ប្រជាសហគមន៍ឡុំ ស្ថិតនៅក្នុងភូមិឡុំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរីអះអាងថា ព្រៃសហគមន៍ជាង៦ពាន់ហិកតា កំពុងជិតបាត់រូបរាងទាំងស្រុង ខណៈមន្ត្រីមូលដ្ឋានមួយចំនួនមានការពាក់ព័ន្ធការកាប់ឈើ និងទិញឈើពីព្រៃសហគមន៍ឱ្យឈ្មួញឈើក្រៅប្រទេស។
ប្រជាសហគមន៍ឡុំ លោក រម៉ាស់ ណឺន ឱ្យដឹងថា ប្រធានក្រុមប្រជាការពារនៅភូមិឡុំ ឈ្មោះ សេវ ថាម និងសមាជិកប្រជាការពារឈ្មោះ សេវ ចូក ជាអ្នកប្រមូលទិញឈើក្នុងសហគមន៍ ហើយមានការសម្របសម្រួលពីមន្ត្រីព្រំដែនឈ្មោះ ឌឹម ជឿន ដើម្បីដឹកឆ្លងដែនយកទៅឱ្យឈ្មួញវៀតណាម។ លោក រមាស់ ណឺន បន្តថា ជនល្មើសមិនខ្លាចប្រជាសហគមន៍ចុះល្បាតទេ ហើយពេលខ្លះជនល្មើសទាំងនោះគំរាមវាយដំប្រជាសហគមន៍ផង។
លោក រមាស់ ណឺន ឱ្យដឹងថា លោកមានការឈឺចាប់ នៅពេលដែលឃើញបទល្មើស ហើយរាយការណ៍ទៅមន្ត្រីថ្នាក់លើ តែមិនជួយទប់ស្កាត់។
លោក រមាស់ ណឺន បន្ថែមថា៖«ចំពោះខ្ញុំ ខ្ញុំឈឺចិត្តណាស់អ្វីដែលយើងឃើញនៅក្នុងសហគមន៍របស់យើងដែលយើងទៅស្នើសុំដល់ខាងអាជ្ញាធរ និងខាងសមត្ថកិច្ចគេអត់ជួយ គេជំរុញឱ្យ[ការពារ]ខ្លួនឯងអ៊ីចឹងសូមខាងអង្គការពាក់ព័ន្ធ ឬក៏ខាងសមត្ថកិច្ច ខាងក្រសួង ហើយនឹងសូមពីរដ្ឋមន្ត្រីសូមជួយដល់ព្រៃសហគមន៍ភូមិឡុំផង»។
ជំទប់ទី២ឃុំប៉ក់ញ៉ៃ លោក សេវ ហ្វិញ ឱ្យដឹងថា លោកមិនច្បាស់ទេជុំវិញករណីនេះគឺគ្រាន់តែធ្លាប់ឮអ្នកភូមិនិយាយថា ឈ្មោះ សេវ ថាម សេវ ចូក និង ឌឹម ជឿន ជាអ្នកញុះញង់ឱ្យពលរដ្ឋកាប់ឈើហើយពួកគេទិញ។ លោកបន្តថា ចំពោះព្រៃសហគមន៍ឡុំមានការកាប់បំផ្លាញទាំងយប់ទាំងថ្ងៃមិនមានការទប់ស្កាត់ទេ។
លោក សេវ ហ្វិញ បញ្ជាក់ថា៖«ឈើសំខាន់មានអីទៀតអស់ហើយហ្នឹង។ ឥឡូវ គឺនៅសល់តែស្រឡៅហ្នឹង ឈើប្រភេទសុក្រំអី កកោះអី ប្រភេទល្អៗដូចថាខ្លឹមអីហ្នឹងអស់ហើយ។ អស់ហើយអត់មានអីទៀតទេ សូមប្បីតែមុខ២០[មុខកាត់ឈើ០.២០ម៉ែត្រ]ក៏អត់មានដែរឥឡូវនេះ។ យើងទៅទប់ស្កាត់មួយថ្ងៃៗហ្នឹង វាអត់ឈប់កាប់ទេ នៅតែដដែល។ ឥឡូវនៅតែលួចហ្នឹង»។
ប្រធានសហគមន៍ លោក សល់ ញុង ថ្លែងថា លោកបានរាយការណ៍អំពីបទល្មើសកាប់ឈើទៅអាជ្ញាធរឃុំ និងស្រុកឱ្យជួយទប់ តែអាជ្ញាធរបែរជាទម្លាក់ការទទួលខុសត្រូវមកសហគមន៍វិញ។ លោក សល់ ញុង ពេលនេះលោកអស់កម្លាំងចិត្តការពារព្រៃសហគមន៍នេះទៀតហើយ។
លោក សល់ ញុង ប្រាប់ថា៖ «ឃើញយើងដើរល្បាតដែរ ហើយទៅវាប្រឡឹមនៅមុខៗយើងម៉ង។ ខ្ញុំអត់ចេះថាទេ។ ខ្ញុំឈប់ ខ្ញុំទប់អត់បានទេ។ បាទ! ខ្ញុំអស់សង្ឃឹមហើយ។ ខ្ញុំសូមពីអាជ្ញាធរ អាជ្ញាធររុញអ្នកភូមិដែរ គណៈកម្មការដែរ។ គណៈកម្មការទៅទប់គេមិនខ្លាចដែរ»។
ជុំវិញការចោទប្រកាន់នេះប្រជាការពារនៅភូមិឡុំ លោក សេវ ចូក ថ្លែងថា លោកធ្លាប់ជួយវាស់ឈើឱ្យឈ្មួញវៀតណាម ប៉ុន្តែពេលនេះលោកឈប់ហើយ។
លោក សេវ ចូក បានបញ្ជាក់ថា៖«មានទិញណា ខ្ញុំគ្រាន់តែវាស់ឱ្យគេហ្នឹង។ អត់ទេ! អាហ្នឹងគេថាអ៊ីចេះ អាហ្នឹងខ្ញុំវាស់ឱ្យហ្នឹងខាងភូមិគេថាទៅខាងវៀតណាម។ ឥឡូវមានណា ខ្ញុំអត់នេះផងហ្នឹង គេទៅរហូតៗទៅផុត»។
ចំណែកលោក សេវ ថាម ប្រធានក្រុមប្រជាការពារ ត្រូវជាបងប្រុសបង្កើតលោក សេវ ចូក ថ្លែងថា លោកមិនបានពាក់ព័ន្ធក្នុងការទិញ និងបំផុសឱ្យពលរដ្ឋកាប់ព្រៃសហគមន៍ដូចការចោទប្រកាន់ទេ។
លោក សេវ ថាម បន្តថា៖«អត់មានទេបង។ គេអ្នកលួចខ្លួនគេ គេចេះតែថា បញ្ចុះបញ្ចូលខ្លួនគេ គេទៅលួចខ្លួនគេ ម៉េចយើងដឹង។ ពួកអាខិលខួចហ្នឹង ដើរជាមួយអាសហគមន៍អីទៅរហូតគេលួចយប់ៗម៉េចយើងដឹង។ អត់ដឹងទេ»។
ខេមបូចា បានព្យាយាមទាក់ទងទៅមន្ត្រីការពារព្រំដែន លោក ឌឹម ជឿន នៅថ្ងៃទី២៣ ថ្ងៃទី២៤ និងថ្ងៃទី២៥ ខែធ្នូ ដោយទូរសព្ទហៅចូលប៉ុន្តែមិនមានអ្នកទទួល។
មេឃុំប៉ក់ញ៉ៃ លោក ចេង ហេង ថ្លែងថា ពលរដ្ឋជាអ្នកបង្កើតជាសហគមន៍ការពារព្រៃនេះ ទើបលោកទុកសិទ្ធិឱ្យអ្នកទាំងនោះការពារ ម្យ៉ាងទៀតព្រៃនេះមិនទាន់បានចុះបញ្ជីទេ។
ទោះយ៉ាងណាលោកថា អាជ្ញាធរឃុំក៏បានចុះទៅបង្ក្រាបបទល្មើសកាប់ឈើដែរ ប៉ុន្តែពេលទៅដល់ជនល្មើសតែងតែដឹងមុនហើយរត់គេចអស់។
លោក ចេង ហេង បន្ថែមថា៖«ឃុំចុះទៅ២ដងហើយណា ពីរដងបីដងហើយ ចុះទៅផ្ទាល់ដល់កន្លែងពួកគាត់ដែលបំផ្លាញហ្នឹង ដូចខ្ញុំនិយាយថាពេលដែលក្រុមការងារគាត់ចុះទៅ ធម្មតាដល់ពេលទៅហើយគាត់ដឹងថាឃុំសហការជាមួយប៉ុស្តិ៍ ហើយប៉ុស្តិ៍មិនទៅជាមួយ ទៅទាំងអស់ គាត់បោះដៃទៅដែលគ្នាគាត់អ្នកបំផ្លាញក្នុងព្រៃនោះ ប៉ុន្តែយើងទៅឃើញតែគល់ឈើ ឃើញតែចុងឈើ តែអាម្ចាស់អត់ឃើញ»។
មេប៉ុស្តិ៍ឃុំប៉ក់ញ៉ៃ លោក ធឿន ចាន់ថុល ថ្លែងថា លោកតែងដឹកនាំក្រុមការងារចុះល្បាត បង្ក្រាបបទល្មើសព្រៃឈើនៅក្នុងសហគមន៍ឡុំ។ ប៉ុន្តែលោកថា ដោយសារស្ថានភាពផ្លូវលំបាកហើយក្រុមជនល្មើសហាក់ដឹងព័ត៌មានមុនទើបមិនដែលចាប់បានអ្នកកាប់ឈើទេ។
លោក ធឿន ចាន់ថុល៖«សកម្មភាពកាប់ទន្ទ្រានព្រៃសហគមន៍ហ្នឹងខាងប៉ុស្តិ៍តែងតែចុះបង្ក្រាបញឹកញាប់ជាមួយខាងឃុំ ជាមួយខាងស្រុកក៏ធ្លាប់ទៅដែរ ប៉ុន្តែដោយសារផ្លូវវាពិបាកពេលដែលយើងចុះទៅហ្នឹងតែងតែលិចឮព័ត៌មានទៅដល់អាកន្លែងអ្នកហ្នឹងមុន ដោយសារអ្នកកាប់ហ្នឹងសុទ្ធតែអ្នកនៅក្នុងភូមិហ្នឹងឯងពិបាកគាត់អ្នកការពារគាត់អ្នកកាប់ដែរ កូនចៅគាត់ អ៊ីចឹងពេលដែលយើងចុះទៅហ្នឹងឮព័ត៌មានទៅហ្នឹងអ្នកដែលក្នុងហ្នឹងរត់ចេញអស់ហើយ យើងទៅជួបតែគល់ឈើ ជួបតែអី»។
ទាំងមេប៉ុស្តិ៍លោក ធឿន ចាន់ថុល និងមេឃុំ លោក ចេង ហេង អះអាងដូចគ្នាថា មិនបានដឹងឈ្មោះ សេវ ចូក សេវ ថាម និងឌឹម ជឿន ជាអ្នកបំផុសបំផុលឱ្យពលរដ្ឋកាប់ឈើ ដើម្បីពួកគេទិញយកទៅឱ្យឈ្មួញវៀតណាមដូចការចោទប្រកាន់ទេ។
បើតាមលោក រមាស់ ណឺន គឺលោកតែងតែឃើញលោក សេវ ចូក និងលោក សេវ ថាម ធ្វើដំណើរជាមួយមន្ត្រីថ្នាក់ឃុំ និងថ្នាក់ស្រុក ប៉ុន្តែមិនដឹងមន្ត្រីផ្សេងទៀតនោះ បានចូលរួមសកម្មភាពធ្វើជំនួញឈើនេះឬអត់ទេ។
អធិការស្រុកអូរយ៉ាដាវ លោក សូយ សំណាង ថ្លែងថា លោកមិនបានដឹងពី បទល្មើសកាប់ឈើទ្រង់ទ្រាយធំនៅព្រៃសហគមន៍ឡុំទេ។ ចំពោះការចោទថា មន្ត្រីការពារព្រំដែន និងប្រជាការពារអ្នកពាក់ព័ន្ធបទល្មើសព្រៃឈើនោះលោកសង្ស័យថា ជាការច្រណែន និងមូលបង្កាច់ មន្ត្រីទាំងនេះច្រើនជាងការពិត។
លោក សួយ សំណាង៖«តែឌឹម ជឿន ដូចជាមិនមានសកម្មភាពហ្នឹងទេ មានតែអ្នកផ្សេងមកពីខេត្តទេដឹង ស្រាវជ្រាវឱ្យច្បាស់សិន អ្នកខ្លះគាត់មិនសប្បាយចិត្តនឹងបុគ្គល ណាមួយចឹងគាត់ចេះតែបំប៉ោង គាត់ចេះតែលាបពណ៌ចឹងណា។ យើងធ្វើអីស្រាវជ្រាវពីមូលដ្ឋានឱ្យច្បាស់លាស់សិនទៅចឹងណា៎»។
អ្នកនាំពាក្យសាលាខេត្តរតនគិរី លោក ស៊ូ សិរី ថ្លែងថា លោកមិនបានដឹងបទល្មើសព្រៃឈើនៅសហគមន៍ឡុំនេះទេ ប៉ុន្តែលោកនឹងស្រាវជ្រាវករណីនេះ។ ទោះយ៉ាងណា លោកស៊ូ សិរី ថ្លែងថា នៅខេត្តរតនគិរីស្ទើរអស់ព្រៃធំៗដែលអាចកាប់ឈើនាំទៅវៀតណាមទៀតហើយ។
លោក ស៊ូ សិរី បានបញ្ជាក់ថា៖«បាទ! ចាំមើលខ្ញុំស៊ើបសួរបន្តិចសិនណា៎ ព្រោះវារឿងដូចថ្មីសម្រាប់ខ្ញុំ អាហ្នឹងចាស់សម្រាប់គេ ថ្មីសម្រាប់ខ្ញុំ»។លោកបន្តថា៖ «និយាយរួមទៅយើងដូចមិនសូវបានធ្វើសកម្មភាពទ។ ដោយសារអី? មិនដឹងគាត់ធ្វើ មិនដឹងគាត់យកទៅណា ហើយមិនដឹងព្រៃឈើវាមាននៅសល់ត្រង់ណា? វាមានអីអស្ចារ្យទេរាល់ថ្ងៃនេះ វាអស់រលេញចឹងហា វាទៅជាចម្ការស្វាយចាន្ទីអីអស់ហើយធ្វើម៉េចមានទៅលួចត្រង់ណា?»។
នៅក្នុងខែធ្នូឆ្នាំ២០២៣ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏បានចេញបញ្ជាឱ្យសមត្ថកិច្ច និងក្រសួងពាក់ព័ន្ធយកចិត្តទុកដាក់ពង្រឹងទប់ស្កាត់បទល្មើសព្រៃឈើ។
លោក ហ៊ុន ម៉ាណែត ថ្លែងថា៖«ខ្ញុំសូមចេញបញ្ជាឱ្យបណ្តាសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ អនុវត្តច្បាប់ឱ្យបានតឹងរឹងបំផុតចំពោះអ្នកប្រព្រឹត្តបទល្មើសព្រៃធនធានធម្មជាតិ។ ទី២ សូមឱ្យគណៈកម្មការជាតិដើម្បីទប់ស្កាត់បង្ក្រាបបទល្មើសធនធានធម្មជាតិ។ ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា គណៈបញ្ជាការឯកភាពរាជធានីខេត្តត្រូវបញ្ជាផ្ទាល់ដែលមានកងរាជអាវុធហត្ថលើផ្ទៃប្រទេសត្រៀមផ្តល់ថវិកាគាំទ្រ។ ចាត់ការវិធានការច្បាប់ការពារធនធានធម្មជាតិ បើមិនអ៊ីចឹងទេយើងនឹងរងគ្រោះ មនុស្សតិចបានផល មនុស្សច្រើនវេទនា»។
នៅឆ្នាំ២០១៦ អតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ក៏ធ្លាប់បានប្រកាសពីវិធានការកណ្តាប់ដៃដែកទប់ស្កាត់បទល្មើសធនធានធម្មជាតិ ដោយបញ្ជាឱ្យប្រើរ៉ុកែតបាញ់ជនល្មើសកាប់បំផ្លាញព្រៃឈើ។
លោក ហ៊ុន សែន ថ្លែងថា៖«យើងទទួលស្គាល់អាកាប់ព្រៃឈើបំផ្លាញហ្នឹង អាហ្នឹងគឺត្រូវតែមានទោសទណ្ឌ ត្រូវតែបង្ក្រាបហើយ។ ខ្ញុំឱ្យឧទ្ធម្ភាគចក្រពីរគ្រឿង សៅ សុខា ដូចមិនទាន់បាញ់មួយគ្រាប់ផងទេហេ! ខ្ញុំឱ្យបាញ់ បើថាវាព្រហើនត្រូវការដាក់ពីលើតែម៉ងអត់មានរញ៉េរញ៉ៃ»។
ទោះយ៉ាងណាសកម្មជនបរិស្ថាននៅតែបង្ហាញសកម្មភាពកាប់ឈើនៅទូទាំងប្រទេសដោយមិនមានការថយចុះទេ ទាំងនៅតំបន់ភ្នំឱរ៉ាល់ ព្រៃឡង់ ព្រៃសង្ឃរុក្ខវន្ត រួមទាំងតំបន់ព្រៃការពារនៅក្នុងខេត្តរតនគិរី និងមណ្ឌលគិរី។
សកម្មជនការពារព្រៃឈើ លោក សេង សុខហេង ថ្លែងថា បទល្មើសកាប់ឈើ ដឹកនាំទៅវៀតណាម មិនមានការថយចុះ។ លោកបន្តថា មូលហេតុសំខាន់ដែលបទល្មើសនេះ នៅតែមានទ្រង់ទ្រាយធំ គឺអំពើពុករលួយមានមន្ត្រីធ្វើជាខ្នងបង្អែកឱ្យជនល្មើស។
លោក សុខហេង លើកឡើងថា៖«បើសិនជាមិនមានការទទួលផលប្រយោជន៍ពីក្រុមអ្នកកាប់ឈើទេ ខ្ញុំគិតថាសកម្មភាពនោះមិនអាចកើតមានបានទេ។ វាប្រាដកជាមានការទប់ស្កាត់ទាន់ពេលវេលា។ អ៊ីចឹងដោយសារតែមានមន្ត្រីមួយចំនួន អាជ្ញាធរមួយចំនួនគាត់ទទួលផលប្រយោជន៍អំពីសកម្មភាពហ្នឹង ទើបបានបណ្តោយឱ្យអាការកាប់ឈើហ្នឹងនៅតែកើតមានជាហូរហែដោយមិនមានការអន្តរាគមទប់ស្កាត់ពីសមត្ថកិច្ច ឬអាជ្ញាធរតំបន់នោះ»។
ព្រៃសហគមន៍ឡុំដែលជនជាតិដើមចារ៉ាយ អាស្រ័យផលតាំងពីដូនតាមកនេះ មានទំហំ បណ្តោយ ៨គីឡូម៉ែត្រ ទទឹង៨គីឡូម៉ែត្រ ស្មើនឹងប្រមាណ៦ពាន់៤រយហិកតា។ ជនជាតិដើមចារ៉ាយនៅក្នុងឃុំនេះ បានចងក្រងគ្នាជាសហគមន៍នៅឆ្នាំ២០១១ ដើម្បីការពារព្រៃសហគមន៍នេះ ព្រោះមិនចង់ឱ្យបាត់បង់ ប៉ុន្តែពួកគេថា ការទប់ស្កាត់ហាក់មិនមានប្រសិទ្ធភាពទេ។ ព្រៃសហគមន៍នេះកំពុងរងការគំរាមកំហែងខ្លាំងដោយការកាប់ឈើលក់ និងការទន្ទ្រានយកដីកាន់កាប់ធ្វើជាកម្មសិទ្ធិឯកជន។
ព្រៃសហគមន៍ឡុំស្ថិតក្នុងភូមិឡុំ ឃុំប៉ក់ញ៉ៃ ស្រុកអូយ៉ាដាវ ជាប់ព្រំប្រទល់ប្រទេសវៀតណាម ត្រង់ចំណុចស្រុកដាក់កឺ ខេត្តយ៉ាឡាយ។ ប្រជាពលរដ្ឋ និងមន្ត្រីមូលដ្ឋានឱ្យដឹងថា ជនល្មើសបានដឹកឈើពីព្រៃសហគមន៍នេះឆ្លងកាត់ព្រំដែនយកទៅប្រគល់ឱ្យឈ្មួញជាជនជាតិវៀតណាម តាមច្រករបៀងជាង២០កន្លែង៕