មួយឆ្នាំបន្ទាប់ពីសកម្មជនអង្គការមាតាធម្មជាតិកម្ពុជាប្រាំនាក់ត្រូវបានចាប់ដាក់ពន្ធនាគារ ក្រុមសង្គមស៊ីវិល និងក្រុមគ្រួសារ អំពាវនាវឱ្យដោះលែងពួកគេជាបន្ទាន់។ ដើម្បីប្រារព្ធខួបនៃការឃុំខ្លួនរបស់ពួកគេ ក្រុមសិទ្ធិមនុស្សបានចាប់ផ្តើមយុទ្ធនាការរយៈពេលប្រាំថ្ងៃដើម្បីទាមទារយុត្តិធម៌ ដោយបង្ហាញថាតើការបន្តឃុំខ្លួនរបស់ពួកគេប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងការពារបរិស្ថាននិងក្រុមគ្រួសាររបស់សកម្មជនរបៀបណា។
រយៈពេលមួយឆ្នាំហើយដែលសកម្មជនយុវជនចំនួនប្រាំនាក់ មកពីអង្គការមាតាធម្មជាតិកម្ពុជា គឺ លោក ថុន រដ្ឋា កញ្ញា ភួន កែវរស្មី កញ្ញា ឡុង គន្ធា លោក លី ចាន់ដារ៉ាវុត និងលោក យឹម លាងហ៊ី ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ ហើយត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារពី ៦ ទៅ ៨ ឆ្នាំ ពីបទ «ឃុបឃិត» និង «ប្រមាថព្រះមហាក្សត្រ»។ ការចោទប្រកាន់នេះផ្តើមចេញពីកិច្ចខិតខំប្រឹងប្រែងរបស់សកម្មជនបរិស្ថានទាំងប្រាំនាក់ក្នុងការការពារបរិស្ថាន និងធនធានធម្មជាតិ។ គិតត្រឹមនេះសកម្មជនមាតាធម្មជាតិសរុបចំនួន១០នាក់ ត្រូវបានសាលាដំបូងរាជធានីកាត់ទោសក្នុងសំណុំរឿងដូចគ្នា។
នារសៀលថ្ងៃទី១ ខែកក្កដា ក្រុមសង្គមស៊ីវិល និងយុវជនបានរៀបចំកម្មវិធីជួបជុំមួយនៅមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL) ដើម្បីរំលឹកដល់ «វីរភាព ភាពក្លាហាន ការប្តេជ្ញាចិត្ត និងការលះបង់» របស់ក្រុមយុវជនអង្គការមាតាធម្មជាតិ ដែលត្រូវជាប់ឃុំ ដោយសារកិច្ចការតស៊ូមតិដើម្បីការពារបរិស្ថាន និងធនធានធម្មជាតិរបស់ពួកគេ។
យុវជន អង្គការក្រៅរដ្ឋាភិបាល និងតំណាងស្ថានទូតប្រមាណ ៦០នាក់ បានចូលរួមការជួបជុំនេះដោយមានចំណាប់អារម្មណ៍ពីសកម្មជនបរិស្ថានចំនួនប្រាំនាក់នៅលើអេក្រង់ ហើយអ្នករៀបកម្មវិធីនេះក៏បានបង្ហាញវីដេអូប្រវត្តិរូបរបស់សកម្មជនទាំងប្រាំនាក់ និងរូបភាពនៃការចាប់ខ្លួនរបស់ពួកគេដោយអាជ្ញាធរនៅមុខតុលាការកាលពីខែកក្កដាឆ្នាំមុន។
យុទ្ធនាការរយៈពេល៥ថ្ងៃនេះ ចាប់ពីថ្ងៃទី២៧ ខែមិថុនា ដល់ថ្ងៃទី២ ខែកក្កដា ត្រូវបានរៀបចំឡើងដោយក្រុមសង្គមស៊ីវិល ដើម្បីរំលឹកខួបមួយឆ្នាំនៃការឃុំខ្លួនសកម្មជនបរិស្ថានទាំងនោះ។

លោក អំ សំអាត នាយកទទួលបន្ទុកការងារទូទៅនៃអង្គការលីកាដូ បានប្រាប់ខេមបូចា ថា អង្គការសង្គមស៊ីវិលកំពុងអំពាវនាវឱ្យមានការដោះលែងអ្នកទាំងប្រាំដោយគ្មានលក្ខខណ្ឌ ព្រោះវាប៉ះពាល់ដល់សេរីភាពជាមូលដ្ឋាន។ លោកបានបន្តថាការការពារបរិស្ថានមិនមែនជាបទល្មើសព្រហ្មទណ្ឌ ឬបទឧក្រិដ្ឋដែលទាមទារឱ្យមានការកាត់ទោស ឬឃុំខ្លួននោះទេ។
ដូច្នេះ ការឃុំខ្លួនបន្ត នឹងប៉ះពាល់ដល់ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការការពារធនធានធម្មជាតិ និងបង្កការភ័យខ្លាចធ្វើឱ្យពួកគេមិនហ៊ានចូលរួម ក្នុងការការពារបរិស្ថានតទៅទៀត។ វានឹងប៉ះពាល់ដល់សេរីភាពរបស់ពួកគេក្នុងការចូលរួមក្នុងការងារការពារបរិស្ថាន នៅក្នុងបរិបទដែលមានការកើនឡើងនៃចំណាប់អារម្មណ៍ចំពោះបញ្ហាបរិស្ថានជាសកល។
លោក សំអាត បានបន្ថែមថា៖ «ការពារបរិស្ថាន និងព្រៃឈើ គឺជាទំនួលខុសត្រូវរបស់ប្រជាពលរដ្ឋ។ ពួកគេមានសិទ្ធិចូលរួម។ អង្គការសង្គមស៊ីវិលនៅតែបន្តទាមទារឱ្យមានការដោះលែងពួកគាត់ ដើម្បីឱ្យពួកគាត់ អាចបន្តការងារបរិស្ថាននិងការអប់រំ ក៏ដូចជាជួយគ្រួសាររបស់ពួកគាត់ ខណៈសកម្មជនខ្លះមានកូនតូច និងឪពុកម្តាយចាស់ជរា ដែលត្រូវមើលថែ»។
«ខ្ញុំពិតជានឹកកូនស្រីខ្ញុំខ្លាំងណាស់»
ជនជាប់ចោទទាំងប្រាំនាក់បច្ចុប្បន្នកំពុងជាប់ឃុំនៅក្នុងពន្ធនាគារខេត្តផ្សេងៗគ្នានៅក្នុងប្រទេស ដែលទង្វើនេះត្រូវបានគេមើលឃើញថាជាការដាក់ទណ្ឌកម្ម ជាពិសេសចំពោះគ្រួសាររបស់ពួកគេ។
អ្នកស្រី សាន សារ៉ុន អាយុ ៥៧ ឆ្នាំ ម្តាយសកម្មជនបរិស្ថាន ឡុង គន្ធា បានប្រាប់ខេមបូចាថា អ្នកស្រីសោកស្តាយយ៉ាងខ្លាំងដែលកូនស្រីមិនអាចបញ្ចប់ការសិក្សាបរិញ្ញាបត្របាន។
អ្នកស្រីមើលឃើញថា ការចាប់ខ្លួននេះជារឿងអយុត្តិធម៌ ព្រោះគន្ធាកំពុងការពារបរិស្ថាន និងលាតត្រដាងឧក្រិដ្ឋកម្មបរិស្ថានខុសច្បាប់។ អ្នកស្រីជឿថា កូនស្រីរបស់អ្នកស្រីសមនឹងទទួលបានការទទួលស្គាល់ និងឱកាសដូចជាអ្នកដទៃ មិនមែនត្រូវជាប់ឃុំទេ។
អ្នកស្រីសារ៉ុនបាននិយាយថា អ្នកស្រីមិនអាចទៅសួរសុខទុក្ខគន្ធាបានទេ ព្រោះពន្ធនាគារនៅឆ្ងាយពីស្រុកកំណើតរបស់អ្នកស្រី ហើយការងាររកស៊ីទទួលទានដើម្បីផ្គត់ផ្គង់គ្រួសារក៏រវល់ខ្លាំង។
អ្នកស្រី បានបន្តថា៖ «ខ្ញុំពិតជានឹកកូនស្រីខ្ញុំខ្លាំងណាស់ [ប៉ុន្តែ] វាឆ្ងាយពេក។ បើយើងទៅ យើងនឹង(ត្រូវ)ចំណាយច្រើន។ ខ្ញុំមានអារម្មណ៍មិនស្រួលសោះ ពេលឃើញកូនស្រីរបស់ខ្ញុំប្រឈមមុខនឹងភាពអយុត្តិធម៌ ដោយសារតែគាត់ការពារធនធានធម្មជាតិរបស់យើង។ ហេតុអ្វីបានជាពួកគេចាប់កូនស្រីខ្ញុំ?»។
គន្ធា ដែលជាសកម្មជនបរិស្ថានម្នាក់ ត្រូវបានចាប់ខ្លួនលើកដំបូងនៅថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ ២០២០ ហើយបានបញ្ជូនទៅពន្ធនាគារព្រៃស ក្រោមបទ «ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» បន្ទាប់ពីដឹកនាំយុទ្ធនាការតវ៉ាការចាក់លុបបឹងតាមោក។ គន្ធាត្រូវបានដោះលែងនៅថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២១។
អ្នកស្រីសារ៉ុន ជាស្ត្រីមេម៉ាយម្នាក់ បានជំរុញឱ្យតុលាការដោះលែងកូនស្រីរបស់អ្នកស្រី និងសកម្មជនផ្សេងទៀត ដើម្បីឱ្យពួកគេអាចត្រឡប់មកនៅជួបជុំគ្រួសារម្តងទៀត។ អ្នកស្រីបានបន្ថែមថាវាដល់ពេលដែលត្រូវអនុញ្ញាតឱ្យពួកគេបន្តការពារបរិស្ថានវិញ ព្រមទាំងផ្តល់ឱកាសឱ្យគន្ធាបញ្ចប់ការសិក្សាបរិញ្ញាបត្រផងដែរ។
អ្នកស្រីសារ៉ុនបានបន្ថែមថា៖ «ខ្ញុំពិតជាអាណិតកូនស្រីខ្ញុំណាស់។ គាត់ជាកូនច្បង ហើយពិតជាអភ័ព្វណាស់។ គាត់មិនអាចបញ្ចប់សញ្ញាបត្រដោយសារតែត្រូវចាប់ខ្លួន»។
«ត្រូវធ្វើការ ទោះបីជាឈឺក៏ដោយ»
សកម្មជន ថុន រដ្ឋា កំពុងជាប់ពន្ធនាគារនៅមណ្ឌលអប់រំកែប្រែទី ៣ ស្ថិតក្នុងខេត្តត្បូងឃ្មុំ ដែលអង្គការលីកាដូបានបញ្ជាក់ថាជាអំពើផ្ទុយនឹងគោលនយោបាយនៃការឃុំខ្លួនដែលមានចែងក្នុងប្រកាសរបស់ក្រសួងមហាផ្ទៃ ចេញកាលពីឆ្នាំ២០២២។
អ្នកស្រី ប៉ាត់ រស្មី ដែលជាភរិយារបស់លោក ថុន រដ្ឋា បានប្រាប់ខេមបូចាថាការចិញ្ចឹមកូនបីនាក់តែម្នាក់ឯងគឺពិតជាពិបាកខ្លាំងណាស់។ អ្នកស្រីត្រូវដើរតួនាទីជាឪពុកនិងម្ដាយក្នុងពេលតែមួយ បន្ទាប់ពីប្តីត្រូវបានចាប់ខ្លួន។
អ្នកស្រីបានឱ្យដឹងថា ប្តីរបស់អ្នកស្រីកំពុងរស់នៅក្នុងស្ថានភាពចង្អៀតនៅក្នុងពន្ធនាគារ ទោះបីសុខភាពផ្លូវចិត្ត និងផ្លូវកាយនៅមានស្ថិរភាពក៏ដោយ។ អ្នកស្រីក៏បានអំពាវនាវដល់រដ្ឋាភិបាល និងតុលាការឱ្យលុបចោលការចោទប្រកាន់ទាំងអស់ចំពោះសកម្មជនទាំងប្រាំនាក់ ដើម្បីឱ្យពួកគេអាចបន្តការងារបរិស្ថាន និងសង្គមវិញ។
អ្នកស្រីបាននិយាយថា៖ «វាពិតជាលំបាកណាស់ដែលយើងមិនមានគាត់ក្នុងគ្រួសារ។ ឥឡូវខ្ញុំចិញ្ចឹមកូនបីនាក់តែម្នាក់ឯង។ ខ្ញុំដើរតួធ្វើជាឪពុកផងម្ដាយផងក្នុងពេលតែមួយ»។
អ្នកស្រី រស្មី បានបញ្ជាក់ថា សកម្មភាពរបស់ប្ដីគាត់មានគោលបំណងដើម្បីការពារបរិស្ថាននិងលាតត្រដាងអំពើពុករលួយ។ អ្នកស្រីបានបន្ថែមថា៖ «សកម្មភាពរបស់គាត់គ្រាន់តែដើម្បីការពារបរិស្ថាន និងបង្ហាញអំពើពុករលួយដែលជាអំពើច្បាប់ដែលបំផ្លាញធនធានធម្មជាតិប៉ុណ្ណោះ។ អញ្ចឹង នេះជាការតស៊ូត្រឹមត្រូវ មិនមែនជាអំពើខុសច្បាប់ឡើយ។ ពួកគាត់គ្រាន់តែជាពលរដ្ឋដែលចង់ការពារបរិស្ថានប៉ុណ្ណោះ។ ការចាប់ខ្លួននេះជារឿងមួយដែលអយុត្តិធម៌»។
សកម្មជនម្នាក់ៗទទួលបានការផ្តន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល ៦ ឆ្នាំ។ បន្ថែមពីនេះ សកម្មជនបរិស្ថានពីររូបគឺ ស៊ុន រដ្ឋា និង យឹម លាងហ៊ី និងស្ថាបនិកអង្គការមាតាធម្មជាតិលោក Gonzalez-Davidson ត្រូវបានកាត់ទោសពីបទប្រមាថព្រះមហាក្សត្រ តាមមាត្រា ៤៣៧ ដែលបណ្តាលឱ្យពេលវេលាឃុំខ្លួនសរុបកើនដល់ ៨ ឆ្នាំ និងពិន័យជាប្រាក់ ១០ លានរៀល (ប្រហែល ២,៥០០ ដុល្លារ)។

ភរិយារបស់លោក យឹម លាងហ៊ី បាននិយាយអំពីទុក្ខលំបាកដែលអ្នកស្រី និងគ្រួសារសកម្មជនផ្សេងទៀតបានប្រឈម បន្ទាប់ពីស្វាមីត្រូវជាប់ឃុំដោយអយុត្តិធម៌។ អ្នកស្រីយល់ថា ការងាររបស់ស្វាមីគាត់ក្នុងការការពារបរិស្ថានមានអត្ថប្រយោជន៍ចំពោះសង្គម ហើយគួរតែបានលើកទឹកចិត្ត មិនមែនត្រូវរងទោសទណ្ឌឡើយ។
លាងហ៊ី បច្ចុប្បន្នកំពុងប្រឈមនឹងស្ថានភាពពន្ធនាគារដែលមានភាពចង្អៀត ការទទួលទឹកស្អាតមានកម្រិត និងបញ្ហាសុខភាព។ ក្នុងខួបមួយឆ្នាំនៃការជាប់ឃុំ ភរិយារបស់លោកបានអំពាវនាវដល់តុលាការ និងរដ្ឋាភិបាលឱ្យដកចោលការចោទប្រកាន់ និងដោះលែងស្វាមីអ្នកស្រីវិញ។
អ្នកស្រីបាននិយាយថា៖ «ខ្ញុំប្រឈមនឹងបញ្ហាសេដ្ឋកិច្ច ដោយសារតែការចំណាយលើកូនតូចៗ និងស្វាមី។ ពេលគ្មានស្វាមី ខ្ញុំមានអារម្មណ៍ថាខ្លួនរស់នៅដោយអស់សង្ឃឹម។ សូម្បីតែពេលឈឺ ខ្ញុំក៏ត្រូវទៅធ្វើការដែរ»។
អ្នកស្រី បានបន្ថែមថា៖ «ការចោទប្រកាន់នេះពិតជាអយុត្តិធម៌ណាស់ ចំពោះការលះបង់របស់គាត់ដើម្បីការការពារបរិស្ថាន។ គាត់បានលះបង់ភាពសុខសាន្តក្នុងគ្រួសារដើម្បីការពារបរិស្ថាន ប៉ុន្តែត្រូវរងការចោទប្រកាន់បែបនេះ។ ដូច្នេះ ខ្ញុំអំពាវនាវឱ្យតុលាការដោះលែងគាត់ ដើម្បីឱ្យគាត់អាចត្រឡប់មកជាមួយគ្រួសារវិញ និងបន្តបម្រើប្រយោជន៍ជាតិ»។
«គួរទទួលរង្វាន់សម្រាប់ការងាររបស់ពួកគេ»
យោងតាមអង្គការលីកាដូ សកម្មជនអង្គការមាតាធម្មជាតិចំនួន ១០ នាក់ រួមមាន ៥ នាក់ដែលកំពុងជាប់ពន្ធនាគារ និង ៥ នាក់ទៀត ត្រូវបានផ្តន្ទាទោសពីបទ រួមគំនិតក្បត់ប្រឆាំងនឹងរាជរដ្ឋាភិបាល យោងតាមមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌ។ ការចោទប្រកាន់ទាំងនេះកើតចេញពីសកម្មភាពតស៊ូមតិផ្នែកបរិស្ថានរបស់ពួកគេពីឆ្នាំ ២០១២ និង ២០២១។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក សេង ឌីណា និងអ្នកនាំពាក្យសាលាឧទ្ធរណ៍ លោក ឃុន លាងម៉េង មិនបានឆ្លើយតបចំពោះសំណើរសុំអធិប្បាយជុំវិញបញ្ហានេះឡើយ។
កាលពីថ្ងៃទី២៣ ខែមេសា សកម្មជនបរិស្ថានបានទៅបង្ហាញខ្លួននៅតុលាការកំពូល ដើម្បីស្នើសុំការដោះលែងបណ្តោះអាសន្ន ប៉ុន្តែតុលាការបានបដិសេធសំណើរបស់ពួកគេមួយសប្តាហ៍ក្រោយមក។ កាលពីដើមខែកុម្ភៈ ពួកគេក៏ត្រូវបានបដិសេធមិនឱ្យដោះលែង នៅក្នុងអំឡុងពេលការកាត់ក្តីនៅសាលាឧទ្ធរណ៍ផងដែរ។
នៅថ្ងៃទី ២៦ ខែមិថុនា សាលាឧទ្ធរណ៍បានពន្យាពេលសវនាការ ដោយលើកឡើងថា បុគ្គលផ្សេងទៀតក្នុងសំណុំរឿងដូចគ្នានេះមិនមានវត្តមាន។
លោក សំអាត មានប្រសាសន៍ថា ការពន្យាពេលសវនាការប៉ះពាល់ដល់សិទ្ធិអ្នកជាប់ឃុំ។ ទោះបីតុលាការមិនបានកំណត់កាលបរិច្ឆេទជាក់លាក់សម្រាប់ការសវនការឧទ្ធរណ៍ក៏ដោយ ក៏រដ្ឋធម្មនុញ្ញ និងច្បាប់អន្តរជាតិតម្រូវឱ្យសវនាការត្រូវប្រព្រឹត្តទៅយ៉ាងឆាប់រហ័ស ដើម្បីការពារសិទ្ធិរបស់ជនជាប់ចោទ។
លោក សំអាត បានបន្ថែមថា៖ «ពួកយើងចង់ឲ្យសាលាឧទ្ធរណ៍កំណត់ថ្ងៃសវនាការឱ្យបានឆាប់រហ័ស» ។
លោក សាន់ ម៉ាឡា ប្រធានកម្មវិធីបណ្តាញ និងតស៊ូមតិនៃអង្គការភាពជាដៃគូដើម្បីបរិស្ថាន និងការអភិវឌ្ឍ បានថ្លែងថា សកម្មជនបរិស្ថានកាន់តែច្រើនកំពុងត្រូវបានចាប់ខ្លួន។ សកម្មជនបរិស្ថានសរុបចំនួន ១១ នាក់ត្រូវបានចាប់ខ្លួន ដោយសារសកម្មភាពការពារបរិស្ថានរបស់ពួកគេ។
លោកបានអំពាវនាវឱ្យតុលាការដកចោលបទចោទលើសកម្មជនបរិស្ថាន ៥នាក់ ដើម្បីឲ្យពួកគេអាចបន្តបេសកកម្មបម្រើសង្គមរបស់ពួកគេបានវិញ។
នៅឆ្នាំ២០២៣ សមាជិកអង្គការមាតាធម្មជាតិកម្ពុជាបានទទួលពានរង្វាន់ Right Livelihood Award សម្រាប់«សកម្មភាពដ៏ក្លាហាន និងការចូលរួមយ៉ាងសកម្ម» ក្នុងការការពារបរិស្ថាន។ មូលនិធិស៊ុយអែតដែលជាអ្នកផ្តល់រង្វាន់នេះ បានថ្កោលទោសការចាប់ខ្លួន និងការផ្តន្ទាទោសសកម្មជនទាំងនេះ។
ចលនាមាតាធម្មជាតិត្រូវបានបង្កើតឡើងនៅឆ្នាំ ២០១៣ ដោយលោក Alejandro Gonzalez-Davidson ជាជនជាតិអេស្ប៉ាញ។ ក្នុងឆ្នាំ ២០១៥ លោកត្រូវបាននិរទេសចេញពីប្រទេស ហើយត្រូវបានកាត់ទោសដោយកំបាំងមុខ និងត្រូវបានហាមឃាត់ជាអចិន្ត្រៃយ៍មិនឱ្យចូលកម្ពុជា បន្ទាប់ពីទទួលការផ្តន្ទាទោស៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ One Year On, Mother Nature Cambodia Activists Remain Behind Bars as Families and NGOs Demand Their Release










