សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

ចិនផ្ដល់ជំនួយ​ដល់​កម្ពុជា​ក្នុង​កិច្ចការ​ប្រឆាំងនឹង​ព័ត៌មាន​ក្លែងក្លាយ​ជុំទីពីរ

មន្ត្រី​ក្រ​សួង​ព័ត៌មាន និង​មន្ត្រី​តំណាង​ស្ថាន​ទូតចិន​នៅ​ទីក្រុង​ភ្នំពេញ​​សម្ពោធ​ដាក់​ឲ្យ​ដំណើ​រការ​​អនុវត្តគម្រោង​ «យុទ្ធនាការលុបបំបាត់ព័ត៌មានក្លែងក្លាយ»​វគ្គ២ ថ្ងៃទៅ​១២ ខែមីនា ឆ្នាំ២០២៦​។ (ខេមបូចា/ព្រីង សំរាំង)
មន្ត្រី​ក្រ​សួង​ព័ត៌មាន និង​មន្ត្រី​តំណាង​ស្ថាន​ទូតចិន​នៅ​ទីក្រុង​ភ្នំពេញ​​សម្ពោធ​ដាក់​ឲ្យ​ដំណើ​រការ​​អនុវត្តគម្រោង​ «យុទ្ធនាការលុបបំបាត់ព័ត៌មានក្លែងក្លាយ»​វគ្គ២ ថ្ងៃទៅ​១២ ខែមីនា ឆ្នាំ២០២៦​។ (ខេមបូចា/ព្រីង សំរាំង)

ក្រ​សួង​ព័ត៌មាន​បាន​សម្ពោធ​ដាក់​ឲ្យ​អនុវត្ត​គម្រោង​​«យុទ្ធនាការលុប​បំបាត់​ព័ត៌មាន​ក្លែង​ក្លាយ»​វគ្គ​២ ដែល​មានការ​គាំទ្រថវិកា​ពីរដ្ឋាភិបាល​ចិន ក្រោយ​យុទ្ធនាការវគ្គ​​មួយ​បាន​បញ្ចប់ និង​ចំណាយ​​ថវិកា​អស់​១,៧​លាន​ដុល្លារ​អាមេរិក។ អ្នក​វិភាគ​លើក​ឡើងថា​ជំនួយ​នេះ​បាន​ឆ្លុះ​បញ្ចាំង​ពី​ការ​ចូល​រួម​របស់​ចិន​ក្នុង​បរិបទ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឌីជីថល​របស់​កម្ពុជា​។​

កម្មវិធី​ជំនួយ​របស់​រដ្ឋាភិបាល​ចិន​នេះ​ធ្វើ​ឡើង​ក្នុង​ក្រប​ខណ្ឌ​​កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ដោយ​ជាង​ប្រាំ​ឆ្នាំ​មក​នេះ គម្រោង​ចំនួន​ប្រាំ​បាន​បញ្ចប់​ចន្លោះ​ពី​ឆ្នាំ​២០១៨-២០២៤​ ដែល​ជាផ្នែក​មួយ​ជួយ​ដល់​កិច្ច​ខិតខំ​របស់​ក្រ​សួង​ក្នុង​ការ​ប្រឆាំង​នឹង​ព័ត៌មាន​ក្លែងក្លាយ និង​ពង្រឹង​សមត្ថភាព​អ្នក​សារព័ត៌មាន​តាម​រយៈ​ការបណ្ដុះ​បណ្ដាល និង​ការ​ផ្លាស់​ប្ដូរទស្សនកិច្ច​សិក្សា​។​​

អនុរដ្ឋលេខាធិការ​ក្រ​សួង​ព័ត៌មានលោក ប្រាក់ ថាវអាមិដា បាន​ឲ្យ​ដឹង​ថា ​ភាគី​ចិន​បាន​ផ្ដល់ជំនួយ​២៧​ម៉ឺន​ដុល្លារ​សម្រាប់​យុទ្ធនាការ «លុបបំបាត់​ព័ត៌មាន​ក្លែងក្លាយ» វគ្គ​២​នេះ​។​

មូលនិធិពិសេស​សម្រាប់​កិច្ចសហប្រតិបត្តិការ​មេគង្គ-ឡានឆាង គឺ​ជា​​គម្រោង​ថ្នាក់​តំបន់​មួយ​ដែល​ដឹក​នាំ​ដោយ​ចិន និង​បង្កើត​ឡើង​នៅ​ឆ្នាំ​២០២៦ ដោយ​មាន​ប្រទេស​ចំនួន​ប្រាំ​មួយ​ចូល​រួម ក្នុង​នោះ​មាន​កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និង​វៀតណាម​។​

រដ្ឋមន្ត្រីក្រ​សួង​ព័ត៌មានលោក នេត្រ ភក្រ្តា មាន​ប្រសាសន៍​ថា ​​គម្រោង​នេះ​មាន​​គោល​បំណង​​ការពារ​«មុខមាត់»​នៃកិច្ច​សហប្រតិបត្តិការ​មេគង្គ-ឡានឆាង រវាង​កម្ពុជា និង​ចិន ជាពិសេស​តាម​រយៈ​ការ​សម្របសម្រួល​រវាង​ក្រ​សួង​ព័ត៌មាន ក្រ​សួង​ការបរទេស និង​ស្ថានទូតចិនប្រចាំកម្ពុជា​។​

លោក​បន្តថា ​យុទ្ធានាការនេះ​មានគោល​បំណង​បញ្ជ្រាប​ចំណេះដឹង​អំពី​ហានិភ័យ​នៃ​ព័ត៌មាន​ក្លែង​ក្លាយទាំង​​តាម​រយៈសំណេរ សំឡេង និង​រូបភាព​វីដេអូ។​

លោក អៀ​ សុផល អ្នក​វិភាគ​នយោបាយ​កម្ពុជា និង​ជាសាស្រ្តាចារ្យរង​នៅ​សាកល​វិទ្យាល័យ​រដ្ឋអារូហ្សូណា មាន​ប្រសាសន៍​ថា ​ក្រម​ខណ្ឌកិច្ច​សហប្រតិបត្តិការ​មេគង្គ-ឡានឆាងគឺ «ផ្ដោតចម្បងនៅ​ថ្នាក់តំបន់»​និង​ថា​ក្រមខណ្ឌ​នេះ​ធ្វើ​ឡើង​សម្រាប់​កិច្ច​សហប្រតិបត្តិការ​ឆ្លង​ប្រទេស​។​

លោក​បន្ថែម​ថា៖ «​វាគឺទាំងពីរ ប៉ុន្តែ​មិន​ត្រូវ​មើល​រំលង​លើ​ផ្នែក​អំណាច​ទន់​ទេ​»។ លោក​ថា​ភាគីចិន​ជួយ​គាំទ្រ​ដល់​ការ​បណ្ដុះ​បណ្ដាល​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាច​បង្កើត​បាន​នូវ​ឥទ្ធិពល​យូរអង្វែង​លើ​ព័ត៌មាន​ឌីជីថលនៅ​កម្ពុជា និង​បណ្តាប្រទេស​ផ្សេង​ទៀត​នៅ​តំបន់ទន្លេមេគង្គ​។ «ជាពិសេស​បើ​សិន​ជា​ជំនួយ​នេះ​នៅ​បន្ត​បាន​ច្រើន​ឆ្នាំទៀត និងដាក់​បញ្ចូល​ទៅ​ក្នុង​ស្ថាប័ន​រដ្ឋនានា»​។​

លោក​ សុផល ឲ្យ​ដឹងទៀតថា ឥទ្ធិពល​មិន​មាន​សុទ្ធតែ​សំដៅ​លើ​ការគ្រប់​គ្រង​ដោ​យផ្ទាល់​លើ​​មាតិកា​ផ្សព្វ​ផ្សាយ​នោះទេ វា​អាច​​កើត​ឡើង​តាម​រយៈ​ការ​បណ្ដុះបណ្ដាល​អ្នក​សារព័ត៌មាន តាម​រយៈ​បណ្ដាញ ដៃគូ និង​ការចែក​រំលែក​ទស្សនៈ​អំពី​ព័ត៌មាន​ក្លែង​ក្លាយ​ និង​ការ​ទទួល​ខុស​ត្រូវ​​របស់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​។​

លោក​ពន្យល់ថា​៖ «​នៅពេល​ក្រុង​ប៉េកាំង​ចាប់​ផ្ដើម​ផ្ដល់​មូនិធិ​សម្រាប់​ការ​ផ្លាស់​ប្ដូរទស្សនកិច្ច​អ្នក​សារព័ត៌មាន ការ​បណ្ដុះបណ្ដាល និង​គម្រោង​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ វា​នឹង​មិនត្រឹមតែជា​ការ​ដោះស្រាយបញ្ហា​បច្ចេកទេស​នោះទេ។ វា​ក៏​ជា​ការ​ចាប់​ផ្ដើម​កសាងឥទ្ធិពល​លើ​របៀប​ដែល​រដ្ឋាភិបាល​កំណត់​ការទទួល​ខុសត្រូវ​របស់អ្នកសារព័ត៌មាន ពាក្យសម្ដីបង្កគ្រោះថ្នាក់ និង​ស្ថានភាព​អំណាច​នៃ​លំហ​ព័ត៌មាន​ឌីជីផល​ផង​ដែរ»។​

មន្ត្រី​ក្រ​សួង​ព័ត៌មាន និង​មន្ត្រី​តំណាង​ស្ថាន​ទូតចិន​នៅ​ទីក្រុង​ភ្នំពេញ​​សម្ពោធ​ដាក់​ឲ្យ​ដំណើ​រការ​​អនុវត្តគម្រោង​ «យុទ្ធនាការលុបបំបាត់ព័ត៌មានក្លែងក្លាយ»​វគ្គ២ ថ្ងៃទៅ​១២ ខែមីនា ឆ្នាំ២០២៦​។ (ខេមបូចា/ព្រីង សំរាំង)

លោក​ នេត្រ ភក្ត្រា បាន​ឲ្យ​ដឹង​ថា ​លោក​បាន​ជជែក​ជាមួយ​លោក ចេន ចុង អគ្គទីប្រឹក្សា​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា អំពីកិច្ចសហប្រតិបត្តិការ​រវាងក្រសួងព័ត៌មាន​កម្ពុជា និង​ស្ថានទូត​ចិន ដើម្បី​ទប់​ស្កាត់​ព័ត៌មាន​ក្លែង​ក្លាយ​អំពីប្រទេសចិន និង​«ព័ត៌មាន​បំភ្លៃ»​អំពី​ទំនាក់ទំនង​កម្ពុជា-ចិន​លើ​បណ្ដាញ​ព័ត៌មាន​សង្គម​។​

លោកបន្ត​ថា ​កម្ពុជា​មាន​​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​ប្រហែល​១៤​លាន​គណនី​ និង​តិកតុក​ប្រហែល​១០​លានគណនី​ ក្នុង​ចំណោម​ប្រជាពល​រដ្ឋ​សរុប​ជាង​១៧​លាន​នាក់​។ ជា​រួម មាន​បណ្ដាញ​សង្គម​ប្រហែល​២៤​លាន​គណនី​ មាន​ន័យ​ថា​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក និង​តិកតុក​អាច​ដើរតួជា​អ្នក​ផ្សព្វ​ផ្សាយ​​។​

ជាមួយ​គ្នា​នេះ មាន​ស្ថាប័​ន​ព័ត៌មាន​ចុះបញ្ជី​ជាមួយ​ក្រ​សួង​ចំនួន​ ១ ៥០០​ស្ថាប័ន និង​មាន​អ្នក​សារព័ត៌មាន​ប្រហែល ​៨ ០០០​នាក់​ដែល​មាន​​បណ្ណ​អ្នក​សារព័ត៌មាន​។​

លោក​អះអាងថា ​ថៃ​បាន​បង្កើត​ព័ត៌មាន​ក្លែង​ក្លាយ​ជា​ច្រើន​ក្នុង​អំឡុង​ការ​ប៉ះទង្គិច​គ្នា​នៅ​តាម​ព្រំ​ដែន​នាពេល​កន្លង​មក។ ជាមួយ​គ្នា​នេះ ​លោក​ថា​ថៃមានចេតនាបំផ្លាញ​មុខ​មាត់​កម្ពុជា និង​ផល​ប្រយោជន៍​សេដ្ឋកិច្ច​កម្ពុជា តាមរយៈ​ការ​​ផ្សាយ​ថាកម្ពុជា​បាន​ដាក់​មីនបង្ក​គ្រោះ​ថ្នាក់​ដល់​ទាហាន​​ថៃ​ផង​ដែរ។​

លោក​ឲ្យ​ដឹង​ទៀតថា​៖ «យើង​បាន​កំណត់​អត្តសញ្ញាណ​ព័ត៌មាន​ក្លែង​ក្លាយ​ដែល​ពាក់​ព័ន្ធ​នឹង​បញ្ហា​រសើប​មួយចំនួន​អំពី​បញ្ហា​សង្គម សន្តិសុខជាតិ និង​ស្ថិរភា​ពនយោបាយ ឬ​ព័ត៌មាន​ដែល​មាន​ចរិកញុះញង់​ឲ្យ​មានអស្ថិរភាព​សង្គម ឬ​ការផ្ដួល​រំលំ​រដ្ឋាភិបាល»។​

តំណាង​ស្ថានទូតចិន​មាន​ប្រសាសន៍​ថា ​ស្ថាប័ន​ព័ត៌មាន​មួយ​ចំនួន​​បាន​ក្លែង​ព័ត៌មាន​ម្ដង​ហើយ​ម្ដងទៀត និង​បាន​ផ្សាយ​ព័ត៌មាន​ក្លែង​ក្លាយ និង​បំភ្លៃការពិត​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ទំនាក់ទំនងកម្ពុជា-ចិន និង​ផល​ប្រយោជន៍​ប្រទេស​ទាំង​ពីរ និង​បាន​រៀបចំ​ព័ត៌មាន​ក្លែង​ក្លាយ​អំពី​កម្ពុជា និង​ចិន​នៅ​លើ​បណ្ដាញ​សង្គម​សព្វ​ថ្ងៃ​។​

លោក​បន្ត​ថា៖ «យើង​សង្ឃឹម​ថា​កម្ពុជា និង​ចិន​នឹង​ធ្វើ​ការ​រួម​គ្នា​ជិត​ស្និទ្ធ​ដើម្បី​ពង្រឹងកិច្ច​ខិតខំ​ប្រឆាំង​នឹង​ព័ត៌មាន​ក្លែង​បន្លំ​ កែតម្រូវពាក្យចចាមអារ៉ាម​នានា និង​រក្សា​បាននូវ​បរិយាកាស​ព័ត៌មាន​ល្អ ​ដើម្បី​គាំទ្រ​ដល់​មិត្ត​ភាព​ និង​កិច្ច​សហប្រតិបត្តិការរវាងប្រទេសទាំងពីរ»។​

ក្រ​សួង​ព័ត៌មាន​បាន​តាម​ឃ្លាំ​មើល​ព័ត៌មាន​ក្លែង​ក្លាយ​ជាង​បី​ឆ្នាំ​មក​ហើយ និង​បាន​កត់សម្គាល់​ថា ​ក្នុង​ឆ្នាំ​២០២៣ គណៈកម្មការ​ប្រឆាំង​ព័ត៌មាន​ក្លែង​ក្លាយ​បាន​​​រក​ឃើញ​ព័ត៌មាន​ក្លែង​ក្លាយ​ជាង ​៣ ២០០​ករណី​។​ ចំនួន​នេះ​បាន​កើន​ឡើងដល់ ​៣ ៦០០​ករណី​នៅ​ឆ្នាំ​២០២៤ និង​៤ ០០០​ករណី​នៅ​ឆ្នាំ​២០២៥​។​

សមាគម​​​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ និង​អ្នក​វិភាគ​មើល​ឃើញ​ថា​​យុទ្ធនាការ​ប្រឆាំង​អំពើ​ពុក​រលួយ​ជា​ឧបករណ៍​គ្រប់​គ្រង​អ្នក​សារព័ត៌មាន រួម​ទាំង​ការ​បញ្ចេញ​មតិ​លើ​អនឡាញ តែ​ក្រ​សួង​ច្រាន​ចោល​លើ​ការ​លើក​ឡើង​បែបនេះ​។​

លោក​ សុផល បន្ថែម​ថា៖ «​បាទ ហានិភ័យ​នោះពិតជាមាន»។ លោក​បន្ថែម​ថា ​ខណៈការ​ប្រឆាំង​នឹង​ព័ត៌មាន​កន្លែង​បន្លំ​គឺជា​វិធានការ​ស្រប​ច្បាប់​របស់​រដ្ឋ ក្រ​សួង​ព័ត៌មាន​បាន​បង្ហាញ​ជា​សាធារណៈ​អំពី​យុទ្ធនាការ​ «សុចរិត​ភាពប្រព័ន្ធ​ផ្សព្វ​ផ្សាយ» និង​ការ​យល់​ដឹង​សាធារណៈ​​។​

លោក​បានបន្ថែមថា៖ «​ប៉ុន្តែ​ការអនុវត្ត​ជាក់ស្ដែង ក្នុង​ប្រព័ន្ធ​ដែល​មានកម្សោយ​ក្នុងការការពារ​សេរីភាព​សារព័ត៌មាន ពាក្យ​ថាព័ត៌មាន​ក្លែងក្លាយ អាច​នឹង​ត្រូវ​គេ​​យក​មក​ប្រើ​មិន​ត្រឹមតែ​សំដៅ​លើ​មាតិកាក្លែង​បន្លំ​នោះទេ ប៉ុន្តែ​ក៏​អាច​​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេចក្ដី​រាយការណ៍​ដែល​គេមិនពេញ​ចិត្ត ការរិះគន់ ឬ​ការបញ្ចេញ​មតិតាមអនឡាញ​ផង​ដែរ»។​

​យ៉ាងណា លោក នេត្រ ភក្ត្រា បាន​ច្រាន​ចោល​អំពី​ក្ដីបារម្ភ​ទាំង​នោះ ដោយ​មាន​ប្រសាសន៍ថា​យុទ្ធនាការ​នេះ​មានគោល​បំណង​​ទប់​ស្កាត់​ព័ត៌មាន​ក្លែង​បន្លំ​ប៉ុណ្ណោះ​។​

លោក​បន្ថែមថា៖ «ខ្ញុំ​សូម​បញ្ជាក់​ថា ​យុទ្ធនាការ​ប្រឆាំងព័ត៌មាន​ក្លែងក្លាយ​មិន​រឹត​ត្បិត​សេរីភាព​សារព័ត៌មាន​ ឬបំពាន​លើ​សេរីភាព​សារព័ត៌មាន​ និង​សិទ្ធិ​ក្នុង​ការ​ផ្សព្វ​ផ្សាយ​​នោះទេ ប៉ុន្តែ​គឺ​ជា​ការ​ធានា​​ដល់​សិទ្ធិ​ប្រជា​ពល​រដ្ឋ​ក្នុងការ​ទទួល​បាន​ព័ត៌មាន​ច្បាស់​លាស់​»។​

អ្នកស្រី ឆន សុគន្ធា នាយិកាប្រតិបត្តិ​នៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ មាន​ប្រសាសន៍​ថា​ ត្រូវតែមាន​គោល​ការណ៍​ និង​និយមន័យ​​ច្បាស់​លាស់ ដែល​នឹង​មិន​ត្រូវ​គាប​សង្កត់ ឬ​រឹតត្បិត​លើ​អ្នក​បញ្ចេញ​មតិ ឬ​សរសរអត្ថបទ​​ក្នុង​ន័យ​ស្ថាបនា​នោះ​ទេ។​​

អ្នកស្រី​បន្តថា៖ «​ខ្ញុំ​ជឿថា​រាល់អ្នក​ផ្ដល់ជំនួយ​ មិន​ថា​ចិន ឬ​ប្រទេស​ដទៃ គួរ​តែ​គោរព​គោលការណ៍​សិទ្ធិ​មនុស្ស និង​លទ្ធិប្រជា​ធិបតេយ្យ​»។

អ្នកស្រី​បន្ថែមថា៖ «​ជាទូទៅ​ ម្ចាស់ជំនួយ​មិន​ត្រូវជ្រៀតជ្រែក​គោល​នយោបាយ​របស់​ស្ថាប័ន​ដែល​គេ​ផ្ដល់ជំនួយ​នោះទេ»៕​

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ China Funds Cambodia’s Anti-Fake News Efforts for the Second Phase

ព័ត៌មានថ្មី

អត្ថបទពេញនិយម