អង្គការសង្គមស៊ីវិលចំនួន៦២ រួមទាំងអង្គការលីកាដូ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា និងសហគមន៍មូលដ្ឋាបានជំរុញឲ្យអាជ្ញាធរអនុញ្ញាតឲ្យអង្គការសមាគមធាងត្នោតបន្តកម្មវិធីពិព័រណ៍រូបថតឡើងវិញ បន្ទាប់ពីកម្មវិធីនេះត្រូវអាជ្ញាធរបិទកាលពីពីរសប្ដាហ៍កន្លងទៅ។
អង្គការសង្គមស៊ីវិលទាំងនេះ ក៏បានស្នើទៅដល់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃឲ្យពិនិត្យលើសកម្មភាពរបស់អាជ្ញាធរខណ្ឌ និងសង្កាត់ ឲ្យអ្នកទាំងនោះទទួលខុសត្រូវលើការចុះផ្អាកកម្មវិធីតាំងពិព័រណ៍រូបថតនោះ។
អង្គការសង្គមស៊ីវិល បានបង្ហាញការ «សោកស្ដាយជាខ្លាំង» ចំពោះអាជ្ញាធរខណ្ឌច្បារអំពៅ និងអាជ្ញាធរសង្កាត់និរោធ ដែលបានបញ្ជាឲ្យម្ចាស់ភោជនីយដ្ឋានសួនចំប៉ីបញ្ឈប់ការតាំងពិព័រណ៌ និងរុះរើរូបថតទាំងនោះចេញកាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។
គ្មានហេតុផល ឬគ្មានការជូនដំណឹងជាមុនពីអាជ្ញាធរឡើយ មុនពេលអាជ្ញាធរចុះមករុះរើកន្លែងតាំងពិព័រណ៌អំពី «ផ្ទះ និងជីវិត»ដែលបានបើកជាសាធារណៈកាលពីពីរថ្ងៃមុនមានការចុះបិទ។
ក្នុងសេចក្ដីថ្លែងការណ៍រួមមួយបង្ហោះផ្សាយលើទំព័រហ្វេសប៊ុករបស់អង្គការសមាគមធាងត្នោតកាលពីថ្ងៃអង្គារ អង្គការសង្គមស៊ីវិល បានលើកឡើងថាការចុះបិទការតាំងពិព័រណ៍រូបថត ដោយគ្មានការជូនដំណឹង ឬការពន្យល់ណាមួយបែបនេះ «គឺបង្ហាញយ៉ាងច្បាស់អំពីការបំពានលើសិទ្ធិនៃការបញ្ចេញមតិ និងជាសកម្មភាពដែលមិនផ្ដល់តម្លៃលើសិល្បៈ»។
អង្គការសង្គមស៊ីវិលទាំងនោះសរសេរទៀតថា៖ « យើងខ្ញុំនៅតែសោកស្តាយជាខ្លាំង ចំពោះការបន្តបង្ក្រាប និងបំបិទសិទិ្ធដោយមិនត្រឹមត្រូវបែបនេះ មកលើសកម្មភាព ឬទម្រង់សិល្បៈមួយ ដែលជាសេរីភាពក្នុងការបញ្ចេញមតិ ក្នុងអាណត្តិ រាជរដ្ឋាភិបាលថ្មីនេះ »។
សង្គមស៊ីវិលទាំងនោះលើកឡើងទៀតថារដ្ឋធម្មនុញ្ញកម្ពុជាបានធានាសិទ្ធិពលរដ្ឋ សេរីភាព និងនីតិរដ្ឋ។ យ៉ាងណា អាជ្ញាធរបានអនុវត្តផ្ទុយដោយថាបាន «បំបិទសំឡេងរបស់ប្រជាពលរដ្ឋ សង្គមស៊ីវិល ដែលអ្នកទាំងនោះគ្រាន់តែបង្ហាញអំពីការព្រួយបារម្ភ ទៅលើជីវភាពរស់នៅរបស់ពលរដ្ឋក្រីក្រមួយចំនួន ក្នុងរាជធានីភ្នំពេញ»។ សង្គមស៊ីវិលបន្តថា អាជ្ញាធរគួរតែដោះស្រាយបញ្ហាដែលប៉ះពាល់ដល់ប្រជាពលរដ្ឋ ដូចជាការរឹបអូសដីធ្លី និងការផ្ដល់កម្ចីបែបគេងប្រវ័ញ្ចជាដើម។
ស្របពេលដែលសង្គមស៊ីវិលកំពុងបន្តស្វែងរកការពន្យល់ពីអាជ្ញាធរដើម្បីបន្តកម្មវិធីឡើងវិញ ពួកគេក៏បានស្នើដល់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃណែនាំដល់អាជ្ញាធរមូលដ្ឋាននៅទីតាំងផ្សេងៗទៀតឲ្យគោរពសិទ្ធិមូលដ្ឋានរបស់ប្រជាពលរដ្ឋ ដើម្បីកុំឲ្យមានសកម្មភាពបែបនេះកើតមានជាថ្មីទៀត។
លោក អំ សំអាត នាយកកិច្ចការទូទៅអង្គការលីកាដូ មានប្រសាសន៍ថាគោលបំណងនៃសេចក្ដីថ្លែងការណ៍នេះគឺចង់ជំរុញឲ្យអាជ្ញាធរអនុញ្ញាតឲ្យបន្តកម្មវិធីតាំងពិព័រណ៍ឡើងវិញ ដែលការតាំងពិព័រណ៍នេះនិយាយពីជីវិតពលរដ្ឋក្រីក្រក្នុងទីក្រុង ដែលវាមានន័យជួយបង្កើនការយល់ដឹងបន្ថែមទៀត។
លោកបន្ថែមថាកម្មវិធីធ្វើឡើងដោយមានការយល់ព្រមពីម្ចាស់ភោជនីយដ្ឋាន និងស្របទៅតាមច្បាប់។ ដូចនេះការចុះហាមឃាត់ភ្លាម «គឺជាការបំពានសិទ្ធិទាំងស្រុងដែលមិនគួរឲ្យកើតមានទេ»។
លោកបន្តថា៖ «នៅពេលដែលអាជ្ញាធរចូលទៅហាមឃាត់លើការតាំងពិព័រណ៍នៅក្នុងកន្លែងឯកជនរបស់គេ អាហ្នឹងគឺជាការរំលោភទៅលើឯកជនភាព ក៏ដូចជារំលោភលើសេរីភាពជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ»។
លោក អំ សំអាត ជំរុញឲ្យអាជ្ញាធរពិនិត្យលើគោលការណ៍សិទ្ធិមនុស្សដោយផ្អែកទៅលើច្បាប់ ព្រោះថាសកម្មភាពខ្លះធ្វើនៅទីតាំងឯកជន ដែលមិនប៉ះពាល់ប្រជាពលរដ្ឋ គឺមិនតម្រូវឱ្យស្នើសុំពីអាជ្ញាធរនោះឡើយ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ទូច សុខៈ មានប្រសាសន៍ថាក្រសួង «គ្មានសិទ្ធិ» បញ្ជាទៅអាជ្ញាធរមូលដ្ឋាន ឬវិស័យឯកជនឲ្យផ្អាកសកម្មភាពសង្គមនោះទេ។ លោកផ្ដល់ជាយោបល់ថា សមាគមធាងត្នោតគួរជួបផ្ទាល់ជាមួយនឹងអាជ្ញាធរដើម្បីដោះស្រាយបញ្ហានេះ ព្រោះថាអាជ្ញាធរមូលដ្ឋានមាន «កាតព្វកិច្ចកំណត់ដោយច្បាប់នៅក្នុងការគ្រប់គ្រងសន្តិសុខសណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គម»។
លោកបន្ថែមថា៖ «សមាគមធាងត្នោតគួរតែទៅជួបជាមួយនឹងអាជ្ញាធរដែនដី ដែលខ្លួនធ្វើសកម្មភាពដោយផ្ទាល់ដើម្បីជជែកគ្នាអំពីយន្តការ ឬនីតិវិធីសម្រាប់អនុវត្តសកម្មភាពផ្សេងៗនៅពេលក្រោយឱ្យរលូនជាមួយគ្នា។ ខ្ញុំគិតថា បើមានកិច្ចសហការជាមួយគ្នាវាច្បាស់ណាស់ថា ដំណើរការឬក៏សកម្មភាពដែលយើងធ្វើនឹងប្រព្រឹត្តទៅដោយរលូនហើយមានប្រសិទ្ធភាព»។ ដោយលោកបន្ថែមថា «យើងខ្លាចតែការមិនសហការគ្នាដោយប្រការណាមួយ។ ហើយការយកឈ្នះចាញ់គ្នា ដោយប្រការណាមួយនោះវាមិនមែនជាវប្បធម៌មួយល្អប្រសើរនៅក្នុងសង្គមទេ»។
លោកបញ្ជាក់ដែរថា ពេលដែលហាមឃាត់នោះ អាចទំនងថាអាជ្ញាធរមានបំណងរក្សាសណ្ដាប់ធ្នាប់ក្នុងការរៀបចំការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា។
អភិបាលខណ្ឌច្បារអំពៅ លោក ចេង មុនីរ៉ា មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ ទាំងតាមទូរសព្ទ និងតាមតេឡេក្រាម។ ចំណែកចៅសង្កាត់និរោធ អ្នកស្រី ទេព ព្រហ្មមុន្នី ថាអ្នកស្រីមិនអាចផ្ដល់ការអត្ថាធិប្បាយបានទេ ដោយសារមានបញ្ហាសុខភាពសុខភាព។
ដោយឡែកនាយប៉ុស្ដិ៍នគរបាលសង្កាត់និរោធ លោក ហោ ស៊ីលីហូវ បដិសេធធ្វើការអត្ថាធិប្បាយ និងបានប្រាប់អ្នកសារព័ត៌មានឲ្យទាក់ទងទៅស្នងការជំនួសវិញ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស CSOs Continue To Press Authorities to Allow Banned STT Photo Exhibition To Resume