សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ការសិក្សាថ្មីកត់ត្រាពីផលប៉ះពាល់នៃបំណុលវ័ណ្ឌកនៅខេត្តកំពង់ស្ពឺ

រូបក្រាហ្វិករបស់អង្គការ លីកាដូ និងអង្គការ សមធម៌កម្ពុជា ដែលស្រង់ចេញពីរបាយការណ៍សិក្សាបែបបរិមាណវិស័យដែលមានចំណងជើងថា «ការគំរាមកំហែងនៃបំណុល» របស់អ្នក ខ្ចីកម្ចីតូចៗ នៅខេត្តកំពង់ស្ពឺ ។ (លីកាដូ និង សមធម៌កម្ពុជា)
រូបក្រាហ្វិករបស់អង្គការ លីកាដូ និងអង្គការ សមធម៌កម្ពុជា ដែលស្រង់ចេញពីរបាយការណ៍សិក្សាបែបបរិមាណវិស័យដែលមានចំណងជើងថា «ការគំរាមកំហែងនៃបំណុល» របស់អ្នក ខ្ចីកម្ចីតូចៗ នៅខេត្តកំពង់ស្ពឺ ។ (លីកាដូ និង សមធម៌កម្ពុជា)

ការសិក្សាបែប​បរិមាណមួយ​ស្ដីពី​បំណុលខ្នាតតូច​នៅខេត្តកំពង់ស្ពឺ ដែលចេញផ្សាយ​នៅថ្ងៃ​អង្គារ​​​នេះ ដោយ​អង្គការ​សិទ្ធិមនុស្ស​ចំនួនពីរ បង្ហាញឱ្យឃើញពី​ផលប៉ះពាល់​នៃ «ការជំពាក់​បំណុលវ័ណ្ឌក​ដ៏រាលដាល» ក្នុងនោះរួមមានទាំង​ការ​លក់ដី​ដោយ​បង្ខិតបង្ខំ​ ពលកម្មកុមារ និង​ការត្បិតត្បៀតការហូបចុក​នៅក្នុងគ្រួសារ។

«ការស្រាវជ្រាវនេះ​ផ្ដល់​ភ័ស្តុតាងបន្ថែមទៀត​ដែលបង្ហាញថា ការរំលោភ​សិទ្ធិមនុស្ស​កំពុង​កើត​ឡើង​​ជារឿយៗ ​និងជាលក្ខណៈប្រព័ន្ធនៅក្នុងវិស័យ​ឥណទានខ្នាតតូចរបស់​ប្រទេស​កម្ពុជា»។ នេះ​ជា​ការលើកឡើង​របស់​លោកស្រី Naly Pilorge នាយិកា​ផ្នែកផ្សព្វផ្សាយរបស់អង្គការ លីកាដូ ដែល​បានចេញ​ផ្សាយរបាយ​ការណ៍ស្រាវជ្រាវនេះ រួមគ្នា​ជាមួយនឹងអង្គការ សមធម៌​កម្ពុជា ។

ការសិក្សាដដែល​បានរកឃើញថា អ្នកខ្ចីបំណុលជាង២ភាគ៣បានជឿថា គ្រួសាររបស់ពួកគេ​ជាប់​បំណុលច្រើនហួសហេតុ ។ ការសិក្សាក៏បានប៉ាន់ស្មានផងដែរថា លើស៨០%នៃ​ប្រជាជន​នៅក្នុង​ខេត្តនេះ​យ៉ាងហោចណាស់​ជាប់បំណុលខ្នាតតូច​ចំនួន១កញ្ចប់ដែរ។

គ្រួសារប្រហែល ២៧% នៅក្នុងការសិក្សានេះ – ដែល​ស្មើនឹងប្រហែល ៤៣.០០០គ្រួសារ​នៅ​ក្នុង​​ទូទាំង​ខេត្ត – បានចំណាយជាង ៧០% នៃ​ចំណូលប្រចាំខែរបស់ខ្លួន​ទៅលើ​ការ​សង​បំណុល។ នេះជា​ការរំលោភ​លើ​បទដ្ឋានការពារ​អតិថិជនអន្តរជាតិដែលគេប្រើប្រាស់​ទូលំ​ទូលាយ និងដែល​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា និង​សមាគម​ធនាគារ​នៅកម្ពុជា ដែលតំណាង​ឱ្យ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ភាគច្រើនបំផុត​នៅក្នុងវិស័យនេះ បានតម្រូវ​ឱ្យ​សមាជិករបស់ខ្លួន​អនុវត្ត​តាម ។   

ទំហំ​កម្ចី​ជាមធ្យម​គិតចាប់តាំងពីឆ្នាំ២០២២មក គឺប្រហែលជាង ៩ ០០០ដុល្លារ ចំណែក​ឯ​ចំណូល​​មធ្យម​ប្រចាំឆ្នាំនៅតាមតំបន់​ជនបទរបស់ប្រទេសកម្ពុជា មានចំនួន ៤ ៣៨១ដុល្លារ បើ​យោង​តាម​ទិន្នន័យដែលអាចរកបានចុងក្រោយបំផុត​នៅឆ្នាំ២០២១។ នេះ​បើតាម​ការសិក្សា​ដដែល។

ក្រាហ្វដែលបង្ហាញពីប្រាក់ចំណូល និងបំណុលគ្រួសារនៅតាមជនបទជាមធ្យម ដែលផលិតដោយអង្គការលីកាដូ និងសមធម៌កម្ពុជា ក្នុងការសិក្សា “ការគំរាមកំហែងពីបំណុល”។ (លីកាដូ និងសមធម៌កម្ពុជា)

អ្នកនាំពាក្យ CMA លោក កាំង តុងងី បាននិយាយថា CMA ចាំបាច់ត្រូវ​«សិក្សាទៅ​លើ​របាយការណ៍​​នោះ​លម្អិត​»សិន ទើបអាច​ផ្ដល់ការអត្ថាធិប្បាយតាមក្រោយបាន។

លោកបាននិយាយតាមសារតេឡេក្រាមយ៉ាងដូច្នេះថា៖ «ប៉ុន្តែ ទោះជាយ៉ាងណាការការពារ​អតិថិជន’ជានិច្ចកាល គឺជាការប្ដេជ្ញាចិត្តរបស់វិស័យទាំងមូល ដើម្បីធានាចីរភាពរបស់ខ្លួន»។ 

យោងតាមការសិក្សាដដែល គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ​និង​ធនាគារពាណិជ្ជ ​ទទួលបាន​មូលនិធិ​រាប់​លាន​ដុល្លារ​មកពីធនាគារ​អភិវឌ្ឍន៍​នៃប្រទេស​លោកខាងលិច ដើម្បីផ្ដល់​ឥណទានខ្នាតតូច​ទៅឱ្យ​គ្រួសារនានា​ដើម្បី​លើកកម្ពស់​ជីវភាពរស់នៅ​របស់ពួកគេ តាមរយៈការផ្ដល់​​កម្ចីសម្រាប់​ការធ្វើកសិកម្ម និង​អាជីវកម្ម​ខ្នាតតូច​។ ចាប់តាំងពីឆ្នាំ២០១៩មក ទំហំសរុបនៃឥណទាន​ខ្នាត​តូច​​របស់​កម្ពុជា​បាន​កើនឡើង​ទ្វេដងពី៨​ពាន់លានដុល្លារគិតជាទឹកប្រាក់បំណុលទៅដល់១៦​ពាន់លានដុល្លារគិតជាទឹកប្រាក់បំណុល នៅក្នុង​កម្ចី​ជាង ២,៨៩លានកម្ចី។

ប៉ុន្តែ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យ​មីក្រូហិរញ្ញវត្ថុ​នៅកម្ពុជា​បាន​ទទួលរង​ការ​រិះគន់​ចំពោះ​ការបណ្ដាល​ឱ្យ​មានការលក់ដីធ្លី​ដោយសារជំពាក់បំណុល ការធ្វើ​ចំណាក​ស្រុក និង​ផលប៉ះពាល់​ផ្សេងៗទៀត​ទៅលើ​កូនបំណុល

កាលពីខែសីហា ការិយាល័យស៊ើបអង្កេតនិងដោះស្រាយបណ្ដឹង​របស់​​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ (IFC) បានបើក​ការស៊ើបអង្កេតមួយ​ទៅលើ​គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ​ធំៗចំនួន ៦ និង​ភ្នាក់ងារអន្តរការី​ហិរញ្ញវត្ថុចំនួន ៤ នៅកម្ពុជា ដោយ​លើកឡើងថា ខ្លួនបាន​រកឃើញ​«សញ្ញា​បង្ហាញ​ជាបឋមនៃផលប៉ះពាល់»ទៅលើ​អ្នកខ្ចីប្រាក់ និង​លទ្ធភាពនៃការរំលោភ​លើ​បទដ្ឋាន​ផ្នែកបរិស្ថាននិងសង្គមរបស់ IFC ។ ការស៊ើបអង្កេតនេះត្រូវបានជំរុញ​ដោយ​ពាក្យបណ្ដឹង​មួយ​ដែលប្ដឹង​កាលពីឆ្នាំទៅមិញ ដោយ​អង្គការ លីកាដូ និង​អង្គការ សមធម៌កម្ពុជា ដែលបាន​ចោទ​ប្រកាន់ពី​«ការអនុវត្ត​ការផ្ដល់កម្ចី​បែប​បោកបញ្ឆោតនិង​ជញ្ជក់ឈាម»

ខណៈដែល​អង្គការ លីកាដូ និងអង្គការ សមធម៌កម្ពុជា ធ្លាប់បាន​ចេញផ្សាយការសិក្សា​ជា​ច្រើន​​មក​ហើយ​ដែល​កត់ត្រាអំ​ពី​បទពិសោធន៍នៃបំណុលវ័ណ្ឌក ជារឿយៗ របាយការណ៍បែប​គុណវិស័យរបស់​អង្គការមិនមែនរដ្ឋាភិបាល​តែងត្រូវបាន​ច្រានចោល​ដោយសំអាងថា​ការស្រាវ​ជ្រាវ​ទាំងនោះ​មិនមាន​«ភាពតំណាងស្ថិតិ»។ នេះបើតាមការលើកឡើងនៃរបាយការណ៍​របស់​អង្គការមិនមែនរដ្ឋាភិបាល ។ 

ការសិក្សាថ្មីនេះ ដែលធ្វើឡើងដោយ​ក្រុមស្រាវជ្រាវមកពីខាងក្រៅ បានស្ទង់មតិ​ជាមួយ​ប្រជាពលរដ្ឋ​​ជាង៧០០គ្រួសារនៅគ្រប់ស្រុកទាំងអស់​នៅក្នុងខេត្តកំពង់ស្ពឺ។

ការសិក្សាដដែលបានរកឃើញថា ១៨,៣%នៃអ្នកឆ្លើយតប ឬស្មើនឹងជិត ៣០ ០០០គ្រួសារ បាន​និយាយថា ពួកគេ​ហូបចុកត្បិតត្បៀតជាងមុនដោយសារការជាប់បំណុលរបស់ពួកគេ ឬ​ស្មើ​នឹងប្រហែល ២៨ ៨០០គ្រួសារនៃ ១៩៥ ៨៨២គ្រួសារនៃខេត្តកំពង់ស្ពឺ ។

នៅក្នុងគ្រួសារ៣% – ឬស្មើនឹង ៤ ៥៦៥គ្រួសារនៅទូទាំង​ខេត្ត – កូនៗបាន​បោះបង់​ការសិក្សា​​ដើម្បី​មក​ជួយធ្វើការគ្រួសារដើម្បីសងបំណុល។ យោងតាមការសិក្សានេះ គ្រប់គ្រឹះស្ថាន​ទាំង​អស់​ដែល​ផ្ដល់​ឥណទានខ្នាតតូច​នៅក្នុងវិស័យនេះ​ទាំងមូល មានការជាប់ពាក់ព័ន្ធនៅក្នុង​ការ​ផ្ដល់កម្ចីដែលបណ្ដាល​ឱ្យ​កុមារ​បោះបង់​ការសិក្សា​។

គ្រួសារភាគច្រើនបំផុត​បានយកកម្ចី​ដើម្បី​សង់​ ឬជួសជុលផ្ទះ ឬ​ផ្សេងពីនេះទៀត​ យកទៅ​វិនិយោគ​លើ​អាជីវកម្ម ។ ប៉ុន្តែ ជាងមួយភាគបីនៃអ្នកខ្ចី​និយាយថា ពួកគេ​យកឥណទាន​ខ្នាត​តូច​ទាំងនេះ​ដើម្បី​យកមក​សង​បំណុល​ផ្សេងទៀត ដែលការធ្វើបែបនេះ​គេ​ចាត់ទុកថាជា​«វដ្ដ​បំណុល​វ័ណ្ឌក»។ ចំនួននេះ​កើនឡើង​យ៉ាងច្រើនបើធៀបនឹងការសិក្សាលើកមុនកាល​ពី​ឆ្នាំ​២០១២ ដែលកាលនោះគេរកឃើញត្រឹមតែ ៣,៤៥% ប៉ុណ្ណោះនៃអ្នកខ្ចី ដែល​ខ្ចីបំណុល​ដើម្បី​យកមកសងបំណុលផ្សេងទៀត។

ប៉ុន្តែ ការសិក្សាដដែលក៏បានរកឃើញថា ៣៨,៦%នៃអ្នកខ្ចី​ មានអារម្មណ៍ថា កម្ចីបានជួយ​បង្កើន​​ចំណូល​របស់ពួកគេ ហើយ៤៥,៥% បានរាយកាណ៍ថា ពុំមានផលប៉ះពាល់អ្វីទៅលើ​ចំណូលរបស់ពួកគេឡើយ ចំណែក​ឯ១៥,៩% បានរាយការណ៍ពីចំណូលធ្លាក់ចុះ។

ប្រហែល៦%នៃគ្រួសារដែលបានស្ទង់មតិ – ឬប្រហែល ៩ ៦០០គ្រួសារ​នៅទូទាំង​ខេត្ត – បាន​រាយការណ៍​ពីការ​លក់ដី​ដើម្បីសងបំណុល ដែលជាការបន្ទពីការរកឃើញ​ស្រដៀងគ្នានេះដែរ​ពី​​ការសិក្សា​បែប​បរិមាណមួយ​ដែលឧបត្ថម្ភដោយ​រដ្ឋាភិបាលអាល្លឺម៉ង់និងដែលបាន​ចេញ​ផ្សាយ​កាលពីខែសីហា ឆ្នាំទៅមិញ ដែល​គូសបញ្ជាក់ថា ៦,២% នៃ​គ្រួសារខ្ចីបំណុលខ្នាតតូច​នៅទូទាំងប្រទេស – ឬ ១៦៧ ០០០​គ្រួសារ – បានលក់ដីធ្លី​ដើម្បី​សងបំណុល​នៅក្នុង​អំឡុង​ពេល ៥ឆ្នាំ ។     

អ្នកនិពន្ធ​នៃការសិក្សាដែលគាំទ្រ​មូលនិធិដោយរដ្ឋាភិបាលអាល្លឺម៉ង់​ – ដែលធ្វើការ​ឱ្យ​វិនិយោគិន​​ឈាន​មុខគេមួយ​នៃវិស័យនេះ – បាន​លើកឡើងថា ​ផលវិបាក​អវិជ្ជមាន​នៃ​ឥណទានខ្នាតតូចគឺបណ្ដាលមកពី​​មន្ត្រីឥណទាន​ដែលគ្មានក្រមសីលធម៌ ចំណែកឯ​​ការ​សិក្សារបស់​អង្គការមិនមែនរដ្ឋាភិបាល​ឆ្លើយតបថា៖ «ការលក់ដីធ្លីដែល​ជំរុញដោយ​បំណុល គឺជាចរិតលក្ខណៈពីកំណើតរបស់​វិស័យមីក្រូហិរញ្ញវត្ថុ​របស់​ប្រទេស​កម្ពុជា»

ជាង៩២%នៃ​គ្រួសារ​នៅក្នុងការសិក្សា បាននិយាយថា ពួកគេបានផ្ដល់​បណ្ណកម្មសិទ្ធិដីធ្លី​ជា​ទ្រព្យ​​ធានា​ដើម្បីធានាឥណទានខ្នាតតូចរបស់ខ្លួន ។ វិស័យមីក្រូហិរញ្ញវត្ថុ​កម្ពុជា​ត្រូវបាន​រិះគន់​ចំពោះការពឹងផ្អែក​លើ​តម្លៃដីធ្លី​ដែលប្រើប្រាស់​ជាទ្រព្យធានា ជាជាងការផ្ដល់​កម្ចី​ដោយផ្អែក​លើ​សមត្ថភាព​សងត្រឡប់វិញ​របស់អ្នកខ្ចីផ្អែកលើ​ចំណូលដែលមានស្រាប់ និងចំណូល​ដែល​គ្រោងទុក ។

សេដ្ឋវិទូ​ដែល​ឈ្នះពានរង្វាន់​សន្តិភាពណូបែល ឈ្មោះ Muhammad Yunus ដែលបាន​បង្កើត​គោលគំនិត​របស់មីក្រូហិរញ្ញវត្ថុ​ បាន​លើកឡើង​ថា ឥណទានខ្នាតតូចគួរតែផ្ដល់​ឱ្យដល់អ្នកខ្ចី​«ដោយ​មិនចាំបាច់មាន​ទ្រព្យធានា»ឡើយ។

លោក អ៊ិន ចាន់នី ប្រធានអគ្គនាយក​នៃធនាគារ អេស៊ីលីដា ដែលកាន់កាប់​ទំហំ​ឥណទាន​ខ្នាត​តូច​មួយភាគធំ បាននិយាយថា «គោលការណ៍ចម្បង»សម្រាប់​ឥណទាន​ខ្នាតតូច គឺ«ឱ្យខ្ចី​ដោយ​មើលលើ​លំហូរ​សាច់ប្រាក់»ពី​សកម្មភាពអាជីវកម្មរបស់អ្នកខ្ចី។ ប៉ុន្តែ លោក​បានថ្លែង​​ការពារ​ការប្រើប្រាស់យ៉ាងរាលដាល​នូវ​បណ្ណកម្មសិទ្ធិដីធ្លី​​ជាទ្រព្យធានា និងបាននិយាយថា ការធ្វើបែបនេះ​គឺត្រូវបាន​អនុញ្ញាត​ដោយ​ច្បាប់ជាធរមានរបស់រដ្ឋាភិបាល ប៉ុន្តែ ទន្ទឹមនឹងនេះ លោកក៏បានកត់សម្គាល់ពី​ជម្រើសផ្សេងទៀត​សម្រាប់​អ្នកខ្ចី​ដើម្បីប្រើប្រាស់ជាទ្រព្យធានា​កម្ចី​ផងដែរ ដូចជា «លុយសុទ្ធ»«មាស» ឬ​«ភាគហ៊ុន» ។ លោកមិនបានឆ្លើយតបចំពោះ​ការ​រក​ឃើញ​ផ្សេងទៀត​នៃ​ការសិក្សាឡើយ ។

ការសិក្សាក៏បានរកឃើញថា អ្នកខ្ចីភាគច្រើនបំផុត​មិនបាន​យល់ពី​ដំណើរការ​ច្បាប់​នៃ​ការ​ខក​ខាន​​មិន​បាន​សងបំណុលឡើយ និងជឿថា អាជ្ញាធរមូលដ្ឋាន​ ឬ​មន្ត្រីឥណទាន​នៃគ្រឹះស្ថាន​ឱ្យ​ខ្ចី​អាចរឹបអូស​ដីធ្លី​របស់ពួកគេបាន ប្រសិនបើ​ពួកគេ​ខកខានមិនបាន​សងបំណុល។ តាមពិត គ្រឹះ​ស្ថាន​​ឱ្យខ្ចី​ត្រូវតែ​ដាក់ពាក្យបណ្ដឹង​ដើម្បីប្ដឹងអ្នកខ្ចី​ទៅតុលាការជាមុនសិន ដើម្បី​ឱ្យ​តុលាការ​​រឹបអូស​ដីធ្លីរបស់ពួកគេ​ក្នុងករណីដែល​ពួកគេ​មិន​ព្រមសងបំណុល ។

របាយការណ៍​អំពាវនាវ​ឱ្យ​«អ្នកវិនិយោគបច្ចុប្បន្ន និងអ្នកវិនិយោគដែលទើបតែចាកចេញថ្មីៗ» នៅក្នុង​វិស័យមីក្រូហិរញ្ញវត្ថុ​នៅកម្ពុជា​«ចាត់វិធានការបន្ទាន់​ដើម្បី​ដោះស្រាយ​ផលប៉ះពាល់​ដែល​ពួកគេ​បាន​រួម​ចំណែក​ធ្វើ​ឱ្យ​កើតមានឡើង» ក្នុង​នោះរាប់បញ្ចូលទាំង​តាមរយៈ​«ការជួយ​ដោះបំណុល និង​សំណង​សមស្រប​ដល់​អ្នកខ្ចីដែល​ទទួលរងនូវការរំលោភបំពាន​សិទ្ធិ​មនុស្ស​ជាលទ្ធផល​នៃ​ការផ្ដល់​ឥណទាន​ខ្នាតតូច​ដែលមានលក្ខណៈជញ្ជក់ឈាម»

លោក អ៊ាង វុទ្ធី នាយកប្រតិបត្តិ​អង្គការសមធម៌​កម្ពុជា បាននិយាយយ៉ាងដូច្នេះថា៖ «បច្ចុប្បន្ន ផលប៉ះពាល់ទាំង​នេះ​ត្រូវបាន​បង្ហាញ​លម្អិត​ហើយ ទាំង​តាមរយៈវិធីសាស្ត្រ​គុណវិស័យ និង​បរិមាណវិស័យ សម្រាប់​អំឡុងពេល ៤ឆ្នាំចុងក្រោយនេះ»។​ លោកបន្តថា៖ «អ្នកវិនិយោគ អាជ្ញាធរ និង​តួអង្គ​អភិវឌ្ឍន៍ត្រូវតែចាត់វិធានការបន្ទាន់ ដើម្បី​ផ្ដល់​សំណង​ដល់​អ្នកខ្ចី និង​ធានា​ថា ការអនុវត្តបែបជញ្ជក់ឈាមទាំងនេះ​ត្រូវ​បញ្ឈប់​ និង​ដាក់ចេញនូវ​បទប្បញ្ញត្តិការពារ​អតិថិជន​​​ដែលចាំបាច់ ដើម្បី​ធានាការគោរព​សិទ្ធិ​មនុស្ស​ជាមូលដ្ឋាន​របស់​អ្នកខ្ចី»

រដ្ឋាភិបាលអាល្លឺម៉ងស្ថិតក្នុងចំណោមអ្នកវិយោគដ៏ធំជាងគេបំផុតមួយ​នៃ​វិស័យ​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា ក្នុងនោះ​រួមទាំង​តាមរយៈ​មូលនិធិ​វិនិយោគ​មីក្រូហិរញ្ញវត្ថុចំនួន២ ដែលកំពុងត្រូវ​បាន​​ស៊ើបអង្កេត​នៅក្នុង​បណ្ដឹងជាមួយគ្នានឹងបណ្ដឹងទៅកាន់ IFC ដែរ។

លោក Jenny Scharrer នាយកប្រចាំប្រទេសកម្ពុជា​នៃ​ធនាគារអភិវឌ្ឍន៍​កាន់កាប់ដោយរដ្ឋ​អាល្លឺម៉ង់ ឈ្មោះ KfW, ស្ថានទូតអាល្លឺម៉ង់​ប្រចាំរាជធានីភ្នំពេញ ព្រមទាំង​​ក្រសួង​សហ​ប្រតិបត្តិការ​សេដ្ឋកិច្ច​និងអភិវឌ្ឍន៍​សហព័ន្ធ​របស់រដ្ឋាភិបាលអាល្លឺម៉ង់ (BMZ) ពុំបាន​ឆ្លើយ​តប​នឹង​សំណើសុំការអធិប្បាយ​ដែល​បានផ្ញើ​ជូនកាលពីព្រឹកថ្ងៃចន្ទ នៅឡើយទេ។ 

លោក សុខ វឿន ប្រធានសមាគម CMA ដែល​ជា​អគ្គនាយក​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ LOLC Cambodia ផង​នោះ ក៏ពុំទាន់បាន​ផ្ដល់​ការឆ្លើយតប​នៅឡើយដែរ។

បុរសម្នាក់ជិះម៉ូតូ​កាត់​មុខអគារគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ នៅរាជធានីភ្នំពេញ នាថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ ។ (ខេមបូចា/ ព្រីង សំរាំង)

តំណាងមកពី​គ្រឹះស្ថាន​ផ្ដល់​ឥណទានធំៗបំផុត​ទាំង ៥ រួមមាន ធនាគារ ស្ថាបនា, ធនាគារ ហត្ថា, គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អម្រឹត, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេអឹមខេ និង​គ្រឹះស្ថានមីក្រូ​ហិរញ្ញវត្ថុ ប្រាសាក់ មិនបាន​ឆ្លើយតបនឹងសំណើសុំ​ការអត្ថាធិប្បាយឡើយ។ 

លោក Raymond Sia ប្រធាន​សមាគម​ធនាគារ​នៅកម្ពុជា និងជា​អគ្គនាយក​នៃធនាគារ កាណាឌីយ៉ា​ ផងនោះ បានបដិសេធ​មិន​ឆ្លើយនឹងសំណួរទេ ដោយ​និយាយថា លោក​កំពុងជាប់រវល់​ក្នុងកិច្ចប្រជុំ​ក្រុមប្រឹក្សាភិបាល។

លោកស្រី ជា សិរី អគ្គទេសាភិបាល​នៃធនាគារជាតិកម្ពុជា ពុំបាន​ឆ្លើយតបនឹងសំណើ​សុំ​អត្ថាធិប្បាយ​នោះ​ឡើយ៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ New Study Records Impacts of Overindebtedness in Kampong Speu

351 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម