នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា លោកមិនបានដឹងថា អតីតទីប្រឹក្សារបស់លោក ឈ្មោះ ចេន ហ្ស៊ី បានដឹកនាំបណ្ដាញឆបោកតាមអនឡាញទូទាំងកម្ពុជានោះទេ ហើយលោកបានបដិសេធថា សកម្មភាពបែបនេះមិនបានផ្តល់ផលចំណេញណាមួយដល់រដ្ឋាភិបាលឡើយ។ លោកបានលើកឡើងបែបនេះក្នុងបទសម្ភាសន៍ដ៏កម្រមួយជាមួយសារព័ត៌មានអន្តរជាតិ កាលពីថ្ងៃពុធ។
«យើងមិនបានដឹងថាគាត់ជាមេខ្លោងទេ» លោក ហ៊ុន ម៉ាណែត បានប្រាប់ទីភ្នាក់ងារសារព័ត៌មានបារាំង AFP បែបនេះ ក្នុងអំឡុងដំណើរទស្សនកិច្ចទៅទីក្រុងប្រ៊ុចសែល ដែលជាផ្នែកមួយនៃដំណើរទស្សនកិច្ចអន្តរជាតិ ដើម្បីពង្រឹងការគាំទ្រផ្នែកការទូត ពាក់ព័ន្ធនឹងជម្លោះព្រំដែនជាមួយប្រទេសថៃ។
ចេន ហ្ស៊ី ដែលជាប្រធានក្រុមហ៊ុនព្រីនស៍ ត្រូវបានចាប់ខ្លួនជាមួយជនជាតិចិនពីរនាក់ទៀត កាលពីថ្ងៃទី៦ ខែមករា ហើយក្រោយមកត្រូវបានបញ្ជូនទៅប្រទេសចិន។ សហរដ្ឋអាមេរិកបានពិពណ៌នាថា ក្រុមហ៊ុនព្រីនស៍ ជាអង្គការឧក្រិដ្ឋកម្មឆ្លងដែនដ៏ធំបំផុតមួយនៅអាស៊ី។
សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស បានដាក់ទណ្ឌកម្មលើក្រុមហ៊ុននេះ កាលពីខែតុលា ដោយចោទថា បានដំណើរការប្រតិបត្តិការបោកប្រាស់ដែលពឹងផ្អែកលើពលកម្មដោយបង្ខំ ហើយបានដាក់គោលដៅលើជនរងគ្រោះជាជនជាតិអាមេរិក និងជនរងគ្រោះនៅបរទេសផ្សេងទៀត។ ក្រុមហ៊ុនព្រីនស៍ បានបដិសេធការចោទប្រកាន់ទាំងនេះ។
ចេន ហ្ស៊ី ក៏ត្រូវបានអាជ្ញាធរសហរដ្ឋអាមេរិកចោទប្រកាន់ផងដែរ ដែលបានរឹបអូសយក Bitcoin ប្រមាណ ១៤ ពាន់លានដុល្លារ ដោយអះអាងថា ទ្រព្យទាំងនោះជាប់ពាក់ព័ន្ធនឹងប្រាក់ចំណូលខុសច្បាប់។ ក្រោយមក ទីភ្នាក់ងារសន្តិសុខសាយប័ររបស់ចិនបានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនថា បានរៀបចំគម្រោង«លួច» ប្រាក់នេះជាច្រើនឆ្នាំមុនពេលលោក ចេន ហ្ស៊ី ត្រូវបានចោទប្រកាន់។
លោក ហ៊ុន ម៉ាណែត បានប្រាប់ទីភ្នាក់ងារព័ត៌មានដដែលថា មូលហេតុដែលស្ថាបនិកក្រុមហ៊ុនព្រីនស៍ ត្រូវបានចាប់បញ្ជូនទៅប្រទេសចិន មិនមែនសហរដ្ឋអាមេរិក គឺដោយសារតែគាត់ជាពលរដ្ឋចិន។ កម្ពុជាបានដកសញ្ជាតិខ្មែររបស់ ចេន ហ្ស៊ី បន្ទាប់ពីរដ្ឋាភិបាលអះអាងថា គាត់បានទទួលសញ្ជាតិនេះដោយមិនត្រឹមត្រូវតាមច្បាប់។
មេដឹកនាំកម្ពុជា ដែលបានស្នងតំណែងពីឪពុករបស់លោក គឺ លោក ហ៊ុន សែន នៅឆ្នាំ ២០២៣ បាននិយាយថា មជ្ឈមណ្ឌលបោកប្រាស់គឺជាផ្នែកមួយនៃ «សេដ្ឋកិច្ចងងឹតខុសច្បាប់» ក្នុងប្រទេស ដែលកំពុងបំផ្លាញ «សេដ្ឋកិច្ចស្មោះត្រង់» ប៉ះពាល់ដល់កេរ្តិ៍ឈ្មោះកម្ពុជា និងធ្វើឱ្យវិស័យទេសចរណ៍ និងវិនិយោគរងផលប៉ះពាល់។
របាយការណ៍ឆ្នាំ២០២៣ របស់ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស បានប៉ាន់ប្រមាណថា មានមនុស្សយ៉ាងតិច ១០០ ០០០ នាក់ មកពីប្រទេសជាច្រើនត្រូវបានបង្ខំឱ្យធ្វើការនៅក្នុងប្រតិបត្តិការឆបោកតាមអនឡាញនៅកម្ពុជាក្នុងឆ្នាំនោះ ដែលភាគច្រើនត្រូវបានគេចោទប្រកាន់ថា ដំណើរការដោយក្រុមឧក្រិដ្ឋជនចិន។ បណ្ដាញស្រដៀងគ្នានេះបានរីករាលដាលពាសពេញអាស៊ីអាគ្នេយ៍ រួមទាំងប្រទេសមីយ៉ាន់ម៉ា និងឡាវ ដោយបានបោកប្រាស់ប្រាក់ពីជនរងគ្រោះនៅទូទាំងពិភពលោកប្រមាណពី ១៨ ពាន់លានដុល្លារ ទៅ ៣៧ ពាន់លានដុល្លារក្នុងមួយឆ្នាំ នេះបើយោងតាមរបាយការណ៍នោះ។
ក្នុងអំឡុងដំណើរទស្សនកិច្ចទៅវ៉ាស៊ីនតោន និងអឺរ៉ុប ក្នុងខែនេះ លោក ហ៊ុន ម៉ាណែត បានប្រាប់ទៅមេដឹកនាំប្រទេសទាំងនោះពីអ្វីដែលលោកអះអាងថា ជាការប្តេជ្ញារបស់រដ្ឋាភិបាល ក្នុងការលុបបំបាត់បណ្ដាញឆបោកតាមអនឡាញ។
រដ្ឋាភិបាលកម្ពុជា បានចាប់ផ្តើមយុទ្ធនាការអនុវត្តច្បាប់ទូទាំងប្រទេស ដើម្បីបោសសម្អាតប្រតិបត្តិការទាំងនេះ ដែលថានឹង «លុបបំបាត់» ឱ្យអស់ត្រឹមខែមេសា។ រដ្ឋាភិបាលបានអះអាងថា សកម្មភាពបោកប្រាស់បានថយចុះពាក់កណ្តាលរួចហើយ ចាប់តាំងពីការបង្ក្រាបត្រូវបានបង្កើនកម្លាំងកាលពីខែមករា។
អ្នកសង្កេតការណ៍ជាច្រើនបានចោទសួរអំពីនិរន្តរភាពនៃយុទ្ធនាការនេះ និងបានអំពាវនាវឱ្យមានការស៊ើបអង្កេតលើឥស្សរជនដែលត្រូវបានចោទប្រកាន់ថា មានជាប់ពាក់ព័ន្ធនឹងប្រតិបត្តិការបោកប្រាស់ទាំងនោះ។ ក្រុមសិទ្ធិមនុស្សបានពណ៌នាអំពីការភៀសខ្លួនរបស់មនុស្សរាប់ពាន់នាក់ពីទីតាំងឆបោកជាច្រើនថាជាវិបត្តិមនុស្សធម៌។
ខណៈដែលបញ្ហាឆបោកនៅតែជាប្រធានបទសំខាន់ មេដឹកនាំវ័យ ៤៨ ឆ្នាំរូបនេះ ក៏មិនភ្លេចផ្តោតលើជម្លោះព្រំដែនជាមួយប្រទេសថៃផងដែរ។ ជម្លោះនេះកើតឡើងបន្ទាប់ពីការប៉ះទង្គិចកាលពីឆ្នាំមុន ដែលបានបញ្ចប់ដោយបទឈប់បាញ់។ លោកបានអំពាវនាវឱ្យមានដំណោះស្រាយដោយសន្តិវិធី ខណៈលោកបានលើកឡើងថា ប្រទេសថៃកំពុងកាន់កាប់ផ្នែកខ្លះនៃទឹកដីកម្ពុជា៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Hun Manet Says He Did Not Know Chen Zhi Was a ‘Kingpin’









