រដ្ឋាភិបាលកម្ពុជានឹងចាប់ផ្ដើមអនុវត្តកិច្ចព្រមព្រៀងសេដ្ឋកិច្ចក្នុងតំបន់ក្នុងខែមីនានេះ ដោយសម្រេចបន្ធូរបន្ថយ ឬលុបបំបាត់ពន្ធគយលើទំនិញនាំចូលពីប្រទេសអាស៊ាន និងជប៉ុន ប៉ុន្តែបង្កើនអាករពិសេសបន្ថែមពីលើផលិតផលមួយចំនួនដែលប៉ះពាល់ដល់បរិស្ថាន ឬសុខភាពពលរដ្ឋដើម្បីយកមកបំពេញចំណូលពន្ធ។
អ្នកធ្វើគោលនយោបាយបានចង្អុលបង្ហាញថា បន្ទាប់ពីអនុលោមតាមកិច្ចព្រមព្រៀងនេះ ទំនិញនាំចូលមកកម្ពុជាពីបណ្ដាប្រទេសជាសមាជិកកិច្ចព្រមព្រៀងភាគច្រើននឹងមានតម្លៃថោកដែលនាំឱ្យសហគ្រាសក្នុងស្រុកមួយចំនួននឹងរងផលប៉ះពាល់។
ខណៈមន្រ្តីរដ្ឋាភិបាលទទូចឱ្យអាជីវករក្នុងស្រុកចាប់យកឱកាសនេះក្នុងការពង្រឹងគុណភាពផលិតផល និងទីផ្សារដើម្បីប្រកួតប្រជែងជាមួយទំនិញក្រៅស្រុក។
យោងតាមអនុក្រឹត្យចុះថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ ឱ្យដឹងថា រដ្ឋាភិបាលកម្ពុជាបានសម្រេចដាក់ឱ្យអនុវត្តកម្មវិធីកាត់បន្ថយឬលុបបំបាត់ពន្ធគយ សម្រាប់ទំនិញនាំចូលទាំងឡាយដែលមានដើមកំណើតមកពីប្រទេសអាស៊ានទាំង១០និងជប៉ុន ក្រោមកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយរវាងរដ្ឋជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងជប៉ុន។
អនុក្រឹត្តបានបន្តថា ការចាប់ផ្ដើមអនុវត្តនូវកម្មវិធីនេះគឺនៅរយៈពេល៣០ថ្ងៃក្រោយ បន្ទាប់ពីអនុក្រឹត្តត្រូវបានចុះហត្ថលេខា។ អ្នកនាំចូលត្រូវគោរពតាមវិធាន និងនីតិវិធីនានា ដែលកំណត់ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច លោក មាស សុខសេនសាន មានប្រសាសន៍ថា ការកាត់បន្ថយ និងលុបបំបាត់ពន្ធគយនេះ ត្រូវបានធ្វើឡើងលើមុខទំនិញច្រើនប្រភេទ ប៉ុន្តែចំពោះទំនិញនាំចូលដែលប៉ះពាល់ដល់ផលិតករក្នុងស្រុក ឬប៉ះពាល់ខ្លាំងដល់ចំណូលពន្ធគយ កម្ពុជានៅតែបន្តរក្សារបាំងពន្ធគយទាំងស្រុង ឬក្នុងកម្រិតសមស្របមួយ។
លោកបានបញ្ជាក់ថា មុខទំនិញដែលបន្តការយកពន្ធដដែល ឬក្នុងកម្រិតសមស្របមួយនោះ រួមមាន សាច់គោ សាច់ជ្រូក សាច់មាន់ បន្លែ ប្រភេទផ្លែឈើមួយចំនួន ឬផលិតផលផ្សេងទៀតដែលកសិករក្នុងស្រុកអាចផលិតបាន។ ហើយមុខទំនិញដែលជាប្រភពចំណូលពន្ធគយខ្ពស់ គឺ យានយន្ត ផលិតផលតេលសិលា(ប្រេងឥន្ធនៈ) និងគ្រឿងអាឡិចត្រូនិក ជាដើម។
លោកបញ្ជាក់ថា៖ «ដោយឡែក ចំពោះមុខទំនិញដែលមានវេទយិតភាព(ទំនិញស្ថិតក្នុងបញ្ជីហាមឃាត់ ឬជាប់ពន្ធខ្ពស់ ឬប៉ះពាល់) ដល់ផលិតករក្នុងស្រុក ឬមានផលប៉ះពាល់ខ្លាំងដល់ចំណូលគយ កម្ពុជាបានដាក់ចូលក្នុងបញ្ជីទំនិញដែលត្រូវរក្សារបាំងពន្ធគយទាំងស្រុង ឬក្នុងកម្រិតសមស្របមួយ»។ លោកបន្តថា៖ «កន្លងមក មុខទំនិញទាំងនោះរួមមានដូចជា សាច់គោ សាច់ជ្រូក សាច់មាន់ បន្លែ ផ្លែឈើមួយចំនួន ឬផលិតផលមួយចំនួនដែលកសិករអាចផលិតបានក្នុងស្រុក និងមុខទំនិញដែលជាមុខសញ្ញានៃចំណូលពន្ធខ្ពស់ (យានយន្ត, ផលិតផលតេលសិលា គ្រឿងអេឡិចត្រូនិក ជាដើម)»។
លោកបានបន្តទៀតថា ជារៀងរាល់ឆ្នាំកម្ពុជាបាននាំចូលទំនិញជាច្រើនប្រភេទ ហើយអគ្គនាយកដ្ឋានពន្ធគយ បានបែងចែកជា៤ក្រុមធំៗ គឺទំនិញចម្រុះ យានយន្ត និងគ្រឿងចក្រ ផលិតផលតេលសិលា សម្ភារៈនិងបរិក្ខារសំណង់។
ដើម្បីបំពេញបន្ថែមនូវថវិកាដែលបាត់បង់ដោយសារបន្ថយ និងលុបបំបាត់ពន្ធគយក្នុងកិច្ចព្រមព្រៀងខាងលើ លោកថា រដ្ឋាភិបាលបានកែសម្រួលអត្រាអាករពិសេសលើមុខទំនិញមួយចំនួនជាប្រភេទប្រណិត ឬផលិតផដែលបង្កផលប៉ះពាល់ដល់បរិស្ថាន និងសុខភាពមនុស្សសត្វ ជាដើម។
លោកបន្ថែមថា ទំនិញទាំងនោះមាន រថយន្ត ម៉ូតូ ភេសជ្ជៈមានជាតិអាកុល និងគ្រឿងអេឡិចត្រូនិចមួយចំនួន។
លោក ម៉ុង ឫទ្ធី ជាមហាសេដ្ឋីមួយរូបក្នុងប្រទេសកម្ពុជា យល់ថា បន្ទាប់ពីរដ្ឋាភិបាលអនុវត្តកិច្ចព្រមព្រៀងនេះ លោកនិងក្រុមហ៊ុននាំចូលផ្សេងទៀតនឹងទទួលបាននូវអត្ថប្រយោជន៍ជាច្រើនតាមរយៈការបន្ថយ ឬលុបបំបាត់ពន្ធ។
លោកបានអះអាងថា ក្រុមហ៊ុនរបស់លោកនាំចូលភាគច្រើនជាសម្ភារៈពាក់ព័ន្ធនឹងវិស័យកសិកម្ម ខណៈទំនិញទាំងនោះភាគច្រើនក៏រដ្ឋាភិបាលមិនបានយកពន្ធផងដែរ។ ប៉ុន្តែលោកថា ភាគច្រើននៃទំនិញនោះ បានជាប់ពន្ធលើតម្លៃបន្ថែមចំនួន១០ភាគរយ(VAT)។

អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង មានប្រសាសន៍ថា ការអនុវត្តកិច្ចព្រមព្រៀងសេដ្ឋកិច្ចនេះ គឺជាផលប្រយោជន៍ដល់សេដ្ឋកិច្ចកម្ពុជា។ ហើយលោកបញ្ជាក់ថា មុននឹងសម្រេចអនុវត្ត ក៏រដ្ឋាភិបាលបានសិក្សាល្អិតល្អន់អំពីផលប្រយោជន៍ និងផលប៉ះពាល់ដែរ។
លោកបានបន្តទៀតថា កិច្ចព្រមព្រៀងពហុភាគីនេះ ក៏ដើម្បីជំរុញការប្រកួតប្រជែងក្នុងតំបន់ ក៏ដូចជាឱកាសមួយសម្រាប់ឱ្យសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាប្រឹងប្រែងបង្កើនគុណភាពទំនិញ និងការប្រជែងយកទីផ្សារជាមួយទំនិញនាំចូល។
លោកបានសម្លឹងឃើញថា បន្ទាប់ពីអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្ម ពលរដ្ឋកម្ពុជានឹងទទួលបានទំនិញមានគុណភាពខ្ពស់ហើយមានតម្លៃសមរម្យដែលនឹងជួយជំរុញជីវភាពពលរដ្ឋមានភាពល្អប្រសើរជាងមុនទៀតផង។
លោកបន្ថែមថា៖«ពេលដែលទំនិញគុណភាព ហើយស្តង់ដាដែលអាចនាំចូលបាន ហើយនឹងតម្លៃសមរម្យនោះ វាជួយធ្វើឱ្យជីវភាពប្រជាពលរដ្ឋរបស់យើងដែលកំពុងនៅកម្រិតប្រទេសអភិវឌ្ឍន៍តិចតួច គឺវាជាផលល្អសម្រាប់ប្រជាពលរដ្ឋយើងដែលយើងមានទំនិញថោក សមរម្យសម្រាប់ផ្គត់ផ្គង់ឱ្យប្រជាពលរដ្ឋរបស់យើងដែលជាកម្មករភាគច្រើន»។
លោក តែ តាំងប៉ ប្រធានសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា មានប្រសាសន៍ថា ការដករនាំងពន្ធគយនេះ កម្ពុជាអាចទាក់ទាញវិនិយោគិនពីក្រៅប្រទេស ដើម្បីជំរុញការវិនិយោគក្នុងស្រុក និងបង្កើនការងារបន្ថែមដល់ពលរដ្ឋ។
ទន្ទឹមនេះ លោកថា ការដករនាំងពន្ធគយនេះក៏នាំឱ្យមានផលប៉ះពាល់ច្រើនដល់សហគ្រាសក្នុងស្រុក ដែលត្រូវប្រជែងទីផ្សារជាមួយទំនិញមកពីក្រៅដែលមានតម្លៃទាបក្រោយរួចពន្ធគយ ហើយថា បញ្ហានេះ វានឹងនាំទៅរកការកាត់បន្ថយការបង្កើនផលិតផលជាតិ និងបន្ថយកំណើននៃអាជីវកម្មតូចៗ។
លោកបានលើកជាយោបល់ថា រដ្ឋាភិបាលគួរកាត់បន្ថយ ឬលើកលែងពន្ធសម្រាប់សហគ្រាសធុនតូច និងមធ្យមដើម្បីជំរុញឱ្យមានសមត្ថភាពក្នុងការប្រជែងយកទីផ្សារទាំងតម្លៃ និងគុណភាព។
បន្ថែមពីលើនេះ លោកថា រដ្ឋគួរតែផ្ដល់ជាកញ្ចប់ប្រាក់ឧបត្ថម ឬកម្ចីដែលមានការប្រាក់ទាបទៅដល់សហគ្រាសធុនតូច និងមធ្យមក្នុងស្រុកផងដែរ។
លោក លក្ខ័ ដេវីត បុគ្គលិកក្រុមហ៊ុនឯកជនមួយរូប គាំទ្រសេចក្ដីសម្រេចរបស់រដ្ឋាភិបាលចំពោះការបន្ថយ ឬលុបបំបាត់ពន្ធនាំចូល ហើយបន្ថែមអាករពិសេសលើទំនិញប៉ះពាល់សុខភាព ដោយលោកជឿថា នឹងជះផលវិជ្ជាមានច្រើនដល់ពលរដ្ឋ និងរូបលោកផងដែរ។
ការបន្ថយ ឬលុបបំបាត់ពន្ធ លោកថា ពលរដ្ឋនឹងចំណាយថវិកាតិចជាងមុនដើម្បីទទួលបានទំនិញ ខណៈពលរដ្ឋក៏អាចកាត់បន្ថយការផឹកស្រា និងជក់បារីទៀតផង ដោយសារតម្លៃកើនឡើងបន្ទាប់ពីបង្កើនអាករពិសេស។
លោក និយាយថា៖ «ចឹងទោះបីជារដ្ឋាភិបាលយើងគាត់បាត់បង់ចំណូលពន្ធគយមួយចំនួនមែន តែការបាត់បង់នេះវាទៅជួយចំណែកធំមួយទៅលើ […] បន្ថយបន្ទុកពន្ធ បន្ទុកចំណាយប្រជាពលរដ្ឋ»។
នាយកនៃមជ្ឈមណ្ឌលសិក្សាគោលនយោបាយ លោក ចាន់ សុផល ក៏បានយល់ស្របដែរថា នៅពេលដែលពលរដ្ឋ និងក្រុមហ៊ុននាំចេញមួយចំនួនទទួលបានទំនិញថោក និងផលិតផលនាំចេញអាចលក់បានច្រើនជាងមុនដោយសារមិនជាប់ពន្ធគយ សហគ្រាសក្នុងស្រុកមួយចំនួននឹងរងផលប៉ះពាល់ប្រសិនបើទំនិញនាំចូលនោះ ជាប្រភេទទំនិញដែលមានការប្រជែងទីផ្សារជាមួយនឹងទំនិញក្នុងស្រុក។
លោកលើកឡើងថា៖ «ប្រសិនបើទំនិញនាំចូលហ្នឹងវាជាការប្រកួតប្រជែងនឹងទំនិញក្នុងស្រុក ដូច្នេះវាធ្វើឱ្យប៉ះពាល់ជាអវិជ្ជមានដល់ទំនិញក្នុងស្រុក។ ដំណោះស្រាយមិនដឹងជាធ្វើយ៉ាងណាទេ វាជាការពិបាក ពីព្រោះកាលបើកទំលាយពាណិជ្ជកម្មសេរីវាតែងតែចឹង វាមានកន្លែងដែលយើងប៉ះខាត ហើយក៏មានកន្លែងដែលចំណេញ»។
ទោះជាយ៉ាងណាក៏ដោយ លោកបានអះអាងថា ប្រសិនបើគ្រឿងចក្រដែលនាំចូលសម្រាប់ដំណើរការផលិតកម្ម ហើយមានតម្លៃថោក ឬសមរម្យ វាក៏ជាកត្តារួមចំណែកជួយដោះស្រាយថ្លៃដើមនៃការផលិតដល់សហគ្រាសក្នុងស្រុកដែរ។
កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយរវាងរដ្ឋជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងជប៉ុន បានចុះហត្ថលេខានៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០០៨។
ចុងឆ្នាំ២០២០ នៅឯទីក្រុងហាណូយ ប្រទេសវៀតណាម ប្រទេសនៅតំបន់អាស៊ី និងប៉ាស៊ីហ្វិកចំនួន១៥បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (RCEP)។
កិច្ចព្រមព្រៀង RCEP នេះ ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ២០១២ គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងប្រទេសអាស៊ានទាំង១០ រួមជាមួយនឹងប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលហ្សេឡង់។
គោលបំណងនៃកិច្ចព្រមព្រៀងនេះ គឺបន្ទាបពន្ធគយ បើកឲ្យមានការធ្វើពាណិជ្ជកម្មលើផ្នែកសេវាកម្ម និងលើកកម្ពស់ការវិនិយោគដើម្បីជួយដល់បណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ឲ្យតាមទាន់ប្រទេសដទៃទៀតនៅលើពិភពលោក។
ពិសេសជាងនេះទៀត កិច្ចព្រមព្រៀង RCEP នេះ ត្រូវគេរំពឹងថានឹងជួយកាត់បន្ថយការចំណាយ និងពេលវេលាសម្រាប់ក្រុមហ៊ុននានា ដោយអនុញ្ញាតឲ្យពួកគេនាំចេញផលិតផលទៅកាន់ប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងនេះបាន ដោយមិនចាំបាច់បំពេញតាមតម្រូវការដាច់ដោយឡែកសម្រាប់ប្រទេសនីមួយៗ៕










