ខេត្តព្រះសីហនុ៖ ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដឹកនាំអនុវត្តដោយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបើកកិច្ចប្រជុំពិភាក្សា និងជូនដំណឹងដល់ធុរជន ឬវិនិយោគិនទាំងអស់ ដែលមានគម្រោងវិនិយោគអគារសំណង់កំពុងជាប់គាំង សូមដាក់ពាក្យស្នើមកក្រុមការងារ ដើម្បីពិនិត្យ វាយតម្លៃ និងផ្តល់ការអនុម័តដើម្បីបន្តសាងសង់សំណង់ អគាររបស់ខ្លួនឡើងវិញ។
កាលពីរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ ក្រុមការងារជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ ដែលមានសមាសភាពមកពីក្រសួងស្ថាប័នពាក់ព័ន្ធចំនួន៣០រូប ដឹកនាំដោយ លោក ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំក្រុមការងារ ដើម្បីពិភាក្សាលើការស្នើការលើកទឹកចិត្តរបស់វិស័យឯកជនក្រោមវិសាលភាព «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤» របស់រាជរដ្ឋាភិបាល ផ្អែកតាមសេចក្តីសម្រេចចុះថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ ដែលជាគំនិតផ្តួចផ្តើមដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។
កិច្ចប្រជុំនេះទទួលបានការគាំទ្រពីធុរជន ឬវិនិយោគិន ក៏ដូចជា វិស័យឯកជនទាំងក្នុង និងក្រៅស្រុកច្រើនកុះករ។ កិច្ចប្រជុំបានពិភាក្សាលើរបៀបវារៈចំនួន៥ ដែលជាគម្រោងវិនិយោគពាក់ព័ន្ធអគារជាប់គាំង ក្នុងនោះវិស័យឯកជន បានស្នើឲ្យមានការសម្របសម្រួល ឬរដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ការលើកទឹកចិត្តពិសេស និងការសម្រួលនីតិវិធីតាមផ្លូវច្បាប់ ឱ្យបានរលូននិងឆាប់រហ័ស។
គម្រោងទាំង៥ រួមមាន៖ ១- គម្រាងអគារការិយាល័យ ស្ថិតនៅភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ២- គម្រាងអគារស្នាក់នៅរួម (ខុនដូ) ស្ថិតនៅភូមិ១ សង្កាត់លេខ ៣ ក្រុងព្រះសីហនុ ៣- គម្រាងអគារស្នាក់នៅរួម ស្ថិតនៅភូមិ២ សង្កាត់លេខ២ ក្រុងព្រះសីហនុ, ៤- គម្រាងអគារស្នាក់នៅរួម ស្ថិតនៅភូមិ៣ សង្កាត់លេខ ៤ ក្រុងព្រះសីហនុ និង ៥- គម្រាងអគារសណ្ឋាគារ ស្ថិតនៅភូមិ១ សង្កាត់លេខ២ ក្រុងព្រះសីហនុ។
ក្នុងកិច្ចប្រជុំនោះ លោក ហ៊ាន សាហ៊ីប ក៏បានឯកភាពជាគោលការណ៍ផ្តល់នូវការលើកទឹកចិត្តដល់ធុរជន ឬវិនិយោគិន ការសម្រួលនីតិវិធី និងការសម្របសម្រួលដោះស្រាយវិវាទជូនវិស័យឯកជន ដើម្បីបញ្ចប់ការងារសាងសង់សំណង់អគារកំពុងជាប់គាំង បន្តអនុវត្តគម្រោង និងចាប់ផ្តើមដំណើរការធុរកិច្ច ក្នុងឆ្នាំ២០២៤ ឲ្យបានរលូន។
ជាមួយគ្នានេះ ក្រុមការងារ នឹងបន្តផ្តល់ការសម្របសម្រួល និងជំរុញការអនុវត្តគម្រោងទាំង៥ ដែលបានស្នើសុំ និងគម្រោងច្រើនទៀត ដើម្បីអាចដំណើរការសកម្មភាពវិនិយោគ និងធុរកិច្ច របស់វិស័យឯកជនឲ្យបានឆាប់។
សូមជម្រាបជូនថា កាលពីខែកុម្ភៈ ឆ្នាំ២០២៤ ក្រុមការងារជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ បានពិនិត្យ និងសម្រេចលើការផ្តល់ការលើកទឹកចិត្ត និង ការសម្រួលនីតិវិធីដល់គម្រោងវិនិយោគចំនួន២ របស់ធុរកិច្ច ឬវិនិយោគិន ដែលជាគម្រោងរមណីយដ្ឋានទេសចរណ៍ និងអគារសហកម្មសិទ្ធិ (អគារស្នាក់នៅរួម) ដោយជោគជ័យ។
សម្រាប់ខែមីនា និងខែជាបន្តបន្ទាប់ទៀត ក្រុមការងារក៏បានទទួល និងពិនិត្យពាក្យស្នើនានា ពីធុរជន ឬវិនិយោគិនដើម្បីបង្កបរិយាសវិនិយោគ ឲ្យបានកាន់តែល្អប្រសើរ ព្រមទាំងកំពុងពិនិត្យលើការអនុវត្តវិធានការផ្សេងទៀត ដែលបានដាក់ចេញក្នុងកម្មវិធីពិសេស «ជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤» របស់រាជរដ្ឋាភិបាលកម្ពុជា។
នៅក្នុងកិច្ចប្រជុំដដែលនេះ លោក ហ៊ាន សាហ៊ីប ដែលជាប្រធានក្រុមការងារ ជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានលើកទឹកចិត្តឲ្យធុរជន និងវិនិយោគិន ដាក់ពាក្យស្នើមកក្រុមការងារជំនាញ ដើម្បីឲ្យក្រុមការងារជួយពិនិត្យ វាយតម្លៃ និងផ្តល់ការអនុម័ត នៅតាមការិយាល័យក្រុមការងារ ដែលមានអាសយដ្ឋានផ្លូវជាតិលេខ ៤ ភូមិ៣ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ ឬនៅអគារមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច ជាន់ទី២១ សង្កាត់-ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ និងតាមរយៈលេខទូរសព្ទ ឬតេឡេក្រាម៖ ០១២ ៩០២ ២០០, ០៨៩ ៧២៦ ០២៨, និង ០១៦ ៣២១ ០១០។
ទាក់ទិនការបង្កើតឲ្យមានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុរបស់រដ្ឋាភិបាល គឺទទួលបានការគាំទ្រពី អ្នកវិនិយោគទុនទាំងតូចទាំងធំ ដែលគម្រោងវិនិយោគអគារសំណង់ របស់ពួកគេ កំពុងជាប់គាំង និងមានបញ្ហាផ្លូវច្បាប់សាំញ៉ាំ ពិបាកក្នុងការរកដំណោះស្រាយ ដើម្បីបើកផ្លូវឈានទៅបន្តគម្រោងសាងសង់សំណង់អគារ របស់ខ្លួនឡើងវិញ។
បុរសជាសហគ្រិនវ័យក្មេងម្នាក់ រស់នៅក្រុងព្រះសីហនុ គឺលោក ចាន់ សុភាព បានថ្លែងគាំទ្រ ចំពោះចំណាត់ការចំគោលដៅរបស់រដ្ឋាភិបាលដែលបានបង្កើតឲ្យមានក្រុមការងារជំរុញការងារវិនិយោគក្នុងខេត្តព្រះសីហនុ ជាពិសេសពាក់ព័ន្ធនឹងអគារកំពុងជាប់គាំង ក្នុងខេត្តនេះ អាចបន្តគម្រោងសាងសង់ឡើងវិញ។
លោក សុភាព បន្តថា ដៃគូវិនិយោគរបស់គាត់ នឹងដាក់ពាក្យស្នើសុំទៅកាន់ក្រុមការងារ នៃ «កម្មវិធីពិសេសជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤» របស់រាជរដ្ឋាភិបាល ដើម្បីជួយសម្របសម្រួលឈានទៅបន្តការសាងសង់សំណង់អគារចំនួន៥គម្រោងរបស់ខ្លួនដែលជាប់គាំងឡើងវិញ។
លោកបន្តថា រូបលោក អាចនឹងត្រូវបន្ថែមបំណុលធនាគារច្រើនទៀត ដើម្បីយកលុយទៅចំណាយបញ្ចប់គម្រោងសាងសង់អគារ ផ្ទះល្វែង និងខុនដូ ដែលដៃគូសហការជាជនជាតិចិន បានបោះបង់ចោល ឬលែងសហការជាមួយលោក ក្រោយពួកគេ បានចាកចេញពីខេត្តព្រះសីហនុ នៅចុងឆ្នាំ២០១៩ និងដើមឆ្នាំ២០២០។
សហគ្រិនវ័យក្មេងរូបនេះ បានរំលឹកពីភាពងាយរកប្រាក់ចំណូលប្រចាំខែចន្លោះឆ្នាំ២០១៧ និងដើមឆ្នាំ២០១៩ បន្ទាប់ពីខេត្តព្រះសីហនុ មានអ្នកវិនិយោគទុនចិន និងពលរដ្ឋចិនចូលមកមូលដ្ឋាននេះច្រើនកុះករ ដែលអាចឲ្យរូបគាត់រកប្រាក់ចំណូលប្រចាំខែពីវិស័យអចលនទ្រព្យ បានចំណូលចន្លោះពី៥ម៉ឺនទៅ១០ម៉ឺនដុល្លារអាមេរិក ឬក៏ច្រើនជាងនេះ។
ទន្ទឹមនឹងគ្នានេះ លោក ចាន់ សុភាព ក៏បានលើកឡើងពីទុក្ខលំបាកមួយចំនួន ក្រោយពេលអ្នកវិនិយោគទុនចិនបានចាកចេញពីខេត្តព្រះសីហនុ ដោយសារតែមានមហិច្ឆិតាចង់ពង្រីកមុខរបរលើវិស័យសំណង់ ផ្ទះល្វែង អគារខុនដូ និងដីធ្លីជាដើម ទុកជួលឲ្យចិន ដោយរំពឹងទទួលបានប្រាក់កម្រៃខ្ពស់នៅឆ្នាំខាងមុខទៀត។
លោកបញ្ជាក់ថា៖ «ខ្ញុំក៏បានសម្រេចចិត្តទៅខ្ចីលុយពីធនាគារ ជិតមួយលានដុល្លារ ដើម្បីយកមកបន្តលើការងារវិនិយោគរបស់ខ្លួនបន្ថែមទៀត។ ប៉ុន្តែជាអកុសល បែរជាក្តីស្រមៃ ឬការរំពឹងទុក របស់លោក ត្រូវរលាយខ្សុលដូចអំបិលត្រូវទឹក ព្រោះនៅចុងឆ្នាំ២០១៩ និងឆ្នាំ២០២០ អ្នកវិនិយោគទុនចិនបានចាកចេញពីខេត្តព្រះសីហនុអស់ និងប្រទេសកម្ពុជា ត្រូវរាតត្បាតដោយជំងឺកូវីដ-១៩ រូបខ្ញុំក៏បាត់បង់ប្រាក់ចំណូលពីការជួលអចលនទ្រព្យអស់ទាំងស្រុង ហើយធ្លាក់ខ្លួនជំពាក់បំណុលធនាគារវ័ណ្ឌក ដោយត្រូវបង់ថ្លៃការ ឬបំណុលធនាគាររាប់ម៉ឺនដុល្លាជាប្រចាំខែ»។
លោក សុភាព បន្តទាំងក្រៀមក្រំថា៖ « ស្របពេលសេដ្ឋកិច្ចកម្ពុជា មិនទាន់មានភាពប្រសើរនៅឡើយ គឺនៅដើមខែមីនា ឆ្នាំ២០២៤នេះ រូបលោក ក៏បានបង្ខំចិត្តលក់ ផ្ទះល្វែង ខុនដូ ដីធ្លី និងរថយន្តទំនើបជាដើម ដើម្បីប្រមូលលុយមកបង្គ្រប់ សងបំណុលធនាគារឲ្យអស់ ហើយឈប់បង្កើតក្តីស្រមៃ នាំឲ្យឈឺក្បាលទៀតហើយ»។

ដោយឡែក សម្រាប់សហគ្រិនវ័យក្មេងម្នាក់ផ្សេងទៀត គឺអ្នកស្រី ប៊ុន រចនា ក៏ជាអ្នកវិនិយោគទុនផ្នែកសំណង់សណ្ឋាគារម្នាក់ដែរ នៅក្រុងព្រះសីហនុ បានលើកឡើងថា ទោះបីរដ្ឋាភិបាល ជួយសម្របសម្រួលដល់វិស័យឯកជន ដែលមានអគារជាប់គាំង អាចបន្តគម្រោងសាងសង់ឡើងវិញក្តី ក៏ប៉ុន្តែសម្រាប់រូបគាត់ មិនមានលុយសម្រាប់បន្តគម្រោងសង់អគារជាប់គាំង មានកម្ពស់ជាង១០ជាន់បានទេ ព្រោះដៃគូវិនិយោគជនជាតិចិនរបស់គាត់បានចាកចេញពីខេត្តព្រះសីហនុអស់ហើយ។
អ្នកស្រីបន្តថា៖ «អ្នកស្ត្រីមិនទាន់សម្រេចចិត្តដាក់ពាក្យស្នើសុំទៅកាន់ក្រុមការងារពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ២០២៤ របស់រាជរដ្ឋាភិបាលទេ ព្រោះដៃគូវិនិយោគ របស់គាត់មិនទាន់វិលចូលមកខេត្តព្រះសីហនុ វិញនៅឡើយ»។
អ្នកស្រីបន្តថា កន្លងមក ការងារវិនិយោគវិស័យសំណង់របស់គាត់ ជាមួយជនជាតិចិន គឺមានពីរគម្រោងធំៗ៖ គម្រោងទី១ គឺអ្នកស្រី មានដីសម្រាប់ជួលឲ្យជនជាតិចិនដើម្បីសង់សំណង់អគារខុដូ កម្ពស់ជាង១០ជាន់ និងគម្រោងទី២ អ្នកស្រីជាអ្នកមានដី ហើយជនជាតិចិនជាអ្នកចេញលុយចំណាយលើការសាងសង់សណ្ឋាគារកម្ពស់ជាង ១០ជាន់។
ទាក់ទិនបញ្ហានេះដែរ សម្រាប់ស្ត្រីសហគ្រិនវ័យជាង៥០ឆ្នាំម្នាក់ទៀតឈ្មោះ ចែ ស្រី ក៏បានបង្ហាញផលលំបាក ផ្តើមពីការខ្ចីលុយធនាគារជាង៥លានដុល្លារអារមិកដើម្បីយកទៅបង្គ្រប់ការសាងសង់វីឡាធំស្កឹមស្កៃចំនួនពីរបីកន្លែងរបស់ខ្លួននៅក្រុងព្រះសីហនុដើម្បីទុកជួលឲ្យអ្នកវិនិយោគចិន។
អ្នកស្រីបន្តថា គម្រោងវិនិយោគវិស័យសំណង់របស់គាត់ដែលជាប់គាំងតាំងពីឆ្នាំ២០២០មក នោះ គឺដោយសារគ្មានលុយសង់បន្ត និងបានជំពាក់បំណុលធនាគាររាប់លានដុល្លាររួចហើយ សម្រាប់យកមកពង្រីកវិស័យសំណង់នេះ។
ចែ ស្រី បញ្ជាក់ថា « បើរាជរដ្ឋាភិបាលអនុញ្ញាតឲ្យលុយខ្ចី ដោយមានការប្រាក់ទាប ឬមិនយកការប្រាក់ ខ្ញុំនឹងដាក់ពាក្យស្នើសុំ ទៅក្រុមការងារនៃ(កម្មវិធីពិសេសជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤) ភ្លាម ដើម្បីយកមកបញ្ចប់គម្រោងអគារជាប់គាំងរបស់ខ្លួន»។
អ្នកជំនួញរូបនេះ រអ៊ូរទាំថា បច្ចុប្បន្ននេះ ក្រុមហ៊ុនអ្នកស្រីបានដាំក្បាលចុះ ដោយរកប្រាក់ចំណូលលើការជួលអចលនទ្រព្យ ឬធ្វើជំនួញផ្សេងៗតាំងពីចុងឆ្នាំ២០១៩ បន្តមកដល់ខែមីនា ឆ្នាំ២០២៤នេះ ជាហេតុធ្វើឲ្យជួបផលវិបាលក្នុងការរកលុយមកសង់អគារជាប់គាំង និង សងបំណុលធនាគារជាដើម។
អ្នកស្រី បង្ហាញអារម្មណ៍ក្តុកក្តួលថា «រាល់ថ្ងៃនេះ ទោះខ្ញុំមានផ្ទះវីឡាធំស្កឹមស្កៃ និងដីជាច្រើនកន្លែងក្តី ក៏មិនមានអ្នកជួល និងគ្មានទីផ្សារលក់ចេញដែរ នាំឲ្យរូបខ្ញុំមិនអាចប្រមូលលុយសងបំណុលធនាគារ ឬខ្ចីលុយមនុស្សជុំវិញខ្លួន មានចំនួនរាប់លានដុល្លារឲ្យទាន់ពេលដែរ។ ហើយក៏កំពុងប្រឈមមុខម្ចាស់បំណុលប្តឹងដាក់ទៅកាន់តុលាការថែមទៀត»។
ទោះជាបែបនេះក្តី លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ និងជាសមាជិកម្នាក់នៃក្រុមការងារពិសេស ជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤ មានប្រសាសន៍ថា ក្រុមការងារនេះ កំពុងយកចិត្តទុកដាក់ជួយសម្រួលដល់វិស័យឯកជន ទាំងក្នុងនិងក្រៅស្រុកដែលគម្រោងវិនិយោគអគាររបស់ពួកគេបានជាប់គាំង ដើម្បីឈានទៅបញ្ចប់គម្រោងឲ្យបានឆាប់។
មន្ត្រីរូបនេះ ស្នើដល់អ្នកវិនិយោគទុនដែលពាក់ព័ន្ធនឹងគម្រោងខាងលើ ត្រូវរួសរាន់ដាក់ពាក្យស្នើសុំមកក្រុមការងារ ដើម្បីទទួលបានកញ្ចប់អនុគ្រោះពិសេសឆ្នាំ២០២៤របស់រាជរដ្ឋាភិបាល ឲ្យបានឆាប់។
លោកបន្តថា មានគម្រោងចំនួន៧ ត្រូវក្រុមការងារបានលើកយកមកពិភាក្សាដោះស្រាយ ក្នុងនោះ គម្រោងចំនួន២ បានដោះស្រាយផ្តល់នូវគោលការណ៍លើកទឹកចិត្តដល់អ្នកវិនិយោគទុន ជាស្ថាពររួចហើយ។
លោក ឡុង ឌីម៉ង បន្ថែមថា ចំពោះគម្រោងវិនិយោគអគារជាប់គាំង ឬអគារសង់មិនទាន់ចប់ និងអគារសង់រួច ប៉ុន្តែមិនទាន់ដំណើរការ គឺភាគច្រើន ម្ចាស់ដីជាជនជាតិខ្មែរ រីឯម្ចាស់អគារ ឬម្ចាស់វិនិយោគសំណង់ ភាគច្រើនជាជនបរទេស (ជនជាតិចិន)។
អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ លោក ឃាង ភារម្យ បានបង្ហាញតារាងប៉ាន់ស្មានទុនវិនិយោគគម្រោង និងសំណង់អគារ ក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤ ឲ្យដឹងថា គម្រោងវិនិយោគ និងអគារ ដែលបានសាងសង់រួច និងកំពុងជាប់គាំង នៅក្នុងខេត្តព្រះសីហនុ រួមមាន៖ គម្រោងផ្អាកការសាងសង់មានចំនួន៣៣៩គម្រោង ឬស្មើ៣៦២អគារ។ គម្រោងកំពុងដំណើរការសាងសង់មានចំនួន២៩គម្រោង ឬស្មើ៥៣អគារ។ គម្រោងសាងសង់រួច និងពុំទាន់ដំណើរការប្រើប្រាស់មានចំនួន១៦០គម្រោង ឬស្មើ១៧៦អគារ។
គម្រោងសាងសង់រួច និងកំពុងប្រកបអាជីវកម្មមានចំនួន៤២៦គម្រោង ឬស្មើ៤៦៩អគារ។ សរុបគម្រោង និងសំណង់អគារទាំងអស់មានចំនួន៩៥៤គម្រោង ឬស្មើ១០៦០អគារ និងមានផ្ទៃក្រឡាសំណង់សរុប ៨,៩៥៦,៨០២ម៉ែត្រ។ សរុបទុនវិនិយោគ ចំណាយលើការសាងសង់អគារមានចំនួន ៤ ២១៣ ០៥៩ ១៣២ដុល្លារអាមេរិក និងតម្រូវការទុនវិនិយោគបន្ថែមលើគម្រោងសាងសង់អគារបន្ត សរុបចំនួន ១ ១៦១ ០២២ ២៩៨ដុល្លារអាមេរិក៕










