សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

សមត្ថកិច្ចកម្ពុជា បានបណ្ដេញជនបរទេសរាប់ពាន់នាក់ គិតពីដើមឆ្នាំ២០២៥ ពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

តុធ្វើការ និងកុំព្យូទ័រត្រូវបានឃើញនៅក្នុងបរិវេណកាស៊ីណូមួយក្នុងខេត្តកំពត ដែលអាជ្ញាធរ​បានអះអាងថា ត្រូវបានប្រើប្រាស់សម្រាប់ប្រតិបត្តិការឆបោកតាមអនឡាញ មុនពេលត្រូវបានចុះបង្ក្រាប។ រូបថតថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦។ (ខេមបូចា/យន់ សូវៀត)
តុធ្វើការ និងកុំព្យូទ័រត្រូវបានឃើញនៅក្នុងបរិវេណកាស៊ីណូមួយក្នុងខេត្តកំពត ដែលអាជ្ញាធរ​បានអះអាងថា ត្រូវបានប្រើប្រាស់សម្រាប់ប្រតិបត្តិការឆបោកតាមអនឡាញ មុនពេលត្រូវបានចុះបង្ក្រាប។ រូបថតថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦។ (ខេមបូចា/យន់ សូវៀត)

សមត្ថកិច្ចកម្ពុជា បានបណ្ដេញជនបរទេសពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាសរុបចំនួន ១៣ ០៣៩នាក់ មាន ៣៣សញ្ជាតិ ដោយឡែកជនបរទេស​​ដែលស្ម័គ្រចិត្តចាកចេញពីប្រទេសកម្ពុជាមានសរុបចំនួន ២៤១ ៨៨៨នាក់ ក្នុងនោះមានជនជាតិចិន វៀតណាម ឥណ្ឌូនេស៊ី ឥណ្ឌា និងជនជាតិបរទេសផ្សេងទៀតជាច្រើន ចាប់ពីដើមឆ្នាំ២០២៥ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល។

យោងតាមសេចក្តីប្រកាសព័ត៌មាន ចុះថ្ងៃទី២៤ ខែមេសា បានលើកឡើងថា ការបង្ក្រាបអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅទូទាំងប្រទេស ចាប់តាំងពីខែកក្កដា ឆ្នាំ២០២៥ ដល់ពាក់កណ្តាលខែមេសា ឆ្នាំ២០២៦ ក្នុងរយៈពេលជាង៩ខែចុងក្រោយនេះ អាជ្ញាធរ និងកងកម្លាំងគ្រប់លំដាប់ថ្នាក់ក្នុងរាជធានី-ខេត្ត បង្ក្រាបអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបានចំនួនជាង២៥០ករណី ដោយក្នុងនោះមានទីតាំងកាស៊ីណូចំនួន៩១ទីតាំង។

ជាមួយគ្នានេះដែរ សមត្ថកិច្ចបានកសាងសំណុំរឿងដើម្បីបញ្ជូនទៅតុលាការចំនួន១១២ករណី ពាក់ព័ន្ធនឹងជនសង្ស័យចំនួនប្រមាណ ១ ០៨៩នាក់ ដែលក្នុងនោះមានជនជាតិចិន ថៃ វៀតណាម ជប៉ុន កូរ៉េខាងត្បូង សិង្ហបុរី និងខ្មែរ។

អង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលបានបញ្ជាក់ថា៖ «បន្ថែមពីលើនេះ ចាប់ពីដើមឆ្នាំ២០២៥ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ សមត្ថកិច្ចកម្ពុជាបានអនុវត្តនីតិវិធីបណ្ដេញជនបរទេស ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាសរុបចំនួន ១៣ ០៣៩នាក់ មាន ៣៣សញ្ជាតិ ក្នុងនោះមានស្ត្រី ចំនួន ១ ៥០៩នាក់»។ អង្គភាពអ្នកនាំពាក្យបានបន្តថា៖ «គិតចាប់ពីពាក់កណ្តាលខែមករា ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ជនបរទេសដែល ស្ម័គ្រចិត្តចាកចេញពីប្រទេសកម្ពុជាមានសរុបចំនួន ២៤១ ៨៨៨នាក់ ក្នុងនោះមានជនជាតិចិន វៀតណាម ឥណ្ឌូនេស៊ី ឥណ្ឌា បង់ក្លាដែស និងប៉ាគីស្ថាន»។

អង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលបានឱ្យដឹងទៀតថា រាជរដ្ឋាភិបាលបានបង្ហាញឆន្ទៈដ៏រឹងមាំ និងធ្វើការប្តេជ្ញាចិត្តខ្ពស់ ព្រមទាំងបានធ្វើសកម្មភាពជាក់ស្តែង ក្នុងការបង្ក្រាបបណ្តាញឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ ដោយគ្មានការអត់ឱន និងប្រកបដោយភាពម៉ឺងមាត់បំផុត៕

ព័ត៌មានថ្មី

អត្ថបទពេញនិយម