យុវជនចំនូន២៥រូប បានចាប់ផ្ដើមធ្វើយុទ្ធនាការរបស់ខ្លួនក្នុងការជិះកង់ចម្ងាយ១ ០០០គីឡូម៉ែត្រ ដើម្បីចូលរួមក្នុងទិវាបរិស្ថានពិភពលោកដែលត្រូវនឹងថ្ងៃទី៥ ខែមិថុនា ក្នុងន័យលើកកម្ពស់ការយល់ដឹងពីការការពារធនធានធម្មជាតិ និងការពារការកាប់បំផ្លាញព្រៃឈើ។
យុទ្ធនាការជិះកង់នេះមានរយៈពេល២០ថ្ងៃ ដោយចាប់ផ្ដើមពីថ្ងៃទី៦ ខែឧសភា និងគ្រោងបញ្ចប់នៅថ្ងៃទី២៤ ខែឧសភា។ យុទ្ធនាការនេះ ក្រុមយុវជនផ្ដើមជិះកង់ចេញពីខេត្តរតនគិរី និងបញ្ចប់នៅខេត្តកែប ក្នុងគោលបំណងជំរុញដល់សាធារណជនឲ្យចូលរួមសកម្មថែមទៀតក្នុងកិច្ចការពារបរិស្ថាន និងការយល់ដឹងពីការប្រែប្រួលអាកាសធាតុ។
យុទ្ធនាការនេះនឹងមានរៀបចំជាសកម្មភាពមួយចំនួនដូចជាការដាំកូនកោងកាង ការជួបជុំជាមួយសហគមន៍នានា និងការរៀបចំវេទិកាមួយនៅទីក្រុងភ្នំពេញ។ វេទិកាសាធារណៈនេះនឹងរៀបចំនៅទីលានប្រជាធិបតេយ្យ ព្រមទាំងការជិះរថយន្តក្រុងសាធារណៈដើម្បីបង្កើនការយល់ដឹងអំពីបរិស្ថាន ហើយយុទ្ធនាការនេះនឹងរៀបចំបន្ទាប់ពីយុទ្ធការជិះកង់បន្តរហូតដល់ថ្ងៃទី៥ ខែមិថុនា។
អ្នកជិះកង់បានស្រែកសារមានន័យអប់រំរយៈពេលពីប្រាំទៅ១០ននាទីដើម្បីដាស់ស្មារតីសាធារណជនអំពីកិច្ចការពារធនធានធម្មជាតិពេលបានមកដល់តំបន់ប្រជុំជននានាក្នុងខេត្តរតនគិរី។ ក្រុមយុវជនទាំងនោះក៏បានចូលជួបជាមួយសហគមន៍មូលដ្ឋានក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែង ដែលរងផលប៉ះពាល់ពីគម្រោងវារីអគ្គិសនីផងដែរ។
ក្រុមយុវជនក៏បានចំណាយពេលពីរថ្ងៃក្នុងតំបន់ព្រៃឡង់ក្នុងខេត្តកំពង់ធំ ជាកន្លែងដែលអ្នកទាំងនោះបានសង្កេតឃើញថានៅបន្តមានការកាប់ឈើ និងការឈូសឆាយដីព្រៃក្នុងតំបន់ការពារ។
លោក ហេង គឹមហុង ប្រធានអង្គការបណ្ដាញយុវជនកម្ពុជា និងជាអ្នកដឹកនាំយុទ្ធនាការនេះ មានប្រសាសន៍ថា៖ «យេីងមានការព្រួយបារម្ភខ្លាំងព្រោះនៅមានការកាប់បំផ្លាញក្នុងព្រៃឡង់ និងបន្តការទន្ទ្រានយ៉ាងសំណុំនៅតំបនភ្នំជី»។
លោកបន្តថា លោកនៅតែមានការព្រួយបារម្ភអំពីសកម្មភាពបំផ្លាញធនធានធម្មជាតិរបស់កម្ពុជាប្រចាំថ្ងៃ និងបទល្មើសព្រៃឈើផ្សេងទៀត។ លោកបន្ថែមថា៖ «យើងបានឃើញរបាយការណ៍ដែលនិយាយអំពីបំផ្លាញព្រៃឈើដោយប្រើប្រាស់សារធាតុគីមីដើម្បីធ្វើអាជីវកម្ម[រ៉ែ]»។
លោកកត់សម្គាល់ថាអាជ្ញាធរបានតាមឃ្លាំមើលយុទ្ធនាការជិះកង់ក្នុងឆ្នាំនេះដែរ ដោយថាមានការថតរូបក្រុមយុវជនពេលដល់ទីតាំងមួយៗ ប៉ុន្តែថាមិនមានការរឹតត្បិតដូចកាលយុទ្ធនាការជិះកង់កាលពីឆ្នាំ២០២២នោះទេ។
លោកបន្តថា ក្រុមយុវជនមានការតាំងចិត្តក្នុងការការពារធនធានធម្មជាតិ បើទោះបីជាពួកគេប្រឈមការលំបាកមួយចំនួនដូចជាបញ្ហាហិរញ្ញវត្ថុ ឬពេលប្រឈមនឹងក្រុមអ្នកកាប់ឈើជាដើម។
យុវជនម្នាក់ ឈ្មោះ ចាន់ សារិន វ័យ២៧ឆ្នាំ មកពីខេត្តព្រះវិហារដែលបានចូលរួមក្នុងយុទ្ធនាការនេះ បាននិយាយថាការកាប់បំផ្លាញព្រៃឈើក្នុងដែនជម្រកសត្វព្រៃក្នុងតំបន់ព្រៃឡង់នៅតែមាន និងថាអាជ្ញាធរមិនបានបំពេញភារកិច្ចបានពេញលេញក្នុងការការពារបទល្មើសព្រៃឈើនោះទេ។
លោកបន្តថា៖ «យើងបានឃើញថាអាជ្ញាធរមិនទាន់បានអនុវត្តច្បាប់ឲ្យមានប្រសិទ្ធភាពចំពោះអ្នកដែលកាប់ឆ្ការដីព្រៃ។ ការកាប់ឈើក្នុងតំបន់ព្រៃឡង់នៅតែបន្តមាន»។ លោកសង្ឃឹមថាសាធារណជននឹងរួមកម្លាំងគ្នាការពារព្រៃឈើ។
កាលពីខែមេសា អង្គការ Mongabay បានបង្ហាញតួលេខថ្មីដែលបោះពុម្ពដោយសាកលវិទ្យាល័យ Maryland ហើយរបាយការណ៍នេះអាចរកបាននៅអង្គការឃ្លាំមើលព្រៃឈើពិភពលោក Global Forest Watch ។ តាមរយៈការឃ្លាំមើលតាមរយៈផ្កាយរណប គម្របព្រៃឈើនៅកម្ពុជាបានបាត់បង់ប្រហែល១២១ ០០០ហិកតា ក្នុងឆ្នាំ២០២៣។
អ្នកនាំពាក្យក្រសួងបរិស្ថានលោក ខ្វៃ អាទិត្យា បានបដិសេធធ្វើអត្ថាធិប្បាយលើយុទ្ធនាការជិះកង់ដើម្បីបរិស្ថានរបស់សកម្មជន ប៉ុន្តែលោកមានប្រសាសន៍ថាយុទ្ធនាការដាំដើមឈើមួយលានដើមដែលបានប្រកាសកាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ គឺក្នុងន័យបង្កើនគម្របព្រៃឈើឡើងវិញ។
លោកបន្តថា៖ «ការលើកកម្ពស់ការដាំព្រៃឈើនេះ គឺមានន័យថាដាំដើមឈើឲ្យបានច្រើនជាងការកាប់ឈើ ដើម្បីបង្កើនគម្របព្រៃឈើឱ្យបាន៦០ភាគរយនៅឆ្នាំ២០៥០»។
លោកឲ្យដឹងទៀតថា កាលពីខែមេសា ឆ្នាំ២០២៤ ក្រសួងបរិស្ថានបានចែកពូជកូនឈើ៨៧៨ ១១០ ដើមទៅដល់កសិករចំនួន២០៥ ៨៤៣នាក់។ លោកបន្ថែមថាក្រសួងក៏នឹងរៀបចំការតាំងពិពណ៌ដើម្បីជំរុញ និងចែកកូនឈើក្រោមប្រធានបទ «ពន្លកបៃតង» ដែលនឹងចាប់ផ្ដើមពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ នៅមុខអគារក្រសួងក្នុងទីក្រុងភ្នំពេញ។
បន្ថែមពីនេះ ក្រសួងបានដាក់ចេញនូវវិធានការជាក់លាក់មួយចំនួនដើម្បីការពារការកាប់បំផ្លាញព្រៃឈើ និងពង្រឹងការអនុវត្តច្បាប់ «ដែលត្រូវបញ្ចប់វប្បធម៌នៃការចុះកិច្ចសន្យា និងការដោះលែងជនប្រព្រឹត្តល្មើស» ពង្រឹងកិច្ចសហការជាមួយកងរាជអាវុធហត្ថ និងស្ថាប័នផ្សេងទៀត ដើម្បីការពារធនធានធម្មជាតិកុំឲ្យបាត់បង់ ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Youths Cycle 1,000km To Promote Environmental Protection From Ratanakiri to Kep