សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

VOD នឹងផ្សាយឡើងវិញពីសហរដ្ឋអាមេរិក បន្ទាប់ពីរដ្ឋាភិបាលកម្ពុជាបានបិទកាលពីដើមឆ្នាំនេះ

លោក អ៊ិត សូធឿត នាយកនាយកដ្ឋានប្រព័ន្ធផ្សព្វផ្សាយនៃមជ្ឈមណ្ឌលកម្ពុជា ដើម្បី ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ(CCIM) ផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាននៅមុខការិយាល័យវីអូឌី ក្នុងរាជធានីភ្នំពេញ។ រូបថតនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣។ (ខេមបូចា/ ព្រីង សំរាំង)
លោក អ៊ិត សូធឿត នាយកនាយកដ្ឋានប្រព័ន្ធផ្សព្វផ្សាយនៃមជ្ឈមណ្ឌលកម្ពុជា ដើម្បី ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ(CCIM) ផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាននៅមុខការិយាល័យវីអូឌី ក្នុងរាជធានីភ្នំពេញ។ រូបថតនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣។ (ខេមបូចា/ ព្រីង សំរាំង)

ប្រព័ន្ធផ្សព្វផ្សាយវីអូឌី នឹងបើកដំណើរការផ្សាយឡើងវិញនៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣​នេះត​ទៅ បន្ទាប់​ពីប្រព័ន្ធផ្សព្វផ្សាយមួយនេះត្រូវបានរដ្ឋាភិបាលកម្ពុជាបិទកាលពីខែកុម្ភៈ​ដើមឆ្នាំនេះ យោងតាម​សេចក្តី​ប្រកាសព័ត៌មានដែលផុសនៅលើទំព័រហ្វេសប៊ុក វីអូឌី ខែ្មរ។

យោងតាមបណ្តាញសង្គមផ្លូវការវីអូឌី (VOD Khmer) បានចេញផ្សាយសេចក្តីប្រកាសព័ត៌មាន​កាលពី​ថ្ងៃអង្គារ ស្តីពី​ការ​ចាប់ផ្តើមដំណើរការផ្សាយព័ត៌មានសំឡេងប្រជាធិបតេយ្យវីអូឌី ឡើងវិញ។ ដែលសេចក្តី​ប្រកាសបាន​បញ្ជាក់ថា​ កម្មវិធីផ្សាយព័ត៌មានសំឡេងប្រជាធិបតេយ្យវីអូឌី នឹងចាប់ផ្តើមផ្សាយចាប់ពីថ្ងៃច័ន្ទ ទី២ ខែតុលា ឆ្នាំ២០២៣នេះតទៅ។

សេចក្តីប្រកាសព័ត៌មានដដែល បានបញ្ជាក់ថា៖ «រាល់ប្រតិបត្តិការផ្សាយព័ត៌មានរបស់វីអូឌី នឹង​ធ្វើឡើង ពីទីស្នាក់កណ្តាលរបស់ខ្លួន នាទីក្រុងតាកូម៉ា នៃរដ្ឋវ៉ាស៊ិនតុន សហរដ្ឋអាមេរិក»

បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយមួយនេះ ត្រូវបានរដ្ឋាភិបាលបញ្ជាឱ្យបិទការផ្សាយ តាំងពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ​២០២៣ ដោយមូលហេតុចុះផ្សាយអត្ថបទអំពីលោកហ៊ុន ម៉ាណែត។

លោក ប៉ា ងួនទៀង អតីតនាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) និង​ជាប្រធានប្រព័ន្ធផ្សព្វផ្សាយប្រជាធិបតេយ្យ (VOD)បើកឡើងវិញនៅសហរដ្ឋអាមេរិក ដែលបច្ចុប្បន្ន​កំពុងរស់​នៅ​ក្នុងទឹកដីសហរដ្ឋអាមេរិក ថ្លែងថា ទោះបីប្រព័ន្ធផ្សព្វផ្សាយវីអូឌី ផ្សាយចេញពីក្រៅប្រទេសក៏ដោយ ក៏វីអូឌី នៅតែប្រកាន់ភ្ជាប់នូវគោលជំហរឯករាជ្យ ពិតស្មោះត្រង់ និងមានបេសកកម្មផ្តល់ព័ត៌មាន​ស៊ីជម្រៅ​ដល់​ប្រជាពលរដ្ឋគ្រប់រូប។ ការជ្រើសរើសផ្សាយចេញពីប្រទេសអាមេរិកនេះ លោកថា ព្រោះវាស្របនឹង​ស្ថានភាព​​​ដែលលោករស់នៅក្នុងទីនេះស្រាប់។

លោក ងួនទៀង លើកឡើងថា៖ «ទោះបីវីអូឌី​ មកនៅក្រៅក៏ដោយ ក៏ជំហរដើម ឥរិយាបថដើម គោលការណ៍​ដើម  គឺយើងអត់មានការផ្លាស់ប្តូរទេ»

ចំពោះដំណើរការផ្សព្វផ្សាយវិញ លោកបន្តថា វីអូឌី នឹងបន្តផ្សាយដូចជាសារព័ត៌មាន​នៅក្រៅ​ស្រុកផ្សេង​ទៀត ដែលផ្តោតជាអាទិភាពផ្សាយតាមរយៈបណ្តាញសង្គម និងថែរក្សាទម្រង់ផ្សេងៗរបស់ខ្លួន ដូចផ្សាយ​កាល​នៅក្នុងស្រុកខ្មែរ។ ជាមួយគ្នានេះ ចំពោះបុគ្គលិក និងដំណើរប្រតិបត្តិផ្សេងៗ នឹងអនុវត្តទៅតាមគម្រោង និងលទ្ធភាពដែលវីអូឌីមាន។

លោក ងួនទៀង បន្តថា៖ «ខ្ញុំថាវាអត់មានអីពាក់ព័ន្ធជាមួយCCIMទេ ដោយសារខ្ញុំបានចេញ​ពីCCIM​ផុតដាច់​ហើយ។ ដូច្នេះខ្ញុំចង់ធ្វើអី ខ្ញុំមានលទ្ធភាពធ្វើអី អាហ្នឹងជារឿងរបស់ខ្ញុំ»

ស្របពេលជាមួយគ្នានេះ មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) ក៏ចេញ​សេចក្តី​ថ្លែងការណ៍ ថាមិនមានជាប់ពាក់ព័ន្ធទៅនឹងដំណើរការផ្សាយឡើងវិញ របស់កម្មវិធីផ្សាយព័ត៌មាន​សំឡេង​ប្រជាធិបតេយ្យ (VOD)នោះទេ។ សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា វីអូឌីដែលស្ថិតក្រោមការគ្រប់គ្រងរបស់ CCIM ត្រូវបានក្រសួងព័ត៌មានដកអាជ្ញាបណ្ណ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ ហើយគេហទំព័ររបស់ វីអូឌី ទាំងភាសាខ្មែរ និងអង់គ្លេសត្រូវបានរាំងខ្ទប់ (Block)។

តែយ៉ាងណាលោកស្រី ឆន សុគន្ធា នាយិកាប្រតិបត្តិ នៃមជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) បញ្ជាក់ថា លោក ប៉ា ងួនទៀង បានដាក់ពាក្យលាឈប់ពីស្ថាប័នCCIMហើយ ចំណែក​ខាងCCIM​ក៏បានដាក់ឯកសារទៅក្រសួងមហាផ្ទៃរួចរាល់ហើយដែរ ក្នុងការផ្លាស់ប្តូរតួនាទី និងថ្នាក់ដឹកនាំ។ ជាមួយគ្នា​នេះ លោកស្រីអះអាងថា​ ដំណើរការផ្សព្វផ្សាយរបស់វីអូឌីឡើងវិញនេះ ខាងមជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យមិនបានពាក់ព័ន្ធអ្វីឡើយ។

លោកស្រីបញ្ជាក់ថា៖ «គឺជាសិទ្ធិរបស់លោក (ប៉ា ងួនទៀង) ហើយកន្លងមក គឺយើងអត់បានធ្វើការ​ផ្សាយ​ពាក់ព័ន្ធនឹងរឿងធ្វើអ្វី ដែលវាផ្ទុយជាមួយនឹងការប្រកាសរបស់ខាងក្រសួងនោះទេ»

ជុំវិញការបើកដំណើរការសារព័ត៌មានវីអូឌីឡើងវិញនេះ កញ្ញា ឃ្លាំង គីមហួយ និស្សិតឆ្នាំទី៤ នៃ​សកល​វិទ្យាល័យ​បញ្ញាសាស្ត្រកម្ពុជា(PUC) លើកឡើងថា កញ្ញាពិតជាសប្បាយចិត្តខ្លាំង ក្រោយ​ទទួល​បាន​ដំណឹងថា វីអូឌី ប្រកាសដំណើរការឡើងវិញ ព្រោះ វីអូឌី ជាសារព័ត៌មានឯករាជ្យ និងមានវិជ្ជាជីវៈខ្ពស់។

ទន្ទឹងនឹងនេះកញ្ញា ជឿថាការបើក វីអូឌី ឡើងវិញនេះ ជាការបង្ហាញអំពីការវិវឌ្ឍវិជ្ជមាន​សម្រាប់សេរីភាព​សារព័ត៌មាន និងសិទ្ធិទទួលបានព័ត៌មាន ព្រោះកន្លងមក វីអូឌី តែងដើរតួនាទីសំខាន់​ក្នុងការផ្តល់​នូវ​ទស្សនវិស័យចម្រុះ ជាពិសេសគឺបញ្ហានយោបាយបែបស៊ីជម្រៅ និងបញ្ហាសង្គមដ៏ក្តៅគគុក។

ដោយឡែកកញ្ញាថា ការផ្សាយព័ត៌មានពីចម្ងាយអាចប្រឈមបញ្ហាបន្តិចបន្តួច ជាពិសេសការ​ផ្តាច់ចេញ​ពី​បញ្ហាខ្លះដែលកើតមានឡើងក្នុងស្រុក ពោលគឺការពិតប្រចាំថ្ងៃ និងបញ្ហាដែលប្រជាពលរដ្ឋកម្ពុជា​ប្រឈម​មុខ។ ជាក់ស្ដែងកន្លងមកការរាយការណ៍របស់ វីអូឌី ពិតជាមានភាពជិតស្និទ្ធទៅនឹងបរិបទផ្ទាល់។

កញ្ញាបញ្ជាក់ថា៖ «ការផ្លាស់ប្តូរទីតាំង វីអូឌី ទៅ Tacoma អាចផ្តល់នូវបរិយាកាស​ប្រតិបត្តិការ​ប្រកបដោយ​សុវត្ថិភាព និងការចូលទៅកាន់ទស្សនិកជនកាន់តែទូលំទូលាយ តែក៏បង្ហាញពីបញ្ហាប្រឈម​ទាក់ទងនឹង​ការ​រក្សា​ទំនាក់ទំនងជាមួយបរិបទក្នុងស្រុកផងដែរ»។

លោក ម៉ុន សុកែវ ជាអតីតសិក្ខាកាម Newsroom Cambodia នៃCCIM បានលើកឡើងថា ជារឿង​ពិបាក​សន្និដ្ឋានទុកមុនថា តើវីអូឌីនៅដើរតែដើរតួនាទីអព្យាក្រឹត និង​រក្សាក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួន ក្នុងការ​ផ្តល់ព័ត៌មានជូនពលរដ្ឋដូចពីមុនឬយ៉ាងណា ព្រោះឥឡូវព័ត៌មានមួយនេះបានបើកដំណើរការឡើងវិញ​នៅក្រៅប្រទេស។

តែយ៉ាងណាលោកថា មានតែប្រជាពលរដ្ឋ និងអ្នកគាំទ្រវីអូឌី រង់ចាំមើល​ទាំងអស់គ្នា​ជាមួយគ្នា​នេះលោកថា រឹតតែលំបាកខ្លាំង គឺថាវីអូឌី មិនទាន់មានការទទួលស្គាល់ពីរដ្ឋាភិបាលបច្ចុប្បន្ននៅឡើយទេ។ នេះជាបញ្ហា​ប្រឈមមួយ ក្នុងការទទួលយកព៌ត័មាននៅក្នុងស្រុក ជាពិសេសអាចបាត់បង់​ប្រភពពីរដ្ឋាភិបាលក្នុងការ​ឆ្លើយតប។

លោកបន្ថែមថា៖ «វីអូឌី បានបិទការផ្សាយនៅក្នុងស្រុកខ្មែរ អ៊ីចឹងកាលណាដែលផ្សាយចេញពីខាងក្រៅមក ប្រាកដណាស់វាមិនសូវមានឥទ្ធិពលខ្លាំង នៅក្នុងការកែប្រែចំណុចណាមួយរបស់ពលរដ្ឋ ឬនៅក្នុង​សង្គម​ទេ»។​

លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន មិនអត្ថាធិប្យាយអ្វីច្រើនទេ ចំពោះដំណើរការសារព័ត៌មាន វីអូឌី ឡើងវិញ ដោយលោកថាឱ្យគោរព និងអនុវត្តតាមសេចក្តីសម្រេចរបស់ក្រសួងកន្លងមក។

លោកថ្លែងថា៖ «ក្រសួងព័ត៌មានមិនមានការអត្ថាធិប្យាយអ្វីផ្សេងទៅលើប្រធានបទមួយនេះ ក្រៅតែ​ពី​ការ​សម្រេចកន្លងទៅ ពាក់ព័ន្ធនឹងវិទ្យុវីអូឌីហ្នឹង»

លោក អំ សំអាត នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស លីកាដូ (LICADHO) យល់​ឃើញ​ថា វាជាសញ្ញាល្អមួយ ព្រោះវីអូឌីអាចផ្តល់ឱកាសឱ្យពលរដ្ឋបញ្ចេញមតិ និងទុក្ខកង្វល់ផ្សេងៗ តាម​រយៈ​បណ្តាញផ្សព្វផ្សាយនេះ។ ដោយឡែកលោកចាត់ទុកថា នេះវាជាសិទ្ធិរបស់បុគ្គលក្នុងការធ្វើអ្វីមួយ ជាមួយ​គ្នានេះលោកថាមិនអាចប៉ះពាល់អ្វីដល់ស្ថាប័នCCIMបច្ចុប្បន្ននោះទេ ព្រោះលោកលោក ប៉ា ងួនទៀង បានលាឈប់ពីស្ថាប័ននេះហើយ។

លោកបន្ថែមថា៖ «ខ្ញុំគិតថាវាសំខាន់ សារព័ត៌មានមួយៗ យើងមើលដូចVOD និងវិទ្យុច្រើនទៀត ដែល​ផ្សាយ​ចេញក្រៅមក ប៉ុន្តែអ្វីដែលសំខាន់ គឺអ្នកសារព័ត៌មានប្រកាន់ភ្ជាប់ក្រមសីលធម៌វិជ្ជាជីវៈ អាហ្នឹងវាដូចគ្មាន​អ្វី​ប្រឈមទេ»

2,470 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម