សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ជនភៀសខ្លួនកម្ពុជា៧នាក់ នៅបន្តជាប់ឃុំក្នុងមណ្ឌលឃុំឃាំងអន្តោប្រវេសន៍នៃប្រទេសថៃ

សកម្មភាពអាជ្ញាធរថៃចុះមកសួរនាំ និងពិនិត្យឯកសារចំពោះអ្នកចូលរួមសិក្សាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងបារីស៍២៣តុលា នៅក្នុងទីក្រុងបាងកក កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣។ (រូបភាពផ្តល់ឱ្យ)
សកម្មភាពអាជ្ញាធរថៃចុះមកសួរនាំ និងពិនិត្យឯកសារចំពោះអ្នកចូលរួមសិក្សាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងបារីស៍២៣តុលា នៅក្នុងទីក្រុងបាងកក កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣។ (រូបភាពផ្តល់ឱ្យ)

ជនភៀសខ្លួនកម្ពុជា​ ៧រូប ដែលត្រូវបាន​ប៉ូលិស​អន្តោប្រវេសន៍ថៃ​ឃាត់ខ្លួន​នៅកន្លែង​ដែលពួកគេ​បាន​ចូលរួម​វគ្គបណ្ដុះបណ្ដាល​ស្ដីពី​កិច្ចព្រមព្រៀង​សន្តិភាពក្រុងប៉ារីស នៅទីក្រុងបាងកក គឺកំពុងបន្ត​ជាប់​ឃុំនៅក្នុងមជ្ឈមណ្ឌល​ឃុំឃាំងអន្តោប្រវេសន៍នៅឡើយ ដោយគិតមកទល់ពេលនេះ រយៈពេល​ដែលពួកគេ​ជាប់​ឃុំឃាំងគឺជាងពីរសប្ដាហ៍មកហើយ ។

ជនភៀសខ្លួន​ទាំង​៧រូប​ត្រូវបានឃាត់ខ្លួន រួមជាមួយនឹង​មនុស្ស​បីនាក់​ផ្សេងទៀត កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ ក្រោយពីអាជ្ញាធរថៃបានពិនិត្យ​ឯកសាររបស់ពួកគេរួច ។ នៅថ្ងៃបន្ទាប់ មនុស្ស​បីនាក់​ក្នុង​ចំណោមនោះ​ត្រូវបានដោះលែងវិញ ។

អ្នកដែលស្ថិតនៅជាប់ឃុំនៅឡើយ រួមមាន សូ មេត្តា សមាជិក​នៃ​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ និង​សាច់ញាតិពីរនាក់ទៀតរបស់​គាត់ និង​ សំ សុខា ដែល​បាន​គប់​ស្បែកជើង​លើ​រូបភាព​អតីត​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន នៅលើប៉ាណូ ព្រមទាំង​សកម្មជន​ប្រឆាំង ថុន ច័ន្ទថា លី ឈួន និង គឹម ធីទ្បើយ។

លោក ខឹម មុន្នីកុសល ​មេដឹកនាំគណបក្ស​ភ្លើងទៀនខេត្តប៉ៃលិន ដែលបានរត់ភៀសខ្លួន​ទៅកាន់​ប្រទេស​ថៃ និង​បាន​ស្វែងរក​សិទ្ធិជ្រកកោននយោបាយ បានបញ្ជាក់ជាមួយ ខេមបូចា ថា មនុស្ស​ទាំង៧រូបនោះ​«ស្ថិត​ក្រោម​ការឃុំឃាំង​របស់​ប៉ូលិស​អន្តោប្រវេសន៍ថៃ​នៅឡើយទេ» ។

រដ្ឋាភិបាល​កម្ពុជា​បាន​ចោទប្រកាន់​ពួកគេ​ពី​បទប៉ុនប៉ង​ផ្ដួលរំលំ​រដ្ឋាភិបាល ចំណែក​ឯ​ប៉ូលិស​ថៃ​បានចោទ​ប្រកាន់ពួកគេ​ពី​បទចូល​ប្រទេស​ថៃ​ដោយខុសច្បាប់ ។

យោងតាមលោក មុន្នីកុសល អ្នកជាប់ឃុំម្នាក់ក្នុងចំណោមអ្នកជាប់ឃុំទាំង ៧នាក់ ឈ្មោះ គឹម ធីទ្បើយ មិនទាន់ត្រូវបាន​ទទួលស្គាល់​ជាផ្លូវការថា​ជា​ជនភៀសខ្លួនពីសំណាក់​ឧត្ដមស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ជនភៀសខ្លួន (UNHCR) ប្រចាំប្រទេសថៃ នៅឡើយទេ ។​

លោក មុន្នីកុសល បាននិយាយថា ប៉ុន្តែ ទោះបីមាន​ឋានៈជាជនភៀសខ្លួន​ដែល​ផ្ដល់ដោយ​ UNHCR ក្ដី លោក​បានសម្ដែងការព្រួយបារម្ភពី​សុវត្ថិភាព​របស់ពួកគេ​នៅក្នុង​ប្រទេសថៃ ។

លោកបាននិយាយថា៖ «យើងព្រួយបារម្ភរាល់ថ្ងៃ នៅទីនេះ [នៅក្នុងប្រទេសថៃ] ។ យើង​ប្រឈមនឹងការចាប់ខ្លួន​គ្រប់ពេលវេលា ឬ​ការវាយប្រហារ​ពី​សំណាក់​ក្រុមបងធំ ដូច្នេះ យើងមិនអាចធ្វើដំណើរទៅទីណា​ដោយ​ម្នាក់ឯង​បានទេ» ។

លោក មុន្នីកុសល បានបន្តថា៖ «ជាការពិត យើងទាំងអស់គ្នា​សុទ្ធតែជាមុខសញ្ញា​ដែល​គេ​ត្រូវ​ចាប់ខ្លួន​និង​បញ្ជូនត្រឡប់ទៅប្រទេសកម្ពុជាវិញ» ។ លោក​បានបន្ថែមថា លោកសំណាងដែរ​ដែលលោក​មិនបាន​ចូលរួម​វគ្គបណ្ដុះបណ្ដាល​នៅ​ថ្ងៃនោះ ។

លោក Morgane Roussel-Hemery តំណាងឧត្តម​ស្នងការអង្គការ​សហ​ប្រជា​ជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​ថៃ ​(UNHCR) បានឆ្លើយតប​អ៊ីម៉ែលថា UNHCR មិនអាច​ធ្វើអត្ថាធិប្បាយ​លើ​ព័ត៌មានលម្អិត​ ឬ​បញ្ជាក់ពី​វត្តមាននៃ​ករណីរបស់បុគ្គល​បានទេ ដោយសារហេតុផល​រក្សាការសម្ងាត់​និង​ការពារសុវត្ថិភាពរបស់​បុគ្គល ។

ថុន ច័ន្ទធីតា ដែលជាប្អូនស្រីរបស់​ជនភៀសខ្លួន ឈ្មោះ ច័ន្ទថា បាន​សម្ដែង​ការខកចិត្ត​ចំពោះ​ការចាប់ខ្លួន​បងប្រុស​របស់អ្នកនាង ពីសំណាក់​ប៉ូលិសថៃ ដោយគ្រាន់តែបងប្រុសរបស់នាងចូលរួម​នៅក្នុង​វគ្គបណ្ដុះបណ្ដាល ។

ច័ន្ទធីតា បាននិយាយថា៖ «វាមិនសមហេតុផលទេ ដោយសារគាត់គ្រាន់តែចូលរៀន​ពី​វគ្គបណ្ដុះបណ្ដាល​អំពី​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស [ហើយគាត់]ត្រូវគេចាប់ខ្លួន»​ ។ ច័ន្ទធីតា បានបន្ថែមថា អ្នកនាងនឹង​ធ្វើដំណើរទៅកាន់ប្រទេសថៃ​នៅថ្ងៃសុក្រនេះ ដើម្បីទៅមើល​បងប្រុស​របស់ខ្លួន ។

ច័ន្ទធីតា បានពន្យល់ថា បងប្រុសរបស់​អ្នកនាង​មិនដែលមានបំណងរត់ភៀសខ្លួនទៅកាន់​ប្រទេសថៃទេ ប៉ុន្តែ គាត់​«បានទទួលរងការវាយប្រហារពី​មនុស្សដែល​បានប៉ុនប៉ង​សម្លាប់​គាត់​នៅក្នុង​ប្រទេស​កម្ពុជា» ។

កាលពីខែមេសា ឆ្នាំមុន ច័ន្ទថា ត្រូវបាន​ក្រុមបុរសមិនស្គាល់អត្តសញ្ញាណ ៤នាក់​ បានវាយដំ​ដោយ​ប្រើ​បំពង់ទីប​ដែក​និងដំបង​ឈើ ខណៈដែល​លោក​កំពុងជិះម៉ូតូ​នៅតាមផ្លូ​វ​មួយ​ក្នុងរាជធានីភ្នំពេញ ។ កាលពីមុន លោក​ជាចៅសង្កាត់រង​ផ្សារដេប៉ូពីរ រាជធានីភ្នំពេញ របស់​អតីតគណបក្ស CNRP ។

លោក ជា មុនី អនុប្រធានគណបក្ស​កម្លាំងជាតិ បាននិយាយថា គណបក្ស​មានគម្រោង​ស្នើសុំ​ឱ្យ​រដ្ឋាភិបាលថៃការពារជនភៀសខ្លួន​កម្ពុជា ប្រសិនបើ​មានការស្នើសុំ​ឱ្យបញ្ជូនពួកគេត្រឡប់ទៅប្រទេស​កម្ពុជាវិញ ។

លោកបាននិយាយយ៉ាងដូច្នេះថា៖ «យើងនឹង​សរសេរ​លិខិត​ស្នើសុំ​រដ្ឋាភិបាលថៃ​ឱ្យជួយអន្តរាគមន៍ និង​ផ្ដល់​ការការពារ​ដល់​ជនភៀសខ្លួន» ។

លោក មុនី បាននិយាយថា៖ «ក្នុងនាមជាអ្នកនយោបាយ យើង​តែងតែព្រួយបារម្ភពី​សិទ្ធិ​និងសេរីភាពរបស់​ប្រជាពលរដ្ឋ ជាពិសេស ពលករខ្មែរ​និង​អ្នក​ស្វែងរក​សិទ្ធិជ្រកកោននយោបាយ »។ លោកក៏​បាន​កត់សម្គាល់ផងដែរថា នៅប្រទេសថៃ ពុំមានច្បាប់ណា​ហាមឃាត់​មនុស្ស​មិន​ឱ្យចូលរួម​ការបណ្ដុះបណ្ដាលទេ លើកលែងតែពួកគេ​បានប្រព្រឹត្ត​បទល្មើសអ្វីមួយ ។

លោកបាននិយាយថា៖​ «គ្មានអ្នកណាម្នាក់​មានបំណង​រត់ភៀសខ្លួនចេញពីប្រទេស​របស់ខ្លួនឡើយ […] ពួកគេ​ទាមទារ​សេរីភាព​បញ្ចេញមតិ» ។ ប៉ុន្តែ លោក មុនី បានបន្ថែមថា សិទ្ធិនិងសេរីភាពបញ្ចេញ​មតិ​នៅ​ប្រទេស​កម្ពុជាត្រូវបានរឹតត្បិត ។

នៅពេលដែលគណបក្ស​ប្រឆាំង CNRP ត្រូវបានរំលាយ​កាលពីឆ្នាំ២០១៧ សមាជិក​និងសកម្មជនគណបក្ស​ជាច្រើននាក់​បាន​រត់ភៀសខ្លួនទៅកាន់ប្រទេសថៃ ដោយ​សារ​ខ្លាច​ការធ្វើទុក្ខបុកម្នេញ​ពីសំណាក់​អាជ្ញាធរ​កម្ពុជា ។

ទាំង​ស្ថានទូត​កម្ពុជា​ប្រចាំទីក្រុងបាងកក និង​ស្ថានទូត​ថៃ​ប្រចាំរាជធានីភ្នំពេញ មិនបានឆ្លើយតប​ចំពោះ​សំណួរតាមអ៊ីមែលរបស់អ្នកសារព័ត៌មានទេ ។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ និងអ្នកនាំពាក្យ​រដ្ឋាភិបាល លោក ប៉ែន បូណា មិនអាចទាក់ទង​សុំ​ការអត្ថាធិប្បាយបានឡើយ ៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Seven Cambodian Refugees Still Detained by Police in Thailand

214 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម