាំហើយ អ៊ីចឹងគួរដល់ពេលហើយ[..]សព្វថ្ងៃនេះនៅមានបញ្ហាច្រើនណាស់នៅតាមរោងចក្រសហគ្រាស ជាពិសេសនៅតាមជាយក្រុង។ មិនត្រឹមតែឡានកែច្នៃទេ មានទាំងរ៉ឺម៉កទៀត ដឹក២០ ឬ៣០ ឬ៤០នាក់ឯណុះ ហើយឡានអីគឺនៅដដែលទេ អត់ទាន់មានការប្រែប្រួលទេ»។
អង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំកម្ពុជាបានរកឃើញថា រថយន្តដឹកកម្មករនិយោជិតដោយឈរ បានប៉ះពាល់ដល់ផាសុកភាព និងសណ្តាប់ធ្នាប់កម្មករនិយោជិត ហើយជាពិសេសប្រឈមនឹងគ្រោះថ្នាក់ដោយសារងាយក្រឡាប់ថែមទៀត។
ប្រធានសមាគមដឹកជញ្ជូន និងការងារក្រៅប្រព័ន្ធ លោក នាក់ ហេង យល់ឃើញថា ការផ្តល់ប្រាក់កម្ចីដែលមានការប្រាក់ទាប ជាយន្តការមួយដែលមានប្រសិទ្ធភាពខ្ពស់ក្នុងការជំរុញឱ្យមានការផ្លាស់ប្តូរពីរថយន្តកែច្នៃទៅជារថយន្តក្រុង។ ការអះអាងដូច្នេះ ដោយលោកសំអាងថា បច្ចុប្បន្នអ្នកប្រកបរបរដឹកកម្មករនិយោជិតកំពុងជួបបញ្ហាប្រឈមជាច្រើនជុំវិញបញ្ហាជីវភាព ដោយសារតម្លៃប្រេងឡើងថ្លៃ ហើយចំនួនកម្មករនិយោជិតត្រូវបានថយចុះ ព្រោះតែរោងចក្រមួយចំនួនត្រូវបានបិទទ្វារ ឬជម្រុះកម្មករ។
ជាពិសេសលោកថា អ្នកបើកបរជាច្រើនសុទ្ធតែជាប់បំណុលធនាគារដោយសារយកលុយទិញរថយន្តកែច្នៃ ដូច្នេះពួកគេនឹងមិនមានលទ្ធភាពខ្ចីបន្ថែមទៀតឡើយ បើពុំមានការយកចិត្តទុកដាក់ពីស្ថាប័នពាក់ព័ន្ធ។
លោកមានប្រសាសន៍ថា៖ «បើមានឆាប់ៗរបៀបអ៊ីចឹងមែន អ្នកបើកបរសប្បាយចិត្តមែនទែន ដោយសារតែបច្ចុប្បន្នគាត់ទាក់ទងនឹងការខ្ចីធនាគារការប្រាក់ខ្ពស់ហើយ ទម្រាំតែគាត់ប្តូររថយន្តទៀត វាហាក់បីដូចជាជាន់ទៅលើគាត់។ អ៊ីចឹងបើសិនជាករណីគាត់មានរដ្ឋអាចជួយកម្ចីបានអ៊ីចឹង អាហ្នឹងគឺជាការប្រសើរមែនទែន»។
អ្នកនាំពាក្យសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា លោក កាំង តុងងី យល់ថា ការជំរុញឱ្យពង្រឹងសុវត្ថិភាពលើការដឹកជញ្ជូនកម្មករនិយោជិត គឺជាកត្តាចាំបាច់។ ប៉ុន្តែលោកថា សមាគមរបស់លោកមិនទាន់ទទួលព័ត៌មានពីយន្តការផ្តល់ប្រាក់កម្ចីដល់អ្នកបើកបរក្នុងអត្រាការប្រាក់ទាបនេះនៅឡើយ ដោយលោកថាទំនងជារដ្ឋាភិបាលអាចនឹងកំពុងធ្វើការជាមួយស្ថាប័នពាក់ព័ន្ធផ្សេង។
លោកថ្លែងថា៖ «មកដល់ពេលនេះខ្ញុំដូចជាអត់ទាន់ទទួលបានព័ត៌មានហ្នឹងទេ[..]ខ្ញុំគិតថាប្រហែលជាអ្វីដែលរដ្ឋាភិបាលធ្វើហ្នឹង គឺគេធ្វើជាមួយនឹងសមាគមកម្មករនិយោជកអីជាដើមហ្នឹងទេ»។
យ៉ាងណា អ្នកនាំពាក្យរូបនេះបញ្ជាក់ថា ក្នុងពេលបច្ចុប្បន្ននេះសេវាហិរញ្ញវត្ថុច្រើនរួចទៅហើយ ទៅតាមលក្ខខណ្ឌនៃអតិថិជិនដែលមានចាប់ពី៦ភាគរយដល់១៨ភាគរយក្នុងឆ្នាំ។
អត្រាការប្រាក់ប្រែប្រួលតាមគ្រឹះស្ថានផ្តល់ប្រាក់កម្ចីនីមួយៗ ប៉ុន្តែអត្រាការប្រាក់ជាមធ្យមបច្ចុប្បន្នសម្រាប់កម្ចីទិញរថយន្តពីធនាគារភ្នំពេញពាណិជ្ជចាប់ផ្តើមពី៩,៥ភាគរយក្នុងមួយឆ្នាំ ចំណែកឯធនាគារអេស៊ីលីដាមានអត្រាចាប់ពី១២ភាគរយទៅ១៨ភាគរយជារៀងរាល់ឆ្នាំ។
អ្នកប្រកបរបរដឹកកម្មករនិយោជិតដោយប្រើរថយន្តទ្រុងចំណុះ៥តោននៅខេត្តកំពង់ចាមម្នាក់ លោក អឿ អិត នៅតែយល់ថា ទោះបីអ្នកបើកបរទទួលបានកម្ចីក្រោមអត្រាការប្រាក់ទាប ក៏នៅតែជាបន្ទុកធ្ងន់ធ្ងរដែរ ដោយថាពីមុនលោកធ្លាប់មានភ្ញៀវ៧០នាក់ ប៉ុន្តែ ២ឆ្នាំចុងក្រោយនេះមានភ្ញៀវដឹកតែ១០នាក់ប៉ុណ្ណោះ ដោយសារតែរោងចក្រភាគច្រើនបញ្ឈប់កម្មករអស់យ៉ាងច្រើន។
បន្ថែមលើនេះ លោកថា រថយន្តទ្រុងរបស់លោកដែលទិញតម្លៃជាង២ម៉ឺនដុល្លារអាចនឹងលក់មិនចេញ ឬត្រូវខាតជាងពាក់កណ្តាល ពោលគឺបានត្រឹម៨ពាន់ដុល្លារប៉ុណ្ណោះ។ ដូច្នេះលោកយល់ថា ប្រសិនបើក្រសួងតម្រូវឱ្យផ្លាស់ប្តូរទៅរថយន្តក្រុងដោយប្រើកកម្ចីធនាគារ ហើយមិនបានជួយដោះដូររថយន្តទ្រុងចេញជាមុនទេនោះ ហាក់ដូចជាយកកពួកគាត់ទៅចងនឹងខ្សែដែរ។
លោកបញ្ជាក់ថា៖ «បើដាក់អ៊ីចឹង រឹតតែដាក់បំណុលឱ្យអ្នកតៃកុងឡានថែម។ បើថាដាក់ឱ្យតែកុងឡានគ្នាគ្មានលទ្ធភាពទៅទិញ ហើយខ្ចីលុយធនាគារមកថែម ដូចយកកទៅដាក់អន្ទាក់អ៊ីចឹង ដូចចងកអ៊ីចឹង បើអស់មនុស្សហើយ ឡានយើងលក់អត់ចេញផង»។
ស្រដៀងគ្នា អ្នកដឹកកម្មករដែលប្រើរថយន្តទ្រុងចំណុះ២,៥តោននៅខេត្តកំពង់ចាមម្នាក់ទៀត លោក សំណាង សុខវុត្ថា ក៏យល់ថា ការទទួលយកប្រាក់កម្ចីដែលមានការប្រាក់ទាប នឹងមិនអាចឆ្លើយតបនឹងជីវភាពរបស់ពួកគាត់បច្ចុប្បន្នឡើយ ដោយថាលោកនៅមិនទាន់បង់ផ្តាច់កម្ចីធនាគារដែលយកទិញរថយន្តទ្រុងខាងលើនៅឡើយ។
ជាងនេះទៅទៀត លោកថា តម្លៃឡានក្រុង យ៉ាងហោចណាស់ក៏ចន្លោះពី ១២ ០០០ដុល្លារ ទៅ ១៥ ០០០ដុល្លារដែរ ហើយអាចផ្ទុកភ្ញៀវតិចជាងឡានទ្រុងថែមទៀត។ ដូច្នេះលោកថា អាចប្រថុយផ្លាស់ប្តូរបាន ប្រសិនបើរដ្ឋាភិបាលបង្កើនការងារដល់កម្មករនិយោជិតឱ្យបានជាប់លាប់ជាងពេកបច្ចុប្បន្ន។
លោកឱ្យដឹងថា៖ «ឱ្យតែការប្រាក់ទាប យើងអាចមានសមត្ថភាព តែពិបាកណាស់សេដ្ឋកិច្ចក្នុងរោងចក្រ បិទបើកៗ។ កម្មករឡើងជិះបានមួយខែជម្រុះរំសាយគ្នាចោលអ៊ីចឹង តៃកុងឡានគ្នាមានសមត្ថភាពឯណា មានលុយទៅបង់!»។
កម្មការិនីរោងចក្រកាត់ដេរម្នាក់ដែលធ្វើដំណើរពីស្រុកស្អាង ខេត្តកណ្តាល មកធ្វើការនៅរាជធានីភ្នំពេញ អ្នកស្រី ឈុន ស្រីកា ចង់ឃើញមានការផ្លាស់ប្តូរឆាប់ៗ ដើម្បីធានាបាននូវសុវត្ថិភាព និងផាសុកភាព។ ការអះអាងនេះ ដោយថាបច្ចុប្បន្នអ្នកស្រីចំណាយថវិកា៣០ដុល្លារក្នុងមួយខែលើការធ្វើដំណើរទៅមក ប៉ុន្តែបានត្រឹមជិះឈរ ហើយមានភាពចង្អៀតណែនថែមទៀត។ មិនតែប៉ុណ្ណោះ កម្មការិនីវ័យ៣៣ឆ្នាំរូបនេះឱ្យដឹងថា ក៏មានក្តីបារម្ភពីសុវត្ថិភាពដែរ ប៉ុន្តែដោយសារគ្មានជម្រើសផ្សេង។
អ្នកស្រីថា៖ «បារម្ភដែរ តែយើងមិនមានជម្រើស។ មិនមានជម្រើសណាមួយដែលល្អសម្រាប់ឱ្យយើងធ្វើដំណើរ មានតែជិះឡានរបៀបហ្នឹង ពីព្រោះយើងមានគ្នាច្រើន»។
ប្រហាក់ប្រហែលគ្នា កម្មការិនីរោងចក្រស្បែកជើងមួយក្នុងខេត្តកំពង់ចាម អ្នកស្រី ឈន ចាន់សូត យល់ថា ប្រសិនបើមានការផ្លាស់ប្តូរទៅរថយន្តក្រុងមែន នោះនឹងអាចបង្កលក្ខណៈងាយស្រួលមួយកម្រិតទៀត ព្រោះបច្ចុប្បន្នពួកគាត់ត្រូវធ្វើដំណើរទៅមកចំងាយប្រមាណ៣០គីឡូម៉ែត្រហាលវាល និងខ្យល់ ដោយត្រូវចំណាយថវិកា ៥៥ ០០០រៀលក្នុងមួយខែ។
អ្នកស្រីយល់ថា៖ «បើគេផ្លាស់ប្តូរអ៊ីចឹងក៏ល្អ ព្រោះវាមិនសូវហុយដី ហើយភ្លៀងមកវាមិនរងារ»។
នាយកប្រតិបត្តិអង្គការបង្ការរបួសអាស៊ីប្រចាំកម្ពុជា លោក គឹម បញ្ញា ទទួលស្គាល់ថា អ្នកបើកបរពិតជាមានបញ្ហាប្រឈមផ្នែកហិរញ្ញវត្ថុ ប៉ុន្តែលោកនៅតែជំរុញ និងលើកទឹកចិត្តឱ្យផ្លាស់ប្តូរពីរថយន្តកែច្នៃទៅប្រើប្រាស់រថយន្តក្រុង ដើម្បីធានាបាននូវសុវត្ថិភាពរបស់កម្មករនិយោជិត។
លោកគូសបញ្ជាក់ថា ដើម្បីជំរុញឱ្យមានការផ្លាស់ប្តូរបានឆាប់រហ័ស អ្នកពាក់ព័ន្ធត្រូវកំណត់ឱ្យប្រើប្រាស់រថយន្តក្រុងសម្រាប់រោងចក្រដែលបើកដំណើរការថ្មី ហើយត្រូវធានានូវលទ្ធភាពរបស់អ្នកបើកបរ ដូចជាការផ្តល់កម្ចីអត្រាការប្រាក់ទាបជាដើម។ មួយវិញទៀត លោកថាការដំឡើងថ្លៃធ្វើដំណើរឱ្យកម្មករ គឺជាការធានាចំណូលរបស់អ្នកបើកបរ។
លោកថ្លែងថា៖ «ស្ថាប័នរដ្ឋាភិបាលលោកគួរពិចារណា នៅក្នុងការដំឡើងចំណាយធ្វើដំណើរទៅមក ដែលយើងកំណត់៧ដុល្លារយូរដែរហើយ។ អ៊ីចឹងគួរដំឡើងសម្រាប់តែកម្មករនិយោជិតដែលធ្វើដំណើរតាមរថយន្តដឹកជញ្ជូនរួម»។
យោងតាមការស្ទាបស្ទង់មតិរបស់មជ្ឈមណ្ឌលសិក្សាគោលនយោបាយឆ្នាំ២០២១ បានឱ្យដឹងថា ប្រហែលពាក់កណ្តាលនៃកម្មកររោងចក្រនៅកម្ពុជាប្រមាណ ៧០០ ០០០នាក់ធ្វើដំណើរតាមឡានកូរ៉េធំៗ។
ប្រភពដដែលបង្ហាញដែរថា យានយន្តដឹកកម្មករនិយោជិតនៅកម្ពុជាភាគច្រើនជារថយន្តកូរ៉េ ដែលមានអាយុ២០ឆ្នាំជាមធ្យម ហើយមានតែ២ភាគរយប៉ុណ្ណោះ ដែលផលិតក្រោយឆ្នាំ២០០៧។
ទោះបីជារថយន្តទាំងនោះមានវ័យចំណាស់ក៏ពិតមែន ប៉ុន្តែអ្នកបើកបរភាគច្រើនចំណាយពី ៩ ០០០ដុល្លារទៅ ១៤ ០០០ដុល្លារ សម្រាប់ទិញរថយន្តកូរ៉េ។ ក្នុងនោះមានអ្នកបើកបរ៩០ភាគរយបានខ្ចីប្រាក់ដើម្បីទិញ ក្នុងអត្រាការប្រាក់១៦ភាគរយក្នុងមួយឆ្នាំជាមធ្យម សម្រាប់រយៈពេល៤ទៅ៥ឆ្នាំ។ ជាមួយគ្នា ពួកគេត្រូវចំណាយពី ៨ ០០០ដុល្លារ ទៅ១០ ០០០ដុល្លារបន្ថែមលើការលក់រថយន្តបច្ចុប្បន្ន ដើម្បីទិញឡានក្រុងចាស់មួយ។
អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក កត្តា អ៊ន បានមានប្រសាសន៍ដែរថា ក្រៅតែពីការត្រៀមដាក់ចេញយន្តកាផ្តល់ប្រាក់កម្ចីក្នុងអត្រាការប្រាក់ទាបនេះ រដ្ឋាភិបាលក៏កំពុងពិភាក្សាពីពីភាពវិជ្ជមាន និងអវិជ្ជមាននៃជម្រើសអទិភាពមួយទៀត គឺការបង្វិលកាតព្វកិច្ចដឹកជញ្ជូនកម្មករនិយោជិតនេះទៅឱ្យភាគីរោងចក្រ-សហគ្រាសជាអ្នកទទួលខុសត្រូវ។
លោកបញ្ជាក់ថា៖«យើងគិតថាជាជម្រើសមួយដែរ គឺថានិយោជកហ្នឹង គឺផ្គត់ផ្គង់ឡាន ហើយជ្រើសរើសអ្នកបើកបរដោយខ្លួនឯងមក ហើយផ្តល់ប្រាក់ខែមក អាហ្នឹងក៏ជាជម្រើសល្អដែរ»។
គម្រោងផ្លាស់ប្តូររថយន្តដឹកកម្មកររោងចក្រ ត្រូវបានចាប់ផ្តើមតាំងពីឆ្នាំ២០១៨ ដោយអង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំកម្ពុជាសហការជាមួយក្រសួងការងារ ហើយត្រូវបានអនុវត្តជាមួយអ្នកបើកបរដឹកកម្មករនៅរោងចក្រជាង ១ ០០០កន្លែង ស្ថិតក្នុងខេត្តកណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំង កំពង់ចាម កំពង់ធំ ស្វាយរៀង និងរាជធានីភ្នំពេញ។
យោងតាមរយៈរបាយការណ៍របស់ក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករនិយោជិតនៃក្រសួងការងារបានឱ្យដឹងថា ក្នុងរយៈពេល១០ខែ ឆ្នាំ២០២៣ គ្រោះថ្នាក់ចរាចរណ៍បានកើនឡើងទៅលើកម្មករនិយោជិតចំនួន ៣ ៨៩២ករណី មានជនរងគ្រោះសរុប ៤ ៤៩៨នាក់ និងមានស្លាប់១១២នាក់។
តួលេខនេះ មានការហក់ឡើងជាងរយៈពេល១ឆ្នាំពេញនៃឆ្នាំ២០២២ ដោយរយៈពេល១២ខែ ឆ្នាំ២០២២ ករណីគ្រោះថ្នាក់ចរាចរណ៍លើកម្មករនិយោជិតក្នុងវិស័យកាត់ដេរ សម្លៀកបំពាក់ និងផលិត ស្បែកជើង បានកើតឡើងសរុបចំនួន ៣ ២៧៥ករណី ដែលបណ្ដាលឱ្យមានអ្នក ស្លាប់ចំនួន៦៣នាក់ របួសធ្ងន់៨៥៤នាក់ និងរងរបួសស្រាលចំនួន ៣ ១៣៩នាក់៕