សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

ប្រជាពលរដ្ឋដាក់​ញត្តិទៅអភិបាល​ខេត្ត​កណ្តាល​សុំអន្តរាគមន៍​ ដោយ​បារម្ភ​ទឹកជន់លិច​ ​បន្ទាប់ពីប្រឡាយ​៩៤ត្រូវ​បាន​ចាក់​ខ្សាច់លុប​

អ្នកភូមិប្រមូលផ្ដុំគ្នានៅក្នុងបរិវេណសាលាខេត្តកណ្តាលដាក់ញត្តិស្នើឲ្យរារាំងការចាក់ខ្សាច់លុបប្រឡាយដោយក្រុមហ៊ុនអភិវឌ្ឍន៍ព្រលានយន្តហោះ ដែលអាចប៉ះពាល់ដល់ផ្ទះរបស់ពួកគាត់នៅរដូវវស្សា ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤។ (ខេមបូចា/ផុន សុទ្ធីរ័ត្ន)
អ្នកភូមិប្រមូលផ្ដុំគ្នានៅក្នុងបរិវេណសាលាខេត្តកណ្តាលដាក់ញត្តិស្នើឲ្យរារាំងការចាក់ខ្សាច់លុបប្រឡាយដោយក្រុមហ៊ុនអភិវឌ្ឍន៍ព្រលានយន្តហោះ ដែលអាចប៉ះពាល់ដល់ផ្ទះរបស់ពួកគាត់នៅរដូវវស្សា ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤។ (ខេមបូចា/ផុន សុទ្ធីរ័ត្ន)

អ្នកភូមិប្រមាណ១០០នាក់មកពីស្រុកកណ្តាលស្ទឹង និងក្រុងតាខ្មៅ បានប្រមូលផ្តុំគ្នានៅសាលាខេត្តកណ្តាល ដើម្បីដាក់ញត្តិជូនលោក គង់ សោ​ភ័ណ្ឌ អភិបាលខេត្ត​កណ្តាល​កាល​ពី​ព្រឹកថ្ងៃពុធ។

ពួកគាត់​កំពុងស្វែងរកកិច្ចអន្តរាគមន៍ពីអាជ្ញាធរ ដើម្បីដោះស្រាយបញ្ហារបស់ពួកគាត់​ បន្ទាប់ពីក្រុមហ៊ុនអភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី Overseas Cambodia Investment Corp Ltd (OCIC) បានបន្តចាក់ដីលុបប្រឡាយខាងក្រោយផ្ទះរបស់​ពួកគាត់​ឡើងវិញ។ កាល​ពី​សប្តាហ៍​មុន កម្មករ​បាន​ព្យាយាម​បោះ​បង្គោល​ព្រំដី​ ប៉ុន្តែ​មិន​បាន​ជោគជ័យ​ដោយសារ​អ្នក​ភូមិ​តវ៉ា​និង​រុះរើ​ចេញ។

ក្នុង​ញត្តិ​នោះ អ្នក​ភូមិ​បាន​ស្នើ​ឲ្យ​ក្រុមហ៊ុនកាយ​​យក​ខ្សាច់​ចេញ​ពី​ប្រឡាយ​ ព្រោះ​ពួកគាត់​បារម្ភ​ពី​ផល​​ប៉ះពាល់​ចំពោះ​ផ្ទះ​សម្បែងរបស់​ពួកគាត់​។ ពួកគាត់​បារម្ភ​ថា ផ្លូវ​ទឹក​ដែល​​ត្រូវ​បាន​បិទនេះ ​អាច​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត​ពួកគាត់​ ជាពិសេស​កុមារ​តូចៗ និង​មនុស្ស​ចាស់​ អំឡុង​​រដូវវស្សា។

ញត្តិនេះត្រូវបានចុះហត្ថលេខាដោយប្រជាពលរដ្ឋមកពីភូមិចំនួន៤ គឺភូមិ​អំ​ពៅព្រៃ ភូមិស្វាយព្រៃ និងភូមិរយោង ក្នុងឃុំកណ្តោក ដែលស្ថិតក្នុងស្រុកកណ្តាលស្ទឹង និង​ភូមិអាចម៍កុកក្នុងសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ។

អ្នកស្រី អ៊ួង ស៊ីម មកពីភូមិអំពៅព្រៃ ដែលអ្នកស្រីរស់នៅតាំងពីឆ្នាំ២០០០ បាន​និយាយ​ថា នេះជាលើកទី៣ហើយ ដែលអ្នកស្រីដាក់ញត្តិ ដើម្បីសុំអន្តរាគមន៍ពីអភិបាលខេត្តកណ្តាល។ អំឡុង​​ពេល​ដាក់ញត្តិ​លើក​ទី​មួយ អ្នក​ភូមិ​បាន​សួរ​ទៅ​អាជ្ញាធរ​ថា ហេតុ​អ្វី​បាន​ជា​​បាញ់​ថ្នាំពណ៌ជា​សញ្ញា​​​​​បណ្តេញ​ចេញ​លើ​ផ្ទះ​របស់​ពួក​គាត់​? នៅ​ក្នុង​ញត្តិ​លើក​ទី​២ ពួក​គាត់​​បាន​ស្នើ​ទៅ​អភិបាល​ខេត្ត​ ដើម្បី​ធ្វើ​ការ​​អភិវឌ្ឍ​នៅ​នឹង​កន្លែង​ ប៉ុន្តែ​មិន​មានចម្លើយ​ទេ​។

ប្រជាពលរដ្ឋ​ដែលឈរក្នុងបរិវេណ​សាលា​ខេត្ត​រយៈ​ពេល​ជិត​មួយ​ម៉ោង​ត្រូវ​បាន​ជំរុញ​ឲ្យ​ចូល​រួម​ប្រជុំ​ភ្លាមៗមួយ​ ​ជាមួយលោក ស្វាយ ម៉េងលី ​អភិបាល​រង​ស្រុក​កណ្តាល​​ស្ទឹងដែល​មាន​រយៈពេល​មួយ​ម៉ោង។

ថ្លែងទៅកាន់អ្នកសារព័ត៌មានបន្ទាប់​ពី​កិច្ចប្រជុំ​នេះ​ អ្នកភូមិបាននិយាយថា ក្រុម​មន្ត្រីបាន​សន្យាថា ពួកគាត់​នឹងចុះទៅតំបន់នោះក្នុងពេលឆាប់ៗនេះ ប៉ុន្តែ​មិន​បាន​ផ្តល់​ពេលវេលាជាក់លាក់ណាមួយទេ​។ អ្នកស្រី អ៊ួង ស៊ីម រៀបរាប់ថា អាជ្ញាធរបាន​ចរចាជាមួយក្រុមហ៊ុន ដើម្បីផ្អាកការសាងសង់ បន្ទាប់ពីអ្នក​ភូមិ​ដាក់ញត្តិកាលពី​ព្រឹកថ្ងៃពុធ ហើយស្នើ​សុំឱ្យពួកគាត់​រំងាប់​អារម្មណ៍​​។

អ្នកស្រីបាននិយាយ​ថា៖​ «​យើង​អាច​ស្ងប់ស្ងាត់​បាន​នៅ​ពេល​នេះ ប៉ុន្តែ​ប្រសិនបើ​ក្រុម​ហ៊ុន​នៅ​តែ​បន្ត​ចាក់​ខ្សាច់ [​ចូល​ប្រឡាយ​​] ដែល​ប៉ះពាល់​ដល់​ផ្ទះ​ប្រជាពលរដ្ឋ យើង​មិន​អាច​ស្ងប់ស្ងាត់​បាន​ទេ​។ ដូច្នេះ​ហើយបាន​ជា​គាត់និយាយថា គាត់បានចរចា​ជាមួយក្រុមហ៊ុនឲ្យ​ផ្អាក [សកម្មភាព]»។

អ្នកស្រី អ៊ួង ស៊ីម បាន​ស្នើ​ឲ្យលោក​​អភិបាលរង​ពន្លឿន​ការ​ចុះ​ពិនិត្យ​របស់​លោក ដើម្បី​ឲ្យ​លោក​បាន​ឃើញ​ច្បាស់​នូវ​អ្វី​ដែល​កំពុង​កើត​ឡើង​នៅ​នឹង​កន្លែង។ អ្នកស្រី​និយាយ​​ថា ប្រសិនបើ​គ្មាន​ដំណោះស្រាយ​ទេ ប្រជាពលរដ្ឋ​នឹង​ទៅ​សាលាខេត្ត​​ម្តងទៀត។

អ្នកស្រី អ៊ួង ស៊ីម បាននិយាយថា៖ «យើង​នឹង​ត្រឡប់​ទៅ​មូលដ្ឋាន​របស់​យើង​វិញ ហើយ​រង់ចាំ​មើល​ថា​ តើ​ពួកគាត់​រក​ដំណោះស្រាយ​សម្រាប់​យើង​ឬ​អត់។ បើ​គាត់​​មិន​រកដំណោះ​ស្រាយ​​ទេ យើង​នឹង​មក​ទី​នេះ​ម្ដង​ទៀត»។

អ្នកស្រី សុខ ចិន្តា ជាជនរងគ្រោះម្នាក់ទៀតនៃគម្រោងព្រលានយន្តហោះថ្មីនេះ​បាននិយាយថា អ្នកស្រី​មិនជឿការសន្យារបស់អាជ្ញាធរនោះ​ទេ ដោយសារពួកគាត់​​បានសុំអន្តរាគមន៍លើរឿងផ្សេងៗកាលពីពេលកន្លងមក​ ប៉ុន្តែគ្មាន​ដំណោះស្រាយទេ។

បើទោះបីជា​បែបនេះ អ្នកស្រីសង្ឃឹមថា អាជ្ញាធរនឹងរក្សាការសន្យាជុំវិញ​បញ្ហានេះ ព្រោះក្រុមហ៊ុនបានបូមខ្សាច់ចាក់លុប​ប្រឡាយ​ និងបោះបង្គោលព្រំដីរួចហើយ ដោយ​បានបង្កការភ័យខ្លាច និងព្រួយបារម្ភក្នុង​ចំណោម​ប្រជាពលរដ្ឋ។ អ្នកស្រី​ស្នើ​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​បញ្ហា​នេះ​ឲ្យ​បាន​ឆាប់។

អ្នកស្រីបាននិយាយថា៖ «ខ្ញុំចង់ឱ្យគាត់មកល្ងាចនេះ ព្រោះយើងបារម្ភខ្លាំង។ ពួកគេ [ក្រុមហ៊ុន] កំពុងចាក់ខ្សាច់ទាំងយប់ទាំងថ្ងៃរៀងរាល់​ថ្ងៃ​។ វា​ពិត​ជា​គួរ​ឲ្យ​ព្រួយ​បារម្ភ​ខ្លាំង​ណាស់ ព្រោះ​គ្មាន​ដែន​កំណត់។ ពួក​គេ​កំពុង​ចាក់​លុប​ [ប្រឡាយ] តាម​ចិត្ត​របស់​ពួកគេ​ ដោយ​មិន​ប្រាប់​ប្រជាពលរដ្ឋ»។

អ្នកស្រីបានបន្ថែមថា៖ «កន្លងមក យើងមានប្រឡាយនៅសងខាង។ ពេល​ទឹក​ហូរ​ខ្លាំង ផ្ទះ​៣​ទៅ​៤​ខ្នង​ត្រូវ​​ទឹក​​អូស​យក​ទៅ​ ។ ឥឡូវនេះ ផ្នែក​ម្ខាងទៀតនៃប្រឡាយត្រូវបានចាក់លុប​។ តើ​នឹង​មាន​អ្វី​កើត​ឡើង​ចំពោះ​ផ្ទះ​របស់​ប្រជាពលរដ្ឋ​? ដី​ខ្សាច់​ដែល​គេ​ចាក់​លុ​ប​ក្នុង​ប្រឡាយ គឺ​ខ្ពស់​ជាង​ផ្លូវ​ដែល​ប្រជាពលរដ្ឋ​រស់​នៅ»។

លើស​ពីនេះទៅទៀត​ អ្នកស្រីនិយាយ​ថា អ្នកភូមិចង់រស់​នៅក្នុងភូមិរបស់ខ្លួន មិនព្រម​ផ្លាស់ទៅទីណាទេ ដោយសារមានការអភិវឌ្ឍផ្លូវនៅទីនោះ ដែលបង្កភាពងាយស្រួលដល់ពួកគាត់ក្នុងការធ្វើដំណើរ ប្រកបអាជីវកម្ម និងនៅជិតទីប្រជុំជន​​។

អ្នកស្រី ចិន្តា បានអះអាង​​ថា ប្រជា​ពលរដ្ឋ​មិន​បាន​ធ្វើ​​សំណើ​​អ្វីផ្សេង​ទៀត​ទេ​ អំ​ឡុង​​​ពេល​ប្រជុំ​ ក្រៅ​តែ​ពីសុំ​​ការ​អន្តរាគមន៍​ជា​បន្ទាន់​ពី​អាជ្ញាធរ​​។

លោក ជីវ កុកសាយ ទទួលបន្ទុកទិញដីសម្រាប់គម្រោងសាងសង់​ព្រលានយន្តហោះដែល​មាន​តម្លៃ១,៥ពាន់លានដុល្លារ បានប្រាប់ខេមបូចាថា លោកបានដឹងពី​ការប្រមូលផ្តុំ និងការ​ដាក់​ញត្តិរបស់ប្រជាពលរដ្ឋកាល​ពី​ព្រឹកថ្ងៃពុធ។

លោក កុកសាយ បានមាន​ប្រសាសន៍​ថា៖ «យើងបានដឹងពីរឿងនេះ។ ក្រុមការងារ​ខ្ញុំក៏​បាន​ជូន​ដំណឹង​មក​ខ្ញុំ​ដែរ។ សូម​បញ្ជាក់​ថា ដី​នោះ​ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន មិន​មែន​របស់​ប្រជាពលរដ្ឋ​ទេ។ ហើយវា​មិន​មែន​ជា​ការ​រំលោភ​យក​ដី​សាធារណៈ​ទេ​។ យើង​គ្មាន​​សិទ្ធិ​ទន្ទ្រាន​យក​ដី​សាធារណៈ​ទេ ដូច​ខ្ញុំ​បាន​និយាយ​ពី​មុន​​»។

លោក កុកសាយ បានបន្ថែម​ថា លោក​នឹង​សហការ​ជាមួយ​អាជ្ញាធរ​ប្រសិន​បើ​មាន​​សំណើ។ លោកបានបន្ថែមថា៖​ «ខ្ញុំនឹងពន្យល់ពីអ្វីដែលបានកើតឡើងពិតប្រាកដ។ ខ្ញុំ​នឹង​សហការ​ជាមួយ​ពួកគាត់​»។

នៅ​ពេល​សួរ​ថា តើ​ពេល​ណា​ក្រុមហ៊ុន​នឹង​ផ្តល់​ដំណោះស្រាយ​ជូន​ប្រជាពលរដ្ឋ គាត់​បាន​ឆ្លើយ​ថា៖ «ខ្ញុំ​មិន​អាច​ផ្តល់​ពេល​វេលា​ច្បាស់លាស់​សម្រាប់​ដំណោះស្រាយ​ទេ។ សូម​សួរ​អាជ្ញាធរ​ខេត្ត​ដែល​មាន​សិទ្ធិ​ឆ្លើយ»។

លោក អ៊ូច សារឿន អភិបាល​ស្រុក​កណ្តាល​ស្ទឹងមិន​អាច​ទាក់​ទង​សុំ​ការ​បំភ្លឺ​បាន​ទេ​។

លោក គង់ សោភ័ណ្ឌ អភិបាល​ខេត្ត​កណ្តាលបាន​ប្រាប់ខេមបូចានៅ​រសៀល​ថ្ងៃ​ពុធ​​ថា លោក​បាន​ដឹង​អំពី​បញ្ហា​ដែល​បាន​កើត​ឡើង​នៅ​ព្រឹក​​ថ្ងៃ​នោះ។

លោកមានប្រសាសន៍ថា៖ «ខ្ញុំបានទទួលព័ត៌មាន។ យើង​នឹង​សហការ​ជាមួយ​អ្នក​ជំ​នាញ និង​បន្ត​សិក្សា​ករណី​នេះ»។

លោក គង់ សោភ័ណ្ឌ លើកឡើង​ថា៖​ «ក្នុង​នាម​ជា​អាជ្ញាធរ យើង​មាន​ការ​ទទួល​ខុស​​ត្រូវ​ក្នុង​ការ​ការពារ​ប្រជាពលរដ្ឋ ហើយ​មិន​បណ្តោយ​ឲ្យ​ពួកគាត់​​រង​ផលប៉ះពាល់ និង​បាត់បង់​ផលប្រយោជន៍​នោះ​ទេ​»។

នៅ​ពេល​សួរ​ថា តើ​ដំណោះស្រាយ​នឹង​ត្រូវ​ផ្តល់​ជូន​ប្រជាពលរដ្ឋ​នៅ​ពេល​ណា លោក​បាន​មាន​ប្រសាសន៍​​ថា ដំណោះ​ស្រាយ​នឹង«ធ្វើ​តាម​នីតិវិធី​ច្បាប់»។

លោកបានបន្ថែមថា៖ «ខ្ញុំ​មិន​អាច​បញ្ជាក់​ពី​ពេល​វេលា​ពិត​ប្រាកដ​ថា​ តើ​ដំណោះស្រាយ​​នឹង​ត្រូវសម្រេច​នៅ​ពេល​​ណា​ទេ ប៉ុន្តែ​វា​នឹង​ធ្វើ​តាម​នីតិវិធី​ច្បាប់។ យើង​នឹង​​បន្ត​ដោះស្រាយ​បញ្ហា​នេះ​ជាមួយ​ប្រជាពលរដ្ឋ ហើយ​រង់ចាំ​លទ្ធផល​ពី​ការ​សិក្សា​របស់​អ្នក​ជំនាញ»។

លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅ​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ មាន​ប្រសាសន៍​ថា ប្រជាពលរដ្ឋ​មាន​ការ​ព្រួយ​បារម្ភ​អំពី​ទឹក​ជំនន់​ក្នុង​រដូវ​វស្សា ព្រោះ​ប្រឡាយ​នៅ​ជិត​​ផ្ទះ​របស់​ពួក​គាត់​ត្រូវ​បាន​គេលុប​។

លោក សំអាត បន្ថែមថា៖ «ដើម្បីទប់ស្កាត់ [ទឹកជំនន់] និងជៀសវាងបញ្ហាដែលអាចកើតមាន អាជ្ញាធរគួរតែដោះស្រាយបញ្ហានេះឱ្យបានឆាប់តាម​ដែល​អាច​ធ្វើទៅបាន»​៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស Canal 94 Residents Fear Flooding From Sand Filling, Four Villages Submit Petition

ព័ត៌មានថ្មី

អត្ថបទពេញនិយម