សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

ពលរដ្ឋភាគច្រើននៅក្នុងភូមិមួយនៃក្រុងសំពៅពូនមិនយកបណ្ណកម្មសិទ្ធិដីធ្លីព្រោះមិនមានលុយបង់

ស្ត្រីម្នាក់កំពុងអង្គុយកាន់បណ្ណកម្មសិទ្ធិដីពនិត្យមើលនៅក្រោមផ្ទះ ស្ថិតក្នុងភូមិពោធិ៍អណ្តែត សង្កាត់ព្រែកស្តី ក្រុងសំពៅពូន ខេត្តកណ្តាល នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ ក្រោយពីទទួលបានបណ្ណកម្មសិទ្ធិពីមន្ត្រីនៃការិយាល័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ក្រុង។ (ខេមបូចា/ អាន វិចិត្រ)
ស្ត្រីម្នាក់កំពុងអង្គុយកាន់បណ្ណកម្មសិទ្ធិដីពនិត្យមើលនៅក្រោមផ្ទះ ស្ថិតក្នុងភូមិពោធិ៍អណ្តែត សង្កាត់ព្រែកស្តី ក្រុងសំពៅពូន ខេត្តកណ្តាល នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ ក្រោយពីទទួលបានបណ្ណកម្មសិទ្ធិពីមន្ត្រីនៃការិយាល័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ក្រុង។ (ខេមបូចា/ អាន វិចិត្រ)

ប្រជាពលរដ្ឋភាគច្រើននៅក្នុងភូមិមួយនៅក្រុងសំពៅពូន ខេត្តកណ្តាល អះអាងថា ពួកគេសម្រេច​មិនទៅយកបណ្ណកម្មសិទ្ធិដីធ្លីតាមការអំពាវនាវរបស់អាជ្ញាធរទេ ព្រោះរដ្ឋយកថ្លៃសេវាពីពួកគេពី​រាប់សែនដល់រាប់លានរៀល ខណៈអ្នកភូមិកំពុងមានជីវភាពលំបាក។ ​

កសិករនៅភូមិពោធិ៍អណ្តែត សង្កាត់ព្រែកស្តី ក្រុងសំពៅពូន លោក ណូន ដើង ថ្លែងថា ដីចម្ការ​របស់​លោកមួយកន្លែងអស់សេវាជាង១លាន៧សែនរៀល នេះនៅមិនទាន់រាប់បញ្ជូលដីស្រែ និង​លំនៅឋាន​ទេ។  លោកបន្តថា តាំងពីដូនតាមកមិនដែលជួបបញ្ហាអាជ្ញាធរយកពន្ធដី បែបនេះទេ។

លោក ណូន ដើង បញ្ជាក់ថា លោកសម្រេចចិត្តមិនទៅយកបណ្ណកម្មសិទ្ធិដីនោះទេ ព្រោះមិន​មាន​លុយបង់ពន្ធ។

លោក ណូន ដើង ថ្លែងថា៖«ខ្ញុំមកប្រាប់មេភូមិ! កុងៗខ្ញុំមានតែផ្ញើសម្តេចទេ កុងហើយកុង​អត់មាន​លុយ​ទេ។ និយាយចឹងម៉ងថា បើទុកផ្ទះខ្ញុំក៏អត់មានធុងទុកដដែល ហើយហេងស៊យកណ្តៀរស៊ីខ្ទេច ហើយចឹងមានតែផ្ញើសម្តេចសិន ហើយចាំថ្ងៃណាមានលុយ  បើថ្ងៃណាសម្តេចបន្ធូរបន្ថយ​អាហ្នឹង​ចេះ​តែមាន ព្រោះថាកូនចៅឥឡូវកំពុងតែជំពាក់រដ្ឋ[ធនាគារ]ផង។ ហើយឱ្យខ្ញុំធ្វើម៉េចហ៎?»។

ពលរដ្ឋម្នាក់ទៀត លោក រិន ភារៈ ឱ្យដឹងថា ដីស្រែលោកមួយកន្លែងត្រូវចំណាយ​លុយសេវា​ប្រមាណ​៣លានរៀល។ លោកបន្តថា រូបលោក និងអ្នកភូមិផ្សេងទៀតកំពុងជួបការលំបាកខ្លាំង ខ្វះខាតទាំងលុយឱ្យកូនទៅសាលាផង។

បើតាមលោក ភារៈ កត់សម្គាល់ថា ប្រជាពលរដ្ឋដែលបានទទួលយកបណ្ណកម្មសិទ្ធិនេះមិនទាន់​បាន១០ភាគរយទេ។

លោក រិន ភារៈ បន្ថែមថា៖«ឥឡូវហ្នឹងអ្នកដកប្រហែលជាមិនដល់១០ភាគរយទេឥឡូវ ព្រោះយើង​ឥឡូវ​រកលុយ​អត់បានទេ បានអីយកទៅដក។ ម្នាក់ៗគ្នាត្រដខ្វល់ចង់ងាប់ហើយហ្នឹង។ យើងដាំដុះអី​ក៏មិនទាន់បានផល មួយទៀតសេដ្ឋកិច្ចយើងអ៊ីចឹងផង»។

​អ្នកស្រី សែម សុផល ជាពលរដ្ឋនៅក្នុងភូមិពោធិ៍អណ្តែតក៏បានឱ្យដឹងដែរថា ដីលំនៅឋាន ដីចម្ការ និងដីស្រែរបស់អ្នកស្រី៥កន្លែង អ្នកស្រីមិនទាន់ដកយកបណ្ណកម្មសិទ្ធិទេ។ អ្នកស្រីឱ្យដឹងថា ពលរដ្ឋ​នៅក្នុងភូមិមានជីវភាពលំបាកខ្លាំង ដែលអ្នកខ្លះកំពុងពឹងលើរបររើសខ្យងលក់ដើម្បីចិញ្ចឹមជីវិត។

អ្នកស្រី សែម សុផល បញ្ជាក់ថា៖«អាដីចម្ការខ្ញុំអត់ទាន់ដកទាំងអស់ ខ្ញុំថាមិនទាន់ដកទាំងអស់​ចាំ​ដកៗ​ជាមួយ​គ្នា​ម៉ង ដោយសារគ្រប់គ្នាម្នាក់ៗគិតថាអត់លុយខែហ្នឹង ព្រោះឥឡូវម្នាក់ៗចង់ដាច់ខ្យល់​ហើយ ម្នាក់ៗ​ខ្លះ​រកអង្ករស៊ី ដាំបាយស៊ីអត់មានផង បានរកខ្យងរកអីតិតក់ៗហើយជំពាក់គេទៀត»។

ប្រជាពលរដ្ឋទាំងនេះឱ្យដឹងថា នៅពេលចុះវាស់វែងធ្វើបណ្ណកម្មសិទ្ធិអាជ្ញាធរមិនបានប្រាប់ថា នៅ​ពេល​ដកបណ្ណកម្មសិទ្ធិត្រូវចំណាយ​លុយច្រើនបែបនេះទេ។ ពលរដ្ឋឱ្យដឹងទៀតថា នៅក្នុងដំណើរ​ការ​ធ្វើបណ្ណកម្មសិទ្ធិទាំងការវាស់វែង និងការបំពេញឯកសារ គឺអាជ្ញាធរតែងតែងទារលុយក្រៅផ្លូវការ​ក្នុង១ក្បាលដីចន្លោះពី២ម៉ឺនទៅ៣ម៉ឺនរៀលក្រោមហេតុផលថាលុយបាយ។

មេភូមិពោធិ៍អណ្តែត លោក មាស ជ្រិ ឱ្យដឹងថា បណ្ណកម្មសិទ្ធិដីធ្លីដែលត្រូវប្រគល់ឱ្យពលរដ្ឋនៅក្នុង ភូមិនេះត្រូវធ្វើឡើង៣ដំណាក់កាល​គឺ ប្រគល់បណ្ណកម្មសិទ្ធិលើកដំបូងដីដែលរដ្ឋចែកឱ្យ ទី២ ដីឪពុក​ម្តាយចែកឱ្យកូន និងទី៣ ដីទិញ-លក់។

មេភូមិរូបនេះឱ្យដឹងថា អ្នកដែលត្រូវទទួលបណ្ណកម្មសិទ្ធិលើកដំបូងមានចំនួន១៧៤ឈ្មោះ។ ប៉ុន្តែ​លោក​ថា រហូតដល់ថ្ងៃទី៤ខែមករា អ្នកទៅទទួលយកបណ្ណមានតិចតួចណាស់។

លោក មាស ជ្រិ ថ្លែងថា៖«ម្ង៉ៃបានតិចគ្នា ខ្លះគ្នាអត់មានលុយមកបង់សេវាហ្នឹងគ្នាអត់ហ៊ានមក អត់បានមកធ្វើ»។

ប្រធានការិយាល័យ រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងភូមិបាលក្រុងសំពៅពូន លោក សឿង សេងហុង ថ្លែងថា តម្លៃដែលរដ្ឋតម្រូវឱ្យពលរដ្ឋបង់ក្នុងការធ្វើបណ្ណកម្មសិទ្ធិនេះ គឺដី​លំនៅឋាន១ម៉ែត្រការ៉េ២៥០រៀល ចំណែកដីស្រែ និងចម្ការ១ម៉ែត្រការ៉េថ្លៃ១០រៀល។ លោកបន្តថា ចំពោះតម្លៃនេះមិនថ្លៃទេ ហើយថា ករណីពលរដ្ឋភាគច្រើនមិនទៅដកបណ្ណកម្មសិទ្ធិនេះ​ដោយសារ​ពួកគាត់មិនទាន់ត្រូវការប្រើប្រាស់។

លោក សឿង សេងហុង បន្តទៀតថា៖«២៥០រៀលហ្នឹងមិនមែនដុល្លារទេណាបងកុំច្រឡំ២៥០រៀល! តាមខ្ញុំយល់អ្នកខ្លះអ៊ីចេះ អ្នកខ្លះគាត់អត់យល់អាហ្នឹង គាត់ចេះតែបំប៉ោងអ៊ីចឹងទៅ​អ្នកខ្លះអ៊ីចឹង​ហា៎​ណា៎! ប៉ុន្តែតាមពិត២៥០រៀលទេបង អ្នកខ្លះ១០០ម៉ែត្រការ៉េ អ្នកខ្លះហាហុកសិបការ៉េអ៊ីចឹងទៅ គុណ​ទៅតាមហ្នឹងទៅមានប៉ុន្មានតិចហ្នឹង»។

ស្ត្រីជាកសិករម្នាក់កំពុងតែធ្វើសកម្មភាពកើបលាមកគោដាក់ដំណាំនៅក្នុងចម្ការ​របស់​គាត់នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ ស្ថិតក្នុងភូមិពោធិ៍អណ្តែត សង្កាត់ព្រែកស្តី ក្រុងសំពៅពូន ខេត្តកណ្តាល។ (ខេមបូចា/ អាន វិចិត្រ)

ប្រជាពលរដ្ឋនៅក្នុងភូមិពោធិ៍អណ្តែតមានចំនួន១៨៦គ្រួសារ ហើយក្នុង១គ្រួសារពួកគេមានដីចាប់​ពី​១កន្លែងទៅជិត១០កន្លែងរួមទាំងដីលំនៅឋាន ដីចម្ការ និងដីស្រែ។ ក្នុងចំណោមនោះ ពួកគេត្រូវបង់​ថ្លៃ​សេវាក្នុងតម្លៃផ្សេងៗគ្នាតាមទំហំដីដែលមានចម្លោះពី១សែនទៅជាង៣លានរៀល។ 

​អភិបាលក្រុងសំពៅពូន លោក អេង សុវិចិត្រ មានប្រសាសន៍ថា អាជ្ញាធរដំណើរការ​ធ្វើ​បណ្ណ​កម្ម​សិទ្ធិ​ដីធ្លីឱ្យ​ពលរដ្ឋគ្រប់សង្កាត់នៅក្នុងក្រុងនេះ។ លោកបន្តថា ពលរដ្ឋរីករាយក្នុងការដំណើរការ​ធ្វើបណ្ណកម្មសិទ្ធិ និងការដកយក មិនមានបញ្ហាត្អូញត្អែរលើតម្លៃខ្ពស់ និងការ​ទារលុយក្រៅផ្លូវការ ដូចការលើកឡើងទេ។

ទោះយ៉ាងណា លោក អេង សុវិចិត្រ ថ្លែងថា ក្រោយទទួលដំណឹង ពីអ្នកសារព័ត៌មាន ខេមបូចា​ សាកសួរនេះ លោកនឹងជ្រាវស្រាវករណីនេះ និងជួយរកដំណោះស្រាយជូនពលរដ្ឋ បើមានបញ្ហា​កើតឡើងបែបនេះមែន។

លោក អេង សុវិចិត្រ បន្ថែម៖«ចាំមើលខ្ញុំពិនិត្យមើលសិនណាបង ព្រោះមានតែខេត្តកណ្តាលទេ​ដែលតាម​ខ្ញុំដឹង ទៅចែកបណ្ណជូនដល់ខ្នងផ្ទះរបស់ប្រជាជន ឱ្យប្រជាជនមកយកម៉ង។ បណ្ណពន្ធ​សូន្យ​​មិនចាំ​បាច់​រំខានគាត់ទៅបង់ពន្ធទៅអីទេគឺយើងយកមកចែកជូនគាត់តែម្តង។ បើសិនជា​មាន​ករណី​ហ្នឹង​ចាំ​មើលខ្ញុំពិនិត្យមើលសិនណា៎!»។

ប្រជាពលរដ្ឋនៅក្នុងសង្កាត់ព្រែកស្តីក៏កំពុងតែជជែកវែកញែកលើសំឡេងរបស់លោក ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងលោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបច្ចុប្បន្នជុំវិញការអះអាងថា មិនយក​ពន្ធលើដីស្រែកចម្ការ និងមិនយកពន្ធលើការទិញលក់ អចលនទ្រព្យតម្លៃទាបជាង៧ម៉ឺនដុល្លារ។

នៅក្នុងខែវិច្ឆិកាឆ្នាំ២០២៣ លោក ហ៊ុន ម៉ាណែត ថ្លែងថា លោកបន្តអនុវត្តគោលនយោបាយ គណបក្សប្រជាជនកម្ពុជាដោយមិនយកពន្ធលើដីស្រែកចម្ការ និងពន្ធលើការលក់-ទិញមួយ​ចំនួនទេ។

លោក ហ៊ុន ម៉ាណែត​ មានប្រសាសន៍ថា៖«ខ្ញុំសូមបញ្ជាក់ជូនបងប្អូនប្រជាពលរដ្ឋនូវការប្តេជ្ញាចិត្ត និង​គោលនយោបាយ​បន្តទៀតរបស់គណបក្សប្រជាជនទៅលើការមិនយកពន្ធ ទី១ យើងនឹង​បន្ត​មិន​យកពន្ធ​ទៅលើ​ដី​កសិកម្ម ដីស្រែជាលក្ខណៈគ្រូរបស់ប្រជាពលរដ្ឋទេ ទី២ យើងមិនយកពន្ធលើ​សម្ភារៈ​កសិកម្មទេ ទី៣យើងមិនយកពន្ធទៅលើកសិផលកសិកម្មទេ។ យើងមិនយកពន្ធ​អចលន​ទ្រព្យ​តម្លៃ​ថោក​​ជាង​១០០លានរៀល ស្មើ២៥០០០[ដុល្លារ]នោះទេ ចឹងបងប្អូនទិញផ្ទះថោក​ជាងហ្នឹង​មិនជាប់ពន្ធទេ។ ពន្ធប្រថាប់ត្រាបើមានការ​ទិញ​លក់អចលនទ្រព្យ ក្រោម៧ម៉ឺនដុល្លារ​មិនយកពន្ធ​ទេ។ អានេះយើងបន្តមិនយកពន្ធ»។

នៅក្នុងគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណរបស់រដ្ឋាភិបាលអាណត្តិទី៧ ក៏បានផ្តោតលើការ​ពង្រឹង​គុណភាពសេវាសាធារណៈ ឱ្យបានឆាប់រហ័ស និងកាត់បន្ថយអំពើពុករលួយ។ ប៉ុន្តែក្រោយ​រដ្ឋាភិបាលថ្មីនេះដំណើរការ​បានជាង៤ខែប្រជាពលរដ្ឋមួយចំនួននៅតែរអ៊ូរទាំពីបញ្ហាសេវា​សាធារណៈ​មានភាពស្មុគស្មាញ និងមានអំពើពុករលួយ។

តាមតារាងតម្លៃនៅលើគេហទំព័រក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បញ្ជាក់ថា សេវា​ធ្វើបណ្ណកម្មសិទ្ធីដីធ្លីលើដីកសិកម្មនៅក្រៅរាជធានីភ្នំពេញ១ម៉ែត្រការ៉េ១រៀលធ្វើក្នុងរយៈពេល១០០ថ្ងៃ ចំណែកដីលំនៅឋាន ឬដីសាងសង់នៅក្នុងក្រុង១ម៉ែត្រ​ការ៉េ​២៥០​រៀលធ្វើរយៈពេល១០០ថ្ងៃ។

បញ្ហាលក់ និងទិញដីជាប់គាំងក៏ជាហេតុផលមួយដែលប្រជាពលរដ្ឋនៅក្នុងភូមិពោធិ៍អណ្តែង​អះអាង​ថា ពួកគាត់មិនចង់ទៅយកបណ្ណកម្ម​សិទ្ធិនេះដែរ ដោយពួកគេថា ចង់យកបណ្ណកម្មសិទ្ធិ ហើយលក់​ដី​នោះ ដើម្បីសងបំណុលក៏មិនមានអ្នកទិញដែរ។

​នាយកប្រតិបត្តិនៃសមាគមធាងត្នោតលោក សឿង សារ៉ន មានប្រសាសន៍ថា ចំពោះបញ្ហានេះ អាជ្ញាធរ​ត្រូវយកចិត្តទុកដាក់ប្រើប្រាស់មធ្យោបាយផ្សេងៗ ដើម្បីផ្តល់ព័ត៌មានច្បាស់លាស់​ដល់​ប្រជាពលរដ្ឋ។ លោកបន្តថា ករណីនោះពលរដ្ឋមានជីវភាពលំបាកដូចបច្ចុប្បន្នរដ្ឋាភិបាល ត្រូវមាន​ការអនុគ្រោះឬបន្ធូរបន្ថយតម្លៃដល់ពលរដ្ឋ។

លោក សឿង សារ៉ន ថ្លែងថា៖«រដ្ឋគួរតែមានវិធានការណាមួយជាក់លាក់ដូចធ្វើ ដូចជាConcession ធ្វើសម្បទានទៅលើតម្លៃណា​មួយ​ដែលអាចឱ្យប្រជាពលរដ្ឋគាត់ទទួលយកបាន។ យើងក្រលែក​មើលដូចករណីខ្លះដូចការទទួលបានសេវាសាធារណៈសម្រាប់​ជនដែលមានស្ថានភាពលំបាកគឺរដ្ឋគាត់ធ្វើការសម្បទាន ឬធ្វើបដិភាគ»។

បណ្ណកម្មសិទ្ធិដីធ្លីចំនួន១៧៤ នៅក្នុងភូមិពោធិ៍អណ្តែតនេះ អាជ្ញាធរប្រកាសឱ្យពលរដ្ឋ ទៅទទួល​ចាប់​ពីចុងខែធ្នូឆ្នាំ២០២៣ ហើយបើផុតកំណត់ពលរដ្ឋនៅតែមិនទៅយក បណ្ណកម្មសិទ្ធិទាំងនេះ​នឹង​បញ្ជូន ទៅថ្នាក់ខេត្តវិញ។ ពលរដ្ឋមួយចំនួនដែលមិនមានលទ្ធភាពបង់លុយដើម្បីដកបណ្ណកម្មសិទ្ធិ​នៅពេលនេះ បារម្ភថា បើបញ្ជូនទៅខេត្តពួកគាត់អាចនឹងចំណាយលុយក្រៅផ្លូវការ និងសេវាក្នុងផ្លូវ​ការផ្សេងៗទៀតច្រើន៕

ព័ត៌មានថ្មី

អត្ថបទពេញនិយម