សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ក្រសួង និងអាជ្ញាធរពាក់ព័ន្ធកំពុងជីកស្តារប្រឡាយដើម្បីពង្វាងទឹកកុំឱ្យជន់​លិច​រាជធានីភ្នំពេញ និងខេត្តមួយចំនួន

ទិដ្ឋភាពនៃគម្រោងជីកស្តារប្រព័ន្ធរំដោះ និងពង្វាងទឹកកុំឱ្យជន់លិចរាជធានីភ្នំពេញ និងខេត្តកណ្តាល ដែលកំពុងអនុវត្តក្នុងភូមិសាស្ត្រស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ (រូបភាព៖ ហ្វេសប៊ុករដ្ឋបាលខេត្តកំពង់ស្ពឺ)
ទិដ្ឋភាពនៃគម្រោងជីកស្តារប្រព័ន្ធរំដោះ និងពង្វាងទឹកកុំឱ្យជន់លិចរាជធានីភ្នំពេញ និងខេត្តកណ្តាល ដែលកំពុងអនុវត្តក្នុងភូមិសាស្ត្រស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ (រូបភាព៖ ហ្វេសប៊ុករដ្ឋបាលខេត្តកំពង់ស្ពឺ)

មន្ត្រីជំនាញនៃក្រសួងធនធានទឹក អះអាងថា អាជ្ញាធរពាក់ព័ន្ធកំពុងជីកស្តារប្រឡាយធ្វើ​ទំនើបកម្មលើប្រព័ន្ធរំដោះទឹក និងពង្វាងទឹក ដើម្បីបញ្ចៀសការជន់លិច​នៅក្នុងភូមិ​សាស្ត្រ​​រាជធានីភ្នំពេញ និងខេត្តកណ្តាល ដែលគម្រោងនេះនឹងបញ្ចប់នៅឆ្នាំ២០២៨។

ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ លោក ញ៉ាញ់ ជាបហ៊ង បានឱ្យដឹងថា ក្រសួងធនធានទឹក កំពុងអនុវត្តគម្រោងជួស​ជុល​ស្តារឡើងវិញ និងធ្វើទំនើបកម្មលើ​ប្រព័ន្ធ​រំដោះទឹក និងពង្វាងទឹកជំនន់ នៅក្នុងភូមិសាស្ត្ររាធានីខេត្តចំនួន៤ រួមមាន រាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ និងខេត្តតាកែវ ដើម្បីបញ្ចៀសការជន់លិចរាជធានីភ្នំពេញ និង​ខេត្តកណ្តាល។

លោកបន្តថា មានគម្រោង២ខ្សែដែលកំពុងអនុវត្ត គឺខ្សែទីមួយនៅប្រឡាយមេរលាំងជ្រៃ​ខាង​ត្បូង និងខាងជើង ផ្នែកខាងក្រោម ស្ថិតក្នុងឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និង​មួយ​ខ្សែទៀតអនុវត្តលើស្ទឹងតូច ចាប់ផ្តើមពីភូមិស្រែចែង ឃុំរលាំងចក រហូតដល់​បឹង​ជើង​លោង ស្ថិតក្នុងខេត្តតាកែវ។

លោក ជាបហ៊ង លើកឡើងថា គម្រោងជួសជុលស្តារឡើងវិញ និងធ្វើទំនើបកម្មលើ​ប្រព័ន្ធ​រំដោះ​ទឹក និងពង្វាងទឹកនេះ បានសម្រេចប្រមាណ៣០ភាគរយ ហើយគ្រោងនឹងបញ្ចប់នៅ​ក្នុង​ឆ្នាំ​២០២៨។ លោកបន្តទៀតថានៅពេលគម្រោងនេះបានបញ្ចប់ រាជធានីភ្នំពេញ និងខេត្ត​កណ្តាល នឹងលែងមានទឹកជំនន់ជន់លិចធ្ងន់ធ្ងរដូចប៉ុន្មានឆ្នាំចុងក្រោយនេះទៀតហើយ ដោយ​សារ​ការកែលំអ និងបង្កើតអាងស្តុកទឹកធំៗបន្ថែមទៀត ដើម្បីបញ្ចៀសទឹក​ពីប្រភពមួយ​ចំនួន​មិនឱ្យចូលស្ទឹងព្រែកត្នោត។

លោកមានប្រសាសន៍ថា៖ «បើសិនជាមក(ទឹកជំនន់)តាមធម្មតាដូចរាល់ដងមិនលិចទេ អាហ្នឹង​បើយើងធ្វើហើយស្រួលបួល។ មាន​ន័យថាបញ្ចប់ការសាងសង់ ហើយផែនការនេះមិនមែន​ធ្វើ​តែឆ្នាំនេះទេ យើងផែនការ៥ឆ្នាំ។ ក្នុងនីតិកាលទី៧នេះ យើងធ្វើម៉េចឱ្យបញ្ចៀសការលិចលង់​ភូមិសាស្ត្ររាជធានីភ្នំពេញ ខេត្តកណ្តាលនេះឱ្យបាន»។

បើតាមប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺដដែលបានបញ្ជាក់ថា ប្រព័ន្ធរំដោះ និងពង្វាងទឹកទាំងនោះមានទំហំទទឹង​១០០ម៉ែត្រនៅផ្នែកខាងលើ និងផ្នែកបាតទំហំ៤០ម៉ែត្រ ខណៈបណ្តោយសរុបប្រមាណ៥៧គីឡូម៉ែត្រ និងជម្រៅចន្លោះពី៥ទៅ​៧ម៉ែត្រ​។ ជាមួយគ្នា​លោក​ថា ប្រព័ន្ធខាងលើនេះ នឹងបញ្ចៀសទឹកជំនន់ឱ្យហូរចូលទៅទន្លេបាទី ទន្លេបាសាក់ និង​កំពុងពិនិត្យលទ្ធភាពបង្ហូរចូលទៅទន្លេសាប។

ប៉ុន្តែលោកសង្កត់ធ្ងន់ថា ប្រព័ន្ធទាំងនោះមិនទាន់អាចទប់ស្កាត់ទឹកជំនន់នៅរាជធានីភ្នំពេញ និងខេត្តកណ្តាលបាននៅក្នុងឆ្នាំនេះបានឡើយ ដោយសារតែគម្រោងនោះត្រូវការរយៈពេល​៥ឆ្នាំ​ដើម្បីអនុវត្ត ដែលបានចាប់ផ្តើមអនុវត្តកាលពីចុងឆ្នាំ២០២៣។ យ៉ាងណាលោកថា ដើម្បី​ឱ្យ​ប្រព័ន្ធរំដោះទឹក និងពង្វាងទឹកនោះមានប្រសិទ្ធភាព និងនិរន្តរភាព លុះត្រាតែមានការចាក់​បេតុងនៅតាមជម្រាលប្រឡាយទាំងនោះ ខណៈឆ្នាំនេះគឺអនុវត្តតាមគម្រោងដីនៅឡើយ។

លោកបញ្ជាក់ថា៖ «និយាយទៅសឹងតែកាត់បន្ថយការលិចលង់ហ្នឹងក្នុងរង្វង់ពី៧០ទៅ​៨០​ភាគ​រយ ហើយបើសិនជាយើងបានធ្វើបច្ចុប្បន្នភាព មានន័យថាយើងធ្វើបេតុងឱ្យ​វាទំនើបកម្ម​ទៅ វាសឹងតែកាត់បន្ថយបានហើយ។ ប៉ុន្តែយើងបង្វែរមកខាងនេះហ្នឹង ទាល់តែយើងខំធ្វើឱ្យទៅជា​បេតុង​ដែរ បានវាធានានិរន្តរភាព។ កាលណាយើងអត់ធ្វើបេតុង ធានាអត់កើតទេ ព្រោះ(ប្រឡាយ)ដីវា(មិនអាចផ្ទុក)ទឹកច្រើន។ រំដោះទឹកជំនន់ មិនមែនរំដោះទឹកស្រោចស្រពទេ»។

យ៉ាងណាប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ លោក ញ៉ាញ់ ជាបហ៊ង និង​ប្រធាន​មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ អ្នកស្រី ម៉ែន ស៊ីនួន អះអាងថា មិនបានដឹងពីគោលការណ៍​ថវិកា​ដែលត្រូវចំណាយក្នុងការអនុវត្តគម្រោងនេះឡើយ ដោយបង្វែរសំនួរឱ្យទៅមន្ត្រីជំនាញ​នៃ​ក្រសួងធនធានទឹក និងឧតុនិយម។

អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម លោក ចាន់ យុត្ថា បានបដិសេធ​ឆ្លើយតប​នឹង​សំនួររបស់អ្នកសារព័ត៌មានជុំវិញកញ្ចប់ថវិកានៃការអនុវត្តគម្រោងនេះ ដោយថាលោក​រវល់​ប្រជុំ រួចក៏បិទទូរសព្ទ។ ប៉ុន្តែលោកបានបញ្ជាក់ថា គម្រោងនេះនឹងបញ្ចៀសពលរដ្ឋនៅតាម​សណ្ត​ស្ទឹងព្រែកត្នោតឱ្យរួចផុតពីទឹកជំនន់ធ្ងន់ធ្ងរ។

លោកមានប្រសាសន៍ថា៖ «នេះគឺជាគម្រោងមួយដែលជួយកាត់បន្ថយ​ទឹកដែលមកពីកំពង់ស្ពឺ​ឱ្យបានកាន់តែច្រើន ដើម្បីកាត់បន្ថយនូវលំហូរទឹក ដែលហូរមកកាន់តំបន់​ស្ទឹងព្រែកត្នោត​ផ្នែក​ខាងក្រោម»។

ទិដ្ឋភាពនៃគម្រោងជីកស្តារប្រព័ន្ធរំដោះ និងពង្វាងទឹកកុំឱ្យជន់លិចរាជធានីភ្នំពេញ និងខេត្តកណ្តាល ដែលកំពុងអនុវត្តក្នុងភូមិសាស្ត្រស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ (រូបភាព៖ ហ្វេសប៊ុករដ្ឋបាលខេត្តកំពង់ស្ពឺ)

ជុំវិញករណីនេះ អភិបាលរងខេត្តកណ្តាល លោក គ្រុយ ម៉ាឡែន បានមានប្រសាសន៍ថា គម្រោងខាងលើមិនទាន់សន្និដ្ឋានថាអាចទប់ស្កាត់គ្រោះទឹកជំនន់ក្នុងខេត្តកណ្តាលបានទាំងស្រុងនៅឡើយ ដោយលោកថាកន្លងមកក្រុង-ស្រុកចំនួន៣រួមមាន ស្រុកអង្គស្នួល ស្រុក​កណ្តាលស្ទឹង និងក្រុងតាខ្មៅ បានរងផលប៉ះពាល់ធ្ងន់ធ្ងរដោយទឹកជំនន់​មកពីស្ទឹង​ព្រែកត្នោត ខណៈស្រុកស្អាងតិចតួច។

យ៉ាងណាលោកបង្ហាញការជឿជាក់ថា គម្រោងរបស់ក្រសួងធនធានទឹកដែលកំពុងអនុវត្ត នឹង​ក្លាយ​ជាផ្នែកមួយដែលអាចបញ្ចៀសទឹកជំនន់ពីពលរដ្ឋក្នុងខេត្តកណ្តាល និងផ្តល់​ភាព​ងាយ​ស្រួលដល់ការងារកសិកម្ម ខណៈលោកថារដ្ឋបាលខេត្ត និងក្រសួងពាក់ព័ន្ធនឹងបន្ត​ដោះ​ស្រាយ​​បញ្ហាពាក់ព័ន្ធនឹងទឹកជំនន់នេះឱ្យបានល្អប្រសើរបន្ថែមទៀត។

លោកមានប្រសាសន៍ថា៖ «ការស្តារ ក៏ដូចជាការកែលម្អលើប្រព័ន្ធនេះ ពិតណាស់ច្បាស់ជា​ផ្តល់​ប្រយោជន៍ទាំងការការពារ បញ្ចៀសនូវទឹកជំនន់ និង​ជួយឱ្យបាននូវប្រភពទឹក​ដែលអាច​ផ្គត់ផ្គង់​ទៅដល់ប្រជាពលរដ្ឋប្រើប្រាស់នៅរដូវប្រាំង»។

ប្រហាក់ប្រហែលគ្នា ប្រធានមន្ទីរធនធានទឹក និងឧតុនិយមរាជធានីភ្នំពេញ លោក ម៉ៅ ប៊ុនធឿន បានលើកឡើងដែរថា ការធ្វើទំនើបកម្មរំដោះ និងពង្វាងទឹកនេះពិតជាមាន​សារៈ​សំខាន់​ក្នុងការរំដោះទឹកឱ្យបានទាន់ពេលវេលា។ លោកបន្តថា អាជ្ញាធររាជធានីភ្នំពេញ​បាន និង​កំពុងប្រឹងប្រែងធ្វើការលើគម្រោងនេះ ប៉ុន្តែថាប្រសិទ្ធភាពនៃការបញ្ចៀស​ទឹកជំនន់​បាន​កម្រិតណានោះ មិនទាន់អាចវាយតម្លៃបាននៅឡើយ។

លោកបញ្ជាក់ថា៖ «ចំពោះបញ្ហាប្រឈមនៅពេលខាងមុខ យើងមើលមិនឃើញដែរ តែ​សម្រាប់​បច្ចុប្បន្ន​យើងបានខិតខំសិក្សាលើ​គម្រោង ដើម្បីគោលដៅបញ្ចៀស​ការលិចលង់​រាជធានីភ្នំពេញ ហើយនិងបង្វែរទឹកចេញពីរាជធានីភ្នំពេញ។ ហើយឥឡូវយើងកំពុងតែ​ចាប់​ផ្តើមអនុវត្តហើយ ប៉ុន្តែប្រសិទ្ធភាព និងលទ្ធផលយើងនឹងរង់ចាំមើលពេលរដូវវស្សាមកដល់ ទើបវាយតម្លៃបាន»។

ចំណែក ពលរដ្ឋរស់នៅតាមសណ្តស្ទឹងព្រែកត្នោតស្ថិតនៅក្នុងខណ្ឌដង្កោ រាជធានី​ភ្នំពេញ បាន​បង្ហាញការសាទរចំពោះគម្រោងនេះ ដោយរំពឹងថា ពួកគាត់នឹងលែងរងគ្រោះ​ដោយ​សារ​ទឹកជំនន់ ខណៈឆ្នាំមុនៗពួកគាត់ត្រូវខូចខាតផលដំណាំ ស្រូវ និងទ្រព្យសម្បត្តិ​ជាច្រើន។

ជាក់ស្តែង ពលរដ្ឋរស់នៅសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ លោក ហ៊ន សុខន បង្ហាញអារម្មណ៍​ត្រេក​អរ​ចំពោះគម្រោងរំដោះ និងពង្វាងទឹកនេះ ដោយចាត់ទុកថាគម្រោងនេះ​នឹងធ្វើឱ្យការ​រស់​នៅ​របស់គាត់ល្អប្រសើរ។

លោកលើកឡើងថា៖ «ខ្ញុំអរណាស់បានគេជួយបញ្ចៀសទឹកអ៊ីចឹង។ បើបានទឹកលែង​ឡើង​មក​ដល់នេះធូរហើយ ធូរមែនទែន វាស្រួលម៉េច វាស្រួលដូចថាយើងដាំដុះទៅវាបាន​ហូបបាន​ពិសារ វាមិនភ័យរលួយ ភ័យរឿងងាប់»។

ការសាទរដូច្នេះ ដោយពលរដ្ឋវ័យ៧៣ឆ្នាំរូបនេះឱ្យដឹងថា ទឹកជំនន់ក្នុងរយៈពេល២ឆ្នាំ​ចុង​ក្រោយ​នេះកើតឡើងធំៗមិនធ្លាប់មាន ដោយ​ថា​បានរំខានខ្លាំងដល់ការរស់នៅ​របស់​ប្រជាពលរដ្ឋ ដោយត្រូវខកខានបំពេញការងាររកស៊ី ហើយយកពេលទៅគ្រប់គ្រង​សម្ភារៈ​ក្នុង​ផ្ទះ ដើម្បីបញ្ចៀសការខូចខាត ឬអណ្តែតទៅតាមទឹក។ លោកបន្តថា ពលរដ្ឋខ្លះក៏ត្រូវជម្លៀស​ចេញ​ពីផ្ទះទៅស្នាក់នៅផ្ទះអ្នកជិតខាងមួយរយៈដែរ។

លោកបន្តថា ក្រោយទឹកជំនន់អន់ថយទៅវិញ ក៏មិនទាន់អស់ផលប៉ះពាល់ដល់ពលរដ្ឋដែរ ដោយថាដីនៅជាប់សណ្តស្ទឹងជាច្រើនម៉ែត្រត្រូវបានរអិលចូលផ្ទៃស្ទឹងជាបន្តបន្ទាប់។

លោកបន្ថែមថា៖ «ដីខ្ញុំបាក់អស់ច្រើនណាស់ គុម្ពឫស្សីអីទៅ៣ឬ៤គុម្ពទៅអស់។ ពេលណា​ដែល​ទឹកឡើងមកអត់អីទេ តែពេលដែលទឹកស្រកទៅវិញអស់ ដល់អាដីហ្នឹងវានៅជ្រាយ ដល់អ៊ីចឹងវារអិលទៅតែម្តង។ មិនមែនបាក់បន្តិចៗទេ រអិលទៅ២ម៉ែត្រ ទៅ៣ម៉ែត្រ»។

ទឹកនៅតាមដងស្ទឹងព្រែកត្នោតដែលស្ថិតនៅក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលតែងតែជន់លិចនៅរដូវវស្សាបានស្រកអស់ស្ទើរតែដល់បាតដីនៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤។ (ខេមបូចា/ ប៉ា តុងចិន)

ជាមួយគ្នានេះដែរ ពលរដ្ឋរស់នៅក្នុងខណ្ឌដង្កោម្នាក់ទៀត លោក ជា វិបុល ចាត់ទុកថា គម្រោង​ខាងលើនេះនឹងផ្តល់ឱកាសឱ្យគាត់រស់នៅបានសុខស្រួល មិនភ័យព្រួយពីទឹកជំនន់ ហើយអាចប្រកបរបរការងារ និងចិញ្ចឹមសត្វបានដូចពលរដ្ឋនៅតំបន់ផ្សេងដែរ។

យ៉ាងណា លោករម្លឹកពីផលលំបាកថា កាលពីឆ្នាំ២០២៣កន្លងទៅ ទឹកជំនន់បាន​ហក់​ឡើង​ខ្លាំង​រហូតដល់ជិតដំបូលផ្ទះរបស់លោក ដែល​ជំរុញឱ្យលោក និងគ្រួសារត្រូវបណ្តែត​គ្រែធ្វើជាស្ពាន និងចងខ្សែតោងប្រថុយគ្រោះថ្នាក់ ដើម្បីចេញពីផ្ទះឡើងទៅលើគោក។ មិនតែ​ប៉ុណ្ណោះ លោកថាកាន់តែប្រឈមគ្រោះថ្នាក់ ដោយសារកាលនោះអាការៈជំងឺ​ទឹកនោមផ្អែម​របស់​លោកធ្វើទុក្ខ ដែលត្រូវទៅមន្ទីរពេទ្យបន្ទាន់។

លោកបញ្ជាក់ថា៖ «តែពេលលិចជ្រៅ យើងពិបាកអត់ដឹងទៅណា​! បើយើងទៅរកស៊ីទៅ យើងចោលផ្ទះ[..]ពិបាកណាស់ខែវស្សា​អត់មានបានចេញទៅណារកស៊ីកើតទេ»។

ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីការអភិវឌ្ឍ និងសន្តិភាព លោក យង់ គិមអេង យល់ថា ជារឿង​មួយដ៏ល្អដែលប្រជាពលរដ្ឋរង់ចាំជាច្រើនឆ្នាំ និងចង់ឃើញរដ្ឋាភិបាល​យកចិត្តទុកដាក់​លើការដោះស្រាយបញ្ហាទឹកជំនន់នេះ។

យ៉ាងណាមិញ លោកជំរុញឱ្យរដ្ឋាភិបាលបង្កើនការយកចិត្តទុកដាក់ ដើម្បីដោះស្រាយ​បញ្ហា​ជន់​លិច​នៅក្នុងដំណាក់កាលបណ្តោះអាសន្តជាមុនសិន ទម្រាំគម្រោងរំដោះទឹក និងពង្វាង​ទឹក​នោះរួចរាល់។

លោកមានប្រសាសន៍ថា៖ «(រដ្ឋ)ត្រូវតែមានចំណាត់ការបណ្តោះអាសន្ត ដើម្បីជួយ​ប្រជាពលរដ្ឋ​​​ឱ្យ​​អស់​ពី​លទ្ធភាព ដើម្បីបញ្ចៀសការលិចលង់ ព្រោះលិចលង់មិនមែន​តែ​ប្រជាពលរដ្ឋ​ធម្មតា​ឯណា! ទាំងអស់តែគ្នា ទាំងអ្នករាជការ ទាំងអ្នកមាន អ្នកធំ អ្នកតូច ធ្វើ​ដំណើរនៅតាមដងផ្លូវ​ដូចតែគ្នា ជួបបញ្ហាដូចតែគ្នា»។

ចំណែក នាយកអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា(ANSA) លោក សន ជ័យ បាន​មាន​​ប្រសាសន៍ថា ក្រសួងធនធានទឹកត្រូវធ្វើយ៉ាងណាធានា​ឱ្យបាននូវការទប់ស្កាត់​ទឹកជំនន់​នៅរដូវវស្សា និងរក្សាឱ្យបាននូវទឹកប្រើប្រាស់សម្រាប់ការងារកសិកម្មនៅរដូវប្រាំង​។ ការលើក​ឡើងដូច្នេះ ដោយលោកថាកន្លងមកកសិករខូចខាតផល​ដំណាំដោយសារ​ទឹកជំនន់នៅ​រដូវ​វស្សា ខណៈរដូវប្រាំងពួកគាត់​បែរ​ជាត្រូវខ្វះខាតទឹកដើម្បីបម្រើដល់ការដាំដុះ។

លោកថ្លែងថា៖ «បទពិសោធន៍ការខ្វះខាតទឹកធ្វើស្រែប្រាំងនៅឆ្នាំនេះ គឺជាសញ្ញាបង្ហាញ​មួយ​អំពីតម្រូវការរបស់ពលរដ្ឋភាគច្រើន នៅក្នុងការធ្វើស្រែប្រាំង ខណៈដែលខែវស្សា គឺកសិករ​ធ្វើស្រែប្រឈមនឹងការលិចលង់ផលដំណាំ ប៉ុន្តែខែប្រាំងប្រសិនបើពួកគេធ្វើអត់បានទៀត វានាំឱ្យមានផលប៉ះពាល់ទៅដល់វិស័យកសិកម្ម»។

របាយការណ៍ស្តីពី លទ្ធផលនៃការងារគ្រប់គ្រងគ្រោះមហន្តរាយឆ្នាំ២០២៣ និងទិសដៅឆ្នាំ២០២៤ របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានបង្ហាញថា ក្នុងឆ្នាំ២០២៣ ទឹកជំនន់បានជន់លិចក្រុង-ស្រុកចំនួន១០៧ និងឃុំ-សង្កាត់ចំនួន៤០៦ ក្នុងភូមិសាស្ត្រ​រាជធានី-ខេត្តទាំងអស់នៅកម្ពុជា លើកលែងតែខេត្តព្រៃវែងមួយប៉ុណ្ណោះ។ ក្នុងនោះប៉ះពាល់ពលរដ្ឋសរុបជាង៨ម៉ឺនគ្រួសារ និងជម្លៀស​ពលរដ្ឋចេញជាង៤ពាន់គ្រួសារ ខណៈមនុស្ស១០នាក់ស្លាប់បាត់បង់ជីវិត និង៩នាក់រងរបួស។

ប្រភពដដែលបញ្ជាក់ថា គ្រោះទឹកជំនន់ក៏បានវាយប្រហារផ្ទះពលរដ្ឋឱ្យខូចខាតជាង១ពាន់​ខ្នង ក្នុងចំណោមផ្ទះដែលជន់លិចជាង៥ម៉ឺនខ្នង។ បន្ថែមលើនេះ ស្រូវជាង​២ម៉ឺនហិកតា និងដំណាំ​ផ្សេងៗជាង​​៤ពាន់ហិកតាត្រូវបានបំផ្លាញ។ ក្រៅពីនេះ ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ​ដូចជា សាលា​រៀន វត្តអារាម ផ្លូវថ្នល់ និងស្ពានជាច្រើនក៏ត្រូវបាន​រងការខូចខាតដែរ។

របាយការណ៍ខាងលើគូសបញ្ជាក់ទៀតថា ក្នុងឆ្នាំ២០២៣ជំនន់ទឹកភ្លៀងបានកើតឡើង​ជាបន្ត​បន្ទាប់ ដោយសារតែឥទ្ធិពលអាកាសធាតុដែលមានការប្រែប្រួល ធ្វើឱ្យមានភ្លៀងធ្លាក់ខុស​រដូវកាល​តិច-ច្រើនដោយកន្លែង ហើយបង្កឱ្យជន់លិចក្នុងរូបភាពតូច-ធំជាច្រើនក្នុងភូមិសាស្ត្រ​ទូទាំងប្រទេស ចាប់ពីដើមឆ្នាំរហូតដល់ចប់រដូវវស្សា។ ក្នុងនោះតំបន់មួយចំនួនត្រូវរងការ​ជន់​លិច​៣ទៅ៤លើក។

បើតាមអង្គការយូនីសេហ្វេ កត់សម្គាល់ឃើញថា ប្រទេសកម្ពុជាទទួលរងគ្រោះមហន្តរាយ ដោយធម្មជាតិស្ទើរតែរៀងរាល់ឆ្នាំដូចជា ទឹកជំនន់ ខ្យល់ព្យុះ និងភាពរាំងស្ងួត នៅតាមតំបន់ ងាយរងគ្រោះមួយចំនួន និងបានបំផ្លាញផ្ទះសម្បែង ទ្រព្យសម្បត្តិ ដំណាំស្រូវ បន្លែ និងហេដ្ឋា រចនាសម្ព័ន្ធជាច្រើនដូចជា ផ្លូវថ្នល់ ស្ពាន មន្ទីរពេទ្យ និងសាលារៀនជាដើម ដែលគ្រោះ ធម្មជាតិ បានធ្វើឲ្យកុមារ និងគ្រួសារ​ក្រីក្រមួយចំនួនកាន់តែធ្លាក់ដុនដាបទៅ។ បន្ថែមលើនេះ​ កុមារជាច្រើនបានបាត់បង់ជីវិតដោយសារការលង់ទឹក ពស់ចឹក និងជំងឺផ្សេងៗផងដែរ។

ចំណែកស្ថានទូតអាមេរិក បានចុះផ្សាយថា ប្រទេសកម្ពុជាកំពុងទទួលរងគ្រោះទឹកជំនន់ខ្លាំង បំផុត ក្នុងរយៈពេល២០ឆ្នាំមក​នេះ​ ពិសេស​នៅតាមតំបន់ដែលមិនបានត្រៀមចំពោះទឹកជំនន់ដ៏គំហុកនេះ៕

707 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម