អគ្គលេខាធិការគណបក្សភ្លើងទៀនឱ្យដឹងថា គណបក្សលោកបានស្នើផ្លាស់ប្តូរក្រុមប្រឹក្សាឃុំ-សង្កាត់ ជាង៣០រូប ប៉ុន្តែមន្ត្រីពាក់ព័ន្ធធ្វើការយឺតយ៉ាវនាំឱ្យប៉ះពាល់ដល់អង្គបោះឆ្នោតជ្រើសតាំងសមាជិក ព្រឹទ្ធសភា ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៥ខែកុម្ភៈខាងមុខនេះ។
អគ្គលេខាធិការគណបក្សភ្លើងទៀន លោក លី សុធារ៉ាយុទ្ធ មានប្រសាសន៍ថា រយៈពេល៦ខែចុងក្រោយ គណបក្សភ្លើងទៀនបានស្នើផ្លាស់ប្តូរក្រុមប្រឹក្សាឃុំ-សង្កាត់ចំនួន៣២រូបនៅក្នុងរាជធានីខេត្ត ចំនួន៨។ លោក បន្តថា មូលហេតុនៃការផ្លាស់ប្តូរនេះដោយសារ ក្រុមប្រឹក្សាមួយចំនួនបានទទួល មរណភាព អ្នកខ្លះសុំលាឈប់ និងមួយចំនួនអនុវត្តការងារខុសលក្ខន្តិកៈគណបក្ស។
លោកបន្តថា ការផ្លាស់ប្តូរមិនទាន់បែបនេះធ្វើឱ្យគណបក្សភ្លើងទៀន ដែលចងសម្ព័ន្ធភាពជាមួយ គណបក្ស៣ទៀត ហើយសម្រេចជ្រើសរើសយកគណបក្សឆន្ទៈខ្មែរ ដើម្បីដាក់បេក្ខជន សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានេះ បាត់បង់អង្គបោះឆ្នោត។
លោក លី សុធារ៉ាយុទ្ធ ថ្លែងថា៖ «ការផ្លាស់ប្រូរយឺតយ៉ាវនេះប៉ះពាល់ដល់សិទ្ធិគណបក្សនយោបាយដែលសិទ្ធិរបស់គណបក្សនយោបាយក្នុងការគ្រប់គ្រង ថែរក្សា និងថែទាំសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ដែលជាអង្គបោះឆ្នោតទី១ ទី២ គឺវាប៉ះពាល់ដល់អង្គបោះឆ្នោត រឿងទី៣វាប៉ះពាល់ដល់លទ្ធផលនៃការបោះឆ្នោតអសកលនាពេលខាងមុខនេះ ប្រសិនបើមានការផ្លាស់ប្តូរអង្គបោះឆ្នោតយឺតយ៉ាវ ឬក៏មិនឆ្លើយតបទៅនឹងការស្នើសុំនៃការផ្លាស់ប្តូររបស់គណបក្ស»។
មាត្រា១៦នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ-សង្កាត់ចែងថា ក្រុមប្រឹក្សាអាចបាត់បង់ សមាជិក ភាពក្នុងករណី ទទួលមរណភាព បាត់បង់សម្បទាវិជ្ជាជីវៈ សុំលាលែង តុលាការផ្តន្ទាទោស បណ្តេញចេញព្រោះប្រព្រឹត្តខុសបទបញ្ជាក្រសួងមហាផ្ទៃ ក្រុមប្រឹក្សាត្រូវរំលាយទាំងមូល និងការបាត់បង់សមាជិកភាពពីគណបក្សរបស់សាមីខ្លួន។
មាត្រា៣៨នៃច្បាប់ដដែលខាងលើនេះបានចែងថា ការបាត់បង់មុខតំណែង និងការទទួលមុខតំណែងជាជំទប់ទី១ ឬចៅសង្កាត់រងទី១ ជំទប់ទី២ ឬចៅសង្កាត់រងទី២ ត្រូវធ្វើដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃក្នុងរយៈពេលយ៉ាងយូរ១៤ថ្ងៃ។
លោក លី សុធារ៉ាយុទ្ធ បញ្ជាក់ថា គណបក្សលោកនឹងស្វែងរកការអន្តរាគមន៍ពីស្ថាប័នពាក់ព័ន្ធ ដើម្បីពន្លឿនដោះស្រាយបញ្ហានេះ ឱ្យបានមុនការបោះឆ្នោតក្រុមប្រឹក្សា ក្រុង ស្រុក ខណ្ឌ រាជធានី ខេត្ត នៅខែមិថុនាខាងមុខ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ មានប្រសាសន៍ថា បញ្ហាយឺតយ៉ាវនៃការផ្លាស់ប្តូរក្រុមប្រឹក្សាឃុំ-សង្កាត់ គណបក្សភ្លើងទៀននេះ ក្រសួងមិនទាន់ទទួលបានលិខិតស្នើសុំផ្លាស់ប្តូរទេ។ លោកបន្តថា បញ្ហាគឺអាចមន្ត្រីថ្នាក់ក្រោមធ្វើការយឺតយ៉ាវ។
លោក ខៀវ សុភ័គ មានប្រសាសន៍ថា៖ «គាំងនៅក្រសួងគ្មានទេ។ អត់មានគាំង[នៅក្រសួង] សួរក្រសួងម៉េច? ក្រសួងចាំមើលតែធ្លាក់មកធ្វើឱ្យហើយ។ គាំងឃុំឈ្មោះអីសួរទៅឃុំ។ គាំងនៅឃុំណាសួរទៅឃុំហ្នឹងទៅណា៎! កុំឱ្យក្រុមប្រឹក្សាភ្លើងទៀនស្រែកតាផ្តេសតាផ្តាស អាហ្នឹងយកតែសំឡេងអត់ប្រយោជន៍ គាំងនៅឃុំណាសួរទៅឃុំហ្នឹងទៅ ក្រែងលោវាមិនមែនរឿងហ្នឹង។ វាមិនមែនរឿង[គាំង] អាហ្នឹងដកគេ គេមិនចេញហេហី? ក្រែងឈ្លោះគ្នានៅក្នុងមូលដ្ឋានហ្នុងហា៎»។
ការផ្លាស់ប្តូរក្រុមប្រឹក្សាឃុំសង្កាត់របស់គណបក្សភ្លើងទៀនក៏កំពុងតែស្ថិតនៅក្នុងភាពចម្រូងចម្រាស់ការខ្វែងគំនិតគ្នារវាងមន្ត្រីនៅក្នុងបក្ស។ ការខ្វែងគំនិតគ្នានេះកើតឡើងបន្ទាប់ពីគណបក្សភ្លើងទៀនបាត់លិខិតចុះបញ្ជីច្បាប់ដើមហើយមិនអាចចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសតាំងសមាជិករដ្ឋសភាកាលពីខែកក្កដាឆ្នាំ២០២៣។
ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា អាណត្តិទី៥នេះ គណបក្សភ្លើងទៀននៅតែមិនអាចឈរឈ្មោះបាន ទើបថ្នាក់ដឹកនាំមួយក្រុមលាលែងពីបក្សនេះទៅបង្កើតគណបក្សថ្មី គឺគណបក្សកម្លាំងជាតិ ចំណែកថ្នាក់ដឹកនាំដែលនៅបន្តបានសម្រេចជ្រើសរើសគណបក្សឆន្ទៈខ្មែរជាសមាជិកសម្ព័ន្ធភាពឆ្ពោះទៅអនាគតដើម្បីឈរឈ្មោះប្រកួតប្រជែង។
ទោះយ៉ាងណាអតីតថ្នាក់ដឹកនាំគណបក្សភ្លើងទៀនទាំង២ក្រុមនេះ កំពុងប្រជែងគ្នា ឃោសនា រកការគាំទ្រពីក្រុមប្រឹក្សាឃុំ-សង្កាត់គណបក្សភ្លើងទៀនដូចគ្នា ទើបឈានដល់កើតជម្លោះឡើង។
កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ គណបក្សភ្លើងទៀនបានចេញសេចក្តីណែនាំមួយឱ្យក្រុមប្រឹក្សាឃុំ សង្កាត់របស់ខ្លួនចំនួន ២ ១៩៨រូប បោះឆ្នោតឱ្យគណបក្សឆន្ទៈខ្មែរ។ ក្រោយមកនៅថ្ងៃទី១៨ ខែធ្នូ សមាជិកគណបក្សភ្លើងទៀនប្រមាណ៤០០នាក់បានតវ៉ានៅមុខស្នាក់ការកណ្តាលគណបក្សនៅរាជធានីភ្នំពេញទាមទារឱ្យលោក ទាវ វណ្ណុល ជាប្រធានបក្ស និងលោក លី សុធារ៉ាយុទ្ធ ជាអគ្គលេខាធិការបក្ស ឱ្យចុះចេញពីតំណែងដោយចោទថា អ្នកទាំង២គំរាមកំហែង និងដកហូត តំណែងមន្ត្រីក្នុងបក្សខុសលក្ខខន្តិកៈ។
សមាជិកក្រុមប្រឹក្សាសង្កាត់ជ្រាវក្រុងសៀមរាម ខេត្តសៀមរាប លោក ព្រហ្ម សុព្រឹក្ស ឱ្យដឹងថា ថ្នាក់ដឹកនាំគណបក្សភ្លើងទៀន បានដកតួនាទីលោក ដោយសារតែលោកមិនពេញចិត្តគណបក្សឆន្ទៈខ្មែរតាមការណែនាំរបស់បក្ស។ លោកបានក្រើនរំឭកដល់ថ្នាក់ដឹកនាំថា ការគំរាមកំហែង និងការដក តួនាទីមន្ត្រីថ្នាក់ក្រោមនេះអាចធ្វើឱ្យពលរដ្ឋបាត់ទំនុកចិត្តហើយប្រឈមការប្តឹងបកវិញពីក្រុមប្រឹក្សាឃុំ-សង្កាត់។
លោក ព្រហ្ម សុព្រឹក្ស ថ្លែងថា៖ «ខ្ញុំក៏សូមព្រមានទៅដល់អស់លោក ប្រសិនបើលោកនៅតែគឃ្លើនហ្នឹងទៀត ការបោះឆ្នោតឆ្នាំបន្ទាប់ ឬក៏អាណត្តិបន្ទាប់ដែលខ្ញុំជឿថា ប្រជាពលរដ្ឋគាត់នឹងមើលឃើញហើយថាលោកធ្វើយ៉ាងម៉េចជាមួយអ្នកប្រជាធិបតេយ្យ។ តើលោកធ្វើសម្រាប់អ្នកប្រជាធិបតេយ្យ ឬក៏លោកធ្វើសម្រាប់បំផ្លាញអ្នកប្រជាធិបតេយ្យ? អាហ្នឹងពលរដ្ឋគាត់នឹងឃើញច្បាស់ហើយ»។
សមាជិកក្រុមប្រឹក្សាសង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប លោក នង ធារ៉ា ឱ្យដឹងថា រូបលោកត្រូវថ្នាក់ដឹកនាំដកចេញពីតួនាទី ដោយសារលោកមិនទទួលយការសម្រេចថ្មីៗ របស់ថ្នាក់ដឹកនាំ។ លោកបន្តថា ការដែលលោកមិនទទួលស្គាល់ក្រុមការងារថ្នាក់ខេត្ត និងមិនព្រមគាំទ្រគណបក្សឆន្ទៈខ្មែរ ព្រោះការសម្រេចរបស់ថ្នាក់ដឹកនាំធ្វើឡើងខុសលក្ខខន្តិកៈ។
លោក នង ធារ៉ា ថ្លែងថា៖ «និយាយដោយភាពស្មោះត្រង់មិនដឹងថាពេញចិត្តថាម៉េចបង ព្រោះវានិយាយមែនទែនអនុវត្តផ្ទុយនឹងលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុង។ ដូច្នេះខ្ញុំអត់អាចគាំទ្របានទេបង លុះត្រាតែវាស្របទៅនឹងលក្ខនត្តិកៈ និងបទបញ្ជាផ្ទៃក្នុង។ អាហ្នឹងអីៗខ្ញុំវាស្របហើយ ទោះបីខ្ញុំមិនពេញចិត្ត ប៉ុន្តែធ្វើម៉េចឱ្យវាស្របទៅតាមលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងទៅ ចង់មិនចង់ក៏ខ្ញុំគោរពដែរ ប៉ុន្តែពួកគាត់ដែលធ្វើនេះវាប្រាសចាក»។

ចំណែកក្រុមប្រឹក្សាឃុំសាគ្រាម នៅស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ លោក ឌូ ឌា ឱ្យដឹងថា ថ្នាក់ដឹកនាំគណបក្សបានដករូបលោក និងក្រុមប្រឹក្សា៤នាក់ផ្សេងទៀតនៅក្នុងស្រុកនេះ ដោយសារមានការយល់ច្រឡំ ក្នុងអំឡុងពេលដែលថ្នាក់ដឹកនាំគណបក្សភ្លើងទៀនរៀបចំថ្នាក់ដឹកនាំថ្មី និងជ្រើសរើសយកគណបក្សឆន្ទៈខ្មែរសម្រាប់ឈរឈ្មោះបោះឆ្នោតព្រឹទ្ធសភា។
ជុំវិញបញ្ហានេះ លោក ឌូ ឌា ឱ្យដឹងថា នៅថ្ងៃទី១៧ ខែកុម្ភៈ រូបលោក និងសមាជិក្រុមប្រឹក្សា៤នាក់ផ្សេងទៀត បានជួបលោក សុន ឆ័យ អតីតអនុប្រធានគណបក្សភ្លើងទៀន ហើយបច្ចុប្បន្នជាបេក្ខជនឈរឈ្មោះសមាជិកព្រឹទ្ធសភានៅគណបក្សឆន្ទៈខ្មែរ ដើម្បីសុំឱ្យលោកជួយអន្តរាគមន៍។ លោកបន្តថា នៅក្នុងជំនួបនោះ លោក សុន ឆ័យ សន្យាជួយសម្របសម្រួលរក្សាតួនាទីក្រុមប្រឹក្សាឃុំទាំង៥រូបនេះវិញ។
លោក ឌូ ឌា បញ្ជាក់ថា លោកបានយល់ និងគោរពតាមការសម្រេចរបស់ថ្នាក់ដឹកនាំគណបក្សភ្លើងទៀនឡើងវិញ។ សម្រាប់ការបោះឆ្នោតព្រឹទ្ធសភានៅពេលខាងមុខនេះ លោកបញ្ជាក់ជំហរ នឹងបោះឆ្នោតគាំទ្រគណបក្សដែលលោកយល់ថា កំពុងពង្រីកដំណើរការប្រជាធិបតេយ្យនៅកម្ពុជា។
លោក ឌូ ឌា ថ្លែងថា៖«ពេលខ្ញុំចូលទៅដល់ក្នុងបន្ទប់គឺខ្ញុំគិតហើយតើអ្នកណាប្រជាធិបតេយ្យ គឺខ្ញុំបោះឱ្យ ព្រោះចំពោះខ្ញុំរាល់ថ្ងៃនេះ ខ្ញុំរយៈពេលដែលខ្ញុំធ្វើនេះគឺ២៥ឆ្នាំហើយ។ តាំងពីកំលោះមកដល់ពេលនេះគឺចង់បានប្រជាធិបតេយ្យតែមួយមុខគត់ ចង់បានសេរីភាព ប្រជាធិបតេយ្យ នៅក្នុងប្រទេសខ្មែរយើង បានខ្ញុំមានឱកាសបានជួយប៉ុណ្ណឹង សូម្បីតែខ្ញុំស្លាប់ទៅវិញក៏ខ្ញុំសប្បាយចិត្តដែរ ដើម្បីធ្វើម៉េចឱ្យបានប្រជាធិបតេយ្យនៅក្នុងប្រទេសយើង»។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ហៅការដកតួនាទីក្រុមប្រឹក្សាឃុំ សង្កាត់របស់គណបក្សភ្លើងទៀននៅពេលនេះថា ជាកំហុសយុទ្ធសាស្ត្រ និងជាការបង្ខិតបង្ខំ ប៉ះពាល់ដល់សិទ្ធិអង្គបោះឆ្នោត។
លោក សុខ ឥសាន មានប្រសាសន៍ថា៖ «តាមត្រូវគាត់មិនត្រូវធ្វើការផ្លាស់ប្តូរសមាសភាពក្រុមប្រឹក្សាឃុំសង្កាត់របស់គាត់នៅពេលដែលកំពុងយុទ្ធនាការឃោសនាបោះឆ្នោតដំណើរការទេ ព្រោះអាហ្នឹងវាពាក់កណ្តាលទីហើយ។ ម៉េចក៏មិនត្រៀមទុកឱ្យហើយមុនទៅ? បាទ! អានេះវាចូលទៅពាក់ព័ន្ធតែរឿងប្រើអំពើហិង្សាបង្គាប់បញ្ជាទៅដល់អង្គបោះឆ្នោតរបស់ខ្លួនឱ្យបោះឆ្នោតឱ្យបក្សកបក្សខ នេះហើយមិនបានសម្រេចតាមបំណង អ៊ីចឹងទេមានការផ្លាស់ប្តូរ»។
ក្រសួងមហាផ្ទៃ និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានចេញលិខិតក្នុងថ្ងៃតែមួយ គឺនៅថ្ងៃទី១៥ ខែកុម្ភៈដោយបញ្ជាក់ពីការកត់សម្គាល់ឃើញប្រហាក់ប្រហែលគ្នាថា មានគណបក្ស នយោបាយមួយដែលមិនបានចុះឈ្មោះប្រកួតប្រជែងការបោះឆ្នោតព្រឹទ្ធសភានៅពេលខាងមុខនេះទេ ប៉ុន្តែបានចេញលិខិតណែនាំតម្រូវឱ្យក្រុមប្រឹក្សាឃុំ-សង្កាត់របស់ខ្លួនបោះឆ្នោតឱ្យគណបក្សនេះឬ គណបក្សនោះ។ ស្ថាប័នទាំងនេះចាត់ទុកថា នេះជាសកម្មភាពគំរាមកំហែងបំពានច្បាប់ ដែលគណបក្សនោះត្រូវបញ្ឈប់ជាបន្ទាន់។
មាត្រា៧នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ចែងថា ការបោះឆ្នោតព្រឹទ្ធសភា ត្រូវធ្វើឡើងដោយអសកល មិនចំពោះតាមវិធីជ្រើសរើសដោយសម្ងាត់។
ចំណែកមាត្រា៧១នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រចែងថា គ្រប់គណបក្ស នយោបាយ បេក្ខជន ឬអ្នកគាំទ្រមិនត្រូវធ្វើការគំរាមកំហែង បំភិតបំភ័យ និងលួងលោមឱ្យបុគ្គល ផ្តិតស្នាមមេដៃ ឬស្បថ ឬសន្យា បោះឆ្នោតឱ្យគណបក្សនយោបាយណាមួយឡើយ។
ចំពោះការចោទថា ថ្នាក់ដឹកនាំគណបក្សភ្លើងទៀន គំរាមគំហែង និងដកសមាជិកគណបក្សនោះ លោក លី សុធារ៉ាយុទ្ធ បញ្ជាក់ថា ថ្នាក់ដឹកនាំគណបក្សធ្វើតាមលក្ខន្តិកៈ និងច្បាប់។ លោកបញ្ជាក់ថា គណបក្សណាក៏ធ្វើបែបនេះដែរ គឺបើសមាជិកមិនអនុវត្តតាមលក្ខន្តិកៈ ឬទៅធ្វើសកម្មភាព គាំទ្រ គណបក្សផ្សេងនោះ។
លោក លី សុធារ៉ាយុទ្ធ បញ្ជាក់ថា៖ «សេចក្តីណែនាំរបស់គណបក្សអាហ្នឹងជារឿងធម្មតាទេ សម្រាប់គណបក្សនយោបាយណា ក៏ដូចគណបក្សនយោបាយណាដែរ តែមិនគោរពលក្ខន្តិកៈ គោរពបទបញ្ជាផ្ទៃក្នុង ហើយនឹងគោលការណ៍ណែនាំរបស់បក្ស អាហ្នឹងវាធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍ធំរបស់គណបក្សអាហ្នឹងគណបក្សគេចាត់វាធានការតាមវិន័យហើយអាហ្នឹងហា៎»។
នាយកប្រតិបត្តិអង្គការនិចហ្វិក លោក សំ គន្ធាមី យល់ឃើញថា ចំពោះការយឺតយ៉ាវក្នុងដំណើរការផ្លាស់ប្តូរក្រុមប្រឹក្សាឃុំសង្កាត់នេះ គណបក្សភ្លើងទៀនគួរតាមដានសាកសួរទៅមន្ត្រី ដើម្បីដឹងថា យឺតយ៉ាវនៅមន្ត្រីថ្នាក់ណា? ចំពោះភាពចម្រូវចម្រាស់ផ្ទៃក្នុង លោក សំ គន្ធាមី ចាត់ទុកថា ជាបញ្ហាផ្ទៃក្នុងដែលគណបក្សភ្លើងទៀនគួររកវិធីពង្រឹងក្រុមប្រឹក្សារបស់ខ្លួនបន្ថែម។
លោក សំ គន្ធាមី បញ្ជាក់ថា៖ «គណបក្សភ្លើងទៀនពង្រឹងក្រុមប្រឹក្សាឃុំសង្កាត់ខ្លួនឯងទៅ ព្រោះអីជាបុគ្គលិកខ្លួនឯងស្រាប់ហើយ គ្រាន់តែដំណើរការផ្លាស់ប្តូរវាជាប់ដោយសារក្រសួងមានការយឺតយ៉ាវអ៊ីចឹងណា»។ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា គឺជាការបោះឆ្នោតអសកល ដែលមានតែតំណាងរាស្ត្រក្នុងតំណែង និងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ទាំងអស់ក្នុងតំណែងប៉ុណ្ណោះ ដែលមានសិទ្ធិបោះឆ្នោត។ ព្រឹទ្ធសភា មានចំនួនសមាជិកយ៉ាងច្រើនស្មើនឹងពាក់កណ្តាលនៃចំនួនសមាជិករដ្ឋសភាទាំងមូល។ សម្រាប់ការបោះឆ្នោតព្រឹទ្ធសភា អាណត្តិទី៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកុម្ភៈ ខាងមុខនេះ គឺមានគណបក្សនយោបាយចំនួន៤ចូលរួមប្រកួតប្រជែង គឺគណបក្សប្រជាជនកម្ពុជា គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សឆន្ទៈខ្មែរ និងគណបក្សកម្លាំងជាតិ៕